« សុភមង្គល » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៧៩–៨០
« សុភមង្គល » ពិតចំពោះសេចក្តីជំនឿ ទំព័រ ៧៩–៨០
សុភមង្គល
ព្យាការី លីហៃ បានបង្រៀនដោយថ្លែងទីបន្ទាល់អំពី « គោលបំណងទាំងឡាយដ៏អស់កល្បជានិច្ច » របស់ទ្រង់ថា « មានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ( នីហ្វៃទី ២ ២:១៥, ២៥ ) ។
ព្រះវរបិតាសួគ៌មានព្រះរាជបំណងឲ្យយើងស្វែងរកសេចក្តីពិត ដែលជាសុភមង្គលដ៏គ្មានទីបញ្ចប់ ។ សុភមង្គលរបស់យើងគឺជាគំរូនៃពរជ័យទាំងអស់ ដែលទ្រង់ប្រទានដល់យើង—គឺជាការបង្រៀនអំពីដំណឹងល្អ ព្រះបញ្ញត្តិ ពិធីបរិសុទ្ធនៃបព្វជិតភាព ទំនាក់ទំនងក្រុមគ្រួសារ ព្យាការី ព្រះវិហារបរិសុទ្ធ សោភណ្ឌភាពនៃការបង្កបង្កើត ថែមទាំងឱកាសដើម្បីដកពិសោធន៍ការរងទុក្ខលំបាកទៀតផង ។ ផែនការរបស់ទ្រង់សម្រាប់សុភមង្គលរបស់យើង ជារឿយៗត្រូវបានហៅថា « ផែនការនៃសុភមង្គលដ៏មហិមា » ( អាលម៉ា ៤២:៨ ) ។ ទ្រង់បានបញ្ជូនព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់ទ្រង់ឲ្យទទួលបន្ទុកលើដង្វាយធួន ដូច្នេះទើបយើងមានភាពរីករាយក្នុងជីវិតនេះ ហើយទទួលបានអំណរពេញលេញក្នុងភាពអស់កល្បជានិច្ច ។
មនុស្សជាច្រើនស្វែងរកសុភមង្គល និងការសម្រេចបានកិច្ចការនានា ដែលផ្ទុយទៅនឹងព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ។ ពួកគេបដិសេធប្រភពតែមួយគត់នៃសុភមង្គលដ៏ពិតប្រាកដ ដោយមិនទទួលយកផែនការរបស់ព្រះមានសម្រាប់ពួកគេឡើយ ។ ពួកគេបានបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងអំណាចរបស់អារក្ស ជាអ្នកដែល « ព្យាយាមធ្វើឲ្យមនុស្សលោកទាំងអស់មានទុក្ខវេទនាដូចវាដែរ » ( នីហ្វៃទី ២ ២:២៧ ) ។ នៅទីបំផុត ពួកគេរៀនអំពីសេចក្ដីពិតនៃការព្រមានរបស់អាលម៉ាទៅដល់កូនប្រុសរបស់លោកគឺ កូរីអានតុន ដូចនេះ ៖ « សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ( អាលម៉ា ៤១:១០ ) ។
មនុស្សដទៃទៀតស្វែងរកការសប្បាយតែក្នុងជីវិតនេះតែប៉ុណ្ណោះ ។ ដោយមានគំនិតបែបនេះទុកជាគោលបំណងសំខាន់នៅក្នុងជីវិតរបស់ពួកគេ នោះពួកគេអនុញ្ញាតឲ្យសេចក្ដីកម្សាន្តខាងលោកិយ ដែលរាំងស្ទះពួកគេពីសុភមង្គដ៏គ្មានទីបញ្ចប់ ។ ពួកគេដកខ្លួនចេញពីអំណរដ៏ស្ថិតស្ថេរនៃភាពរីកចម្រើនខាងវិញ្ញាណ ការបម្រើ និង ការឧស្សាហ៍ក្នុងការងារ ។
នៅពេលអ្នកស្វែងរកភាពរីករាយ ចូរចងចាំថា វិធីតែមួយគត់ ដែលយើងអាចស្វែងរកសុភមង្គពិតបានគឺតាមរយៈការរស់នៅតាមដំណឹងល្អ ។ អ្នកអាចស្វែងរកភាពសុខសាន្ត សុភមង្គលដ៏នៅអស់កល្បជានិច្ចបាន នៅពេលអ្នកព្យាយាមគោរពតាមព្រះបញ្ញត្តិ អធិស្ឋានទូលសូមកម្លាំង ប្រែចិត្តពីអំពើបាបរបស់ខ្លួន ចូលរួមក្នុងសកម្មភាពល្អៗ និងផ្តល់ការបម្រើដ៏មានខ្លឹមសារ ។ អ្នកនឹងរៀនដើម្បីឲ្យមានសេចក្តីសប្បាយដែលស្ថិតនៅក្នុងព្រំដែន ដែលកំណត់ដោយព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើងគង់នៅស្ថានសួគ៌ ។
សុភមង្គលរបស់អ្នកអាចរីករាលដាល ។ នៅពេលមនុស្សដទៃសង្កេតមើលអ្នក ពួកគេប្រហែលជាមានបំណងប្រាថ្នាចង់ដឹងពីប្រភពនៃអំណរដែលអ្នកមាន ។ ហើយបន្ទាប់មក ពួកគេអាចទទួលបទពិសោធន៍នៃសុភមង្គលដែលបានមកតាមរយៈការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។