« សេចក្ដីស្លាប់ខាងសាច់ឈាម » ពិតចំពោះសេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៤៦–៤៧
« សេចក្ដីស្លាប់ខាងសាច់ឈាម » ពិតចំពោះសេចក្ដីជំនឿ ទំព័រ ៤៦–៤៧
សេចក្ដីស្លាប់ខាងសាច់ឈាម
សេចក្តីស្លាប់ខាងសាច់ឈាមគឺជាការបែកចេញនៃវិញ្ញាណពីរូបកាយរមែងស្លាប់ ។ ការធ្លាក់របស់លោកអ័ដាមនាំមកនូវសេចក្តីស្លាប់ខាងសាច់ឈាមដល់ពិភពលោក ( សូមមើល ម៉ូសេ ៦:៤៨ ) ។
សេចក្តីស្លាប់គឺជាផ្នែកដ៏សំខាន់មួយក្នុងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ( សូមមើល នីហ្វៃទី ២ ៩:៦ ) ។ ដើម្បីយើងអាចក្លាយដូចព្រះវរបិតាដ៏អស់កល្បរបស់យើងបាន យើងត្រូវតែទទួលបទពិសោធន៍នៃសេចក្តីស្លាប់ ហើយបន្ទាប់មក យើងត្រូវតែទទួលបានរូបកាយដ៏ល្អឥតខ្ចោះ ជារូបកាយដែលបានរស់ឡើងវិញ ។
ពេលដែលរូបកាយសាច់ឈាមនេះស្លាប់ទៅ នោះវិញ្ញាណនៅបន្តមានជីវិត ។ នៅឯពិភពវិញ្ញាណ វិញ្ញាណរបស់មនុស្សសុចរិត « នឹងបានទទួលស្ថានភាពនៃសុភមង្គល ដែលជាស្ថានបរមសុខ ដែលជាស្ថានភាពឈប់សម្រាក ស្ថានភាពសុខសាន្ត ជាកន្លែងដែលគេបានសម្រាកពីអស់ទាំងកង្វល់ ពីអស់ទាំងការបារម្ភ និងពីទុក្ខព្រួយ » ( អាលម៉ា ៤០:១២ ) ។ កន្លែងដែលហៅថា ស្ថានឃុំវិញ្ញាណ គឺទុកសម្រាប់ « ពួកអ្នកដែល [ បាន ] ស្លាប់ក្នុងអំពើបាបទាំងឡាយរបស់ខ្លួន ដោយគ្មានចំណេះដឹងអំពីសេចក្តីពិត ឬនៅក្នុងការរំលងដោយបានបដិសេធពួកព្យាការី ( គ. និង ស. ១៣៨:៣២ ) ។ វិញ្ញាណទាំងឡាយដែលនៅក្នុងស្ថានឃុំវិញ្ញាណត្រូវបាន « បង្រៀនឲ្យមានសេចក្ដីជំនឿជឿដល់ព្រះ ការប្រែចិត្តពីអំពើបាប បុណ្យជ្រមុជទឹកជំនួសសម្រាប់ការផ្ដាច់បាប អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដោយសារការដាក់ដៃលើ ហើយគ្រប់ទាំងគោលការណ៍ផ្សេងៗទៀតនៃដំណឹងល្អ [ ដែល ] ជាចាំបាច់សម្រាប់ឲ្យគេដឹង » ( គ. និង ស. ១៣៨:៣៣–៣៤ ) ។ បើពួកគេព្រមទទួលយកគោលការណ៍នៃដំណឹងល្អ ប្រែចិត្តពីអំពើបាបរបស់ពួកគេ និងយល់ព្រមទទួលពិធីបរិសុទ្ធទាំងឡាយដែលធ្វើឡើងជំនួសពួកគេនៅក្នុងព្រះវិហារបរិសុទ្ធ នោះពួកគេនឹងត្រូវបានស្វាគមន៍ឲ្យចូលទៅក្នុងស្ថានបរមសុខ ។
ដោយសារតែមានដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ នោះសេចក្តីស្លាប់ខាងសាច់ឈាមគ្រាន់តែជាស្ថានភាពបណ្តោះអាសន្នប៉ុណ្ណោះ « ព្រោះ ដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ( កូរិនថូស ទី១ ១៥:២២ ) ។ មនុស្សទាំងអស់នឹងរស់ឡើងវិញ មានន័យថា វិញ្ញាណរបស់មនុស្សទាំងអស់នឹងផ្គុំចូលគ្នាជាមួយរូបកាយវិញ—« អ្វីៗទាំងអស់នឹងបានសាងទៅជារូបរាងដ៏ត្រឹមត្រូវ និងល្អឥតខ្ចោះឡើងវិញ » ហើយមិនអាចស្លាប់ទៀតទេ ( អាលម៉ា ៤០:២៣ សូមមើលផងដែរ អាលម៉ា ១១:៤៤–៤៥ ) ។
អ្នកប្រហែលជាមានបទពិសោធន៍ឈឺចាប់ នៅពេលដែលមានសមាជិកក្រុមគ្រួសារ ឬមិត្តភក្តិស្លាប់ ។ វាជារឿងធម្មតាទេ នៅពេលអ្នកមានទុក្ខព្រួយនៅពេលនោះ ។ ការពិតណាស់ ការទួញសោកនេះគឺជាការបង្ហាញសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា « ចូររស់នៅជាមួយគ្នាដោយនូវសេចក្ដីស្រឡាញ់ រហូតដល់អ្នកត្រូវយំសោកចំពោះការបាត់បង់នៃមនុស្សដែលស្លាប់ » ( គ. និង ស. ៤២:៤៥ ) ។ បើស្លាប់ដោយគ្មានការសោកស្តាយមានន័យថា ជីវិតនេះគ្មានសេចក្តីស្រឡាញ់ឡើយ ។
សូម្បីតែពេលអ្នកទួញសោកចំពោះសេចក្ដីស្លាប់នៃមនុស្សដែលយើងស្រឡាញ់ អ្នកអាចទទួលបានការលួងលោមចេញពីការសន្យានៃការរស់ឡើងវិញ និងការធានាអះអាងថា ក្រុមគ្រួសារអាចនៅជាមួយគ្នាជារៀងរហូត ។ អ្នកអាច « ឃើញហេតុដ៏ធំនៃការទុក្ខព្រួយ និងសេចក្តីត្រេកអរផង—ទុក្ខព្រួយដោយសារតែសេចក្តីស្លាប់ និងសេចក្តីបំផ្លិចបំផ្លាញនៅកណ្តាលពួកមនុស្ស ហើយសេចក្តីអំណរ ដោយសារតែពន្លឺនៃព្រះគ្រីស្ទមកលើជីវិត » ( អាលម៉ា ៨:១៤ សូមមើលផងដែរ ខទី ៩–១៣ ) ។
លើសពីនេះទៅទៀត អ្នកអាចទទួលបានការលួងលោមពេលដែលមនុស្សដែលយើងស្រឡាញ់ស្លាប់ អ្នកអាចមានសេចក្តីស្ងប់ ដោយមានការយល់ដឹងថា នៅទីបំផុត អ្នកក៏ត្រូវស្លាប់ដែរ ។ នៅពេលអ្នករស់នៅតាមដំណឹងល្អ អ្នកអាចចងចាំសេចក្តីសន្យារបស់ព្រះអម្ចាស់ដូចនេះ ៖ « អស់អ្នកណាដែលស្លាប់ក្នុងយើង នោះនឹងមិនត្រូវភ្លក់សេចក្តីស្លាប់ឡើយ ដ្បិតសេចក្តីស្លាប់នឹងបានទៅជាសេចក្តីផ្អែមល្ហែមដល់ពួកគេវិញ » ( គ. និង ស. ៤២:៤៦ ) ។