ធនធាន​ផ្សេង​ទៀត
ព្រះវិហារ​បរិសុទ្ធ


« ព្រះវិហារ​បរិសុទ្ធ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៧០–១៧៤

« ព្រះវិហារ​បរិសុទ្ធ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៧០–១៧៤

ព្រះវិហារ​បរិសុទ្ធ

ព្រះវិហារបរិសុទ្ធ​គឺ​ពិត​ជា​ដំណាក់​របស់​ព្រះអម្ចាស់ ។ វា​ជា​ទីកន្លែង​ដ៏​បរិសុទ្ធ​នៃ​ការថ្វាយបង្គំ ជា​កន្លែង​ដែល​ព្រះអម្ចាស់​អាច​យាង​មក ។ មាន​តែ​គេហដ្ឋាន​ប៉ុណ្ណោះ ដែល​អាច​ប្រៀបធៀប​ជាមួយ​ព្រះវិហារបរិសុទ្ធ​នៅ​ក្នុង​ភាព​ដ៏​ពិសិដ្ឋ​បាន ។

ពេញ​មួយ​ប្រវត្តិសាស្ត្រ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​រាស្ត្រ​របស់​ទ្រង់​ឲ្យ​សាងសង់​ព្រះវិហារបរិសុទ្ធ ។ សព្វថ្ងៃនេះ សាសនាចក្រ​កំពុង​យកចិត្តទុកដាក់​ទៅ​លើ​សេចក្តីបង្គាប់​នៃ​ព្រះអម្ចាស់ ដើម្បី​សាងសង់​ព្រះវិហារបរិសុទ្ធ​នៅ​ទូទាំង​ពិភពលោក ដើម្បី​បង្កើត​ឲ្យ​មាន​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ​កាន់តែ​ច្រើន​ឡើង​ដល់​បុត្រាបុត្រី​ទ្រង់​ដែល​មាន​ចំនួន​ដ៏​ច្រើន​មហិមា ។

ពិធីបរិសុទ្ធ​សម្រាប់​មនុស្ស​កំពុង​រស់នៅ

គោលបំណង​សំខាន់ៗ​នៃ​ព្រះវិហារបរិសុទ្ធ គឺ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ទាំងឡាយ​ដែល​ចាំបាច់សម្រាប់​​ភាពតម្កើងឡើង​របស់​យើង​នៅ​ក្នុង​នគរ​សេឡេស្ទាល ។ ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​នាំ​ទៅ​រក​ពរជ័យ​ដ៏​មហិមា​បំផុត ដែល​មាន​មក​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ គ្រប់​កិច្ចការ​ដែល​យើង​ធ្វើ​នៅ​ក្នុង​សាសនាចក្រ—ការប្រជុំ និង​សកម្មភាព​របស់​យើង កិច្ចខិតខំ​ខាង​ផ្សព្វផ្សាយ​សាសនា​របស់​យើង មេរៀន​ដែល​យើង​បង្រៀន ទំនុកតម្កើង​ដែល​យើង​ច្រៀង —នឹង​នាំ​ផ្លូវ​យើង​ឆ្ពោះ​ទៅ​កាន់​ព្រះអង្គសង្គ្រោះ និង​កិច្ចការ​ដែល​យើង​ធ្វើ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

ពិធីបរិសុទ្ធ​មួយ​ដែល​យើង​ទទួល​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ គឺ​ជា​អំណោយទាន​ពិសិដ្ឋ ។ ពាក្យ អំណោយទាន​ពិសិដ្ឋ មាន​ន័យ​ថា « អំណោយ » ហើយ​​ពាក្យ​អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារបរិសុទ្ធ គឺ​ជា​អំណោយ​មក​ពី​ព្រះ ។ ពិធីបរិសុទ្ធ​ទាំងឡាយ​មាន​នូវ​ការណែនាំ​តាម​លំដាប់ និង​រួមបញ្ចូល​ទាំង​សេចក្តីសញ្ញា​ទាំងឡាយ ដែល​យើង​ធ្វើ​ដើម្បី​រស់នៅ​ដោយ​សុចរិត និង​អនុវត្ត​តាម​តម្រូវការ​នានា​ក្នុង​ដំណឹងល្អ ។ អំណោយទាន​ពិសិដ្ឋ​ជួយ​ឲ្យ​យើង​ផ្តោត​លើ​ព្រះអង្គសង្គ្រោះ តួនាទី​របស់​ទ្រង់​នៅ​ក្នុង​ផែនកា​រ​របស់​ព្រះវរបិតាសួគ៌​យើង និង​ការតាំងចិត្ត​របស់​យើង​ដើម្បី​ធ្វើតាម​ទ្រង់ ។

ពិធីបរិសុទ្ធ​មួយ​ទៀត​ក្នុង​ព្រះវិហារបរិសុទ្ធ​គឺ​ជា​អាពាហ៍ពិពាហ៍​សេឡេស្ទាល ដែល​ស្វាមី និង​ភរិយា​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​សម្រាប់​ភាព​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ពិធីផ្សារភ្ជាប់​ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដោយ​បន្ត​នៅ​រហូត ប្រសិនបើ​ស្វាមី និង ភរិយា​មាន​សេចក្តីស្មោះត្រង់​ចំពោះ​សេចក្តីសញ្ញា​ដែល​ពួកគេ​បាន​ធ្វើ ។

កុមារ​កើត​ចេញ​ពី​ឪពុកម្តាយ ដែល​បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​គឺ​បាន​កើត​នៅ​ក្នុង​សេចក្តីសញ្ញា ។ កុមារ​ទាំងនេះ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដោយ​ស្វ័យប្រវត្តិ ។ កុមារ​ដែល​មិន​បាន​កើត​នៅ​ក្នុង​សេចក្តីសញ្ញា​អាច​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ផងដែរ នៅ​ថ្ងៃ​ណា​មួយ​ដែល​ឪពុកម្តាយ​ពិតប្រាកដ ឬ​ឪពុកម្តាយ​ចិញ្ចឹម​របស់​ពួកគេ​បាន​ផ្សារភ្ជាប់​ជាមួយ​គ្នា ។ ពិធីបរិសុទ្ធ​ផ្សារភ្ជាប់​កូនៗ​ជាមួយ​ឪពុកម្តាយ ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

ប្រសិនបើ​អ្នក​បាន​ទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ហើយ ចូរចង​ចាំ​សេចក្តីសញ្ញា​ទាំងឡាយ​ដែល​អ្នក​បាន​ធ្វើ​ឲ្យ​បាន​ជាប់​ជានិច្ច ។ ចូរ​ទៅ​ព្រះវិហារបរិសុទ្ធ​វិញ​ឲ្យ​បាន​ញឹកញាប់ តាម​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន ។ ប្រសិនបើ​អ្នក​ជា​ឪពុក ឬ​ជា​ម្តាយ ចូរ​បង្រៀន​កូនៗ​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ព្រះវិហារបរិសុទ្ធ ។ សូម​ជួយ​ពួកគេ​រៀបចំខ្លួន​ដើម្បី​មាន​ភាពសក្តិសម​ដើម្បី​ចូល​ព្រះវិហារបរិសុទ្ធ ។

ប្រសិនបើ​អ្នក​មិន​ទាន់​បាន​ទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​នៅ​ឡើយ ចូរ​ចាប់ផ្តើម​រៀបចំ​ខ្លួន​អ្នក​ឥឡូវនេះ ។ នៅ​ពេល​ដែល​កាលៈទេសៈ​អនុញ្ញាត​ឲ្យ ចូរ​ចូលរួម​ក្នុង​ព្រះវិហារបរិសុទ្ធ​ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់​ជំនួស​មរណជន ។

ពិធីបរិសុទ្ធ​ទាំងឡាយ​សម្រាប់​មរណជន

មនុស្ស​ដែល​បាន​ស្លាប់​ដោយ​ពុំ​បាន​ទទួល​ពិធីបរិសុទ្ធ​ចាំបាច់ៗ​ក្នុង​ដំណឹងល្អ​អាច​ទទួល​ពិធីបរិសុទ្ធ​ទាំងនោះ​បាន តាមរយៈ​កិច្ចការ​ដែល​បាន​ធ្វើ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។ អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​ជំនួស​ឲ្យ​ជីដូនជីតា​របស់​អ្នក និង​អ្នកដទៃទៀត​ដែល​បាន​ស្លាប់ ។ ដោយ​ធ្វើ​ជំនួស​ឲ្យ​ពួកគេ នោះ​អ្នក​អាច ទទួល​ពិធីបុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់ ទទួល​អំណោយទាន​ពិសិដ្ឋ និង​ចូលរួម​ក្នុង​ពិធីផ្សារភ្ជាប់​ស្វាមីទៅ​នឹង​​ភរិយា កូនៗទៅ​នឹង​ឪពុកម្ដាយ ។

អ្នក​គួរតែ​ស្រាវជ្រាវ​យ៉ាង​សកម្ម រក​កំណត់ហេតុ​នៃ​ជីដូនជីតា​របស់​អ្នក​ដែល​បាន​ស្លាប់ ដើម្បី​ឲ្យ​កិច្ចការ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ អាច​បាន​ធ្វើ​ឡើង​សម្រាប់​ពួកគាត់ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពី​កិច្ចការ​ព្រះវិហារបរិសុទ្ធ​សម្រាប់​មរណជន និង​ពង្សប្រវត្តិ សូម​មើល « កិច្ចការ​ពង្សប្រវត្តិ និង ពង្សាវលី » ទំព័រ ៦១–៦៤ ។

ភាពសក្ដិសម​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ

ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ អ្នក​ត្រូវតែ​មាន​ភាពសក្ដិសម ។ អ្នក​បង្ហាញ​ភាពសក្តិសម​របស់​អ្នក​នៅ​ក្នុង​កិច្ចសម្ភាសន៍​ចំនួន​ពីរ​លើក—កិច្ចសម្ភាសន៍​ទី​មួយ គឺ​ជាមួយ​សមាជិក​ម្នាក់​ក្នុង​គណៈប៊ីស្សព ឬ​ប្រធានសាខា​របស់​អ្នក និង​កិច្ចសម្ភាសន៍​មួយ​ទៀត​គឺ​ជាមួយ​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម ។ ថ្នាក់ដឹកនាំ​បព្វជិតភាព​របស់​អ្នក​នឹង​រក្សា​ការសម្ភាស​ទាំងនេះ​ជា​សម្ងាត់ ។ នៅ​ក្នុង​កិច្ចសម្ភាសន៍​នីមួយៗ អ្នក​ដឹកនាំ​បព្វជិតភាព​នឹង​សួរ​អ្នក​អំពី​ការប្រព្រឹត្ត និង​ភាពសក្តិសម​ផ្ទាល់ខ្លួន​របស់​អ្នក ។ អ្នក​នឹង​ត្រូវបាន​គេ​សួរ​អំពី​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះវរបិតាសួគ៌ និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​អ្នក​នឹង​ត្រូវបាន​គេ​សួរ ថាតើ​អ្នក​គាំទ្រ​ដល់​ថ្នាក់ដឹកនាំ​ទូទៅ និង​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​នៃ​សាសនាចក្រ​ឬ​ទេ ។ អ្នក​នឹង​ត្រូវបាន​គេ​សុំ​ឲ្យ​បញ្ជាក់​ថា អ្នក​មាន​ភាពស្អាតស្អំ​ខាង​សីលធម៌ ហើយ​ថា​អ្នក​រក្សា​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ រស់នៅ​ស្រប​ទៅ​តាម​ការបង្រៀន​របស់​សាសនាចក្រ និង​មិន​រួម​គំនិត ឬ​ចុះចូល​នឹង​ក្រុម​ក្បត់សាសនា​ឡើយ ។

ប្រសិនបើ​អ្នក​ផ្តល់​ចម្លើយ​អាច​ទទួលយក​បាន ចំពោះ​សំណួរ​ទាំងឡាយ​នៅ​ក្នុង​កិច្ចសម្ភាសន៍ ហើយ​ប្រសិនបើ​អ្នក និង​ថ្នាក់ដឹកនាំ​បព្វជិតភាព​របស់​អ្នក​ពេញចិត្ត​ថា អ្នក​មាន​ភាពសក្តិសម​ដើម្បី​ចូល​ព្រះវិហារបរិសុទ្ធ នោះ​អ្នក​នឹង​ទទួលបាន​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ ។ អ្នក និង​ថ្នាក់ដឹកនាំ​បព្វជិតភាព​របស់​អ្នក​នឹង​ចុះ​ហត្ថលេខា​លើ​ប័ណ្ណ ដែល​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ចូល​ព្រះវិហារបរិសុទ្ធ​សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ ដរាបណា​អ្នក​រក្សា​បាន​នូវ​ភាពសក្តិសម ។

កិច្ចសម្ភាសន៍​ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ ផ្តល់​ឱកាស​ដ៏​មហិមា​សម្រាប់​អ្នក ដើម្បី​ពិនិត្យ​មើល​ពី​ភាពសក្តិសម​របស់​ខ្លួន និង​លំនាំ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ ប្រសិនបើ​មាន​អ្វី​មួយ​ខុស​ឆ្គង​នៅ​ក្នុង​ជីវិត​របស់​អ្នក ចូរ​រៀបចំ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ប៊ីស្សព ឬ​ប្រធានសាខា​របស់​អ្នក ឲ្យ​បាន​មុន​ការសម្ភាសន៍​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ ។ គាត់​អាច​ជួយ​អ្នក​រៀបចំខ្លួន​ឲ្យ​មាន​ភាពសក្តិសម​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ ។

សម្លៀកបំពាក់​ព្រះវិហារបរិសុទ្ធ

នៅ​ពេល​អ្នក​ទៅ​ព្រះវិហារបរិសុទ្ធ អ្នក​គួរតែ​ស្លៀក​សម្លៀកបំពាក់​ឲ្យ​សមរម្យ​បំផុត ដូច​ដែល​អ្នក​ស្លៀក​ទៅ​ចូលរួម​ព្រះវិហារ​ដែរ ។ នៅ​ពេល​អ្នក​ចូល​ទៅ​ក្នុង​ព្រះវិហារបរិសុទ្ធ អ្នក​ត្រូវ​ផ្លាស់​សម្លៀកបំពាក់​ពណ៌​ស​របស់​ព្រះវិហារបរិសុទ្ធ ។ ការផ្លាស់​សម្លៀកបំពាក់​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​ប្ដូរ​សំលៀក​បំពាក់ ជា​កន្លែង​ដែល​អ្នក​អាច​ប្រើ​ទូរ​ដាក់​សម្លៀកបំពាក់ និង​កន្លែង​ផ្លាស់​សម្លៀកបំពាក់​ផ្ទាល់ខ្លួន ។ នៅ​ព្រះវិហារបរិសុទ្ធ ភាពសមរម្យ​ត្រូវតែ​បាន​រក្សា​យ៉ាង​ប្រុងប្រយ័ត្ន ។

នៅ​ពេល​អ្នក​ដាក់​សម្លៀកបំពាក់​របស់​អ្នក​នៅ​ក្នុង​ទូរ អ្នក​អាច​ទុក​វត្ថុ​ខាង​លោកិយ​របស់​អ្នក​ទាំងអស់​នៅ​កន្លែង​នោះ​បាន ។ នៅ​ពេល​ស្លៀក​សម្លៀកបំពាក់​ពណ៌​ស អ្នក​អាច​ទទួល​អារម្មណ៍​តែ​មួយ និង​មាន​ភាពស្មើគ្នា​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ចំពោះ​សមាជិក​គ្រប់​គ្នា​ដែល​នៅ​ជុំវិញ​អ្នក​ដែល​ស្លៀកពាក់​ស្រដៀងៗ​គ្នា ។

ការស្លៀក​សម្លៀកបំពាក់​បរិសុទ្ធ

នៅ​ពេល​អ្នក​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ហើយ អ្នក​មាន​ពរជ័យ ដោយ​បាន​ស្លៀក​សម្លៀកបំពាក់​បរិសុទ្ធ​ពេញ​មួយ​ជីវិត​របស់​អ្នក ។ អ្នក​មាន​កតព្វកិច្ច​ពាក់​វា ស្រប​ទៅ​តាម​ការណែនាំ ដែល​បាន​ផ្តល់​ឲ្យ​នៅ​ពេល​ទទួល​អំណោយទាន​ពិសិដ្ឋ ។ ចូរ​ចងចាំ​ថា ពរជ័យ​ទាំងឡាយ​ដែល​ទាក់ទង​ទៅ​នឹង​ឯកសិទ្ធិ​ពិសិដ្ឋ​នេះ​អាស្រ័យ​នៅ​លើ​ភាពសក្តិសម និង​សេចក្តីស្មោះត្រង់​របស់​អ្នក​នៅ​ក្នុង​ការរក្សា​សេចក្តីសញ្ញា​ក្នុង​ព្រះវិហារបរិសុទ្ធ ។

សម្លៀកបំពាក់​បរិសុទ្ធ​ផ្តល់​ការរំឭក​ជាប់​ជានិច្ច​អំពី​សេចក្តីសញ្ញា​នានា​ដែល​អ្នក​បាន​ធ្វើ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។ អ្នក​គួរតែ​ប្រព្រឹត្ត​ចំពោះ​វា​ដោយ​សេចក្តីគោរព​នៅ​គ្រប់​ពេល​ទាំងអស់ ។ អ្នក​មិន​ត្រូវ​បើក​បង្ហាញ​វា​ឲ្យ​ឃើញ​ដល់​អស់​អ្នក​ដែល​មិន​យល់​អំពី​សារៈសំខាន់​របស់​វា​នោះ​ឡើយ ហើយ​អ្នក​មិន​ត្រូវ​កែប្រែ​វា ស្រប​តាម​ម៉ូដ​ផ្សេងៗ​នៃ​សម្លៀកបំពាក់​ក្រៅ​របស់​អ្នក​ឡើយ ។ នៅ​ពេល​អ្នក​ស្លៀកពាក់​វា​បាន​ត្រឹមត្រូវ វា​ផ្តល់​នូវ​ការការពារ​ប្រឆាំង​នឹង​ការល្បួង និង​អំពើ​អាក្រក់ ។ ការស្លៀក​សម្លៀកបំពាក់​បរិសុទ្ធ គឺ​ជា​ការបង្ហាញ​ឲ្យ​ឃើញ​ពី​ការតាំងចិត្ត​​ក្នុង​ខ្លួន​ដើម្បី​ធ្វើតាម​ព្រះអង្គសង្គ្រោះ ។

ពរជ័យ​នៃ​ការចូល​ព្រះវិហារបរិសុទ្ធ

បន្ថែម​ពី​លើ​ការស្ថិត​នៅ​ក្នុង​ទីកន្លែង​មួយ​ដែល​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នៃ​បព្វជិតភាព​ត្រូវបាន​ធ្វើ​ឡើង ព្រះវិហារបរិសុទ្ធ​គឺ​ជា​ទីកន្លែង​នៃ​ភាពសុខសាន្ត និង​វិវរណៈ ។ នៅ​ពេល​អ្នក​មាន​បញ្ហា ឬ​ពេល​ដែល​មាន​ការសម្រេចចិត្ត​សំខាន់ៗ​ក្នុង​គំនិត​របស់​អ្នក អ្នក​អាច​យក​កង្វល់​របស់​អ្នក​ទៅ​កាន់​ព្រះវិហារបរិសុទ្ធ​បាន ។ នៅ​ទីនោះ អ្នក​អាច​ទទួលបាន​ការណែនាំ​ខាង​វិញ្ញាណ ។

ជួនកាល​អ្នក​អាច​ទទួល​អារម្មណ៍​ថា អ្នក​មិន​អាច​គិត​បាន​ច្បាស់លាស់​ឡើយ ដោយសារ​គំនិត​របស់​អ្នក​ផ្ទុក​ទៅ​ដោយ​បញ្ហា​នានា ហើយ​មាន​រឿង​ជាច្រើន​ទាមទារ​ឲ្យ​មាន​ការយក​ចិត្តទុកដាក់​ខ្លាំង ។ នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ការរំខាន​នានា​ត្រូវបាន​កម្ចាត់​ចោល អ័ព្ទ​នៃ​ភាពស្រពិចស្រពិល​អាច​ត្រូវបាន​ដក​ចេញ ហើយ​អ្នក​អាច​យល់​នូវ​សេចក្ដី​ទាំងឡាយ​ដែល​អ្នក​មិន​បាន​យល់​ពី​មុន ។ អ្នក​អាច​រកឃើញ​របៀប​ថ្មីៗ ដើម្បី​ដោះស្រាយ​ឧបសគ្គ​ទាំងឡាយ​ដែល​អ្នក​ប្រឈមមុខ ។

ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​អ្នក នៅ​ពេល​អ្នក​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។ ហើយ​ពរជ័យ​ដែល​ទ្រង់​ប្រទាន​ឲ្យ​អ្នក​នឹង​មិន​មាន​ដែន​កំណត់​ចំពោះ​ពេល​វេលា​ដែល​អ្នក​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ឡើយ ។ ទ្រង់​នឹង​ប្រទានពរ​អ្នក​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត ។ កិច្ចការ​របស់​អ្នក​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​នឹង​ពង្រឹង​អ្នក ហើយ​បន្សុទ្ធ​អ្នក​ខាង​វិញ្ញាណ​ ។