ធនធាន​ផ្សេង​ទៀត
កិច្ចការ​ផ្សព្វផ្សាយ​សាសនា


« កិច្ចការ​ផ្សព្វផ្សាយ​សាសនា » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១០៤–១០៦

« កិច្ចការ​ផ្សព្វផ្សាយ​សាសនា » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១០៤–១០៦

កិច្ចការ​ផ្សព្វផ្សាយ​សាសនា

នៅ​ពេល​យើង​ទទួល​បាន​បទពិសោធន៍​ពរជ័យ​នៃ​ការរស់នៅ​តាម​ដំណឹងល្អ ជា​ធម្មតា យើង​ចង់​ចែកចាយ​ពរជ័យ​ទាំងនោះ​ជាមួយ​មនុស្សដទៃ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​អំពី​អំណរ ដែល​មាន​ក្នុង​ជីវិត​របស់​យើង នៅ​ពេល​យើង​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់​ដូចនេះ ៖

« ហើយ​បើ​សិន​ជា​អ្នក​ត្រូវ​ធ្វើ​ការ​អស់​មួយ​ជីវិត​អ្នក ដោយ​ស្រែក​ប្រាប់​ពី​ការ​ប្រែចិត្ត​ដល់​ប្រជាជន​នេះ ហើយ​គ្រាន់តែ​នាំ​ព្រលឹង​តែ​មួយ​គត់ មក​រក​យើង នោះ​អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា​ជាមួយ​អ្នក​នោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ​វរបិតា​របស់​យើង !

ហើយឥឡូវនេះ បើសិន​ជា​អ្នក​នឹង​មាន​សេចក្តី​អំណរ​ដ៏​មហិមា​ដល់​ព្រលឹង​តែ​មួយ ហើយ​យ៉ាង​ណា​ទៅ ដែល​អ្នក​បាននាំ​មករក​យើង​នៅ​ក្នុង​នគរ​នៃព្រះវរបិតា​របស់​យើង នោះ​អ្នក​នឹង​មាន​សេចក្តីអំណរ​ដ៏​មហិមា បើសិន​ជា​អ្នក​បាន​នាំ​ព្រលឹង​ជា​ច្រើន​មក​រក​យើង ! » ( គ. និង ស. ១៨:១៥–១៦ ) ។

កាតព្វកិច្ច​ផ្សព្វផ្សាយសាសនា​របស់​សមាជិក​គ្រប់​រូប

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រកាស​ថា កិច្ចការ​ផ្សព្វផ្សាយសាសនា​គឺជា​ការទទួលខុសត្រូវ​របស់​ពួកបរិសុទ្ធ​ទាំងអស់ ( សូម​មើល គ. និង ស. ៨៨:៨១ ) ។ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​របស់​ព្រះអម្ចាស់ អ្នក​អាច​ធ្វើ​បាន​តាមរយៈ​អំពើល្អ​នៃ​ជីវិត​របស់​អ្នក និង​កម្លាំង​នៃ​ទីបន្ទាល់​របស់​អ្នក ក្នុង​ការរៀបចំ​សមាជិក​ក្រុមគ្រួសារ មិត្តភក្តិ និង​មនុស្ស​ដែល​អ្នក​ស្គាល់​ដទៃទៀត ឲ្យ​ជួប​រៀន​ជាមួយ​អ្នកផ្សព្វផ្សាយសាសនា​ពេញ​ម៉ោង ។

សារលិខិត​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​កិច្ចការ​ផ្សព្វផ្សាយសាសនា ដែល​អ្នក​អាច​ចែកចាយ​បាន គឺ​ជា​គំរូ​របស់​អ្នក​នៃ​ការរស់នៅ​ក្នុង​ជីវិត​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​រីករាយ​មួយ ។ ចូរ​ចងចាំ​ថា មនុស្ស​មិន​ចូលរួម​សាសនាចក្រ ដោយសារ​តែ​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​ដែល​ពួកគេ​រៀន​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ ។ ពួកគេ​ចូលរួម​មក​ពី​ពួកគេ​ទទួល​បាន​អារម្មណ៍​មួយ ដែល​ចាប់ផ្តើម​បំពេញ​សេចក្តីត្រូវការ​ខាង​វិញ្ញាណ​របស់​ពួកគេ ។ ប្រសិនបើ​អ្នក​មាន​ចិត្ត​ស្មោះ​ចំពោះ​មិត្តភាព​របស់​អ្នក​ជាមួយ​ពួកគេ នោះ​ពួកគេ​នឹង​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ អំពី​សក្ខីភាព និង​សុភមង្គល​របស់​អ្នក ។

បន្ថែម​ពី​លើ​ការធ្វើ​ជា​គំរូ​ល្អ អ្នក​អាច « ប្រុងប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បី​នឹង​តបឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តីសង្ឃឹម​របស់​អ្នក​រាល់​គ្នា » ( ពេត្រុស ទី១ ៣:១៥ ) ។ អ្នក​អាច​អធិស្ឋាន​ទូល​សូម​ឱកាស​ដើម្បី​ប្រាប់​មនុស្សដទៃ​អំពី​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ ។ បន្ទាប់មក អ្នក​អាច​ប្រុងប្រៀប​ខ្លួន​បាន ព្រោះ​មាន​មនុស្ស​ជាច្រើន​ចង់​បាន​សេចក្តីពិត​យ៉ាង​ខ្លាំង ។

ការបម្រើ​បេសកកម្ម​ពេញ​ម៉ោង

បន្ទាប់​ពី​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ព្រះអម្ចាស់​បាន​ត្រាស់បង្គាប់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ « ទៅ … បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ » ( ម៉ាថាយ ២៨:១៩ ) ។ ដើម្បី​បំពេញ​តាម​សេចក្ដីត្រាស់បង្គាប់​នេះ យុវជន​ដែល​មាន​សមត្ថភាព​នៅ​ក្នុង​សាសនាចក្រ មាន​កាតព្វកិច្ច​រៀបចំខ្លួន​ខាង​វិញ្ញាណ ខាង​សាច់ឈាម និង​ខាង​សតិអារម្មណ៍ ដើម្បី​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។ ស្ត្រី​នៅ​លីវ និង​គូស្វាមីភរិយា​ដែល​មាន​វ័យ​ចំណាស់ ក៏​មាន​ឱកាស បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ដែរ ។ ប្រសិនបើ​អ្នក​មាន​បំណងប្រាថ្នា​បម្រើ​ជា​អ្នកផ្សព្វផ្សាយសាសនា​ពេញ​ម៉ោង ចូរ​ពិភាក្សា​ជាមួយ​នឹង​ប៊ីស្សព ឬ​ប្រធានសាខា​របស់​អ្នក ។

ការងារបម្រើ​ដល់​សមាជិក​ថ្មី​ក្នុង​សាសនាចក្រ

កិច្ចការ​អ្នកផ្សព្វផ្សាយសាសនា​បូករួម​ទាំង​ការជួយ និង​ការគាំទ្រ​ដល់​អ្នកទាំងឡាយណា​ដែល​ចូលរួម​សាសនាចក្រ​ផងដែរ ។ នៅ​ពេល​អ្នក​ពិចារណា​អំពី​ការទទួលខុសត្រូវ​នេះ ចូរ​ចងចាំ​ថា សមាជិក​ថ្មី​អាច​ប្រឈមមុខ​នឹង​ឧបសគ្គ​ជា​ច្រើន នៅ​ពេល​ពួកគេ​ចូលរួម​សាសនាចក្រ ។ ជា​ញឹកញាប់ ការតាំងចិត្ត​ថ្មី​របស់​ពួកគេ​តម្រូវ​ឲ្យ​ពួកគេ​បោះបង់​ចោល​ទម្លាប់​ចាស់​របស់​ពួកគេ​ចោល ហើយ​ចាកចេញ​ពី​មិត្តភក្តិ​ចាស់ៗ និង​សហគមន៍​នានា ។ លើស​ពី​នេះទៅទៀត សាសនាចក្រ​ណែនាំ​មាគ៌ា​ជីវិត​មួយ​ដែល​ហាក់បីដូចជា​ខុស​ប្លែក ហើយ​មាន​តម្រូវការ​ជា​ច្រើន ។

សមាជិក​ថ្មី​គ្រប់​រូប​នៃ​សាសនាចក្រ​មាន​សេចក្តីត្រូវការ​​​បី​យ៉ាង​គឺ ៖ មិត្តភក្ដិ ការទទួលខុសត្រូវ និង​ការចិញ្ចឹម​បីបាច់ « ដោយ​ព្រះបន្ទូល​ដ៏​ល្អ​នៃ​ព្រះ » ( មរ៉ូណៃ ៦:៤ ) ។ អ្នក​អាច​ធ្វើ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ក្នុង​ការផ្តល់​ជំនួយ​នេះ ។ អ្នក​អាច​តែងតែ​ធ្វើ​ជា​មិត្តភក្តិ​ម្នាក់ ។ ទោះបីជា​អ្នក​មិន​កាន់​តំណែង​ដើម្បី​ផ្ដល់​ការហៅបម្រើ​ជា​ផ្លូវការ ការទទួលខុសត្រូវ​ណា​មួយ​ក្នុង​សាសនាចក្រ​ក៏​ដោយ ក៏​អ្នក​អាច​ធ្វើការ​នៅ​ជិត​សមាជិក​ថ្មី​ក្នុង​ទង្វើ​នៃ​ការបម្រើ​ដែរ ។ ហើយ​អ្នក​អាច​ស្វែងរក​ឱកាស​ដើម្បី​ចែកចាយ​បន្ទូល​នៃ​ព្រះ​ជាមួយ​សមាជិក​ថ្មី​បាន ។