ធនធាន​ផ្សេង​ទៀត
ផែនការ​នៃ​សេចក្តីសង្គ្រោះ


« ផែនការ​នៃ​សេចក្តីសង្គ្រោះ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១១៥–១១៧

« ផែនការ​នៃ​សេចក្តីសង្គ្រោះ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១១៥–១១៧

ផែនការ​នៃ​សេចក្តីសង្គ្រោះ

នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ព្រះវរបិតាសួគ៌​បាន​រៀបចំ​ផែនការ​មួយ ដើម្បី​ឲ្យ​យើង​អាច​ប្រែក្លាយ​ដូចជា​ទ្រង់ និង​ទទួលបាន​អំណរ​ដ៏​ពេញលេញ ។ ព្រះគម្ពីរ​សំដៅ​ទៅ​លើ​ផែនការ​នេះ​ថា « ផែនការ​នៃ​សេចក្ដីសង្គ្រោះ » ( អាលម៉ា ២៤:១៤, ម៉ូសេ ៦:៦២ ) « ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា » ( អាលម៉ា ៤២:៨ ) « ផែនការ​ដ៏​មហិមា​នៃ​សេចក្ដី​ប្រោសលោះ » ( យ៉ាកុប ៦:៨, អាលម៉ា ១២:៣០ ) និង « ផែនការ​នៃ​សេចក្ដីមេត្តាករុណា » ( អាលម៉ា ៤២:១៥ ) ។

ផែនការ​នៃ​សេចក្តីសង្រ្គោះ​គឺ​ជា​ភាពពេញលេញ​នៃ​ដំណឹងល្អ ។ ផែនការ​នោះ​រួម​មាន​ការបង្កបង្កើត ការធ្លាក់ ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង ក្រឹត្យវិន័យ​ទាំងអស់ ពិធីបរិសុទ្ធ​ទាំងឡាយ ព្រមទាំង​គោលលទ្ធិ​ទាំងឡាយ​នៃ​ដំណឹងល្អ ។ សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ លទ្ធភាព​ក្នុង​ការជ្រើសរើស ហើយ​ប្រព្រឹត្ត​ដោយ​ខ្លួន​យើង ក៏​ជា​ផ្នែក​ដ៏​សំខាន់​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌​ដែរ ។ ដោយសារ​ផែនការ​នេះ នោះ​យើង​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​តាមរយៈ​ដង្វាយធួន ទទួល​បាន​អំណរ​ដ៏​ពេញលេញ ហើយ​រស់នៅ​ជា​រៀង​រហូត​នៅ​ក្នុង​វត្តមាន​របស់​ព្រះ ។ ទំនាក់​ទំនង​គ្រួសារ​របស់​យើង​អាច​មាន​រហូត​ដល់​អស់កល្ប​ជានិច្ច ។

អ្នក​គឺ​ជា​អ្នក​រួមចំណែក​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ហើយ​បទពិសោធន៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​អ្នក​អាច​ត្រូវបាន​បំបែក​ចេញ​ជា​បី​ដំណាក់កាល​សំខាន់ៗ ៖ ជីវិត​មុន​ឆាក​ជីវិត​នេះ ជីវិត​រមែងស្លាប់ និង ជីវិត​ក្រោយ​ពី​សេចក្ដីស្លាប់ ។ នៅ​ពេល​អ្នក​យល់​អំពី​ផែនការ​នេះ នោះ​អ្នក​រកឃើញ​ចម្លើយ​សម្រាប់​សំណួរ​ដែល​ត្រូវបាន​សួរ​ដោយ​មនុស្ស​ជា​ច្រើន ៖ តើ​យើង​មក​ពី​ណា ? ហេតុអ្វី​យើង​មក​ទីនេះ ? តើ​យើង​នឹង​ទៅ​កន្លែង​ណា បន្ទាប់​ពី​យើង​ចាកចេញ​ពី​ជីវិត​នេះ ?

ជីវិត​មុន​ឆាក​ជីវិត​នេះ

ពី​មុន​អ្នក​បាន​កើត​នៅ​លើ​ផែនដី អ្នក​បាន​រស់នៅ​ក្នុង​ទីវត្តមាន​របស់​ព្រះវរបិតាសួគ៌​ក្នុង​នាម​ជា​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ទ្រង់ ។ ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ អ្នក​បាន​ចូលរួម​នៅ​ក្នុង​មហា​ក្រុម​ប្រឹក្សា​មួយ ជាមួយ​នឹង​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ព្រះវរបិតាសួគ៌​ដទៃទៀត ។ នៅ​ក្នុង​មហាក្រុមប្រឹក្សា​នោះ ព្រះវរបិតាសួគ៌​បាន​បង្ហាញ​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ទ្រង់ ( សូម​មើល អ័ប្រាហាំ ៣:២២–២៦ ) ។

ដើម្បី​ឲ្យ​ត្រូវ​គ្នា​ជាមួយ​នឹង​ផែនការ​នៃ​សុភមង្គល នោះ​ព្រះយេស៊ូវគ្រីស្ទ​កាល​នៅ​ពី​មុន​ឆាក​ជីវិត​នេះ ជា​បុត្រា​ច្បង​ខាង​វិញ្ញាណ​របស់​ព្រះវរបិតា បាន​ចុះ​សេចក្ដីសញ្ញា​ថា​នឹង​ធ្វើជា​ព្រះអង្គសង្គ្រោះ ( សូម​មើល ម៉ូសេ ៤:២, អ័ប្រាហាំ ៣:២៧ ) ។ អស់​អ្នក​ណា​ដែល​បាន​ធ្វើ​តាម​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មក​កើត​នៅ​លើ​ផែនដី​នេះ ដើម្បី​ទទួលបាន​បទពិសោធន៍​នៃ​ជីវិត​រមែងស្លាប់ និង ហើយ​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ។ លូស៊ីហ្វើរ ជា​បុត្រា​ខាង​វិញ្ញាណ​ម្នាក់​ទៀត​របស់​ព្រះ បាន​បះបោរ​ប្រឆាំង​នឹង​ផែនការ ហើយ « បាន​ខំ​រក​បំផ្លាញ​សិទ្ធិជ្រើសរើស​របស់​មនុស្ស » ( ម៉ូសេ ៤:៣ ) ។ វា​បាន​ក្លាយ​ជា​សាតាំង ហើយ​វា ព្រមទាំង​អ្នក​ដើរតាម​របស់​វា​សត្រូវបាន​បណ្តេញ​ចេញ​ពី​ស្ថានសួគ៌ ហើយ​បាន​បដិសេធ​ឱកាស​នៃ​ការទទួលបាន​រូបកាយ​ខាង​សាច់ឈាម និង​ការទទួលបាន​បទពិសោធន៍​ក្នុង​ជីវិត​រមែងស្លាប់ ( សូម​មើល ម៉ូសេ ៤:៤, អ័ប្រាហាំ ៣:២៧–២៨ ) ។

ពេញ​មួយ​ជីវិត​មុន​ឆាក​ជីវិត​នេះ អ្នក​បាន​អភិវឌ្ឍ​អត្តសញ្ញាណ និង​បង្កើត​សមត្ថភាព​ខាង​វិញ្ញាណ​របស់​អ្នក ។ ដោយ​មាន​ពរជ័យ​ជាមួយ​នឹង​អំណោយទាន​នៃ​សិទ្ធិជ្រើសរើស អ្នក​បាន​ធ្វើ​ការសម្រេចចិត្ត​ដ៏​សំខាន់ ដូចជា​ការសម្រេចចិត្ត​ធ្វើតាម​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ ការសម្រេចចិត្ត​ទាំងនេះ មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​ពេល​នោះ និង​ពេល​បច្ចុប្បន្ន​នេះ ។ អ្នក​បាន​រីកចម្រើន​ខាង​បញ្ញា ហើយ​បាន​រៀន​ស្រឡាញ់​សេចក្ដីពិត រួច​អ្នក​បាន​រៀបចំ​ខ្លួន​មក​កើត​លើ​ផែនដី ជា​កន្លែង​ដែល​អ្នក​បន្ត​រីកចម្រើន ។

ជីវិត​រមែង​ស្លាប់

ឥឡូវនេះ អ្នក​កំពុង​ទទួល​បទពិសោធន៍​ក្នុង​ជីវិត​រមែងស្លាប់ ។ វិញ្ញាណ​របស់​អ្នក​ត្រូវបាន​ផ្គុំ​ជាមួយ​នឹង​រូបកាយ​របស់​អ្នក ដើម្បី​ផ្ដល់​ឲ្យ​អ្នក​នូវ​ឱកាស​រីកចម្រើន ហើយ​អភិវឌ្ឍ​ក្នុង​របៀប​ដែល​មិន​អាច​ធ្វើ​ទៅ​បាន​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ​របស់​អ្នក ។ ផ្នែក​នេះ​នៃ​ការរស់នៅ​របស់​អ្នក​គឺ​ជា​ពេល​នៃ​ការរៀនសូត្រ​ដែល​អ្នក​អាច​បំភ្លឺ​ខ្លួន​របស់​អ្នក ជ្រើសរើស​មក​កាន់​ព្រះយេស៊ូវគ្រីស្ទ ហើយ​រៀបចំខ្លួន​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ វា​ក៏​ជា​ពេល​វេលា ដែល​អ្នក​អាច​ជួយ​អ្នកដទៃ​ស្វែងរក​សេចក្ដីពិត និង បង្កើន​ទីបន្ទាល់​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ដែរ ។

ជីវិត​ក្រោយ​សេចក្តី​ស្លាប់

ពេល​ដែល​អ្នក​ស្លាប់ វិញ្ញាណ​របស់​អ្នក​នឹង​ចូល​ទៅ​ក្នុង​ពិភព​វិញ្ញាណ ហើយ​រង់ចាំ​ការរស់ឡើងវិញ ។ នៅ​ពេល​រស់ឡើងវិញ វិញ្ញាណ និង​រូបកាយ​របស់​អ្នក​នឹង​ផ្គុំ​ឡើង​វិញ​ម្ដង​ទៀត ហើយ​អ្នក​នឹង​ត្រូវ​ជំនុំជម្រះ និង បាន​ចូល​ទៅ​ក្នុង​នគរ​នៃ​សិរីល្អ ។ សិរីល្អ​ដែល​អ្នក​ទទួល​នឹង​អាស្រ័យ​ទៅ​លើ​ទំហំ​នៃ​ការប្រែចិត្តជឿ និង ការគោរពប្រតិបត្តិ​របស់​អ្នក ចំពោះ​ព្រះបញ្ញត្តិ​របស់​ព្រះ ( សូម​មើល « នគរ​នៃ​សិរីល្អ » ទំព័រ ៩២–៩៥ ) ។ វា​នឹង​អាស្រ័យ​ទៅ​លើ របៀប​ដែល​អ្នក​បាន « ទទួល​ទីបន្ទាល់​ពី​ព្រះយេស៊ូវ » ( គ. និង ស. ៧៦:៥១, សូម​មើល​ផងដែរ ៧៦:៧៤, ៧៩, ១០១ ) ។

ពរជ័យ​តាមរយៈ​ចំណេះដឹង​អំពី​ផែនការ​នេះ

ទីបន្ទាល់​អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ អាច​ផ្តល់​ឲ្យ​អ្នក​នូវ​សេចក្តីសង្ឃឹម និង​គោលបំណង នៅ​ពេល​ដែល​អ្នក​ស្មុគស្មាញ​ជាមួយ​នឹង​ឧបសគ្គ​នានា​ក្នុង​ជីវិត ។ អ្នក​អាច​រកឃើញ​ការអះអាង​នៅ​ក្នុង​ចំណេះដឹង​នេះ​ថា អ្នក​ជា​កូន​របស់​ព្រះ ហើយ​ថា អ្នក​បាន​រស់នៅ​ក្នុង​ទីវត្តមាន​របស់​ទ្រង់ ពី​មុន​អ្នក​មក​កើត​លើ​ផែនដី​នេះ ។ អ្នក​អាច​រកឃើញ​អត្ថន័យ​នៅ​ក្នុង​ជីវិត​បច្ចុប្បន្ន​របស់​អ្នក ដោយ​ដឹង​ថា សកម្មភាព​របស់​អ្នក​អំឡុង​ពេល​ជីវិត​រមែងស្លាប់​មាន​ឥទ្ធិពល​លើ​ជោគវាសនា​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​អ្នក ។ ជាមួយ​នឹង​ចំណេះដឹង​នេះ អ្នក​អាច​ដាក់​ការសម្រេចចិត្ត​ដ៏​សំខាន់​ទៅ​លើ​សេចក្តីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ជាជាង​ផ្លាស់ប្ដូរ​ស្ថានភាព​ជីវិត ។ អ្នក​អាច​បន្ត​អភិវឌ្ឍ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​សមាជិក​គ្រួសារ ដោយ​រីករាយ​នឹង​ការសន្យា​ដែល​ថា ក្រុមគ្រួសារ​របស់​អ្នក​អាច​រស់នៅ​ដ៏​អស់កល្ប​ជានិច្ច ។ អ្នក​អាច​រកឃើញ​អំណរ​នៅ​ក្នុង​ទីបន្ទាល់​អំពី​ដង្វាយធួន និង​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ពិធីបរិសុទ្ធ សេចក្តីសញ្ញា និង​គោលលទ្ធិ​នានា ដោយ​ដឹង​ថា « អ្នក​ណា​ដែល​ប្រព្រឹត្ត​កិច្ចការ​ទាំងឡាយ​ដោយ​សេចក្ដីសុចរិត នោះ​នឹង​បាន​ទទួល​រង្វាន់​របស់​ខ្លួន គឺ​សេចក្ដីសុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​បរលោក » ( គ. និង ស. ៥៩:២៣ ) ។