ធនធាន​ផ្សេង​ទៀត
សហស្សវត្សរ៍


« សហស្សវត្សរ៍ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១០៣–១០៤

« សហស្សវត្សរ៍ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១០៣–១០៤

សហស្សវត្សរ៍

សហស្សវត្សរ៍​គឺជា​រយៈ​ពេល ១០០០ ឆ្នាំ ។ នៅ​ពេល​យើង​និយាយ​អំពី « សហស្សវត្សរ៍ » យើង​សំដៅ​ទៅ​លើ​រយៈ​ពេល ១០០០ ឆ្នាំ បន្ទាប់​ពី​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គសង្គ្រោះ ( សូម​មើល វិវរណៈ ២០:៤, គ. និង ស. ២៩:១១ ) ។ អំឡុង​ពេល​សហស្សវត្សរ៍ « ព្រះគ្រីស្ទ​នឹង​គ្រង​រាជ្យ​នៅ​លើ​ផែនដី​ផ្ទាល់ » ( មាត្រា​នៃ​សេចក្តីជំនឿ ១:១០ ) ។

សហស្សវត្សរ៍​នឹង​ជា​ពេល​មួយ​នៃ​សេចក្ដីសុចរិត និង សេចក្ដីសុខសាន្ដ​នៅ​លើ​ផែនដី​នេះ ។ ព្រះអម្ចាស់​បាន​ត្រាស់​សម្ដែង​ថា « នៅ​ថ្ងៃ​នោះ សេចក្ដី​ខ្មាំង​នៃ​មនុស្ស និង​សេចក្ដី​ខ្មាំង​នៃ​សត្វ​ទាំង​ឡាយ មែន​ហើយ គឺ​សេចក្ដី​ខ្មាំង​នៃ​អស់​ទាំង​សាច់​ឈាម​នឹង​ឈប់​មាន » ( គ. និង ស. ១០១:២៦, សូម​មើល​ផងដែរ អេសាយ ១១:៦–៩ ) ។ អារក្ស​សាតាំង​នឹង​ត្រូវ​បាន « ចង ប្រយោជន៍​កុំ​ឲ្យ​វា​មាន​កន្លែង​នៅក្នុង​ដួងចិត្ត​នៃ​កូនចៅ​មនុស្ស​ឡើយ » ( គ. និង ស. ៤៥:៥៥. សូម​មើល​ផងដែរ វិវរណៈ ២០:១–៣ ) ។

អំឡុងពេល​សហស្សវត្សរ៍ មនុស្ស​ទាំងអស់​នៅលើ​ផែនដី​នឹង​ក្លាយជា​​មនុស្ស​ល្អ និង ត្រឹមត្រូវ ប៉ុន្ដែ​មនុស្ស​ជាច្រើន​នឹង​ពុំ​ទាន់​បាន​ទទួល​ភាពពេញលេញ​នៃ​ដំណឹងល្អ​ឡើយ ។ ជា​លទ្ធផល សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ​នឹង​ចូលរួម​នៅក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។

សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ​ក៏​នឹង​ចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ អំឡុងពេល​សហស្សវត្សរ៍​ដែរ ។ ពួកបរិសុទ្ធ​ទាំងឡាយ​នឹង​បន្ដ​កសាង​ព្រះវិហារ​បរិសុទ្ធ និង ទទួល​ពិធីបរិសុទ្ធ​ជំនួស​ឲ្យ​មរណញាតិ​របស់​ពួកគេ ។ ដោយ​បាន​ណែនាំ​ដោយ​វិវរណៈ ពួកគេ​នឹង​រៀបចំ​កំណត់ត្រា​នៃ​បុព្វបុរស​របស់​ពួកគេ​រហូត​ដល់​ជំនាន់​អ័ដាម និង អេវ៉ា ។

សេចក្ដី​សុចរិត និង សេចក្ដី​សុខសាន្ដ​ពេញលេញ​នឹង​បន្ដ រហូតដល់​ចុង​បញ្ចប់​នៃ ១០០០ ឆ្នាំ ជា​ពេល​ដែល​សាតាំង « ត្រូវ​បាន​ស្រាយ​មួយ​រដូវ​ខ្លី ប្រយោជន៍​ឲ្យ​វា​អាច​ប្រមូល​ពល​ទ័ព​ទាំង​ឡាយ​របស់​វា » ។ ពលទ័ព​របស់​អារក្ស​សាតាំង​នឹង​ឡើង​មក​ច្បាំង​នឹង​ពលទ័ព​នៃ​ស្ថានសួគ៌ ដែល​នឹង​ដឹកនាំ​ដោយ​មីកែល ឬ អ័ដាម ។ សាតាំង និង​អ្នកដើរតាម​វា​នឹង​ចាញ់ ហើយ​ត្រូវ​បណ្ដេញ​ចេញ​ជា​រៀង​រហូត ។ ( សូម​មើល គ. និង ស. ៨៨:១១១–១១៥ ) ។