ធនធាន​ផ្សេង​ទៀត
ភាពសមរម្យ


« ភាពសមរម្យ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១០៦–១០៨

« ភាពសមរម្យ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១០៦–១០៨

ភាពសមរម្យ

ភាពសមរម្យ​គឺ​ជា​ឥរិយាបថ​នៃ​ភាពរាបសា និង​សុជីវធម៌​ក្នុង​ការស្លៀកពាក់ ការតុបតែងខ្លួន ពាក្យសម្ដី និង​ឥរិយាបថ ។ ប្រសិនបើ​អ្នក​មាន​ភាពសមរម្យ នោះ​អ្នក​នឹង​ពុំ​មាន​ការចាប់អារម្មណ៍​តែ​លើ​ខ្លួន​អ្នក​ច្រើន​ពេក​ទេ ។ ផ្ទុយទៅវិញ អ្នក​ព្យាយាម « តម្កើង​ព្រះនៅ​ក្នុង​រូបកាយ ហើយ​ក្នុង​វិញ្ញាណ​នៃ​អ្នក​រាល់​គ្នា ដែល​ជា​របស់​ផង​ទ្រង់ » ( កូរិនថូស ទី១ ៦:២០, សូម​មើល​ផងដែរ ខទី ១៩ ) ។

ប្រសិនបើ​អ្នក​មិន​ប្រាកដ​អំពី​ថាតើ​ការស្លៀកពាក់ ឬ​ការតុបតែង​ខ្លួន​របស់​អ្នក​សមរម្យ​ឬ​ទេ នោះ​សូម​សួរ​ខ្លួន​អ្នក​ថា « តើ​ខ្ញុំ​មាន​អារម្មណ៍​ទុកចិត្ត​អំពី​ខ្លួន​របស់​ខ្ញុំ​ឬ​ទេ ប្រសិនបើ​ខ្ញុំ​ស្ថិត​នៅ​ក្នុង​វត្តមាន​របស់​ព្រះអម្ចាស់ ? » អ្នក​អាច​សួរ​ខ្លួន​របស់​អ្នក​នូវ​សំណួរ​ស្រដៀងគ្នា​នេះ​ដែរ​អំពី​ពាក្យសម្ដី និង​ឥរិយាបថ​របស់​អ្នក​ថា « តើ​ខ្ញុំ​នឹង​និយាយ​ពាក្យ​ទាំងនេះ ឬ​ចូលរួម​ក្នុង​សកម្មភាព​ទាំងនេះ​ឬ​ទេ ប្រសិនបើ​ព្រះអម្ចាស់​មាន​វត្តមាន​នៅ​ទីនេះ ? » ចម្លើយ​ស្មោះត្រង់​របស់​អ្នក​ចំពោះ សំណួរ​ទាំងនេះ​អាច​ដឹកនាំ​អ្នក​ឲ្យ​មាន​ការផ្លាស់ប្ដូរ​សំខាន់​ក្នុង​ជីវិត​របស់​អ្នក ។ ចំណុច​ខាង​ក្រោម​នេះ​នឹង​ជួយ​អ្នក​ក្នុង​កិច្ចខិតខំ​ដើម្បី​មាន​ភាពសមរម្យ ។

ការស្លៀកពាក់ និង​ការតុបតែង​ខ្លួន

ពួក​ព្យាការី​តែងតែ​ផ្ដល់​ដំបូន្មាន​ឲ្យ​យើង​ស្លៀកពាក់​សមរម្យ ។ ដំបូន្មាន​នេះ​ត្រូវបាន​រកឃើញ​ក្នុង​សេចក្តីពិត​ដែល​ថា រូបកាយ​របស់​មនុស្ស​គឺ​ជា​ការបង្កបង្កើត​ដ៏​ពិសិដ្ឋ​របស់​ព្រះ ។ ចូរ​គោរព​ដល់​រូបកាយ​របស់​អ្នក​ទុក​ជា​អំណោយ​មក​ពី​ព្រះ ។ តាមរយៈ​ការស្លៀកពាក់ និង អាការៈ​ខាង​ក្រៅ​របស់​អ្នក នោះ​អ្នក​អាច​បង្ហាញ​ដល់​ព្រះអម្ចាស់​ថា អ្នក​ដឹង​ពី​តម្លៃ​ដ៏​មហិមា​នៃ​រូបកាយ​របស់​អ្នក ។

ការស្លៀកពាក់​របស់​អ្នក​បង្ហាញ​ថា​អ្នក​ជា​នរណា ។ វា​បង្ហាញ​សារ​មួយ​ប្រាប់​អំពី​អ្នក ហើយ​វា​មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក និង​មនុស្សដទៃ​ប្រព្រឹត្ត ។ នៅ​ពេល​ដែល​អ្នក​តុបតែង​ខ្លួន និង ស្លៀកពាក់​សមរម្យ នោះ​អ្នក​អញ្ជើញ​ភាពជាដៃគូ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​អ្នក​អាច​ជះ​ឥទ្ធិពល​ល្អ​លើ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក ។

គំនិត​សំខាន់​នៃ​ការត្រាស់បង្គាប់​ឲ្យ​មាន​ភាពសមរម្យ គឺជា​ការយល់ដឹង​ពី​អំណាច​ពិសិដ្ឋ​នៃ​ការបង្កើត​កូនចៅ ដែល​ជា​សមត្ថភាព​អាច​នាំ​កូនចៅ​មក​កាន់​ពិភពលោក ។ អំណាច​នេះ​ត្រូវបាន​ប្រើ​តែ​រវាង​ស្វាមី និង​ភរិយា​តែ​ប៉ុណ្ណោះ ។ ការស្លៀកពាក់​មិន​សមរម្យ​​ដែល​រួមមាន ខោ និង​សំពត់ខ្លីៗ សំលៀកបំពាក់រឹប អាវខ្លី​ចេញ​ផ្ចិត អាច​ជំរុញ​ឲ្យ​មាន​បំណងប្រាថ្នា និង​សកម្មភាពល្មើស​នឹង​ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះអម្ចាស់ ។

បន្ថែម​ពី​លើ​ការចៀសវាង​ពី​ការស្លៀកពាក់​មិន​សមរម្យ អ្នក​គួរតែ​ចៀសវាង​ពី​ភាពជ្រុលនិយម​ទៅ​លើ​សម្លៀកបំពាក់ អាការៈ​ខាង​ក្រៅ និង​ម៉ូដសក់ ។ ការស្លៀកពាក់ ការតុបតែងខ្លួន និង​ឥរិយាបទ ត្រូវតែ​ស្អាតស្អំ និង​ស្អាត​បាត មិន​ត្រូវ​មាន​សភាព​មិន​យកចិត្តទុកដាក់ ឬ​មិនសមរម្យ​នោះ​ឡើយ ។ កុំ​បំផ្លាញ​រូបកាយ​របស់​អ្នក​ដោយការ​ចាក់សាក់ ឬ​ចោះ​លើ​រូបកាយ​ឡើយ ។ ប្រសិនបើ​អ្នក​ជា​ស្ត្រី ឬ​យុវនារី​ចង់​ចោះ​ត្រចៀក ចូរ​ពាក់​ក្រវិល​ដែល​សមរម្យ​មួយ​គូ​បាន​ហើយ ។

ចូរ​រក្សា​បទដ្ឋាន​ដ៏​ខ្ពស់​នៃ​ភាពសមរម្យ​នៅ​ក្នុង​គ្រប់​ឱកាស​ទាំងអស់ ។ ចូរ​កុំ​បន្ទាប​បទដ្ឋាន​របស់​អ្នក​ដើម្បី​ទទួល​បាន​ចំណាប់​អារម្មណ៍​លើ​រូបកាយ ឬ​ដើម្បី​ទទួលបាន​ការពេញចិត្ត​ពី​មនុស្សដទៃ​ឡើយ ។ សិស្ស​ដ៏​ពិតប្រាកដ​របស់​ព្រះយេស៊ូវគ្រីស្ទ​រក្សា​បទដ្ឋាន​របស់​ព្រះអម្ចាស់ ទោះជា​មាន​ភាពទាន់​សម័យ ឬ​សម្ពាធ​ពី​មនុស្សដទៃ​ក៏​ដោយ ។

ការនិយាយស្ដី និង​ឫកពារ

ក៏​ដូចជា​ការស្លៀកពាក់ និង​ការតុបតែង​ខ្លួន​ដែរ នោះ​ការនិយាយស្តី និង​ឫកពារ បង្ហាញ​ពី​លក្ខណៈសម្បត្តិ​របស់​អ្នក ។ ពាក្យ​សម្ដី និង​ទង្វើ​របស់​អ្នក​អាច​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​មួយ​ចំពោះ​ខ្លួន​អ្នក និង​មនុស្សដទៃ ។ ចូរ​សម្ដែង​ពី​ខ្លួន​អ្នក​តាមរយៈ​ភាសា និង​សកម្មភាព​ស្អាតស្អំ វិជ្ជមាន និង​លើកតម្កើង ដែល​នាំ​សុភមង្គល​ទៅ​ដល់​មនុស្ស​ជុំវិញ​ខ្លួន​អ្នក ។ កិច្ចខិតខំ​ដើម្បី​មាន​ភាពសមរម្យ​របស់​អ្នក ទាំង​ខាង​ពាក្យ​សម្ដី និង​ទង្វើ នាំ​ឲ្យ​មាន​ការណែនាំ និង​ការលួងលោម​ចិត្ត​មក​ពី​ព្រះវិញ្ញាណបរិសុទ្ធ​កាន់តែ​ខ្លាំង​ឡើង ។

ចូរ​ចៀសវាង​ពី​ការនិយាយ​ស្ដី​ដែល​កខ្វក់ និង​គ្មាន​គិត​ពិចារណា ប្រើ​ព្រះនាម​ព្រះ​ដោយ​មិន​គោរព​កោត​ខ្លាច ដែល​ជា​រឿង​ទូទៅ​ក្នុង​ពិភពលោក ។ ចូរ​តតាំង​នឹង​ការល្បួង​ទាំងឡាយ ដែល​នាំ​ឲ្យ​ចូលរួម​នៅ​ក្នុង​ឥរិយាបថ​ជ្រុលនិយម ឬ​មិន​សមរម្យ ។ ការមិន​គោរព​កោតខ្លាច​នៅ​ក្នុង​ការនិយាយ​ស្ដី និង​ក្នុង​ឥរិយាបថ​ធ្វើ​ឲ្យ​សមត្ថភាព​របស់​អ្នក​ចុះ​ខ្សោយ​ពី​ការទទួលបាន​ការបំផុសគំនិត​ដ៏​ទន់ភ្លន់​ពី​ព្រះវិញ្ញាណបរិសុទ្ធ ។