« ស្ថានបរមសុខ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១១១
« ស្ថានបរមសុខ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ១១១
ស្ថានបរមសុខ
នៅក្នុងព្រះគម្ពីរ ពាក្យ ស្ថានបរមសុខ ត្រូវបានប្រើតាមរបៀបផ្សេងៗគ្នា ។ ទីមួយ វាសម្គាល់ថាជាកន្លែងនៃភាពសុខសាន្ដ និងសុភមង្គលនៅក្នុងពិភពវិញ្ញាណបន្ទាប់ពីជីវិតរមែងស្លាប់ ដែលរក្សាទុកសម្រាប់អ្នកទាំងឡាយដែលបានទទួលបុណ្យជ្រមុជឹក ហើយដែលបានបន្ដនៅស្មោះត្រង់ ( សូមមើល អាលម៉ា ៤០:១២, មរ៉ូណៃ ១០:៣៤ ) ។ អ្នកទាំងឡាយណាដែលនៅក្នុងស្ថានឃុំវិញ្ញាណមានឱកាសដើម្បីរៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្តពីអំពើបាប និងទទួលពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ តាមរយៈកិច្ចការដែលយើងធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ( សូមមើល គ. និង ស. ១៣៨:៣០–៣៥ ) ។ នៅពេលពួកគេធ្វើដូច្នេះ ពួកគេអាចចូលទៅក្នុងស្ថានបរមសុខបាន ។
ទីពីរ ការប្រើពាក្យ ស្ថានបរមសុខ មាននៅក្នុងដំណើររឿងនៃការឆ្កាងរបស់ព្រះអង្គសង្គ្រោះក្នុងគម្ពីរលូកា ។ នៅពេលព្រះយេស៊ូវជាប់លើឈើឆ្កាង ចោរម្នាក់ដែលត្រូវបានឆ្កាងជាមួយទ្រង់ដែរ បានពោលថា « ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង » ( លូកា ២៣:៤២ ) ។ យោងតាម លូកា ២៣:៤៣ ព្រះអម្ចាស់បានមានបន្ទូលតបថា « ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ » ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានពន្យល់ថា នេះគឺជាការបកប្រែខុស តាមពិតព្រះអម្ចាស់បានមានព្រះបន្ទូលថា ចោរម្នាក់នោះនឹងនៅជាមួយទ្រង់ក្នុងពិភពវិញ្ញាណ ។
ពាក្យ ស្ថានបរមសុខ ក៏មានចែងនៅក្នុង កូរិនថូស ទី២ ១២:៤ ដែលប្រហែលជាសំដៅទៅលើនគរសេឡេស្ទាល ។ នៅក្នុងមាត្រាទីដប់នៃសេចក្ដីជំនឿ ពាក្យ ប្រកបដោយភាពបរមសុខ ពិពណ៌នាអំពីសិរីល្អរបស់ផែនដីអំឡុងពេលសហសវត្សរ៍ ។