« ការគោរពប្រតិបត្តិ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១០៨–១០៩
« ការគោរពប្រតិបត្តិ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ១០៨–១០៩
ការគោរពប្រតិបត្តិ
នៅក្នុងជីវិតមុនឆាកជីវិតនេះ ព្រះវរបិតាសួគ៌បានដឹកនាំក្រុមប្រឹក្សាដ៏ធំមួយស្ថានសួគ៌ ។ នៅទីនោះ យើងបានរៀនអំពីផែនការណ៍របស់ទ្រង់មានសម្រាប់សេចក្តីសង្គ្រោះរបស់យើង ដែលបូករួមទាំងគ្រានៅលើផែនដីថា « យើងនឹងធ្វើផែនដី ដើម្បីឲ្យពួកគេទាំងនេះអាចរស់នៅលើ ហើយយើងនឹងសាកល្បងពួកគេមើលបើសិនជាពួកគេនឹងប្រព្រឹត្តនូវអ្វីៗគ្រប់យ៉ាង ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេ នឹងបញ្ជាដល់ពួកគេ » ( អ័ប្រាហាំ ៣:២៤–២៥ ) ។ មូលហេតុមួយដែលអ្នកនៅលើផែនដីនេះ គឺដើម្បីបង្ហាញឆន្ទៈរបស់អ្នកក្នុងការគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះវរបិតាសួគ៌ ។
មនុស្សជាច្រើនមានអារម្មណ៍ថា ព្រះបញ្ញត្តិគឺជាបន្ទុកធ្ងន់ធ្ងរ និងព្រះបញ្ញត្តិកំណត់សេរីភាព និងការរីកចម្រើនផ្ទាល់ខ្លួន ។ ប៉ុន្តែព្រះអង្គសង្គ្រោះបានត្រាស់បង្រៀនថា សេរីភាពដ៏ពិតកើតឡើងតែពីការធ្វើតាមទ្រង់ប៉ុណ្ណោះ ៖ « បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច » ( យ៉ូហាន ៨:៣១–៣២ ) ។ ព្រះប្រទានព្រះបញ្ញត្តិដើម្បីជា ប្រយោជន៍ដល់អ្នក ។ ព្រះបញ្ញត្តិគឺជាសេចក្ដីណែនាំពេញដោយក្ដីស្រឡាញ់ សម្រាប់សុភមង្គល និងសុខុមាលភាពខាងសាច់ឈាម និងខាងវិញ្ញាណរបស់អ្នក ។
ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា ការគោរពប្រតិបត្តិចំពោះព្រះបញ្ញត្តិដឹកនាំទៅរកពរជ័យពីព្រះ ។ លោកបានមានប្រសាសន៍ថា « មានក្រឹត្យវិន័យមួយដ៏ពុំអាចដកចេញបាន ដែលបានធ្វើនៅឋានសួគ៌ មុនកំណើតលោកិយមកម៉្លេះ ដែលគ្រប់ព្រះពរទាំងអស់ផ្អែកទៅលើ—ហើយកាលណាយើងបានព្រះពរណាមួយពីព្រះ នោះគឺដោយសារការគោរពដល់ក្រឹត្យវិន័យនោះ ដែលព្រះពរនោះផ្អែកទៅលើ » ( គ. និង ស. ១៣០:២០–២១ ) ។ ស្ដេចបេនយ៉ាមីនក៏បានបង្រៀនគោលការណ៍នេះផងដែរ ។ ទ្រង់បានមានបន្ទូលថា « ខ្ញុំចង់ឲ្យអ្នករាល់គ្នាគិតពិចារណាអំពីស្ថានភាពដ៏មានពរ និងរីករាយនៃអស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ។ ដ្បិតមើលចុះ ពួកគេបានពរគ្រប់យ៉ាង ទាំងខាងសាច់ឈាម និង ខាងវិញ្ញាណផង ហើយបើសិនជាពួកគេរក្សាការស្មោះត្រង់ដរាបដល់ចុងបំផុត នោះពួកគេនឹងត្រូវបានទទួលនៅស្ថានសួគ៌ ដើម្បីឲ្យពួកគេអាចរស់នៅជាមួយនឹងព្រះក្នុងស្ថានភាពសុភមង្គលដ៏មិនចេះចប់មិនចេះហើយ ។ ឱ សូមចាំ សូមចាំថា រឿងទាំងនេះពិត ព្រោះព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលថាដូច្នោះ » ( ម៉ូសាយ ២:៤១ ) ។
ការគោរពប្រតិបត្តិរបស់យើងចំពោះព្រះបញ្ញត្តិគឺជាការបង្ហាញសេចក្ដីស្រឡាញ់ដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលថា « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ » ( យ៉ូហាន ១៤:១៥ ) ។ ក្រោយមកទ្រង់បានបន្ទូលប្រកាសថា « បើអ្នករាល់គ្នាកាន់តាមបញ្ញត្តខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបញ្ញត្តនៃព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ដែរ » ( យ៉ូហាន ១៥:១០ ) ។