ធនធាន​ផ្សេង​ទៀត
ថ្ងៃ​ឈប់​សម្រាក


« ថ្ងៃ​ឈប់​សម្រាក » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៤៥–១៤៧

« ថ្ងៃ​ឈប់​សម្រាក » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ១៤៥–១៤៧

ថ្ងៃ​ឈប់​សម្រាក

ថ្ងៃ​ឈប់​សម្រាក​គឺជា​ថ្ងៃ​របស់​ព្រះអម្ចាស់ ដែល​បាន​ញែក​ចេញ​ក្នុង​សប្តាហ៍​នីមួយៗ ដើម្បី​ឈប់​សម្រាក និង​ថ្វាយបង្គំ ។ ក្នុង​ជំនាន់​ព្រះគម្ពីរ​សញ្ញាចាស់ រាស្ត្រ​នៃ​សេចក្តីសញ្ញា បាន​រក្សា​ថ្ងៃ​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​នៃ​សប្តាហ៍ ព្រោះ​ព្រះ​បាន​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំពីរ នៅ​ពេល​ទ្រង់​បាន​បង្កើត​ផែនដី​រួច ។ ព្រះអម្ចាស់​បាន​សង្កត់​ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​នៅ​ក្នុង​ក្រឹត្យវិន័យ​ទាំង​ដប់​ប្រការ​ថា

« ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ ។

ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ ៖

តែ​ឯ​ថ្ងៃ​ទី​៧ នោះ​គឺ​ជា​ថ្ងៃ​ឈប់​សម្រាក​ថ្វាយ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ នៅ​ថ្ងៃ​នោះ​មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​សោះ ទោះ​ខ្លួន​ឯង​ឬ​កូន​ប្រុស​កូន​ស្រី​ឯង​ក្តី ទោះ​បាវ​ប្រុស ឬ​បាវ​ស្រី​ឯង​ក្តី ទោះ​សត្វ​របស់​ឯង ឬ​អ្នក​ដទៃ​ដែល​នៅ​ផ្ទះ​ឯង​ក្តី ៖

ដ្បិត​ក្នុង​៦​ថ្ងៃ​ព្រះយេហូវ៉ា​ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ផែនដី ហើយ​នឹង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ រួច​ដល់​ថ្ងៃ​ទី​៧ ទ្រង់​ឈប់​សម្រាក ហេតុ​នោះ​បាន​ជា​ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​ថ្ងៃ​ឈប់​សម្រាក ហើយ​ក៏​ញែក​ចេញ​ជា​បរិសុទ្ធ » ( និក្ខមនំ ២០:៨–១១ ) ។

បន្ទាប់ពី​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ នៅ​ចំ​ថ្ងៃ​ទី​មួយ​នៃ​សប្តាហ៍ នោះ​ពួក​សិស្ស​របស់​ព្រះអម្ចាស់ បាន​ចាប់ផ្តើម​រក្សា​ថ្ងៃ​ឈប់​សម្រាក នៅ​ថ្ងៃ​ទី​មួយ​នៃ​សប្តាហ៍ ដែល​ជា​ថ្ងៃអាទិត្យ ( សូម​មើល កិច្ចការ ២០:៧ ) ។

នៅ​ថ្ងៃ​ចុងក្រោយ​នេះ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ឲ្យ​យើង​បន្ត​រក្សា​ថ្ងៃ​ឈប់​សម្រាក ។ ទ្រង់​បាន​មាន​បន្ទូល​សន្យា​ថា ប្រសិនបើ​យើង​គោរព​តាម​ព្រះបញ្ញត្តិ​នេះ យើង​នឹង​ទទួលបាន « ផលបរិបូរ​នៃ​ផែនដី » ( សូម​មើល គ. និង ស. ៥៩:១៦–២០ ) ។

ដោយសារតែ​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​ដ៏​បរិសុទ្ធ ថ្ងៃ​នេះ​គួរតែ​ត្រូវបាន​រក្សា​ទុក​សម្រាប់​សកម្មភាព​ដ៏​សក្តិសម និង​ដ៏​បរិសុទ្ធ​ដែរ ។ ការតម​មិន​ធ្វើការ និង​ការកម្សាន្ត​នានា​មិន​ទាន់​គ្រប់គ្រាន់​ទេ ។ តាម​ពិតទៅ ប្រសិនបើ​យើង​គ្រាន់តែ​មិន​ធ្វើ​អ្វី​សោះ​នៅ​ថ្ងៃ​ឈប់​សម្រាក នោះ​យើង​បរាជ័យ​ក្នុង​ការរក្សា​ថ្ងៃ​នេះ​ឲ្យ​បាន​បរិសុទ្ធ​ហើយ ។ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់ នៅ​ក្នុង​វិវរណៈ​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ ក្នុង​ឆ្នាំ ១៨៣១ ថា « ប្រយោជន៍​ឲ្យ​អ្នក​អាច​រក្សា​ខ្លួន​ឲ្យ​បាន​ពេញលេញ កុំ​ឲ្យ​ប្រឡាក់​ពី​លោកិយ នោះ​អ្នក​ត្រូវ​ទៅ​ដំណាក់​នៃ​ការអធិស្ឋាន ហើយ​ថ្វាយ​សាក្រាម៉ង់​របស់​អ្នក​ឡើង​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​យើង​ចុះ ដ្បិត​ប្រាកដ​មែន ថ្ងៃ​នេះ​ត្រូវ​បាន​ចាត់​ទុក​ដល់​អ្នក ដើម្បី​ឲ្យ​សម្រាក​ពី​ការងារ​ទាំងឡាយ​របស់​អ្នក ហើយ​ដើម្បី​ថ្វាយ​ភក្ដីភាព​របស់​អ្នក​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត » ( គ. និង ស. ៥៩:៩–១០ ) ។ ដើម្បី​ឲ្យ​ស្របគ្នា​ទៅ​នឹង​វិវរណៈ​នេះ យើង​ត្រូវ​ចូលរួម​ក្នុង​ការប្រជុំសាក្រាម៉ង់​ជា​រៀង​រាល់​សប្តាហ៍ ។ សកម្មភាព​ដទៃទៀត​នៅ​ថ្ងៃ​ឈប់​សម្រាក​អាច​រួមមាន​ដូចជា ការអធិស្ឋាន ការស្មឹងស្មាធ ការសិក្សា​ព្រះគម្ពីរ និង​ការបង្រៀន​របស់​ពួក​ព្យាការី​ថ្ងៃ​ចុងក្រោយ ការសរសេរ​សំបុត្រ​ទៅ​កាន់​សមាជិក​គ្រួសារ និង​មិត្តភក្តិ ការអាន​ឯកសារ​ល្អៗ ការ​ទៅ​សួរសុខទុក្ខ​អ្នក​ឈឺ និង​អ្នក​មាន​ទុក្ខព្រួយ និង​ការចូលរួម​ការប្រជុំ​ទាំងឡាយ​របស់​សាសនាចក្រ ។