ធនធាន​ផ្សេង​ទៀត
ការបម្រើ


« ការបម្រើ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៦១–១៦២

« ការបម្រើ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៦១–១៦២

ការបម្រើ

សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​បំណង​បម្រើ​ដល់​មនុស្ស​នៅ​ជុំវិញ​ខ្លួន ។ ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា « គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង​គឺ ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » ( យ៉ូហាន ១៣:៣៥ ) ។

នៅ​ពេល​អ្នក​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក អ្នក​បាន​ធ្វើ​សេចក្តីសញ្ញា​ថា​នឹង​លើក​ដាក់​មក​លើ​ខ្លួន​អ្នក នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ព្យាការី​អាលម៉ា បាន​ពន្យល់​អំពី​សេចក្តីសញ្ញា​នេះ ដល់​អ្នក​ប្រែចិត្ត​ជឿ​ថ្មី​មួយ​ក្រុម ដែល​ចង់​ទទួល​ពិធីបុណ្យជ្រមុជទឹក ។ លោក​បាន​សង្កេត​ឃើញ​ថា បំណងប្រាថ្នា​របស់​ពួកគេ​ដើម្បី « ចូលរួម​ក្នុង​ក្រោល​នៃ​ព្រះ » រួមបញ្ចូល​ទាំង​ឆន្ទៈ​ក្នុង​ការផ្ដល់​ការបម្រើ​ដ៏​មាន​ខ្លឹមសារ—ដើម្បី « ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល » ដើម្បី « ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ » និង​ដើម្បី « កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវ​ការ​កម្សាន្ដ​ទុក្ខ » ( ម៉ូសាយ ១៨:៨–៩ ) ។

នៅ​ពេល​អ្នក​ព្យាយាម​បម្រើ​មនុស្សដទៃ ចូរ​មើល​ទៅ​ព្រះអង្គសង្គ្រោះ​ទុក​ជា​គំរូ​របស់​អ្នក ។ ទោះ​ជា​ទ្រង់​បាន​យាង​មក​ផែនដី​ក្នុងនាម​ជា​បុត្រា​របស់​ព្រះ​ក្ដី ក៏​ទ្រង់​បាន​បម្រើ​ដោយ​រាបសាដល់​មនុស្ស​ទាំង​អស់​នៅ​ជុំវិញ​ទ្រង់​ដែរ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « ខ្ញុំ​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បម្រើ​វិញ » ( លូកា ២២:២៧ ) ។

ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​រឿង​ប្រៀបប្រដូច ដើម្បី​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការបម្រើ ។ នៅ​ក្នុង​រឿង​ប្រៀបប្រដូច​នោះ ទ្រង់​យាង​ត្រឡប់​មក​ផែនដី​វិញ​ក្នុង​សិរីល្អ ហើយ​បែងចែក​រវាង​ពួក​សុចរិត និង​ពួក​ទុច្ចរិត ។ ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ពួក​សុចរិត​ថា « ឱ​ពួក​អ្នក​ដែល​ព្រះវរបិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សម្រាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ៍​មក ៖ ពី​ព្រោះ​យើង​បាន​ឃ្លាន ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​បរិភោគ យើង​បាន​ស្រេក ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​ផឹក យើង​ជា​អ្នក​ដទៃ ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​យើង យើង​នៅ​អាក្រាត ហើយ​អ្នក​រាល់​គ្នា​បាន​ស្លៀកពាក់​ឲ្យ​យើង យើង​បាន​ឈឺ ហើយ​អ្នក​រាល់​គ្នា​បាន​មក​សួរ​យើង ក៏​ជាប់​គុក ហើយ​អ្នក​រាល់​គ្នា​បាន​មក​ឯ​យើង » ( ម៉ាថាយ ២៥:៣៤–៣៦ ) ។

ពួក​សុចរិត​ដែល​មាន​ភាពច្របូកច្របល់​ក្នុង​ចិត្ត​ចំពោះ​ព្រះបន្ទូល​នេះ បាន​ទូល​សួរ​ថា « ព្រះអម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ស្រេក​ឃ្លាន ហើយ​បាន​ថ្វាយ​ទ្រង់​សោយ​ពី​កាល​ណា ? តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ជា​អ្នកដទៃ ហើយ​បាន​ទទួល​ទ្រង់​ពី​កាលណា ឬ​ទ្រង់​អាក្រាត ហើយ​បាន​បំពាក់​ថ្វាយ​ទ្រង់​ពី​កាលណា ? តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឈឺ ឬ​ជាប់​គុក ហើយ​បាន​មក​ឯ​ទ្រង់​ពី​កាល​ណា ?» ( ម៉ាថាយ ២៥:៣៧–៣៩ ) ។

បន្ទាប់​មក ព្រះអម្ចាស់​មាន​បន្ទូល​ឆ្លើយ​ថា « ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើការ​ទាំងនោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ » ( ម៉ាថាយ ២៥:៤០ ) ។

ព្រះអង្គសង្គ្រោះ​បាន​អញ្ជើញ​ឲ្យ​អ្នក​ផ្តល់​ការបម្រើ​ដល់​មនុស្សដទៃ ។ ឱកាស​របស់​អ្នក​ដើម្បី​បម្រើ គឺ​គ្មាន​ដែន​កំណត់​ឡើយ ។ ជា​រៀងរាល់ថ្ងៃ ចូរ​ស្វែងរក​វិធី​ធ្វើ​ឲ្យ​ចិត្ត​រីករាយ ពោល​ពាក្យ​ល្អៗ ធ្វើ​ការងារ​សម្រាប់​មនុស្សដទៃ​ដែល​ពួកគេ​មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​បាន និង​ចែកចាយ​ដំណឹងល្អ ។ ចូរ​ងាយ​ស្ដាប់​តាម​ការខ្សឹបប្រាប់​ពី​ព្រះវិញ្ញាណ ដែល​បំផុសគំនិត​ឲ្យ​អ្នក​បម្រើ ។ អ្នក​នឹង​ឃើញ​ថា គន្លឹះ​ដ៏​ពិត​នាំ​ទៅ​រក​សុភមង្គល គឺ​ត្រូវ​ធ្វើការ​ដើម្បី​ឲ្យ​មាន​សុភមង្គល​ដល់​មនុស្សដទៃ ។