ធនធាន​ផ្សេង​ទៀត
ក្រឹត្យវិន័យ​ដប់​ប្រការ


« ក្រឹត្យវិន័យ​ដប់​ប្រការ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៧៦–១៧៨

« ក្រឹត្យវិន័យ​ដប់​ប្រការ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៧៦–១៧៨

ក្រឹត្យវិន័យ​ដប់​ប្រការ

ក្រឹត្យវិន័យ​ដប់​ប្រការ​គឺជា​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​មាន​ចាំបាច់​ចំពោះ​ភាពតម្កើងឡើង ។ ព្រះអម្ចាស់​បាន​ត្រាស់សម្ដែង​ក្រឹត្យវិន័យ​នេះ​ទៅ​ដល់​ម៉ូសេ​នៅ​ជំនាន់​បុរាណ ( សូម​មើល និក្ខមនំ ២០:១–១៧ ) ហើយ​ទ្រង់​បាន​មាន​ព្រះបន្ទូល​អំពី​ក្រឹត្យវិន័យ​នោះ​ឡើង​វិញ​នៅ​ក្នុង​វិវរណៈ​ថ្ងៃ​ចុងក្រោយ ( សូម​មើល គ. និង ស. ៤២:១៨–២៩, ៥៩:៥–១៣, ៦៣:៦១–៦២ ) ។ ក្រឹត្យវិន័យ​ដប់​ប្រការ​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​ដំណឹងល្អ ។ ការគោរពប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​ទាំងនេះ​ជួយ​ត្រួសត្រាយផ្លូវ​សម្រាប់​ការគោរពប្រតិបត្តិ​តាម​គោលការណ៍​ផ្សេងៗ​ទៀត​នៃ​ដំណឹងល្អ ។

ការរំឭក​ឡើងវិញ​នៃ​ក្រឹត្យវិន័យ​ដប់​ប្រការ​ខាង​ក្រោម​នេះ រួម​បញ្ចូល​ទាំង​ការពន្យល់​ដោយ​សង្ខេប ស្តីពី​របៀប​ដែល​ក្រឹត្យវិន័យ​ទាំងនេះ​អនុវត្ត​នៅ​ក្នុង​ជីវិត​របស់​យើង​នា​ពេល​សព្វថ្ងៃនេះ ៖

  1. « កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​យើង​ឲ្យ​សោះ » ( និក្ខមនំ ២០:៣ ) ។ យើង​គួរតែ​ប្រព្រឹត្ត « នូវ​គ្រប់​ការណ៍​ទាំងអស់ ដោយ​មាន​ភ្នែក​ស្មោះស្ម័គ្រ​ទាំង​ស្រុង​ចំពោះ​សិរី​ល្អ​នៃ​ព្រះ » ( គ. និង ស. ៨២:១៩ ) ។ យើង​គួរតែ​ស្រឡាញ់ ហើយ​បម្រើ​ព្រះអម្ចាស់​ដោយ​អស់​ពី​ចិត្ត ពលំ គំនិត និង​កម្លាំង ( សូម​មើល ចោទិយកថា ៦:៥, គ. និង ស. ៥៩:៥ ) ។

  2. « កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​ឯង​ឲ្យ​សោះ » ( និក្ខមនំ ២០:៤ ) ។ នៅ​ក្នុង​ព្រះបញ្ញត្តិ​នេះ ព្រះអម្ចាស់​កាត់ទោស​ដល់​ការថ្វាយបង្គំ​រូបសំណាក ។ ការគោរពបូជា​រូបសំណាក​អាច​នឹង​ធ្វើ​ឡើង​ក្នុង​ច្រើន​ទម្រង់ ។ មនុស្ស​មួយ​ចំនួន​មិន​ឱនក្បាល​គោរព​នៅ​ចំពោះ​មុខ​រូប​សំណាក ឬ​បដិមាករ​ទេ ប៉ុន្តែ​ពួកគេ​ដាក់​ជំនួស​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​នូវ​អ្វី​ផ្សេងៗ​ទៀត​ដូចជា លុយ សម្ភារ​ប្រើប្រាស់ គំនិត ឬ​កិត្យានុភាព​នានា ។ នៅ​ក្នុង​ជីវិត​របស់​ពួកគេ « ទ្រព្យសម្បត្តិ​របស់​គេ គឺជា​ព្រះ​របស់​គេ »—ជា​ព្រះ​ដែល « នឹង​វិនាស​ទៅ​ជាមួយ​គេ​ដែរ » ( នីហ្វៃទី ២ ៩:៣០ ) ។

  3. « កុំ​ឲ្យ​ចេញ​ព្រះនាម​របស់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ជា​អសារ​ឥត​ការ​ឡើយ » ( និក្ខមនំ ២០:៧ ) ។ សម្រាប់​ការពន្យល់​អំពី​ព្រះបញ្ញត្តិ​នេះ សូម​មើល « ពាក្យប្រមាថ » ទំព័រ ១២៨–១២៩ ។

  4. « ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់សម្រាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ » ( និក្ខមនំ ២០:៨ ) ។ សម្រាប់​ការពន្យល់​អំពី​ព្រះបញ្ញត្តិ​នេះ សូម​មើល « ថ្ងៃឈប់សម្រាក » ទំព័រ ១៤៥–១៤៧ ។

  5. « ចូរ​ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ » ( និក្ខមនំ ២០:១២ ) ។ នេះ​គឺ​ជា​ព្រះបញ្ញត្តិ​ដែល​ត្រាស់​បង្គាប់​ឲ្យ​បន្ត​ទំនាក់ទំនង ទោះ​ជា​យើង​ចម្រើន​វ័យ​ក៏​ដោយ ។ យើង​គួរតែ​ស្វែងរក​មធ្យោបាយ​គោរព​ប្រតិបត្តិ​ឪពុកម្ដាយ​យើង​ជានិច្ច ។

  6. « កុំ​ឲ្យ​សម្លាប់​មនុស្ស​ឲ្យ​សោះ » ( និក្ខមនំ ២០:១៣ ) ។ សម្រាប់​ការពន្យល់​អំពី​របៀប​ដែល​ព្រះបញ្ញត្តិ​នេះ​ត្រូវបាន​អនុវត្ត​ចំពោះ​អ្នក​ដែល​តម្រូវ​ឲ្យ​ចូល​សឹក សូម​មើល « សង្គ្រាម » ទំព័រ ១៨៣–១៨៤ ។

  7. « កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ « ( និក្ខមនំ ២០:១៤ ) ។ នៅ​ក្នុង​វិវរណៈ​ថ្ងៃ​ចុងក្រោយ ព្រះអម្ចាស់​កាត់ទោស​មិន​ចំពោះ​តែ​អំពើកំផិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រួម​ទាំង « អំពើ​អ្វី​ដូច​នោះ » ផងដែរ ( គ. និង​ ស. ៥៩:៦ ) ។ អំពើ​កំផិត ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា និង​អំពើបាប​ផ្លូវ​ភេទ​ដទៃ​ទៀត គឺ​ជា​ការល្មើស​នឹង​ព្រះបញ្ញត្តិ​ទី​ប្រាំ​ពីរ ។ សម្រាប់​ការពន្យល់​បន្ថែម សូម​មើល « ព្រហ្មចារីភាព » ទំព័រ ២៩–៣៣ ។

  8. « កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ » ( និក្ខមនំ ២០:១៥ ) ។ ការលួចប្លន់​គឺ​ជា​ទម្រង់​នៃ​ភាពមិន​ស្មោះត្រង់ ។ សម្រាប់​ការពន្យល់​អំពី ភាពស្មោះត្រង់ សូម​មើល ទំព័រ ៨៤ ។

  9. « កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ » ( និក្ខមនំ ២០:១៦ ) ។ ការធ្វើ​សាក្សី​ក្លែងក្លាយ គឺ​ជា​ទម្រង់​មួយ​ទៀត​នៃ​ភាពមិន​ទៀងត្រង់ ។ សម្រាប់​ការពន្យល់​អំពី ភាពស្មោះត្រង់ សូម​មើល ទំព័រ ៨៤ ។

  10. « កុំ​ឲ្យ​លោភ​ចង់​បាន » ( និក្ខមនំ ២០:១៧ ) ។ ការលោភចង់​បាន ឬ​ការច្រណែន​នឹង​អ្វី​មួយ​ដែល​ជា​កម្មសិទ្ធិ​របស់​មនុស្សដទៃ​គឺ​ជា​ការបង្ខូច​ព្រលឹង ។ វា​អាច​ប្រើ​គំនិត​របស់​យើង និង​រុកគួន​យើង​ជាមួយ​អពមង្គល និង​សេចក្តី​មិន​គាប់ចិត្ត​ជាប់​ជានិច្ច ។ ជា​ញឹកញាប់ វា​នាំ​ទៅ​រក​អំពើបាប​ដទៃទៀត និង​នាំ​ឆ្ពោះ​ទៅ​រក​ការជាប់​ជំពាក់​ខាង​ហិរញ្ញវត្ថុ ។

ទោះបីជា​ក្រឹត្យវិន័យ​ដប់​ប្រការ​ភាគច្រើន​កត់ត្រា​ពី​ការណ៍​ទាំងឡាយ​ដែល​យើង មិន​គួរ ធ្វើ វា​ក៏​ប្រាប់​យើង​អំពី​ការណ៍​ដែល​យើង គួរ ធ្វើ​ដែរ ។ ព្រះអង្គសង្គ្រោះ​សង្ខេប​ក្រឹត្យវិន័យ​ដប់​ប្រការ​ជា​គោលការណ៍​ចំនួន​ពីរ—សេចក្ដីស្រឡាញ់​ចំពោះ​ព្រះអម្ចាស់ និង​សេចក្ដីស្រឡាញ់​ចំពោះ​មនុស្ស​ជុំវិញខ្លួន ៖

« ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ។

នេះ​ជា​បញ្ញត្ត​យ៉ាង​សំខាន់​ទី​១ ។

ហើយ​បញ្ញត្ត​ទី​២​ក៏​បែប​ដូច​គ្នា​គឺ​ថា ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ( ម៉ាថាយ ២២:៣៧–៣៩ ) ។