ធនធាន​ផ្សេង​ទៀត
ពិធី​សាក្រាម៉ង់


« ពិធី​សាក្រាម៉ង់ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៤៧–១៤៩

« ពិធី​សាក្រាម៉ង់ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៤៧–១៤៩

ពិធី​សាក្រាម៉ង់

នៅ​យប់​មុន​ការឆ្កាង​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​ជួប​ជាមួយ​សាវក​ទាំងអស់​របស់​ទ្រង់ ហើយ​បាន​តាំង​ពិធីសាក្រាម៉ង់​ឡើង ។ « រួច​ទ្រង់​ក៏​យក​នំបុ័ង​មក​អរ​ព្រះគុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​ព្រះបន្ទូល​ថា នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ ។ ក្រោយ​ដែល​បាន​បរិភោគ​ហើយ នោះ​ទ្រង់​យក​ពែង​មក​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​ព្រះបន្ទូល​ថា ពែង​នេះ​ជា​សញ្ញា​ថ្មី ដែល​តាំង​ដោយ​នូវ​ឈាម​ខ្ញុំ គឺ​ជា​ឈាម​ដែល​ត្រូវ​ច្រួច​ចេញ​សម្រាប់​អ្នក​រាល់​គ្នា » ( លូកា ២២:១៩–២០ ) ។ បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ទ្រង់​បាន​តាំង​ពិធីសាក្រាម៉ង់​ឡើង​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ ( សូម​មើល នីហ្វៃទី ៣ ១៨:១–១១ ) ។

សព្វថ្ងៃនេះ យើង​ទទួល​ទាននំប៉័ង និង​ទឹក ដើម្បី​ចងចាំ​ពី​ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ពិធីបរិសុទ្ធ​នេះ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​ការថ្វាយបង្គំ​របស់​យើង និង​ជា​ការអភិវឌ្ឍ​ខាង​វិញ្ញាណ​របស់​យើង ។ ដរាប​ណា​យើង​កាន់តែ​ពិចារណា​អំពី​សារៈសំខាន់​នៃ​ពិធី​នេះ នោះ​វា​កាន់តែ​មាន​ភាពពិសិដ្ឋ​ចំពោះ​យើង ។

ការចងចាំ​ដល់​​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់

ពិធី​សាក្រាម៉ង់​ផ្តល់​ឱកាស​មួយ​ឲ្យ​អ្នក​ចងចាំ ដោយ​សេចក្តីដឹងគុណ​ចំពោះ​ព្រះជន្ម ការងារបម្រើ និង​ដង្វាយធួន​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ។

អ្នក​ចងចាំ​ដល់​ព្រះកាយ​របស់​ទ្រង់ ជាមួយ​នឹង​នំប៉័ង​ដែល​បាន​កាច់​ហើយ ។ អ្នក​អាច​គិត​ក្នុង​ចិត្ត​អំពី​ការឈឺចាប់​ខាង​រាងកាយ​របស់​ទ្រង់—ជា​ពិសេស​ការឈឺចាប់​ដែល​ទ្រង់​មាន​នៅ​លើ​ឈើឆ្កាង ។ អ្នក​អាច​ចងចាំ​ថា តាមរយៈ​សេចក្តីមេត្តាករុណា និង​ព្រះគុណ​របស់​ទ្រង់ នោះ​មនុស្ស​ទាំងអស់​នឹង​រស់ឡើងវិញ ហើយ​នឹង​ទទួល​បាន​ឱកាស​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ជាមួយ​ព្រះ ។

ជាមួយ​នឹង​ពែង​ទឹក​តូច​មួយ អ្នក​អាច​ចាំ​ថា ព្រះអង្គសង្គ្រោះ​បាន​ច្រួច​ព្រះលោហិត​របស់​ទ្រង់ ក្នុង​គោលបំណង​ទទួល​ការឈឺចាប់​ខាង​វិញ្ញាណ និង​សេចក្តីបារម្ភ ដែល​បាន​ចាប់ផ្តើម​ឡើង​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី ។ នៅ​ក្នុង​សួនច្បារ​នោះ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « ចិត្ត​ខ្ញុំ​ព្រួយ​ពន់ពេក ស្ទើរ​តែ​នឹង​ស្លាប់ » ( ម៉ាថាយ ២៦:៣៨ ) ។ ទ្រង់​បាន​បំពេញ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា ទ្រង់​បាន​រង​ការឈឺចាប់ ច្រើន​ជាង​យើង​អាច​យល់​ទៅ​ទៀត ៖ « ព្រះ​លោហិត [ បាន​ចេញ ] មក​ពី​គ្រប់​រន្ធ​ញើស សេចក្ដី​បារម្ភ​របស់​ព្រះអង្គ [ នឹង ] មាន​ឡើង​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំងឡាយ​នៃ​រាស្ត្រ​របស់​ទ្រង់ » ( ម៉ូសាយ ៣:៧ ) ។ អ្នក​អាច​ចងចាំ​ថា តាមរយៈ​ការច្រួច​ព្រះលោហិត​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ បាន​សង្គ្រោះ​អ្នក និង​មនុស្ស​ទាំងពួង ចេញ​ពី​អ្វី​មួយ​ដែល​ព្រះគម្ពីរ​បាន​ហៅ​ថា « ទោស​ដើម » នៃ​អំពើ​រំលង​របស់​លោក​អ័ដាម ( ម៉ូសេ ៦:៥៤ ) ។ អ្នក​អាច​ចងចាំ​ថា ទ្រង់​ក៏​បាន​រងទុក្ខ​ផងដែរ​ជំនួស​អំពើបាប សេចក្តីទុក្ខព្រួយ និង​ការឈឺចាប់​ទាំងឡាយ​នៃ​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ ដោយ​ប្រទាន​ការផ្តាច់បាប​ដល់​អ្នក​ដែល​ប្រែចិត្ត ហើយ​រស់នៅ​តាម​ដំណឹងល្អ ( សូម​មើល នីហ្វៃទី ២ ៩:២១–២៣ ) ។

ការរំឭក​សេចក្ដីសញ្ញា និង​ពរជ័យ​ដែល​បាន​សន្យា

នៅ​ពេល​អ្នក​ទទួលទាន​សាក្រាម៉ង់ អ្នក​ធ្វើ​សាក្សី​ចំពោះ​ព្រះ​ថា ការចងចាំ​របស់​អ្នក​អំពី​ព្រះរាជបុត្រា​របស់​ទ្រង់ នឹង​មាន​ហួស​ពី​ពេល​ដ៏​ខ្លី​នៃ​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នេះ​ទៅ​ទៀត ។ អ្នក​សន្យា​ថា​នឹង​ចងចាំ​ទ្រង់​ជានិច្ច ។ អ្នក​ធ្វើ​ជា​សាក្សី​ថា អ្នក​មាន​ឆន្ទៈ​លើក​ដាក់​លើ​ខ្លួន​នូវ​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ថា​អ្នក​នឹង​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ នៅ​ពេល​ទទួលទាន​សាក្រាម៉ង់ ហើយ​ធ្វើ​ការតាំងចិត្ត​ទាំងនេះ អ្នក​បាន​រំឭក​សេចក្តីសញ្ញា​ពិធីបុណ្យជ្រមុជទឹក​របស់​អ្នក​សាជាថ្មី ( សូម​មើល ម៉ូសាយ ១៨:៨–១០, គ. និង ស. ២០:៣៧ ) ។

អ្នក​បាន​ទទួលបាន​ពរជ័យ​ដ៏​មហិមា ពេល​អ្នក​គោរព​តាម​សេចក្ដីសញ្ញា​បុណ្យជ្រមុជទឹក ។ នៅពេល​អ្នក​រំឭក​វា នោះ​ព្រះអម្ចាស់​រំឭក​ការសន្យា​ដែល​បាន​ធ្វើ​ដើម្បី​ផ្ដាច់បាប​របស់​អ្នក ។ នៅ​ពេល​អ្នក​បាន​ស្អាត​ពី​អំពើបាប នោះ​អ្នក​អាច « មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង [ អ្នក ] ជា​ដរាប » ( គ. និង ស. ២០:៧៧ ) ។ ការមានព្រះវិញ្ញាណ​ជា​​ដៃគូ​ដ៏​ជាប់លាប់​​គឺ​ជា​អំណោយ​ដ៏​ធំ​បំផុត​មួយ ដែល​អ្នក​អាច​ទទួល​បាន​ក្នុង​ជីវិត​រមែង​ស្លាប់ ។ ព្រះវិញ្ញាណ​នឹង​ដឹកនាំ​អ្នក​នៅ​លើ​មាគ៌ា​ដ៏​សុចរិត និង​សេចក្តីសុខសាន្ត ដោយ​ដឹកនាំ​អ្នក​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

ការទទួលទាន​ដោយ​សក្ដិសម

នៅ​ក្នុង​ការរៀបចំខ្លួន​សម្រាប់​ពិធីសាក្រាម៉ង់​ជា​រៀង​រាល់​សប្តាហ៍ ចូរ​ចំណាយ​ពេលវេលា​ពិនិត្យ​ពិច័យ​លើ​ជីវិត​របស់​អ្នក ហើយ​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់​អ្នក ។ អ្នក​មិន​តម្រូវ​ឲ្យ​មាន​ភាពល្អឥតខ្ចោះ ទើប​ទទួលទាន​សាក្រាម៉ង់​បាន​នោះ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​មាន​ស្មារតី​នៃ​ការបន្ទាបខ្លួន និង​ការប្រែចិត្ត​នៅ​ក្នុង​ដួងចិត្ត​របស់​អ្នក ។ ជា​រៀងរាល់សប្តាហ៍ អ្នក​គួរតែ​រៀបចំខ្លួន​សម្រាប់​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នេះ​ដោយ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ( សូម​មើល នីហ្វៃទី ៣ ៩:២០ ) ។

ប្រសិនបើ​អ្នក​ទៅ​រក​ពិធីសាក្រាម៉ង់​ដោយ​គារវភាព និង​ដោយ​ភាពហ្មត់ចត់​ដែល​បាន​រៀបចំ​ទុក វា​ប្រែក្លាយ​ជា​ឱកាស​មួយ​ជា​ប្រចាំ​សប្តាហ៍ សម្រាប់​ការស្មឹងស្មាធ​ផ្ទាល់ខ្លួន ការប្រែចិត្ត និង​ការឧទ្ទិស​ឡើង​វិញ—ដែល​ជា​ប្រភព​នៃ​ភាពរឹងមាំ និង​ជា​អ្នក​រំឭក​ចាំ​ជាប់​ជានិច្ច​អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ។