ធនធាន​ផ្សេង​ទៀត
ការល្បួង


« ការល្បួង » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៧៤–១៧៦

« ការល្បួង » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៧៤–១៧៦

ការល្បួង

សាវក​ប៉ុល​បាន​ព្យាករ​ថា នៅ​ជំនាន់​ក្រោយ​បង្អស់ « នឹង​មាន​គ្រា​លំបាក​ណាស់ » ( ធីម៉ូថេ ទី២ ៣:១ ) ។ ឥទ្ធិពល​របស់​បច្ចាមិត្ត​មាន​ពាសពេញ និង​មាន​ការទាក់ទាញចិត្ត ។ ប៉ុន្តែ​អ្នក​អាច​ធ្វើ​ឲ្យ​សាតាំង​បរាជ័យ និង​យក​ឈ្នះ​លើ​ការល្បួង​របស់​វា​បាន ។ ព្រះវរបិតាសួគ៌​បាន​ប្រទាន​អំណោយទាន​នៃ​សិទ្ធិជ្រើសរើស​ដល់​អ្នក—ជា​អំណាច​ដើម្បី​ជ្រើសរើស​ធ្វើ​ល្អ​លើ​អស់​ទាំង​សេចក្ដីអាក្រក់ ។ អ្នក​អាច « បន្ទាប [ ខ្លួន​របស់​អ្នក ] ចំពោះ​ព្រះ​អម្ចាស់ ហើយ​អំពាវនាវ​ដល់​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ហើយ​ចាំ​យាម និង​អធិស្ឋាន​ជានិច្ច ដើម្បី​កុំ​ឲ្យ [ អ្នក ] ត្រូវ​ល្បួង​លើស​ជាង​អ្វី​ដែល [ អ្នក ] អាច​អត់ទ្រាំ​បាន​ឡើយ » ( អាលម៉ា ១៣:២៨ ) ។ នៅ​ពេល​អ្នក​មាន​ឆន្ទៈ​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ព្រះវរបិតាសួគ៌​របស់​អ្នក​នឹង​ពង្រឹង​អ្នក​ដើម្បី​ទប់ទល់​នឹង​ការល្បួង ។

ការប្រឹក្សា​ខាង​ក្រោម​នេះ​នឹង​ជួយ​អ្នក​ឲ្យ​​យកឈ្នះ​លើ​ការល្បួង ៖

ផ្ដោត​ជីវិត​របស់​អ្នក​ទៅ​លើ​ព្រះអង្គសង្គ្រោះ ។

ព្យាការី​ហេលេមិន​បាន​ទូន្មាន​កូន​ប្រុស​របស់​លោក​ថា « ចូរ​ចងចាំ​ចុះ ចូរ​ចងចាំ​ចុះ​ថា គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង គឺ​ព្រះ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន ដើម្បី​កាលណា​អារក្ស​បញ្ចេញ​ខ្យល់​ដ៏​ខ្លាំង​ក្លា​របស់​វា​មក មែន​ហើយ ព្រួញ​របស់​វា​នៅ​ក្នុង​ខ្យល់​កួច មែន​ហើយ កាលណា​ព្រិល និង​ខ្យល់​ព្យុះ​កំណាច​ទាំង​អស់​របស់​វា​បោកបក់​មក​លើ​កូន នោះ​វា​នឹង​គ្មាន​អំណាច​មក​លើ​កូន​ឡើយ ដើម្បី​ទាញ​កូន​ចុះ​ទៅ​ក្នុង​ជង្ហុក​នៃ សេចក្ដី​វេទនា និង​ទុក្ខ​លំបាក​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ពី​ព្រោះ​មក​ពី​សិលា​ដែល​កូន​បាន​សង់​នៅ​លើ​នោះ ដែល​ជា​គ្រឹះ​ដ៏​ខ្ជាប់​ខ្ជួន​មួយ ជា​គ្រឹះ​មួយ​បើ​សិន​ណា​មនុស្ស​សង់​នៅ​លើ​នោះ នោះ​ពួក​គេ​មិន​អាច​រលំ​បាន​ឡើយ » ( ហេលេមិន ៥:១២ ) ។

អធិស្ឋាន​ទូល​សូម​ភាពរឹងមាំ ។

នៅ​ពេល​ព្រះអង្គសង្គ្រោះ​បាន​យាង​ទៅ​ជួប​ពួក​សាសន៍​នីហ្វៃ ទ្រង់​បាន​ត្រាស់​បង្រៀន​ដល់​បណ្ដាជន​ថា « អ្នក​រាល់​គ្នា​ត្រូវ​ចាំ​យាម ហើយ​អធិស្ឋាន​ជានិច្ច ខ្លាចក្រែង​អ្នក​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង ដ្បិត​អារក្ស​សាតាំង​មាន​បំណង​ចង់​បាន​អ្នក​រាល់​គ្នា ដើម្បី​វា​អាច​រែង​អ្នក​រាល់​គ្នា​ដូច​ជា​ស្រូវ​អញ្ចឹង ដូច្នេះ​អ្នក​រាល់​គ្នា​ត្រូវ​អធិស្ឋាន​ដល់​ព្រះ​វរបិតា​ដោយ​នូវ​នាម​យើង​ជានិច្ច » ( នីហ្វៃទី ៣ ១៨:១៨–១៩ ) ។ នៅ​ជំនាន់​ចុងក្រោយ​នេះ ទ្រង់​បាន​ប្រទាន​ឱវាទ​ស្រដៀងគ្នា​នេះ ៖ « ចូរ​អធិស្ឋាន​ជានិច្ច ប្រយោជន៍​ឲ្យ​អ្នក​អាច​ក្លាយ​ទៅ​ជា​អ្នក​ជម្នះ​បាន មែន​ហើយ ប្រយោជន៍​ឲ្យ​អ្នក​អាច​យកឈ្នះ​លើ​អារក្ស​សាតាំង​បាន ហើយ​ប្រយោជន៍​ឲ្យ​អ្នក​អាច​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​បម្រើ​របស់​អារក្ស​សាតាំង ដែល​ទ្រ​ទ្រង់​កិច្ចការ​របស់​វា​នោះ » ( គ. និង ស. ១០:៥ ) ។

សិក្សា​ព្រះគម្ពីរ​ជា​ប្រចាំ​ថ្ងៃ ។

នៅ​ពេល​អ្នក​សិក្សា​សេចក្ដីពិត​នៃ​ដំណឹងល្អ ហើយ​អនុវត្ត​វា​នៅ​ក្នុង​ជីវិត​របស់​អ្នក នោះ​ព្រះអម្ចាស់​នឹង​ប្រទានពរ​ឲ្យ​អ្នក​នូវ​អំណាច​ដើម្បី​ទប់ទល់​នឹង​ការល្បួង ។ នីហ្វៃ​បាន​បង្រៀន​ថា « អស់​អ្នក​ណា​ដែល​ប្រុង​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ ហើយ​តោង​ជាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ នោះ​នឹង​មិន​ត្រូវ​វិនាស​ឡើយ សូម្បីតែ​ការ​ល្បួង​ទាំង​ឡាយ និង​ព្រួញ​ភ្លើង​ទាំង​ឡាយ​របស់​មារសត្រូវ ក៏​មិន​អាច​ឈ្នះ​លើ​គេ​ដល់​ទៅ​ធ្វើ​ឲ្យ​គេ​ខ្វាក់ ដើម្បី​នាំ​គេ​ទៅ​ឯ​សេចក្ដី​បំផ្លិចបំផ្លាញ​បាន​ដែរ » ( នីហ្វៃទី ១ ១៥:២៤, សូម​មើល​ផងដែរ ហេលេមិន ៣:២៩–៣០ ) ។

ធ្វើ​អំពើល្អ​ពេញ​មួយ​ជីវិត​របស់​អ្នក ។

អ្នក​មាន​សេចក្តីល្អ​ជា​ច្រើន​ដែល​ត្រូវ​ជ្រើសរើស ដែល​អ្នក​មិន​ចាំបាច់​ត្រូវ​ធ្វើ​អាក្រក់​ឡើយ ។ នៅ​ពេល​អ្នក​ធ្វើ​អំពើល្អ​ពេញ​មួយ​ជីវិត​របស់​អ្នក នោះ​អ្នក​គ្មាន​គ្មាន​ឱកាស​ធ្វើ​អ្វី​ផ្សេង​ទៀត​ទេ ។

ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ទីកន្លែង ឬ​ស្ថានភាព​ដែល​ល្បួង ។

អ្នក​ពុំ​អាច​ចៀសវាង​ពី​ការល្បួង​ទាំងស្រុង​បាន​ទេ ប៉ុន្តែ​អ្នក​អាច​ចៀសវាង​ពី​ទីកន្លែង ឬ​ស្ថានភាព​ដែល​អ្នក​អាច​នឹង​ត្រូវបាន​ល្បួង ។ អ្នក​ក៏​អាច​ចៀសវាង​ពី​សម្ភារ​ដែល​មិន​សមរម្យ​ដូចជា​ទស្សនាវដ្ដី សៀវភៅ ទូរទស្សន៍ ភាពយន្ត ព្រមទាំង​តន្ត្រី និង​អ៊ិនធើរណែត ។

ព្យាយាម​ជះ​ឥទ្ធិពល​លើ​មនុស្សដទៃ​ដោយសារ​ទង្វើ​ល្អ ។

នៅ​ពី​មុន​ទ្រង់​បាន​រងទុក្ខ​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី ព្រះអង្គសង្គ្រោះ​បាន​អធិស្ឋាន​សម្រាប់​ពួកសិស្ស​ទ្រង់​ថា « គេ​មិន​មែន​ជា​របស់​លោកីយ៍​ទេ ដូច​ជា​ទូលបង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ៍​ដែរ ។ ទូលបង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញ​ពី​លោកីយ៍​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួច​ពី​សេចក្តី​អាក្រក់​វិញ ។ គេ​មិនមែន​ជា​របស់​ផង​លោកិយ៍​ ដូចជា​ទូល​បង្គំ​ក៏​មិន​មែន​ជា​របស់​លោកិយ៍​ដែរ ។ សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយសារ​សេចក្តី​ពិត​របស់​ទ្រង់ ឯ​សេចក្តី​ពិត គឺ​ជា​ព្រះបន្ទូល​របស់​ទ្រង់ ។ ទូលបង្គំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោកីយ៍ ដូច​ជា​ទ្រង់​ចាត់ ទូលបង្គំ ឲ្យ​មក​ក្នុង​លោកីយ៍​ដែរ » ( យ៉ូហាន ១៧:១៤–១៨ ) ។ ក្នុង​នាម​ជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ថ្ងៃ​ចុងក្រោយ អ្នក​អាច​រស់នៅ​ក្នុង​លោកិយ ប៉ុន្តែ « មិន​មែន​ជា​របស់​លោកីយ៍ » ទេ ។ បន្ថែម​ពី​លើ​ការចៀសវាង​ពី​ការល្បួង​ដោយ​ខ្លួន​អ្នក នោះ​អ្នក​អាច​មាន​ឥទ្ធិពល​លើ​មនុស្សដទៃ​ឲ្យ​រស់នៅ​ក្នុង​ជីវិត​ដ៏​ប្រពៃ និង​ថ្លៃថ្នូរ ។ អ្នក​អាច​ធ្វើ​ជា​គំរូ​ដ៏​សុចរិត ជា​កល្យាណមិត្ត រួមចំណែក​ក្នុង​ការបម្រើ​សហគមន៍ ប្រសិនបើ​សមរម្យ ចូរ​ឲ្យ​សំឡេង​របស់​អ្នក​បាន​បន្លឺ​ឡើង​ដើម្បី​ការពារ​តម្លៃ​សីលធម៌ ។

ចូរ​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការសម្រេចចិត្ត​របស់​អ្នក​ដើម្បី​ទប់ទល់​នឹង​ការល្បួង​ឡើយ ។

ចូរ​ព្យាយាម​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ដែល « បាន​រង​ទុក្ខ​សេចក្ដី​ល្បួង​ទាំងឡាយ ប៉ុន្តែ​មិន​បាន​រវីរវល់​ដល់​សេចក្ដី​ទាំងនោះ​ឡើយ » ( គ. និង ស. ២០:២២ ) ។ នៅ​ពេល​សាតាំង​បាន​ល្បួង​ព្រះយេស៊ូវ​នៅ​ទីវាល​រហោស្ថាន ព្រះអម្ចាស់​មិន​រេរា​ព្រះទ័យ​ឡើយ ។ ការឆ្លើយតប​របស់​ទ្រង់​រហ័ស និង​មុតមាំ ៖ « សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ » ( លូកា ៤:៨ ) ។ តាមរយៈ​គំនិត​ពាក្យសម្ដី និង​ទង្វើ​ដ៏​សុចរិត​របស់​អ្នក នោះ​អ្នក​អាច​ឆ្លើយ​តប​ទៅ​នឹង​ការល្បួង​របស់​បច្ចាមិត្ត​ជាមួយ​នឹង​ភាពជឿជាក់​ដូចគ្នា​នោះ ។ « តស៊ូ​នឹង​អារក្ស​វិញ​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ ។ ត្រូវ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ » ( យ៉ាកុប ៤:៧–៨ ) ។