ធនធាន​ផ្សេង​ទៀត
ព្រះវិញ្ញាណបរិសុទ្ធ


« ព្រះវិញ្ញាណបរិសុទ្ធ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៨១–៨៤

« ព្រះវិញ្ញាណបរិសុទ្ធ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៨១–៨៤

ព្រះវិញ្ញាណបរិសុទ្ធ

ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​សមាជិក​ទី​បី​ក្នុង​ក្រុម​ព្រះ ។ ទ្រង់​ជា​តួ​អង្គ​វិញ្ញាណ​ដែល​គ្មាន​ព្រះកាយ​ជា​សាច់ និង ឆ្អឹង​ទេ ( សូម​មើល គ. និង ស. ១៣០:២២ ) ។ ជា​ញឹកញាប់ ទ្រង់​ត្រូវបាន​គេ​ស្គាល់​ថា​ជា​វិញ្ញាណ ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ឬ​ជា​ព្រះ​ដ៏​ជំនួយ ។

តួនាទី​របស់​ព្រះវិញ្ញាណបរិសុទ្ធ

ព្រះវិញ្ញាណបរិសុទ្ធ​ធ្វើការ​សាមគ្គី​គ្នា​យ៉ាង​ល្អ​ឥតខ្ចោះ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ក្នុង​ការបំពេញ​តួនាទី​ជាច្រើន​ដើម្បី​ជួយ​អ្នកឲ្យ​រស់នៅ​ដោយ​សុចរិត និង​ទទួល​ពរជ័យ​នៃ​ដំណឹងល្អ ។

ទ្រង់ « ធ្វើ​ទីបន្ទាល់​អំពី​ព្រះវរបិតា និង អំពី​ព្រះរាជបុត្រា » ( នីហ្វៃទី ២ ៣១:១៨ ) ហើយ​បើក​សម្ដែង​គ្រប់​ការបង្រៀន​ទាំងអស់ « នូវ​សេចក្ដីពិត​នៃ​ការណ៍​គ្រប់​យ៉ាង » ( មរ៉ូណៃ ១០:៥ ) ។ អ្នក​អាច​ទទួល​សក្ខីភាព​ពិតប្រាកដ​នៃ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន គឺ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​តែ​ប៉ុណ្ណោះ ។ ទ្រង់​ទាក់ទង​វិញ្ញាណ​របស់​អ្នក​ច្បាស់​លាស់​ជាង​ទំនាក់ទំនង​នានា ដែល​អ្នក​អាច​ទទួល​តាមរយៈ​អារម្មណ៍​ពី​ធម្មជាតិ​របស់​អ្នក​ទៅ​ទៀត ។

ពេល​អ្នក​ព្យាយាម​ឈរ​នៅ​លើ​ផ្លូវ​ដែល​ដឹកនាំ​ទៅ​រក​ភាពអស់កល្បជានិច្ច នោះ​ព្រះវិញ្ញាណបរិសុទ្ធ « នឹង​បង្ហាញ​ដល់​អ្នក​នូវ​គ្រប់​ទាំងអស់​ដែល [ អ្នក ] ត្រូវ​ធ្វើ » ( សូម​មើល នីហ្វៃទី ២ ៣២:១–៥ ) ។ ទ្រង់​អាច​ដឹកនាំ​អ្នក​ក្នុង​ការសម្រេចចិត្ត​របស់​អ្នក ហើយ​ការពារ​អ្នក​ពី​គ្រោះថ្នាក់​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ ។

តាមរយៈ​ទ្រង់ អ្នក​អាច​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក និង ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ និង​បម្រើ ( សូម​មើល គ. និង ស. ៤៦:៩–១១ ) ។

ទ្រង់​ជា​ព្រះ​ដ៏​ជា​ជំនួយ ( យ៉ូហាន ១៤:២៦ ) ។ ដូចជា​សំឡេង​ដ៏​ទន់ភ្លន់​នៃ​ឪពុកម្តាយ​ជា​ទីស្រឡាញ់​ដែល​អាច​ធ្វើ​ឲ្យ​កូន​ឈប់​យំ​ដែរ នោះ​ការខ្សឹប​នៃ​ព្រះវិញ្ញាណ​អាច​ធ្វើ​ឲ្យ​សេចក្ដីភ័យខ្លាច​អ្នក​ស្ងប់ស្ងៀម បណ្ដេញ​ទុក​កង្វល់​ពី​ជីវិត​របស់​អ្នក និង​លួងលោមចិត្ត​អ្នក នៅ​ពេល​ដែល​អ្នក​សោកសង្រេង ។ ព្រះវិញ្ញាណបរិសុទ្ធ​អាច​បំពេញ​ឲ្យ​អ្នក « នូវ​សេចក្ដីស្រឡាញ់​ដ៏​ឥតខ្ចោះ » និង « ការណ៍​ទាំងឡាយ​ប្រកប​ដោយ​សេចក្ដីសុខសាន្ត​នៃ​នគរ » ( មរ៉ូណៃ ៨:២៦, គ. និង ស. ៣៦:២ ) ។

តាមរយៈ​ព្រះចេស្ដា​របស់​ទ្រង់ អ្នក​រាល់​គ្នា​នឹង​បាន​ជ្រះស្អាត ពេល​ដែល​អ្នក​ប្រែចិត្ត ទទួល​ពិធីបរិសុទ្ធ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង ពិធីបញ្ជាក់ និង បន្ត​រក្សា​ដោយ​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់​អ្នក ( សូម​មើល ម៉ូសាយ ៥:១–៦, នីហ្វៃទី ៣ ២៧:២០, ម៉ូសេ ៦:៦៤–៦៨ ) ។

ទ្រង់​ជា​ព្រះវិញ្ញាណបរិសុទ្ធ​នៃ​សេចក្ដីសន្យា ( សូម​មើល អេភេសូ ១:១៣, គ. និង ស. ១៣២:៧, ១៨–១៩, ២៦ ) ។ តាមលទ្ធភាព​នេះ ទ្រង់​បញ្ជាក់​ថា ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ដែល​អ្នក​បាន​ទទួល និង​សេចក្ដីសញ្ញា​ដែល​អ្នក​បាន​ធ្វើ គឺ​ព្រះ​ទទួលយក ។ សេចក្ដីអនុមតិ​នេះ អាស្រ័យ​ទៅ​លើ​ការបន្ត​ដោយ​ស្មោះត្រង់​របស់​អ្នក ។

អំណោយទាន​ជា​ព្រះវិញ្ញាណបរិសុទ្ធ

អស់​អ្នក​ដែល​ស្វែងរក​សេចក្ដីពិត​អាច​ទទួល​បាន​ឥទ្ធិពល​ពី​ព្រះវិញ្ញាណបរិសុទ្ធ ដែល​ដឹកនាំ​ពួកគេ​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ ទោះជាយ៉ាងណាក៏ដោយ ភាពពោរពេញ​នៃ​ពរជ័យ​ដែល​បាន​ប្រទាន​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ អាច​មាន​ទៅ​បាន​តែ​ចំពោះ​អ្នក​ទាំងឡាយណា​ដែល​បាន​ទទួល​អំណោយទាន​ជា​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​បន្ត​មាន​ភាពសក្តិសម​ប៉ុណ្ណោះ ។

បន្ទាប់​ពី​អ្នក​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​ចូល​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​រួច​ហើយ អ្នក​កាន់​បព្វជ្វិតភាព​ម្នាក់ ឬ​ច្រើន​នាក់​ដាក់​ដៃ​របស់​ពួកគេ​លើ​ក្បាល​របស់​អ្នក ហើយ​នៅ​ក្នុង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​មួយ ពួកគេ​នឹង​បញ្ជាក់​ថា អ្នក​ជា​សមាជិក​នៃ​សាសនាចក្រ ។ ជា​ផ្នែក​នៃ​ពិធីបរិសុទ្ធ​នេះ ដែល​ត្រូវ​បាន​ហៅ​ថា ពិធីបញ្ជាក់ នោះ​អ្នក​ទទួលបាន​អំណោយទាន​ជា​ព្រះ​វិញ្ញាណបរិសុទ្ធ ។

អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ខុស​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មុន​ពិធីបុណ្យជ្រមុជទឹក​របស់​អ្នក អ្នក​អាច​ទទួល​ឥទ្ធិពល​ពី​ព្រះវិញ្ញាណបរិសុទ្ធ​ម្តង​ម្កាល ហើយ​តាមរយៈ​ឥទ្ធិពល​នេះ អ្នក​អាច​ទទួលបាន​ទីបន្ទាល់​អំពី​សេចក្តីពិត ។ ឥឡូវនេះ ដោយសារតែ​អ្នក​មាន​អំណោយទាន​ជា​ព្រះវិញ្ញាណបរិសុទ្ធ នោះ​អ្នក​មាន​សិទ្ធិ​ទទួលបាន​ភាពជាដៃគូ​ដ៏​ជាប់លាប់​ពី​សមាជិក​មួយ​អង្គ​ក្នុង​ក្រុមព្រះ ប្រសិនបើ​អ្នក​គោរព​តាម​ព្រះបញ្ញត្តិ ។

សេចក្ដីអររីករាយ​ពេញលេញ​មក​ពី​អំណោយទាន​ជា​ព្រះវិញ្ញាណបរិសុទ្ធ​រួមមាន ការទទួល​បាន​វិវរណៈ និង​ការលួងលោមចិត្ត ការចម្រើន និង​ការប្រទានពរ​ដល់​មនុស្សដទៃ​តាមរយៈ​អំណោយទាន​ខាង​វិញ្ញាណ និង​ការបាន​ញែកចេញ​ជា​បរិសុទ្ធ​ពី​អំពើបាប និង​ធ្វើ​ឲ្យ​សក្ដិសម​នឹង​ភាពតម្កើងឡើង​នៅ​ក្នុង​នគរ​សេឡេស្ទាល ។ ពរជ័យ​ទាំងនេះ​អាស្រ័យ​ទៅ​លើ​ភាពសក្តិសម​របស់​អ្នក ព្រោះ​វា​កើតឡើង​បន្តិចម្តងៗ នៅ​ពេល​អ្នក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​នោះ ។ នៅ​ពេល​អ្នក​មាន​ភាពសុខដុម​ជាមួយ​នឹង​ព្រះឆន្ទៈ​របស់​ព្រះ នោះ​បន្តិចម្ដងៗ អ្នក​ទទួលបាន​ព្រះវិញ្ញាណបរិសុទ្ធ​ក្នុង​បរិមាណ​មួយ​ដ៏​អស្ចារ្យ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រកាស​ថា សេចក្ដីអាថ៌កំបាំង​ទាំងឡាយ​នៃ​នគរ​របស់​ព្រះនឹង​ត្រូវ « បាន​ឃើញ ហើយ​យល់ ដោយ​សារ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ដែល​ព្រះ​ទ្រង់​ប្រទាន​មក​លើ​អស់​អ្នក​ណា​ដែល​ស្រឡាញ់​ទ្រង់ ហើយ​សម្អាត​ពួកគេ​ជា​បរិសុទ្ធ​នៅ​ចំពោះ​ទ្រង់ » ( សូម​មើល គ. និង ស. ៧៦:១១៤–១១៦ ) ។

ចូរ​ចងចាំ​ថា « ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ពុំ​គង់​នៅ​ក្នុង​ព្រះវិហារ​ណា​ដែល​ឥត​បរិសុទ្ធ​ឡើយ » ( ហេលេមិន ៤:២៤ ) ។ ទោះបីជា​អ្នក​បាន​ទទួល​អំណោយទាន​ជា​ព្រះវិញ្ញាណបរិសុទ្ធ​ហើយ​ក៏​ដោយ ក៏​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​គង់​នៅ​ជាមួយ​អ្នក តែ​នៅ​ពេល​ណា​ដែល​អ្នក​គោរព​តាម​ព្រះបញ្ញត្តិ​ប៉ុណ្ណោះ ។ ទ្រង់​នឹង ចាកចេញ​ពី​អ្នក ប្រសិនបើ​អ្នក​ប្រឡាក់ប្រឡូស មិន​ស្អាតស្អំ មិន​គោរព​តាម​ព្រះបញ្ញត្តិ បះបោរ ឬ​ប្រព្រឹត្ត​បាប​ផ្សេងៗ​ទៀត ។ ចូរ​រក្សា​ខ្លួន​របស់​អ្នក​ឲ្យ​បាន​ស្អាតស្អំ ។ ចូរ​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ពោរពេញ​ទៅ​ដោយ​អំពើល្អ ដើម្បី​ឲ្យ​អ្នក​មាន​ភាពសក្តិសម​ជា​ដៃគូ​ជាប់លាប់​ជាមួយ​នឹង​ព្រះវិញ្ញាណបរិសុទ្ធ ។