ធនធាន​ផ្សេង​ទៀត
ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ


« ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៥៩–១៦១

« ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៥៩–១៦១

ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ

នៅ​ពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ទៅ​កាន់​ស្ថានសួគ៌​វិញ​នៅ​ទីបញ្ចប់​នៃ​ការងារ​បម្រើ​ក្នុង​ជីវិត​រមែងស្លាប់ នោះ​ទេវតា​ពីរ​អង្គ​បាន​ប្រកាស ដល់​ពួក​សិស្ស​របស់​ទ្រង់​ថា « ដែល​ព្រះ​បាន​លើក​ពី​អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ស្ថានសួគ៌ ទ្រង់​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​ទៅ​នោះ​ដែរ » ( កិច្ចការ ១:១១ ) ។ នៅ​ពេល​ព្រះអង្គសង្គ្រោះ​យាង​មក​ម្តង​ទៀត ទ្រង់​នឹង​យាង​មក​ក្នុង​ព្រះចេស្តា និង​សិរីរុងរឿង ដើម្បី​ប្រកាស​ដល់​ផែនដី​ជា​នគរ​របស់​ទ្រង់។ ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់​នឹង​​ជា​ទីសម្គាល់​នៃ​ការចាប់ផ្តើម​សហស្សវត្សរ៍ ។

ការយាង​មក​ជា​លើក​ទី​ពីរ​នឹង​ពោរពេញ​ទៅ​ដោយ​សេចក្តីខ្លាច ជា​ពេល​ទួញថ្ងូរ​សម្រាប់​មនុស្ស​ទុច្ចរិត ប៉ុន្តែ​វា​នឹង​ជា​ទិវា​នៃ​ភាពសុខសាន្ត និង​ជោគជ័យ​សម្រាប់​មនុស្ស​សុចរិត ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រកាស​ថា

« ពួក​អ្នក​ណា​ដែល​មាន​ប្រាជ្ញា ហើយ​បាន​ទទួល​សេចក្ដី​ពិត ហើយ​បាន​ទទួល​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទុកជា​អ្នក​ណែនាំ​របស់​ខ្លួន ហើយ​ដែល​ពុំ​ត្រូវ​គេ​បញ្ឆោត—យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពួកគេ​នឹង​ពុំ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ឡើយ ប៉ុន្តែ​នឹង​ធន់​នៅ​ថ្ងៃ​នោះ ។

ហើយ​ផែនដី​នឹង​ត្រូវ​បាន​ប្រទាន​ដល់​ពួក​គេ​ទុកជា​មរតក ហើយ​ពួក​គេ​នឹង​កើន​ចំនួន​ឡើង និង​ខ្លាំង​ពូកែ ហើយ​កូន​ចៅ​ពួកគេ​នឹង​ធំ​ឡើង​ដោយ​គ្មាន​បាប ដោយ​បាន​ទទួល​សេចក្ដី​សង្គ្រោះ ។

ព្រះអម្ចាស់​ទ្រង់​នឹង​គង់នៅ​កណ្ដាល​ពួក​គេ ហើយ​សិរីល្អ​របស់​ទ្រង់​នឹង​ស្ថិត​នៅ​លើ​ពួកគេ ហើយ​ទ្រង់​នឹង​ទៅ​ជា​មហាក្សត្រ​នៃ​ពួកគេ និង​ជា​អ្នក​តែង​ច្បាប់​នៃ​ពួកគេ » ( គ. និង ស. ៤៥:៥៧–៥៩ ) ។

ព្រះអម្ចាស់​ពុំ​បាន​ត្រាស់​សម្ដែង​ឲ្យ​ដឹង​ពិតប្រាកដ អំពី​ពេលវេលា​ដែល​ទ្រង់​នឹង​យាង​មក​ម្តង​ទៀត​នោះ​ទេ ៖ « ម៉ោង និង​ថ្ងៃ​នោះ នោះ​គ្មាន​នរណា​ដឹង​ឡើយ សូម្បីតែ​ពួក​ទេវតា​នៅ​លើ​ស្ថាន​សួគ៌​ផង​ដែរ ហើយ​ពួក​គេ​ក៏​នឹង​ពុំ​ដឹង​ឡើយ រហូត​ដល់​ទ្រង់​យាង​មក » ( គ. និង ស. ៤៩:៧ ) ។ ប៉ុន្តែ​ទ្រង់​បាន​ត្រាស់​សម្ដែង​ដល់​ពួក​ព្យាការី​របស់​ទ្រង់​នូវ​ព្រឹត្តិការណ៍ និង​ទីសម្គាល់​ទាំងឡាយ ដែល​នឹង​កើតឡើង​មុន​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។ ក្នុង​ចំណោម​ព្រឹត្តិការណ៍ និង​ទីសម្គាល់​ទាំងនោះ​មាន​ដូចជា ៖

ចូរ​កុំ​ព្រួយ​បារម្ភ​ចំពោះ​ខ្លួន​អ្នក អំពី​ពេលវេលា​ជាក់លាក់​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គសង្គ្រោះ​ឡើយ ។ ផ្ទុយទៅវិញ ចូរ​រស់នៅ​ដូច្នោះ ដើម្បី​អ្នក​រៀបចំ​ខ្លួន​រួចរាល់​សម្រាប់​ពេល​ណា​ក៏​ដោយ​ដែល​ទ្រង់​យាង​មក ។ នៅ​ពេល​អ្នក​អង្កេត​មើល​ពី​គ្រោះភ័យ​នៅ​ថ្ងៃ​ចុងក្រោយ ចូរ​ចងចាំ​ថា ជនសុចរិត​មិន​ត្រូវ​ខ្លាច​នឹង​ការយាង​មក​ជា​លើក​ទី​ពីរ ឬ​ទីសម្គាល់​ទាំងឡាយ​ដែល​កើតឡើង​ជាមុន​នោះ​ឡើយ ។ ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​ទៅ​កាន់​ពួក​សាវក​របស់​ទ្រង់ ក៏​អនុវត្ត​ចំពោះ​អ្នក​ដូចនេះ ៖ « ចូរ​កុំ​ឲ្យ​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ ដ្បិត​កាលណា​ការណ៍​ទាំងនេះ​នឹង​កើត​ឡើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ដឹង​ថា សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន ដែល​បាន​ធ្វើ​ដល់​អ្នក នោះ​នឹង​ត្រូវ​បាន​សម្រេច​ហើយ » ( គ. និង ស. ៤៥:៣៥ ) ។