« ពន្លឺនៃព្រះគ្រីស្ទ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៩៦
« ពន្លឺនៃព្រះគ្រីស្ទ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ៩៦
ពន្លឺនៃព្រះគ្រីស្ទ
ពន្លឺនៃព្រះគ្រីស្ទ « ចេញមកពីវត្តមាននៃព្រះ ដើម្បីបំពេញភាពល្ហល្ហេវនៃមេឃ » ។ វាគឺជា « ពន្លឺដែលនៅក្នុងគ្រប់ទាំងអស់ ដែលផ្ដល់ជីវិតដល់គ្រប់ទាំងអស់ ដែលជាក្រឹត្យវិន័យតាមរយៈអ្វីគ្រប់ទាំងអស់ត្រូវបានគ្រប់គ្រង » ( គ. និង .ស ៨៨:១២–១៣, សូមមើលផងដែរ ខទី ៦–១១ ) ។ អំណាចនេះគឺជាឥទ្ធិពលសម្រាប់សេចក្ដីល្អនៅក្នុងជីវិតមនុស្សគ្រប់រូប ( សូមមើល យ៉ូហាន ១:៩, គ. និង ស. ៩៣:២ ) ។ នៅក្នុងព្រះគម្ពីរ ពន្លឺនៃព្រះគ្រីស្ទ ពេលខ្លះត្រូវបានហៅថា ព្រះវិញ្ញាណនៃព្រះអម្ចាស់ ព្រះវិញ្ញាណនៃព្រះ ព្រះវិញ្ញាណនៃព្រះគ្រីស្ទ ឬ ពន្លឺនៃជីវិត ។
ពន្លឺនៃព្រះគ្រីស្ទមិនគួរយល់ច្រឡំជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធទេ ។ វាមិនមែនជាតួអង្គ ដូចជាព្រះវិញ្ញាណបរិសុទ្ធនោះទេ ។ វាមានឥទ្ធិពលដឹកនាំមនុស្សឲ្យស្វែងរកដំណឹងល្អដ៏ពិត ធ្វើបុណ្យជ្រមុជទឹក និង ទទួលអំណោយទានព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល យ៉ូហាន ១២:៤៦; អាលម៉ា ២៦:១៤–១៥ ) ។
សតិសម្បជញ្ញៈគឺជាការបង្ហាញពីពន្លឺនៃព្រះគ្រីស្ទ ដែលធ្វើឲ្យយើងដឹងការណ៍ល្អ និង អាក្រក់ ។ ព្យាការី មរមន បានបង្រៀនថា « ព្រះវិញ្ញាណនៃព្រះគ្រីស្ទ ត្រូវបានប្រទានដល់មនុស្សគ្រប់រូប ដើម្បីឲ្យគេអាចដឹងខុស និង ត្រូវ ហេតុដូច្នេះហើយ ខ្ញុំបង្ហាញដល់អ្នកនូវវិធីវិនិច្ឆ័យ ដ្បិតគ្រប់ទាំងអ្វីៗដែលអញ្ជើញឲ្យធ្វើល្អ ហើយដែលបញ្ចុះបញ្ចូលឲ្យជឿដល់ព្រះគ្រីស្ទ នោះគឺបានចាត់មកពីព្រះចេស្ដា និងអំណោយទាននៃព្រះគ្រីស្ទ ហេតុដូច្នោះហើយ អ្នករាល់គ្នាអាចដឹងដោយតម្រិះដ៏ឥតខ្ចោះថា មកពីព្រះ ។ … ហើយឥឡូវនេះ ឱបងប្អូនរបស់ខ្ញុំអើយ ដោយឃើញថា អ្នករាល់គ្នាស្គាល់នូវពន្លឺ ដែលអ្នករាល់គ្នាអាចយកទៅវិនិច្ឆ័យ ឯពន្លឺនោះគឺជាពន្លឺនៃព្រះគ្រីស្ទ នោះសូមឲ្យឃើញថា អ្នករាល់គ្នាមិនវិនិច្ឆ័យដោយខុសឆ្គងឡើយ ដ្បិតដោយការវិនិច្ឆ័យដដែលនេះហើយ ដែលអ្នករាល់គ្នានឹងត្រូវបានវិនិច្ឆ័យវិញ » ( មរ៉ូណៃ ៧:១៦, ១៨ ) ។