ធនធាន​ផ្សេង​ទៀត
សេចក្ដី​មេត្តា​ករុណា


« សេចក្ដី​មេត្តា​ករុណា » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១០២–១០៣

« សេចក្ដី​មេត្តា​ករុណា » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១០២–១០៣

សេចក្ដី​មេត្តា​ករុណា

ព្រះវរបិតាសួគ៌​របស់​យើង​ជ្រាប​ពី​ភាពខ្សោយ និង​អំពើបាប​របស់​យើង ។ ទ្រង់​បង្ហាញ​សេចក្តីមេត្តាករុណា នៅ​ពេល​ទ្រង់​អភ័យទោស​យើង​ពី​អំពើបាប​ទាំងឡាយ​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​ត្រឡប់​ទៅ​រស់នៅ​ក្នុង​វត្តមាន​របស់​ទ្រង់​វិញ ។

សេចក្តីអាណិតអាសូរ​ប្រភេទ​នេះ ហាក់បីដូចជា​ប៉ះទង្គិច​ជាមួយ​នឹង​ក្រឹត្យវិន័យ​នៃ​យុត្តិធម៌ ដែល​តម្រូវ​ថា គ្មាន​វត្ថុ​ពុំ​ស្អាត​ឯ​ណា​អាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទៅ​នៅ​ជាមួយ​ព្រះ​បាន​ឡើយ ( សូម​មើល នីហ្វៃទី ១ ១០:២១ ) ។ ប៉ុន្តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ឲ្យ​ព្រះ​ក្លាយ​ជា « ព្រះ​ដ៏​ល្អ​ឥត​ខ្ចោះ ហើយ​ត្រឹម​ត្រូវ និង​ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា​ផង » ( អាលម៉ា ៤២:១៥ ) ។

ការទទួលបាន​សេចក្តីមេត្តាករុណា​​របស់​ព្រះ

ព្រះអង្គសង្គ្រោះ​បាន​គាប់​ព្រះទ័យ​នឹង​ការទាមទារ​នៃ​សេចក្តីយុត្តិធម៌ ពេល​ដែល​ទ្រង់​បាន​ឈរ​នៅ​ទីកន្លែង​របស់​យើង ហើយ​បាន​រង​ទារុណកម្ម​ជំនួស​អំពើបាប​របស់​យើង ។ ដោយសារតែ​ទង្វើ​ដែល​មិន​គិត​ពី​​​ព្រះអង្គ​ផ្ទាល់​​នេះ​ហើយ ទើប​ព្រះវរបិតា​អាច​ដក​យក​ទារុណកម្ម​ចេញ​ពី​យើង ហើយ​ស្វាគមន៍​យើង​ឲ្យ​ចូល​ទៅ​ក្នុង​វត្តមាន​របស់​ទ្រង់​បាន ។ ដើម្បី​ទទួលបាន​ការអភ័យទោស​ពី​ព្រះអម្ចាស់ យើង​ត្រូវតែ​ប្រែចិត្ត​ដោយ​ចិត្ត​ស្មោះ​ពី​អំពើបាប​របស់​យើង ។ ព្យាការី​អាលម៉ា​បាន​បង្រៀន​ថា « សេចក្ដីយុត្តិធម៌​អនុវត្ត​នូវ សេចក្ដី​ទាមទារ​ទាំង​អស់​របស់​វា ឯ​សេចក្ដី​មេត្តាករុណា​ក៏​ទាមទារ​នូវ​អ្វីៗ​ដែល​នៅ​ក្នុង​អំណាច​របស់​វា​ដែរ ម្ល៉ោះ​ហើយ គ្មាន​នរណា​ឡើយ​ក្រៅ​ពី​ជន​ដែល​ប្រែចិត្ត ដែល​នឹង​បាន​សង្គ្រោះ » ( អាលម៉ា ៤២:២៤, សូម​មើល​ផងដែរ ខទី ២២–២៣, ២៥ ) ។

ការអភ័យទោស​ពី​អំពើបាប​មិនមែន​គ្រាន់តែ​ជា​អំណោយ​នៃ​សេចក្តីមេត្តាករុណា ដែល​បាន​មក​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ទេ ។ រាល់​ពរជ័យ​ដែល​អ្នក​ទទួលបាន​គឺ​ជា​ទង្វើ​នៃ​សេចក្តីមេត្តាករុណា ច្រើន​ជាង​សមត្ថភាព​ដែល​អ្នក​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង​ទៅ​ទៀត ។ មរមន​បាន​បង្រៀន​ថា « គ្រប់​អស់​ទាំង​ការណ៍​ណា​ដែល​ល្អ នោះ​ចេញ​មក​ពី​ព្រះ​គ្រីស្ទ បើ​ពុំ​នោះ​សោត​ទេ មនុស្ស​លោក​ត្រូវ​បាន​ធ្លាក់ ហើយ​នឹង​ពុំ​អាច​មាន​ការណ៍​ល្អ​ណា​កើត​ឡើង​ដល់​គេ​បាន​ឡើយ » ( មរ៉ូណៃ ៧:២៤ ) ។ ឧទារហណ៍ អ្នក​គឺ​ជា​អ្នក​ទទួលបាន​សេចក្តី​មេត្តាករុណា​ដ៏​ទេវភាព ពេល​ដែល​ព្រះវរបិតាសួគ៌​ព្រះសណ្ដាប់ ហើយ​ឆ្លើយ​តប​ការអធិស្ឋាន​របស់​អ្នក ពេល​ដែល​អ្នក​ទទួលបាន​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ពេល​ដែល​អ្នក​បាន​ជា​សះស្បើយ​ពី​ជំងឺ​តាមរយៈ​អំណាច​បព្វជិតភាព ។ ទោះបីជាពរ​ជ័យ​ទាំងនោះ ជា​លទ្ធផល​មក​ពី​ការគោរពប្រតិបត្តិ​របស់​អ្នក​ក៏​ដោយ ក៏​អ្នក​មិន​ដែល​ទទួល​បាន​ពរជ័យ​ទាំងនោះ​បាន​ដោយ​គ្រាន់តែ​មាន​កិច្ចខិតខំ​ពី​ខ្លួន​អ្នក​តែ​ម្យ៉ាង​នោះ​ដែរ ។ ពរជ័យ​ទាំងនោះ​គឺ​ជា​អំណោយ​ពេញ​ដោយ​សេចក្តីមេត្តាករុណា​មក​ពី​សេចក្តីស្រឡាញ់ និង​សេចក្តីអាណិតអាសូរ​ពី​ព្រះវរបិតា ។

ការបង្ហាញ​សេចក្តីមេត្តាករុណា​ដល់​អ្នកដទៃ

នៅ​ពេល​មាន​បន្ទូល​ជាមួយ​ពួក​សិស្ស​ទ្រង់ នោះ​ព្រះអង្គសង្គ្រោះ​បាន​ត្រាស់បង្គាប់​ថា « ចូរ​អ្នក​រាល់​គ្នា … មាន​ចិត្ត​មេត្តាករុណា ដូច​ជា​ព្រះវរបិតា​នៃ​អ្នក ទ្រង់​មាន​ព្រះហឫទ័យ​មេត្តាករុណា​ដែរ » ( លូកា ៦:៣៦ ) ។ អ្នក​អាច​ធ្វើតាម​គំរូ​របស់​ព្រះវរបិតាសួគ៌​របស់​អ្នក អំពី​សេចក្តីមេត្តាករុណា​ក្នុង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​អ្នកដទៃ ។ ចូរ​ព្យាយាម​លុបបំបាត់​ជីវិត​នៃ​ភាពក្រអឺតក្រទម អំនួត និង​ការប្រកាន់ខ្លួន ។ ចូរ​ស្វែងរក​វិធី​ដើម្បី​ក្លាយ​ជា​មនុស្ស​មាន​សេចក្តីអាណិតអាសូរ ការគោរព ការអភ័យទោស ភាពសុភាពរាបសា និង​មាន​ការអត់ធ្មត់ ទោះបីជា​ពេល​ដែល​អ្នក​ដឹង​ពី​កំហុស​របស់​មនុស្សដទៃ​ក៏​ដោយ ។ នៅ​ពេល​អ្នក​ធ្វើ​ដូចនោះ គំរូ​របស់​អ្នក​នឹង​ដឹកនាំ​មនុស្សដទៃ​ឲ្យ​កាន់តែ​មាន​សេចក្តី​មេត្តាករុណា ហើយ​អ្នក​នឹង​ទទួលបាន​សេចក្ដីមេត្តាករុណា​កាន់តែ​ច្រើន​មក​ពី​ព្រះ ។

បោះពុម្ព