« ព្យាការី » ពិតចំពោះសេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១២៩–១៣០
« ព្យាការី » ពិតចំពោះសេចក្ដីជំនឿ ទំព័រ ១២៩–១៣០
ព្យាការី
ក្នុងនាមជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងមានពរដែលត្រូវបានដឹកនាំដោយព្យាការីកំពុងរស់នៅ—ជាបុរសដែលបានទទួលការបំផុសគំនិត ដែលបានហៅឲ្យថ្លែងជំនួសព្រះអម្ចាស់មានដូចជា ម៉ូសេ អេសាយ ពេត្រុស ប៉ុល នីហ្វៃ មរមន និងព្យាការីដទៃទៀតនៅក្នុងព្រះគម្ពីរ ។ យើងគាំទ្រប្រធានសាសនាចក្រជា ព្យាការី អ្នកមើលឆុត និង ជាអ្នកទទួលវិវរណៈ—ជាបុរសតែម្នាក់គាត់នៅលើផែនដី ដែលទទួលបានវិវរណៈដើម្បីដឹកនាំសាសនាចក្រនេះទាំងមូល ។ យើងក៏គាំទ្រដល់ទីប្រឹក្សាទាំងឡាយនៅក្នុងគណៈប្រធានទីមួយ និង សមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ជាព្យាការី អ្នកមើលឆុត និង ជាអ្នកទទួលវិវរណៈដែរ ។
ក៏ដូចជាព្យាការីពីបុរាណដែរ នោះព្យាការីសម័យបច្ចុប្បន្នថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយបង្រៀនដំណឹងល្អរបស់ទ្រង់ ។ ពួកលោកបង្ហាញឲ្យស្គាល់នូវព្រះហឫទ័យ និងលក្ខណៈពិតរបស់ព្រះ ។ ពួកលោកមានប្រសាសន៍យ៉ាងក្លាហាន និង ច្បាស់លាស់ ដោយថ្កោលទោសចំពោះអំពើបាប និង ព្រមានអំពីផលវិបាកទាំងឡាយរបស់វា ។ ពេលខ្លះ ពួកលោកអាចនឹងត្រូវបានបំផុសគំនិត ឲ្យព្យាករអំពីព្រឹត្តិការណ៍នាពេលអនាគត សម្រាប់ជាប្រយោជន៍ដល់យើង ។
អ្នកអាចទុកចិត្តលើព្យាការីកំពុងរស់នៅបានជានិច្ច ។ ការបង្រៀនរបស់លោកឆ្លុះបញ្ចាំងអំពីព្រះឫទ័យរបស់ព្រះអម្ចាស់ ដែលបានមានបន្ទូលថា « អ្វីដែលយើងជាព្រះអម្ចាស់បានមានបន្ទូល នោះយើងបានមានបន្ទូលហើយ ហើយយើងពុំកែដោះសារខ្លួនឡើយ ហើយទោះជាផ្ទៃមេឃហើយផែនដី នឹងកន្លងបាត់ទៅក៏ដោយ គង់តែពាក្យរបស់យើង នឹងមិនកន្លងបាត់ដែរ ប៉ុន្តែពាក្យទាំងអស់នឹងបានសម្រេច ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដី គឺដូចតែគ្នា » ( គ. និង ស. ១:៣៨ ) ។
សុវត្ថិភាពដ៏ប្រសើរបំផុតរបស់អ្នក ពឹងផ្អែកយ៉ាងរឹងប៉ឹងទៅលើការធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលបានប្រទានឲ្យ តាមរយៈព្យាការីរបស់ទ្រង់ ជាពិសេសប្រធានសាសនាចក្រសព្វថ្ងៃ ។ ព្រះអម្ចាស់ព្រមានថា អស់អ្នកណាដែលច្រានចោលប្រសាសន៍របស់ព្យាការីដែលកំពុងរស់នៅ នឹងត្រូវធ្លាក់ ( សូមមើល គ. និង ស. ១:១៤–១៦ ) ។ ទ្រង់មានបន្ទូលសន្យាថានឹងប្រទានពរជ័យដ៏មហិមាដល់អស់អ្នកដែលដើរតាមប្រធានសាសនាចក្រថា
« អ្នកត្រូវស្តាប់តាមគ្រប់អស់ទាំងពាក្យសម្ដី និងបញ្ញត្តិទាំងឡាយរបស់លោក ដែលលោកនឹងឲ្យដល់អ្នក នៅពេលលោកបានទទួលពាក្យទាំងនោះ ដើរដោយបរិសុទ្ធនៅចំពោះមុខយើង
ដ្បិតពាក្យសម្ដីរបស់លោកនោះហើយ អ្នកនឹងបានទទួល ហាក់ដូចជាបានមកពីព្រះឱស្ឋរបស់យើងផ្ទាល់ ដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿគ្រប់យ៉ាង ។
ដ្បិតដោយសារការធ្វើការទាំងនេះហើយ ទ្វារស្ថាននរកនឹងពុំដែលឈ្នះអ្នកឡើយ មែនហើយ ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងកម្ចាត់អំណាចនៃសេចក្ដីងងឹតចេញពីអ្នកទៅ ហើយនឹងបណ្ដាលឲ្យផ្ទៃមេឃញាប់ញ័រ ដើម្បីសេចក្ដីល្អដល់អ្នក និងសិរីល្អដល់ព្រះនាមរបស់ទ្រង់ » ( គ. និង ស. ២១:៤–៦ ) ។