« បព្វជិតភាពអើរ៉ុន » ពិតចំពោះសេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៣–៤
« បព្វជិតភាពអើរ៉ុន » ពិតចំពោះសេចក្ដីជំនឿ ទំព័រ ៣–៤
បព្វជិតភាពអើរ៉ុន
ពេលព្យាការី យ៉ូសែប ស៊្មីធ បានបកប្រែព្រះគម្ពីរមរមន លោកបានឃើញមានការចែងអំពីពិធីបុណ្យជ្រមុជទឹកសម្រាប់ការផ្ដាច់បាប ។ នៅថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ១៨២៩ លោក និង ស្មៀនរបស់លោកឈ្មោះ អូលីវើរ ខៅឌើរី បានចូលទៅក្នុងព្រៃ ដើម្បីទូលសួរព្រះអម្ចាស់ទាក់ទងទៅនឹងពិធីបុណ្យជ្រមុជទឹក ។ ខណៈដែលពួកលោកអធិស្ឋាន « ស្រាប់តែមានទូតមួយអង្គមកពីស្ថានសួគ៌យាងចុះមកនៅលើពពកនៃពន្លឺ » ។ សារទូតអង្គនេះគឺជា យ៉ូហាន បាទីស្ទ ជាព្យាការីដែលបានធ្វើពិធីបុណ្យជ្រមុជទឹកថ្វាយព្រះយេស៊ូវគ្រីស្ទ កាលពីច្រើនសតវត្សរ៍កន្លងមកហើយ ។ ឥឡូវនេះ យ៉ូហាន បាទីស្ទ បានរស់ឡើងវិញ ហើយបានដាក់ព្រះហស្តលើ យ៉ូសែប និង អូលីវើរ ហើយបានប្រទានដល់ពួកលោកម្នាក់ៗនូវបព្វជិតភាពអើរ៉ុន ដែលបានដកចេញពីផែនដីអំឡុងពេលមានការក្បត់សាសនាដ៏ធំមួយ ។ ដោយមានសិទ្ធិអំណាចនេះ យ៉ូសែប ស្ម៊ីធ និង អូលីវើរ អាចធ្វើពិធីបុណ្យជ្រមុជទឹកឲ្យគ្នាទៅវិញទៅមក ។ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧២ ) ។
នៅក្នុងសាសនាចក្រសព្វថ្ងៃនេះ សមាជិកភេទប្រុសដែលមានភាពសក្ដិសមអាចទទួលបព្វជិតភាពអើរ៉ុនបានចាប់ពីអាយុ ១២ឆ្នាំ ឡើងទៅ ។ ពួកគេទទួលបានឱកាសយ៉ាងច្រើន ដើម្បីចូលរួមក្នុងពិធីបរិសុទ្ធបព្វជិតភាពដ៏ពិសិដ្ឋ ហើយផ្ដល់នូវការបម្រើ ។ នៅពេលពួកគេបំពេញកាតព្វកិច្ចដោយមានភាពសក្ដិសម នោះពួកគេប្រព្រឹត្តនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ ដើម្បីជួយមនុស្សដទៃឲ្យទទួលបានពរជ័យនៃដំណឹងល្អ ។
តំណែងទាំងឡាយក្នុងបព្វជិតភាពអើរ៉ុនមាន ប៊ីស្សព សង្ឃ គ្រូ និង ឌីកុន ។ ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំបព្វជិតភាពជាគណៈអធិបតី ( ជាធម្មតាគឺ ប៊ីស្សព ឬ ប្រធានសាខា ) នោះឌីកុនជាអ្នកចែកនំប៉័ង និង ទឹក ។ ពួកគេជួយប៊ីស្សព ឬ ប្រធានសាខាក្នុងការមើលខុសត្រូវលើសមាជិកសាសនាចក្រ តាមរយៈការបម្រើ និង ការជួយដោះស្រាយបញ្ហាខាងសាច់ឈាមដូចជា ការប្រមូលដង្វាយតមអាហារ ។ ពួកគ្រូអាចបំំពេញកាតព្វកិច្ចទាំងអស់របស់ឌីកុនបាន ហើយពួកគេក៏ទទួលបានឱកាសផ្សេងៗទៀតដើម្បីបម្រើដែរ ។ ពួកគេរៀបចំប្រសិទ្ធពរនំប៉័ង និងទឹក ហើយបម្រើជាគ្រូបង្រៀនតាមផ្ទះ ។ សង្ឃអាចបំំពេញកាតព្វកិច្ចទាំងអស់របស់ឌីកុន និងគ្រូបាន ។ ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំបព្វជិតភាពជាគណៈអធិបតី នោះពួកគេក៏អាចប្រសិទ្ធពរនំប៉័ង និងទឹក ធ្វើពិធីបុណ្យជ្រមុជទឹក ហើយតែងតាំងមនុស្សដទៃឲ្យកាន់តំណែងសង្ឃ គ្រូ និងឌីកុនដែរ ។
បព្វជិតភាពអើរ៉ុន « ជាការបន្តោងបញ្ជាប់ទៅនឹងរបស់ធំជាង ឬបព្វជិតភាពមិលគីស្សាដែក » ( គ និង ស ១០៧:១៤ ) ។ ជាញឹកញាប់ វាត្រូវបានហៅថា បព្វជិតភាពត្រៀម ។ ក្នុងនាមជាអ្នកកាន់បព្វជិតភាពបម្រើនៅក្នុងបព្វជិតភាពអើរ៉ុន នោះពួកគេត្រូវរៀបចំទទួលបព្វជិតភាពមិលគីស្សាដែក ទទួលពរជ័យនៃព្រះវិហារបរិសុទ្ធ បម្រើបេសកកម្មពេញម៉ោង និង ធ្វើជាស្វាមី/ឪពុកជាទីស្រឡាញ់ ថែមទាំងបន្តបម្រើព្រះអម្ចាស់ពេញមួយជីវិត ។