ធនធាន​ផ្សេង​ទៀត
ការវិនិច្ឆ័យ​មនុស្សដទៃ


« ការវិនិច្ឆ័យ​មនុស្សដទៃ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៩០–៩១

« ការវិនិច្ឆ័យ​មនុស្សដទៃ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៩០–៩១

ការវិនិច្ឆ័យ​មនុស្សដទៃ

ពេល​ខ្លះ​មនុស្ស​មាន​អារម្មណ៍​ថា វា​ខុស​ក្នុង​ការវិនិច្ឆ័យ​អ្នក​ដទៃ ទោះ​ជា​តាម​វិធី​ណា​ក៏​ដោយ ។ ខណៈ​វា​ត្រឹមត្រូវ​ដែល​អ្នក​មិន​គួរ​កាត់ទោស​អ្នក​ដ៏ទៃ ឬ​វិនិច្ឆ័យ​ពួកគេ​ដោយ​អយុត្តិធម៌ នោះ​អ្នក​នឹង​ត្រូវ​ធ្វើ​ការ​វិនិច្ឆ័យ​ពី​គំនិត ពី​ស្ថានភាព និង ពី​មនុស្សពេញ​មួយ​ឆាក​ជីវិត​របស់​អ្នក ។ ព្រះអម្ចាស់​បាន​ប្រទាន​ព្រះបញ្ញត្តិ​ជា​ច្រើន ដែល​អ្នក​មិន​អាច​គោរព​តាម​បាន​ទេ បើ​អ្នក​មិន​ធ្វើ​ការវិនិច្ឆ័យ​ទេ​នោះ ។ ឧទាហរណ៍ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​ក្លែងក្លាយ ។ … អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយសារ​ផល​គេ​បង្កើត » ( ម៉ាថាយ ៧:១៥–១៦ ) និង « ចូរ​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ពួក​ទុច្ចរិត​ទៅ » ( គ. និង ស. ៣៨:៤២ ) ។ អ្នក​ចាំបាច់​ត្រូវ​ធ្វើ​ការវិនិច្ឆ័យ​លើ​មនុស្ស​នៅ​ក្នុង​ការសម្រេចចិត្ត​សំខាន់​ជា​ច្រើន​ដូចជា ការជ្រើសរើស​មិត្តភក្ដិ ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​ការជ្រើសរើស​ដៃគូ​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ការវិនិច្ឆ័យ​គឺជា​ការ​ប្រើ​សេរីភាព​យ៉ាង​សំខាន់​របស់​អ្នក ហើយ​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំងក្លា ជា​ពិសេស​ពេល​ដែល​អ្នក​ធ្វើ​ការវិនិច្ឆ័យ​លើ​មនុស្ស​ដទៃទៀត ។ ការវិនិច្ឆ័យ​ទាំងអស់​របស់​អ្នក​ត្រូវ​តែ​បាន​ដឹកនាំ​ដោយ​បទដ្ឋាន​សុចរិត ។ ចូរ​ចងចាំ​ថា មាន​តែ​ព្រះ​ទ្រង់​មួយ​អង្គ​គត់​ដែល​​អាច​ជំនុំជម្រះ​ដល់​បុគ្គល​ទាំងអស់​បាន ព្រោះ​ទ្រង់​​ជ្រាប​ពី​ដួងចិត្ត​នៃ​បុគ្គល​ម្នាក់ៗ ( សូម​មើល វិវរណៈ ២០:១២, នីហ្វៃទី ៣ ២៧:១៤, គ. និង ស. ១៣៧:៩ ) ។

ព្រះអម្ចាស់​បាន​ប្រទាន​ការព្រមាន​មួយ ដើម្បី​ដឹកនាំ​យើង​ក្នុង​ការវិនិច្ឆ័យ​លើ​មនុស្សដទៃ​ដូចនេះ ៖ « ដោយ​នូវ​ការថ្កោលទោស​ណា ដែល​អ្នក​រាល់​គ្នា​ថ្កោលទោស នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ថ្កោលទោស​វិញ​យ៉ាង​នោះ​ដែរ ហើយ​ដោយ​នូវ​រង្វាល់​ណា​ដែល​អ្នក​រាល់​គ្នា​វាល់ នោះ​នឹង​ត្រូវ​វាល់​ឲ្យ​អ្នក​រាល់​គ្នា វិញ​យ៉ាង​នោះ​ដែរ ។ ហើយ​ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​កម្ទេច ដែល​នៅ​ក្នុង​ភ្នែក​របស់​បងប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹម​ដែល​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​សោះ​ដូច្នេះ ? ឬ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​និយាយ​នឹង​បងប្អូន​ថា ចូរ​ឲ្យ​ខ្ញុំ​យក​កម្ទេច​ពី​ភ្នែក​អ្នក​ចេញ—ប៉ុន្តែ​មើល​ចុះ មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​ខ្លួន​អ្នក​វិញ ? អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​របស់​ខ្លួន​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កម្ទេច​ចេញ​ពី​ភ្នែក​របស់​បងប្អូន​អ្នក​បាន​ដែរ » ( នីហ្វៃទី ៣ ១៤:២–៥ ) ។

នៅ​ក្នុង​វគ្គបទគម្ពីរ​នេះ ព្រះអម្ចាស់​ត្រាស់​បង្រៀន​ថា ភាពខុសឆ្គង​ដែល​យើង​ឃើញ​នៅ​ក្នុង​មនុស្សដទៃ ជា​ញឹកញាប់ គឺ​ជា​ចំណុច​ដ៏​តូច​មួយ​នៅ​ក្នុង​ភ្នែក​របស់​បុគ្គល​នោះ បើ​ប្រៀបធៀប​មក​កំហុសឆ្គង​របស់​យើង វា​ជាចំណុច​មួយ​ដ៏​ធំ​នៅ​ក្នុង​ភ្នែក​របស់​យើង ។ ពេលខ្លះ យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​កំហុសឆ្គង​របស់​មនុស្សដទៃ នៅពេល​ដែល​យើង​គួរតែ​ខិតខំ​កែម្អ​ខ្លួន​ឯង​ទៅ​វិញ ។

ការវិនិច្ឆ័យ​ដ៏​សុចរិត​របស់​អ្នក​លើ​មនុស្សដទៃ​អាច​ផ្ដល់​នូវ​ការដឹកនាំ​ចាំបាច់​ដល់​ពួកគេ ក្នុង​ករណី​ខ្លះ ផ្ដល់​នូវ​ការការពារ​ដល់​អ្នក និង​គ្រួសារ​អ្នក ។ ចូរ​ធ្វើ​ការវិនិច្ឆ័យ​នានា​ដោយ​ចិត្ត​ខ្វាយខ្វល់ និង​ការអាណិតអាសូរ ។ ចូរ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក នៅ​ពេល​អ្នក​វិនិច្ឆ័យ​លើ​ស្ថានភាព​របស់​មនុស្ស​ជាជាង​វិនិច្ឆ័យ​លើ​ខ្លួន​ពួកគេ ។ ពេល​ណា​ដែល​អាច​ធ្វើ​ទៅ​បាន ចូរ​ចៀសវាង​ពី​ការវិនិច្ឆ័យ​នានា លុះត្រា​តែ​អ្នក​មាន​ចំណេះដឹង​គ្រប់គ្រាន់​ល្មម​អំពី​ព្រឹត្តិការណ៍​នោះ​ជា​មុន​សិន ។ ចូរ​រហ័ស​ស្ដាប់​តាម​ព្រះវិញ្ញាណបរិសុទ្ធ ជា​អង្គ​ដែល​អាច​ដឹកនាំ​ការសម្រេចចិត្ត​របស់​អ្នក ។ ចូរ​ចងចាំ​អំពី​ដំបូន្មាន​របស់​អាលម៉ា​ទៅ​ដល់​កូនប្រុស​របស់​លោក​គឺ កូរីអានតុន « ចូរ​កូន​មេត្តាករុណា​ដល់​បង​ប្អូន​របស់​កូន​ចុះ ចូរ​រាប់​រក​គ្នា​ដោយ​យុត្តិធម៌ វិនិច្ឆ័យ​ដោយ​សុចរិត ហើយ​ធ្វើ​ល្អ​ជានិច្ច » ( អាលម៉ា ៤១:១៤ ) ។