« បំណុល » ពិតចំពោះសេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៤៨–៤៩
« បំណុល » ពិតចំពោះសេចក្ដីជំនឿ ទំព័រ ៤៨–៤៩
បំណុល
គ្រាមួយ ព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ពួកបរិសុទ្ធមួយក្រុម តាមរយៈព្យាការី យ៉ូសែប ស៊្មីធ ថា « គឺជាព្រះហឫទ័យរបស់យើង ដែលអ្នកត្រូវបង់បំណុលរបស់អ្នកឲ្យអស់ » ( គ. និង ស. ១០៤:៧៨ ) ។ ចាប់តាំងពីសាសនាចក្រនៅជំនាន់ដំបូង ព្យាការីនៃព្រះអម្ចាស់បានព្រមានយើងម្ដងហើយម្ដងទៀតឲ្យចៀសវាងពីទាសភាពនៃបំណុល ។
គ្រោះថ្នាក់មួយដ៏ធំជាងគេនៃបំណុលគឺការប្រាក់បន្ថែមពីលើ ។ សណ្ឋានខ្លះនៃឥណទាន មានដូចជាបណ្ណ័ឥណទាន មានការប្រាក់ខ្ពស់ ។ ពេលអ្នកជំពាក់បំណុល អ្នកដឹងថា ការប្រាក់គ្មានធម៌មេត្តាទេ ។ វាបន្តបន្ថែមកំណើនដោយគ្មានគិតពីស្ថានភាពរបស់អ្នក—ទោះបីជាអ្នកមានការងារធ្វើឬអត់ការងារ មានសុខភាពល្អឬឈឺក៏ដោយ ។ បំណុលនោះមិនទៅណាឆ្ងាយពីអ្នកទេ រហូតដល់អ្នកសងបំណុលរួច ។ សូមកុំទទួលយកការបញ្ឆោតដោយសារការផ្ដល់ឥណទាន ទោះបីវាធ្វើឲ្យបំណុលរបស់យើងមើលទៅដូចជាមានការចាប់ចិត្ត ដោយសន្យាថាមានការប្រាក់ទាប ឬមិនបង់ការប្រាក់ក្នុងមួយរយៈពេលក៏ដោយ ។
ចូរពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ។ ចូរដាក់វិន័យលើខ្លួនអ្នក ក្នុងការជាវ ចៀងវាងពីបំណុល នៅឲ្យឆ្ងាយតាមដែលអ្នកអាចធ្វើទៅបាន ។ ក្នុងករណីជាច្រើន អ្នកអាចចៀសវាងពីបំណុលតាមរយៈការចាត់ចែងធនធានដោយឈ្លាសវៃ ។ បើអ្នកជាប់បំណុលដោយមានហេតុផលក្នុងចំនួនសមរម្យមួយ ដូចជាដើម្បីទិញផ្ទះល្មមសមរម្យ ឬក្នុងការបញ្ចប់ការសិក្សារបស់អ្នក នោះត្រូវធ្វើការសងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីរំដោះខ្លួនអ្នកចេញពីសេវកភាពនោះ ។ នៅពេលអ្នកសងបំណុលរួច ហើយបន្តសន្សំលុយខ្លះៗនោះ អ្នកនឹងត្រៀមខ្លួនជាស្រេចនៅពេលមានបញ្ហាខាងហិរញ្ញវត្ថុ ដែលអាចកើតឡើងចំពោះអ្នក ។ អ្នកនឹងមានទីជម្រកសម្រាប់គ្រួសារ និងសន្តិភាពនៅក្នុងចិត្តរបស់អ្នក ។