« សេចក្តីជំនឿ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៥៤–៥៦
« សេចក្តីជំនឿ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ៥៤–៥៦
សេចក្តីជំនឿ
សាវកប៉ុលបានបង្រៀនថា « សេចក្តីជំនឿនោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសម្គាល់ពីការដែលមើលមិនឃើញ » ( ហេព្រើរ ១១:១, ) ។ អាលម៉ាបានថ្លែងសេចក្ដីស្រដៀងគ្នានេះដែរ ៖ « បើសិនជាអ្នករាល់គ្នាមានសេចក្ដីជំនឿ នោះអ្នករាល់គ្នាសង្ឃឹមទៅលើអ្វីៗដែលមើលមិនឃើញ ហើយដែលពិត » ( អាលម៉ា ៣២:២១ ) ។
សេចក្តីជំនឿគឺជាគោលការណ៍នៃសកម្មភាព និងអំណាច ។ ពេលណាក៏ដោយដែលអ្នកខិតខំឆ្ពោះទៅរកគោលដៅសក្តិសម មានន័យថា អ្នកអនុវត្តសេចក្តីជំនឿរបស់អ្នកហើយ ។ អ្នកបង្ហាញសេចក្តីសង្ឃឹមទៅលើអ្វីដែលអ្នកមើលមិនឃើញ ។
សេចក្តីជំនឿទៅលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ
ដើម្បីឲ្យសេចក្ដីជំនឿរបស់អ្នកដឹកនាំអ្នកទៅរកសេចក្ដីសង្គ្រោះ នោះសេចក្ដីជំនឿរបស់អ្នកត្រូវតែផ្ដោតទៅលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ( សូមមើល កិច្ចការ ៤:១០–១២, ម៉ូសាយ ៣:១៧, មរ៉ូណៃ ៧:២៤–២៦, មាត្រានៃសេចក្ដីជំនឿ ១:៤ ) ។ អ្នកអាចអនុវត្តសេចក្តីជំនឿលើព្រះគ្រីស្ទបាន គឺនៅពេលដែលអ្នកទទួលបានការអះអាងមួយថា ពិតជាមានទ្រង់មែន គំនិតមួយដ៏ត្រឹមត្រូវអំពីលក្ខណៈរបស់ទ្រង់ និងចំណេះដឹងមួយថា អ្នកខិតខំរស់នៅតាមព្រះឆន្ទៈរបស់ទ្រង់ ។
ការមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទមានន័យថា ការពឹងផ្អែកទាំងស្រុងទៅលើទ្រង់—ដោយទុកចិត្តលើព្រះចេស្ដា ព្រះបញ្ញាញាណ និង សេចក្តីស្រឡាញ់ដ៏និរន្តរ៍របស់ទ្រង់ ។ វារួមមានទាំងការជឿលើការបង្រៀនរបស់ទ្រង់ផងដែរ ។ វាមានន័យថា អ្នកត្រូវមានជំនឿទោះបីជាអ្នកមិនយល់គ្រប់កិច្ចការទាំងអស់ដែលទ្រង់ធ្វើក៏ដោយ ។ ចូរចងចាំថា ទ្រង់ធ្លាប់មានបទពិសោធន៍អំពីការរងការឈឺចាប់ ទុក្ខវេទនា និងជំងឺគ្រប់បែបយ៉ាង ទ្រង់ជ្រាបពីរបៀបដែលទ្រង់អាចជួយអ្នកយកឈ្នះលើការលំបាកប្រចាំថ្ងៃរបស់អ្នក ( សូមមើល អាលម៉ា ៧:១១–១២, គ. និង ស. ១២២:៨ ) ។ ទ្រង់បាន « ឈ្នះលោកិយហើយ » ( យ៉ូហាន ១៦:៣៣ ) ហើយបានរៀបចំផ្លូវឲ្យអ្នកទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ ទ្រង់ត្រៀមជាស្រេចដើម្បីជួយអ្នក ដូចអ្នកនៅចងចាំការអង្វររបស់ទ្រង់ថា « ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ » ( គ. និង ស. ៦:៣៦ ) ។
ការរស់នៅដោយសេចក្ដីជំនឿ
សេចក្តីជំនឿមានន័យជ្រាលជ្រៅជាងជំនឿអកម្មទៅទៀត ។ អ្នកបង្ហាញសេចក្ដីជំនឿរបស់អ្នកតាមរយៈទង្វើ—តាមរបៀបដែលអ្នករស់នៅ ។
ព្រះអង្គសង្គ្រោះបានមានបន្ទូលសន្យាថា « បើសិនជាអ្នករាល់គ្នាមានសេចក្ដីជំនឿជឿដល់យើង នោះអ្នករាល់គ្នានឹងមានអំណាច ប្រយោជន៍នឹងធ្វើនូវអ្វីៗដែលជាការចំបាច់ដល់យើង » ( មរ៉ូណៃ ៧:៣៣ ) ។ ការមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទអាចជម្រុញឲ្យអ្នកធ្វើតាម គំរូដ៏ល្អឥតខ្ចោះរបស់ទ្រង់ ( សូមមើល យ៉ូហាន ១៤:១២ ) ។ សេចក្តីជំនឿរបស់អ្នកអាចដឹកនាំអ្នកឲ្យធ្វើល្អ ឲ្យគោរពប្រតិបត្តិតាមព្រះបញ្ញត្តិ ហើយប្រែចិត្តពីអំពើបាប ( សូមមើល យ៉ាកុប ២:១៨, នីហ្វៃទី ១ ៣:៧, អាលម៉ា ៣៤:១៧ ) ។ សេចក្តីជំនឿរបស់អ្នកអាចជួយអ្នកឲ្យយកឈ្នះលើការល្បួង ។ អាលម៉ាបានទូន្មានកូនប្រុសរបស់លោកគឺ ហេលេមិន ថា « ចូរបង្រៀនពួកគេឲ្យទប់ទល់នឹងគ្រប់ការល្បួងនៃអារក្ស ដោយសេចក្ដីជំនឿរបស់គេ ជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ » ( អាលម៉ា ៣៧:៣៣ ) ។
ព្រះអម្ចាស់នឹងសម្ដែងអព្ភូតហេតុដ៏អស្ចារ្យទាំងឡាយនៅក្នុងជីវិតរបស់អ្នក អាស្រ័យលើសេចក្តីជំនឿរបស់អ្នក ( សូមមើល នីហ្វៃទី ២ ២៦:១៣ ) ។ សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទជួយអ្នកឲ្យទទួលបានការព្យាបាលខាងវិញ្ញាណ និងខាងសាច់ឈាម តាមរយៈដង្វាយធួនរបស់ទ្រង់ ( សូមមើល នីហ្វៃទី ៣ ៩:១៣–១៤ ) ។ នៅពេលការសាកល្បងកើតឡើង សេចក្តីជំនឿអាចផ្តល់កម្លាំងដល់អ្នកដើម្បីឆ្ពោះទៅមុខ ហើយប្រឈមមុខនឹងទុក្ខលំបាកវេទនាដោយភាពក្លាហាន ។ សូម្បីអនាគតមើលទៅមិនមានភាពច្បាស់លាស់ក្ដី ក៏សេចក្តីជំនឿរបស់អ្នកលើព្រះអង្គសង្គ្រោះអាចផ្តល់ឲ្យអ្នកនូវភាពសុខសាន្តបានដែរ ( សូមមើល រ៉ូម ៥:១, ហេលេមិន ៥:៤៧ ) ។
ការបង្កើនសេចក្ដីជំនឿរបស់អ្នក
សេចក្តីជំនឿគឺជាអំណោយទានមកពីព្រះ ប៉ុន្តែអ្នកត្រូវតែចិញ្ចឹមបីបាច់សេចក្តីជំនឿរបស់អ្នក ដើម្បីធ្វើឲ្យវាកាន់តែរឹងមាំឡើង ។ សេចក្តីជំនឿគឺដូចជាសាច់ដុំដៃរបស់អ្នកដូច្នោះដែរ ។ ប្រសិនបើអ្នកហាត់ប្រាណ វានឹងមានកម្លាំងខ្លាំងឡើង ។ ប្រសិនបើអ្នកទុកវាចោល វានឹងចុះខ្សោយជាមិនខាន ។
អ្នកអាចចិញ្ចឹមបីបាច់ថែរក្សាអំណោយទាននៃសេចក្តីជំនឿរបស់អ្នក ដោយការអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអ្នកបង្ហាញកតវេទិតាទៅកាន់ព្រះវរបិតាសួគ៌ និងនៅពេលអ្នកទូលអង្វរដល់ទ្រង់ សម្រាប់ពរជ័យដែលអ្នក និងអ្នកដទៃត្រូវការ នោះអ្នកនឹងខិតកាន់តែជិតទ្រង់ ។ អ្នកនឹងខិតកាន់តែជិតទៅរកព្រះអង្គសង្គ្រោះ ជាអង្គដែលដង្វាយធួនរបស់ទ្រង់ធ្វើឲ្យអ្នកអាចទូលសូមសេចក្ដីមេត្តាករុណា ( សូមមើល អាលម៉ា ៣៣:១១ ) ។ អ្នកក៏នឹងងាយស្រួលទទួលបានការដឹកនាំដ៏ស្រទន់ពីព្រះវិញ្ញាណបរិសុទ្ធដែរ ។
អ្នកអាចពង្រឹងសេចក្តីជំនឿរបស់អ្នកតាមរយៈការរក្សាព្រះបញ្ញត្តិទាំងឡាយ ។ គឺដូចជាពរជ័យទាំងឡាយដែលមកពីព្រះដែរ នោះសេចក្តីជំនឿអាចទទួលបាន ហើយរីកចម្រើនតាមរយៈការគោរពប្រតិបត្តិផ្ទាល់ខ្លួន និងទង្វើដ៏សុចរិត ។ ប្រសិនបើអ្នកមានបំណងប្រាថ្នាបង្កើនសេចក្តីជំនឿរបស់អ្នក រហូតដល់កម្រិតមួយដ៏ខ្ពស់បំផុតនោះ អ្នកត្រូវតែរក្សាសេចក្តីសញ្ញានានាដែលអ្នកបានធ្វើ ។
អ្នកក៏អាចអភិវឌ្ឍសេចក្តីជំនឿរបស់អ្នកតាមរយៈការសិក្សាព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីថ្ងៃចុងក្រោយបានផងដែរ ។ ព្យាការី អាលម៉ា បានបង្រៀនថា ព្រះបន្ទូលរបស់ព្រះជួយពង្រឹងសេចក្តីជំនឿ ។ លោកបានមានប្រសាសន៍ប្រៀបធៀបព្រះបន្ទូលទៅនឹងគ្រាប់ពូជដូចនេះថា « ការចង់ ជឿ » អាចនាំអ្នកឲ្យ « ទុកកន្លែងមួយ » សម្រាប់ឲ្យគ្រាប់ពូជនោះអាច « ដុះនៅក្នុងចិត្តរបស់អ្នក » ។ នោះអ្នកនឹងនិយាយដោយខ្លួនឯងថា នេះច្បាស់ជាព្រះបន្ទូលល្អ ព្រោះវាចាប់ផ្តើមពង្រីកព្រលឹងរបស់អ្នក មែនហើយ វាចាប់ផ្តើមបំភ្លឺយោបល់របស់អ្នក ។ ការណ៍នេះពង្រឹងសេចក្តីជំនឿរបស់អ្នក ។ ពេលដែលអ្នកបន្តចិញ្ចឹមបីបាច់ព្រះបន្ទូល នៅក្នុងចិត្តរបស់អ្នក « ដោយសេចក្ដីព្យាយាមដ៏ខ្លាំងក្លា និងដោយសេចក្ដីអត់ធន់ ហើយទន្ទឹងចាំផ្លែឈើនោះ នោះវានឹងចាក់ឫស ហើយមើលចុះ វានឹងក្លាយទៅជាដើមមួយ ពន្លកឡើងជាជីវិតដ៏អស់កល្បជានិច្ច » ។ ( សូមមើល អាលម៉ា ៣២:២៦–៤៣ ) ។