« ក្រុមព្រះ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៧៣–៧៤
« ក្រុមព្រះ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ៧៣–៧៤
ក្រុមព្រះ
មាត្រាទីមួយនៃសេចក្ដីជំនឿ ចែងថា « យើងខ្ញុំជឿដល់ព្រះ គឺព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ច និង ដល់ព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ហើយដល់ព្រះវិញ្ញាណបរិសុទ្ធ » ។ ព្រះទាំងបីអង្គនេះបង្កើតបានជាក្រុមព្រះ ។ ទ្រង់ទាំងបីអង្គជាអធិបតីនៅលើពិភពលោកនេះ និងការបង្កបង្កើតផ្សេងៗទៀតរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ។
គោលលទ្ធិពិតនៃក្រុមព្រះទាំងបីអង្គត្រូវបានបាត់បង់នៅក្នុងការក្បត់សាសនា ដែលបានកើតឡើងនៅបន្ទាប់ពីការងារបម្រើរបស់ព្រះអង្គសង្គ្រោះក្នុងជីវិតរមែងស្លាប់ និងការស្លាប់របស់ពួកសាវក ។ គោលលទ្ធិនេះចាប់ផ្តើមស្តារឡើងវិញ នៅពេល យ៉ូសែប ស៊្មីធ ដែលមានអាយុ ១៤ ឆ្នាំ បានទទួលការនិមិត្តដំបូង ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ) ។ យើងដឹងចេញមកពីដំណើររឿងរបស់ព្យាការី អំពីការនិមិត្តដំបូង និង ពីការបង្រៀនផ្សេងៗទៀតរបស់លោកថា សមាជិកនៃក្រុមព្រះបីអង្គគឺជាតួអង្គផ្សេងៗពីគ្នា ។ ព្រះវរបិតា និងព្រះរាជបុត្រាមានព្រះកាយពិតៗ គឺជាព្រះកាយសាច់ និង ឆ្អឹង ហើយព្រះវិញ្ញាណបរិសុទ្ធ គឺជាតួអង្គវិញ្ញាណ ( សូមមើល គ. និង ស. ១៣០:២២ ) ។
ទោះបីជាសមាជិកនៃក្រុមព្រះបីអង្គគឺជាតួអង្គផ្សេងពីគ្នា មានតួនាទីខុសៗគ្នា ប៉ុន្តែទ្រង់ទាំងបីអង្គមានព្រះរាជបំណងតែមួយ និង គោលលទ្ធិតែមួយ ។ ទ្រង់ទាំងបីអង្គរួមសាមគ្គីគ្នាដ៏ឥតខ្ចោះក្នុងការនាំមកនូវផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះវរបិតា ។