« ទុក្ខវេទនា » ពិតចំពោះសេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៨–១១
« ទុក្ខវេទនា » ពិតចំពោះសេចក្ដីជំនឿ ទំព័រ ៨–១១
ទុក្ខវេទនា
ជាផ្នែកនៃផែនការប្រោសលោះរបស់ព្រះវរបិតាសួគ៌ អ្នកត្រូវជួបនូវទុក្ខវេទនាអំឡុងពេលនៃជីវិតរមែងស្លាប់នេះ ។ ការសាកល្បង ការខកចិត្ត ការសោកសៅ ជំងឺ ហើយនឹងការឈឺចិត្ត គឺជាផ្នែកមួយដ៏លំបាកក្នុងជីវិត ប៉ុន្តែវានាំទៅរកការរីកចម្រើនខាងវិញ្ញាណ ការស្អាងឡើង និងការអភិវឌ្ឍពេលអ្នកបែរទៅរកព្រះអម្ចាស់ ។
ទុក្ខវេទនាកើតមកពីប្រភពផ្សេងៗគ្នា ។ ជួនកាលអ្នកអាចប្រឈមមុខនឹងការសាកល្បងដែលជាផលកម្មនៃអំនួតផ្ទាល់ខ្លួន និងការមិនគោរពប្រតិបត្តិ ។ ឧបសគ្គទាំងនេះអាចចៀសវាងបានតាមរយៈការរស់នៅដោយសុចរិត ។ ឧបសគ្គផ្សេងទៀតគឺជាផ្នែកមួយនៃធម្មជាតិក្នុងជីវិត ហើយជួនកាលកើតឡើងក្នុងពេលដែលអ្នករស់នៅដោយសុចរិត ។ ឧទាហរណ៍ អ្នកអាចទទួលបទពិសោធន៍ពីការសាកល្បងទាំងឡាយក្នុងពេលណាមួយដោយជំងឺ ឬភាពមិនច្បាស់លាស់ ឬពេលបាត់បង់មនុស្សដ៏ជាទីស្រឡាញ់ ។ ពេលខ្លះទុក្ខវេទនាកើតមកដោយសារពាក្យសម្តី និងការជ្រើសរើសមិនល្អ និងសកម្មភាពដែលនាំឲ្យអន្តរាយ ។
ការឆ្លើយតបទៅនឹងទុក្ខវេទនាដោយសេចក្ដីជំនឿ
ទាំងពេលនេះ និងពេលដ៏នៅអស់កល្បជានិច្ច ជោគជ័យ និង សុភមង្គលរបស់អ្នកពឹងផ្អែកទាំងស្រុងទៅលើការឆ្លើយតបរបស់អ្នកទៅនឹងការលំបាកនៅក្នុងជីវិត ។
ដំណើររឿងមួយនៅក្នុងព្រះគម្ពីរមរមន បង្ហាញអំពីការឆ្លើយតបផ្សេងៗពីគ្នាចំពោះទុក្ខវេទនា ។ ព្យាការីលីហៃ និងគ្រួសាររបស់លោកបានធ្វើដំណើរក្នុងទីរហោស្ថានអស់រយៈពេលជាច្រើនថ្ងៃ ដោយប្រើប្រាស់ធ្នូ និងព្រួញរបស់ពួកគេ ដើម្បីបរបាញ់សត្វជាអាហារ ។ គ្រួសាររបស់លោកបានជួបប្រទះនឹងការលំបាក គឺពេលដែលកូនប្រុសៗរបស់លីហៃមិនអាចប្រើប្រាស់ព្រួញរបស់ពួកគេបាន ។ ព្រួញរបស់លេមិន និងលេមយួល លែងយឺត ហើយធ្នូរបស់នីហ្វៃបានបាក់ ។ សេចក្ដីស្រេកឃ្លាន និង សេចក្ដីនឿយហត់ បានធ្វើឲ្យលេមិន និងលេមយួល ចាប់ផ្ដើមរអ៊ូរទាំទាស់នឹងព្រះអម្ចាស់ ។ សូម្បីតែលីហៃក៏បានត្អូញត្អែរផងដែរ ។ ប៉ុន្ដែនីហ្វៃមិនបានបាក់ទឹកចិត្តនោះទេ ។ គាត់បានចេញទៅធ្វើការ ។ គាត់បានរ៉ាយរ៉ាប់ថា ៖ « ខ្ញុំនីហ្វៃ បានធ្វើធ្នូពីឈើ ហើយធ្វើព្រួញពីឈើត្រង់ ហេតុដូច្នេះហើយ ខ្ញុំបានប្រដាប់ធ្នូ និងព្រួញដោយចំពាម និង ដោយគ្រួស ។ ហើយខ្ញុំបានសួរឪពុកខ្ញុំថា ៖ តើខ្ញុំត្រូវទៅទីណា ដើម្បីរកអាហារបាន ? » ពួកគេបានមានចិត្តរាបសាដោយសារពាក្យសម្ដីរបស់នីហ្វៃ ហើយលីហៃបានទូលសួរព្រះអម្ចាស់អំពីទីកន្លែងដែលពួកគេអាចទៅស្វែងរកអាហារបាន ។ ព្រះអម្ចាស់បានឆ្លើយការអធិស្ឋានរបស់លោក ហើយបាននាំនីហ្វៃទៅកាន់កន្លែងមួយ ដែលគាត់អាចរកអាហារបាន ។ ( សូមមើល នីហ្វៃទី ១ ១៦:១៥–៣១ ) ។
ពេលដែលមនុស្សមួយចំនួនប្រឈមមុខនឹងទុក្ខវេទនា ពួកគេមានលក្ខណៈដូចជាលេមិន និង លេមយួលដែរ ។ ពួកគេរអ៊ូរទាំ ហើយមានភាពល្វីងជូរចត់ ។ ពួកគេសួរសំណួរដូចជា « ហេតុអ្វីរឿងនេះត្រូវកើតឡើងចំពោះខ្ញុំ ? ហេតុអ្វីខ្ញុំត្រូវរងទុក្ខចំពោះបញ្ហានេះនៅពេលនេះ ? តើខ្ញុំត្រូវធ្វើដូចម្ដេចដើម្បីឲ្យសមនឹងរឿងនេះ ? » ប៉ុន្តែសំណួរទាំងនេះមានអំណាចគ្រប់គ្រងលើគំនិតរបស់ពួកគេ ។ សំណួរនីមួយៗអាចបង្កការលំបាកដល់ការគិតរបស់ពួកគេ ស្រូបយកថាមពល ហើយបង្អាក់ពួកគេមិនឲ្យទទួលបទពិសោធន៍ ដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យពួកគេទទួលយកនោះឡើយ ។ ផ្ទុយទៅវិញ អ្នកត្រូវឆ្លើយតបតាមវិធីនេះ គឺអ្នកគួរតែធ្វើតាមគំរូរបស់នីហ្វៃ ។ ចូរពិចារណាពីការសួរសំណួរដូចជា « តើខ្ញុំត្រូវធ្វើអ្វី ? តើខ្ញុំត្រូវរៀនអ្វីខ្លះចេញមកពីបទពិសោធន៍នេះ ? តើខ្ញុំត្រូវផ្លាស់ប្ដូរអ្វីខ្លះ ? ខ្ញុំត្រូវជួយនរណា ? តើខ្ញុំអាចចងចាំពីពរជ័យជាច្រើននៅគ្រាមានឧបសគ្គបានយ៉ាងដូចម្ដេច ? »
ប្រភេទនៃទុក្ខវេទនាផ្សេងៗគ្នាតម្រូវឲ្យមានការឆ្លើយតបខុសៗគ្នា ។ ឧទាហរណ៍ ប្រសិនបើអ្នកមានការឈឺចាប់ដោយសារជំងឺ ជាធម្មតា អ្នកត្រូវការភាពអត់ធ្មត់ និង សេចក្ដីស្មោះត្រង់ ។ ប្រសិនបើអ្នករងការឈឺចាប់ ដោយសារពាក្យសម្ដី ឬ ទង្វើរបស់មនុស្សដទៃ អ្នកគួរតែខិតខំព្យាយាមអភ័យទោសដល់អ្នកទាំងឡាយដែលបានធ្វើឲ្យអ្នករកាំចិត្ត ។ ប្រសិនបើអ្នករងគ្រោះដោយសាររំលោភបំពាន ចូរស្វែងរកជំនួយជាបន្ទាន់ ។ ប្រសិនបើឧបសគ្គកើតឡើងដោយសារតែការមិនគោរពប្រតិបត្តិផ្ទាល់ខ្លួនរបស់អ្នក នោះអ្នកគួរតែកែប្រែអាកប្បកិរិយា ហើយស្វែងរកការអភ័យទោសដោយភាពរាបសា ។
ទោះជាការឆ្លើយតបរបស់អ្នកចំពោះទុក្ខវេទនានឹងផ្លាស់ប្ដូរក៏ដោយ ក៏ត្រូវតែមានការឆ្លើយតបមួយជានិច្ច—នោះគឺជាការទុកចិត្តលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ព្យាការីអាលម៉ាបានបង្រៀនថា « នរណាដែលដាក់ទីទុកចិត្តរបស់ខ្លួនទៅលើព្រះ អ្នកនោះហើយដែលនឹងបានគាំទ្រនៅក្នុងការពិសោធន៍របស់គេ និងវិបត្តិរបស់គេ និងការទុក្ខវេទនារបស់គេ ហើយនឹងត្រូវបានលើកឡើងនៅថ្ងៃចុងក្រោយ » ( អាលម៉ា ៣៦:៣ ) ។
ការទុកចិត្តលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ
នៅពេលអ្នកទុកចិត្តលើព្រះវរបិតា និង លើព្រះរាជបុត្រា នោះអ្នកទុកចិត្តថា ទ្រង់ស្រឡាញ់អ្នកយ៉ាងឥតខ្ចោះ—ពោលគឺ ទ្រង់សព្វព្រះទ័យឲ្យអ្នកមានភាពរីករាយ ហើយទ្រង់នឹងជួយអ្នកឲ្យរីកចម្រើនខាងវិញ្ញាណ ។ ចូរធ្វើតាមព្រះបញ្ញត្តិ ។ អ្នកព្យាយាមស្គាល់ព្រះឆន្ទៈរបស់ទ្រង់ ហើយធ្វើអ្វីដែលទ្រង់តម្រូវឲ្យអ្នកធ្វើ ទោះជាអ្នកមានបំណងប្រាថ្នាខុសពីទ្រង់ក៏ដោយ ។ ការអធិស្ឋានរបស់អ្នកដើម្បីបានភាពធូរស្បើយ គឺអមមកជាមួយការយល់ដឹងថា ព្រះវរបិតាសួគ៌នឹងមិនដោះស្រាយរាល់បញ្ហាទាំងអស់ភ្លាមៗនោះទេ—ពោល ទ្រង់ទុកពេលឲ្យអ្នករង់ចាំដើម្បីអ្នកអាចបន្តរៀន ហើយរីកចម្រើន ។ តាមរយៈចំណុចទាំងអស់នេះ អ្នករកឃើញការលួងលោមចិត្តនៅក្នុងសេចក្ដីអះអាងដែលថា ព្រះអង្គសង្គ្រោះទ្រង់យល់អំពីឧបសគ្គរបស់អ្នកយ៉ាងឥតខ្ចោះ ។ ជាផ្នែកមួយនៃដង្វាយធួនដ៏និរន្តរបស់ទ្រង់ នោះទ្រង់បានលើកដាក់លើអង្គទ្រង់ « នូវការឈឺចាប់ និងជំងឺរបស់រាស្ត្រទ្រង់ » ។ ទ្រង់បានលើកដាក់លើអង្គទ្រង់ « នូវជំងឺឈឺចាប់របស់ពួកគេ ដើម្បីឲ្យព្រះហឫទ័យទ្រង់បានពោរពេញទៅដោយសេចក្ដីមេត្តាករុណាស្របតាមសាច់ឈាម ដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថាតើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ( អាលម៉ា ៧:១១–១២ ) ។ ដោយសារទ្រង់បានទទួលបទពិសោធន៍នូវការឈឺចាប់របស់អ្នក នោះទ្រង់ជ្រាបដឹងអំពីរបៀបជួយអ្នក ។ ប្រសិនបើអ្នកពឹងផ្អែកលើទ្រង់ដោយសេចក្ដីជំនឿ ទ្រង់នឹងពង្រឹងអ្នកដើម្បីទប់ទល់នឹងរាល់ឧបសគ្គដែលអ្នកជួបប្រទះ ។
កាលអ្នកព្យាយាមទុកចិត្តលើព្រះអម្ចាស់អំឡុងពេលជួបនឹងឧបសគ្គ ចូរចងចាំដំបូន្មានខាងក្រោមដែលបានផ្ដល់ដោយព្យាការី យ៉ូសែប ស៊្មីធ ៖
« អ្នកណាមានចិត្តស្មោះត្រង់ក្នុងសេចក្ដីវេទនា រង្វាន់អ្នកនោះនៅនគរស្ថានសួគ៌ គឺប្រសើរជាង ។
អ្នករាល់គ្នាពុំអាចមើលឃើញដោយភ្នែកធម្មតារបស់អ្នកឡើយ នូវគម្រោងការណ៍នៃព្រះរបស់អ្នកអំពីអ្វីៗទាំងនោះ ដែលត្រូវបានមកនៅពេលក្រោយ និងសិរីល្អដែលត្រូវមកតាមក្រោយ បន្ទាប់ពីមានសេចក្ដីវេទនាដ៏ច្រើន ។
ដ្បិតបន្ទាប់ពីមានការវេទនាដ៏ច្រើន នោះទើបបានព្រះពរ » ( គ. និង ស. ៥៨:២–៤ ) ។
ការស្វែងរកសេចក្ដីសុខសាន្ត និង អំណរពេលមានទុក្ខវេទនា
អ្នករកឃើញសេចក្ដីសុខសាន្ត និងអំណរបាន ទោះជាអ្នកកំពុងតស៊ូពុះពារនូវរាល់ការលំបាក និងភាពសោកសៅក្ដី ។ ព្រះគម្ពីរមរមនមានដំណើររឿងមួយស្ដីពីប្រជាជនសុចរិត ដែលបានរៀនពីសេចក្ដីពិតនេះ ។ ពេលកំពុងរងទុក្ខនៅក្នុងសេវកភាពក្រោមអ្នកគ្រប់គ្រងដ៏ឃោរឃៅ ពួកគេបានថ្វាយដួងចិត្តដល់ព្រះវិញ ( សូមមើល ម៉ូសាយ ២៤:៨–១២ ) ។ ព្រះអម្ចាស់បានមានព្រះបន្ទូលតបដូចនេះ ៖
« ចូរងើបក្បាលឡើង ហើយចូរក្សាន្តចិត្តចុះ ព្រោះយើងដឹងនូវសេចក្ដីសញ្ញាដែលអ្នករាល់គ្នាបានធ្វើជាមួយនឹងយើង ហើយយើងនឹងធ្វើសេចក្ដីសញ្ញាជាមួយនឹងរាស្រ្តយើង ហើយនឹងដោះពួកគេឲ្យរួចផុតពីសេវកភាព ។
យើងនឹងសម្រាលបន្ទុកទាំងឡាយ ដែលដាក់នៅលើស្មាអ្នកផង ហើយសូម្បីតែរូបអ្នកក៏នឹងមិនអាចចាប់អារម្មណ៍ថា មានបន្ទុកទាំងនោះនៅលើខ្នងអ្នកឡើយ ទោះនៅពេលអ្នកជាប់នៅក្នុងសេវកភាពក្ដី ហើយយើងនឹងធ្វើការនេះ ដើម្បីឲ្យអ្នករាល់គ្នា អាចឈរជាសាក្សីដល់យើងពីអំណិះតទៅ ហើយដើម្បីឲ្យអ្នករាល់គ្នាអាចដឹងជាពិតប្រាកដថា ព្រះអម្ចាស់ដ៏ជាព្រះមករករាស្ត្រយើងក្នុងពេលគេស្ថិតក្នុងសេចក្ដីវេទនា » ( ម៉ូសាយ ២៤:១៣–១៤ ) ។
ប្រជាជនបានឆ្លើយតបដោយសេចក្ដីជំនឿ ហើយ « បន្ទុកទាំងឡាយដែលដាក់នៅលើ[ ពួកគេ ] ត្រូវបានសម្រាលទៅ មែនហើយ ព្រះអម្ចាស់ទ្រង់បានចម្រើនកម្លាំងឲ្យគេ ដើម្បីឲ្យគេអាចទ្របន្ទុកទាំងឡាយរបស់គេបានងាយ ហើយពួកគេបានធ្វើតាមអស់ទាំងព្រះហឫទ័យនៃព្រះអម្ចាស់ » ( ម៉ូសាយ ២៤:១៥ ) ។
ដូចជាប្រជាជនសុចរិតទាំងនេះដែរ អ្នកអាច « ធ្វើតាមអស់ទាំងព្រះហឫទ័យនៃព្រះអម្ចាស់ ដោយការរីករាយ និងដោយការអត់ធន់ » ដោយដឹងថា ទ្រង់នឹងពង្រឹងអ្នកក្នុងឧសគ្គរបស់អ្នក ។ ទ្រង់បានមានបន្ទូលសន្យាថា « គ្រប់ការណ៍ទាំងអស់ដែលអ្នកត្រូវបានរងទុក្ខ នោះនឹងផ្សំគ្នាសម្រាប់សេចក្ដីល្អដល់អ្នក និងដល់សិរីល្អរបស់ព្រះនាមយើង » ( គ. និង ស. ៩៨:៣ ) ។