ធនធាន​ផ្សេង​ទៀត
ការប្រែចិត្ត​ជឿ


« ការប្រែចិត្ត​ជឿ » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៤០–៤៣

« ការប្រែចិត្ត​ជឿ » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ៤០–៤៣

ការប្រែចិត្ត​ជឿ

សាវក​ប៉ុល​បាន​ប្រកាស​ថា « គំនិត​ខាង​សាច់ឈាម​នោះ​ជា​សេចក្តីស្លាប់​ទទេ ឯ​គំនិត​នៃ​វិញ្ញាណ នោះ​ទើប​ជា​ជីវិត និង​សេចក្តី​សុខសាន្ត​វិញ » ( រ៉ូម ៨:៦ សូម​មើល​ផងដែរ នីហ្វៃទី ២ ៩:៣៩ ) ។ នៅ​ក្នុង​ស្ថានភាព​ធ្លាក់​ចុះ​របស់​យើង យើង​តែងតែ​ពុះពារ​ជាមួយ​សេចក្តីល្បួង ហើយ​នៅ​ពេល​ខ្លះ យើង​បណ្តោយ​ខ្លួន​ឲ្យ​ធ្លាក់​ទៅ​ក្នុង « អំណាច​នៃ​វិញ្ញាណ​អារក្ស​ឲ្យ​ចាប់​ឃុំឃាំង​ដើម្បី​នាំ​កូន​ចុះ​ទៅ​ស្ថាននរក » ( នីហ្វៃទី ២ ២:២៩, សូម​មើល​ផងដែរ « ការធ្លាក់ » ទំព័រ ៥៦–៥៩ នៅ​ក្នុង​សៀវភៅ​នេះ ) ។ ដើម្បី​យើង​អាច​មាន​លទ្ធិភាព​ទទួលបាន ពរជ័យ​ដែល​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច យើង​ត្រូវតែ​មាន « គំនិត​នៃ​ព្រះវិញ្ញាណ » និង​ច្បាំង​ដណ្តើម​យក​បំណង​ប្រាថ្នា​របស់​យើង ។ យើង​ត្រូវតែ​ផ្លាស់ប្ដូរ ។ ពោល​ឲ្យ​កាន់តែ​ច្បាស់ យើង​ចាំបាច់​ត្រូវតែ ផ្លាស់ប្ដូរ ឬ ប្រែចិត្តជឿ តាមរយៈ​ព្រះចេស្ដា​នៃ​ដង្វាយធួន និង តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ដំណើរការ​នេះ​ត្រូវបាន​ហៅ​ថា ការប្រែចិត្ត​ជឿ ។

ការប្រែចិត្ត​ជឿ​រួម​មាន​ការផ្លាស់ប្តូរ​ឥរិយាបទ ប៉ុន្តែ​វា​មិន​គ្រាន់តែ​ជា​ឥរិយាបថ​ប៉ុណ្ណោះ​ទេ វា​គឺ​ជា​ការផ្លាស់ប្ដូរ​រាល់​និស្ស័យ​របស់​យើង ។ វា​គឺ​ជា​ការផ្លាស់ប្តូរ​យ៉ាង​ចាំបាច់​មួយ​ដែល​ព្រះអម្ចាស់ និង​ពួក​ព្យាការី​របស់​ទ្រង់​ចាត់ទុក​ថា​ជា​ការចាប់កំណើត​ជា​ថ្មី ការផ្លាស់ប្តូរ​ដួងចិត្ត និង ពិធីបុណ្យជ្រមុជ​ដោយ​ភ្លើង ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ដូចនេះ ៖

« ចូរ​កុំ​ស្ញប់ស្ញែង​ថា មនុស្ស​លោក​ទាំងអស់ មែន​ហើយ ទាំង​ប្រុស​ទាំង​ស្រី គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន ត្រូវ​តែ​កើត​ម្ដង​ទៀត​ឡើយ មែនហើយ គឺ​កើត​មក​ពី​ព្រះ ផ្លាស់ប្រែ​ពី​ស្ថានភាព​ខាងរូបកាយ និង​ខាង​ការធ្លាក់​ទៅ​កាន់​ស្ថានភាព​នៃ​សេចក្ដីសុចរិត​វិញ ដោយ​បាន​ព្រះ​ទ្រង់​ប្រោសលោះ នោះ​នឹង​ក្លាយ​ទៅ​ជា​បុត្រាបុត្រី​របស់​ទ្រង់

ម្ល៉ោះហើយ ពួក​គេ​ក្លាយ​ទៅ​ជា​សត្វ​លោក​ថ្មី ហើយ​លើក​លែងតែ​ពួក​គេ​ធ្វើ​យ៉ាង​នេះ នោះ​ពួក​គេ​ពុំ​អាច​គ្រង​នគរ​ព្រះ​ទុកជា​មរតក​បាន​ឡើយ » ( ម៉ូសាយ ២៧:២៥–២៦ ) ។

ដំណើរការ​នៃ​ការប្រែចិត្តជឿ

ការប្រែចិត្តជឿ​គឺជា​ដំណើរការ​ហើយ​មួយ មិនមែន​ជា​ព្រឹត្តិការណ៍​មួយ​ទេ ។ អ្នក​នឹង​ប្រែចិត្តជឿ​ដែល​ជា​លទ្ធផល​មក​ពី​កិច្ចប្រឹងប្រែង​ដ៏​សេចក្តីសុចរិត​របស់​អ្នក​ដើម្បី​ដើរតាម​ព្រះអង្គសង្គ្រោះ ។ កិច្ចប្រឹងប្រែង​ទាំងនេះ​រួមមាន​ការអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត​ពី​អំពើបាប ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ទទួល​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ និង​កាន់ខ្ជាប់​ដរាប​ដល់​ទីបំផុត​ក្នុង​សេចក្តីជំនឿ ។

ថ្វីបើ​ការប្រែចិត្ត​ជឿ​ជា​រឿង​ប្រកប​ដោយ​អព្ភូតហេតុ និង ការផ្លាស់ប្ដូរ​ជីវិត​ក្ដី ក៏​វា​គឺ​ជា​អព្ភូតហេតុ​ដ៏​ស្ងប់ស្ងាត់​មួយ​ដែរ ។ ការជួប​នឹង​ទេវតា និង ហេតុការណ៍​ដ៏​អព្ភូតហេតុ​នានា​មិន​នាំ​មក​នូវ​ការប្រែចិត្តជឿ​នោះ​ទេ ។ សូម្បីតែ​អាលម៉ា ដែល​បាន​ឃើញ​ទេវតា ក៏​បាន​ប្រែចិត្តជឿ​តែ​បន្ទាប់​ពី « បាន​តមអាហារ ហើយ​បាន​អធិស្ឋាន​ជា​ច្រើន​ថ្ងៃ » ដើម្បី​ទទួល​បាន​សាក្សី​បញ្ជាក់​ពី​សេចក្ដីពិត​ដែរ ( អាលម៉ា ៥:៤៦ ) ។ ចំណែក ប៉ុល ដែល​បាន​ឃើញ​ព្រះអង្គសង្គ្រោះ​ដ៏​មាន​ព្រះជន្ម​រស់ឡើងវិញ​បាន​បង្រៀន​ថា « គ្មាន​អ្នកណា​អាច​ដឹង​ថា ព្រះយេស៊ូវ​ទ្រង់​ជា​ព្រះអម្ចាស់​ដែរ លើក​តែ​ដោយ​នូវ​ព្រះវិញ្ញាណបរិសុទ្ធ​ប៉ុណ្ណោះ » ( កូរិនថូស ទី១ ១២:៣ ) ។

ដោយសារតែ​ការប្រែចិត្តជឿ​គឺជា​ដំណើរការ​ដ៏​ស្ងប់ស្ងាត់ និង​ខ្ជាប់ខ្ជួន អ្នក​ប្រហែលជា​បាន​ប្រែចិត្តជឿ​ដោយ​មិន​ដឹង​ខ្លួន​ស្រេច​ទៅ​ហើយ​នៅ​ពេល​នេះ ។ អ្នក​អាច​មាន​លក្ខណៈ​ដូច​ប្រជាជន​លេមិន​ដែល « ដោយ​សារ​សេចក្ដី​ជំនឿ​របស់​ពួក​គេ​ជឿ​ដល់ [ ព្រះគ្រីស្ទ ] នៅ​ក្នុង​ពេល នៃ​ការប្រែចិត្ត​ជឿ​របស់​គេ នោះ​ត្រូវបាន​ទទួល​បុណ្យជ្រមុជ​ដោយ​ភ្លើង និង​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​ពួកគេ​ពុំ​បាន​ដឹង​ទេ » ( នីហ្វៃទី ៣ ៩:២០ ) ។ ការបន្ត​ការខិតខំ​ប្រឹងប្រែង​របស់​អ្នក​នៅ​ក្នុង​ការអនុវត្ត​សេចក្តីជំនឿ និង​ការដើរតាម​ព្រះអង្គសង្គ្រោះ នឹង​ដឹកនាំ​អ្នក​ទៅ​រក​ការប្រែចិត្តជឿ​កាន់តែ​ប្រសើរ​ជាង​មុន ។

ចរិតលក្ខណៈ​នៃ​មនុស្ស​ដែល​បាន​ប្រែចិត្តជឿ

ព្រះគម្ពីរ​មរមន​ផ្ដល់​នូវ​ការពិពណ៌នា​អំពី​មនុស្ស​ដែល​បាន​ប្រែចិត្តជឿ​លើ​ព្រះអម្ចាស់ ៖

ពួកគេ​មាន​បំណង​ចង់​ប្រព្រឹត្ត​អំពើ​ល្អ ។

ប្រជាជន​របស់​ស្តេច​បេនយ៉ាមីន បាន​ស្រែក​ឡើង​ថា « ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ដ៏​មាន​គ្រប់​ព្រះចេស្ដា … បាន​នាំ​មក​នូវ​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​ដល់​ពួក​យើង ឬ​ក៏​នៅ​ក្នុង​ចិត្ត​យើង​ខ្ញុំ ដែល​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើ​ល្អ​ជានិច្ច​វិញ » ( ម៉ូសាយ ៥:២ ) ។ អាលម៉ា​បាន​មាន​ប្រសាសន៍​អំពី​ប្រជាជន​ដែល « ពុំ​អាច​សម្លឹង​មើល​អំពើ​បាប​ទៀត​ឡើយ លើក​លែង​តែ​មើល​ដោយ​ស្អប់​ខ្ពើម​ប៉ុណ្ណោះ » ( អាលម៉ា ១៣:១២ ) ។

ពួកគេ​មិន​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់​ឡើយ ។

មរមន​បាន​ប្រាប់​អំពី​ពួក​សាសន៍​លេមិន​មួយ​ក្រុម ដែល​បាន​ធ្វើ​អំពើទុច្ចរិត និង​ដែល​ស្រេកឃ្លាន​ឈាម ប៉ុន្តែ​ជា​អ្នក​ដែល​បាន « បាន​ប្រែចិត្តជឿ​ដល់​ព្រះអម្ចាស់ » ( អាលម៉ា ២៣:៦ ) ។ ប្រជាជន​ទាំងនេះ​បាន​ផ្លាស់ប្ដូរ​ឈ្មោះ​របស់​ពួកគេ​ទៅ​ជា​អាន់តៃ-នីហ្វៃ-លីហៃ ហើយ « បាន​ក្លាយ​ទៅ​ជា​ប្រជាជន​មួយ​ដ៏​សុចរិត ពួកគេ​បាន​ដាក់​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់​គេ​ចុះ ដែល​កុំ​ឲ្យ​ពួក​គេ​ប្រយុទ្ធ​នឹង​ព្រះ ឬ​តតាំង​នឹង​បង​ប្អូន​របស់​គេ​ទៀត​ឡើយ » ( អាលម៉ា ២៣:៧ ) ។

ពួកគេ​ចែកចាយ​ដំណឹងល្អ ។

អេណុស អាលម៉ា​ជា​ឪពុក អាលម៉ា​ជា​កូន បុត្រា​ទាំងអស់​របស់​ម៉ូសាយ អាមូលេក និង ស៊ីអែសរ៉ុម បាន​ថ្វាយ​ខ្លួន​របស់​ពួកគេ​ដើម្បី​ប្រកាស​ដំណឹងល្អ បន្ទាប់​ពី​ពួកគេ​បាន​ប្រែចិត្តជឿ​លើ​ព្រះអម្ចាស់ ( សូម​មើល អេណុស ១:២៦, ម៉ូសាយ ១៨:១, ២៧:៣២–៣៧, អាលម៉ា ១០:១–១២, ១៥:១២ ) ។

ពួកគេ​ពោរពេញ​ទៅ​ដោយ​សេចក្តីស្រឡាញ់ ។

បន្ទាប់​ពី​ព្រះអង្គសង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ​បាន​យាង​ទៅ​ជួប​ប្រជាជន​នៅ​ទ្វីប​អាមេរិក « ប្រជាជន​ទាំងអស់ បាន​ប្រែចិត្តជឿ​ដល់​ព្រះអម្ចាស់ គឺ​នៅ​លើ​ផ្ទៃ​ដែនដី​ទាំងអស់ ទាំង​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​ផង ហើយ​គ្មាន​ការទាស់ទែង​ខ្វែង​គំនិត​គ្នា​រវាង​ពួក​គេ​ឡើយ ហើយ​មនុស្ស​គ្រប់​រូប​មាន​ការទាក់ទង​គ្នា​យ៉ាង​ត្រឹមត្រូវ ។ …

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គ្មាន​ការ​ទាស់ទែង​គ្នា​នៅ​ក្នុង​ដែនដី​ឡើយ ដោយ​ព្រោះ​មក​ពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដែល​បាន​ស្ថិតនៅ​ក្នុង​ចិត្ត​របស់​មនុស្ស ។

ហើយ​ពុំ​មាន​ការឈ្នានីស ការទាស់ទែងគ្នា ការច្របូកច្របល់ ការសហាយស្មន់ ការភូតកុហក ការកាប់សម្លាប់ ឬ​ក៏​អំពើ​អាសអាភាស​ណាមួយ​ឡើយ ហើយ​ពិតជា​គ្មាន​ប្រជាជន​ណា ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​ដែល​បាន​ត្រូវ​បង្កើត​ដោយ​ព្រះហស្ត​នៃ​ព្រះ​ឡើយ ។

គ្មាន​ចោរប្លន់ គ្មាន​ឃាតករ ហើយ​ក៏​គ្មាន​ចែក​ទៅ​ជា​ពួក​លេមិន ឬ​ពួក​ណា​ផ្សេង​ទៀត​ឡើយ តែ​គេ​ទាំង​អស់​គ្នា​ទៅ​ជា​រូប​មួយ គឺជា​កូន​ចៅ​នៃ​ព្រះគ្រីស្ទ និង​ជា​អ្នក​គ្រង​នគរ​ព្រះ​ទុកជា​មរតក » ( នីហ្វៃទី ៤ ១:២, ១៥–១៧ ) ។

ការខិតខំ​ឲ្យ​មាន​ការប្រែចិត្តជឿ​កាន់តែ​ខ្លាំង

អ្នក​មាន​ការទទួលខុសត្រូវ​ចម្បង​ចំពោះ​ការប្រែចិត្តជឿ​ផ្ទាល់ខ្លួន​របស់​អ្នក ។ គ្មាន​នរណាម្នាក់​អាច​ប្រែចិត្ត​ជឿ​ឲ្យ​អ្នក​បាន​ទេ ហើយ​គ្មាន​នរណាម្នាក់​អាច​បង្ខំ​អ្នក​ឲ្យ​ប្រែចិត្ត​ជឿ​បាន​ឡើយ ។ ប៉ុន្ដែ មនុស្ស​ដទៃ​អាច​ជួយ​អ្នក​នៅ​ក្នុង​ដំណើរការ​ប្រែចិត្តជឿ​បាន ។ សូម​រៀន​មក​ពី​គំរូ​ដ៏​សុចរិត​នានា​របស់​សមាជិក​គ្រួសារ អ្នក​ដឹកនាំ និង​គ្រូបង្រៀន​ក្នុង​សាសនាចក្រ ព្រមទាំង​បុរស និង​ស្ដ្រី​នៅ​ក្នុង​ព្រះគម្ពីរ ។

សមត្ថភាព​របស់​អ្នក​ដើម្បី​ទទួល​បាន​បទពិសោធន៍​នៃ​ការផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​ក្នុង​ដួងចិត្ត​នឹង​កើនឡើង កាល​អ្នក​ខិតខំ​ធ្វើតាម​គំរូ​ដ៏​ឥតខ្ចោះ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​សិក្សា​ព្រះគម្ពីរ អធិស្ឋាន​ដោយ​សេចក្ដីជំនឿ កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ហើយ​ស្វែងរក​ភាពជាដៃគូ​ដ៏​ជាប់លាប់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ កាល​ដែល​អ្នក​ព្យាយាម​បន្ត​ធ្វើតាម​ដំណើរការ​នៃ​ការប្រែចិត្តជឿ នោះ​អ្នក​នឹង​ទទួលបាន « សេចក្ដី​អំណរ​ដ៏​ធំ​ជា​អតិបរមា » ដូច​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន​បាន​មាន គឺ​នៅ​ពេល​ដែល​ព្រះវិញ្ញាណ « បាន​នាំ​មក​នូវ​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​ដល់ [ ពួកគេ ] » ( សូម​មើល ម៉ូសាយ ៥:២, ៤ ) ។ អ្នក​នឹង​អាច​ធ្វើតាម​ព្រះឱវាទ​របស់​ស្ដេច​បេនយ៉ាមីន ដែល​មាន​បន្ទូល​ឲ្យ « តាំង​ចិត្ត​ឲ្យ​ខ្ជាប់ខ្ជួន ហើយ​នឹងន គឺ​ពោរពេញ​ទៅ​ដោយ​អំពើ​ល្អ​ជា​និច្ច ដើម្បី​ឲ្យ​ព្រះគ្រីស្ទ ដែល​ជា​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ដែល​មាន​គ្រប់​ព្រះចេស្ដា ទ្រង់​បាន​ភ្ជាប់​អ្នក​ទុកជា​របស់​ផង​ទ្រង់ ដើម្បី​ឲ្យ​អ្នក​បាន​នាំ​ទៅ​កាន់​ស្ថានសួគ៌ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដីសង្គ្រោះ​ដ៏​អស់កល្ប​ជានិច្ច និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( ម៉ូសាយ ៥:១៥ ) ។