« ការគ្រប់គ្រងសាសនាចក្រ » ពិតចំពោះសេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៣៤–៣៧
« ការគ្រប់គ្រងសាសនាចក្រ » ពិតចំពោះសេចក្ដីជំនឿ ទំព័រ ៣៤–៣៧
ការគ្រប់គ្រងសាសនាចក្រ
ព្រះយេស៊ូវគ្រីស្ទគង់ជាព្រះសិរសានៃសាសនាចក្រ ។ បេសកកម្មនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺដើម្បីជួយមនុស្សទាំងអស់ឲ្យមកឯទ្រង់ ( សូមមើល មរ៉ូណៃ ១០:៣២ ) ។ ដើម្បីបំពេញបេសកកម្មនេះ សាសនាចក្រត្រូវបានរៀបចំឡើងស្របតាមគំរូ ដែលបានត្រាស់សម្ដែងដោយព្រះអម្ចាស់ « ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ … ទាល់តែយើងរាល់គ្នា បានរួបរួមខាងឯសេចក្តីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ ( អេភេសូ ៤:១២–១៣, សូមមើលផងដែរ ខទី ១១ ) ។ គម្រោងខាងក្រោមសង្ខេបពីការរៀបចំរបស់សាសនាចក្រ ។
គេហដ្ឋាន និង ក្រុមគ្រួសារ
ក្រុមគ្រួសារគឺជាអង្គភាពមួយដ៏សំខាន់នៅក្នុងសាសនាចក្រ ហើយគេហដ្ឋានគឺជាទីកន្លែងមួយដ៏សំខាន់បំផុតសម្រាប់ការសិក្សាដំណឹងល្អ ។ គ្មានអង្គការណាផ្សេងទៀត ដែលអាចជំនួសឲ្យក្រុមគ្រួសារបានឡើយ ។ ទោះជានៅពេលដែលសាសនាចក្របន្តរីកចម្រើនក្ដី គោលបំណងរបស់សាសនាចក្រ គឺដើម្បីគាំទ្រ និង ពង្រឹងដល់ក្រុមគ្រួសារ និង បុគ្គលម្នាក់ៗ នៅក្នុងកិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីរស់នៅតាមដំណឹងល្អ ។
ការគ្រប់គ្រងទូទៅ
ព្រះអម្ចាស់ដឹកនាំរាស្ត្រនៃសេចក្តីសញ្ញារបស់ទ្រង់សព្វថ្ងៃនេះតាមរយៈប្រធានសាសនាចក្រ ជាអ្នកដែលយើងគាំទ្រជា ព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ ។ ប្រធានសាសនាចក្រ ធ្វើអធិបតីលើសាសនាចក្រទាំងមូល ។ លោក និង ទីប្រឹក្សារបស់លោក ដែលជាព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ បង្កើតបានជាគណៈប្រធានទីមួយ ។
សមាជិកទាំងឡាយក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ក៏ជាព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈដែរ ។ ដោយធ្វើការអមជាមួយនឹងគណៈប្រធានទីមួយ ពួកលោកទាំងអស់គ្នាគឺជា « សាក្សីដ៏ពិសេសចំពោះព្រះនាមនៃព្រះគ្រីស្ទ នៅក្នុងពិភពលោកទាំងមូល » ( គ. និង ស. ១០៧:២៣ ) ។ ពួកលោកធ្វើកិច្ចការក្រោមការដឹកនាំរបស់គណៈប្រធានទីមួយដើម្បី « សាងសាសនាចក្រឡើង ហើយកាន់កាប់គ្រប់ទាំងកិច្ចការនៃសាសនាចក្រនៅគ្រប់សាសន៍ » ( គ. និង ស. ១០៧:៣៣ ) ។ ពួកលោក « បើកទ្វារ [ ដល់អស់ទាំងជាតិសាសន៍ ] ដោយប្រកាសប្រាប់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ » ( គ. និង ស. ១០៧:៣៥ ) ។
សមាជិកក្នុងកូរ៉ុមនៃពួកចិតសិបនាក់ ត្រូវបានហៅឲ្យប្រកាសប្រាប់អំពីដំណឹងល្អ និង ស្ថាបនាសាសនាចក្រឡើង ។ ពួកលោកធ្វើកិច្ចការនៅក្រោមការដឹកនាំរបស់ពួកសាវកដប់ពីរនាក់ និង ក្រោមការដឹកនាំរបស់ ពួកបងប្អូសប្រុសទាំងប្រាំពីរនាក់ ដែលត្រូវបានហៅឲ្យបម្រើជាគណៈប្រធានពួកចិតសិបនាក់ ។ សមាជិកទាំងឡាយក្នុងកូរ៉ុមទីមួយ និង ទីពីរនៃពួកចិតសិបនាក់ ត្រូវបានជ្រើសតាំងឲ្យធ្វើជាអ្នកមានសិទ្ធិអំណាចទូទៅ ហើយពួកលោកអាចត្រូវបានហៅឲ្យបម្រើនៅគ្រប់ទីកន្លែងទាំងអស់លើពិភពលោក ។
ប៊ីស្សពជាគណៈអធិបតី គឺជាគណៈប្រធានបព្វជិតភាពអើរ៉ុនទូទាំងសាសនាចក្រ ។ ប៊ីស្សពជាគណៈអធិបតី ព្រមទាំងទីប្រឹក្សាទាំងពីររូបរបស់លោកបម្រើនៅក្រោមការដឹកនាំរបស់គណៈប្រធានទីមួយ ដើម្បីគ្រប់គ្រងកិច្ចការអាណាចក្ររបស់សាសនាចក្រ ។
អង្គការយុវជន សមាគមសង្គ្រោះ យុវនារី បឋមសិក្សា និង សាលាថ្ងៃអាទិត្យ សុទ្ធតែមានគណៈប្រធានទូទៅទូទាំងសាសនាចក្រ ដើម្បីផ្តល់ការណែនាំ និងការដឹកនាំ ។
ការគ្រប់គ្រងតាមតំបន់
តំបន់មួយគឺជាការបែងចែកភូមិសាស្ត្រមួយយ៉ាងធំនៅក្នុងសាសនាចក្រ ។ គណៈប្រធានទីមួយចាត់តាំងគណៈប្រធានពួកចិតសិបនាក់ឲ្យធ្វើការដឹកនាំដោយផ្ទាល់ លើតំបន់ដែលបានជ្រើសរើសមួយចំនួននៃសាសនាចក្រ ក្រោមការដឹកនាំពីពួកសាវកដប់ពីរនាក់ ។ នៅតាមតំបន់ផ្សេងៗទៀតនៃសាសនាចក្រ គណៈប្រធានទីមួយចាត់តាំងគណៈប្រធានតំបន់ឲ្យធ្វើជាអធិបតី ។ គណៈប្រធានតំបន់រួមមានប្រធានមួយរូប ដែលត្រូវបានចាត់តាំងដោយគណៈប្រធានកូរ៉ុមទីមួយ ឬ កូរ៉ុមទីពីរនៃពួកចិតសិបនាក់ និងមានទីប្រឹក្សាពីររូប ដែលអាចនឹងត្រូវបានចាត់តាំងចេញពីកូរ៉ុមនៃពួកចិតសិបនាក់ ។ គណៈប្រធានតំបន់បម្រើនៅក្រោមការដឹកនាំពីគណៈប្រធានទីមួយ កូរ៉ុមនៃពួកដប់ពីរនាក់ និងគណៈប្រធានពួកចិតសិបនាក់ ។
ពួកបងប្អូនប្រុសមួយចំនួនត្រូវបានតែងតាំងជាតំណែងពួកចិតសិបនាក់ ប៉ុន្តែពុំបម្រើជាអ្នកមានសិទ្ធិអំណាចទូទៅឡើយ ។ ពួកលោកត្រូវបានហៅថា ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចប្រចាំតំបន់ ហើយពួកលោកត្រូវបានចាត់តាំងទៅកាន់កូរ៉ុមទាំងឡាយ ក្រៅពីកូរ៉ុមទីមួយ ឬកូរ៉ុមទីពីរនៃពួកចិតសិបនាក់ អាស្រ័យទៅលើទីតាំងភូមិសាស្ត្រ ។ ដែនសមត្ថកិច្ចរបស់ពួកលោកត្រូវបានកំណត់ទៅកាន់តំបន់ទូទៅនៅកន្លែងដែលពួកលោករស់នៅ ។ ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចប្រចាំតំបន់មួយចំនួន បម្រើនៅក្នុងគណៈប្រធានតំបន់ ។
ការគ្រប់គ្រងក្នុងមូលដ្ឋាន
វួដ និង សាខា
សមាជិកសាសនាចក្រត្រូវបានរៀបចំជាក្រុមជំនុំនានា ដែលជួបជុំគ្នាយ៉ាងញឹកញាប់ ដើម្បីជាការកែលម្អខាងវិញ្ញាណ និង ខាងសង្គម ។ ក្រុមជំនុំធំៗត្រូវបានហៅថា វួដ ។ វួដនីមួយៗត្រូវបានគ្រប់គ្រងដោយប៊ីស្សពមួយរូប ដោយមានការជួយជ្រោមជ្រែងពីទីប្រឹក្សាពីររូប ។
ក្រុមជំនុំតូចៗត្រូវបានហៅថា សាខា ។ សាខានីមួយៗត្រូវបានគ្រប់គ្រងដោយប្រធានសាខាមួយរូប ដោយមានការជួយជ្រោមជ្រែងពីទីប្រឹក្សាពីររូប ។ យ៉ាងហោចណាស់ សាខាមួយអាចត្រូវបានបង្កើតឡើង បើមានសមាជិកពីរគ្រួសាររស់នៅក្នុងតំបន់មួយ ហើយក្នុងចំណោមសមាជិកទាំងពីរគ្រួសារនោះ មានបុរសម្នាក់ជាអ្នកកាន់បព្វជិតភាពមិលគីស្សាដែកដែលសក្តិសមម្នាក់ ឬសង្ឃដែលសក្តិសមម្នាក់នៅក្នុងបព្វជិតភាពអើរ៉ុន ។ គណៈប្រធានស្តេក គណៈប្រធានបេសកកម្ម ឬគណៈប្រធានមណ្ឌលរៀបចំ និងគ្រប់គ្រងលើសាខាទាំងឡាយ ។ សាខាមួយអាចអភិវឌ្ឍទៅជាវួដបាន លុះត្រាតែវាមានទីតាំងនៅក្នុងស្ដេក ។
វួដ ឬសាខានីមួយៗគ្របដណ្តប់លើតំបន់ភូមិសាស្ត្រមួយយ៉ាងជាក់លាក់ ។ ការរៀបចំផ្សេងៗនៅក្នុងវួដ ឬសាខាផ្តល់ជាជំនួយដល់កិច្ចការរបស់ព្រះអម្ចាស់មានដូចជា ៖ កូរ៉ុមសង្ឃជាន់ខ្ពស់ កូរ៉ុមអែលឌើរ សមាគមសង្គ្រោះសម្រាប់ស្ត្រីដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ កូរ៉ុមបព្វជិតភាពអើរ៉ុនសម្រាប់យុវជនដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ កម្មវិធីយុវនារីសម្រាប់យុវនារីដែលមានអាយុ ១២ ឆ្នាំដល់ ១៧ ឆ្នាំ អង្គការបឋមសិក្សាសម្រាប់កុមារដែលមានអាយុ ១៨ ខែ ដល់ ១១ ឆ្នាំ និងថ្នាក់សាលាថ្ងៃអាទិត្យសម្រាប់សមាជិកសាសនាចក្រទាំងអស់ដែលមានអាយុពី ១២ ឆ្នាំឡើងទៅ ។ អង្គការនីមួយៗទាំងនេះបំពេញតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀនដំណឹងល្អ ផ្ដល់ការបម្រើ ហើយគាំទ្រដល់ឪពុកម្តាយទាំងឡាយចំពោះករណីយកិច្ចដ៏ពិសិដ្ឋដើម្បីជួយកូនចៅរបស់ពួកគេឲ្យប្រែចិត្តជឿទៅលើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ អង្គការទាំងនេះក៏ធ្វើការរួមគ្នាផងដែរ ដើម្បីជួយសមាជិក ឲ្យចែកចាយដំណឹងល្អជាមួយមនុស្សដទៃផងដែរ ។
ស្តេក បេសកកម្ម និង មណ្ឌល ។
តំបន់ភូមិសាស្ត្រភាគច្រើនដែលជាកន្លែងសាសនាចក្ររៀបចំឡើង ត្រូវបានបែងចែកជាស្តេក ។ ពាក្យ ស្តេក បានមកពីព្យាការី អេសាយ ដែលបានព្យាករថា សាសនាចក្រនៅថ្ងៃចុងក្រោយនឹងដូចជាត្រសាលមួយដែលត្រូវបានការពារដោយចំរឹងទាំងឡាយ ( សូមមើល អេសាយ ៣៣:២០, ៥៤:២ ) ។ ធម្មតា មានវួដ ឬសាខា ៥ ទៅ ១២ នៅក្នុងស្តេកមួយ ។ ស្តេកនីមួយៗត្រូវបានគ្រប់គ្រប់ដោយប្រធានស្តេកមួយរូប ដោយមានការជួយជ្រោមជ្រែងដោយទីប្រឹក្សាពីររូប ។ ប្រធានស្តេករាយការណ៍ ហើយទទួលការដឹកនាំពីគណៈប្រធានពួកចិតសិបនាក់ ឬ គណៈប្រធានតំបន់ ។
បេសកកម្មគឺជាអង្គភាពមួយនៃសាសនាចក្រ ដែលជាធម្មតាគ្របដណ្តប់លើតំបន់ធំជាងស្តេក ។ បេសកកម្មនីមួយៗត្រូវបានមើលខុសត្រូវដោយប្រធានបេសកកម្មដោយមានការជួយជ្រោមជ្រែងពី ទីប្រឹក្សាពីររូប ។ ប្រធានបេសកកម្មទទួលខុសត្រូវដោយផ្ទាល់ចំពោះអ្នកមានសិទ្ធិអំណាចទូទៅ ។
គឺដូចជាសាខាដែលមានទម្រង់តូចជាងវួដដែរ នោះមណ្ឌលមានទម្រង់តូចជាងស្តេក ។ មណ្ឌលមួយត្រូវបានបង្កើតឡើង ពេលដែលមានចំនួនសាខាគ្រប់គ្រាន់ដែលមានទីតាំងនៅក្នុងតំបន់ ដើម្បីធ្វើឲ្យមានភាពងាយស្រួលក្នុងទំនាក់ទំនង និងក្នុងការធ្វើដំណើរទៅចូលរួមប្រជុំនានារបស់មណ្ឌល ។ ប្រធានមណ្ឌលមួយរូបត្រូវបានហៅឲ្យធ្វើអធិបតីលើមណ្ឌល ដោយមានជំនួយពីទីប្រឹក្សាពីររូប ។ ប្រធានមណ្ឌលរាយការណ៍ទៅកាន់គណៈប្រធានបេសកកម្ម ។ មណ្ឌលមួយអាចអភិវឌ្ឍទៅជាស្តេកមួយបាន ។
កម្មវិធីសម្រាប់សមាជិកនៅលីវ ។
សមាជិកជាច្រើននៃសាសនាចក្រមិនទាន់បានរៀបការ ឬបានលែងលះគ្នា ឬជាមេម៉ាយ/ពោះម៉ាយ ។ សមាជិកទាំងនេះ បញ្ចូលគ្នាជាពីរក្រុម ៖ យុវមជ្ឈិមវ័យនៅលីវ ( ចាប់ពីអាយុ ១៨ ឆ្នាំរហូតដល់ ៣០ ឆ្នាំ ) និងមជ្ឈិមវ័យនៅលីវ ( ចាប់ពីអាយុ ៣១ ឆ្នាំឡើងទៅ ) ។
គ្មានកម្មវិធីសាសនាចក្រទូទាំងពិភពលោករួមសម្រាប់យុវមជ្ឈិមវ័យនៅលីវ និង មជ្ឈិមវ័យនៅលីវនោះទេ ។ ផ្ទុយទៅវិញ កម្មវិធីត្រូវបានបង្កើតឡើងនៅពេលមានសមាជិកនៅលីវគ្រប់គ្រាន់រស់នៅក្នុងតំបន់ នោះថ្នាក់ដឹកនាំបព្វជិតភាពក្នុងតំបន់ត្រូវបានលើកទឹកចិត្តឲ្យជ្រើសរើសអ្នកតំណាងសមាជិកនៅលីវ ឲ្យធ្វើកិច្ចការនេះនៅក្រោមការដឹកនាំរបស់ពួកលោក ។ អ្នកតំណាងសមាជិកនៅលីវរៀបចំសកម្មភាពនានាមានដូចជា ៖ ការរាំរែក គម្រោងបម្រើ និង ការប្រជុំពិសេសនានា ។ សកម្មភាពទាំងនេះផ្តល់ឱកាសដល់សមាជិកនៅលីវជួបជុំគ្នា និងពង្រឹងគ្នាទៅវិញទៅមក ។ សមាជិកនៅលីវទាំងឡាយ ក៏ត្រូវបានលើកទឹកចិត្តឲ្យជួបជុំគ្នាជាទៀងទាត់ជាមួយថ្នាក់ដឹកនាំបព្វជិតភាពរបស់ពួកគេ ដើម្បីពិភាក្សាអំពីសេចក្តីត្រូវការរបស់ពួកគេ និងឱកាសនានាដើម្បីមានភាពរីកចម្រើនខាងវិញ្ញាណ និងធ្វើការបម្រើ ។