ធនធាន​ផ្សេង​ទៀត
ក្រុមគ្រួសារ


« ក្រុមគ្រួសារ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៥៩–៦១

« ក្រុមគ្រួសារ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៥៩–៦១

ក្រុមគ្រួសារ

នៅ​ថ្ងៃ​ទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩៥ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ជា​ប្រធាន​ទី ១៥ នៃ​សាសនាចក្រ​បាន​អាន​សេចក្ដីប្រកាស​ដូច​ខាង​ក្រោម​នៅ​ក្នុង​ការប្រជុំ​សមាគម​សង្គ្រោះ​ទូទៅ ។ សេចក្តីប្រកាស​ប្រកប​ដោយ​ការបំផុសគំនិត​នេះ​មាន​ចំណងជើង​ថា « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » បាន​ក្លាយ​ជា​សេចក្តីថ្លែងការណ៍​ប្រកប​ដោយ​អំណាច​ចំពោះ​ក្រុមគ្រួសារ​របស់​សាសនាចក្រ ៖

« យើង​ជា​គណៈប្រធាន​ទីមួយ និង ក្រុម​ប្រឹក្សា​នៃ​ពួក​សាវក​ដប់ពីរ​នាក់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ សូម​ប្រកាស​ជា​ឧឡារិក​ថា អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី គឺ​ត្រូវ​បាន​តែងតាំង​ឡើងដោយ​ព្រះ ហើយ​ថា គ្រួសារជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត​សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​កូនចៅ​របស់​ទ្រង់ ។

មនុស្ស​ទាំងអស់—ទាំងប្រុស​ទាំងស្រី—ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​នៃព្រះ ។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់ មាតាបិតាសួគ៌ ដូច្នេះ​ហើយ មនុស្ស​ម្នាក់ៗ​មាន​ចរិត និង​គោលដៅ​នៃ​ព្រះ ។ ភេទ​ប្រុស​ស្រី គឺជា​លក្ខណៈ​ពិសេស​នៃ​អត្តសញ្ញាណ និងគោលបំណង​របស់​បុគ្គលម្នាក់ៗ​នៅ​ជីវិត​មុន​ផែនដី ជីវិត​រមែង​ស្លាប់ និង​នៅ​អស់កល្ប​ជានិច្ច ។

នៅ​ជីវិត​មុន​ផែនដី បុត្រា និង បុត្រី​ខា​ង​វិញ្ញាណ​ទាំងឡាយ​បាន​ស្គាល់ ហើយ​បាន​ថ្វាយ​បង្គំ​ព្រះ ជា​ព្រះវរបិតា​ដ៏​នៅអស់កល្ប​ជានិច្ច​របស់​ពួកគេ ហើយ​បាន​ទទួល​ផែនការ​របស់​ទ្រង់ ដែល​នាំ​ឱ្យ​កូនចៅ​ទាំងឡាយ​អាច​ទទួល​រូបកាយ ហើយ​និង​ទទួល​បទពិសោធន៍​នៅ​លើ​ផែនដី​ដើម្បី​រីកចម្រើន​ទៅ​រក​ភាពល្អ​ឥតខ្ចោះ ហើយ​នៅ​ទីបញ្ចប់​នឹង​ដឹង​ពីគោលបំណង​ដ៏​ទេវភាព​របស់​ពួកគេ​ដោយ​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ទុក​ជា​មរតក ។ ផែនការ​នៃ​សុភមង្គល​ដ៏​ទេវភាព​នេះ ផ្តល់​លទ្ធភាព​ដល់​ទំនាក់ទំនង​ក្រុមគ្រួសារ​ចេះតែ​បន្តមាន​រហូត​ហួសពី​សេចក្តីស្លាប់ ។ ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ពិសិដ្ឋ​នានា​ដែលមាន​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ អាចធ្វើឱ្យ​បុគ្គល​ម្នាក់ៗ​ត្រឡប់​ទៅកាន់​វត្តមាន​នៃ​ព្រះ​វិញ ហើយ​ដើម្បី​ឲ្យ​ក្រុមគ្រួសារ អាចត្រូវបាន​រួបរួមគ្នា​ដ៏​អស់កល្ប​ជានិច្ច ។

ព្រះបញ្ញត្តិ​ទី​មួយ ដែល​ព្រះ​បាន​ប្រទាន​ដល់​លោក អ័ដាម និង នាង​អេវ៉ា​ទាក់ទង​ទៅ​នឹង​សមត្ថភាព​របស់​ពួកគេ​សម្រាប់​ភាពជា​ឪពុក​ម្តាយ​ក្នុង​នាម​ជា​ស្វាមី និង​ភរិយា ។ យើង​សូម​ប្រកាស​ថា ព្រះ​បញ្ញាត្តិ​របស់​ព្រះ​សម្រាប់​កូន​ចៅ​របស់​ទ្រង់​ដើម្បី​បង្កើត​កូន​ចៅ​ឲ្យ​ចម្រើន​ជាច្រើន​ឡើង​ឲ្យ​មាន​ពាសពេញ​លើ​ផែន​ដី នោះ​នៅ​តែ​ឲ្យ​ប្រតិបត្តិ​នៅ​ឡើយ ។ យើង​សូម​ប្រកាស​ថែម​ទៀត​ថា ព្រះទ្រង់​បាន​បញ្ជា​ឱ្យ​រក្សា​អំណាច​ដ៏​ពិសិដ្ឋ​នៃ​ការបង្កើត​កូនចៅ ប្រើ​បាន​សម្រាប់​តែ​រវាងប្រុស​ស្រី​ដែល​បាន​រៀប​អាពាហ៍​ពិពាហ៍​ពេញ​ច្បាប់​ជាប្តី​ប្រពន្ធ​ប៉ុណ្ណោះ ។

យើង​សូម​ប្រកាស​ថា មធ្យោបាយ​ដើម្បី​បង្កើត​ជីវិត​រមែង​ស្លាប់​នេះ​គឺ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ។ យើង​សូម​បញ្ជាក់​នូវ​ការញែកចេញ​ជា​បរិសុទ្ធ​នៃ​ជីវិត និង​សារៈសំខាន់​នៃ​ជីវិត​នៅក្នុង​ផែនការ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះ ។

ស្វាមី និង​ភរិយា​មាន​ការ​ទទួល​ខុស​ត្រូវ​ដ៏​ឧឡារិក ដើម្បី​ស្រឡាញ់ និង​ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​កូន​ចៅរបស់​ខ្លួន​ផងដែរ ។ ‹ កូនចៅ​ជា​មរតក​ពី​ព្រះយេហូវ៉ា › ( ទំនុកដំកើង ១២៧:៣ ) ។ ឪពុក​ម្តាយ​មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ ដើម្បី​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ខ្លួន​ដោយ​ក្តី​ស្រឡាញ់ និង សេចក្តី​សុចរិត ផ្គត់ផ្គង់​សេចក្តី​ត្រូវការ​ទាំង​ខាងរូបកាយ និង​ខាង​វិញ្ញាណ​របស់​ពួកគេ និង បង្រៀន​ពួកគេ​ឱ្យ​ចេះ​ស្រឡាញ់ និង បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ចេះ​គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ហើយ​ធ្វើ​ជា​ពលរដ្ឋ​ល្អ​ចេះ​គោរព​ច្បាប់​គ្រប់​ទីកន្លែង​ដែល​ពួកគេ​រស់​នៅ ។ ស្វាមី និង​ភរិយា—ម្តាយ និង​ឪពុក—នឹង​ទទួល​ខុសត្រូវ​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះ​តាម​ការប្រតិបត្តិ​នៃ​ភារកិច្ច​ទាំងឡាយ​នេះ ។

ក្រុម​គ្រួសារ​គឺ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ។ អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ផែនការ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ។ កូនចៅ​មាន​សិទ្ធិ​នឹង​ទទួល​កំណើត​មក​ក្នុង​ចំណង​នៃ​អាពាហ៍ពិពាហ៍ ហើយ​នឹង​ត្រូវបាន ចិញ្ចឹម​បីបាច់​ដោយ​ឪពុកម្តាយ​ដែល​គោរព​ប្រតិបត្តិ​តាម​សច្ចា​នៃ​អាពាហ៍ពិពាហ៍​ដោយ​ស្មោះត្រង់​ទាំងស្រុង ។ សុភមង្គល​នៅ​ក្នុង​ជីវិត​គ្រួសារ​អាច​កើត​មាន​ឡើង​បាន នៅ​ពេល​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដែល​មាន​ជោគជ័យ​នោះ គឺ​ត្រូវ​ស្ថាបនា និង​ថែរក្សា​នៅលើ​គោលការណ៍​នៃ​សេចក្តី​ជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរពគ្នា សេចក្តី​ស្រឡាញ់ សេចក្តី​មេត្តាករុណា ការងារ និង​កម្មវិធី​កម្សាន្ដ​ល្អៗ​នានា ។ តាម​ការរៀបចំ​ដ៏​ទេវភាពនេះ ឪពុក​ត្រូវបាន​ចាត់ឲ្យ​ធ្វើជា​អ្នកដឹកនាំ​នៅក្នុង​គ្រួសារ​របស់ខ្លួន​ដោយ​សេចក្ដីស្រឡាញ់ និងសេចក្ដីសុចរិត ហើយ​មានភារកិច្ច​ក្នុងការផ្គត់ផ្គង់​សេចក្ដីត្រូវការ​ក្នុង​ជីវិត ព្រមទាំង​ការពារ​ក្រុមគ្រួសារ​ខ្លួន​ផង ។ ម្តាយ​មាន​ភារកិច្ច​សំខាន់​ដើម្បី​ថែរក្សា​បីបាច់​កូន​ចៅ​របស់​ខ្លួន ។ នៅ​ក្នុង​ការទទួល​ខុស​ត្រូវ​ដ៏​ពិសិដ្ឋ​ទាំង​នេះ ​ឪពុក និងម្តាយ​មាន​កាតព្វកិច្ច​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដៃ​គូ​ស្មើ​គ្នា ។ ពិការភាព មរណភាព ឬ​កាលៈទេសៈ​ផ្សេងៗ​ទៀត អាចនឹង​ត្រូវសម្រប​ទៅតាម​ស្ថានភាព​ចាំបាច់​របស់​បុគ្គល​ម្នាក់ៗ ។ ញាតិសន្តាន ក្រុមគ្រួសារ គួរតែ​ជួយ​គាំទ្រ​នៅពេល​មាន​សេចក្តី​ត្រូវការ ។

យើង​សូម​ព្រមាន​ថា បុគ្គល​ណា​ដែល​បំពាន​លើ​សេចក្ដី​សញ្ញា​នៃ​ព្រហ្មចារីភាព​ដោយ​បាន​ធ្វើបាប​ភរិយា ឬ​កូនចៅ ឬ​មិន​បាន​បំពេញ​ការទទួល​ខុសត្រូវ​ក្នុង​គ្រួសារ គង់តែ​ថ្ងៃ​ណា​មួយ​នឹង​ទទួល​ខុសត្រូវ​នៅ​ចំពោះ​ព្រះ ។ លើសពីនេះ​ទៅទៀត យើង​សូមព្រមាន​ថា ការបែកបាក់​នៅក្នុង​គ្រួសារ​នឹងនាំមក​នូវ​មហន្តរាយ​ដល់​បុគ្គល​នោះ សហគមន៍ និង​ជាតិសាសន៍ ដូចដែលបាន​ទាយទុក​ជាមុន​ដោយ​ពួកព្យាការី​សម័យ​បុរាណ និង​ពួក​ព្យាការី​សម័យ​ទំនើប ។

យើង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ទាំងឡាយ​នៅ​ក្នុង​រដ្ឋាភិបាល ដែល​ទទួល​ខុស​ត្រូវ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ សូម​ឱ្យ​គាំទ្រ​នូវ​អ្វីៗ​ទាំងនេះ​ដែល​បាន​រៀបរាប់​ឡើង​ដើម្បី​ទ្រទ្រង់ និង ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​មាំមួន​ដូចជា​អង្គភាព​មួយ​ដ៏​សំខាន់​នៃ​សង្គម » ( Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១០២ ) ។