ការប្រជុំ​ធម្មនិដ្ឋាន​ឆ្នាំ ២០២១
ហេតុផល​ដើម្បី​មាន​ក្ដីសង្ឃឹម


5:28

ហេតុផល​ដើម្បី​មាន​ក្ដីសង្ឃឹម

ការប្រជុំ​ធម្មនិដ្ឋាន ស&វ ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ឆ្នាំ ២០២១

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២១

ប្អូន​ប្រុសស្រី​ជាទី​គោរព ខ្ញុំ​មាន​អំណរ​បាន​នៅ​​ជាមួយ​ប្អូនៗ ! យើង​មកពី​គ្រប់​ទាំង​ទ្វីប និង​កោះ​ទាំងឡាយ​ក្នុង​សមុទ្រ ដើម្បី​ជួបជុំ​គ្នា​តាម​អ៊ីនធឺណិត​ដោយ​រួបរួម​គ្នា​ក្នុង​ក្ដីស្រឡាញ់​នៃ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ និង​ក្នុង​ការប្ដេជ្ញាចិត្ត​យើង​ដើម្បី​ជួយ​កសាង​នគរ​របស់​ទ្រង់ ។ ប្អូន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ក្ដីសង្ឃឹម​ថា​នឹង​បាន​ពិភពលោក​មួយ​ដ៏​ប្រសើរ ។ ហើយ​ពិតណាស់ មាន​មនុស្ស​ល្អ​រាប់​លាន​នាក់​ដែល​យើង​អាច​រួមគ្នា និង​រៀន​សូត្រ​ពី​ពួកគេ​បាន ។ ប៊ីស្សព ដាសម៉ូន​​និយាយថា« សេចក្ដី​សង្ឃឹម​គឺ​ការអាច​មើល​ឃើញ​ថា មាន​ពន្លឺ ទោះ​ស្ថិត​ក្នុង​ភាពងងឹត​ទាំងស្រុង​ក្ដី » ។

សេចក្ដី​សង្ឃឹម​ដ៏​ធំ​បំផុត​របស់​យើង​គឺ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ តាមរយៈ​ទ្រង់ យើង​រកឃើញ​អំណរ និង​សេចក្ដី​សុខសាន្ដ ។ ទ្រង់​ជ្រាបដឹង​ពី​ ទីបញ្ចប់តាំង​​ពីការចាប់ផ្តើម​មកម្ល៉េះ ។ ទ្រង់​សន្យា​ថា « ចូរ​ព្យាយាម​ស្វែងរក ចូរ​អធិស្ឋាន​ជានិច្ច ហើយ​ចូរ​មាន​ជំនឿ ហើយ​គ្រប់​ការណ៍​ទាំងអស់​ផ្សំ​គ្នា​សម្រាប់​សេចក្ដី​ល្អ​ដល់​អ្នក បើសិនជា​អ្នករាល់គ្នា​ដើរ​ដោយ​ទៀងត្រង់ » ។

ប៉ុន្ដែ យើង​​មើលមិនឃើញ​ពីទីបញ្ចប់​តាំង​ដើម​ដំបូង​មកបាន​ឡើយ ។ ព្រោះ​យើង « ចេះ​មិន​ទាន់​សព្វ​គ្រប់ » ។ ប្រហែល​ជីវិត​យើង​នឹង​បង្ហាញ​ឡើង តាម​របៀប​ខុសៗគ្នា​ពី​អ្វី​ដែល​យើង​បាន​សង្ឃឹម​ទុក ។ ប៉ុន្ដែ​យើង​នៅតែ​អាច « ឈាន​ទៅមុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ [ ហើយ ] មាន​ការភ្លឺថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ » ពីព្រោះ​យើង​ដឹង​ថា ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់​របស់​យើង​មាន​ផែនការ​មួយ​សម្រាប់​យើង ។

ក្នុង​អំឡុងពេល​​បង្គាប់​ឲ្យ​នៅ​ផ្ទះ​ដោយសារ​ជំងឺ​កូវីដ ខ្ញុំ​បាន​រៀន​ជំនាញ​ថ្មីបន្ថែម​មួយទៀត—ដែល​ហៅថា​ការដេរ​ដោយ​ការដាន​តាម​ក្រដាស​ជា​មុន ។ វា​គឺជា​វិធី​មួយ​ក្នុង​ការច្នៃ​កម្ទេច​ក្រណាត់​​ទៅជា​ការរចនា​ដ៏​សាំញ៉ាំ​មួយ ។ ដំបូង ដំណើរការ​​វា​ផ្ទុយ​ពី​ការស្មាន ។ ប្អូន​ដេរ​បំណែក​ក្រណាត់​ចូលគ្នា តែ​ដេរ​ក្រឡាប់​ចុះឡើង និង​ដេរបក​ក្រោយ​ពី​គន្លង​ដែល​វា​នឹង​លេច​ជា​រូបរាង​ចុងក្រោយ ។ វា​ពិបាក​នឹង​ឃើញ​ថា ពណ៌​តូចៗ​ទាំងនេះ​នឹង​ក្លាយ​ទៅជា​គន្លង​ដែល​ស៊ីគ្នា​ណាស់ ។ ប៉ុន្ដែ​បន្ដិចៗ​ម្ដង ពេល​យើង​កាត់ ហើយ​ដេរ​វា​ចុះ​ឡើងៗ​ដោយ​អត់ធ្មត់ នោះ​ម៉ូត​រចនា​ដ៏​ស្រស់ស្អាត​មួយ​នឹង​លេច​រូបរាង​ឡើង ។

យើង​អាច​មាន​អារម្មណ៍​ថា ផែនការ​សម្រាប់​ជីវិត​យើង​មិន​ទាន់​មានភាព​ច្បាស់​លាស់​នៅឡើយ ។ តែ​នោះ​ពុំ​មាន​ន័យ​ថា យើង​រង់ចាំ​ឲ្យ​ជីវិត​ចាប់ផ្ដើម​ទេ ។ ពិត​ជា​មាន​នូវ​ឆ្នាំ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​មិន​ថា​ប្អូន​នៅ​ទី​ណា​ក្នុង​ជីវិត​របស់​ប្អូន​ក៏ដោយ ។

នេះ​គឺជា​រដូវកាល​ដើម្បី​អភិវឌ្ឍ​ទេពកោសល្យ ។ ប្រធាន ណិលសុន បង្រៀន​ថា « ការអប់រំ​គឺ​ខុសគ្នា​រវាង បំណង​ប្រាថ្នា ​ដើម្បី​អ្នក​អាច​ជួយ​អ្នកដទៃ និង ការមាន​លទ្ធភាព​អាច ជួយ​ដល់​ពួកគេ​បាន » ។ ការណ៍​ល្អ និង​មាន​ប្រយោជន៍​ដែល​ប្អូន​រៀន​សូត្រ​នៅពេល​នេះ នឹង​កំណត់​ជីវិត ព្រម​ទាំង​ផ្ដល់​ពរជ័យ​ពេញ​មួយ​ជីវិត​ប្អូន ។

នេះ​គឺជា​រដូវកាល​ដើម្បី​ស្វែងរក​គ្រូបង្វឹក​ដ៏​វាងវៃ និង​សុចរិត—ឪពុក​ម្ដាយ ឬ​ជីដូន​ជីតា គ្រូបង្រៀន មិត្តភក្ដិ ថ្នាក់ដឹកនាំ​សាសនាចក្រ និង​អង្គ​ដែល​សំខាន់​បំផុត​នោះ​គឺ ព្រះយេស៊ូវ​គ្រីស្ទ—ដើម្បី​ជួយ​យើង​កសាង​ជីវិត​ដ៏​មាន​អត្ថន័យ​មួយ ។ សូម​បង្កើត​ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ​ជាមួយ​អស់​អ្នក​ដែល​អាច​ជួយ​ប្អូន​ឲ្យ​រៀន និង​រីកចម្រើន ។

នេះ​គឺជា​រដូវកាល​មួយ​ដើម្បី​ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ ។ ស្ថានសួគ៌​មិន​រង់ចាំ​ទាល់តែ​ជំងឺ​ឆ្លង​រាត​ត្បាត​នេះ​ចប់ ទើប​ឲ្យ​ខ្ញុំ​ស្រក ៥ គីឡូ ឬ​ទើប​ឲ្យ​ប្អូន​រៀបការ​នឹង​មនុស្ស​ក្នុង​ក្ដីស្រមៃ​របស់​ប្អូន ដើម្បី​ឲ្យ​យើង​អាច​ក្លាយជា​សិស្ស​ដ៏​ពិត—​កាន់តាម​បទបញ្ញាតិ​របស់​ទ្រង់ ជាពិសេស​បញ្ញាតិ​ដែល​ស្រឡាញ់​ព្រះអម្ចាស់ និង​អ្នកជិត​ខាង​របស់​យើង​នោះ​ទេ ។

ប្រសិនបើ​យើង​ចង់​បាន​ក្ដីសង្ឃឹម​ដ៏អស្ចារ្យ និង​អត្ថន័យ​ស៊ីជម្រៅ​ជាងនេះ​ក្នុង​ជីវិត​យើង នោះ​យើង​អាច​ចាប់ផ្ដើម​រាល់ថ្ងៃ​ដោយ​ការអធិស្ឋាន​ដឹងគុណ និង​ការទូល​អង្វរ​ដោយ​ស្មោះសរ​មួយ « ព្រះវរបិតាសួគ៌ សូម​ឲ្យ​ទូលបង្គំ​ធ្វើជា​ឧបករណ៍​មួយ​ក្នុង​ព្រះហស្ដ​ទ្រង់​នៅ​ថ្ងៃនេះ ។ សូម​បើក​ដួងចិត្ត​ទូលបង្គំ ។ សូម​ប្រទាន​ដល់​ទូលបង្គំ​នូវ​ប្រាជ្ញា ការស្រមៃ កម្លាំង និង​ចិត្ត​ក្លាហាន​ដើម្បី​ធ្វើ​អ្វី​ដែល​ទូលបង្គំ​អាច​ធ្វើ​បាន » ។ បន្ទាប់មក សូម​ស្វែងរក​ឱកាស​ដើម្បី​ធ្វើជា​មិត្ត​ស្មោះត្រង់ ប្អូនស្រី​ល្អ កូនប្រុស​ល្អ​ អ្នកជិតខាង​សប្បុរស អ្នកផ្ដល់​ការងារ​បម្រើ​ដ៏​បំផុស​គំនិត និង​ឪពុក​ម្ដាយ​ដ៏​អំណត់ ។ ឡេអូ ថុលស៍ថយ បាន​សរសេរ​ថា « ទោះ​ជា​មើល​ទៅ​ឃើញ​ថា មនុស្ស​រស់​ដោយ​ព្រោះ​ការបំពេញ​តម្រូវការ​របស់​ខ្លួន​ឯង​មែន ក៏​ការពិត​គឺ​ថា មនុស្ស​រស់​ដោយ​ព្រោះ​ក្ដីស្រឡាញ់​ប៉ុណ្ណោះ ។ មនុស្ស​ដែល​មាន​ក្ដីស្រឡាញ់ គឺ​នៅក្នុង​ព្រះ ហើយ​ព្រះ​នៅក្នុង​មនុស្ស​នោះ ព្រោះ​ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់ » ។

ស្ថានសួគ៌​មិន​រង់ចាំ​ឲ្យ​យើង​បាន​ឥតខ្ចោះ ឬ​ឲ្យ​យើង​ទៅដល់​បរលោក ទើប​ប្រទាន​ពរ​ឲ្យ​យើង​នោះ​ទេ ។ ប្រសិនបើ​យើង​ប្រព្រឹត្ត « កិច្ចការ​ទាំងឡាយ​ដោយ​សេចក្ដី​សុចរិត » នោះ​យើង « នឹង​បាន​ទទួល​រង្វាន់​របស់ [ យើង ] គឺ​សេចក្ដី​សុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​បរលោក » ។

សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​គឺ​ពិត​ប្រាកដ ។ សាវក​ប៉ុល​បង្រៀន​ថា ៖

« ទោះ​ស្លាប់ ឬ​រស់ ពួកទេវតា ឬ​អំណាច​អ្វី ការអ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិឫទ្ធិ​អ្វី

ទី​មាន​កម្ពស់ ទី​ជម្រៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្តី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង​ចេញពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​នៅក្នុង​ព្រះគ្រីស្ទ​យេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ​បាន​ឡើយ » ។

សូម « ព្រះ​នៃ​សេចក្តី​សង្ឃឹម​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​បាន​គ្រប់​អស់​ទាំង​សេចក្តី​អំណរ និង​សេចក្តី​សុខ​សាន្ត​ដ៏​ពោរពេញ »កាល​ប្អូន​ទុកចិត្ត​លើ​ទ្រង់ ប្រយោជន៍​ឲ្យ​ប្អូន​បាន​សេចក្ដី​សង្ឃឹម​ជា​បរិបូរណ៍​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ពិត ។ វា​ពេញដោយ​អានុភាព ។ វា​ស្រស់​បំព្រង ហើយ​សំខាន់ ! ខ្ញុំថ្លែងរឿងទាំងនេះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

_______________________________________________