ការប្រជុំ​ធម្មនិដ្ឋាន​ឆ្នាំ ២០២១
« ក្លាហាន​ក្នុង​ទីបន្ទាល់​នៃ​ព្រះយេស៊ូវ »


39:18

« ក្លាហាន​ក្នុង​ទីបន្ទាល់​នៃ​ព្រះយេស៊ូវ »

ការប្រជុំ​ធម្មនិដ្ឋាន ស&វ ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ឆ្នាំ ២០២១

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២១

ប្អូនប្រុសស្រី​ជា​ទីស្រឡាញ់ នេះ​គឺ​ជា​បទ​ជូន​ពរ​ដ៏​ពិរោះ​សម្រាប់​ឆ្នាំ​ថ្មី—ដែល​ចៀង​ជា​ភាសា​អេស្ប៉ាញ « ក្តី​សង្ឃឹម​ដែល​ពិភព​លោក​រីករាយ—ពន្លឺ​នៃថ្ងៃ​ថ្មី​កើត​ហើយ ! »

ស៊ីស្ទើរ ហ្គង និងខ្ញុំ​មាន​ការភ្ញាក់​ផ្អើល និង​ព្រួយបារម្ភ នៅពេល​យើង​បាន​ធ្វើតេស្ដ​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ។ សូម​អរគុណ​ចំពោះ​សារ និង​ការ​អធិស្ឋាន​របស់​ប្អូនៗ ដែល​សុំ​ឲ្យ​យើង​បាន​ជា​សះស្បើយ​ឡើងវិញ ។ ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក យើង​មិន​មាន​អារម្មណ៍​ឯកោ​នោះ​ទេ ។ ឥឡូវនេះ​ស៊ីស្ទើរ ហ្គង និង​ខ្ញុំ​អធិស្ឋាន​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​អស់​អ្នក​ដែល​ជួប​ការលំបាក​ដោយសារ​ជំងឺ​រាតត្បាត​នេះ ។

នៅក្នុង​ពិភពលោក​នេះ មាន​មជ្ឈិមវ័យ​អាយុ​ចន្លោះពី ១៨–៣០ ប្រមាណជា ១.៤៧ billion (ប៊ីលាន)​នាក់ ។ នៅក្នុង​សាសនាចក្រ​របស់យើង មាន​មជ្ឈិមវ័យ​ប្រមាណ​ជា ២.៣ លាននាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ១៨–៣០ ឆ្នាំ រស់​នៅក្នុង​ទ្វីបចំនួន ៦ នៅក្នុង​ប្រទេស និង​លើ​ទឹកដី​ចំនួន ១៨០ ។ ប្អូន​អាន​ព្រះគម្ពីរ​មរមន​ជាង ១១៤ ភាសា ។

ស៊ីស្ទើរ ហ្គង និង​ខ្ញុំចូលចិត្ត​ជួប​ប្អូន​នៅ រ៉េចប៊ើក អៃដាហូ, ម៉ាណូស ប្រេស៊ីល, បូហ្គូតា កូឡុំប៊ី និង​នៅទូទាំង​ពិភពលោក​គ្រប់​ទ្វីប គ្រប់​កាលៈទេសៈ ។

តើ​ប្អូន​បាន​ដឹងទេថា ឥឡូវនេះ​យើង​មាន​ស្តេកនៅ ប៉ូល​ខាង​ជើង អាឡាស្កា​ហើយ ?

សព្វថ្ងៃនេះ យើង​ជួប​គ្នាតាមរយៈ​បច្ចេកវិទ្យា ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យព្រះវិញ្ញាណបរិសុទ្ធ​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​ជំនឿ​តែមួយ ឲ្យ​ទ្រង់​ប៉ះ ដួងចិត្ត​ប្អូន និង​បើក​ផ្លូវ​សម្រាប់​ប្អូន​នៅក្នុង​គ្រាលំបាក​ទាំងនេះ ។

ប្អូនប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​ដឹង​ថា ព្រះមាន​ព្រះ​ជន្មរស់ ។ សូម​ចាប់ផ្តើម​ទទួល​អារម្មណ៍​នៃសេចក្តី​ស្រឡាញ់ និង​ព្រះចេស្តា​របស់ទ្រង់​ដើម្បី​រីកចម្រើន និង​ផ្លាស់ប្តូរ ។ ចូរ​ឲ្យ​ទ្រង់​ឱប​ក្រសោប​ប្អូន « នៅក្នុង​ដៃ​នៃ​សេចក្តី​សុខ »​ ដោយ​មាន​ការធានា​អះអាង​របស់​ទ្រង់​ថា ប្អូន​មាន​គ្រប់គ្រាន់ ។ ប្អូន​មាន​សមត្ថភាព​ដ៏ទេវភាព​មហិមា​ដែល​ប្អូន​អាច​អភិវឌ្ឍ​ជារៀងរាល់​ថ្ងៃ ។

ថ្ងៃនេះ ខ្ញុំចង់​ចែកចាយ​ការអញ្ជើញ​បី​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ ១) ពង្រឹង​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ព្រះ ២) ផ្លាស់​ប្តូរ​អនាគត​ឥឡូវនេះ និង ៣) ធ្វើ​ជា​មនុស្ស​កាន់​តែប្រសើរ​ជាងមុន ។ សរុប​ទៅ​គឺ ខ្ញុំ​អធិស្ឋានឲ្យ​ការ​អញ្ជើញ​នេះ​នឹង​ពង្រឹង​សេចក្តី​ជំនឿ​របស់​ប្អូន ហើយ​ដឹកនាំ​ប្អូន​ឲ្យ​កាន់តែ​ជិត​ព្រះ និង​អស់​អ្នក​ដែល​នៅ​ជុំវិញ​ប្អូន កាល​ដែល​ប្អូន​ស្វែង​រក​អំណរ​យូរ​អង្វែង​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា​របស់ទ្រង់ ។

ការ​អញ្ជើញ​ទីមួយ ៖ ដោយ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ដល់​មនុស្ស​គ្រប់គ្នា ព្រះវរបិតា​សួគ៌​សន្យា​ថា « ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា យើង​ជា​ព្រះ » ។​

ខ្ញុំ​ធំ​ដឹង​ក្ដី​ឡើង​នៅ​ក្នុង​ទីក្រុង ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​ស្ពាយ​កាបូប​ឡើង​ភ្នំ ។ មិត្តភក្តិរបស់​ខ្ញុំ និង​ខ្ញុំ​ឡើង​ភ្នំពេញ​មួយថ្ងៃ​ដោយ​មិន​មានការចំណាយប្រាក់ បន្ទាប់​មក​បោះជំរំ​នៅជិត​បឹង​ក្នុង​ព្រៃ​ក្រោម​ផ្ទៃ​មេឃ​ល្វឹង​ល្វើយ​ដែល​មាន​សំឡេង​ខ្យល់​បក់​ជា​តន្រ្តី​នាពេល​រាត្រី ។

ថ្មីៗនេះ ស៊ីស្ទើរ ហ្គង និងខ្ញុំ​បាន​បើក​ឡាន​ទៅកន្លែង​ដែល​ងងឹត​មួយ តែវា​ស្រស់​ស្អាត ព្រោះ​យើង​អាច​មើល​ឃើញ​កាឡាក់ស៊ី មីលគី វេយ៍ ។ វា​មាន​ពន្លឺភ្លឺ​ស្ទើរ​តែ​ដូច​ក្នុង​រូបថតនេះ​ដែរ ។

កាឡាក់ស៊ី មីលគី វេយ៍ គឺជារឿង​ទេវកថា ដ៏អស្ចារ្យ និង​អាថ៌កំបាំង ។ ជាភាសា​ចិន កាឡាក់ស៊ី មីលគី វេយ៍ មានន័យថា « Tian He » ( « ទន្លេ​នៃស្ថាន​សួគ៌ » ) ។ ជាភាសា​បេឡារុស អេស្តូនី និង ហ្វាំងឡង់ វា​មានន័យថា « ដំណើរ​បក្សី » ។ អ្នកខ្លះ​ហៅ​កាឡាក់ស៊ី មីលគី វេយ៍​ថា « ផ្លូវ​ទៅកាន់​សាន់ទីអាហ្គោ » ។ ជា​ភាសា​ឆេរូគី វា​មានន័យថា « ផ្លូវ​ដែល​ឆ្កែរ​ត់​គេច » ជា​ភាសា​ហេព្រើរ « ទន្លេនៃ​ពន្លឺ » ។

កាល ដើម ដំបូង ឡើយ ព្រះ បាន បង្កើត ផ្ទៃ មេឃ និង ផែនដី។… ទ្រង់​ក៏​ឃើញ​ថា​ល្អ » ។ ព្រះទ្រង់​ញ្ញាណ​ដឹង ព្រះ​មាន​ព្រះចេស្ដា និង​ល្អ ។ គោលបំណង ភាពសមសួន និង​ភាពសុខដុម​នៃ​ការបង្កប​ង្កើត​របស់​ទ្រង់​គឺជាសាក្សី​អំពី​ក្ដី​ស្រឡាញ់​ដ៏​និរន្ដរ៍ និង​ផែន​ការនៃ​សុភមង្គល​របស់​ទ្រង់​សម្រាប់​យើង​ម្នាក់ៗ ។ អាលម៉ា​បាន​ថ្លែងទីបន្ទាល់ថា « គ្រប់​ការណ៍​ទាំងអស់​បង្ហាញ​ថា មាន​ព្រះ​មួយ​អង្គ​មែន មែន​ហើយ ហើយ​សូម្បីតែ​ផែនដី និង​របស់​សព្វ​សារពើ​ដែល​នៅ​លើ​ផ្ទៃ​ផែនដី មែន​ហើយ និង​ចលនា​របស់​ផែនដី មែនហើយ ព្រម​ទាំង​ពិភព​ទាំងអស់ ដែល​ធ្វើ​ចលនា​តាម​ទម្រង់​ធម្មតា​របស់​គេ ក៏​ធ្វើ​ជា​សាក្សី​ថា …​មាន​ព្រះ​បង្កបង្កើត​ដ៏​មហិមា​មួយ​អង្គ » ។

វាត្រូវ​ការ​ស្មារតី​ខិតខំ​ដើម្បី​បន្ថយ​ល្បឿន ហើយ « បង្អង់សិន » ។ វា​ត្រូវ​ការ​ការបើក​ចិត្ត​ខាងវិញ្ញាណ និង​ភាពរាបសា​ដើម្បី « បាន​ដឹង​ថា យើង​ជា​ព្រះ [ គឺជាព្រះ ] » ។ ពេល​ខ្លះ ការបន្ថយ​ល្បឿន​ចំពោះ​ការណ៍​ដែល​មិន​សូវ​សំខាន់​ជួយ​យើង​ឲ្យ​រកឃើញ​អ្វី​ដែល​សំខាន់​បំផុត ។

របៀប​ដ៏សំខាន់​មួយ​ដើម្បី​ដឹងថា ព្រះ​គឺជាព្រះ គឺ​ជា​ការ​ស្គាល់​អានុភាព​របស់​ទ្រង់​នៅក្នុង​ការបង្កបង្កើត​ដើម្បី​ធ្វើឲ្យ​ចិត្ត​អរសប្បាយ​ផង ។ យើង​ច្រៀង​បទ ៖

ចំពោះ​សម្រស់​នៃផែនដី

ចំពោះ​សម្រស់​នៃ​ផ្ទៃមេឃ

ចំពោះ​ក្តីស្នេហ៍​ពីកំណើត

ដែល​មាន​នៅជិត​ឥត​ឃ្លាត​ឃ្លា

ព្រះ​អង្គ​យើង​ច្រៀង​សរសើរ​ទ្រង់

បទ​នេះ​ជា​អំណរ​គុណ​យើង ។

របៀប​មួយ​ទៀត​ដើម្បី​ស្គាល់​ព្រះ គឺត្រូវ​មើល​ឃើញ​សេចក្តី​ល្អ និង​អត្ថន័យ​នៅក្នុង​ទំនាក់ទំនង​ដ៏ទេវភាព—នៅក្នុង​ភាព​ទន់​ភ្លន់ ពរជ័យ​ដែល​មិនបាន​រំពឹងទុក ការ​ផ្សះផ្សា ការអភ័យទោស និង​ពលិកម្ម ។

កាលពី​ពេលថ្មីៗ​នេះ ប្រធាន រ័សុល អិម ណិលសុន បាន​សម្គាល់​ឃើញថា​សិល្បៈ អក្សរសាស្រ្ត និង​តន្រ្តី​អាច​ផ្តល់​ខ្លឹម​សារ​ដល់​ជីវិត​យើង​បាន ។១០ វិទ្យាសាស្រ្ត​ក៏​អាច​ផ្តល់​ខ្លឹមសារ​ដល់​យើងដែរ នៅពេល​បាន​យល់ដឹង​ដោយ​សេចក្តីជំនឿ ។

នេះ​គឺជា​ទស្សនីយភាព​នាពេល​រាត្រី​ដ៏​ល្បី​ពីរ​សន្លឹក ។

រូបភាព​លំហអាកាស​ពី​កែវយឺត ហាប់ប៊ល​ផ្នែក​វិទ្យាសាស្ត្រ រំព្ញក​យើង​ពី​អ្វី​ដែល​ព្យាការី​ដ៏អស្ចារ្យ ម៉ូសេ និង​អ័ប្រាហាំ​បាន​ឃើញ ថា​ការបង្កបង្កើត​របស់​ព្រះ​រួមមាន​នូវ​កាឡាក់ស៊ី​ជាច្រើន​ដ៏ឥត​គណនា សូម្បីតែ​នៅ​កន្លែង​ដែល​ហាក់​ដូចជា​ទទេ​ស្អាត​នៅលើ​មេឃ​ងងឹត​ក្តី ។

តាមរយៈ​រូប​គំនូរ វីនសិន វ៉ាន​ហ្គស បាន​គូរ​រូប ពេល​រាត្រី​ដែល​មាន​ផ្កាយ​ជាច្រើន ដោយ​ប្រេង​នៅលើ​ផ្ទាំង​ក្រណាត់ មុនពេល​ព្រះអាទិត្យ​រះ​បន្ដិច ។ ការគូររូប​តារាសាស្រ្ត​លើ​ផ្ទៃ​មេឃ​នៅក្នុង​ខែ មិថុនា ឆ្នាំ ១៨៨៩ បាន​ផ្តល់​យោបល់ថា ផ្កាយ​ព្រឹក​ដែល វ៉ាន​ហ្គស គូរ​នោះ​គឺជា​ភព​ផ្កាយ​ព្រះសុក្រ ។ រូបគំនូរ​ដ៏​អស្ចារ្យ​បំផុស​គំនិត​ពីរបៀប​ថ្មីៗ​ក្នុង​ការ​មើល​ឃើញ​សេចក្តីល្អ​របស់​ព្រះ ។

សេចក្តី​ល្អ​របស់​ព្រះ​អាច​ធ្វើ​ឲ្យ​ព្រលឹង​របស់​យើង​រីកលូតលាស់ ។ ភាព​អ៊ូអរ ភាព​រាយប៉ាយ និង​ជាតិពុល​នៃ​ពិភពលោក​សព្វថ្ងៃ​នេះ​ធ្វើ​ឲ្យមាន​ការពិបាក​ក្នុងការ « បង្អង់​សិន » ដើម្បី​ឲ្យ « បាន​ដឹង​ថា យើង​[ ជា​ព្រះ ] » ។១១ យើង​មិនចាំថា​កង្ហារ​ផ្ទះបាយ​វាថ្លង់​យ៉ាង​ណាទេ រហូតដល់​យើង​បិទវា ។ គ្រាន់តែ​របស់​ដែល​ល្អ​មើល​តែ​ខាង​ក្រៅ គំនិត​ខាង​លោកិយ​ក៏​ធ្វើ​ឲ្យ​មាន​ការ​រំខាន និង​ភាព​ច្របូក​ច្របល់​ដែរ ។ ការ​ភ័យ​ខ្លាច​ចំពោះ​ការខកខាន​អ្វី​មួយ ( FOMO ) គឺជា​រឿង​ចាស់​គំរឹល តែយើង​នៅ​តែ​ចំណាយ​ពេល​ច្រើន​មើលឧបករណ៍​អេឡិច​ត្រូនិច​របស់​យើង​ដដែល ។ បុគ្គល​មួយ​ចំនួន​គិតថា ការ​ធ្វើ​កិច្ចការ​ច្រើន ក្នុង​២៤ ម៉ោងពេញ ៧ ថ្ងៃ​បង្កើន​តម្លៃ និង​សារសំខាន់របស់យើង ។

យើង​ព្យាយាម​ធ្វើ​ឲ្យជីវិត​យើង « ល្អឥតខ្ចោះ » ដើម្បី​បង្ហោះ​ក្នុង​អ៊ីនស្តាក្រាម​លើក​ក្រោយ ទោះ​ជា​យើង​ដឹង​ថា រឿង​ខ្សែ​ជីវិត « ល្អ​ឥតខ្ចោះ » មួយ​ភ្លែត​ហ្នឹង​ត្រូវការ « រយៈពេល​យូរ » ក្ដី ។ យើង​បារម្ភពី​តម្រង​រូបភាព​ថ្មី ចលនា​នៃ​ការ​អូស ឬ​ការ​ប៉ះពីរដង ដែលជា​រឿង​មិនពិត​ប្រាកដ និង​ក្លែងក្លាយ ។

នៅក្នុង​ភាពយន្តឯកសារ The Social Dilemma ( វិបត្តិ​សង្គម )ពួក​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ព្រមាន​ថា « ប្រសិនបើ​អ្នក​បាន​អ្វី​មួយ​ឥត​គិត​ថ្លៃ នោះ​ព័ត៌មាន​អ្នក​នឹង​ត្រូវ​គេ​យក​ទៅ​លក់ » ។ បច្ចុប្បន្ន​នេះ ពួក​អ្នក​ជំនាញ​មួយ​ចំនួន​បាន​ភ័យ​ខ្លាច​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមធ្វើ​ឲ្យ​ប៉ះទង្គិច​ដល់​សុខុ​មាល​ភាព​របស់​សង្គម​និង​បុគ្គល​ម្នាក់ៗ​ដោយ​មិន​បាន​រំពឹង​ទុក​ជាមុន ។ ពួកគេ​ព្រួយ​បារម្ភ​អំពី​ក្បួនដោះស្រាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​បាន​បង្កើត​ឡើង​ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ការប្រើ​អនឡាញ​ចែក​រំលែក និង​រក​ប្រាក់​កម្រៃ​ដោយ​ការ​ផ្សាយ​ពាណិជ្ជកម្ម ថា​បាន​បង្កើត​នូវ​គំនិត​សង្ស័យ ការបែង​ចែក និង​ការ​ថប់បារម្ភ​ផង​ដែរ ។១២ ប្រហែល​អ្វី​ដែល​ពួក​អ្នក​ជំនាញ​ផ្នែក​បច្ចេក​វិទ្យា​ទាំង​នេះ​ចង់​ប្រាប់​គឺថា ពួកគេ​ការពារ​ក្រុមគ្រួសារ​របស់​ពួកគេ​ពី​ការ​ប្រើ​ប្រព័ន្ធផ្សព្វផ្សាយសង្គម​ហួស​ប្រមាណ ។

ការ​បង្អង់​សិន ហើយ​សញ្ជឹង​គិត មិន​មែន​មានន័យ​ថា​យើង​ឯកោ​នោះ​ឡើយ ។ លីអូណាដូ ដា វិនស៊ី បាន​និយាយ​ថា « ពេល​អ្នក​នៅ​ម្នាក់ឯង នោះ អ្នក​ជា​របស់​ខ្លួនឯង​ទាំងស្រុង ។១៣ ការ​បង្អង់​សិន​ដក​យក​រឿង​មិន​ចាំបាច់​ចេញពី​ចិត្ត និង​គំនិត​បន្តិចម្ដងៗ ។ បន្ទាប់​មក ការដឹងគុណ ព្រមទាំងគុណធម៌ និង​ភាព​រាបសា​អាចបើក​ភ្នែក និង​ត្រចៀក​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ឲ្យ​ឃើញ​សេចក្តី​សប្បុរស​ដ៏​ឥតគណនា​របស់​ទ្រង់​នៅ​ជុំវិញ​យើង ។

អ្នក​អត្ថាធិប្បាយ​ភាសា​ហេព្រើរ​ម្នាក់​បាន​ពន្យល់​អំពី ពាក្យ ចូរ​បង្អង់​សិនអាច​មាន​ន័យ​ថា « បំភ្លេច​ទៅ » ។ ឲ្យបាន​ដឹង​ថា យើង​ជា​ព្រះអាច​បកប្រែថា « ការ​ទទួល​ស្គាល់​ព្រះចេស្តា​ជួយ​សង្គ្រោះ​របស់​ទ្រង់​នៅក្នង​ជីវិត​របស់​យើង » ។១៤ ម្យ៉ាងទៀត ពាក្យ « ចូរ​បង្អង់​សិន​ឲ្យ​បាន​ដឹង​ថា យើង​ជា​ព្រះ » គឺ​ជា​ការ​អនុញ្ញាត​ឲ្យ​ព្រះឈ្នះ​នៅក្នុង​ជីវិត​របស់​យើង ។១៥

ប្រធាន ណិលសុន​បាន​មាន​ប្រសាសន៍​ថា « គ្មាន​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ស្ថានសួគ៌​បើក​ចំហ ដូចជា​ការ​ដាក់​បញ្ចូល​គ្នា​នៃការ​កើន​ឡើង​នូវ​បរិសុទ្ធភាព ការ​គោរព​ប្រតិបត្តិ​យ៉ាង​មុត​មាំ ការស្វែងរក​ដោយ​ស្មោះ ការ​ទទួល​ទាន​បន្ទូល​នៃ​ព្រះគ្រីស្ទ​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន និង​ការ​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ជា​ទៀង​ទាត់ »១៦ដែល​ជាផ្លូវ​នៃ​សេចក្តី​សញ្ញា​មួយ​ទៅ​កាន់​អំណរ​ដ៏​យូរអង្វែង​នោះ​ឡើយ ។

នៅពេល​យើង​បង្អង់ ហើយ​ស្វែង​រកដោយ​សេចក្តី​ជំនឿ នោះ​ទស្សនវិស័យ​របស់យើង​នឹងផ្លាស់ប្តូរ ។ នៅថ្ងៃរៀបចំ​មួយ កាល​នៅជាពួក​អ្នកផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​នៅក្នុង​ប្រទេស​អូស្ត្រាលី អែលឌើរ ម៉ារុន ជី រ៉មនី ( ដែល​ក្រោយមក​ក្លាយជា​សាវក និង​ជាសមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ទីមួយ ) បាន​សញ្ជឹងគិត​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦ ។

« ពេល​អាន​ចប់​ទើប​លោក​បាន​ដឹង​ថា​វាយប់​ទៅហើយ ។​… លោក​បាន​ងើយ​មើល​មេឃ​ឃើញ​ក្រុម​ផ្កាយ​ទិស​ទក្សិណ និង​ផ្កាយ​ផ្សេង​ទៀត​ជះពន្លឺ​ភ្លឺ​ខុស​ពី​ធម្មតា ។ លោក​បាន​សម្លឹង​មើល​ទាំង​ងឿងឆ្ងល់​ហាក់បី​ដូច​ជាត្រូវបាន​នាំដោយ​ព្រះវិញ្ញាណ​ទៅ​កន្លែង​ដែល​នៅ​ឆ្ងាយ​ហួស​ពី​ផ្កាយ​ទាំង​នោះ​ទៀត​ដើម្បី​មើល​ឃើញ​អ្វីៗ​ដែល​លោក​ទើបបាន​អាន ។ ដោយ​ភាព​អស្ចារ្យ​មួយ លោក​ត្រូវបាន​ធ្វើ​ឲ្យដឹង​ថា រឿង​ទាំងនោះ​មិន​មែន​ជា​រឿង​ព្រេងទេ ប៉ុន្តែ​ជា​ភាព​ជាក់ស្តែង​នៃ​រឿង​ដ៏សំខាន់​ជ្រាលជ្រៅ​បំផុត » ។១៧ ជីវប្រវត្តិ​របស់​លោក​បាន​ចែង​ថា « ចាប់​ពីពេល​នោះ​មក លោក​មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​ជា​និច្ច​មួយ » ។១៨

បច្ចុប្បន្ន​នេះ ទស្សនវិស័យ​ដ៏អស់កល្ប​ជានិច្ច​អាច​ជាយុថ្កា​សម្រាប់​យើង ។ ដូច​ដែល​បាន​ព្យាករ​ថា « គ្រប់​ទាំង​អស់​នឹង​នៅ​ក្នុង​ស្ថាន​ភាព​ចលាចល » ។១៩ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូលថា ព្រះសូរសៀង​របស់ទ្រង់​នឹង​ស្ដាប់​ឭ​នៅ​ក្នុង​សូរ​ការ​រញ្ជួយដី សូរខ្យល់ព្យុះ អាសន្នរោគ និង​សូរ​រលកសមុទ្រ​ដែល​បោក​ហួសណា​ហួសណី ។២០ នៅក្នុង​គ្រាទាំង​នេះ អ្នក​ខ្លះរាប់​សេចក្តី​ល្អថា​ជាអាក្រក់ ហើយ​សេចក្តីអាក្រក់​ថាជា​ល្អវិញ​២១អ្នក​ខ្លះ​ទៀត​និយាយថា « ចូរ​យើង​ស៊ីផឹក ហើយ​អរ​សប្បាយ​ទៅ​ចុះ … ត្បិត​ស្អែក​ឡើង​យើង​ត្រូវ​ស្លាប់​ហើយ » ។២២ ប៉ុន្តែ​ពន្លឺ និង​សេចក្ដី​ពិត​ខាង​វិញ្ញាណ​បណ្ដេញ​សេចក្ដី​ងងឹត​ចេញ​ពី​ក្នុង​ចំណោម​យើង​រាល់​គ្នា ។២៣

ព្រះអម្ចាស់​អះអាង​ថា « ចូរ​ស្ងៀម​ទៅ ហើយ​ឈប់ចុះ » ។២៤ « ឈរ​នៅ​ស្ងៀម​ដោយ​ជឿជាក់​ថា​នឹង​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​ពី​ព្រះ និង​បាន​ព្រះ​ពាហុ​ទ្រង់​បើក​សម្ដែង​មក​ឲ្យ​ឃើញ » ។២៥ ឱ​បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ « ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា [ ព្រះ ] ជា​ព្រះ​ » ។២៦

ឥឡូវ​នេះ ការអញ្ជើញ​ទីពីរ​របស់​យើង ៖​កសាង​ទំនាក់​ទំនង​ដែល​អាច​ផ្លាស់​ប្តូរ​អនាគត​ក្នុង​ពេលនេះ ។

ថ្មីៗ​នេះ ខ្ញុំមាន​អំណរ​គុណ​ចំពោះ​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​មិនដែល​ជួប​ពីមុន​មកទេ ប៉ុន្តែគាត់​បាន​ផ្លាស់​ប្តូរ​អនាគត​របស់ខ្ញុំ ។

គាត់​ឈ្មោះ មែលបា អូក ( គាត់​មិនជាប់​សាច់ឈាម​នឹង ប្រធាន ដាល្លិន អេក អូក ទេ) ។

កាល​មែលបា មាន​អាយុ ២១ ឆ្នាំ គាត់​ទើប​រៀបការ​ថ្មីថ្មោង ហើយ​រស់នៅ​ទីក្រុង​សាន​ម៉ាតេអូ រដ្ឋ​កាលីហ្វូញ៉ា ។ មែលបា និង​អ្នកប្រែចិត្ត​ជឿថ្មី​ម្នាក់​ឈ្មោះ ជីន ដែល​មាន​អាយុ ១៧ ឆ្នាំ​បាន​ក្លាយ​ជាមិត្ត​នឹង​គ្នា ។

ជីន​បាន​ទៅ​រៀន​នៅសាលា​ឆ្ងាយ​ពីផ្ទះ ហើយ​នាង​ជាសមាជិក​សាសនាចក្រ​តែ​ម្នាក់​គត់​ក្នុង​គ្រួសារ​របស់​នាង ។ សមាជិក​គ្រួសារ​របស់​ជីន​សង្ឃឹម​ថា នាង​នឹង​ភ្លេច​សាសនាចក្រ​ពេល​រស់នៅ​កន្លែងថ្មី ។

ប៉ុន្តែ​តាមរយៈ​កិច្ចការ​តូចតាច និង​ងាយៗ មែលបា និង​សមាជិក​ដទៃ​ទៀត​បាន​នៅក្បែរ​ជីន ។ នៅពេល​ជីន​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ មែលបា​បាន​នៅទីនោះ ។ មែលបា អូក​នៅមាន​សំបុត្រ​អញ្ជើញ​អាពាហ៍​ពិពាហ៍​របស់​ជីន​នៅឡើយ ។

ជីន​បាន​ស្រឡាញ់ ហើយ​រៀបការ​នឹងបុរស​ដ៏​ល្អ​ម្នាក់ ឈ្មោះ វ៉លធ័រ ។ ពិតណាស់ ពួកគេ​បាន​រៀបការ​បី​ដង—អាពាហ៍​ពិពាហ៍​បែប​ចិន បែប​អាមេរិក និង​ពិធីផ្សារភ្ជាប់​សម្រាប់​ជីវិត​នេះ និង​ជីវិត​ដ៏​អស់កល្បជានិច្ច​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។ នៅពេល​ពួកគេ​ជួបគ្នា វ៉លធ័រ​មាន​ទីបន្ទាល់​យ៉ាងខ្លាំង​អំពី​គ្រិស្តសាសនា ប៉ុន្តែ​មិន​ស្គាល់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ឡើយ​ទេ ។ ដូច្នេះ​ជីន និង​សមាជិក​ដទៃ​ទៀត​បាន​បង្រៀន​គាត់​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ លោក​បានក្លាយ​ជាសមាជិក​ដ៏ស្មោះត្រង់​ម្នាក់ និង​ជាលោក​អយ្យកោ​ស្តេក ។

ដូច​ប្អូន​បាន​ដឹង​ស្រាប់​ហើយ​ថា​នៅ​ពេល​រៀបការ​ជា​មួយ វ៉លធ័រ ហ្គង ឈ្មោះ​ជីន ផ្លាស់​ទៅ​ជីន ហ្គង ដែល​ជា​ម្តាយ​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ។ បច្ចុប្បន្ន​នេះ ម្តាយ​របស់​ខ្ញុំ​មាន​អាយុ ៩៤ ឆ្នាំ​ហើយ ។ មែលបា អូក​អាយុ ៩៨ ឆ្នាំ ។ ពួកគាត់​បាន​ក្លាយ​ជាមិត្ត​ក្នុង​ដំណឹង​ល្អ​អស់​រយៈ​ពេល ៧៧​ឆ្នាំ​ហើយ ។

ថ្មីៗ​នេះ ខ្ញុំ​ទើប​បាន​ដឹងថា ស៊ីស្ទើរ មែលបា អូក រស់នៅ​ទីក្រុង​សេនចច រដ្ឋ យូថាហ៍ ។ ខ្ញុំ​បាន​ទូរស័ព្ទ​អរគុណ​គាត់​ដែល​បាន​ផ្លាស់ប្តូរ​អនាគត​របស់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ ។ ពេល​ដែល​ជួយ ជីន ហ្គង នៅពេល​គាត់​ទើប​ប្រែចិត្ត​ជឿ​ដំបូង នោះ​មែលបា អូក​បាន​ផ្ដល់​ពរដល់​គ្រួសារ ហ្គង ៤​ជំនាន់​នៅ​រស់ និង ៣៤ ជំនាន់​ទៀត​នៅផ្នែក​ម្ខាងទៀត​នៃវាំងនន ដោយ​ឈាន​ត្រឡប់​ក្រោយ​រហូត​ដល់​ដ្រាហ្គិន ហ្គង ទីមួយ ដែល​កើត​ក្នុង​ឆ្នាំ ៨៣៧ នៃ គ.ស. ។​

គួរឲ្យ​ស្តាយ​ណាស់​ដែល​មិត្តដទៃ​ទៀត​របស់​ម្តាយ​ខ្ញុំ​លែង​សកម្ម​នៅ​ក្នុង​សាសនាចក្រ​ទៀត​ហើយ ។ ម្នាក់​បាន​ចាកចេញ​ពីសាសនាចក្រ ពីព្រោះ​សមាជិក​ខ្លះ​ប្រកាន់​ពូជសាសន៍ ។ ម្នាក់ទៀត​ឃ្លាត​ឆ្ងាយ នៅពេល​គាត់​មានអារម្មណ៍​ថា​ត្រូវ​ជ្រើសរើស​រវាង​សាសនាចក្រ និង​មិត្តភក្តិ​ដែល​មិនមែន​ជាសមាជិក ។ ទីបី​ចាកចេញ ពីព្រោះសម្ពាធ​ខាងលោកិយ ដែល​ធ្វើឲ្យ​មានការ​សង្ស័យ​អំពី​ការបង្រៀន​របស់​សាសនាចក្រ ។ ប្រាកដណាស់ សព្វថ្ងៃ​នេះ​បងប្អូន​ប្រឈមមុខ​នឹង​ឧបសគ្គ​កាន់តែខ្លាំង ។

ខ្ញុំ​មាន​អំណរ​គុណ​ដ៏​អស់កល្ប​ចំពោះ មែលបា អូក និង​មនុស្ស​គ្រប់គ្នា​ដែល​បាន​ជួយ​ម្តាយ​របស់ខ្ញុំ នៅពេល​គាត់​ថ្មី​ក្នុង​ដំណឹងល្អ ។ ខ្ញុំ​ក៏​សូម​កោតសរសើរ​ចំពោះ​ម្តាយ​របស់​ខ្ញុំ​ផងដែរ ។ គាត់​បាន​ខ្ជាប់ខ្ជួន​នៅក្នុង​សេចក្តី​ជំនឿ​របស់​គាត់ និង​ក្លាហាន​ក្នុង​ទី​បន្ទាល់​របស់គាត់ ។ គាត់ និង​ឪពុករបស់​ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​រស់នៅ​យ៉ាងរឹងមាំ​នៅក្នុង​សាសនាចក្រ​ពិតរបស់​ព្រះ ។ ពួកគាត់​បាន​ទទួល​ជោគជ័យ​ទោះ​ជា​មាន​សម្ពាធ​ខាង​សង្គម និង​មាន​សមាជិក​សាសនាចក្រ​មួយ​ចំនួន​ដែល​មាន​ផ្នត់គំនិត​ប្រកាន់​ជាតិ​សាសន៍​ក្ដី ។

ប្អូន​ប្រុស​ស្រី មាន ជីន ហ្គង និង មែលបា អូក ជាច្រើន​នៅជុំវិញ​យើង—នៅក្នុង​បន្ទប់​ជួល កន្លែង​ធ្វើការ វួដ ឬ​សាខា ក្នុង​ចង្កោម​មិត្តភក្តិ និង​សមាគម​របស់យើង ។ គ្មាន​នរណា​ម្នាក់​ចង់​ក្លាយជា​បន្ទុក​របស់គេឡើយ ។ យើង​ម្នាក់ៗ​រក​មើល​ឱកាសចូល​រួម​ចំណែក​ក្នុង​សង្គម​ផងដែរ ។ យើង​ត្រូវការ​កន្លែងសុវត្ថិភាព​ដើម្បី​ស្វែងរក និង​សុំ​កន្លែង​សុវត្ថិភាព​ដើម្បី​រៀន និង​រស់នៅតាម​គោលលទ្ធិ​នៃ​ដំណឹងល្អ និង​វប្បធម៌​សាសនាចក្រ ។ យើង​ចង់​ឲ្យ​គេ​មើល​ឃើញ​ថា​យើង​ជា​មជ្ឈិមវ័យ ហើយ​ជា​មជ្ឈិមវ័យ​ដែល​មាន​ការ​ទទួល​ខុសត្រូវ និង​ការ​ចូលរួម ។

យើង​ចង់​ឲ្យសាសនាចក្រ​ជាកន្លែង​ដែល​យើង​មិនវិនិច្ឆ័យ​គ្នា ហើយ​យើង​ប្រែចិត្ត ប្រសិន​បើនរណា​ម្នាក់​មានអារម្មណ៍ថា យើង​បាន​វិនិច្ឆ័យ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ឈឺចាប់​ខ្លាំងនោះ ។ ភរិយា​ប្រធាន​ព្រះវិហារបរិសុទ្ធ ហ្គូដាឡាយ៉ារ៉ា ម៉ិកស៊ិក បាន​មាន​ប្រសាសន៏ថា ព្រះវិហារបរិសុទ្ធដ៏​ពិសិដ្ឋ​បាន​បំផុស​គំនិត​គាត់​ឲ្យ « វិនិច្ឆ័យ​តិច និង​ផ្តល់ក្តីស្រឡាញ់​ឲ្យ​បាន​ច្រើន » ។ គាត់​ពិត​ជានិយាយ​ត្រូវ​ណាស់ ។ សូម​ចូល​មក​ស្រប​តាម​និស្ស័យ​ពីធម្មជាតិ​របស់​ប្អូន ។ ពួក​យើង​ត្រូវការ​ប្អូន ។ នៅពេល​យើង​កាន់តែ​មានក្តី​មេត្តា និង​ការរួបរួមគ្នា ហើយ​អញ្ជើញ​អ្នកដទៃ​ឲ្យធ្វើ​ដូចគ្នា នោះសហគមន៍​នៃ​ដំណឹង​ល្អ​របស់​យើង​កាន់​តែ​បើក​ចំហ ងាយ​ទាក់ទង និង​រីករាយ​រាក់ទាក់ ។ ក្នុង​ន័យ​នេះ យើង​ទាំងអស់គ្នា​អាច​រួបរួម​នឹង​ពួក​អ្នក​ប្រែចិត្ត​ជឿថ្មី សមាជិក​ដែល​វិល​មកវិញ សមាជិក​ដែល​ទើប​ផ្លាស់ទីលំនៅ​ដោយ​ព្យាយាមធ្វើ​អ្វី​ដែលត្រឹមត្រូវ ។

នៅ​ក្នុង​សង្គម​ដែល​មាន​ការបែងចែក នោះ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​អាច​ចែក​រំលែកទេវភាព និង​សេចក្ដីរាបសា​រួម​មួយ​ដែល​ធំជាង​ភាព​ខុសគ្នា​នានា ។ នៅក្នុង​គ្រា​ងងឹត​គួរ​ឲ្យ​ភ័យ​ខ្លាច នោះ​ពួកអ្នក​ជឿ​អាច​ចែកចាយ និង​តំណាង​ឲ្យ​ដំណឹងល្អ​របស់​ទ្រង់​បាន ។ នៅទីណា​ដែល​មាន​គ្រោះទុរភិក្ស​ខាង​វិញ្ញាណ​នៅ​ក្នុង​ដែនដី២៧យើង​បាន​សាទរ​ទ្រង់​ជាទឹក​រស់ និង​នំប៉័ង ជីវិត ។

នៅក្នុង​ពិភពលោក​ដ៏ក្រៀមក្រំ​ដែល​ស្រេកឃ្លាន​ស្នាម​ញញឹម និង​ការរាក់ទាក់​នេះ យើង​អាច​ក្រោក​ចេញ​ពីភាព​សុខ​ស្រួល​របស់​យើង ។ អង្គុយ​ជិត​នរណា​ម្នាក់​ដែល​អង្គុយ​ម្នាក់ឯង ។ រាប់រក សរសើរ លើក​ទឹកចិត្ត​ដោយផ្ទាល់ និងតាម​អនឡាញ ។ កុំ​ថ្កោល​ទោស​ទាំង​មិនដឹង​ពីស្ថាន​ការណ៍ ។ ចូរស្តាប់ ចូរទៅ ចូរនៅទីនោះ ។ ផ្ដល់​ការងារ​បម្រើ​ដោយ​ចែកចាយ​គំនិត ឬបទគម្ពីរ​ដ៏​សមរម្យ​មួយ ។ សង្កេត​មើលទឹកភ្នែក ឬ​ស្នាម​ញញឹម ។ អធិស្ឋាន​ជា​និច្ច ។

ថ្ងៃនេះ ប្អូន​ជួយ​ខ្ញុំ ។ ថ្ងៃ​ស្អែក ខ្ញុំ​នឹង​ជួយ​ប្អូន​វិញ ។ យើង​នៅ​ទីនេះ​ដើម្បី​ជួយ​គ្នា ។ នោះ​ជា​អ្វី​ដែល​មិត្ត និង​គ្រួសារ​ក្នុង​ដំណឹងល្អ​ត្រូវធ្វើ ។

ខ្ញុំដឹងថា ប្អូនៗ​ភាគ​ច្រើន​ជា​សមាជិក​តែម្នាក់ឯង ឬ​ជាសមាជិក​ដែល​សកម្ម​តែម្នាក់​នៅក្នុង​គ្រួសារ​ប្អូនៗ ។ ប្អូនៗ​ក្លាហាន និង​ស្មោះត្រង់ ប៉ុន្តែ​ជាញឹក​ញាប់​វាពិបាក ។ សូម​កាន់​ដំបង​ដែក​ឲ្យជាប់—ឬ​ដូច​ជា​យុវមជ្ឈិមវ័យ​មា្នក់​នៅ​ទីក្រុង​ម៉ាណូស ប្រទេស​ប្រេស៊ីល ថ្លែង​ថា « កាន់​ឲ្យ​ជាប់ » ។ ចូរ​ប្តេជ្ញាថា អ្នកនឹង​មាន​ភាព​ខ្ជាប់ខ្ជួន និង​មិន​ងាករេ ជាតំណភ្ជាប់ដ៏​រឹង​មាំ​សម្រាប់​គ្រួសារ​របស់​អ្នក​គ្រប់​ជំនាន់ ។ វា​នឹង​មាន​តម្លៃ ។

វា​មិន​សំខាន់​ថា​យើង​ជា​ជំនាន់​ទីមួយ ឬ​ទី​ប្រាំមួយ​នៅក្នុង​សាសនាចក្រ​នោះទេ អ្វី​ដែល​សំខាន់​គឺថា​យើងក្លាហាន​នៅ​ក្នុង​ទីបន្ទាល់​របស់​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ដាំ បីបាច់ និង​ការពារ​គ្រាប់ពូជនៃ​សេចក្តី​ជំនឿ​ដ៏មាន​តម្លៃ​នោះ ។ ចូរ​ទុក​ឲ្យវា​ចាក់ឫយ៉ាង​មាំ និង​រីក​ស្គុះស្គាយ​នៅក្នុងខ្លួនប្អូន និង​គ្រួសារ​ដ៏អស់កល្បជានិច្ច​របស់​ប្អូន ។

សូម​ធ្វើ​ដូចជា​មែលបា អូក ឬ​ជីន ហ្គង​កសាង​ទំនាក់​ទំនង​នៅ​ថ្ងៃ​នេះ​ដែល ផ្លាស់ប្តូរ​អនាគត ក្នុង​រយៈពេល​១​ឆ្នាំ ៥​ឆ្នាំ ឬ ៧៧ ឆ្នាំ​ខាង​មុខ ។

ការណ៍​នេះ​នាំ​យើង​ទៅកាន់ការ​អញ្ជើញ​ទីបីរបស់​យើង ៖ ធ្វើខ្លួន​ឲ្យ​ប្រសើរ​ឡើង​ដោយ​ធ្វើ​ការ​ជាមួយ និង​ក្បែរ​ព្រះអម្ចាស់​នៃ​ចម្រូត ។

កាល​ដែល​យើង​រៀន​ធ្វើការ​ដោយ​សេចក្តី​ជំនឿ និង​ឧស្សាហ៍​ព្យាយាម នោះ​ព្រះអម្ចាស់​នៃ​ចម្រូត​នឹង​ប្រទាន​ពរ​ឲ្យ​យើង​មាន « សេចក្តី​អំណរ​ក្នុង​ផល​នៃ​ការងារ​[ របស់​យើង ] » ស្របតាមក្រិត្យវិន័យ​នៃ​ចម្រូត ។២៨ កាលដែល​យើង​ធ្វើការ​ដោយ​ឧស្សាហ៍ និង​ដោយ​ឆ្លាតវៃ នោះឱកាស​នឹង​បើក​ឲ្យ ។ អ្វី​ដែល​អ្នក​ខ្លះ​ហៅថា សំណាងយើង ស្គាល់ថា​ជា​ពរជ័យ ។ យើង​ដឹងថា ការអធិស្ឋាន​ដោយរាបសា និង​ការ​តស៊ូ​ដោយ​ស្មោះ​រួមគ្នា​នឹងនាំមក​នូវ​អព្ភូតហេតុ​តាម​កាលវេលា និង​របៀប​របស់ទ្រង់ ។

គម្ពីរ​កាឡាទី​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី​បាន​ពិពណ៌នា​អំពី​ក្រិត្យវិន័យ​នៃ​ចម្រូត​ថា « ត្បិត​ពូជ​ណា​ដែល [ បុរស ឬ​ស្រ្តី ] ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯងវិញ » ។២៩ យើង​មិន​គួរ « ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ » ។៣០ ក្នុង​ន័យ​ម្យ៉ាងទៀត​គឺ​យើងច្រូត​កាត់​អ្វី​ដែលយើង​ដាំ—ល្អ​ទៅ​ជា​ល្អ​វិញ សុចរិត​ទៅ​ជា​សុចរិត​វិញ ត្រឹម​ត្រូវ​ទៅ​ជា​ត្រឹម​ត្រូវ​វិញ មេត្តាករុណា​ទៅ​ជា​មេត្តាករុណា​វិញ ។៣១

ឡុនដុន និង លូក ប្រូកប៊ែង គឺជាអ្នក​ផ្សព្វផ្សាយ​ដែល​បាន​ត្រឡប់​មក​ពីបេសកកម្មវិញ​ដ៏ស្មោះត្រង់ ហើយ​ថ្មីៗ​នេះ​បាន​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏ពិសិដ្ឋ បាននិយាយថា​ពួកគេ​បានរៀន​ក្រិត្យ​វិន័យ​នៃ​ចម្រូត​ជាមួយក្រុម​គ្រួសារ​របស់​គេ​នៅក្នុង​ចម្ការ នៅពេល​ដែល​ពួកគេ​ធំឡើង ។

[ ចាប់ផ្ដើម​ការថតវីដេអូ ]

ឡុនដុន ៖ យើង​បានក្រោក​ពីព្រលឹម មុនពេល​សត្វឃ្មុំ​ភ្ញាក់ និង​មុនពេល​ថ្ងៃក្តៅ ហើយ​ព្យាយាម​ដក​ស្មៅ ដាំដំណាំ​ជាច្រើន ហើយ​ព្យាយាម​បណ្តុះ ដាក់​ជី និង​ក្រាលចំបើង និង​ថែទាំ​គ្រប់យ៉ាង​សមស្រប​តាម​បច្ចេកទេស និងហេតុផល​ត្រឹមត្រូវ ។

ខ្ញុំ​មាន​ន័យ​ថា​មនុស្ស​គ្រប់​រូប​ចូល​ចិត្ត ហើយ​រីករាយ​នឹង​ការបេះ​ផ្លែឈើ—ហើយ​បរិភោគ​វា​ពេល​កំពុង​បេះ—ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា ឧបសគ្គ​ធំបំផុត​គឺ​ការដក​ស្មៅ ព្រោះ​អ្នក​ត្រូវ​អង្គុយ​លុត​ជង្គង់​ចុះ ហើយ​មិនយូរ​ប៉ុន្មាន​អ្នក​ចាប់ផ្តើម​ចុកឈឺរោយ ។ ហើយ​ដៃ​របស់​អ្នក​ប្រឡាក់ ។ ចុង​ក្រចក និង​មេដៃ​របស់​យើង​ត្រូវ​ប្រឡាក់​ជ័រ​ស្មៅពណ៌​បៃតង ។

អែលឌើរ ហ្គង ៖ នេះ​ហើយ​ជា​មូលហេតុ​ដែល​គេហៅ​ប្អូន​ថា​មេដៃ​បៃតង ។

ឡុនដុន ៖ មែន​ហើយ​អ្នក​អាច​គិតថា​វា​មកពី​ដំណាំ​នោះ​ដុះ​បាន​ល្អ ប៉ុន្ដែ​តាម​ពិត​គឺ​ដោយសារ​ស្មៅ​បាន​ដកចេញ​នោះ​ទេ ។

លូក ៖ ឡុនដុន បាន​និយាយ​អំពី​របៀប​ដែល​អ្នក​គ្រាន់​តែ​ធ្វើ​កិច្ចការ​ជា​មូលដ្ឋាន​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ធ្វើ​ចម្ការ​ប៉ុណ្ណោះ ។ អ្នក​ដឹងទេ​ថា​អ្នក​ត្រូវ​ដាក់ជី ហើយ​ដាំ​វា ។ អ្នក​មិនអាច​ទៅ​ចម្ការ​មួយ​សប្តាហ៍​ម្តង ហើយ​រំពឹងថា​វា​ដុះ​ល្អ​នោះ​ទេ ។

[ បញ្ចប់​ការថតវីដេអូ ]

អែលឌើរ ហ្គង ៖ខ្ញុំបាន​សួរ​ឡុនដុន និង​លូក​អំពី​ព្រះអង្គ​សង្គ្រោះ​របស់​យើង ក្នុង​នាមជា​ដើម​ទំពាំងបាយ​ជូរពិត​ដែល​បាន​ចិញ្ចឹម​បីបាច់​យើង​ខាងវិញ្ញាណ ។៣២

[ ចាប់ផ្ដើម​ការថតវីដេអូ ]

ឡុនដុន ៖ នៅពេល​យើង​ថែទាំ​ដំណាំ​ក្នុង​ចម្ការ យើង​ត្រូវ​ដាក់ជី​ឲ្យវា​ដើម្បី​ដឹងថា វាមាន​ជីវជាតិ​ត្រឹមត្រូវ​ក្នុង​ការបន្ត​លូតលាស់ ។ វាស្រដៀង​គ្នា​នឹង​ទីបន្ទាល់​របស់យើង​ដែរ យើង​មិនអាច​រស់រាន​ដោយ​មាន​បទពិសោធន៏​ខាងវិញ្ញាណ​តែ​មួយ​មុខនោះទេ ។ យើងត្រូវ​បន្ដ​មាន​បទពិសោធន៍​ថ្មីៗ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ។ ចូរ​ចងចាំ​ពីបទពិសោធន៍​ខាងវិញ្ញាណ​របស់យើង—វាជា​រឿង​ដ៏​អស្ចារ្យ​ដើម្បី​សញ្ជឹង​គិត ប៉ុន្តែ​យើងត្រូវការ​លើស​ពី​នោះទៅទៀត ។

លូក ៖ រឿង​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត ១០០ ភាគរយ​គឺ​ព្រះអង្គ​សង្គ្រោះ ។ ហើយ​ខ្ញុំគិត​បែបនោះ ដោយសារ​ទ្រង់​គឺ​ពិតជា​ដើម​ទំពាំង​បាយ​ជូរពិត​ដែល​យើងអាច​ពឹងផ្អែក​លើទ្រង់​បាន​ជានិច្ច ។ ហើយ​ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ដាក់​ឆន្ទៈ​របស់​យើង​ស្រប​នឹង​ទ្រង់—នោះ​ទ្រង់​ជាប់​នឹង​យើង ហើយ​យើង​ជាប់​នឹង​ទ្រង់—ព្រះអង្គ​សង្គ្រោះ​គឺ​ជា​អង្គ​មួយ​ដែល​ពិត​ជា​អាច​ជួយ​ប្អូន​ឆ្លង​កាត់​រឿង​នានា​បាន ។

ឡុនដុន ៖ ខ្ញុំស្រឡាញ់​ព្រះ​អង្គ​សង្គ្រោះ ហើយ​ខ្ញុំមាន​ទីបន្ទាល់​យ៉ាងរឹងមាំ​អំពី​ទ្រង់ និង​អ្វីៗ​ដែល​ទ្រង់​បានធ្វើ​សម្រាប់​យើង ។ ទ្រង់​គឺ​ប្រៀប​បាន​នឹង​មិត្ត​ជិតស្និទ្ធ​ម្នាក់ ដូច​ជា​នរណា​ដែល​នៅ​ក្បែរ​អ្នក​ជានិច្ច ។ ព្រោះខ្ញុំ​ប្រាដក​ថាយើង​ទាំងអស់គ្នា​មានមិត្តល្អ ដែល​បាន​ចាកចេញ​ពីយើង ទាំង​មិនបាន​រំពឹង​ទុក ឬ​ទាំង​បាន​រំពឹង​ទុក ។ ទាំងពីរ​យ៉ាង​នេះ​គឺមិនមែន​ជា​បទពិសោធន៍​សប្បាយ​ទេ ។ ប៉ុន្តែ​វា​អស្ចារ្យ​ដោយ​បាន​ដឹង​ថា ព្រះអង្គសង្គ្រោះ​នឹង​មិន​ចាកចេញ ថា​ទ្រង់​នឹង​នៅ​ជា​មួយ​យើង​ជានិច្ច ហើយ​ថា​ទ្រង់​គង់​នៅ​ទីនោះ​ដើម្បី​លួងលោម​យើង​និង​ជួយ​យើង​ពេល​យើង​ត្រូវការ​ទ្រង់ ។

[ បញ្ចប់​ការថតវីដេអូ ]

អែលឌើរហ្កង ៖: សូម​អរគុណ ឡុនដុន និង​លូក ។ ឡុនដុន លូក និង​ខ្ញុំ​បាន​និយាយ​អំពី​សេចក្តី​យុត្តិធម៌ និង​សេចក្តី​មេត្តាករុណា​ក្នុង​ក្រិត្យវិន័យ​នៃ​ចម្រូត ។ យើង​ច្រូតកាត់​នូវ​អ្វី​ដែល​យើង​បាន​សាប​ព្រោះ ។ ប៉ុន្តែ​ព្រះ​ក៏​បាន​បន្ថែម​សេចក្តី​មេត្តាករុណា​របស់​ទ្រង់​ដល់​កិច្ចខិតខំ​របស់​យើង​ផង​ដែរ ។ ដូច​សាវក​ប៉ុល​បាន​ថ្លែង​ថា « ខ្ញុំ​បាន​សាបព្រោះ អ័ប៉ុឡូស ជា​អ្នក​ស្រោច តែ​ដែល​បាន​ដុះ​ឡើង​នោះ​គឺ​ព្រះ​បាន​ធ្វើ​វិញ » ។៣៣ នៅពេល​ព្រះទ្រង់​ប្រទាន​ការ​បន្ថែម​ឡើង​នោះ ទ្រង់​បាន​បើក​ទ្វារ​ស្ថានសួគ៌​ដើម្បី​ចាក់​ព្រះពរ​មក​ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ ។៣៤ ដោយ​ទត​ដោយ​ព្រះនេត្រ​ខាងវិញ្ញាណ នោះជារឿយៗ​សេចក្ដី​មេត្តា​ដ៏ទន់ភ្លន់​របស់​ព្រះអម្ចាស់​មាន​លើស​ពី​កិច្ចការ​ដែល​យើង​បាន​ធ្វើ ។

ពេល​ខ្លះ​ក្នុង​ជីវិត​មាន​អារម្មណ៍​ថា​មិន​ត្រឹមត្រូវ និង​អយុត្តិធម៌ ពេល​នៅ​មាន​គ្រាលំបាក​ឯកោ​ដ៏ខ្មៅ​ងងឹត ។ ជាមួយ​នឹង​បំណងប្រាថ្នាសុចរិត និង​កិច្ច​ខិតខំ​ក្នុង​ការ​គោរព​ប្រតិបត្តិ នោះ​យើង​អាច​នឹង​មាន​អារម្មណ៍ថា យើងបាន​ធ្វើអ្វី​គ្រប់យ៉ាង​ដែល​សុំ​ឲ្យ​យើង​ធ្វើ ។ ប៉ុន្តែ​គ្រប់​យ៉ាង​ហាក់​ដូច​ជា​មិន​ទាន់​ដំណើរការ​ទៅ​តាម​អ្វី​ដែល​យើង​បាន​សង្ឃឹម​ទុក​នោះ​ទេ ។ វា​ពិបាក ។ យើង​អាច​មាន​អារម្មណ៏​បាក់​ទឹកចិត្ត ខូច​កិត្តិយស ហើយ​ក៏​ប្រហែលជា​ជូរចត់​ទៀត​ផង ។ ក្នុង​ពេល​ដូច្នេះ សូម​ចងចាំ​ថា តាម​របៀប​ដែល​យើង​មិន​អាច​យល់​បាន នោះ « កូន​មនុស្ស​បាន​ចុះ​ទាប​ជាង​ការណ៍​ទាំង​នោះ​ទៅ​ទៀត » ។៣៥ ទ្រង់​ជ្រាប ព្រោះ​ទ្រង់​ធ្លាប់នៅ​ទីនេះ ។៣៦ ព្រះអង្គ​សង្គ្រោះ​យើង​បាន​មាន​បន្ទូលថា « មើល​យើង​បាន​ចារិក​ឯង​ទុក​នៅ​ផ្ទៃ​បាតដៃ​របស់​យើង » ។៣៧ ទ្រង់សន្យា​ថា « គ្រប់ការណ៍​ទាំងនេះ​នឹង​ផ្ដល់​ការ​ពិសោធន៍​ដល់​អ្នក ហើយ​និងទៅជា​ការ​ល្អ​ដល់​អ្នក​ទៅវិញ » ។៣៨

យើង​ទន្ទឹង​រង់ចាំ​ព្រះអម្ចាស់​ជាមួយ​ក្តី​សង្ឃឹម និង ពេលខ្លះ ក្តី​បារម្ភ ។ សេចក្តី​សន្យា​របស់​ទ្រង់​គឺ​ពិត ៖ « តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះយេហូវ៉ា​វិញ នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជានិច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ​ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ » ។៣៩ « ទឹក​ភ្នែក​នឹង​មាន​នៅ​ជាប់​អស់​មួយ​យប់​ក៏​បានតែ​ព្រឹក​ឡើង គង់​នឹង​មាន​សេចក្តី​អំណរ​ឡើង​ដែរ » ។៤០ គ្មាន​ទុក្ខព្រួយ​លើ​ផែនដី​ណា ដែល​ឋានសួគ៌​ពុំ​អាច​ព្យាបាល​បាន​ទេ ។៤១

តាមពេលវេលា និង​របៀប​របស់​ទ្រង់ ព្រះ​នឹងកែ​តម្រូវ​ភាព​អយុត្តិធម៌ ទុក្ខព្រួយ​និង​ការខកចិត្ត ។ ចំពោះ​អ្នក​ដែល​មាន​ឆន្ទៈ និង​បន្ទាបខ្លួន នោះដំណឹងល្អ​របស់ទ្រង់​ផ្តល់​ឱកាស​មិនត្រឹម​តែពីរ​បីដង​ទេ តែរហូតដល់​ចិតសិបដង គុណ​និង​ប្រាំពីរ ។៤២ អស់​អ្នកណា​ដែល​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ នឹង​ត្រូវ « បាន​ពរ​គ្រប់​យ៉ាង » ។៤៣

នៅក្នុង​ជំនាន់​របស់​យើង ដោយ​មាននូវ​ការ​រងទុក្ខ​វេទនា និង​តម្រូវការ​ខាង​មនុស្សធម៌​យ៉ាង​ខ្លាំង​នៅ​គ្រប់​ទីកន្លែង នោះ​យើងទទួល​អារម្មណ៍​ពី​បុព្វហេតុ​ដ៏​ល្អ និង​គោល​បំណង​ដ៏ទេវភាព​ដើម្បី​ផ្ដល់​ការបម្រើ​ជាគ្រិស្តសាសនិក ។ ចំពោះ​យើង ការ​ស្រឡាញ់​ព្រះ និង​អ្នកជិតខាង​មាន​ន័យ​ថា ជា​ឱកាស និង​ទំនួល​ខុសត្រូវ​នៃ​សេចក្តី​សញ្ញា ។ ថ្មីៗ​នេះ នៅ​ក្នុង​ការស្ទង់​មតិ​របស់​សាសនាចក្រ​បង្ហាញ​ថា យុវមជ្ឈិមវ័យ​កំពុង​កំណត់​អត្តសញ្ញាណ និង​លើក​ឡើង​ពី​តម្រូវ​ការ​ដ៏ខ្លាំង​ផ្នែក​មនុស្សធម៌​នៅ​ទ្វីបអឺរ៉ុប អាមេរិក​កណ្ដាល និង​អាមេរិក​ខាង​ត្បូង ខារីប៊ៀន អាស៊ី អាហ្វ្រិក អាមេរិក​ខាង​ជើង និង​តំបន់​ប៉ាស៊ីភិច​និង​ស្ទើរតែ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​ទូទាំង​ពិភពលោក ។ ប្អូន​និង​មិត្តភក្តិ​របស់​ប្អូន សូម​លើក​ឡើង​តែ​ពីរបី​ប៉ុណ្ណោះ ៖

  • ដេរ​ម៉ាស់

  • គាំទ្រ​ដល់​មជ្ឈមណ្ឌល​ស្រ្តីភៀសខ្លួន

  • ជួយ​ដល់​ការបោស​សម្អាត និង​ការ​សង្គ្រោះពី​គ្រោះ​ធម្មជាតិ

  • ផ្តល់​អាហារ​បំប៉ន​កុមារ

  • ស្ថាបនា​សហគមន៍​ក្នុងតំបន់ និង

  • ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​កាន់​កន្លែង​ផ្ដល់​អាហារ ។៤៤

នៅ​ក្នុង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​នេះ សមាជិក មិត្តភក្តិ និង​សាសនាចក្រ​របស់​យើង បាន​ផ្តល់​ជំនួយ​មនុស្សធម៌​ដ៏​ច្រើន​បំផុត ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​មាន​គម្រោង​ឆ្លើយតប​នឹង​ជំងឺកូវីដ-១៩ ចំនួន ១,០៣១ គម្រោង នៅ​ក្នុង​ប្រទេស​ចំនួន ១៥១ ។ ប្រជាជន​ក្រីក្រ​កំពុង​ទទួល​បាន​គ្រឿង​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន ( PPE ) ជាង ២៨.៤ លាន ស្បៀង​អាហារ​ចំនួន ៣.៥ លាន សម្ភារ​អនាម័យ​ចំនួន ១.៨ លាន និង ១.០៧ លាន លើ​បរិក្ខារ និង​សម្ភារ​ពេទ្យ ។

រថយន្ត​ដឹកទំនិញ​ជាង ៧០០ ត្រូវ​ដឹកជញ្ជូន​ស្បៀង​អាហារ​ទៅ​កាន់​គោលដៅ​នៅ​កន្លែង​ឆ្ងាយៗ ហើយ​សម្ភារ​ចាំបាច់​ផ្សេង​ទៀត​ត្រូវ​បាន​ដឹក​ចម្ងាយ ១.៦ លាន​គីឡូម៉ែត្រ​ពី​ប្រព័ន្ធ​ឃ្លាំង​របស់​ប៊ីស្សព​នៃ​សាសនាចក្រ​របស់​យើង ទៅ​កាន់​កន្លែង​ចែកចាយ​អាហារ ទីជម្រក​អ្នក​គ្មាន​ទីលំនៅ និង ភ្នាក់ងារ​សប្បុរសធម៌​ចំនួន ៣៨០ ។ ខ្ញុំ​បាន​សួរ​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​រថយន្ត​ដឹក​ទំនិញ​កង់ ១៨ ដ៏​ធំ​មួយ ។ មាន​ពេញ​ទៅ​ដោយ​អាហារូបត្ថម្ភ ថាមពល និង សុច្ឆន្ទៈ ដែល​មាន​សាច់​គោ ឬ​សាច់​មាន់​កំប៉ុង​ចំនួន ៣,២៦៤ កំប៉ុង, ពោត សណ្តែក​បៃតង ឬ​ប៉េងប៉ោះ​ចិញ្ច្រាំ​កំប៉ុង​ចំនួន ៧,៤៨៨ កំប៉ុង,ស៊ុប ឬ​ម្ទេស​កំប៉ុង​ចំនួន ៦,៥២៨ កំប៉ុង និង​របស់​ដែល​ខ្ញុំចូលចិត្ត​បំផុត​ដ៏​ល្បី​—​ដែល​សាសនាចក្រ​ផលិត​គឺ​សណ្តែក​ប៊ឺ ចំនួន ៧៩២ កែវ ។

រថយន្ត​របស់​យើង​ក៏បាន​ដឹក​ផ្លែឈើ បន្លែ និង​បង្អែម ដែល​បាន​ផលិត ឬ​កែច្នៃ​នៅ​កសិដ្ឋាន​ចំនួន ១៩ ចម្ការ​ចំនួន ៣ រោងចក្រ​អាហារ​កំប៉ុង​ចំនួន ៤ រោងចក្រ​ធ្វើ​អាហារ​ពី​ទឹកដោះគោ​ចំនួន ១ និង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ចំនួន ៣ ។ ប្រហែល​ជាប្អូន​រស់នៅក្នុង​សហគមន៍​មួយ ដែល​សាសនាចក្រ​របស់​យើង​សហការណ៍​នឹង​ក្រុមក្នុង​មូលដ្ឋាន​ដើម្បី​ផ្ដល់​ស្បៀងអាហារ និង​របស់របរ​ចាំបាច់​ផ្សេងទៀត ។

ជំនួយ និង​សុវត្ថិភាព​ស្បៀង​អាហារ​ជាសាកលធ្វើ​ឲ្យ​យើង​ព្រួយបារម្ភ ។ អង្គការ​សហប្រជាតិ​បាន​ព្យាករថា ការរំ​ខាន​របស់​ជម្ងឺ​កូវីដ​អាច​ជំរុញ​ឲ្យ​មនុស្ស ១៣០ លាននាក់​បន្ថែម​ទៀត​ធ្លាក់​ទៅ​ក្នុង​ភាព​ស្រេក​ឃ្លាន ។ ខណៈដែលវាជាការ​ចាប់ផ្តើម​នៅ​ឡើយ នោះ​ការ​បរិច្ចាគ​ផ្នែក​មនុស្សធម៌​របស់​យើង កំពុង​ដំណើរការ ចាំបាច់ និង​ស្វាគមន៍​ក្នុង​តំបន់​រងគ្រោះ​ដូច​ជា ប្រទេស​សូម៉ាលី យេម៉ែន សារធារណរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ ហៃទី ស៊ីមបាវ៉េ និង​ក្នុង​តំបន់​មាន​ជម្លោះ​នៅ ប្រទេស​ស៊ីរី យេម៉ែន ស៊ូដង់​ខាងត្បូង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​តំបន់​អាហ្វ្រិក​សាហ៊ីល​ជាច្រើន​ទៀត ។

កុមារ​ស្រេកឃ្លាន​ត្រូវការ​អាហារ ។ រួម​ជាមួយ​នឹង​ដៃគូ​មនុស្សធម៌​មួយ យើង​បាន​ផ្តល់​អាហារ​ចំនួន ៣០ លាន​កញ្ចប់ទៅកាន់​កុមារ​ដែល​នៅ​រៀន​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន​ប្រាំបួន ។ ក្នុង​កញ្ចប់​នីមួយៗ​មាន​ជា​គ្រាប់​ធុញ្ញជាតិ ប្រូតេអ៊ីន បន្លែ និង​ផ្លែឈើ​ដែល​មាន​កាឡូរី​ទ្រទ្រង់ជីវិត​ចំនួន ៤៨២ កាឡូរី ។

ដូច​យើង​បាន​ឃើញ​ហើយ​ថា សាសនាចក្រ យើង​បាន​បរិច្ចាគ​ជំនួយ​មនុស្សធម៌​ទូទាំងពិភពលោក ហើយ​ផ្តល់​ជំនួយ​សប្បុរស​ឲ្យ​អាមេរិក​ខាងជើង និង​ខាងត្បូង ព្រមទាំង​តំបន់​ជាច្រើន​ដែល​មាន​សមាជិក​សាសនាចក្រ​រស់នៅ​ផងដែរ ។

សម្រាប់​ជនភៀស​ខ្លួន និង​បុគ្គល​ដែល​ផ្ទះត្រូវ​រឹបអូស ជំនួយ​មនុស្សធម៌​គឺជា​ឧបសគ្គ​មួយ​យ៉ាងធំ​ចំពោះ​ពួកគេ ។ សាសនាចក្រ​របស់​យើង​នៅ​ជួរ​មុខ ក្នុង​ការដោះស្រាយ​វិបត្តិ​ជា​ច្រើន​របស់​ជនភៀស​ខ្លួន ។ ជាមួយ​នឹងដៃគូរ​របស់​យើង យើង​បានផ្តល់​ស្បៀង​អាហារ អនាម័យ និង​ទឹកស្អាត សម្ភារធ្វើ​ជម្រក សម្លៀក​បំពាក់ សម្ភារការពារខ្លួន និង​ការគាំទ្រលើ​វិស័យ​អប់រំ នៅ​អាមេរិក​ឡាទិន អឺរ៉ុបអាហ្វ្រិក អាស៊ី និង​មជ្ឈិមបូព៌ា ។

យើង​សម្រួល និង​បំពេញ​តម្រូវ​ការក្នុង​មូលដ្ឋាន ។ យើង​គោរព​ប្រពៃណី និង​វប្បធម៌​ក្នុង​មូលដ្ឋាន ។ ឧទាហរណ៍​ដូចការ​បំផ្លិចបំផ្លាញ​ដោយ​រលកយក្ស​ស៊ូណាមិ​ក្នុង​ឆ្នាំ ២០០៤ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​បាន​សម្លាប់ ឬធ្វើ​ឲ្យ​មនុស្ស​ប្រមាណ ២២៨,០០០ នាក់់​បានបាត់ខ្លួន ។ សាសនាចក្រ​ទូទាំង​ពិភពលោក​របស់​យើង បាន​ជួយ​សាងសង់​វិហារ​អ៊ីស្លាម​ឡើង​វិញយ៉ាងរហ័ស បាន​ទិញ​ម៉ាស៊ីនដេរ​ដើម្បី​ដេរ​សម្លៀកបំពាក់​ប្រពៃណី និង​ជួយ​សង់ផ្ទះ និង​សាលារៀន​ជាថ្មី ។ ថ្នាក់ដឹកនាំ​អ៊ីស្លាម​បានប្រាប់​យើងថា « យើង​បាន​តមអាហារ ដូច្នេះ​ការបរិច្ចាគ​ពីដង្វាយ​តមអាហារ​មាន​អត្ថន័យ​ពិសេស​ណាស់​សម្រាប់យើង ។ ការតមអាហារ និង​ពលិកម្ម​របស់ប្អូនៗ​ឆ្លុះ​បញ្ចាំង​ពី​សេចក្តី​ជំនឿរបស់​ប្អូនៗ និង​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ » ។

ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ សេចក្តីសញ្ញា​របស់​យើង​ដើម្បី​នៅ​ជា​មួយ​នឹង​ព្រះ និង​ចេះ​ជួយ​គ្នា អញ្ជើញ​យើង​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ និង​ធ្វើ​ការណ៍​ល្អ ។ ដូចប្អូន​បាន​ដឹងហើយថា សាសនាចក្រ​របស់យើង​បាន​ផ្តល់​ជំនួយ​មនុស្សធម៌​ដោយ​មិនគិត​ពី​ពូជសាសន៍ សម្ព័ន្ធ​សាសនា ឬ​សញ្ជាតិ​ឡើយ ។ សកម្មភាព​មនុស្សធម៌​របស់​យើង​មិនមែន​ប្រើ​ដើម្បី​ផ្សព្វផ្សាយ​ជំនឿរបស់​យើង​នោះទេ ។ យើង​ធ្វើការ​ជាដៃគូ​ជាមួយ​ជំនឿ​ផ្សេងៗ​ទាំងអស់ ឬ​អ្នក​គ្មាន​ជំនឿ ។ យើង​ឆ្លើយតប​ចំពោះសេចក្តី​ត្រូវការ​ភ្លាមៗ និង​ផែនការ​រយៈ​ពេលវែង ។ យើង​បន្តជួយ ដរាបណា​បន្តមាន​សេចក្តី​ត្រូវការ បន្ត នៅ រហូត ទោះជា​កាមេរ៉ា​សារព៌ត័បាន​ត្រឡប់ ទៅ វិញ​ហើយ​ក្តី ។ យើង​បណ្តុះបណ្តាល​តម្លៃខ្លួនឯង និង​ភាពខ្លួនទីពឹងខ្លួន ។ យើង​មាន​អារម្មណ៏​ថា​បាន​ទទួល​ពរជ័យ​ពី​ព្រះវរបិតា​សួគ៌ា នៅ ពេល​យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់យើង​ចំពោះ​ព្រះ ក្នុង​ការធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​សម្រាប់​ប្អូនប្រុស​ស្រី​របស់​យើង ជា—បុត្រាបុត្រី​របស់​ទ្រង់​នៅ​គ្រប់—ទីកន្លែង​តាម​គ្រប់​វិធី​ដែល​យើង​អាច ។

ប្អូនប្រុស​ស្រី កាលប្អូនរៀនសូត្រ រីកចម្រើន និង​បម្រើ ហើយ​នៅពេល​ប្អូន​ព្យាយាម​មាន​ភាពក្លាហាន​នៅក្នុង​ទីបន្ទាល់​របស់ប្អូន​អំពី​ព្រះយេស៊ូវគ្រីស្ទ សូម​អត់ធ្មត់ និង​យល់ពីខ្លួន​ឯង ។ ជួនកាល យើង​តឹងតែង​ពេក​ចំពោះ​ខ្លួនឯង ។ ព្រះអម្ចាស់​បាន​អញ្ជើញ​យើង​ឲ្យ​មក​ជាខ្លួន​យើង ឲ្យធ្វើ​កិច្ចការ​នានា « ក្នុង​ប្រាជ្ញា និង​តាម​របៀប​រៀបរយ » ។ ទ្រង់​មិន​រំពឹង​ឲ្យ​យើង​រត់​លឿន ជាង​កម្លាំង​ដែល​យើង​មាន​ឡើយ ទោះ​ជាយើង​ឧស្សាហ៍​ព្យាយាម និង​ក្លាហាន​ក្តី ។៤៥

ពេល​ខ្លះ យើង​មាន​អារម្មណ៍​មិន​សូវ​មាន​គេ​ត្រូវការ ឬ​មិន​សូវ​មាន​ការ​តាំង​ចិត្ត ប្រសិន​បើ​ព្រះអម្ចាស់​មិន​សុំ​ឲ្យ​យើង « ធ្វើ​ការ​អ្វី​យ៉ាង​ធំ » ទេ​នោះ ។៤៦ ប៉ុន្តែ​ជា​ញឹកញាប់ អ្វី​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​បំផុត​គឺ​ឲ្យ​យើង​បញ្ចេញ​ពន្លឺ​ភ្លឺ​ចែងចាំង​ជា​រៀងរាល់​ថ្ងៃ ។ សូមចាំថា ព្រះ​យេស៊ូវ​គឺ​ជា​ដើម​ទំពាំង​បាយជូរ​ដ៏ពិត ។ ការរីកចម្រើន​ខាង​វិញ្ញាណ និង​សុភមង្គ​របស់​បងប្អូន​គឺមាន​តម្លៃ​ចំពោះទ្រង់ ។

សរុប​សេចក្ដីទៅ នៅពេលឆ្នាំថ្មី​នេះចាប់ផ្ដើម ខ្ញុំ​សូម​អញ្ជើញ​ប្អូន​ឲ្យ​ទទួល​ពរជ័យ​នៃការ​អញ្ជើញ​ទាំងបីនេះ ៖ 

  1. « ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា ព្រះ​ជា​ព្រះ » ។៤៧ សូម​ឲ្យ​សេចក្តីល្អ និង​ការបង្កបង្កើត​របស់​ទ្រង់ បំផុស​ការនឹក​ស្រមៃ​របស់​ប្អូន រំងាប់​ចិត្ត និង​អះអាង​ក្នុង​ដួងចិត្ត​ប្អូន និង​ថ្លែង​ទីបន្ទាល់ថា ទ្រង់​បាន​ត្រៀម​រង់ចាំ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​ប្អូន​កាន់​តែ​ស៊ីជម្រៅ ។

  2. សូម​ផ្លាស់ប្ដូរ​អនាគត​ក្នុង​ពេលនេះ ។ សូម​ចិញ្ចឹម​បីបាច់​ទំនាក់​ទំនង​ជា​ច្រើន​ជំនាន់ ដែល​នឹង​ប្រទាន​ពរ​ដល់​ប្អូន និង​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​ប្អូន​នៅ​ពេល​អនាគត និង

  3. ទុក​ចិត្ត​លើព្រះអម្ចាស់​នៃចម្រូត ក្នុង​ការជួយ​ប្អូន​ឲ្យ​ប្រែក្លាយ​ជា​មនុស្ស​កាន់តែ​ប្រសើរ ។ កាល​ដែល​ប្អូន​ធ្វើការ​ជាមួយ និង​នៅក្បែទ្រង់​នៅក្នុង​ចម្ការ​ទំពាំង​បាយជូរ​របស់ទ្រង់ នោះព្រះអម្ចាស់​នៃ​ចម្រូត​នឹង​ប្រទាន​ឲ្យ​ដ៏ច្រើន​ឥត​គណនា ។ ពរជ័យ​របស់​ទ្រង់​គឺ​ជា​ពរជ័យ​នៃ​អំណរ​ពេញ​លេញ ។៤៨

សកម្មភាព​បី​បន្ថែម​ទៀតនឹង​ជួយ​ប្អូន​ឲ្យ​ពង្រឹង​សេចក្តី​ជំនឿរបស់​ប្អូន ហើយ​ជួយ​ប្អូន​ឲ្យ​មាន​ភាពក្លាហាន​នៅក្នុង​ទីបន្ទាល់​របស់​ប្អូន​អំពី​ព្រះយេស៊ូវគ្រីស្ទ ៖

  1. កាន់​ប័ណ្ណ​ចូល​ព្រះ​វិហារ​បរិសុទ្ធ​ដែល​មាន​សុពល​ភាព ។ សូម​ធ្វើ​ដូច្នេះ ទោះបី​ព្រះវិហារ​បរិសុទ្ធ​មិន​ទាន់​បើក​ពេញ​លេញ​ក្តី ។ សូម​ធ្វើ​ដូច្នេះ ទោះបី​ប្អូន​អាច​នឹង​ត្រូវការ​រៀបចំ​ជីវិត​ឲ្យ​មាន​របៀបរៀប​រយក្តី ។

  2. ចូរ​អនុញ្ញាត​ឲ្យ​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​ប្អូន​ស្គាល់​ប្អូន និង​ស្ថានភាព​របស់​ប្អូន ។ ប្រសិន​បើប្អូន​មិន​មាន​ការហៅមួយក្នុង​សាសនាចក្រ​ទេ សូមពិចារណា​ក្នុង​ការនិយាយថា « ប៊ីស្សព​ឬ​( ប្រធានសាខា )​នៅ​ពេល​ព្រះអម្ចាស់​មាន​ការហៅ​មួយ​សម្រាប់​ខ្ញុំ នោះ​ខ្ញុំ​រីករាយ​នឹង​បម្រើ​ក្នុង​សាសនាចក្រ​របស់​យើង » ។

    យើង​ម្នាក់ៗ​ត្រូវការស្លាប និង​ឫស—ជាវ័ណ្ឌ​នៃមិត្តភាព និង​សង្គម​ដ៏ធំ ព្រមទាំង​វ័ណ្ឌតូច​មួយ​ដែលយើង​អាចបម្រើ​ជាទៀងទាត់​ជាមួយ​មិត្តភក្ដិ និង​អ្នក​ដឹកនាំ​ដែល​ខ្វល់ខ្វាយ រួម​ទាំង​ប៊ីស្សព​ដែលកាន់​កូនសោ​ផង​ដែរ ។

  3. ពេល​ប្អូន​គោះ ទូលសុំ និង​ស្វែងរក សូមបង្កើត​បរិយាកាស​ផ្ទាល់ខ្លួន​មួយ ដែល​ចិញ្ចឹម​បីបាច់​សេចក្តី​ជំនឿ និង​ជួយប្អូន​ឲ្យ​រក្សា​បទបញ្ញត្តិ​របស់ព្រះ ។ ដោយ​ប្រទាន​ឲ្យ​ក្នុង​សេចក្ដី​ស្រឡាញ់ នោះ​បទបញ្ញត្តិ​របស់ព្រះ​ការពារ និង​ប្រទានពរ​ដល់​យើង ។ សូម​រស់នៅ​ដោយ​ស័ក្តិសម​ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ធ្វើ​ជា​ដៃគូ​របស់​ប្អូន និង​ជួយ​ប្អូន​ឲ្យ​រក​ឃើញ​អ្វី​ដែល​ប្អូន​ត្រូវការ និង​ស្វែងរក​បំផុត ។ កុំ​អនុញ្ញាត​ឲ្យពិភពលោក​ក្លែងធ្វើ​ជាផ្តល់ឲ្យ​ប្អូន​នូវ​អ្វីដែល​វា​មិនអាច​ធ្វើ​ទៅ​បាន​ឲ្យ​សោះ ។

ប្អូនប្រុស​ស្រី​ជាទីស្រឡាញ់ ព្រះ​គឺជា​ព្រះវរបិតា​ដ៏អស់​កល្បជានិច្ច​របស់​យើង ។ ព្រះរាជបុត្រា​សំណព្វ​របស់ទ្រង់​គឺជា​ព្រះអង្គសង្គ្រោះ​របស់យើង ព្រះយេស៊ូវគ្រីស្ទ ។ ពិធីបរិសុទ្ធ សេចក្ដីសញ្ញា និង​គោលលទ្ធិ​ដ៏​អស់កល្ប​ទាំងឡាយ​មាន​នៅ​ក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ដែល​បាន​ហៅ​តាម​ព្រះនាម​របស់​ទ្រង់ ៖ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ការស្តារឡើងវិញ​នៃ​ភាពពោរពេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅបន្ត​មាន ចាប់តាំង​ពីព្យាការី​យ៉ូសែប ស៊្មីធ​រហូតដល់​ប្រធាន រ័សុល អិម ណិលសុន នាសព្វ​ថ្ងៃនេះ ។ ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ដ៏បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​ដូចជា​ខ្ញុំ​ដែរ​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។

មិត្ត​ជាទីស្រឡាញ់ ចូរ​ឲ្យ​ពន្លឺ​របស់​ប្អូន​បានភ្លឺ​ឡើង !៤៩ សូម​បន្ត​ស្មោះត្រង់​នៅក្នុង​សេចក្តី​សញ្ញា​របស់​ប្អូនៗ និង​ក្លាហាន​នៅក្នុង​ទីបន្ទាល់​របស់ខ្លួន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូមព្រះ​ដឹកនាំ​ប្អូន​ដោយ​ក្តីមេត្តា និង​ប្រទាន​ពរដល់​ប្អូន​នៅក្នុង​សេចក្តី​សង្ឃឹម និង​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់ប្អូន ។ សូម​ឲ្យ​ប្អូន​រកឃើញ​ភាព​ជា​កម្មសិទ្ធិ និង​អំណរ​នៅ​ក្នុង​ដំណឹងល្អ​របស់​ទ្រង់ ជា​ទីកន្លែង​ក្នុង​សាសនាចក្រ​របស់​ទ្រង់—ដែល​ជា​សាសនាចក្រ​របស់​យើង ។ នៅក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ និង​បរិសុទ្ធ​នៃ​ព្រះអង្គសង្គ្រោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕