ការប្រជុំ​ធម្មនិដ្ឋាន​ឆ្នាំ ២០១៦
« ចូរ​កុំ​ខ្លាច … នៅ​ក្នុង​យើង ទើប​សេចក្ដី​អំណរ​របស់​អ្នក​បាន​ពោរ​ពេញ » ( គ. និង ស. ១០១:៣៦ )


« ចូរ​កុំ​ខ្លាច … នៅ​ក្នុង​យើង ទើប​សេចក្ដី​អំណរ​របស់​អ្នក​បាន​ពោរ​ពេញ » ( គ. និង ស. ១០១:៣៦ )

ល្ងាច​មួយ​ជាមួយ​នឹង​អែលឌើរ ឃ្វីនថិន  អិល ឃុក

ការប្រជុំ​​ធម្មនិដ្ឋាន​ទូទាំង​ពិភព​លោក​សម្រាប់​ពួក​យុវមជ្ឈិមវ័យ • ថ្ងៃទី ១១ ខែ​កញ្ញា ឆ្នាំ​២០១៦ • មជ្ឈមណ្ឌល​ស្តេក​វ៉ាស៊ីងតោន ឌី.ស៊ី.

ខ្ញុំ​មាន​អំណរគុណ​ដែល​មាន​វត្តមាន​ជាមួយ​ប្អូនៗ​ជា​យុវមជ្ឈិមវ័យ ដែល​មើល​ការប្រជុំ​ធម្មនិដ្ឋាន​នេះ​ពី​ទីតាំង​ជា​ច្រើន​ពាសពេញ​ពិភពលោក ។ ដូច​បាន​ជូន​ដំណឹង​ថា ការប្រជុំធម្មនិដ្ឋាន​នេះ​ផ្សាយ​ចេញ​ពី​សាលាជំនុំ​ដែល​នៅ​ប្រកៀក​នឹង​ព្រះវិហារ​បរិសុទ្ធ វ៉ាស៊ីនតោន ឌី.ស៊ី ។ ខ្ញុំ​មាន​ចេតនា​ជ្រើស​យក​ទីតាំង​នេះ ព្រោះ​វា​ស្ថិត​នៅ​ជាប់​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​មាន​អំណរគុណ​ដែល​យើង​រស់នៅ​ក្នុង​ជំនាន់​មួយ​មាន​ព្រះវិហារ​បរិសុទ្ធ​ពាសពេញ​ពិភពលោក ។ យើង​ត្រូវការ​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ​ក្នុង​ជំនាន់​ដ៏​លំបាក​នេះ ។

លោកិយ​ហាក់ដូចជា​ភ្ញាក់ផ្អើល​ណាស់ ។1 មាន​ការទាស់ទែង​គ្នា​ក្នុង​កម្រិត​មួយ​មិន​ដែល​មាន​ពីមុន​មក ។ ភាពសុខសាន្ត​ក្នុង​ចិត្ត និង អារម្មណ៍​មាន​សុវត្ថិភាព អាច​ហាក់ដូចជា​ពិបាក ឬ​មិន​អាច​ទទួល​បាន ។ សារលិខិត​ខ្ញុំ​ដល់​ប្អូនៗ​នា​ល្ងាច​នេះ គឺ​ថា​យើង​មិន​ត្រូវ​ខ្លាច​ទេ ទោះជា​រស់​ក្នុង​លោកិយ​ដ៏​គ្រោះថ្នាក់ ឬ​ច្របូកច្របល់​នេះ​ក្ដី ។ បទគម្ពីរ​ធានា​ថា យើង​អាច​មាន​អំណរ​ដ៏​ពោរពេញ​បាន​ដោយសារ​ព្រះអង្គសង្គ្រោះ ។2

មាន​ព្រឹត្តិការណ៍​ដ៏​ប្រសើរ​លើសលុប​នានា​ដែល​ប្អូនៗ​ភាគច្រើន​បាន​ដិតដាម​ក្នុង​ចិត្ត និង​គំនិត​នៅ​តាម​របៀប​ដ៏​វិជ្ជមាន ។ ប្អូនៗ​អាច​ចាំ​យ៉ាង​ច្បាស់​អំពី​ព្រឹត្តិការណ៍​នោះ ។ ឧទាហរណ៍​អាច​រួម​បញ្ចូល​ទាំង​ការហែក​ស្រោម​សំបុត្រ​នៃ​ការហៅ​បេសកកម្ម ការ​ផ្សារភ្ជាប់​ទៅ​នឹង​ស្វាមី/ភរិយា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ការស្គាល់​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​ដល់​ព្រលឹង​ប្អូន​អំពី​ភាពពោរពេញ​នៃ​សេចក្ដីពិត​នៃ​ព្រះគម្ពីរ​មរមន ។ ទាំងនេះ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​វិសេសវិសាល ដែល​មិន​គ្រាន់តែ​នាំ​ឲ្យ​មាន​អំណរ​ជា​ទីពេញចិត្ត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ស្ថិតស្ថេរ​ដរាប​ទៅ​ផង ។ វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ព្រឹត្តិការណ៍​នីមួយៗ​ដែល​ទាក់ទង​ទៅ​នឹង​ព្រះអង្គសង្គ្រោះ តែង​នាំ​មក​នូវ​អំណរ​ដ៏​ច្រើន​លើសលុប ។

ប៉ុន្តែ​មាន​ព្រឹត្តិការណ៍​ផ្សេង​ទៀត​ដែល​គួរ​ឲ្យ​ស្លុតចិត្ត ឬ​ឈឺចាប់ ហើយ​វា​ប៉ះពាល់​ដល់​យើង​យ៉ាង​ធ្ងន់ធ្ងរ ។

ការដួលរលំ​ជញ្ជាំង​ប៊ែរឡាំង ឃាតកម្ម​លើ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចន អេហ្វ ឃិននើឌី និង​ការវាយប្រហារ​របស់​ភាវរករ​នៅ​ថ្ងៃ​ទី ១១ ខែ កញ្ញា សុទ្ធតែ​ជា​ឧទាហរណ៍​នៃ​ព្រឹត្តិការណ៍​គួរ​ឲ្យ​តក់ស្លុត ដែល​មនុស្ស​អាច​ចងចាំ​យ៉ាង​ច្បាស់​ថា ​ពេល​នោះ​ពួកគេ​នៅ​ទីណា ហើយ​មាន​អារម្មណ៍​ដូចម្ដេច​កាល​បាន​ឮ​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​នោះ ។

ប្អូនៗ​ភាគ​ច្រើន​នៅ​ក្មេង​នៅ​ឡើយ ពេល​មាន​ការវាយប្រហារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ទីក្រុង នូវ យ៉ោក និង មន្ទីរ​បញ្ចកោណ​នៅ​តំបន់ វ៉ាស៊ីនតោន ឌី.ស៊ី នេះ ដែល​បាន​កើតឡើង​នៅ​ថ្ងៃ​នេះ  ថ្ងៃ​ទី ១១ ខែ កញ្ញា ឆ្នាំ ២០០១ កាល​ពី ១៥ ឆ្នាំ​មុន ។ ខ្ញុំ​ស្រមៃ​ថា ប្អូនៗ​ភាគ​ច្រើន ( មិន​ថា​​ប្អូន​រស់នៅ​ទីណា​នោះ​ទេ ) អាច​ចងចាំ​ពី​ទីកន្លែង និង​អារម្មណ៍​តក់ស្លុត ព្រមទាំង​ទុក្ខព្រួយ​ដែល​ប្អូនៗ​បាន​មាន ។ នោះ​គឺ​ជា​ព្រឹត្តិការណ៍​ដែល​បំផ្លាញ​អារម្មណ៍​នៃ​ភាពសុខសាន្ត ហើយ​បង្កើន​ឲ្យ​មាន​អារម្មណ៍​ខ្លោចផ្សា​ដល់​មនុស្ស​ជា​ច្រើន ។ ដូច​ខ្ញុំ​បាន​លើកឡើង​ពី​មុនថា ​ព្រឹត្តិការណ៍​នោះ​វា​មាន​សារៈសំខាន់យ៉ាង​ខ្លាំង​​ចំពោះខ្ញុំ និង​ភរិយា​ខ្ញុំ ម៉ារី ។

កូន​ប្រុស​ច្បង​របស់​យើង និង​ភរិយា​គាត់​ដែលកំពុង​ពរពោះ​កូន​ដំបូង បាន​រស់នៅ​ចម្ងាយ​បី​ផ្លូវ​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ទីក្រុង នូវ យ៉ោក កាល​យន្តហោះ​ទី​មួយដែល​ភាវរករ​​ប្លន់បាន បើក​ទៅ​បុក​ចំ​អគារ​ខាង​ជើង ។ ពួកគេ​បាន​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ហើយ​ដោយ​ភ័យ​រន្ធត់​កាល​បាន​ឃើញ​អ្វី​ដែល​ពួកគេ​បាន​គិត​ថា​ជា​គ្រោះថ្នាក់​មួយ​ដ៏​អាក្រក់ ។ ពេល​ពួកគេ​បាន​ឃើញ​យន្តហោះ​ទី​ពីរ​ហោះ​បុក​អគារ​ខាង​ត្បូង ពួកគេ​បាន​ដឹង​ថា នោះ​មិន​មែន​ជា​គ្រោះថ្នាក់​ទេ ហើយ​ជឿ​ថា តំបន់​កោះ​ម៉ាន់ហាថាន កំពុង​ស្ថិត​ក្រោម​ការវាយប្រហារ ។ កាល​អគារ​ខាង​ត្បូង​បាន​បាក់​ស្រុត​ចុះ ផ្ទះ​របស់​ពួកគេ​បាន​គ្រប់​ដណ្ដប់​ទៅ​ដោយ​កំទេចកំទី​ដែល​ធ្លាក់​ពាសពេញ​តំបន់​កោះ​ម៉ាន់ហាថាន ។

ដោយ​ច្របូកច្របល់ និង​រន្ធត់​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ឃើញ ហើយ​បារម្ភ​ថា​មាន​ការវាយប្រហារ​បន្ថែម​ទៀត នោះ​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​សុវត្ថិភាព​មួយ ហើយ​ទៅ​ដល់​អគារ​ស្តេក​ម៉ាន់ហាថាន​នៅ​មជ្ឈមណ្ឌល​លីនខូន ។ កាល​ពួកគេ​បាន​ទៅ​ដល់ ពួកគេ​បាន​ឃើញ​សមាជិក​មួយ​ចំនួន​នៅ​តំបន់​កោះ​ម៉ាន់ហាថាន​បាន​សម្រេចចិត្ត​ដូចគ្នា ដើម្បី​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​មជ្ឈមណ្ឌល​ស្តេក ។ ពួក​យើង​បាន​ធូរ​ចិត្ត​កាល​ពួកគេ​ទូរសព្ទ​ប្រាប់​យើង​ពី​ទីតាំង​ដែល​ពួកគេ​នៅ ហើយ​ថា​ពួកគេ​មាន​សុវត្ថិភាព ។ ពួក​យើង​មិន​ភ្ញាក់ផ្អើល​ពី​ទីតាំង​ដែល​ពួកគេ​នៅ​ទេ ព្រោះ​វិវរណៈ​សម័យ​ទំនើប​បង្រៀន​ថា ស្ដេក​នៃ​ស៊ីយ៉ូន​គឺ​ជា « ទីការពារ និង … ទី​ជ្រកកោន​ពី​ព្យុះសង្ឃរា និង​ពី​សេចក្ដី​ក្រោធ​ដែល​ឥត​លាយ​ក្នុង​កាល​បាន​ចាក់​មក​លើ​ផែនដី​ទាំងមូល » ។3 ពួកគេ​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​រយៈ​ពេល​ជាង​មួយ​សប្ដាហ៍ ហើយ​បាន​រន្ធត់​នឹង​ការបាត់បង់​ជីវិត​របស់​មនុស្ស​ស្លូតត្រង់​ច្រើន​នាក់ ប៉ុន្តែ​ពួកគេ​ផ្ទាល់​​គ្មាន​​គ្រោះថ្នាក់​ធ្ងន់ធ្ងរលើ​រាងកាយ​​ឡើយ ។

យន្តហោះ​ដែល​បាន​ហោះ​បុក​មន្ទីរ​បញ្ចកោណ​ក្បែរ​ទីតាំង​ដែល​យើង​ប្រជុំ​ល្ងាច​នេះ​គឺ​ទីក្រុង វ៉ាស៊ីនតោន ឌី.ស៊ី ក៏​ជា​បេសកកម្ម​របស់​ភាវរករ​អត្តឃាត​ដែល​ធ្វើ​ឲ្យ​មាន​ការហិនហោច​ស្រដៀង​នេះ​ដែរ ។

គោលបំណង​ខ្ញុំ​នា​ល្ងាច​នេះ​មិនមែន​ឲ្យ​ប្អូនៗ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រឹត្តិការណ៍​ដ៏​រន្ធត់​កាល​ពី​អតីតកាល​នោះ​ទេ ។ ខ្ញុំ​ចង់​ឲ្យ​ប្អូនៗ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រឹត្តិការណ៍​ពោរពេញ​ដោយ​អំណរ ដែល​ខ្ញុំ​បាន​លើកឡើង​នៅ​ខាង​ដើម ។ ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​ជួយ​ប្អូនៗ​សញ្ជឹង​គិត​ពី​ការសាកល្បង ទុក្ខវេទនា និង​គ្រោះថ្នាក់​ទាំងឡាយ​ដែល​ប្អូន​អាច​នឹង​ជួប​ប្រទះ ហើយ​មាន​ការភ័យខ្លាច​ក្នុង​ជីវិត​ផង​ដែរ ។ ព្រឹត្តិការណ៍​ខ្លះ​អាច​មាន​ឥទ្ធិពល​លើ​មនុស្ស​ជា​ច្រើន​នាក់ ខ្លះ​ទៀត​មាន​តែ​លើ​ប្អូន​ម្នាក់ៗ​ប៉ុណ្ណោះ ។ ខ្ញុំ​បាន​សម្រេចចិត្ត​ថ្លែង​អំពី​ព្រឹត្តិការណ៍​ចំនួន​បី​គឺ ៖ ព្រឹត្តិការណ៍​ដែល​មាន​គ្រោះថ្នាក់​ខាង​សាច់ឈាម ព្រឹត្តិការណ៍​ដែល​មាន​ឧបសគ្គ​ធំៗ​ដែល​ឧបសគ្គ​ខ្លះ​កើត​មាន​ច្រើន​ក្នុង​ជំនាន់​ដែល​ប្អូន​រស់នៅ និង​ចុងក្រោយ​គឺ​ព្រឹត្តិការណ៍​ដែល​មាន​គ្រោះថ្នាក់ និង ឧបសគ្គ​ខាង​វិញ្ញាណ ។

គ្រោះថ្នាក់ ឬ ឧបសគ្គ​ខាង​សាច់ឈាម

គ្រោះថ្នាក់​ខាង​សាច់ឈាម​គឺ​ងាយស្រួល​បំផុត​ក្នុង​ការកត់ចំណាំ និង​មើល​ឃើញ ។ ទោះជា​ប្អូន​មើល​ព័ត៌មាន​ប្រចាំ​ថ្ងៃ​តាមរយៈ​អ្វី​ក៏​ដោយ គ្រោះថ្នាក់​ខាង​សាច់ឈាម ហិង្សា ឬ​សោកនាដកម្ម​គឺ​ជា​ព័ត៌មាន​ដំបូង​គេ—ជា​ពិសេស​តាម​ទូរទស្សន៍ និង​លើ​អ៊ិនធើរណែត ។ មូលហេតុ​មួយ​គឺ​ថា ហិង្សា និង មរណភាព​គឺ​ជា​វិនាដកម្ម​ពើតផ្សា​ក្រៃលែង ហើយ​ជា​ធម្មតា​ងាយ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ផ្ទាល់​ភ្នែក និង​រាយការ​ណ៍ប្រាប់ ។ ទោះ​ជា​ឆ្ងាយ ឬ​ជិត​យ៉ាង​ណា ហិង្សា និង មរណភាព​ចាប់​យក​ការផ្ដោត​អារម្មណ៍​របស់​យើង ហើយ​អាច​បំផ្លាញ​ភាពសុខសាន្ត និង​ភាពស្ងប់អារម្មណ៍​យើង ។ ពេល​យើង​គ្មាន​អារម្មណ៍​សុវត្ថិភាព​ខាង​សាច់ឈាម​ទេ នោះ​យើង​មាន​អារម្មណ៍​ថា​ឈឺចាប់ ។

កាល​ពី​ថ្ងៃ​ទី ២២ ខែ មីនា ភាវរករ​ម្នាក់​បាន​បោក​គ្រាប់​បែក​ធ្វើ​អត្តឃាត​នៅ​អាកាសយានដ្ឋាន​ទីក្រុង ព្រុចសែល ប្រទេស បែលហ្ស៊ិក ។ អ្នក​ផ្សព្វផ្សាយ​សាសនា​យើង​បួន​នាក់​បាន​នៅ​ឯ​បញ្ជរ​ចុះ​ឈ្មោះ​ចូល​អាកាសយានដ្ឋាន ដែលតា ។ ពួកគេ​ទាំង​អស់​គ្នា​រងរបួស​ជា​ទម្ងន់ អ្នក​ខ្លះ​ទៀត​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង ។ អ្នកផ្សព្វផ្សាយសាសនា​ចំណាស់​ម្នាក់​គឺ អែលឌើរ រីឆាដ ន័តប៊ី បាន​រង​របួស​ធ្ងន់ធ្ងរ ។ ថ្មីៗ​នេះ គាត់​បាន​ប្រាប់​ថា ទោះជា​ជីវិត​គាត់​មិន​ដូច​ពី​មុន​ក៏​ដោយ « គាត់​បាន​ជ្រើសរើស​ពឹងផ្អែក​ទៅ​លើ​ព្រះអម្ចាស់ ហើយ​មិន​ខ្លាច​ឡើយ » ។ គាត់​បាន​ថ្លែង​បន្ត​ថា « ខ្ញុំ​នឹង​រស់នៅ​ក្នុង​ជិវិត​បែប​នេះ ហើយ​ខ្ញុំ​នឹង​បង្រៀន​កូន​ចៅ​ខ្ញុំ​ថា យើង [ ត្រូវតែ ] ទុកចិត្ត​លើ​ព្រះ » ។4

ព្រះអម្ចាស់​បាន​គូសបញ្ជាក់​ថា អស់​អ្នក​ដែល​បាត់​ជីវិត​ខ្លួន​ដោយ​មាន​ចិត្ត​ស្មោះត្រង់​នឹង​សេចក្ដីសញ្ញា « នឹង​បាន​វិញ គឺជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។5

ខ្ញុំ​រំជួលចិត្ត​នឹង​សម្តី​របស់​ស៊ិស្ទើរ ហ្វានី ខ្លេន ជាមនុស្ស​​ម្នាក់​ក្នុង​ចំណោម​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​បួន​នាក់​ដែល​រង​របួស​ក្នុង​ការបោកគ្រាប់​បែក​នៅ​អាកាសយានដ្ឋាន​ទីក្រុង ព្រុចសែល ។ នាង​សរសេរ​ថា « ដោយ​បាន​ឆ្លង​កាត់​ហេតុការណ៍​នេះ ធ្វើ​ឲ្យ​ខ្ញុំ​យល់​អំពី​មនុស្ស​កាន់តែ​ច្បាស់ ព្រោះ​ពួកគេ​ពិតជា​មាន​ការលំបាក​ក្នុង​ជីវិត ឥឡូវ​នេះ​ខ្ញុំ​ក៏​មាន​ការលំបាក​ដែរ ដូច្នេះ​ខ្ញុំ​អាច​យល់​កាន់តែ​ច្បាស់ » ។ កាល​កំពុង​ព្យាបាល​របួស នាង​និយាយ​ថា « ពេល​យើង​ជ្រើស​យក​ការទុកចិត្ត​លើ​ព្រះ យើង​អាច​ឃើញ​របៀប​ដែល​ទ្រង់​ជួយ​យើង ហើយ​ជំនួយ​មក​ពី​ទ្រង់​គឺ​អស្ចារ្យ​ណាស់ ។ ឥឡូវ​នេះ ខ្ញុំ​ទុកចិត្ត​លើ​ទ្រង់​កាន់តែ​ខ្លាំង​ឡើង » ។ នាង​មាន​អំណរគុណ​ជា​ខ្លាំង ដែល​អាច​បន្ត​បេសកកម្ម​របស់​នាង​បាន ។6

ក្នុង​ជីវិត​មុន​ផែនដី យើង​បាន​ដឹង​ថា សិទ្ធិជ្រើសរើស និង ការផ្ទុយ​គឺ​ចាំបាច់​ដើម្បី​រីកចម្រើន អភិវឌ្ឍ ហើយ​ទីបំផុត​ទទួលបាន​ភាពតម្កើងឡើង ។

ក្នុង​ក្រុមប្រឹក្សា​ជីវិត​មុន​ផែនដី​នៅ​ស្ថានសួគ៌ ផែនការ​របស់​ព្រះវរបិតា​បាន​ដាក់​បញ្ចូល​សិទ្ធិជ្រើសរើស​ជា​ធាតុ​មួយ​ដ៏​សំខាន់ ។ លូស៊ីហ្វើរ បាន​បះបោរ « ហើយ​បាន​ខំ​រក​បំផ្លាញ​សិទ្ធិជ្រើសរើស​របស់​មនុស្ស » ។7 ហេតុនោះហើយ ទើប​សាតាំង ព្រមទាំង​អ្នក​ដើរតាម​វា​ផងនោះ គ្មាន​ឯកសិទ្ធិ​ក្នុង​ការមាន​រូបកាយ​ក្នុង​ជីវិត​រមែងស្លាប់​ឡើយ ។

កូន​វិញ្ញាណ​នៅ​ជីវិត​មុន​ផែនដី​ឯ​ទៀតៗ បាន​ប្រើប្រាស់​សិទ្ធិជ្រើសរើស​របស់​ខ្លួន​ដើម្បី​ដើរតាម​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ កូន​វិញ្ញាណ​ដែល​មាន​ពរ​ឲ្យ​កើត​ក្នុង​ជីវិត​រមែងស្លាប់​នេះ នៅតែ​បន្ត​មាន​សិទ្ធិជ្រើសរើស ។ ពួក​យើង​មាន​សេរីភាព​ជ្រើសរើស ហើយ​ប្រព្រឹត្ត ប៉ុន្តែ​គ្មាន​សេរីភាព​រើស​យក​លទ្ធផល​មក​ពី​ជម្រើស​របស់​យើង​ទេ ។ ដូច្នេះ ជម្រើស​របស់​យើង​កំណត់​ពី​សុភមង្គល ឬ​ការរងទុក្ខ​ក្នុង​ជីវិត​នេះ និង​ជីវិត​បន្ទាប់ ។ « ជម្រើស​ធ្វើ​ឡើង​ស្រប​តាម [ សេចក្ដី ] ល្អ និង​សុចរិតភាព នាំ​ទៅ​រក​សុភមង្គល ភាពសុខសាន្ត និង​ជីវិត​អស់កល្ប​ជានិច្ច ទន្ទឹម​នឹង​ពេល​ដែល​ជម្រើស​ធ្វើ​ឡើង​ស្រប​តាម​អំពើបាប និង​សេចក្ដីអាក្រក់​នាំ​ទៅ​រក​ទុក្ខព្រួយ និង ភាពសោកសៅ » ។8

យើង​មិន​អាច​បន្ទោស​កាលៈទេសៈ ឬ​មនុស្ស​ដទៃ​ចំពោះ​ការសម្រេចចិត្ត​ដើម្បី​ប្រព្រឹត្ត​ផ្ទុយ​នឹង​ព្រះបញ្ញត្តិ​បាន​ឡើយ ។ យើង​មាន​ទំនួលខុសត្រូវ ហើយ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ព្រះ អំពី​របៀប​ដែល​យើង​អភិវឌ្ឍ​លក្ខណៈ​ ទេពកោសល្យ និង​សមត្ថភាពដូច​ព្រះគ្រីស្ទ ហើយ​យើង​ទទួលខុសត្រូវ​អំពី​របៀប​ដែល​យើង​ប្រើ​ពេលវេលា​យើង​ក្នុង​ជីវិត​រមែងស្លាប់​នេះ ។

គោលលទ្ធិ​អំពី​ការផ្ទុយ​ទាក់ទង​យ៉ាង​ស្អិតរមួត ហើយ​ជួនកាល​ត្រូវបាន​ចាត់ទុក​ថា​ជា​ផ្នែក​មួយ​នៃ​គោលលទ្ធិ​នៃ​សិទ្ធិជ្រើសរើស ។ ប៉ុន្តែ​ដោយសារ​ការផ្ទុយ​ជា​ញឹកញាប់​ចេញ​មក​ពី​ប្រភព​ខាង​ក្រៅ ឬ​ភាគី​ទី​បី នោះ​វា​ជា​ការចាំបាច់​ត្រូវ​គិត​ពី​វា​​ដាច់​ដោយ​ឡែក ។ គោលលទ្ធិ​នេះ​ត្រូវបាន​ពន្យល់​យ៉ាង​ច្បាស់​ដោយ​ព្យាការី​លីហៃ​នៅ​ក្នុង នីហ្វៃទី២  ២:១១2៖ « ដ្បិត​ជា​ការចាំបាច់ ត្រូវតែ​មាន​ការផ្ទុយ​ចំពោះ​រឿង​សព្វសារពើរ ។ បើ​ពុំ​នោះ​សោត​ទេ … សេចក្ដីសុចរិត​ពុំ​អាច​កើតឡើង​បាន​ទេ ឯ​សេចក្ដី​ទុច្ចរិត​ក៏​ដូច្នោះ​ដែរ ទាំង​សេចក្ដីបរិសុទ្ធ និង​សេចក្ដីទុក្ខ​វេទនា ទាំង​សេចក្ដីល្អ ឬ​ក៏​សេចក្ដី​អាក្រក់​ក៏​គ្មាន​ដែរ »

លីហៃ​បន្ត​ពន្យល់​ថា គោលលទ្ធិ​នេះ​ចាំបាច់​ព្រោះ​បើ​គ្មាន​វា​ទេ « នឹង​គ្មាន​ប្រយោជន៍​អ្វី​នៅ​ក្នុង … ការបង្កើត​វត្ថុ​នោះ​ឡើយ » រីឯ « ប្រាជ្ញា​នៃ​ព្រះ និង​គោលបំណង​ទាំង​ឡាយ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ហើយ​ព្រម​ទាំង​ព្រះ​ចេស្ដា និង​សេចក្ដី​មេត្តាករុណា និង​សេចក្ដី​យុត្តិធម៌​របស់​ព្រះ » ច្បាស់​ជា​ត្រូវ​បំផ្លាញ ។9

លីហៃ​បន្ដ​ថា « ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​ប្រទាន​ដល់​មនុស្ស​ថា គេ​ត្រូវ​ប្រព្រឹត្ត​អ្វីៗ​ដោយ​ខ្លួន​ឯង » ។10

យើង​បាន​ដឹង​ក្នុង​ជីវិត​មុន​​ឆាក​ជីវិត​នេះ​ថា ការប្រើ​សិទ្ធិជ្រើសរើស​បណ្តាល​ឲ្យ​មាន​ការផ្ទុយ និង​វិវាទ—សង្គ្រាម​នៅ​ស្ថានសួគ៌​គឺ​ជា​ភស្ដុតាង​អំពី​សេចក្ដីពិត​នេះ ។ យើង​បាន​ដឹង​ថា ក្រៅ​ពី​សង្គ្រាម និង​ហិង្សា ក៏​មាន​ទង្វើ​ប្រកប​ដោយ​អំពើបាប​យ៉ាង​សន្ធឹក​ពាសពេញ​ពិភពលោកដែរ ។ យើង​ក៏​បាន​ដឹង​ដែរ​ថា ព្រះយេស៊ូវគ្រីស្ទ​សព្វព្រះទ័យ​បង់​ថ្លៃ​សម្រាប់​អំពើបាប​ទាំងនេះ ។ ការរងទុក្ខ​របស់​ទ្រង់​ដែល​យើង​មិន​អាច​យល់​បាន​នោះ បាន​បណ្តាល​ឲ្យ​មាន​ជ័យជម្នះ​លើ​អំពើបាប និង សេចក្ដីស្លាប់​ខាង​វិញ្ញាណ ។ ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ទ្រង់ បាន​ឈ្នះ​លើ​សេចក្តីស្លាប់​ខាង​សាច់ឈាម ។ យើង​មាន​ទំនុកចិត្ត​ថា បន្ទាប់​ពី​ជីវិត​រមែងស្លាប់​នេះ​ទៅ យើ់ង​ទាំងអស់​គ្នា​នឹង​រស់ឡើងវិញ ។ យើង​អាន​នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ដូចនេះ ៖

« ចំពោះ​ការឈ្នះ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​សេចក្ដីស្លាប់​ខាង​វិញ្ញាណ ដោយ​ការទទួល​រងទុក្ខ ហើយ​ឈ្នះ​លើ​សេចក្ដីស្លាប់​ខាង​សាច់ឈាម ដោយ​ការរស់ឡើងវិញ​របស់​ទ្រង់​គឺ​ត្រូវបាន​ហៅ​ថា ដង្វាយធួន ។ …

« នៅ​ពេល​ដែល​យើង​ពឹង​លើ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ទ្រង់​អាច​ជួយ​យើង​ស៊ូទ្រាំ​ចំពោះ​ការសាកល្បង​របស់​យើង ជំងឺ និង​ការឈឺចាប់ ។ យើង​អាច​ពោរពេញ​ដោយ​សេចក្ដីអំណរ សន្តិភាព និង​ការលួងលោមចិត្ត ។ អ្វីៗ​ទាំងអស់​ដែល​អយុត្តិធម៌​នៅក្នុង​ជីវិត​នេះ អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​យុត្តិធម៌​តាមរយៈ​ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ ‍» ។11

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​សាសនាចក្រ​ត្រូវបាន​បង្កើត​ឡើង​នៅ​រដ្ឋ មិសសួរី សមាជិក​យើង​បាន​មាន​បទពិសោធន៍​ដ៏​ឈឺចាប់ ដែល​នាំ​ឲ្យ​ពួកគេ​យល់​យ៉ាង​ច្បាស់​អំពី​គោលការណ៍​នៃ​ដង្វាយធួន ។ តម្លៃ​ខាង​គោលលទ្ធិ​របស់​យើង​ពុំ​មាន​ភាព​ចុះសម្រុង​ជាមួយ​អ្នក​តាំង​លំនៅ​ដទៃ​ទៀត​នៅ​រដ្ឋ មិសសួរី ដែល​មាន​ជំនឿ​ខុស​ពី​យើង​ឡើយ ។ ម្ចាស់​ស្រុក មិសសួរី ជាច្រើន​នាក់​បាន​ចាត់ទុក​ពួក​អាមេរិកាំង​ស្បែក​ក្រហម​ថា​ជា​សត្រូវ​សួ​ពូជ ហើយ​ចង់​ឲ្យ​ពួកគេ​ចេញ​ពី​ដែនដី​នោះ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​តាំង​លំនៅ​នៅ​រដ្ឋ មិសសួរី ជា​ច្រើន​នាក់​គឺ​ជា​ចៅហ្វាយ​ពួក​ទាសករ ហើយ​គិត​ថា​ពួកគេ​ត្រូវបាន​គំរាមកំហែង​ដោយ​អ្នក​ដែល​ប្រឆាំង​នឹង​ទាសភាព ។ មនុស្ស​ជាច្រើន​បាន​ស្វែងរក​ដី​ធ្លី ទ្រព្យសម្បត្តិ និង​អំណាច ។

ផ្ទុយទៅវិញ គោលលទ្ធិ​របស់​យើង​គោរព​ស្រឡាញ់​ពួក​អាមេរិកាំង​ស្បែក​ក្រហម ហើយ​មាន​បំណង​បង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដល់​ពួកគេ ។ ចំពោះ​ទាសភាព​វិញ បទគម្ពីរ​យើង​ប្រាប់​យ៉ាង​ច្បាស់​ថា មិន​ត្រូវ​ឲ្យ​មនុស្ស​ណា​មួយ ត្រូវ​ជាប់​ជា​បាវ​បម្រើ​ដល់​អ្នកណា​មួយ​ឡើយ ។ ច្បាស់​ណាស់​ថា កាល​ពី​ដើម​សមាជិក​ស្បែក​ខ្មៅ​របស់​យើង​មួយ​ចំនួន​បាន​ថ្វាយ​បង្គំ​រួម​គ្នា​នឹង​សមាជិក​ស្បែក​ស ដូច​សព្វ​ថ្ងៃ​នេះ​ដែរ ។ ទីបំផុត គោលបំណង​យើង​មិនមែន​ដើម្បី​បាន​ទ្រព្យសម្បត្តិ​ទេ ប៉ុន្តែ​ដើម្បី​ស្ថាបនា​សហគមន៍​នៃ​បងប្អូន​ប្រុសស្រី ដែល​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​រស់នៅ​តាម​គោលការណ៍​ដែល​ព្រះអង្គសង្គ្រោះ​បង្រៀន​វិញ ។ អ្នក​តាំង​លំនៅ​នៅ​រដ្ឋ មិសសួរី ដទៃ​ទៀត​បាន​មាន​អារម្មណ៍​ថា​ខ្លួន​ត្រូវបាន​គំរាមកំហែង​នៅ​ពេល​ពួក​បរិសុទ្ធ​ជា​ច្រើន​នាក់ បាន​ធ្វើ​តាម​វិវរណៈ​របស់​ព្រះអម្ចាស់ ហើយ​ផ្លាស់លំនៅ​ទៅ​រដ្ឋ មិសសួរី ។12

ហេតុការណ៍​នេះ​បាន​បង្ករ​ឲ្យ​មាន​ជម្លោះ​យ៉ាង​ធំ និង​សេចក្ដី​បៀតបៀន​ដល់​សមាជិក​សាសនាចក្រ ។ ជន​ប្រឆាំង​នឹង​ពួក​បរិសុទ្ធ​បាន​បំផ្លាញ​ដំណាំ និង​អគារ​មួយ​ចំនួន​របស់​ពួកគេ លួច​សត្វ​ចិញ្ចឹម និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ព្រមទាំង​បណ្ដេញ​ពួកគេ​ចេញ​ពី​ផ្ទះសម្បែង ។ ពួក​បរិសុទ្ធ​ខ្លះ​ត្រូវ​គេ​ចាក់​ជ័រ​កៅស៊ូ និង​រោម​សត្វ​លើ​ខ្លួន វាយ​នឹង​រំពាត់ ឬ​វាយដំ ។ វិលលាម ដ័បបុលយូ ហ្វែប្ស បានសរសេរសំបុត្រទៅ យ៉ូសែប ស្ម៊ីធ នៅទីក្រុង ខឺតឡង់ ថានេះគឺជាគ្រាដ៏សែនវេទនាបំផុត បុរស ស្ត្រី និងកុមារកំពុងត្រៀមខ្លួន ឬភៀសខ្លួនទៅកាន់ស្ទើរតែគ្រប់កន្លែង » ។13 ក្នុងភាពវឹកវរនៃការបណ្ដេញចេញនេះ ពេលខ្លះគ្រួសារត្រូវបែកខ្ញែកគ្នា ហើយពួកបរិសុទ្ធជាច្រើននាក់ខ្វះអាហារ និងខ្លះទៀតគ្មានប្រាក់កាសឡើយ ។ សមាជិក​សាសនាចក្រ​បាន​ខិតខំ​យល់​ពី​មូលហេតុ​ដែល​ពួកគេ​ត្រូវ​បណ្ដេញ​ចេញ បន្ទាប់​ពី​ព្រះអម្ចាស់​បាន​ត្រាស់បង្គាប់​ឲ្យ​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​រដ្ឋ មិសសួរី ។ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ​ហើយ យ៉ូសែប ស៊្មីធ បាន​អធិស្ឋាន​ឲ្យ​បាន​ដឹង ។ ព្រះអម្ចាស់​មាន​បន្ទូល​ឆ្លើយ​ជា​សារលិខិត​លួងលោមចិត្ត ដែល​ឥឡូវ​នេះ​មាន​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៣៥–៣៦

« ហើយ​អស់​អ្នក​ណា​ដែល​ស៊ូទ្រាំ​សេចក្ដី​បៀតបៀន​ដោយ​ព្រោះ​ព្រះ​នាម​របស់​យើង ហើយ​កាន់ខ្ជាប់​ក្នុង​សេចក្ដី​ជំនឿ ទោះ​ជា​ពួក​គេ​ត្រូវ​បាន​ហៅ​ឲ្យ​ប្ដូរ​ជីវិត​របស់​ខ្លួន​ដោយ​ព្រោះ​យើង​ក្ដី គង់តែ​ពួកគេ​នឹង​បាន​ទទួល​នៅ​អស់​ទាំង​សិរីល្អ​ទាំងនេះ​ដែរ ។

« ហេតុ​ដូច្នោះ​ហើយ ចូរ​កុំ​ខ្លាច​ទោះ​ជា​ដល់​ការ​ស្លាប់​ក៏​ដោយ ដ្បិត​នៅ​ក្នុង​ពិភពលោក​នេះ សេចក្ដី​អំណរ​របស់​អ្នក​ពុំ​បាន​ពោរ​ពេញ​ទេ ប៉ុន្តែ​នៅ​ក្នុង​យើង ទើប​សេចក្ដី​អំណរ​របស់​អ្នក​បាន​ពោរ​ពេញ » ។

ព្រះអម្ចាស់​ក៏​បាន​សន្យា​នឹង​យើង​ដែរ​ថា រង្វាន់​នៃ​សេចក្ដីសុចរិត​គឺ « សេចក្ដី​សុខសាន្ត​នៅ​នា​[ជីវិត]​នេះ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅ​បរលោក » ។14

ដូច្នេះ ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​អនុញ្ញាត​ឲ្យ​យើង​មាន​ភាពសុខសាន្ត និង​ភាពស្ងប់អារម្មណ៍ ទោះ​ជា​យើង​មាន​គ្រោះថ្នាក់​ខាង​សាច់ឈាម​ក្ដី ។

ឧបសគ្គ​ធំៗ​មួយ​ចំនួនដែល​កើត​មាន​ច្រើន​ក្នុង​ជំនាន់​ដែល​ប្អូន​រស់នៅ

បន្ថែម​លើ​គ្រោះថ្នាក់​ខាង​សាច់ឈាម ក្នុង​នាម​ជា​យុវមជ្ឈិមវ័យ ប្អូន​មាន​ឧបសគ្គ​ធំៗមួយ​ចំនួន​ដែល​កើត​មាន​ច្រើន​ក្នុង​ជំនាន់​ដែល​ប្អូន​រស់នៅ ។ ប្អូនៗ​ខ្វាយខ្វល់​អំពី​ការសម្រេចចិត្ត​ទាក់ទង​នឹង​ការអប់រំ ការងារ អាពាហ៍ពិពាហ៍ និង គ្រួសារ ។ គោលការណ៍​ខាង​គោលលទ្ធិ​ទាក់ទង​នឹង​ការសម្រេចចិត្ត​នេះ ត្រូវបាន​ថ្លែង​ច្រើន​ដង ហើយ​ប្អូន​យល់​យ៉ាង​ច្បាស់ ។ នៅ​ក្នុងការ​បង់​ថ្លៃចំពោះ​ទណ្ឌកម្ម​សម្រាប់​អំពើបាប​យើង ព្រះអង្គសង្គ្រោះ​ពុំ​បាន​ដក​យក​ទំនួលខុសត្រូវ​យើងពី​ការប្រព្រឹត្ត​ក្នុង​ជីវិត​យើង​នេះ​ចេញ​ទេ ។ តម្លៃ​ការងារ ភាពឧស្សាហ៍ ការធ្វើការ​ឲ្យ​អស់​ពី​កម្លាំង ការបង្កើន​ទេពកោសល្យ និង​ការផ្គត់ផ្គង់​គ្រួសារ ត្រូវបាន​ប្រកាស​ដល់​ពិភពលោក​នៅ​ក្នុង​ព្រះគម្ពីរ​តាំង​ពី​ដំបូង​មក​ម្ល៉េះ ។ ព្រះអម្ចាស់​មាន​បន្ទូល​ក្នុង​គម្ពីរ​លោកុប្បត្តិ​ថា « ឯង​នឹង​បាន​អាហារ​ស៊ី​ដោយ​ការបែកញើស ដរាប​ដល់​ឯង​ត្រឡប់​ទៅ​ជា​ដី​វិញ » ។15

ខ្ញុំ​ជឿ​ថា ផ្នត់គំនិត​ខាង​គោលលទ្ធិ​នេះ​ត្រូវបាន​ទទួលស្គាល់​ជា​ទូទៅ​ដោយ​សមាជិក ។ ប៉ុន្តែ​ក្នុង​លោកិយ​ដ៏​ច្របូកច្របល់​នេះ ពួកគេ​ច្រឡំ​អំពី​របៀប​អនុវត្ត​តាម​គោលការណ៍​ទាំងនេះ ។

ខ្ញុំ​បាន​ចែកចាយ​រឿង​ផ្ទាល់ខ្លួន​បែប​កំប្លែង​មួយ​ដែល​ទាក់ទង​ចំ​នឹង​បញ្ហា​ទាំងនេះ នៅ​ក្នុង​សុន្ទរកថា​ដំបូង​របស់​ខ្ញុំ​ក្នុង​សន្និសីទ​ទូទៅ​កាល​ពី ២០ ឆ្នាំ​មុន ។16

ពេល​កូនៗ​យើង​នៅ​តូច ភរិយា​ខ្ញុំ ម៉ារី និង​ខ្ញុំ​បាន​សម្រេចចិត្ត​ធ្វើតាម​ទម្លាប់​ដែល​ឪពុក​ខ្ញុំ​បាន​បង្រៀន​កាល​ខ្ញុំ​នៅ​ក្មេង ។ គាត់​បាន​ជួប​ជាមួយ​ខ្ញុំ និង​បងប្អូនបង្កើត​ខ្ញុំ​ម្ដង​ម្នាក់ៗ ដើម្បី​ជួយ​យើង​ដាក់​គោលដៅ​ក្នុង​ទស្សនវិស័យ​ផ្សេងៗ​គ្នា​ក្នុង​ជិវិត​យើង ហើយ​បង្រៀន​យើង​ពី​របៀប​ដែល​សាសនាចក្រ សាលា​រៀន និង​សកម្មភាព​ក្រៅ​កម្មវិធី​សិក្សា​នានា​អាច​ជួយ​យើង​សម្រេច​បាន​គោលដៅ​ទាំងនេះ ។ គាត់​ដាក់​ច្បាប់​ចំនួន​បី ៖

  • យើង​ត្រូវ​ដាក់​គោលដៅ​ដ៏​មាន​ប្រយោជន៍ ។

  • យើង​អាច​កែប្រែ​គោលដៅ​យើង​គ្រប់​ពេល ។

  • យើង​ត្រូវ​ខិតខំ​ដោយ​ឧស្សាហ៍​ដើម្បី​សម្រេច​គោលដៅ​ដែល​យើង​ដាក់ ។

ដោយសារ​យើង​បាន​ទទួល​ប្រយោជន៍​ពី​ទម្លាប់​នេះ ម៉ារី និង​ខ្ញុំ បាន​សម្រេចចិត្ត​អនុវត្ត​វា​ជាមួយ​កូនៗ​យើង ។ ពេល​កូន​ប្រុស​យើង ឡារី មាន​អាយុ​ប្រាំ​ឆ្នាំ ខ្ញុំ​បាន​សួរ​គាត់​ថា​គាត់​ចង់​ធ្វើ់ការ​អ្វី​ពេល​ធំ​ឡើង ។ គាត់​ថា​គាត់​ចង់​ក្លាយ​ជា​ពេទ្យ​ដូច​ឪពុកមា​របស់​គាត់​ឈ្មោះ ចូ ។17ឡារី​បាន​ទទួល​ការវះកាត់​ដ៏​ចាំបាច់​មួយ ហើយ​មាន​ការគោរព​ខ្ពស់​ចំពោះ​ពេទ្យ ជា​ពិសេស​ឪពុក​មា​គាត់​គឺ ចូ ។ ខ្ញុំ​បាន​បន្ត​ប្រាប់​ឡារី​អំពី​របៀប​ដែល​កិច្ចការ​ដ៏​មាន​ប្រយោជន៍ ដែល​គាត់​កំពុង​ធ្វើ​នោះ ដែល​នឹង​ជួយ​គាត់​ឲ្យ​ធ្វើ​ការងារ​របស់​វេជ្ជបណ្ឌិត​បាន ។

ប៉ុន្មាន​ខែ​ក្រោយ​មក ខ្ញុំ​បាន​សួរ​គាត់​ម្ដង​ទៀត​ថាតើ​គាត់​ចង់​ធ្វើ​ការងារ​អ្វី​ពេល​ធំ​ឡើង ។ លើក​នេះ​គាត់​បាន​ថា​គាត់​ចង់​ធ្វើ​ជា​អ្នក​បើក​យន្តហោះ ។ ការកែប្រែ​គោលដៅ​មិន​មែន​ជា​បញ្ហា​ទេ ដូច្នេះ​ខ្ញុំ​បាន​បន្ត​ពន្យល់​គាត់​អំពី​របៀប​ដែល​សកម្មភាព​ជាច្រើន​ដែល​នឹង​ជួយ​គាត់​សម្រេច​បាន​គោលដៅ​នោះ ។ ពេល​បញ្ចប់​ការពិភាក្សា​នោះ ខ្ញុំ​បាន​សួរ​ថា « ឡារី លើក​មុន​យើង​បាន​ពិភាក្សា​គ្នា កូន​ប្រាប់​ថា​ចង់​ធ្វើ​ជា​វេជ្ជបណ្ឌិត ។ តើ​អ្វី​បាន​ផ្លាស់ប្ដូរ​គំនិត​កូន ? » គាត់​ឆ្លើយ​ថា « កូន​គិត​ថា​ធ្វើ​ជា​វេជ្ជបណ្ឌិត​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​កូន​បាន​ឃើញ​ថា ពូ​ចូ​ធ្វើការ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ហើយ​កូន​អត់​ចង់​ខក​មើល​រឿង​គំនូរ​ជីវចល​ព្រឹក​ថ្ងៃ​សៅរ៍​ឡើយ » ។

ចាប់​តាំង​ពី​ពេល​នោះ​មក គ្រួសារ​យើង​បាន​ចាត់ទុក​ការរំខាន​ដែល​មិន​ឲ្យ​យើង​សម្រេច​បាន​គោលដៅ​សំខាន់​នោះ​ថា​មក​ពី​រឿង​គំនូរ​ជីវចល​ព្រឹក​ថ្ងៃ​សៅរ៍ ។

មាន​គោលការណ៍​ចំនួន​ពីរ​ដែល​ខ្ញុំ​ចង់​គូសបញ្ជាក់​ចេញ​ពី​រឿង​ពិត​នេះ ។ ទី​មួយ​គឺ​របៀប​ដែល​ប្អូនៗ​ដាក់​គោលដៅ ហើយ​ត្រៀមខ្លួន​សម្រេច​គោលដៅ​ដ៏​មាន​ប្រយោជន៍​នានា​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ទី​ពីរ​គឺ​ជា​ឥទ្ធិពល​នៃ​អ៊ិនធើរណែត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទៅ​លើ​គោលដៅ​សុចរិត​របស់​យើង ។ អ្វី​ទាំងនេះ​អាច​ជា​រឿង​គំនូរ​ជីវចល​ព្រឹក​ថ្ងៃ​សៅរ៍ ដែល​រំខាន​យើង​ពី​អំណរ​ដែល​យើង​ចង់​បាន ។

ខ្ញុំ​បារម្ភ​អំពី​របៀប​ដែល​យុវមជ្ឈិមវ័យ​ជា​ច្រើន​ពុំ​ដាក់​គោលដៅ​សុចរិត ឬ​មាន​ផែនការ​ដែល​ត្រូវ​សម្រេច ។ ខ្ញុំ​ក៏​បារម្ភ​ថា ពួកគេ​ជា​ច្រើន​មើលស្រាល ហើយ​មិន​ផ្ដល់​តម្លៃ​ឲ្យ​ទេពកោសល្យ និង​សមត្ថភាព​របស់​ខ្លួន ។ ការដោះស្រាយ​បញ្ហា​ទាំងនេះ​នឹង​នាំ​អំណរ​ដ៏​ខ្លាំងក្លា​មក​ក្នុង​ជីវិត​ប្អូនៗ ។

សៀវភៅ​មួយ​ក្បាល​ទើប​ចេញ​សរសេរ​ដោយ សាស្ត្រាចារ្យ អិនជែឡា ដឹកវ៉ស្ស មាន​ចំណងជើង​ថា Grit, បង្ហាញ​អំពី​ករណី​គួរ​ឲ្យ​ទាក់ទាញ​អារម្មណ៍​មួយ​ថា​មនុស្ស​ជា​ច្រើន ទោះ​ជា​មិន​ច្រើន​ខ្លាំង ពួកគេ​ផ្ដល់​តម្លៃ​ហួសហេតុ​ទៅ​លើ​អ្វី​ដែល​យើង​ហៅ​ថា​សមត្ថភាព​ពី​ធម្មជាតិ ហើយ​មិន​ផ្ដល់​តម្លៃ​ទៅ​លើ​ការប្រឹងប្រែង និង ការប្ដេជ្ញាចិត្ត​ឡើយ ។ គាត់​ពន្យល់​ថា ជោគជ័យ​លើ​គ្រប់​អ្វី​ទាំងអស់​ត្រូវបាន​កត់សម្គាល់​ច្រើន​តាមរយៈ​ឥរិយាបថ​ល្អ​ចំពោះ​តម្លៃ​ការងារ ខ្លាំង​ជាង​បញ្ញា ឬ​សមត្ថភាព​តែ​ម្យ៉ាង​ទៅ​ទៀត ។ គាត់​ចង្អុលបង្ហាញ​ថា មនុស្ស​ដែល​មាន​ការប្ដេជ្ញាចិត្ត និង​ទិសដៅ ( គាត់​ក៏​ហៅ​វា​ថា​ភាពរំជើបរំជួល និង ស្មារតី​លះបង់ ) តែង​បង្កើត​ស្នាដៃ​បាន​ល្អ​ជាង​មនុស្ស​ដែល​មាន​សមត្ថភាព​ពី​ធម្មជាតិ​តែ​គ្មាន​ការប្ដេជ្ញាចិត្ត​ទៅ​ទៀត ។18

កាលពី​ក្មេង ខ្ញុំ​ស្រាប់​តែ​ចាប់​អារម្មណ៍​លើ​ពិន្ទុ​ប្រឡង​សមត្ថភាព​ផ្លូវចិត្ត​របស់​សិស្ស​ម្នាក់ ដែល​ទាប​ជាង​មធ្យម​ភាគ​តិចតួច​ប៉ុណ្ណោះ ។ ខ្ញុំ​បាន​តាមដាន​គាត់​នៅ​ឯ​សាលា​ដោយ​មិន​បាន​ប្រាប់​នរណា​ម្នាក់​ទេ ។ គាត់​រៀន​មុខ​វិជ្ជា​ពិបាកៗ ហើយ​សិក្សា​ដោយ​ព្យាយាម ។ នៅ​សាកលវិទ្យាល័យ ពេល​ខ្លះ​គាត់​ចូល​ក្រុម​សិក្សា​ពីរ ឬ​បី​សម្រាប់​មុខវិជ្ជា​តែ​មួយ ។ ទីបំផុត គាត់​ឡើង​ទៅ​ដល់​កម្រិត​ខ្ពស់​មួយ​ក្នុង​ផ្នែក​ការសិក្សា ហើយ​សម្រេច​បាន​ការងារ​មួយ​ដ៏​ល្អ​នៅ​ក្នុង​ជំនាញ​របស់​គាត់ ។

ឥឡូវ ខ្ញុំ​មិនមែន​ណែនាំ​ថា មនុស្ស​គ្រប់​គ្នា​គួរតែ​សិក្សា​ឲ្យ​ចប់​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ណែនាំ​ថា ប្អូនៗ​អាច​សម្រេច​បាន​គោលដៅ​សុចរិត​ដ៏​មាន​ប្រយោជន៍​ជាមួយ​នឹង​ការដាក់​គោលដៅ ការប្ដេជ្ញាចិត្ត និង ការតាំងចិត្ត ជា​ពិសេស​បើ​ប្អូនៗ​កាត់​បន្ថយ​ពេល​វេលា​មើល​រឿង​គំនូរ​ជីវចល​ព្រឹក​ថ្ងៃ​សៅរ៍​នោះ ។ ប្អូនៗ​ក៏​អាច​រក​ឃើញ​អំណរ និង សុភមង្គល​កាន់តែ​ច្រើន​ក្នុង​ជីវិត ។

ខ្ញុំ​ធានា​ដល់​ប្អូនៗ​ថា ប្អូន​អាច​ធ្វើ​កិច្ចការ​លំបាកៗ​បាន ។ អែលឌើរ ចន ប៊ី ឌីកសុន ជា​ពួក​ចិតសិប​នាក់​ដ៏​អស្ចារ្យ​ដែល​បាន​បម្រើ​ដោយ​កិត្តិយស​ពាសពេញ​ពិភពលោក តែ​លោក​ត្រូវបាន​ដោះលែង​ហើយ បាន​ចង្អុល​បង្ហាញ​អំពី​ការណ៍​នេះ​តាម​របៀប​មួយ​ដ៏​សាមញ្ញ ហើយ​រីករាយ ។ អែលឌើរ ឌីកសុន ត្រូវបាន​ហៅ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា អិល.ឌី.អេស នៅ​ប្រទេស​ម៉ិកស៊ិក​ក្នុង​ឆ្នាំ ១៩៦២ ។ ពី​មុន​លោក​ចេញ​ទៅ​បម្រើ លោក​មាន​ជំងឺ​មហារីក​ឆ្អឹង​នៅ​ដៃ​ស្ដាំ​របស់​លោក ។ លោក​មិន​រំពឹង​ថា​អាច​រស់នៅ​បាន​យូរ​ជាង​មួយ​ខែ​ទៀត​ឡើយ ។ ប៉ុន្តែ ១០ ខែ​ក្រោយ​មក លោក​បាន​ចេញ​ទៅ​បម្រើ​បេសកកម្ម ដោយ​បាន​វះកាត់​ដៃ​នោះ ។ 19 ខ្ញុំ​មិន​អាច​បំភ្លេចបាន​ឡើយ​ពី​អ្វី​ដែល​លោក​បាន​បង្រៀន​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ អិម.ធី.ស៊ី ថា​ពួកគេ​អាច​ធ្វើ​កិច្ចការ​លំបាកៗ​បាន ។ លោក​បាន​អញ្ជើញ​អ្នក​ផ្សព្វផ្សាយ​សាសនា​បួន​នាក់​ឡើង​លើ​វេទិកា ហើយ​ប្រកួត​ចង​ក្រវ៉ាត់​ក​ជាមួយ​លោក ។ សូម​គិត​ពី​ការចង​ក្រវ៉ាត់ក​ដោយ​ប្រើ​ដៃ​ម្ខាង ! ថ្មីៗ​នេះ​ខ្ញុំ​បាន​សូម​ឲ្យ​អែលឌើរ ឌីកសុន បង្ហាញ ។ ចូរ​មើល​ទាំងអស់​គ្នា ។

អែលឌើរ ចន ប៊ី ឌីកសុន៖[ ការ​ចង់​ក្រវ៉ាត់ក ] ។ ប្អូនៗ​ដឹង​ទេ​ថា យើង​ទាំងអស់​គ្នា​មាន​ឧបសគ្គ​ក្នុង​ជីវិត ។ ពេល​ខ្លះ​វា​ជា​ការលំបាក​ខាង​សាច់ឈាម ឬ​ផ្លូវចិត្ត ឬ​សេដ្ឋកិច្ច ឬ​វិស័យ​ផ្សេង​ទៀត តែ​បើ​យើង​បន្ត​មាន​ភាពវិជ្ជមាន ហើយ​គោរព​ច្បាប់ មាន​សេចក្ដីជំនឿ​លើ​ព្រះ និង​លើ​ខ្លួនឯង នោះ​យើង​អាច​ទ្រាំទ្រ​បាន​គ្រប់​ឧបសគ្គ​ទាំងអស់ ។ ខ្ញុំ​គិត​ថា​យើង​ក៏​អាច​ចង​ក្រវ៉ាត់ក​បាន​ដែរ ។ តើ​នរណា​ចង់​ប្រណាំង ឬ​ប្រកួតប្រជែង​ទេ ?

អរគុណ ចន ។

នៅ អិម.ធី.ស៊ី អែលឌើរ ឌីកសុន បាន​ឈ្នះ​អ្នកផ្សព្វផ្សាយ​សាសនា​ទាំង​បួន​នាក់​នោះ​ដោយ​ប្រើ ធ្មេញ ស្មា និង​ទ្រូង​របស់​លោក​តាម​របៀប​ដ៏​ប៉ិនប្រសប់ ។ សូម​ដឹង​ថា ប្អូនៗ​អាច​ឈ្នះ​លើ​ទុក្ខលំបាក ហើយ​ធ្វើ​កិច្ចការ​លំបាកៗ​បាន ។

សាស្ត្រាចារ្យ ដឹកវ៉ស្ស កត់ត្រា​ថា « មនុស្ស​គ្រប់​គ្នា​មាន​ក្ដីសោមនស្ស​ដើម្បី​សម្រេច​គោលដៅ ។ ប៉ុន្តែ​ពួកគេ​កម្រ​មាន​ការតស៊ូ​ដើម្បី​សម្រេច​​គោលដៅ​ណាស់ » ។20

ការសិក្សា​មួយ​ដែល​គាត់​លើកឡើង គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការត្រៀមខ្លួន​យ៉ាង​សកម្ម​ក្នុង​ជីវិត​រួម​មាន ស្មារតី​លះបង់ ភាពខ្ជាប់ខ្ជួន ភាពមុតមាំ ព្រមទាំង​និន្នាការ​មិន​បោះបង់​ចោល​កិច្ចការ​ពេល​ជួប​ឧបសគ្គ ។21

គាត់​ក៏​ថ្លែង​ថា បុគ្គល​ម្នាក់​គួរតែ​មាន​គោលបំណង​ខ្ពស់​ដែល​គិត​ដល់​សុខុមាលភាព​មនុស្ស​ដទៃ ។22 គាត់​ថ្លែង​ថា ៖

« មនុស្ស​ដែល​មាន​ជោគវាសនា​ល្អ គឺ​ជា​អ្នក​ដែល​មាន​គោលដៅ​មុតមាំ ដែល​ចាំបាច់​សម្រាប់​ពិភពលោក ព្រោះ​វា​បន្ថែម​អត្ថន័យ​ជ្រាលជ្រៅ​ទៅ​ក្នុង​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ធ្វើ ទោះ​ជា​កិច្ចការ​នោះ​តូចតាច ឬ​គួរ​ឲ្យ​ធុញទ្រាន់​ក៏​ដោយ ។ សូម​គិត​ពី​រឿងប្រដូច​នៃ​ជាង​រៀប​ឥដ្ឋ ៖

« គេ​សួរ​ជាង​រៀប​ឥដ្ឋ​បី​នាក់​ថា ‹ តើ​អ្នក​កំពុង​ធ្វើ​អ្វី ? ›

« ជាង​ទី​មួយ​ឆ្លើយ​ថា ‹ ខ្ញុំ​កំពុង​រៀប​ឥដ្ឋ › ។

« ជាង​ទី​ពីរ​ឆ្លើយ​ថា ‹ ខ្ញុំ​កំពុង​សាងសង់​ព្រះវិហារ › ។

« ឯ​ជាង​ទី​បី​ឆ្លើយ​ថា ‹ ខ្ញុំ​កំពុង​សាងសង់​ដំណាក់​ព្រះអម្ចាស់ › ។

« ជាង​រៀប​ឥដ្ឋ​ទី​មួយ​មាន​ការងារ ។ ជាង​ទី​ពីរ​មាន​មុខ​របរ ។ ជាង​ទី​បី​មាន​ការហៅ​បម្រើ » ។23

ខ្ញុំ​សូម​អញ្ជើញ​ប្អូនៗ​នា​ល្ងាច​នេះ​ឲ្យ​ពិនិត្យពិច័យ​លើ​គោលដៅ​របស់​ប្អូន ហើយ​សម្រេច​ថា​គោលដៅ​មួយ​ណា​ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្អូន​បំពេញ​កាតព្វកិច្ច​គ្រួសារ ហើយ​បន្ត​ដើរ​នៅ​លើ​មាគ៌ា​នៃ​សេចក្ដីសញ្ញា ហើយ​ផ្តល់​អំណរ​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ប្រទាន​ដល់​ប្អូនៗ ។ សូម​ចាំ​ថា ការដាក់​គោលដៅ​អនុញ្ញាត​ឲ្យ​ប្អូនៗ​សន្សំ​ពេល​វេលា និង​កិច្ចខិតខំ​តាមរយៈ​ការគ្រោងទុក​ជាមុន ហើយ​មិន​ឲ្យ​លើស​លក្ខខណ្ឌ និង​ថ្ងៃ​កំណត់​ឡើយ ។

ឥឡូវ​ខ្ញុំ​ចង់​និយាយ​អំពី​ផល​ប៉ះពាល់​របស់​អ៊ិនធើរណែត និង ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទៅ​លើ​ការសម្រេចចិត្ត ។

អ៊ិនធើរណែត និង ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម រួម​ចំណែក​យ៉ាង​ច្រើន​នៅ​ក្នុង​សង្គម​ស៊ីវីល័យ​យើង​នេះ ។ វា​មាន​គុណតម្លៃ​ខ្លាំង ! វា​ក៏​អាច​ជា​រឿង​គំនូរ​ជីវចល​ពេល​ព្រឹក​ថ្ងៃ​សៅរ៍ ដែល​រំខាន​យើង​ពី​ការសម្រេច​គោលដៅ​ពិត​ក្នុង​ជីវិត​រមែងស្លាប់​យើង​នេះ​ដែរ ។

ពាក្យ​អង្វរ​ដ៏​អស់​ពី​ចិត្ត​ខ្ញុំ​គឺ​សូម​ឲ្យ​យើង​ទាំងអស់​គ្នា​វាយ​តម្លៃ​លើ​របៀប និង​ពេល​វេលា​ដែល​យើង​ប្រើ​អ៊ិនធើរណែត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ ការសាកល្បង​ដ៏​ច្បាស់លាស់​គួរតែ​មាន​ដូចជា ៖ តើ​វា​ជួយ​ដល់​គោលដៅ​ដ៏​សក្ដិសម និង សំខាន់ ឬ​មួយ​វា​បង្អាក់​ភាពរីកចម្រើន​របស់​យើង ? តើ​យើង​ជាប់​រវល់​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​ខ្លាច​ថា​យើង​ខកខាន​នឹង​មើល​ព័ត៌មាន​ណា​មួយ​ដែរ​ឬ​ទេ ? តើ​ពាក្យ​សរសើរ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ធ្វើ​ឲ្យ​យើង​សង្ស័យ​លើ​ខ្លួន​ឯង ហើយ​មាន​អារម្មណ៍​ខ្វះ​ចន្លោះ​ដែរ​ឬ​ទេ ? ជាង​នេះ​ទៅ​ទៀត​នោះ តើ​អ៊ិនធើរណែត​ដឹកនាំ​យើង​ទៅ​រក​រូបភាព និង​ការកម្សាន្ត​មិន​បរិសុទ្ធ មិន​សមរម្យ ឬ​មាន​ក្ដីពិត​បន្តិចបន្តួច​ដែល​បំផ្លាញ​ក្ដី​ជំនឿ​យើង​ដែរ​ឬ​ទេ ? តើ​យើង​ធ្លាប់​លាក់​អត្តសញ្ញាណ​យើង ហើយ​ផ្ដល់​មតិ​មិន​ល្អ​ដល់​មនុស្ស​ដទៃ​ដែរ​ឬ​ទេ ? តើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​រំខាន​ពេល​វេលា​ដែល​យើង​តែង​ចំណាយ​ដើម្បី​គោរព​សាសនា​នៅ​ក្នុង​ផ្ទះ ឬ​ពេល​វេលា​ដ៏​មាន​តម្លៃ​ជាមួយ​គ្រូសារ​ដែរ​ឬ​ទេ ? តើ​ពេល​វេលា​ដែល​ចំណាយ​លេង​ហ្គេម និង លើ​រឿង​កំប៉ិចកំប៉ុក​លើ​អ៊ិនធើរណែត រារាំង​យើង​ពី​ការតស៊ូ​សម្រេច​បាន​គោលដៅ​យ៉ាង​មាន​ប្រសិទ្ធិភាព​ដែរ​ឬ​ទេ ? ទាំងនេះ​ជា​ការសម្រេចចិត្ត​ដែល​ខ្ញុំ​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​គិត ផ្លាស់ប្ដូរ ប្រែចិត្ត នៅ​ត្រង់​ចំណុច​ណា​ដែល​ចាំបាច់​ដើម្បី​ផ្ដល់​ពរ​ដល់​ជីវិត​យើង ។

នៅ​ពេល​លើក​ចំណុច​ខាង​លើ​ឡើង ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​អំពី​គុណប្រយោជន៍​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​អាច​មាន​នៅ​ពេល​យើង​ប្រើ​ដោយ​ត្រឹមត្រូវ ។ បើ​គ្រាន់​តែ​និយាយ​អំពី​ពង្សប្រវត្តិ វា​ច្បាស់​ណាស់​ថា​ព្រះអម្ចាស់​បាន​បំផុស​ឲ្យ​មាន​បច្ចេកវិទ្យា​នេះ​ឡើង ។

បន្ទាប់​ពី​ការឡើង​និយាយ​នេះ​ទៅ ខ្ញុំ​នឹង​ចុះផ្សាយ​ចំណុច​នេះ​នៅ​លើ​គេហទំព័រ Facebook របស់​ខ្ញុំ ។ ខ្ញុំ​ចង់​ឲ្យ​ប្អូនៗ​ចែកចាយ​ជាមួយ​ខ្ញុំ​នូវ​ក្ដីបារម្ភ​របស់​ប្អូន​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​របៀប​ដែល​វា​ផ្ដល់​ពរ​ដល់​ជីវិត​ប្អូន​ផងដែរ ។

ខ្ញុំ​ក៏​ចង់​បន្សល់​ទុក​ជាមួយ​ប្អូនៗ​នូវ​គំនិត​បន្ថែម​មួយ​ទៀត​ទៅ​លើ​ប្រធានបទ​នេះ​ដែរ ។ យើង​ឮ​ពី​ការដែល​ធ្វើ​ជា​មនុស្ស​ស្មោះត្រង់​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ ការធ្វើ​ឲ្យ​ដូច​ព្រះគ្រីស្ទ​គឺ​ជា​គោលដៅ​កាន់តែ​សំខាន់​ជាង​ការដែល​ស្មោះត្រង់​ទៅ​ទៀត ។ ខ្ញុំ​សូម​និយាយ​ឃ្លា​នេះ​ម្ដង​ទៀត ៖ ការធ្វើ​ជា​មនុស្ស​ដូច​ព្រះគ្រីស្ទ​គឺ​ជា​គោលដៅ​កាន់តែ​សំខាន់​ជាង​ការដែល​ស្មោះត្រង់​ទៅ​ទៀត ។

ឧបសគ្គ​ខាង​វិញ្ញាណ

ឥឡូវ​ដល់​ពេល​ខ្ញុំ​និយាយ​អំពី​ឧបសគ្គ​ខាង​វិញ្ញាណ ។

ការទទួល​ខុសត្រូវ​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​នេះ គឺ​ត្រូវ​ធ្វើ ហើយ​រក្សា​សេចក្ដីសញ្ញា​ពិសិដ្ឋៗ​ជាមួយ​ព្រះ ។ ការធ្វើ​ដូចនេះ​តម្រូវ​ឲ្យ​យើង​ត្រួតពិនិត្យ​លើ​បំណង​ប្រាថ្នា​ដ៏​មិន​សក្ដិសម ហើយ​ដក​ខ្លួន​យើង​ចេញ​ពី​វា ។ យើង​ក៏​ត្រួតពិនិត្យ​ការរំពឹងទុក​មិន​សមរម្យ​នានា​ដែល​យើង​ចង់​បាន​ពី​ព្រះ​ដោយ​ចេតនា និង​ដោយ​អចេតនា​ដែរ ។ យើង​ព្យាយាម​ស្គាល់​ព្រះទ័យ​របស់​ព្រះដែល​មាន​ចំពោះ​យើង​ជានិច្ច ។ យើង​បន្ត​ផ្ដោតអារម្មណ៍​លើ​សេចក្ដី​ជំនឿ ការប្រែចិត្ត និង​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ ។ ព្រះអង្គសង្គ្រោះ​ជា​អង្គ​ដែល​បាន​បង់​ថ្លៃ​ឲ្យ​យើង​លើស​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ទៅ​ទៀត​នោះ ពុំ​បាន​សម្រេច​ដង្វាយធួន​ដើម្បី​ឲ្យ​យើង​គ្រាន់តែ​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​គោលដៅ​ខាង​លោកិយ​ដ៏​ឥត​ប្រយោជន៍ ឬ​ការកម្សាន្ត និង​ល្បែង​ដ៏​ខ្ជះខ្ជាយ​ពេល​វេលា​ប៉ុណ្ណោះ​ទេ ។ សូម​គិត​អំពី​គោលបំណង​របស់​ព្រះ​កាល​ទ្រង់​មាន​បន្ទូល​ថា « ត្បិត​មើល​ចុះ នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង សិរីល្អ​របស់​យើង—គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ។24

មនុស្ស​ពោលពាក្យ ឬ​ថ្លែង​ថា « តើ​ព្រះវរបិតា​នៅ​ស្ថានសួគ៌​មិន​ស្កប់​ព្រះទ័យ​ទេ​ឬ បើ​ខ្ញុំ​ធ្វើ​មិន​បាន​គ្រប់​ដប់​នោះ ? តើ​ទ្រង់​មិន​ប្រទាន​ពរជ័យ​ដល់​ខ្ញុំ​ទេ​ឬ ដោយសារតែ​ខ្ញុំ​ចូលចិត្ត​ផឹក​ស្រា និង​កាហ្វេ​នោះ ? » ជា​អកុសល នោះ​គឺ​ជា​សំណួរ​ខុស​ឆ្គង ហើយ​បង្ហាញ​ពី​កង្វះ​ការយល់ដឹង​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ សំណួរ​ត្រឹមត្រូវ​គឺ « តើ​ខ្ញុំ​អាច​ធ្វើ​ជា​មនុស្ស​សុចរិត ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះ​សព្វព្រះទ័យ​បាន​តាម​របៀប​ណា ? » ព្រះគម្ពីរ​ប្រាប់​ថា « [ ទីណា ] ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន នោះ​ក៏​មាន​តម្រូវការ​ជា​ច្រើន​វិញ » ។25

នៅ​ក្នុង​ពិភពលោក​ដែល​មនុស្ស​ទទួល​បាន​រង្វាន់ និង​ជ័យភណ្ឌ​ដោយ​គ្រាន់តែ​រួម​ចំណែក​បន្តិចបន្តួច នោះ​បទដ្ឋាន និង​ការរំពឹងទុក​អាច​ហាក់ដូចជាអយុត្តិធម៌ ឬ​ឃោរឃៅ ។ ការណ៍​នេះ​ពិត​ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​ចចេស​ចង់​ដើរតាម​របៀប​របស់​ខ្លួន​ឯង ដោយ​ពុំ​ចាំបាច់​ធ្វើតាម​ផែនការ​របស់​ព្រះវរបិតា ទោះ​ជា​មាន​លទ្ធផល​ដូចម្ដេច​ក្ដី ។

មនុស្ស​ជា​ច្រើន​រាប់​ទង្វើ​ប្រកប​ដោយ​អំពើបាប​ថា​ជា​សុចរិត ហើយ​ប្រើ​វា​ដើម្បី​ការពារ​ខ្លួន​ថា « ព្រះយេស៊ូវ​បង្រៀន​យើង​ឲ្យ​ស្រឡាញ់​មនុស្ស​គ្រប់​រូប​ទេ​តើ » ។ ប្រាកដ​ណាស់ សេចក្ដី​បង្រៀន​នេះ​ជា​ការពិត ប៉ុន្តែ​ចំពោះ​អ្នក​ដែល​លើក​បន្ទូល​នេះ​ឡើង​ហាក់ដូចជា​បដិសេធ​ការក្រើនរំឭក​របស់​ទ្រង់​ថា « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ » ។26

វា​ពុំ​សមរម្យ​ទេ​ដែល​យើង​ចរចា​លក្ខខណ្ឌ​នៃ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ក្រុម​ព្រះ​នោះ ។ ការមាន « ចិត្តសង្រេង និង វិញ្ញាណទន់​ទាប » គឺ​ជា​តម្រូវការ​ទី​មួយ​ដើម្បី​ចូល​ទៅ​ក្នុង​មាគ៌ា​នៃ​សេចក្ដីសញ្ញា​ដែលចាប់ផ្ដើម​ដោយ​ពិធីបុណ្យជ្រមុជទឹក ។ យើង​ត្រូវតែ​អធិស្ឋាន​ដោយ​ទន់ទាប​ទៅ​កាន់​ព្រះ ។ ដូច​ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​យើង​ដូចនេះ ៖ « ដ្បិត​មើល​ចុះ តើ​យើង​ទាំង​អស់​គ្នា​នេះ ពុំ​មែន​ជា​អ្នក​សុំទាន​ទេ​ឬ ? តើ​យើង​ទាំង​អស់​គ្នា​នេះ ពុំ​ពឹង​ផ្អែក​ទៅ​លើ​តួអង្គ​តែមួយ​គឺ​ព្រះ ចំពោះ​អ្វីៗ​ទាំង​អស់​ដែល​យើង​មាន … ​សព្វ​សារពើ​ទេ​ឬ ? »27

ឧបសគ្គ​របស់​យើង​អាច​លំបាក ហើយ​ពេល​ខ្លះ​អាច​អយុត្តិធម៌ ។ វា​ធ្វើ​ឲ្យ​ចិត្ត​យើង​សោកសៅ ហើយ​អាណិតអាសូរ​ដល់​មនុស្ស​ដទៃ ។ នេះ​ពិត​ជា​ពិការភាព និង​ជំងឺ​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​រូបកាយ​យើង ។ វា​រួម​បញ្ចូល​ទាំង​មនុស្ស​ដែល​ឥត​ទោស​ដែល​ត្រូវបាន​រំលោភបំពាន ។ វា​រួម​បញ្ចូល​ទាំង​ភាពក្រីក្រ និង ហិង្សា​ដែល​ជ្រួតជ្រាប​ទៅ​ក្នុង​បរិយាកាស​ដែល​យើង​បាន​កើត​មក ។ វា​រួម​បញ្ចុល​ទាំង​ចំណង់ និង និន្នាការ​ពី​ធម្មជាតិ ដែល​ប្រហែល​ជា​យើង​មិន​បាន​ជ្រើសរើស​ដើម្បី​មាន​ផង ។ យើង​ព្រួយ​ចិត្ត​ដោយសារ​តែ​ការញៀន​ដែល​ជា​លទ្ធផល​មក​ពី​ជម្រើស​មិន​ត្រឹមត្រូវ​មួយ ដ្បិត​មាន​រឿង​ច្រើន​ដែល​អយុត្តិធម៌ ឬ​មិន​ត្រឹមត្រូវ​នៅ​ក្នុង​លោក​នេះ ។

តើ​យើង​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ? យើង​ត្រូវតែ​មាន​ចិត្ត​ល្អ និង ការអាណិតអាសូរ ហើយ​ប្រព្រឹត្ត​ជាមួយ​មនុស្ស​ដទៃ​ដោយ​ការគោរព ទោះ​ជា​យើង​ដឹង​ថា​ពួកគេ​ជ្រើសរើស​ផ្លូវ​ដែល​ប្រាសចាក​ពី​ផែនការ​របស់​ព្រះវរបិតា និង​សេចក្ដី​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ​ក៏​ដោយ ។ ប៉ុន្តែ​បើ​យើង​ពិត​ជា​ចង់​មាន​ចិត្ត​ល្អ យើង​ក៏​ត្រូវតែ​បង្រៀន​អំពី​ការប្រែចិត្ត​ដែរ ។ នៅ​ពេល​យើង​មិន​ជំរុញចិត្ត​មនុស្ស​ដែល​យើង​ស្រឡាញ់ ឲ្យ​ផ្លាស់ប្ដូរ​ជីវិត​ ហើយ​ទទួល​យក​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ វាពុំ​មែន​ជាសណ្ដាន​ចិត្ត​ល្អទេ ហើយ​យើង​ក៏​ពុំ​បាន​ធ្វើ​ការ​ល្អដល់​នរណា​ម្នាក់​ដែរ ។ មាន​ពរជ័យ​អស្ចារ្យ និង​អស់កល្ប​ជានិច្ច​រង់ចាំ​ទទួល​អស់​អ្នក​ណា​ដែល​ប្រែចិត្ត ។

ព្រះអង្គសង្គ្រោះ​ផ្ទាល់​បាន​បកស្រាយ​អំពី​ការណ៍​នេះ​យ៉ាង​ច្បាស់ កាល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​សាសន៍​នីហ្វៃ​អំពី​អស់​អ្នក​ដែល​ប្រែចិត្ត​ថា « យើង​នឹង​ចាត់​អ្នក​នោះ​ទុក​ថា​ជា​ឥត​ទោស​នៅ​ចំពោះ​ព្រះ​វរបិតា​យើង​នៅ​ក្នុង​ថ្ងៃ​ដែល​យើង​នឹង​ឈរ​ជំនុំ​ជំរះ​មនុស្ស​លោក » ។28ទ្រង់​បាន​បន្ត​ថា « គ្មាន​អ្វី​ដែល​ពុំ​ស្អាត​ណា​អាច​ចូល​ទៅ​ក្នុង​នគរ​របស់​ទ្រង់​បាន​ឡើយ ដូច្នេះ​គ្មាន​អ្នក​ណា​អាច​ចូល​ទៅ​ក្នុង​ទី​សម្រាក​របស់​ទ្រង់​បាន​ទេ លើក​លែង​តែ​អ្នក​នោះ បាន​លាង​សំលៀកបំពាក់​របស់​ខ្លួន​ដោយ​នូវ​លោហិត​របស់​យើង ពី​ព្រោះ​មក​ពី​សេចក្ដី​ជំនឿ​របស់​គេ និង​ការ​ប្រែចិត្ត​ពី​គ្រប់​ទាំង​អំពើ​បាប​របស់​គេ និង​ការ​ស្មោះត្រង់​របស់​គេ​រហូត​ដល់​ទីបំផុត » ។29

សូម​ដឹង​ថា ប្អូនៗ​អាច​បាន​ស្អាតស្អំ ។ ប្អូនៗ​អាច​រក​ឃើញ​អំណរ ដែល​ប្អូន​ចង់​បាន​ក្នុង​ជីវិត​នេះ ។ គ្មាន​នរណាម្នាក់​ចេញ​ពី​ការប្រជុំធម្មនិដ្ឋាន​នេះ​ទៅ ហើយ​សន្មត​ថា​មិន​អាច​បាន​ប្រោសលោះ​នោះ​ទេ ។ ប្អូន​អាច​បាន​ប្រោសលោះ ។ សំខាន់​បំផុត​នោះ ប្អូនៗ​គឺ​ជា​កូន​របស់​ព្រះ ។ ប្អូន​អាច​មាន​ក្ដីសង្ឃឹម និង អំណរ ។ ប្អូន​អាច​កែប្រែ​ដួងចិត្ត ហើយ​ប្រែចិត្ត​បាន ។ ប្អូន​អាច​អភ័យទោស​ឲ្យ​គេ ហើយ​ទទួល​ការ​អភ័យទោស ។

ការប្រែចិត្ត​មាន​សារៈសំខាន់​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតា ។ នៅ​ក្នុង​ព្រះគម្ពីរ​មរមន យើង​ស្គាល់​ទំនាក់ទំនង​រវាង​សេចក្ដី​មេត្តាករុណា និង សេចក្ដី​យុត្តិធម៌ ។ ព្រះគ្រីស្ទ​ស្ថាបនា​ទំនាក់ទំនង​រវាង​សេចក្ដី​មេត្តាករុណា និង សេចក្ដី​យុត្តិធម៌ ។30

ខ្ញុំ​ចូលចិត្ត​ពាក្យពេចន៍​ដ៏​សុទិដ្ឋិនិយម​ដោយ អ៊ីឡៃស្សា អរ ស្នូ ដូចនេះ ៖

ឱ​ផែនការ​ប្រោសលោះ​ដ៏​អស្ចា្យ

នោះ​រុងរឿង​សព្វ​ហើយ​ណា

មាន​ទាំង​យុត្តិធម៌​មេត្តាធម៌

ក្នុង​កិច្ចព្រមព្រៀង​សួគ៌ា !31

ផែនការ​នៃ​សុភមង្គល​ដ៏​រុងរឿង​មាន​ភាពយុត្តិធម៌ និង ពេញ​ដោយ​សេចក្ដី​មេត្តា​ករុណា ។ យើង​ដឹង​ថា ​យើង​បាន​មក​ពី​ណា មូលហេតុ​ដែល​យើង​មក​ទីនេះ​ក្នុង​ជីវិត​នេះ និង​ទីកន្លែង​ដែល​យើង​នឹង​ទៅ​បន្ទាប់​ពី​យើង​ស្លាប់ ។

ប្អូនៗ​គឺ​ជា​មនុស្ស​ជំនាន់​ដ៏​អស្ចារ្យ ។ បទគម្ពីរ​ប្រាប់​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុងក្រោយ​បង្អស់​នឹង​មាន « សេចក្ដី​ទុច្ចរិត និង សេចក្ដី​គួរ​ខ្ពើមឆ្អើម » ។32ប៉ុន្តែ​ពួក​បរិសុទ្ធ​ដែល​ជា​ក្រុម​តូច​នៅ​ពាសពេញ​ផ្ទៃ​ផែនដី នឹង « ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ ដោយ​សិរី​ល្អ​ដ៏​អស្ចារ្យ » ។33 ព្រះអម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង « ទំនុក​បម្រុង​ពួក​សុចរិត » ហើយ​យើង « មិន​ត្រូវ​ខ្លាច​ឡើយ » ។34

ប្អូនៗ​មិន​ត្រូវ​ខ្លាច​ឡើយ ទោះជា​មាន​គ្រោះថ្នាក់ និង​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ ។ ប្អូនៗ​នឹង​ត្រូវបាន​ប្រទានពរ ហើយ​ការពារ​នៅ​ពេល​ប្អូនៗ​ស្វែងរក​សេចក្ដីសុចរិត ដែល​ជា​គោលដៅ​ដ៏​មាន​ប្រយោជន៍ ។ ចូរ​ដាក់​ផែនការ​ដោយ​មាន​ការប្ដេជ្ញាចិត្ត និង ការតាំងចិត្ត ចូរ​ចៀសវាង​ពី​ការប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង អ៊ិនធើរណែត​ឥតសមរម្យ ហើយ​ត្រូវ​ពឹងផ្អែក និង​ផ្ដោត​សំខាន់​ទៅ​លើ​សេចក្ដីជំនឿ ការប្រែចិត្ត ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ និង​ពលិកម្មធួន​របស់​ព្រះអង្គសង្គ្រោះ អំឡុង​ពេល​ប្អូន​កាន់ខ្ជាប់​ដល់​ចុងបំផុត ។ ការផ្ដោត​សំខាន់​ទៅ​លើ​ព្រះវិហារ​បរិសុទ្ធ​នឹង​ជួយ​ប្អូន​ឲ្យ​សម្រេច​បាន​គោលដៅ​ទាំងនេះ ។

ខ្ញុំ​សូម​លើកឡើង​ក្នុង​គម្ពីរ រ៉ូម ១២:១២ « ចូរ​អរ​សប្បាយ ដោយ​មាន​សង្ឃឹម ចូរ​អត់​ធន់​ក្នុង​សេចក្តី​ទុក្ខ​លំបាក ចូរ​ឲ្យ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្តី​អធិស្ឋាន » ។ ប្អូនៗ​អាច​ចៀសវាង​ពី​រឿង​គំនូរ​ជីវចល​ព្រឹក​ថ្ងៃ​សៅរ៍​ក្នុង​ជីវិត​នេះ​បាន ហើយ​សម្រេច​បាន​អំណរ​ដែល​ព្រះអង្គសង្គ្រោះ​បាន​សន្យា​ថា​នឹង​ប្រទាន​ឲ្យ ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​យ៉ាង​ម៉ឺងម៉ាត់ អំពី​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដោយសារ​ទ្រង់ យើង​មិន​ត្រូវ​ខ្លាច​ឡើយ ដ្បិត​នៅ​ក្នុង​ទ្រង់ ទើប​​អំណរ​របស់​យើង​បាន​ពោរ​ពេញ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។