ស្វែងរកអំណរនៅក្នុងជីវិតប្រចាំថ្ងៃ
ល្ងាចមួយជាមួយនឹងអែលឌើរ ឃ្វីនថិន អិល ឃុក ឃុក
ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់ពួកយុវមជ្ឈិមវ័យ • ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៦ • មជ្ឈមណ្ឌលស្តេកវ៉ាស៊ីងតោន ឌី.ស៊ី.
ខ្ញុំចាត់ទុកថា វាជាពរជ័យមួយដ៏អស្ចារ្យដើម្បីមកជួបប្អូនៗនាល្ងាចនេះ ។
នៅពេលយើងមកកាន់ផែនដីនេះ យើងបាននាំមកជាមួយនូវនិស្ស័យនៃព្រះរបស់យើងក្នុងនាមជាកូនចៅនៃព្រះ ។ តម្លៃរបស់យើងម្នាក់ៗកើតមានមកពីស្ថានសួគ៌ ។ នៅពេលយើងយល់ពីនិស្ស័យនៃព្រះ និងគោលបំណងរបស់យើងសម្រាប់ជីវិតនេះ នោះយើងអាចយកឈ្នះលើឧបសគ្គ និងការសាកល្បងនានាបាន ហើយបន្តស្មោះចំពោះសេចក្ដីសញ្ញារបស់យើង ។ អារម្មណ៍ដែលយើងមានចំពោះខ្លួនឯងនឹងកំណត់ពីភាពជោគជ័យរបស់យើងនៅក្នុងដំណើរនៃជីវិតរមែងស្លាប់នេះ ។ យើងបង្កើនការគោរពចំពោះខ្លួនឯង នៅពេលតម្រូវការចាំបាច់ដ៏ជាក់លាក់របស់មនុស្សត្រូវបានបំពេញ ។ ខ្ញុំនឹងលើកឡើងនូវតម្រូវបីយ៉ាង ៖ តម្រូវការឲ្យគេស្រឡាញ់ តម្រូវការឲ្យគេទទួលយក និងតម្រូវការដើម្បីមានភាពជោគជ័យ ឬសម្រេចគោលបំណង ។
នៅពេលតម្រូវការទាំងនេះពុំត្រូវបានបំពេញ យើងមានអារម្មណ៍ខ្វះក្ដីស្រឡាញ់ ខ្វះការទទួលយក ហើយបរាជ័យ ។ កត្តានេះបង្កើតនូវអារម្មណ៍ខកបំណង បាក់ទឹកចិត្ត អាណិតខ្លួនឯង កណ្ដោចកណ្ដែង ហើយឯកោ ។ យើងទាំងអស់គ្នាជួបនឹងអារម្មណ៍ទាំងនេះ ។
កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានទៅលេងមិត្តម្នាក់ដែលបានចែកចាយនឹងខ្ញុំនូវការស្ទង់មតិមួយអំពីនិស្សិតវ័យក្មេងក្នុងវ័យថ្នាក់មហាវិទ្យាល័យ ។ នៅពេលសួរថា តើពួកគេចាត់ទុកអ្វីជាកង្វល់ដ៏ធំបំផុតរបស់ពួកគេ នោះពួកគេជាច្រើនបានជ្រើសយកពាក្យ « ភាពឯកោ » ។ យើងអាចមានអារម្មណ៍ឯកោ មិនថាយើងរៀបការហើយ ឬនៅលីវនោះទេ ។
យើងទាំងអស់គ្នាមានអារម្មណ៍ឯកោនៅគ្រាខុសៗគ្នា នៅក្នុងជីវិតរបស់យើង ។ មានគ្រាមួយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានមានប្រសាសន៍ថា « ខ្ញុំជឿថា ចំពោះយើងភាគច្រើន ថ្នាំព្យាបាលដ៏ល្អបំផុតសម្រាប់ភាពឯកោគឺជាការងារ និងការបម្រើជាប្រយោជន៍ដល់មនុស្សដទៃ » ។1
ខ្ញុំគិតថា នោះគឺជាពាក្យទូន្មានដ៏ល្អ ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានថ្លែងដូចនេះថា ៖ « ម្ដងម្កាលការបាក់ទឹកចិត្តអាចធ្វើឲ្យផ្លូវរបស់យើងងងឹតសូន្យឈឹង ការខកបំណងអាចក្លាយជាគូកនមួយដ៏ខ្ជាប់ខ្ជួន ។ … ដោយទុកចិត្តលើព្រះអម្ចាស់ ចូរយើង … ធ្វើឲ្យប្រាកដថា យើងដើរឆ្ពោះទៅមុខយ៉ាងរឹងមាំនៅលើផ្លូវនៃការបម្រើ ហើយដួងចិត្ត និងព្រលឹងរបស់យើងបានបូជាដើម្បីធ្វើតាមគំរូរបស់ព្រះអម្ចាស់ » ។2
ចូរបន្តចូលប្រឡូកយ៉ាងសស្រាក់សស្រាំ ហើយឧស្សាហ៍ចូលរួមក្នុងក្នុងកិច្ចការរបស់សាសនាចក្រ ។ ចូរនៅជិតនឹងព្រះវរបិតាសួគ៌របស់ប្អូនតាមរយៈការអធិស្ឋាន និងការសិក្សាព្រះគម្ពីរ ។ ចូរស្វែងរកគំរូនៅក្នុងបទគម្ពីរដែលមនុស្សដទៃបានយកឈ្នះ ឬដោះស្រាយនឹងភាពឯកោ ។ ចូរគិតពីមរ៉ូណៃ និងភាពឯកោដែលលោកមាន នៅពេលលោកធ្វើកំណត់ត្រាអំពីការបំផ្លិចបំផ្លាញនៃប្រជាជនរបស់លោក ។ លោកបានសរសេរថា
« ហេតុដូច្នេះហើយ ខ្ញុំនឹងសរសេរ ហើយលាក់បញ្ជីទាំងនេះទុកក្នុងដី ហើយខ្ញុំនឹងទៅឯណាទៀត នោះពុំជាការសំខាន់ទេ ។
« … ដ្បិតមានតែខ្ញុំម្នាក់ឯង ។ ឪពុកខ្ញុំត្រូវគេសម្លាប់បង់នៅក្នុងចម្បាំង ព្រមទាំងសាច់ញាតិរបស់ខ្ញុំទាំងអស់ ហើយខ្ញុំគ្មានមិត្តភក្តិ ឬទីណាសម្រាប់ទៅឡើយ ហើយព្រះទ្រង់ទ្រាំឲ្យខ្ញុំរស់ដល់កាលណានោះខ្ញុំក៏ពុំដឹងដែរ។3
ខ្ញុំគិតថា វាជារឿងដ៏សំខាន់ដើម្បីចងចាំថា យើងពុំនៅឯកោឡើយ ។ ព្រះអង្គសង្គ្រោះបានសន្យានឹងលួងលោមយើង ។ ប្រសិនបើយើងសក្ដិសម នោះព្រះវិញ្ញាណបរិសុទ្ធគឺជាគូកនដ៏ខ្ជាប់ខ្ជួនរបស់យើង ។ ព្រះចេស្ដារបស់ទ្រង់ជួយយើងឲ្យឆ្លងផុតគ្រាដ៏ឯកោទាំងនោះ ។ យើងអាចនៅតែម្នាក់ឯង ប៉ុន្តែយើងពុំត្រូវឯកោឡើយ ។ ខ្ញុំស្រឡាញ់ទំនុកតម្កើងបទ « ខ្ញុំត្រូវការទ្រង់ជានិច្ច » ។4
តម្រូវការចំពោះសេចក្ដីស្រឡាញ់ និងការទទួលយកគឺមានពិតមែន ។
ចូរនៅជិតនឹងគ្រួសាររបស់អ្នក ជាទីកន្លែងដែលអ្នកទទួលបានក្ដីស្រឡាញ់ និង ការទទួលយកដែលពុំអាចបរិយាយបាន ។ ចូរចូលរួមនៅក្នុងវួដ ឬសាខារបស់ប្អូន ។ ចូរមានភាពសក្ដិសមចូលព្រះវិហារបរិសុទ្ធជានិច្ច ។ ប្រសិនបើប្អូននៅលីវ ចូរដើរលេងជាគូនឹងអ្នកមានភាពសក្ដិសមចូលព្រះវិហារបរិសុទ្ធ ។ ចូរកុំខកបំណងដោយសារតែកង្វះខាតរបស់មនុស្សដែលប្អូនជួបឡើយ សមត្ថភាពយើងរីកចម្រើន ហើយកាន់តែប្រសើរឡើង នៅពេលយើងអភិវឌ្ឍខ្លួននៅក្នុងជីវិតនេះ ។
តម្រូវការដើម្បីមានភាពជោគជ័យគឺមានភាពអស្ចារ្យ និងកត្តាជំរុញទឹកចិត្ត ។
មនុស្សគ្រប់គ្នាមានអំណោយទានមួយមកពីព្រះ ។5 សូមស្វែងរកអំណោយទានជាក់លាក់របស់ប្អូន ហើយរីករាយនឹងអំណោយទានទាំងនោះ ។ សូមអភិវឌ្ឍវា ។ ចូរមើលពរលោកអយ្យកោរបស់ប្អូន ហើយរៀនពីពាក្យទូន្មាន បម្រាម អំណោយទាន និងការសន្យានានាដែលមាននៅក្នុងនោះ ។
ឪពុកម្ដាយខ្ញុំពុំបានទៅព្រះវិហារបរិសុទ្ធឡើយរហូតក្រោយពេលខ្ញុំបានរៀបការ ហើយមានកូនៗរបស់យើង ។ ខ្ញុំពុំបានគិតថា យើងនឹងអាចផ្សារភ្ជាប់នឹងគ្នាជាគ្រួសារដ៏នៅអស់កល្បឡើយ ។ ខ្ញុំត្រូវអត់ធ្មត់ ហើយរង់ចាំព្រះអម្ចាស់សម្រាប់ពរជ័យនេះ ។
ខ្ញុំគិតច្រើនអំពីលក្ខណៈនៃការអត់ធ្មត់ និងរបៀបជាច្រើនដែលព្រះអម្ចាស់បង្រៀនយើងឲ្យចេះអត់ធ្មត់ ។ ខ្ញុំស្រឡាញ់នូវរបៀបដែលលក្ខណៈនេះបានពិពណ៌នានៅក្នុង ប្រកាសដំណឹងល្អរបស់យើង ៖ « ការអត់ធ្មត់គឺជាសមត្ថភាពដើម្បីតស៊ូនឹងការពន្យារពេល បញ្ហា ការជំទាស់ ឬការឈឺចាប់ដោយគ្មានកំហឹង ការស្មុគស្មាញ ឬ ការមានចិត្តអន្ទះសារ ។ វាគឺជាសមត្ថភាពដើម្បីធ្វើតាមឆន្ទៈរបស់ព្រះ និងទទួលស្គាល់ពេលវេលារបស់ទ្រង់ ។ ពេលដែលអ្នកមានចិត្តអត់ធ្មត់ អ្នកស៊ូទ្រាំ នឹងការសាកល្បង ហើយអាចប្រឈមនឹងទុក្ខវេទនាដោយស្ងប់ស្ងាត់ ហើយមានសង្ឃឹម ។ … អ្នកត្រូវតែរង់ចាំពរជ័យរបស់ព្រះអម្ចាស់ដែលបានសន្យាដើម្បីបំពេញ » ។6
ខ្ញុំតែងតែស្រឡាញ់ខគម្ពីរ ទំនុកដំកើង ២៧:១៤៖ « ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ » ។
មិនថាស្ថានភាពរបស់ប្អូននៅសព្វថ្ងៃនេះមានសភាពបែបណាទេ ចូរស្វែងរកអំណរនៅក្នុងជីវិតប្រចាំថ្ងៃ ។ តើវាមិនអស្ចារ្យទេឬ ដោយក្រោកឡើងពីដំណេករាល់ព្រឹក ហើយនិយាយថា « ខ្ញុំទទួលបានក្ដីស្រឡាញ់ គេទទួលយកខ្ញុំ ហើយមានអារម្មណ៍ថាជោគជ័យ » ។ យើងទាំងអស់គ្នាអាចធ្វើកិច្ចការនេះបាន!
សូមឲ្យប្អូនរកឃើញអំណរ និងសុភមង្គល នៅពេលប្អូនធ្វើដំណើរនៅក្នុងជីវិតរមែងស្លាប់នេះ ។ សូមឲ្យប្អូនរស់នៅដោយសក្ដិសមដើម្បីមានព្រះវិញ្ញាណបរិសុទ្ធជាគូកនដ៏ខ្ជាប់ខ្ជួន ហើយសូមឲ្យប្អូនទទួលបានរាល់ពរជ័យដែលព្រះអម្ចាស់មានសម្រាប់ប្អូន នេះគឺជាការអធិស្ឋានរបស់ខ្ញុំនៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2016 by Intellectual Reserve, Inc. All rights reserved. អនុមតិជាភាសាអង់គ្លេស ៖ ៦/១៦ ។ អនុមតិឲ្យបកប្រែ ៖ ៦/១៦ ។ ការបកប្រែនៃ « Find Joy in Everyday Life » ។ Cambodian PD60002153 258