សេចក្ដីស្រឡាញ់ និងអាពាហ៍ពិពាហ៍
រាត្រីជួបជាមួយប្រធាន រ័សុល អិម ណិលសុន
ការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យ ទូទាំងពិភពលោក • ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៧ • សាកលវិទ្យាល័យព្រិកហាំ យ៉ង់
អរគុណចំពោះក្រុមចម្រៀងសម្រាប់ចម្រៀងពិសេសដ៏បំផុសគំនិត ។
ក្មួយៗប្រុសស្រីជាទីស្រឡាញ់ ពួកយើងស្រឡាញ់ក្មួយៗ ហើយពួកយើងចូលចិត្តនៅ ជាមួយក្មួយៗ ! ក្មួយៗគឺពិតជាក្ដីសង្ឃឹមនៃអ៊ីស្រាអែលជាមូលហេតុដែលខ្ញុំអធិស្ឋានសូមឲ្យព្រះវិញ្ញាណបរិសុទ្ធនឹងបញ្ជូនសារលិខិតចំៗតាមដែលក្មួយៗត្រូវការ ពេលខ្ញុំនឹងចែកចាយគំនិតខ្លះៗនេះ ។
ពីមុនពួកយើងរៀបការ ខ្ញុំគឺជាសាស្ត្រាចារ្យជួយខាងអាពាហ៍ពិពាហ៍ និងគ្រួសារអស់រយៈពេលជាង ២៥ ឆ្នាំ --ដែលរយៈពេល ១៣ ឆ្នាំចុងក្រោយគឺធ្វើនៅសាកលវិទ្យាល័យព្រិកហាំយ៉ង់នេះតែម្ដង ។ ខ្ញុំបានប្រឹក្សានឹងគូស្វាមីភរិយារាប់ពាន់នាក់ ហើយបានស្ដាប់ឮរឿងខ្លោចផ្សាមួយហើយមួយទៀត អំពីក្រុមគ្រួសារបែកបាក់ និងទំនាក់ទំនាក់ប្រេះឆា ។ ខ្ញុំបានឃើញដោយផ្ទាល់អំពីអ្វីដែលដំណើរការ និងមិនដំណើរការនៅក្នុងអាពាហ៍ពិពាហ៍ ។ ខ្ញុំបានដឹងនូវអ្វីដែលអាចព្យាបាលអាពាហ៍ពិពាហ៍បែកបាក់ធ្ងន់ធ្ងរ និងអ្វីដែលអាចកំទេចដល់អាពាហ៍ពិពាហ៍ផ្សេងទៀតត្រឹមតែមួយយប់ ។ ដូច្នេះថ្ងៃនេះ តើក្មួយៗយល់ព្រមឲ្យខ្ញុំនិយាយនឹងក្មួយៗអំពីអ្វី ដែលជាប្រធានបទដែលក្មួយៗពេញចិត្តខ្លាំងដែរឬទេ ? សេចក្ដីស្រឡាញ់ និងអាពាហ៍ពិពាហ៍ ?
ខ្ញុំ ចង់ចែកចាយសេចក្ដីពិតបួនយ៉ាងដែលខ្ញុំជឿថាវានឹងមិនត្រឹមតែសង្គ្រោះក្មួយៗពីការខូចចិត្តដែលមិនចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយក្មួយៗឲ្យក្លាយជាស្វាមីភរិយា និងជ្រើសរើសស្វាមីភរិយាសុចរិត បន្ទាប់មកបង្កើតអាពាហ៍ពិពាហ៍រីករាយ និងគ្រួសារមានប្រសិទ្ធភាព ។១
យប់នេះ ខ្ញុំសង្ឃឹមថាក្មួយៗនឹងគិតអំពីខ្ញុំជា « មីង វិនឌី » របស់ក្មួយៗ នៅពេលខ្ញុំនិយាយនឹងក្មួយៗចេញពីចិត្តខ្ញុំ--និង--ដូចជាក្មួយប្រុសស្រីបង្កើតរបស់ខ្ញុំដែរ ។ ដូច្នេះនេះជាសេចក្ដីពិតបួនយ៉ាងរបស់មីង វិនឌី អំពីសេចក្ដីស្រឡាញ់ និងអាពាហ៍ពិពាហ៍ ៖២
សេចក្ដីពិត #១ ៖ គ្រប់សេចក្ដីពិតអំពីសេចក្ដីស្រឡាញ់ និងអាពាហ៍ពិពាហ៍នាំមកកាន់ក្មួយៗតាមរយៈព្រះវិញ្ញាណបរិសុទ្ធមកពីព្រះវរបិតាសួគ៌របស់យើង ។ ទ្រង់បានសម្រេចថាអាពាហ៍ពិពាហ៍គឺជាធាតុមួយដែលពុំមានអ្វីអាចជំនួសបាននៅក្នុងផែនការនៃសុភមង្គល ។៣ ព្រះវិញ្ញាណគឺជាសារទូតពិតនៃសេចក្ដីពិតទាំងនេះ ។ ខ្ញុំសូមជម្រុញទឹកចិត្តក្មួយៗឲ្យយល់អំពីសេចក្ដីពិតទាំងនោះ ។
ផ្ទុយទៅវិញ ការកុហកអំពីសេចក្ដីស្រឡាញ់ និងអាពាហ៍ពិពាហ៍គឺមានដើមកំណើតចេញមកពីសាតាំង និងពួកបរិវារវាជារៀងរហូត ។ មារសត្រូវរីករាយគ្រប់ពេលដែលវាបញ្ចុះបញ្ចូលជនរងគ្រោះម្នាក់ឲ្យឱបក្រសោបយកអ្វីៗដែលបំផ្លាញ ឬបន្ទាបបន្ថោកដល់សេចក្ដីស្រឡាញ់ និងអាពាហ៍ពិពាហ៍ ។ ទោះជាយ៉ាងណា សេចក្ដីពិត គឺជាសេចក្ដីពិត ហើយការកុហកគឺជាការកុហក ពុំមានចំនួននៃការធ្វើទីផ្សារដ៏ឆ្លាតវៃណា ឬការឃោសនាណា ឬការគាំទ្រណាដែលអាចមកផ្លាស់ប្ដូររឿងនោះបានទេ ។
សេចក្ដីពិត #២ ៖ ភាពបរិសុទ្ធផ្ទាល់ខ្លួន គឺជាគន្លឹះចំពោះសេចក្ដីស្រឡាញ់ពិត ។ កាលណាគំនិត និងអារម្មណ៍ ពាក្យសម្ដី និងសកម្មភាពរបស់ក្មួយកាន់តែបរិសុទ្ធប៉ុណ្ណា នោះសមត្ថភាពរបស់ក្មួយៗដើម្បីផ្ដល់ និងទទួលសេចក្ដីស្រឡាញ់ពិតមានកាន់តែខ្លាំងប៉ុណ្ណោះដែរ ។
សូមទុកចិត្តខ្ញុំលើរឿងនេះចុះថា ៖ គ្រប់ពេលដែលក្មួយៗដាក់ដួងចិត្តថ្វាយទៅព្រះវរបិតាសួគ៌ក្នុងការអធិស្ឋាន រួចហើយស្ដាប់ គ្រប់ពេលដែលក្មួយៗសិក្សាព្រះគម្ពីរ ស្វែងរកចម្លើយចំពោះសំណួរក្នុងដួងចិត្តក្មួយ គ្រប់ពេលដែលក្មួយៗចៀសវាង ពីអ្វីៗ ដែលនឹងធ្វើឲ្យរបួសដល់វិញ្ញាណក្មួយ ( ដូចជារូបអាសគ្រាម); គ្រប់ពេលដែលក្មួយៗថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធ គ្រប់ពេលដែលក្មួយៗរកព័ត៌មានដើម្បីធ្វើពិធីបរិសុទ្ធសម្រាប់ជីដូនជីតារបស់ក្មួយ នោះក្មួយៗកំពុងជ្រើសរើស បង្កើនភាពបរិសុទ្ធផ្ទាល់ខ្លួនរបស់ក្មួយហើយ ។
អនាគតស្វាមី ឬភរិយារបស់ក្មួយៗនឹងអរគុណក្មួយៗ ព្រោះនៅក្នុងគ្រានោះហើយដែលក្មួយៗនឹងរៀបចំខ្លួនសម្រាប់ភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍ពិតជានិច្ច ។ ដូច្នេះបើក្មួយៗនៅលីវ ហើយងឿងឆ្ងល់អំពីរបៀបដ៏ល្អបំផុតដើម្បីរៀបចំខ្លួនសម្រាប់សេចក្ដីស្រឡាញ់ពិត នេះជាចម្លើយ ៖ ចូរធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សាគំនិត អារម្មណ៍ ពាក្យសម្ដី និងសកម្មភាពរបស់ក្មួយៗឲ្យបរិសុទ្ធ ។សូមយាងអញ្ជើញព្រះវិញ្ញាណឲ្យដឹកនាំក្មួយៗ ។ ទ្រង់នឹងជួយក្មួយៗ ! ហើយប្រសិនបើក្មួយៗរៀបការហើយ ខ្ញុំប្រឹក្សាថា ធ្វើដូចគ្នានេះដែរ !
នៅពេលក្មួយៗខិតខំដើម្បីកាន់តែមានភាពបរិសុទ្ធ នោះក្មួយៗនឹងមានព្រះវិញ្ញាណបរិសុទ្ធគង់នៅនឹងក្មួយៗកាន់តែច្រើនឡើងៗ ។ សមត្ថភាពរបស់ក្មួយៗដើម្បីទទួលវិវរណៈផ្ទាល់ខ្លួននឹងចម្រើនឡើង ដែលមានន័យថាក្មួយៗនឹងមានការដឹកនាំកាន់តែច្បាស់ក្នុងជីវិតក្មួយៗ ។ ក្មួយៗនឹងមានភាពសុខសាន្ដ និងអំណរកាន់តែច្រើន មិនសូវឯកោ ហើយក្មួយៗនឹងកាន់តែមានសេចក្ដីសង្ឃឹមអំពីអនាគតរបស់ក្មួយៗ ។ ក្មួយៗនឹងមានគំនិតប្រាជ្ញាកាន់តែច្បាស់ឡើងនៅពេលក្មួយៗសិក្សា និងធ្វើការ ។ ហើយបន្ថែមពីលើរង្វាន់ដ៏អស្ចារ្យ ទាំងនេះ ដែលផ្ដល់ដល់ការខិតខំរាល់ថ្ងៃឲ្យកាន់តែបានបរិសុទ្ធ នោះក្មួយៗនឹងបង្កើនសមត្ថភាពដើម្បីមានបទពិសោធន៍ភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍ពិត ។
នេះគឺជាមូលហេតុដែលរូបអាសគ្រាមគឺជាមហន្ដរាយយ៉ាងខ្លាំងនោះ ! ផ្ទុយទៅនឹងអ្វីដែលអ្នកលើកកម្ពស់វាបានប្រកាស រូបអាគ្រាមនឹង រារាំង ក្មួយៗពីការទទួលបានបទពិសោធន៍នៃភាពស្និតស្នាលដ៏អស្ចារ្យបំផុតនោះ ។
ឥឡូវ សេចក្ដីពិតបន្ទាប់នេះ ជាសេចក្ដីពិត #៣ អាចនឹងធ្វើឲ្យអ្នកភាន់ច្រឡំពីព្រោះវាដូចគ្នានឹងការផ្ទុយដែលមារសត្រូវ និងមនុស្សខាងលោកិយជាច្រើននឹងធ្វើឲ្យអ្នកជឿអំពីសេចក្ដីស្រឡាញ់ និងអាពាព៍ពិពាហ៍ ។
សេចក្ដីពិត #៣ ៖ ជាផ្នែកដ៏សំខាន់នៃការបង្ហាញពីសេចក្ដីស្រឡាញ់របស់ពួកគេ ព្រះអម្ចាស់សព្វព្រះទ័យឲ្យស្វាមី និងភរិយាទទួលបាននូវភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍ដោយអំណរ និងអស្ចារ្យ ។
ភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍ ត្រូវបានតែងតាំងឡើងដោយព្រះ ។ វាត្រូវបានបញ្ជា និងបង្កើតឡើងដោយទ្រង់ ដោយសារវានាំឲ្យស្វាមី និងភរិយាមកកាន់តែជិតនឹងគ្នា ហើយកាន់តែជិតនឹងព្រះអម្ចាស់! ភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍ពិតត្រូវឲ្យព្រលឹងរបស់ស្វាមីនិងភរិយាវេញធ្លុងចូលគ្នា ។៤វាគឺជាការវេញធ្លុងតែមួយនៃរូបកាយ និង វិញ្ញាណរបស់ស្វាមីជាមួយនឹងរូបកាយ និង វិញ្ញាណរបស់ភរិយា ។
ការវេញធ្លុងតែមួយនេះ បង្ហាញគ្រាន់តែពីរបៀបដែលស្វាមី និងភរិយាមានចំណែករួមគ្នា ទាំងអស់នៅក្នុងជីវិតរបស់ពួកគេ ។ ពួកគេធ្វើការជាមួយគ្នាជាដៃគូ ។ ពួកគេអធិស្ឋាន លេង ពុះពារ រីកចម្រើន និងមានអំណរក្នុងជីវិតរួមគ្នា ។ ពួកគេលះបង់ដើម្បីគ្នាទៅវិញទៅមក ហើយលើកទឹកចិត្តគ្នាដើម្បីឲ្យប្រែក្លាយជាមនុស្សដែលពួកគេត្រូវប្រែក្លាយ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍គឺពិសិដ្ឋ ។ តាមពិត ស្វាមី និងភរិយាអាចខិតទៅ កាន់តែជិត នឹងព្រះ នៅពេលចូលរួមនៅក្នុងភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍ដោយពិត ។
ដូច្នេះតើក្មួយៗអាចរៀបចំខ្លួនសម្រាប់ភាពស្និតស្នាលនោះយ៉ាងដូចម្ដេច ? ក្មួយៗនឹងចាំបាច់ត្រូវរស់នៅដោយសុចរិត ដើម្បីព្រះវិញ្ញាណអាចធ្វើជាដៃគូនឹងក្មួយៗ និងប្ដីឬប្រពន្ធរបស់ក្មួយៗ ។
រឿងនេះនាំទៅរក សេចក្ដីពិត #៤ ៖ សម្រាប់ភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍ពិត ព្រះវិញ្ញាណបរិសុទ្ធ ត្រូវតែចូលរួម ។ ជាធម្មតាវាមិនអាចកើតមាននូវភាពស្និតស្នាលគ្នា នៅក្រៅ ចំណងអាពាហ៍ពិពាហ៍បានទេ ពីព្រោះព្រះវិញ្ញាណនឹងពុំ អាចមានវត្តមានគង់នៅជាមួយឡើយ ។
អែលឌើរ ប៉ាលី ភី. .ប្រាត្ត បានបង្រៀនថា ព្រះវិញ្ញាណបរិសុទ្ធ មានសមត្ថភាព « បង្កើន ពង្រីក ពន្លាត ហើយធ្វើឲ្យគ្រប់តណ្ហា និងក្ដីស្រឡាញ់ពីធម្មជាតិបានបរិសុទ្ធ » ។៥ ចូរនឹកស្រមៃមើលថា ៖ ទ្រង់អាចធ្វើឲ្យអារម្មណ៍ក្មួយៗបានបរិសុទ្ធ ! ហេតុដូច្នោះហើយ អ្វីៗដែលយាងអញ្ជើញព្រះវិញ្ញាណចូលមកក្នុងជីវិតរបស់ក្មួយៗ និងជីវិតប្ដី ឬប្រពន្ធក្មួយៗ និងអាពាហ៍ពិពាហ៍របស់ក្មួយៗ នោះវានឹងបង្កើនសមត្ថភាពរបស់ក្មួយៗក្នុងការទទួលបទពិសោធន៍នៃភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍ ។ វាពិតជាសាមញ្ញ ហើយល្អប្រពៃណាស់ !
ម្យ៉ាងទៀត អ្វីៗ ដែលជំទាស់នឹងព្រះវិញ្ញាណនឹងកាត់បន្ថយនូវលទ្ធភាពវេញធ្លុងគ្នាជាមួយនឹងប្ដីប្រពន្ធរបស់អ្នក ។ រឿងទាំងឡាយមានដូចជា ការខឹង ការលោភ ការមិនអភ័យទោស ការឈ្លោះប្រកែក អសីលធម៌ និងអំពើបាបមិនប្រែចិត្ត នឹងកាត់បន្ថយនូវបំណងចង់មានភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍របស់ក្មួយៗមកជាអ្វីដែលគ្រាន់តែជាបទពិសោធន៍ខាងផ្លូវភេទទៅវិញ ។
ដូច្នេះសរុបសេចក្ដីទៅ ខណៈដែលកាមភេទខាងលោកិយស្ថិតនៅក្រោមឥទ្ធិពលរបស់លោកិយ និងមារសត្រូវ រួចហើយមានទាក់ទងនឹងតណ្ហាខាងសាច់ឈាម ខាងការត្រេកត្រអាល និងខាងសេចក្ដីអាក្រក់ នោះភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍ដែលបានតែងតាំងដោយព្រះ ស្ថិតនៅក្រោមឥទ្ធិពលរបស់ព្រះវិញ្ញាណ ហើយទាក់ទងនឹងតណ្ហាដែលធ្វើឲ្យបរិសុទ្ធ និងចម្រើនខាងវិញ្ញាណ ។ ការពិតគឺថា កាលណាក្មួយៗកាន់តែបរិសុទ្ធ នោះភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍របស់ក្មួយៗនឹងកាត់តែមហិមា ។៦
កាមភេទខាងលោកិយត្រូវគេទទួលយកថាមិនអី ។ ជាមួយនឹងភាពស្និតស្នាលខាងអាពាហ៍ពិពាហ៍ ត្រូវមានការមើលថែដោយជ្រួតជ្រាបដើម្បីចៀសវាងពីអ្វីៗគ្រប់យ៉ាង—រាប់តាំងពីភាសា តន្ត្រី និងខ្សែភាពយន្ដនានា—ដែលជំទាស់នឹងព្រះវិញ្ញាណ ទាស់នឹងអារម្មណ៍ របស់ក្មួយ ឬប្ដីប្រពន្ធរបស់ក្មួយ ។
ខណៈដែលកាមភេទខាងលោកិយ គឺជាតណ្ហាហើយសំឡាប់សេចក្ដីស្រឡាញ់ នោះភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍បង្កើតសេចក្ដីស្រឡាញ់កាន់តែច្រើន ។
កាមភេទខាងលោកិយ ធ្វើឲ្យអាប់ឱនរបស់បុរស និងស្ត្រី ព្រមទាំងរូបកាយរបស់ពួកគេ ចំណែកឯភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍ផ្ដល់កិត្តិយសដល់បុរស និងស្ត្រី ព្រមទាំងលើកកម្ពស់ដល់រូបកាយថាជាតម្លៃដ៏មហិមាមួយនៃជីវិតរមែងស្លាប់នេះ ។
ជាមួយនឹងកាមភេទខាងលោកិយ បុគ្គលម្នាក់ៗអាចមានអារម្មណ៍ថា ខ្លួនជាឈ្នួល ត្រូវគេបំពាន ហើយទីបំផុតកាន់តែឯកោ ។ ជាមួយនឹងភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍ ប្ដី ឬប្រពន្ធមានអារម្មណ៍កាន់តែវេញធ្លុង និងស្រឡាញ់គ្នា កាន់តែចិញ្ចឹមបីបាច់គ្នា ហើយយល់ចិត្តគ្នា ។
កាមភេទខាងលោកិយ បង្កនូវបញ្ហាធ្ងន់ធ្ងរ ហើយទីបំផុតបំផ្លាញដល់ទំនាក់ទំនងទាំងឡាយ ។ ភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍ជួយ ពង្រឹងដល់អាពាហ៍ពិពាហ៍ ។ វាគាំទ្រ ព្យាបាល និងប្រទានពរដល់ជីវិតប្ដី ឬប្រពន្ធ ព្រមទាំងដល់អាពាហ៍ពិពាហ៍របស់ពួកគេ ។
កាមភេទខាងលោកិយប្រៀបបាននឹងសូរនៃខ្លុយ ចំណែកឯភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍ប្រៀបដូចជាក្រុមភ្លេងដ៏ធំមួយ ។៧
កាមភេទខាងលោកិយក្លាយទៅជាការរំខានទាំងស្រុង ពីព្រោះវាពុំដែលបំពេញតាមការសន្យាវាទេ ។ ភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍ដែលបានតែងតាំងដោយព្រះ គឺជាការរក្សាសេចក្ដីសញ្ញាដ៏រុងរឿង និងបន្ដរហូតដល់អស់កល្បរបស់ប្ដី និងប្រពន្ធទាំងឡាយ ។
សរុបសេចក្ដីទៅ ភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍ ដែលបានចារយល់ព្រមដោយព្រះវិញ្ញាណ ត្រូវបានប្រទានពរដោយព្រះអម្ចាស់ ហើយញែកជាបរិសុទ្ធ ។៨
ឥឡូវនេះការបង្កើតអាពាហ៍ពិពាហ៍រឹងមាំ និងរីករាយពុំងាយស្រួលទេ ! ខ្ញុំអាចបញ្ជាក់បាន ។ ប៉ុន្ដែវា នឹង នាំអំណរដល់ក្មួយៗ !
ក្នុងខួបអាពាហ៍ពិពាហ៍ ១០ ឆ្នាំរបស់យើង ខ្ញុំងឿងឆ្ងល់ពីអ្វីដែលខ្ញុំអាចផ្ដល់ដល់ស្វាមីខ្ញុំដែលតំណាងឲ្យក្ដីអំណរដែលខ្ញុំមានក្នុងអាពាហ៍ពិពាហ៍របស់យើង ។ នេះជាអ្វីដែលខ្ញុំផ្ដល់ឲ្យគាត់ ។
ទោងមួយ !
ក្មួយៗប្រុសស្រីជាទីស្រឡាញ់របស់យើងអើយ ប្រសិនបើក្មួយៗនឹងអនុវត្តសេចក្ដីពិតទាំងបួននេះដោយបំណងចិត្ត នោះខ្ញុំជឿជាក់ថាក្មួយៗអាចស្ថាបនាអាពាហ៍ពិពាហ៍រីករាយមួយដែលនឹងគាំទ្រ ហើយលួងលោមក្មួយៗ ជាដរាបតទៅ ។អាពាហ៍ពិពាហ៍មួយដែលនឹងអនុញ្ញាតឲ្យក្មួយៗប្រែក្លាយកាន់តែល្អប្រសើរជាងដែលក្មួយៗអាចធ្វើដោយខ្លួនឯង ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា អាពាហ៍ពិពាហ៍គឺជាឯកសិទ្ធិដ៏មហិមាបំផុតមួយដែលព្រះប្រទានដល់កូនចៅរបស់ទ្រង់ អាពាហ៍ពិពាហ៍នោះអាចជាប្រភពនៃអំណរដ៏គ្មានប្រៀបផ្ទឹមបាន ហើយភាពបរិសុទ្ធផ្ទាល់ខ្លួននោះគឺជាគន្លឹះទៅកាន់អំណរនោះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2017 by Intellectual Reserve, Inc. All rights reserved. អនុមតិជាភាសាអង់គ្លេស ៖ ១០/១៦ ។ អនុមតិឲ្យបកប្រែ ៖ ១០/១៦ ។ ការបកប្រែនៃ « Love and Marriage » Cambodian ។ PD60002798 258