ពួកព្យាការី ភាពជាអ្នកដឹកនាំ និងក្រឹត្យវិន័យរបស់ព្រះ
រាត្រីជួបជាមួយប្រធាន រ័សុល អិម ណិលសុន
ការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យទូទាំងពិភពលោក • ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៧ • សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់
ក្មួយៗជាទីស្រឡាញ់ ខ្ញុំសូមនាំយកការគោរពស្រឡាញ់ដល់ក្មួយមកពីគណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ យើងសូមអរគុណដែលបងប្អូនបានចូលរួមនឹងយើងនារាត្រីនេះ ហើយរៀបចំចិត្តគំនិតទទួលការបង្រៀនខាងវិញ្ញាណ ។1
ចាប់តាំងពីខែមករា ឆ្នាំ២០១៦ កាលខ្ញុំបាននិយាយទៅកាន់បងប្អូននៅក្នុងការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកនេះ ខ្ញុំបានជួបនឹងបងប្អូនជាច្រើនកាលខ្ញុំបានទៅទស្សនកិច្ចនៅប្រទេសជប៉ុន ហ្វីលីពីន ចិន កាណាដា អង់គ្លេស វេល អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងតំបន់ជាច្រើនក្នុងសហរដ្ឋអាមេរិក ។
កាលពីខែកញ្ញា ឆ្នាំមុន ខ្ញុំ និងអែលឌើរ អិម រ័សុល បាឡឺដ និងថ្នាក់ដឹកនាំផ្សេងទៀតក្នុងសាសនាចក្រមានបទពិសោធន៍មួយដែលពុំអាចបំភ្លេចបាន កាលយើងបានទៅ បាធិន រ៉ច ល្វីស៊ីអាណា ដើម្បីទៅជួបនឹងប្រជាជននៅ ទីនោះ ក្រោយពីគ្រោះទឹកជំនន់មួយ ។ នៅថ្ងៃអាទិត្យយើងម្នាក់ៗបានធ្វើនូវការប្រជុំសាក្រាម៉ង់ដ៏ធំចំនួនបួន—ការប្រជុំមួយគឺសម្រាប់ជនរងគ្រោះ ហើយបីផ្សេងទៀតសម្រាប់ពួកអ្នកស្ម័គ្រចិត្តដែលមកពីរដ្ឋជាច្រើនដើម្បីជួយដល់ការបោសសម្អាត ។ រូបថតទាំងនេះបង្ហាញពីទិដ្ឋភាពនៃក្រុមជំនុំនាថ្ងៃសម្រាកទាំងនោះដែលមានមនុស្សរាប់រយនាក់ពាក់អាវយឺតដែលស្លាកដៃជំនួយមរមន ។
សូមកត់ចំណាំពីទឹកមុខរីករាយនៃយុវជនដែលចេញពីផ្ទះ បស់ពួកគេមកជួយពួកអ្នកជិតខាងដែលពួកគេពុំស្គាល់ នៅកណ្ដាលថ្ងៃក្ដៅហួតហែងនៅLouisiana ហើយដែលបានផ្អាកធ្វើការនៅថ្ងៃសម្រាកដើម្បីថ្វាយបង្គំព្រះអម្ចាស់ ។ កាលខ្ញុំមើលទៅក្រុមជំនុំ ទៅក្រុមជំនុំនៃពួកអ្នកស្ម័គ្រចិត្តដ៏អស្ចារ្យនោះ ភាគច្រើនមានវ័យស្របាលនឹងក្មួយ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងមើលទៅបុរសស្ត្រីដែលមិនយូរប៉ុន្មាននឹងក្លាយជាថ្នាក់ដឹកនាំក្នុងសាសនាចក្រនេះ ។
ដូច្នេះនារាត្រីនេះ កាលខ្ញុំស្រមៃមើលក្មួយជួបជុំគ្នានៅទូទាំងពិភពលោក ខ្ញុំចង់គូសបញ្ជាក់ ហើយនិយាយពីអារម្មណ៍នោះ ។ ក្មួយៗ គឺជា គឺជាថ្នាក់ដឹកនាំក្នុងសាសនាចក្ររបស់ព្រះអម្ចាស់នាពេលអនាគត ! តើក្មួយត្រៀមខ្លួនហើយឬនៅដើម្បីទទួលយកភាពជាអ្នកដឹកនាំនោះ ?
កាលខ្ញុំនិយាយទៅកាន់ក្មួយនៅឆ្នាំមុន ខ្ញុំបានសំណូមពរឲ្យក្មួយក្រោកឡើងធ្វើជាបុគ្គលរស់នៅដ៏ស្មោះត្រង់ក្នុងសហស្សវត្សដែលក្មួយរស់នៅ ។ ក្មួយត្រូវជួយរៀបចំពិភពលោកនេះការគ្រងរាជ្យរបស់ព្រះអង្គសង្គ្រោះដោយជួយប្រមូលពួករើសតាំងមកពីទិសទាំងបួននៃផែនដី ដើម្បីឲ្យមនុស្សគ្រប់រូបដែលជ្រើសធ្វើដូច្នេះអាចទទួលបានដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងរាល់ពរជ័យនៃដំណឹងល្អ ។ រាត្រីនេះ ខ្ញុំចង់និយាយ ទៅកាន់ក្មួយៗពីរបៀប ក្មួយអាចរៀបចំខ្លួន ។
ទីមួយ ផ្ដោតលើអាពាហ៍ពិពាហ៍ និងគ្រួសាររបស់ក្មួយ ។ សូមអនុវត្តអារម្មណ៍ដែលក្មួយមាន កាលក្មួយបានឮពីការពិត ទាំងបួនអំពីស្នេហា និងអាពាហ៍ពិពាហ៍របស់« អ្នកមីងវេនឌី » ។
ការទទួលខុសត្រូវរបស់ក្មួយចំពោះព្រះអម្ចាស់ដើម្បីជួយប្រមូលពួករើសតាំងចេញពីភាពវឹកវរខាងសីលធម៌ និងឥទ្ធិពលនៃអំពើបាបនៅសម័យយើងគឺការទទួលខុសត្រូវដ៏ ធំ ។ លូស៊ីហ្វើរ និងពួកបាវបម្រើរបស់វាកំពុងប្រើបច្ចេកវិទ្យា និងការប្រាស្រ័យទាក់ទងគ្រប់ទម្រង់ ដើម្បីផ្សាយពាក្យកុហកអំពីជីវិត និង ប្រភពពិតនៃសុភមង្គល ។ ដូច្នេះ ដើម្បីធ្វើកិច្ចការរបស់ក្មួយនៅលើផែនដីបាន វានឹងត្រូវតម្រូវឲ្យមាននៅរាល់ជំនាញភាពជាអ្នកដឹកនាំដ៏ល្អបំផុតដែលជំនាន់ក្មួយៗមាន ។
ជាភ័ព្វសំណាងណាស់ យើងមានគំរូដ៏ល្អវិសេសជាច្រើនដើម្បីធ្វើតាម ។ កាលពិភពលោកនេះមើលទៅសមត្ថភាពជាអ្នកដឹកនាំរបស់បុរសស្ត្រីសំខាន់ៗដូចជា ណាប៉ូឡេអុង ចូនអហ្វ អាក ចច វ៉ាស៊ីងតោន ម៉ាហាត់ម៉ា ហ្គានធី អ្នកម្ដាយ ថេរេសា និងមនុស្សផ្សេងទៀត ខ្ញុំជឿថា ថ្នាក់ដឹកនាំដ៏ល្អបំផុតដែលធ្លាប់រស់នៅលើផែនដីនេះគឺជាពួកព្យាការីរបស់ព្រះ ។
រហូតមកដល់សព្វថ្ងៃនេះ មានបុរស ១៦ រូបត្រូវបានព្រះអម្ចាស់ជ្រើសឲ្យធ្វើជាប្រធានរបស់សាសនាចក្រដែលបានស្ដារឡើងវិញនៅគ្រាកាន់កាប់ត្រួតត្រានេះ—ជាគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនៅក្នុងប្រវត្តិសាស្ត្រនៃផែនដី នេះ ។ ក្នុងចំណោមបុរសទាំង ១៦ រូបនោះ ខ្ញុំបានស្គាល់ ១០ រូប ។ ( វាប្រាប់ច្រើនអំពីវ័យរបស់ខ្ញុំជាងអ្វីៗផ្សេងទៀត ។ ចូរយើងគិត បែបនេះថា ខ្ញុំលែងទិញផ្លែចេកខ្ចីទៀតហើយ ) ។
ឥឡូវនេះ ប្រសិនបើក្មួយស្រឡាញ់ការក្រោកឡើងជាបុគ្គលម្នាក់រស់នៅដ៏ស្មោះត្រង់ក្នុងសហស្សវត្ស ខ្ញុំលើកទឹកចិត្តឲ្យក្មួយសិក្សាពីជីវិត និងការបង្រៀនរបស់ពួកព្យាការីរបស់ព្រះទាំង ១៦ រូបនេះ ។2 ការសិក្សានោះនឹងផ្លាស់ប្ដូរ ជីវិត របស់អ្នក ។ សូមឲ្យខ្ញុំចែកចាយនូវគោលការណ៍ភាពជាអ្នកដឹកនាំមួយចំនួនដែលខ្ញុំបានរៀនពីពួកលោកបានទេ ?
ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ប្រធានទី ១០ របស់សាសនាចក្រ បានរស់នៅរំលេងពីរបីផ្ទះពីផ្ទះរបស់ខ្ញុំកាលពីក្មេង ។ កូនប្រុសពីរនាក់របស់លោកដែលក្មេងជាងគេគឺជាមិត្តរបស់ខ្ញុំ ។ ជារឿយៗ ពួកគេបានអញ្ជើញខ្ញុំចូលទៅក្នុងផ្ទះរបស់ពួកគេ ។
ប្រធាន ស្ម៊ីធ គឺជាប្រធានរបស់សាសនាចក្រនៅឆ្នាំ ១៩៧១ កាលខ្ញុំត្រូវបានហៅឲ្យធ្វើជាប្រធានទូទៅនៃសាលាថ្ងៃអាទិត្យ ។ ក្រោយមកទៀតនៅឆ្នាំនោះ កាលភរិយាមុនរបស់ខ្ញុំ ដាន់ហ្សេល និងខ្ញុំបានអបដំណើរលោកទៅសន្និសីទតំបន់លើកទីមួយ ដែលធ្វើឡើងនៅទីក្រុង មេនឆេស្ទើរ ប្រទេសអង់គ្លេស ខ្ញុំបានសម្គាល់ឃើញមេរៀនដ៏មានឥទ្ធិពលមួយនៅក្នុងភាពជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាព កាលប្រធាន ស្ម៊ីធបានសុំការរាយការណ៍មកពីពួកអ្នកមានសិទ្ធិអំណាចទូទៅដែលបានជួបជុំគ្នានៅក្នុងបន្ទប់តូចមួយពីមុនសន្និសីទនោះ ។
បន្ទាប់ពីគ្រប់គ្នាបានរាយការណ៍រួច ប្រធានស្ម៊ីធ បានឈរដោយភាពថ្លៃ ថ្នូរជាប្រធាន អញ្ជើញពួកគេរៀនមកពីប្រាជ្ញារបស់លោកដែលមានវ័យ ៩៤ ឆ្នាំ ជាជាងប្រើអំណាចផ្ដាច់ការ កាលលោកបង្ហាញក្ដីស្រឡាញ់ និងក្ដី ប្រាថ្នាដ៏ស្មោះចង់ជួយដល់ពួកគេ ។ ខ្ញុំមានការភ្ញាក់ផ្អើលចំពោះអំណាចនៃថ្នាក់ដឹកនាំរូបនេះក្នុងការបង្ហាញក្ដីស្រឡាញ់ និងការជឿជាក់លើមនុស្សរបស់លោក ។ បន្ទាប់ពីសន្និសីទតំបន់នោះ កាលយើងបានសរសើរប្រធាន ស្ម៊ីធពីសារលិខិតដ៏ល្អបំផុតរបស់លោក លោកបានតបយ៉ាងសាមញ្ញថា « ខ្ញុំមិនបាន មកទីនេះដើម្បីបរាជ័យនោះទេ » ។3
លោកបានជំនឿថា ព្រះអម្ចាស់នឹងដឹកនាំកិច្ចការទាំងនោះ កាលប្រធានស្ម៊ីធបានធ្វើអ្វីគ្រប់យ៉ាងដោយអំណាចរបស់លោកដើម្បីជំរុញដល់កិច្ចការនោះ ។ ជំនឿ ការអធិស្ឋាន ការសិក្សា និងការខិតខំធ្វើការគឺជាការរួមផ្សំគ្នាមួយដ៏មានជោគជ័យ ។ ដូចជាប្រធានស្ម៊ីធ ពុំបានទៅប្រទេសអង់គ្លេសដើម្បីបានភាពបរាជ័យដែរ ព្រះវរបិតាយើងបានបញ្ជូនក្មួយមកផែនដីនៅគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះពុំមែនឲ្យបរាជ័យនោះទេ ប៉ុន្តែផ្ទុយទៅវិញគឺដើម្បីទទួលបានជោគជ័យ—ហើយរកឃើញអំណរកាលធ្វើកិច្ចការនេះ ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានក្លាយជាសមាជិកម្នាក់នៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់តែពីរឆ្នាំប៉ុណ្ណោះ កាលប្រធាន ចច អ័លប៊ើត ស៊្មីធ បានហៅអែលឌើរ ប៊ែនសឹន នៅពេលនោះ ឲ្យគ្រប់គ្រងបេសកកម្មនៅអ៊ឺរ៉ប នៅខែ ធ្នូ ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ ។ ស្ថានភាពនៅទីនោះមានសភាពធ្ងន់ធ្ងរ ។ ក្នុងបេសកកម្មដោយក្ដី ស្រឡាញ់មួយរយៈពេល ១០ ខែដល់សមាជិកដែលជីវិតរបស់ពួកគេត្រូវបានបំផ្លាញដោយសង្គ្រាម អែលឌើរ ប៊ែនសឹន បានធ្វើដំណើរទៅទូទាំងប្រទេសអាល្លឺម៉ង់ ប៉ូឡូញ ឆែកូស្លូវ៉ាគី និងតំបន់ស្កាន់ឌីណាវៀ ចែកចាយអាហារ សម្លៀកបំពាក់ និងសម្ភារគ្រែដេកដល់ពួកបរិសុទ្ធដែលរងទុក្ខ ។4 លោកបានជួបនឹងរឿងប្លែកៗដែលទំនងជាមិនអាចយកឈ្នះបានម្ដងហើយម្ដងទៀត ។ ប៉ុន្តែលោកបានបង្ហាញម្ដងហើយម្ដងទៀតនូវ« ជំនឿដ៏ក្លាហានលើព្រះចេស្ដានៃព្រះអម្ចាស់ដើម្បីយកឈ្នះលើឧបសគ្គទាំងឡាយ » ។5
សែសិបឆ្នាំក្រោយមក នៅខែវិច្ឆិកា ឆ្នាំ ១៩៨៥ ប្រធាន ប៊ែនសឹន នៅពេលនោះទើបបានតែងតាំងជាប្រធានរបស់សាសនាចក្រ បានចាត់ខ្ញុំជាសមាជិកក្មេងខ្ចីម្នាក់នៃពួកដប់ពីរនាក់ឲ្យចាប់ផ្ដើមផ្សាយដំណឹងល្អទៅកាន់តំបន់អ៊ឺរ៉ុបភាគខាងកើត ដែលនៅពេលនោះ ស្ថិតនៅ ក្រោមនឹមនៃលទ្ធិកុម្មុយនីស្ដ ។
ខ្ញុំបានមានអារម្មណ៍ថាមិនបានត្រៀមខ្លួនសម្រាប់កិច្ចការដ៏ធំមួយបែបនេះ ឡើយ ប៉ុន្តែប្រធាន ប៊ែនសឹនបានចាប់ផ្ដើមធ្វើកិច្ចការនេះមុនឆ្នាំទៅទៀត ។ តើខ្ញុំមិនធ្វើនូវកិច្ចការដែលលោកបានធ្វើយ៉ាងម៉េចបាន ? គំរូរបស់លោកលើកទឹកចិត្តខ្ញុំឲ្យអធិស្ឋាន ហើយខិតខំធ្វើការតាមលទ្ធភាពរបស់ខ្ញុំ រួចហើយមើលព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអម្ចាស់នៅចាំជួយ ។6
កាលយើងណាម្នាក់មាននូវការថប់បារម្ភ យើងអាចរៀនច្រើនមកពីប្រធានប៊ែនសឹន ។ លោកបានបម្រើ យ៉ាងសកម្ម ជាសាវក និងជាលេខាខាងវិស័យកសិកម្មនៅក្នុងគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ឈ្មោះ ដ្វាយ ឌី អ៊ីសេនហូវើរ ។
តើលោកគ្រប់គ្រងបែបណា ? នេះជាពាក្យពេចន៍របស់លោក ៖ « ខ្ញុំខិតខំធ្វើការតាមលទ្ធភាពខ្ញុំអាចធ្វើបាន ហើយធ្វើអ្វីគ្រប់យ៉ាងដោយអំណាចរបស់ខ្ញុំ ។ ហើយខ្ញុំព្យាយាមគោរពព្រះបញ្ញត្តិ ។ បន្ទាប់មក ខ្ញុំឲ្យព្រះអម្ចាស់បំពេញបង្គ្រប់នូវអ្វីដែលសេសសល់ » ។7 ពាក្យពេចន៍ទាំងនេះ គឺជាពាក្យពេចន៍ដែលត្រូវធ្វើតាម ។
ប្រធាន ហិនរី ប៊ី ហ៊ិងគ្លី គឺជាអ្នកដឹកនាំដ៏ស្វាហាប់មួយរូបដែលការបង្ហាត់បង្រៀនរបស់លោកនៅក្នុងការដឹកនាំសាសនាចក្រមានភាពវិសេសវិសាល ។ ពីមុនលោកបម្រើជាប្រធានទី ១៥ របស់សាសនាចក្រ លោកគឺជាទីប្រឹក្សាម្នាក់របស់ប្រធានកាលពីមុនចំនួនបីរូប ។ កាលនៅជាយុវជនម្នាក់ក្រោយពី លោកបានត្រឡប់ fមកពីបេសកកម្មរបស់លោកនៅប្រទេសអង់គ្លេស លោកបានបម្រើការងារក្នុងសាសនាចក្រក្នុងតំណែងជាច្រើន ហើយតែងតែស្ថិតនៅក្រោមការដឹកនាំរបស់គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់ ។ លោកត្រូវបានសុំឲ្យដោះស្រាយបញ្ហាសំខាន់ៗម្ដងហើយម្ដងទៀត ។ ឧទាហរណ៍ ប្រធាន ដេវីឌ អូ មិកឃេ បានចាត់បងប្រុស ហ៊ិងគ្លី ឲ្យកំណត់របៀបថតជាខ្សែវីដេអូអំពីពិធីបរិសុទ្ធនៃអំណោយទានពិសិដ្ឋដើម្បីយកទៅបកប្រែបំពេញដល់សេចក្ដីត្រូវការរបស់សាសនាចក្រនៅប្រទេសផ្សេងទៀត ។
ប្រធាន ហ៊ិងគ្លី គឺជាអ្នកទាក់ទងម្នាក់ ដ៏ជំនាញ ។ លោកនិយាយនឹងមនុស្សគ្រប់គ្នាតាំងពីអ្នកសារព័ត៌មានជើងចាស់រហូតដល់ពួកអ្នកដឹកនាំក្នុងពិភពលោកដោយភាពជឿជាក់អំពីដំណឹងល្អ ។ ខ្ញុំបានឃើញរបៀបដែលលោកបានបន្ទន់ចិត្តលោក មិកហេល ហ្គ័របាឆេវ អតីតប្រធានាធិបតីសហភាពសូវៀត ដែលដំបូងទទូចពុំព្រមជួបនឹងប្រធាន ហ៊ិងគ្លីនៅក្នុង ការិយាល័យ របស់លោក ។ ផ្ទុយទៅវិញ លោក ហ្គ័របាឆេវ ចង់ឲ្យប្រធានហ៊ិងគ្លីមកជួបនៅបន្ទប់សណ្ឋាគាររបស់ ហ្គ័របាឆេវ ។ ប៉ុន្តែកាលពួកលោកបានជួបគ្នានៅទីស្នាក់ការកណ្ដាលរបស់សាសនាចក្រ ប្រធាន ហ៊ិងគ្លីបានចង្អុលបង្ហាញពីប្រភេទបន្ទះឈើម្យ៉ាងនៅក្នុងបន្ទប់ក្រុមប្រឹក្សារបស់គណៈប្រធានទីមួយ ។ កាលប្រធាន ហ៊ិងគ្លី ប្រាប់លោក ហ្គ័របាឆេវ ពីកន្លែងដែលយកឈើនោះមក លោកហ្គ័របាឆេវ បានមានការភ្ញាក់ផ្អើល ! ឈើនោះមកពីភូមិភាគនៃស្រុកកំណើតរបស់គាត់នៅប្រទេសរុស្សី !8 ឥរិយាបថរបស់គាត់ចាប់ផ្ដើមមានភាពស្និទ្ធស្នាលមួយរំពេច ។
ប្រធាន ហ៊ិងគ្លី ជាបុគ្គលដែលមានភាពសុទិដ្ឋិនិយមជានិច្ច វាកើតចេញពីជំនឿទាំងស្រុងរបស់លោកទៅលើព្រះអម្ចាស់ ។ អំឡុងពេលជិត ១៣ ឆ្នាំក្នុងនាមជាប្រធានរបស់សាសនាចក្រ លោកបានដឹកនាំសាសនាចក្រឆ្លងកាត់គ្រាដ៏អស្ចារ្យមួយនៃការបង្កើតថ្មី រួមមានប្លង់នៃព្រះវិហារបរិសុទ្ធតូចៗ អគារនៃមជ្ឈមណ្ឌលសន្និសីទ ការប្រកាសព្រះវិហារបរិសុទ្ធថ្មីចំនួន ៧៩ កន្លែង និងការឧទ្ទិសឆ្លង ឬការឧទ្ទិសឆ្លងឡើងវិញនៃព្រះវិហារបរិសុទ្ធចំនួន ៩៥ ក្នុងចំណោមព្រះវិហារបរិសុទ្ធ ១២៤ កន្លែងដែលកំពុងដំណើរការនៅពេលនោះ ។ ទស្សនៈវិស័យរបស់ប្រធានហ៊ិងគ្លី និងអ្វីដែលលោករំពឹងឲ្យខ្លួនលោកធ្វើដោយសារតែទស្សនៈវិស័យនោះ គឺគ្មានដែនកំណត់ឡើយ ។
ប្រធាន ហ៊ិងគ្លីគឺជាអ្នកជំនាញម្នាក់ខាងប្រវត្តិសាស្ត្រសាសនាចក្រ ។ លោកក៏ជាអ្នកមើលឆុតផងដែរ ។ ហេតុដូច្នេះហើយ លោកពុំខ្លាចក្នុងការប្រកាសពីអនាគតឡើយ ។ សូមស្ដាប់ប្រសាសន៍របស់លោក ៖ « បុព្វហេតុនេះ[ នៃព្រះគ្រីស្ទ ]នឹងបន្តឆ្ពោះទៅមុខក្នុងមហិទ្ធានុភាព និងព្រះចេស្ដាដើម្បីបំពេញផែនដីនេះ ។ ទ្វារទាំងឡាយដែលបានបិទចំពោះការផ្សាយដំណឹងល្អនាពេលនេះនឹងត្រូវបើកឡើង ។ ប្រសិនបើចាំបាច់ ព្រះដ៏មានមហិទ្ធិឫទ្ធិអាចនឹងត្រូវធ្វើឲ្យប្រជាជាតិនានារង្គោះរង្គើដើម្បីឲ្យពួកគេបានរាបសាស្ដាប់ដល់ពួកអ្នកបម្រើរបស់ព្រះដ៏មានព្រះជន្មរស់ ។ អ្វីក៏ដោយដែលរឿងចាំបាច់វានឹងកើតមានឡើង » ។9
ឥឡូវនេះ ប្រធាន ថូម៉ាស អេស ម៉នសុន គឺជាព្យាការីនៅរស់របស់ព្រះអម្ចាស់នៅលើផែនដីនេះ ។ យើងស្រឡាញ់ គាំទ្រ ហើយអធិស្ឋានឲ្យលោកជាខ្លាំង ! ហើយយើងក៏រៀនពីលោកច្រើនដែរ ! សូមគិតពីរឿងនេះ ។ លោកត្រូវបានហៅឲ្យធ្វើជាប៊ីស្សពក្នុងវ័យ ២២ ឆ្នាំ ។ វួដរបស់លោកមានស្ត្រីមេម៉ាយចំនួន ៨០ នាក់ ។ លោកត្រូវបានហៅឲ្យធ្វើជាសាវកក្នុងវ័យ ៣៦ ឆ្នាំ ។ ប្រធានម៉នសុនរស់នៅតាមបាវចនាថា « ប្រសិនបើព្រះអម្ចាស់ត្រូវការសម្រេចរឿងអ្វីមួយ ខ្ញុំចង់ឲ្យទ្រង់ដឹងថា ទ្រង់អាចទុកចិត្តលើថម ម៉នសុន ឲ្យធ្វើកិច្ចការនោះបាន » ។10
លោកបានបង្ហាញយើងពីរបៀបជួយសង្គ្រោះដល់មនុស្សម្នាក់ ។ លោកបានបង្រៀនយើងតាមរយៈគំរូថា ការមើលថែមនុស្សតែងតែជារឿងសំខាន់ជាងការគ្រប់គ្រងពេលវេលា ឬការប្រជុំ ឬកាលវិភាគនានាជានិច្ច ។
ពេញមួយជីវិតរបស់លោក ប្រធាន ម៉នសុនបានធ្វើដំណើរទៅផ្ទះវិញតាមផ្លូវខុសៗគ្នាជារឿយៗ ក្រោយពីបញ្ចប់ការងារដ៏ច្រើនមក ។ ពេលខ្លះលោកបានឈប់នៅឯមន្ទីរពេទ្យដើម្បីលួងលោមដល់ជនដែលមានទុក្ខព្រួយ ។ នៅថ្ងៃផ្សេងទៀត លោកបានត្រូវបានដឹកនាំឲ្យទៅសួរសុខទុក្ខគ្រួសារមួយចំនួន ។ ជារឿយៗ ការគោះទ្វារដោយពុំបានរំពឹងទុករបស់លោកបានជួបនឹងបុគ្គលម្នាក់ដែលពោរពេញដោយការទួញសោក ហើយពោលឡើងដូចជា « តើលោកដឹងយ៉ាងម៉េចបានទៅថា ថ្ងៃនេះជាថ្ងៃគម្រប់ខួបនៃការស្លាប់របស់កូនស្រីយើង ? » ឬ « តើលោកដឹងយ៉ាងម៉េចបានថា ថ្ងៃនេះគឺជាថ្ងៃកំណើតខ្ញុំ ? »
ពេលមួយជីវិតរបស់លោក ប្រធាន ម៉នសុនបានបង្ហាញជាបន្តបន្ទាប់នូវគុណសម្បត្តិសំខាន់ៗចំនួនពីរដែលធ្វើឲ្យពួកព្យាការីនៃព្រះគឺជាពួកអ្នកដឹកនាំដែលអស្ចារ្យ ៖ ទីមួយ លោកបានបង្ហាញគំរូពីព្រះបញ្ញត្តិដ៏ធំទីមួយ និងទីពីរ—ស្រឡាញ់ព្រះអស់ពីព្រលឹងយើង ហើយស្រឡាញ់ពួកអ្នកជិតខាងយើង កូនចៅរបស់ព្រះ ដូចជាយើងស្រឡាញ់ខ្លួនឯង ។ ហើយទីពីរ ព្យាការីគ្រប់រូបដឹងពីរបៀបទទួលវិវរណៈ ហើយឆ្លើយតបភ្លាមៗពេលវាមកដល់ ។ ប្រធាន ថូម៉ាស អេស ម៉នសុន គឺជាតំណាងនៃភាពជាអ្នកដឹកនាំដ៏សុចរិត ។
ពួកព្យាការីរបស់ព្រះមានគុណលក្ខណៈជាច្រើនដែលដូចគ្នា ។ គុណលក្ខណៈមួយគឺថា ព្យាការីមួយរូបៗយល់ពីសារៈសំខាន់នៃក្រឹត្យវិន័យរបស់ព្រះ ។ ចំណេះដឹងនៃក្រឹត្យវិន័យរបស់ព្រះ និងភាពជាអ្នកដឹកនាំដ៏សុចរិត ហើយមានប្រសិទ្ធភាពត្រូវតែធ្វើការរួមគ្នា ។ កាលណាក្មួយៗអាចដឹងក្រឹត្យវិន័យរបស់ព្រះកាន់តែច្រើន—ហើយសំខាន់បំផុតគឺរបៀបរស់នៅតាមវា—នោះភាពជាអ្នកដឹកនាំដ៏សុចរិតរបស់ក្មួយនឹងកាន់តែមានប្រសិទ្ធភាព ។
កាលខ្ញុំជានិស្សិតវ័យក្មេងផ្នែកវេជ្ជសាស្ត្រ ការសិក្សាដ៏ម៉ឺងម៉ាត់របស់ខ្ញុំពីរូបកាយមនុស្សបានធ្វើឲ្យខ្ញុំជឿថា ព្រះមានព្រះជន្មរស់ ។ ហើយកាលខ្ញុំបានដឹងថា រូបកាយគឺជាការបង្កបង្កើតរបស់ព្រះ ខ្ញុំកាន់តែចង់ដឹងឮពីក្រឹត្យវិន័យរបស់ព្រះដែលគ្រប់គ្រងមុខងារនៃរូបកាយ ។ តាមរយៈការស្រាវជ្រាវក្នុងបន្ទប់ពិសោធន៍ដ៏ធំ ក្រោយមកទៀតខ្ញុំបានដឹងថា ក្រឹត្យវិន័យនោះគ្រប់គ្រងដោយចង្វាក់បេះដូង ។ លើសពីនេះទៀត ខ្ញុំបានដឹងថា ចង្វាក់បេះដូងអាចឈប់បណ្ដោះអាសន្នដោយសុវត្ថិភាព ដើម្បីសម្រួលដល់ការវះកាត់ដ៏ធំ ។ ការណ៍នេះអាចធ្វើឡើងដោយផ្លាស់ប្ដូរអត្រាសូឌីយ៉ូម/ប៉ូតាស្យូមនៅក្នុងឈាមដែលបានផ្ដល់ទៅឲ្យបេះដូង ។ ក្រោយមកទៀត កាលបេះដូងបានចិញ្ចឹមបីបាច់ដោយឈាមដែលមានអត្រាសូឌីយ៉ូម/ប៉ូតាស្យូម ធម្មតា បេះដូងនឹងលោតធម្មតាម្ដងទៀត ។ ការរកឃើញទាំងនេះបានបង្ហាញជាការអាចទាយទុកបាន អាចទុកចិត្តបាន ហើយអាចធ្វើម្ដងទៀតបាន ។
ថ្មីៗនេះ ខ្ញុំមានឱកាសពន្យល់បញ្ហានេះទៅថ្នាក់មួយខាងសាលាវេជ្ជសាស្ត្រ ។ សាស្ត្រាចារ្យដ៏មានចំណេះជ្រៅជ្រះម្នាក់ដែលបានធ្វើបទបង្ហាញបានសួរខ្ញុំថា « ចុះបើវាមិនដំណើរវិញ ? » ខ្ញុំបានតបថា « វាដំណើរការ ជានិច្ច ! វាដំណើរការស្របតាមក្រឹត្យវិន័យរបស់ព្រះ » ។
ក្រឹត្យវិន័យរបស់ព្រះមានភាពពិតប្រាកដ ។ ក្រឹត្យវិន័យរបស់ព្រះមិនអាចបដិសេធ ឬប្រកែកបានឡើយ ។ ហើយកាលក្រឹត្យវិន័យរបស់ព្រះត្រូវបានគោរពតាម នោះពរជ័យដែលពាក់ព័ន្ធ កើតមានឡើង ជានិច្ច ! ពរជ័យនានាតែងផ្អែកទៅលើការគោរពដល់ក្រឹត្យវិន័យដែលត្រូវអនុវត្ត ។11
ទស្សនៈរបស់មនុស្សអំពី ជីវិតអាចពន្យល់បាន —សេចក្ដីពិតនោះគឺជាបទពិសោធន៍អត្តនោម័ត៌តែប៉ុណ្ណោះ—ក្រឹត្យវិន័យគឺជាច្បាប់ ! សេចក្ដីពិតរបស់ព្រះគឺមានពិតប្រាកដមែន ! អ្វីដែលព្រះមានបន្ទូលថា ត្រឹមត្រូវ គឺវា ត្រឹមត្រូវ ! ហើយអ្វីដែលទ្រង់មានបន្ទូលថាខុស គឺវា ខុស !
នោះហើយជាហេតុផលចាំបាច់ដែលក្មួយត្រូវស្គាល់ក្រឹត្យវិន័យរបស់ព្រះ ។ វាគ្រប់គ្រងសាកលលោក នេះ និងសាកលលោកជាច្រើនផ្សេងទៀត ។ កាលក្រឹត្យវិន័យរបស់ព្រះត្រូវបានបំពាន នោះផលនឹងកើតមានតាមក្រោយ ។ ទោះជាដួងចិត្តរបស់យើងឈឺចាប់ចំពោះជនដែលបានបំពានក្រឹត្យវិន័យរបស់ព្រះក្ដី ក៏ការដាក់ទោសត្រូវតែកើតមាន ។ ក្រឹត្យវិន័យរបស់ព្រះត្រូវតែគោរពតាម ។
ខ្ញុំបានរៀនពីរឿងនេះ កាលធ្វើជាគ្រូពេទ្យវះកាត់ឲ្យប្រធានស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។ កាលម៉ាស៊ីនភ្ញោចបេះដូងរបស់លោកឈប់ដំណើរការភ្លាម ប្រធាន ឃឹមបឹលបានមករកជំនួយពីខ្ញុំ ។ ប៉ុន្តែដំបូង លោកបានសុំខ្ញុំធ្វើការប្រសិទ្ធពរបព្វជិតភាពមួយឲ្យលោក ។ បន្ទាប់ការប្រសិទ្ធពរនោះមក ដែលវាមាននូវការសន្យាថា នឹងការកែតម្រូវម៉ាស៊ីនភ្ញោចបេះដូងលោកឲ្យដំណើរការវិញ នោះលោកបានពោលមកខ្ញុំថា « ឥឡូវនេះលោកត្រូវធ្វើអ្វីគ្រប់យ៉ាងដែលលោកត្រូវធ្វើ ដើម្បីឲ្យការប្រសិទ្ធពរក្លាយជាការពិត » ។
ខ្ញុំបានចាប់ផ្ដើមធ្វើការវះកាត់ ។ នៅលើខ្សែផ្ដល់អគ្គីសនីចេញពីម៉ាស៊ីនភ្ញោចបេះដូងនោះ ទៅបេះដូងរបស់លោក ខ្ញុំរកឃើញមានការដាច់ចេញពី គ្នា ។ កាលខ្ញុំប្ដូរខ្សែដែលខូចនោះរួច ម៉ាស៊ីនភ្ញោចបេះដូងបានដំណើរការជាថ្មីភ្លាម ដោយធ្វើឲ្យបេះដូងរបស់ប្រធានឃឹមបឹលលោតដូចធម្មតាវិញ ។ ក្រឹត្យវិន័យដែលទាក់ទងនឹងការបញ្ជូនអគ្គីសនីនោះគឺមិនអាចមិនអើពើបានឡើយ សូម្បីតែព្យាការីរបស់ព្រះ ។
ពិតណាស់ ប្រធាន ឃឹមបឹល គឺជាព្យាការីរបស់ព្រះ ។ កាលខ្ញុំមើលលោកឆ្លងការជំងឺជាច្រើនដោយយកចិត្តទុកដាក់ ហើយបានសង្កេតឃើញការសិក្សាដ៏ឧស្សាហ៍របស់លោក កាលលោកស្វែងរកវិវរណៈ នោះលោកជាអ្នកប្រៀនប្រដៅខ្ញុំ ។ សេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះលោកគឺធំធេងណាស់ !
កាលពិភពលោកនេះពោរពេញដោយភាពមិនជាក់លាក់ នោះសុំកុំឲ្យចិត្ត និងគំនិត របស់ក្មួយ មាននូវភាពមិនជាក់លាក់អំពីរឿងពិត និងរឿងមិនពិតឡើយ ។ ភាពមិនជាក់លាក់កើតមានពីព័ត៌មានអសុក្រឹត ឬមិនស្គាល់ ។ ក្នុងនាមជាសាវកមួយរូប ខ្ញុំសុំអង្វរដល់ក្មួយឲ្យរៀនពីក្រឹត្យវិន័យរបស់ព្រះដែលពុំអាចផ្លាស់ប្ដូរបាន ។ ចូររៀនសូត្រពីវាដោយសារការសិក្សា និង ដោយសារសេចក្តីជំនឿផង ។ នៅក្នុងចំណោមរឿងផ្សេងទៀត វាមានន័យថា« « [ ការរស់នៅ ] តាមគ្រប់ព្រះបន្ទូលដែលចេញពីព្រះឱសរបស់ព្រះ » ។12
ចូរអធិស្ឋានឲ្យដឹងរវាងក្រឹត្យវិន័យរបស់ព្រះ និងទស្សនវិទ្យារបស់មនុស្ស រួមបញ្ចូលទាំងល្បិចក្លែងបន្លំទាំងនោះរបស់មារសត្រូវដែរ ។ នៅ គ្រប់ពេល លូស៊ីហ្វើរបានធ្វើឧបាយកលរបស់វាមានភាពល្អប្រសើរឡើង ។ វាមានជំនាញខាងការរំខាន ការបកស្រាយខុស ការបញ្ឆោត និងការនាំដើរផ្លូវខុស ។ ខ្ញុំសុំអង្វរក្មួយឲ្យជៀសវាងពីអន្ទាក់ដ៏ប៉ិនប្រសប់របស់វា ដូចជាក្មួយជៀសវាងពីជំងឺប៉េស្តដែរ !
ការល្បួងបោកប្រាស់ដែលសាតាំងបានរៀបចំឡើងអាច នាំមកឲ្យក្មួយនូវទុក្ខវេទនា ការជាប់ឃុំខាងវិញ្ញាណ និងសេចក្ដីស្លាប់ តែប៉ុណ្ណោះ ។13 រឿងនេះពិតនៅ គ្រប់ សម័យកាល ។ ផលសោកសៅនៃការបន្ទន់ទៅតាមការទាក់ទាញរបស់លូស៊ីហ្វើរគឺអាចទាយទុកបាន អាចមានពិតប្រាកដ អាចមានម្ដងហើយម្ដងទៀត ហើយអាចសោកស្ដាយម្ដងហើយម្ដងទៀតបាន ។
ផ្ទុយទៅវិញ ខ្ញុំសុំសន្យាថា កាលក្មួយគោរពព្រះបញ្ញត្តិ កាលក្មួយរស់នៅតាមក្រឹត្យវិន័យរបស់ទ្រង់ ក្មួយនឹងកាន់តែមានសេរីភាពច្រើនឡើង ។ សេរីភាពនេះនឹងបង្ហាញក្មួយនូវនិស្ស័យជាព្រះរបស់ក្មួយ ហើយធ្វើឲ្យក្មួយបានចម្រើនឡើង ។ ក្មួយនឹងមានសេរីភាពពីសេវកភាពនៃអំពើបាប ។ ក្មួយនឹងមានសេរីភាពធ្វើជាខ្លួនឯង—ជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាព ហើយសុចរិតម្នាក់ ។ ក្មួយនឹងត្រៀមខ្លួនដឹកនាំដោយឱវាទ និងដោយគំរូនៅគ្រប់កន្លែងដែលត្រូវការក្មួយ ។ រឿងដ៏រីករាយ គឺថា ពរជ័យនៃការគោរពព្រះបញ្ញត្តិក៏អាចទាយទុកបាន អាចមានពិតប្រាកដ ហើយអាចមានម្ដងហើយម្ដងទៀត ។
ក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ដែលបានស្ដារឡើងវិញ យើងដឹងថា ព្រះយេស៊ូវគ្រីស្ទ ជាលោកចៅហ្វាយយើង គឺជាអង្គប្រៀនប្រដៅដ៏អស់កល្បរបស់យើង ។ ក្នុងនាមជាបុគ្គលរស់នៅដ៏ស្មោះត្រង់ក្នុងសហស្សវត្ស ក្មួយបានកើតមកធ្វើជាសិស្សម្នាក់ដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពិតណាស់ ផ្លូវ តែមួយគត់ ដើម្បីធ្វើជាបុគ្គលរស់នៅដ៏ស្មោះត្រង់ក្នុងសហស្សវត្សបានគឺត្រូវធ្វើជាសិស្សដ៏ពិតរបស់ទ្រង់ !
តើក្មួយអាចបង្កើន ភាពជាសិស្សរបស់ក្មួយតាមរបៀបណា ? ខ្ញុំមានការអញ្ជើញមួយ—តាមពិតទៅ វាគឺជាកិច្ចការមួយ—ដែលវានឹងជួយក្មួយ ប្រសិនបើក្មួយជ្រើសទទួលយកវា ។ សូមចាប់ផ្ដើមនៅយប់នេះដើម្បីញែកពេលវេលាខ្លះរបស់ក្មួយរាល់សប្ដាហ៍ សិក្សា រឿងគ្រប់យ៉ាង ដែលព្រះយេស៊ូវបានមានបន្ទូល ហើយបានធ្វើ ដូចដែលបានកត់ត្រានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដ្បិតទ្រង់គឺជាព្រះយេហូវ៉ាក្នុងព្រះគម្ពីរសញ្ញាចាស់ ។ សូមសិក្សាក្រឹត្យវិន័យរបស់ទ្រង់ដូចដែលបានកត់ត្រានៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដ្បិតទ្រង់គឺជាព្រះគ្រីស្ទនៅក្នុងព្រះគម្ពីរនោះ ។ សូមសិក្សាគោលលទ្ធិរបស់ទ្រង់ដូចដែលបានកត់ត្រានៅក្នុងព្រះគម្ពីរមរមន ពីព្រោះគ្មានព្រះគម្ពីរណាផ្សេងទៀតដែលបេសកកម្ម និងការងារបម្រើរបស់ទ្រង់ត្រូវបានបើកសម្ដែងយ៉ាងច្បាស់ជាងនៅ ក្នុងព្រះគម្ពីរនេះឡើយ ។ ហើយសូមសិក្សាបន្ទូលរបស់ទ្រង់ដូចដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ដ្បិតទ្រង់បន្តបង្រៀនរាស្ត្ររបស់ទ្រង់នៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ។
កិច្ចការនេះទំនងដូចជាកិច្ចការដ៏ធំមួយ ប៉ុន្តែខ្ញុំសូមលើកទឹកចិត្តក្មួយឲ្យទទួលយកវា ។ ប្រសិនបើក្មួយចាប់ផ្ដើមរៀន ឲ្យអស់ពីលទ្ធភាព អំពីព្រះយេស៊ូវគ្រីស្ទ ខ្ញុំសូមសន្យានឹងក្មួយថា សេចក្ដីស្រឡាញ់របស់ក្មួយចំពោះទ្រង់ និងចំពោះក្រឹត្យវិន័យរបស់ព្រះនឹងកើនឡើងហួសអ្វីដែលក្មួយនឹកស្រមៃនាពេលនេះ ។ ខ្ញុំសូមសន្យានឹងក្មួយផងដែរថា សមត្ថភាពរបស់ក្មួយដើម្បីងាកចេញឆ្ងាយពីអំពើបាបនឹងកើនឡើង ។ ក្ដីប្រាថ្នារបស់ក្មួយដើម្បីគោរពតាមបទបញ្ញត្តិឡើងដល់កម្រិតខ្ពស់ ។ ក្មួយនឹងរកឃើញថាខ្លួនឯងអាចដើរចេញឆ្ងាយពីការកម្សាន្ត និងការច្របូកច្របល់នៃជនដែលរិះគន់ពួកអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទបានប្រសើរជាង ។ ដើម្បីជួយក្មួយ សូមមើលសេចក្ដីយោងនៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយក្រោមប្រធានបទ « ព្រះយេស៊ូវគ្រីស្ទ » ។14
ការសិក្សារឿងគ្រប់យ៉ាងអំពីព្រះយេស៊ូវគ្រីស្ទ គឺ តាមរយៈការស្វែងរកការយល់ដឹងប្រកបដោយការអធិស្ឋាន និងខ្ជាប់ខ្ជួនថា ងារ និងព្រះនាម នីមួយៗ របស់ទ្រង់មានន័យយ៉ាងណាចំពោះក្មួយផ្ទាល់ ។ ឧទាហរណ៍ ទ្រង់គឺពិតជាព្រះគាំទ្រ របស់ក្មួយ ជាមួយនឹងព្រះវរបិតា ។ ទ្រង់នឹងនៅ ខាង ក្មួយ ។ ទ្រង់នឹងការពារ ក្មួយ ។ ទ្រង់នឹងមានបន្ទូល ជំនួស ក្មួយ គ្រប់ពេល កាល ក្មួយ ជ្រើសប្រែក្លាយកាន់តែដូច ទ្រង់ ។15
សូមស្គាល់ទ្រង់តាមរយៈការសិក្សានូវអ្វីៗដែលទ្រង់បន្តបង្រៀនតាមរយៈពួកព្យាការី និងពួកសាវករបស់ទ្រង់ដែលនៅរស់ ។ សូមសិក្សាពី « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។ សូមសិក្សាឯកសារពី « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ។ ឯកសារទាំងពីរនេះបានទទួលតាមរយៈវិវរណៈ ។ សូមផ្សាយវានៅលើអ៊ិនធើរណែត និងដាក់វានៅកន្លែងដែលក្មួយអាចមើលឃើញរៀងរាល់ថ្ងៃ ។
ពាក្យពេចន៍ដែលបានបើកសម្ដែងទាំងនោះគឺជាអ្វីដែលពួកបរិសុទ្ធថ្ងៃចុងក្រោយជឿ ។ សូមអធិស្ឋានសូមសាក្សីមួយដែលបង្ហាញថាសេចក្ដីពិតទាំងនោះតំណាងឲ្យក្រឹត្យវិន័យរបស់ព្រះ ។ សូមរៀនបញ្ជាក់ឲ្យច្បាស់ពីសេចក្ដីពិតទាំងនោះជាពាក្យសម្ដីរបស់ក្មួយផ្ទាល់ ។ សូមអនុវត្ត ! បន្ទាប់មក សូមអធិស្ឋាន ហើយរកមើលឱកាសនិយាយរឿងដែលក្មួយជឿ ។ សមត្ថភាពដឹកនាំ និងសមត្ថភាពដើម្បីមានឥទ្ធិពលសុចរិតរបស់ក្មួយនឹងកើនឡើង កាលក្មួយធ្វើរឿងនេះ ។
នៅថ្ងៃខាងមុខ ក្មួយនឹងតំណាងឲ្យខ្លួនឯងនៅចំពោះព្រះអង្គសង្គ្រោះ ។ ក្មួយនឹងថប់បារម្ភរហូតដល់ស្រក់ទឹកភ្នែកដោយបាននៅក្នុងវត្តមានដ៏បរិសុទ្ធរបស់ទ្រង់ ។ ក្មួយនឹងពិបាករកពាក្យដើម្បីថ្លែងអំណរគុណទ្រង់សម្រាប់ការបង់ថ្លៃជួសអំពើបាបរបស់ក្មួយ ជួសសម្រាប់ការអភ័យទោសឲ្យក្មួយពីរាល់ភាពកំណាចទៅមនុស្សដទៃទៀត សម្រាប់ការព្យាបាលក្មួយពីរបួស និងភាពអយុត្តិធម៌នៅក្នុងជីវិតនេះ ។
ក្មួយនឹងអរគុណទ្រង់សម្រាប់ការប្រទានកម្លាំងឲ្យធ្វើនូវកិច្ចការលំបាកៗ សម្រាប់ការបង្វែរភាពទន់ខ្សោយរបស់ក្មួយទៅជាកម្លាំង និងសម្រាប់ការធ្វើឲ្យក្មួយអាចរស់នៅនឹងទ្រង់ និងគ្រួសាររបស់ក្មួយជារៀងរហូត ។ អត្តសញ្ញាណរបស់ទ្រង់ ដង្វាយធួនរបស់ទ្រង់ និងគុណលក្ខណៈរបស់ទ្រង់នឹងក្លាយជារឿងផ្ទាល់ខ្លួន ហើយពិតចំពោះក្មួយ ។
ប៉ុន្តែក្មួយពុំត្រូវចាំរហូតដល់ពេលនោះឡើយ ។ សូមជ្រើសធ្វើជាសិស្សដ៏ពិតម្នាក់របស់ទ្រង់ឥឡូវនេះ ។ ចូរធ្វើមនុស្សម្នាក់ដែលស្រឡាញ់ទ្រង់ពិត ជាជនដែលចង់បម្រើ ហើយដឹកនាំដូចជាទ្រង់យ៉ាងពិតប្រាកដ ។16
យើងគឺជារាស្ត្ររបស់ទ្រង់ ! យើងស្ថិតនៅក្នុងសេចក្ដី សញ្ញាដើម្បីផ្សាយសារលិខិតនៃដំណឹងល្អទៅគ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារ ។ កាលយើងធ្វើកិច្ចការ ដោយមានចេតនាពិត ដើម្បីក្លាយជាអ្នកដឹកនាដ៏សុចរិត យើងអាចនឹងច្រៀងដោយចិត្តតែមួយថា « ចូរយើងខិតខំទៅក្នុងការងារនៃព្រះអម្ចាស់ » ។17
ឥឡូវនេះ ក្នុងនាមជាសាវកមួយរូបរបស់ទ្រង់ ខ្ញុំសូមប្រើកូនសោទាំងនោះដើម្បី បន្សល់ទុកនូវពរជ័យដល់ក្មួយៗគ្រប់រូប ។ ខ្ញុំសូមប្រសិទ្ធពរឲ្យក្មួយរៀនពីក្រឹត្យវិន័យរបស់ព្រះ ហើយរស់នៅតាមក្រឹត្យវិន័យទាំងនោះ ។ ខ្ញុំសូមប្រសិទ្ធពរឲ្យក្មួយធ្វើជាគំរូល្អមួយ ទាំងពាក្យសម្ដី និងទង្វើ អំពីសិស្សដ៏ពិតនៃព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំសូមប្រសិទ្ធពរឲ្យក្មួយរួចផុតពីអំពើបាប ផ្សាយការល្អ និងពន្លឺតាមរបៀបមួយដែលនឹងទាក់ទាញមនុស្សដទៃទៀតឲ្យចង់ដឹង ហើយ ទទួលអារម្មណ៍ ពីប្រភពនៃពន្លឺរបស់ក្មួយ ។ ខ្ញុំសូមប្រសិទ្ធពរឲ្យក្មួយមានជោគជ័យនៅក្នុងការខិតខំប្រឹងប្រែងខាងការសិក្សា និងការងាររបស់ក្មួយៗ ។ ខ្ញុំសូមប្រសិទ្ធពរឲ្យក្មួយស្វែងរក ហើយថែរក្សាដៃគូដ៏មានគុណធម៌របស់ក្មួយ ។ ហើយខ្ញុំសូមប្រសិទ្ធពរឲ្យក្មួយម្នាក់ៗក្លាយជាអ្នកដឹកនាសុចរិតម្នាក់នៅក្នុងគ្រួសារ សហគមន៍ ប្រទេស របស់ក្មួយ និងនៅក្នុងសាសនាចក្រ ។
ខ្ញុំសូមធ្វើការប្រសិទ្ធពរទាំងនេះ ដល់ក្មួយ ហើយប្រកាសថា ព្រះមានព្រះជន្មរស់ ! ព្រះយេសូវ គឺជាព្រះគ្រីស្ទ ! នេះគឺជាសាសនាចក្រទ្រង់ ! ខ្ញុំថ្លែងទីបន្ទាល់ទាំងនេះ ក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2017 by Intellectual Reserve, Inc. All rights reserved. អនុមតិជាភាសាអង់គ្លេស ៖ 10/16 ។ អនុមតិឲ្យបកប្រែ ៖ 10/16 ។ ការបកប្រែនៃ« Prophets, Leadership, and Divine Law » ។ Cambodian PD60002798 258