ការប្រជុំ​ធម្មនិដ្ឋាន​ឆ្នាំ ២០១៧
ការប្រែចិត្ត និង សេចក្ដីសប្បុរស


5:54

ការប្រែចិត្ត និង សេចក្ដីសប្បុរស

ល្ងាច​មួយ​ជាមួយ​នឹង​អែលឌើរ ឃីម ប៊ី ក្លាក

ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក • ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៧ • រោងឧបោសថ សលត៍ លេក

អែលឌើរ ក្លាក និង ខ្ញុំ មាន​ចិត្ត​រីករាយ​ដែល​មាន​វត្តមាន​ជាមួយ​អ្នក​ទាំងអស់​គ្នា​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​នេះ ។

ខ្ញុំ​ចង់​ចែកចាយ​គំនិត​ខ្លះៗ​ជាមួយ​ប្អូនៗ អំពី​អ្វី​ដែល​មាន​ក្នុង​ចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹម​ថា វា​ក៏​មាន​ប្រយោជន៍​សម្រាប់​ប្អូនៗ​ដែរ ។

ដំបូង ខ្ញុំ​ចង់​បង្ហាញ​អំពី​ក្ដីស្រឡាញ់ ៖ ខ្ញុំ​មាន​អារម្មណ៍​ពិសេស​មួយ​ក្នុង​ចិត្ត​ចំពោះ​យុវមជ្ឈិមវ័យ​នៃ​សាសនាចក្រ ។ ប្អូនៗ​ស្ថិត​ក្នុង​ដំណាក់កាល​មួយ​នៃ​ជីវិត​ដែល​ត្រូវ​ធ្វើ​ការសម្រេចចិត្ត​ដ៏​សំខាន់​មាន​ដូចជា—បន្ដ​ការសិក្សា ស្វែងរក​ការងារ បម្រើ​បេសកកម្ម ដើរ​លេង​ជាគូ រៀប​អាពាហ៍ពិពាហ៍ និង ចាប់ផ្ដើម​ក្រុមគ្រួសារ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍ ហើយ​បាន​ឃើញ​អំណាច​ដ៏​មាន​អានុភាព​ដែល​ប្អូនៗ​មាន​សម្រាប់​កិច្ចការ​ល្អ នៅ​ពេល​ប្អូនៗ​ចុះ ហើយ​រក្សា​សេចក្ដីសញ្ញា​ពិសិដ្ឋ និង​ពេល​ប្អូនៗ​ព្យាយាម​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះអម្ចាស់​ក្នុង​ការសម្រេច​ចិត្ត​ទាំងនេះ ។ ប្អូនៗ​ជា​មនុស្ស​អស្ចារ្យ ! ប្អូនៗ​ជា​ទី​សំណព្វ​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​ដឹង​រឿង​នោះ។

ខ្ញុំ​ក៏​ចង់​ចែកចាយ​ជាមួយ​ប្អូនៗ​នូវ​ទីបន្ទាល់​របស់​ខ្ញុំ និង ពាក្យ​ពេចន៍​លើក​ទឹកចិត្ត​ខ្លះៗ ។ ខ្ញុំ​ចង់​ឲ្យ​ប្អូនៗ​ដឹង​ថា​ខ្ញុំ​ដឹង​ថា ព្រះ​គឺ​ជា​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​ដែល​មាន​ព្រះជន្ម​រស់ ។ ខ្ញុំ​ដឹង​ថា ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​នូវ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ និង អំណោយ​ដ៏​អស្ចារ្យ​នោះ​ដែល​ជា​ព្រះបុត្រា​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ និង ព្រះអង្គ​ប្រោសលោះ​យើង ។ ខ្ញុំ​ដឹង​ថា ព្យាការី យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់​នេះ ។ ខ្ញុំ​ដឹង​ថា​ព្រះគ្រីស្ទ​នឹង​យាង​មក​ម្តង​ទៀត ហើយ​ថា​យើង​ត្រូវតែ​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​នោះ ។

តើ​យើង​ត្រៀមខ្លួន​យ៉ាង​ដូចម្ដេច សម្រាប់​ព្រឹត្តិការណ៍​ដ៏​មហស្ចារ្យ​នេះ ? យើង​អាច​មាន​អារម្មណ៍​ស្មុគស្មាញ ! មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ! ខ្ញុំ​ចង់​ផ្ដល់​ការលើកទឹកចិត្ត និង ក្ដីសង្ឃឹម​នៅ​ក្នុង​គោលការណ៍​ចំនួន​ពីរ ដែល​នឹង​ជួយ​យើង​ឲ្យ​ត្រៀមខ្លួន​គឺ ៖ ការប្រែចិត្ត និង សេចក្តីសប្បុរស ។

ប្រធាន ម៉នសុន បាន​បង្រៀន​យើង​ក្នុង​សន្និសីទ​ទូទៅ​កាល​ពី​ខែ​តុលា​មុន​ថា « ផ្នែក​សំខាន់​នៃ​ផែនការ​នេះ​គឺ​ព្រះអង្គសង្គ្រោះ​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ ។ បើ​គ្មាន​ពលិកម្ម​ធួន​របស់​ទ្រង់​ទេ នោះ​មនុស្ស​ទាំងអស់​នឹង​ត្រូវ​វង្វេង ។ ទោះជា​យ៉ាងណា​ក្តី វា​ពុំ​គ្រប់គ្រាន់​ទេ បើ​គ្រាន់តែ​ជឿ​ទៅលើ​ទ្រង់ និង​បេសកកម្ម​របស់​ទ្រង់​នោះ ។ យើង​ចាំបាច់​ខិតខំ ហើយ​រៀន ស្រាវជ្រាវ ហើយ​អធិស្ឋាន ប្រែចិត្ត ហើយ​កែលម្អ » ។

យើង​ត្រូវតែ​ប្រែចិត្ត ។ នោះ​គឺ​ជា​ពរជ័យ​ដ៏​អស្ចារ្យ ! តាមរយៈ​ដង្វាយធួន និង​ព្រះចេស្ដា​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​យកឈ្នះ​លើ​រាល់​ភាពទន់ខ្សោយ ការឈឺចាប់ ទុក្ខព្រួយ និង អំពើបាប ។ ខ្ញុំ​បាន​រៀន​ថា ទោះជា​ការប្រែចិត្ត​ជា​ញឹកញាប់​គឺ​ជា​ទង្វើ​ដែល​បញ្ឈប់​សកម្មភាព​ដែល​ប្អូនៗ​កំពុង​ធ្វើ វា​ក៏​អាច​ជា​ទង្វើ​ដែល​ប្អូន​ពុំ​ធ្លាប់​ធ្វើ ហើយ​ត្រូវ​ចាប់ផ្ដើម​ធ្វើ​វា​ផងដែរ ។

កិច្ចការ​ដ៏​សំខាន់​បំផុត​មួយ​ដែល​យើង​ត្រូវ​ចាប់ផ្ដើម​ធ្វើ ដែល​ជា​ចំណែក​នៃ​ការប្រែចិត្ត​នោះ គឺ​ការបម្រើ​ដល់​មនុស្ស​ដទៃ ។ នោះ​ជា​ការបម្រើ​ដល់​មនុស្ស​ដទៃ ការធ្វើការ​ជាមួយ​ព្រះអម្ចាស់ និង ការមាន​បទពិសោធន៍​នៃ​ក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ទ្រង់ ទើប​យើង​អាច​ស្គាល់​ព្រះអង្គសង្គ្រោះ​យ៉ាង​ពិតប្រាកដ ។ ខ្ញុំ​បាន​ឃើញ​អំណាច​នៃ​ក្ដីស្រឡាញ់​ដែល​កើត​មាន​ពេល​កំពុង​បម្រើ​ដល់​មនុស្សដទៃ​ក្នុង​ការប្រជុំ​សាក្រាម៉ង់​ទើបតែ​មួយ​ខែ​កន្លង​ទៅ ។

ខ្ញុំ​បាន​ដើរ​ចូល​ក្នុង​សាលាប្រជុំ​ជាមួយ​មិត្ត​ម្នាក់ មិត្ត​ខ្ញុំ​បាន​ឈប់ ហើយ​ស្វាគមន៍​ក្មេង​ស្រី​តូច​ម្នាក់​ក្នុង​ថ្នាក់​បឋមសិក្សា​របស់​នាង ។ អំឡុង​ការប្រជុំ មិត្ត​ខ្ញុំ​នោះ​ត្រូវបាន​គាំទ្រ​ឲ្យ​ធ្វើ​ជា​ប្រធាន​សមាគម​សង្គ្រោះ​ថ្មី​របស់​ស្តេក ។ ក្មេង​ស្រី​តូច​ដែល​នាង​បាន​ស្វាគមន៍​នៅ​ផ្លូវ​ចូល​ក្នុង​សាលាប្រជុំ​នោះ បាន​ងាក​ក្រោយ ហើយ​សម្លឹង​មើល​មិត្ត​ខ្ញុំ ដែល​ជា​គ្រូ​របស់​នាង ។ ក្មេងស្រី​គួរ​ឲ្យ​ស្រឡាញ់​នោះ​បាន​ដឹង​ថា គ្រូបង្រៀន​របស់​នាង​នឹង​ត្រូវ​បាន​ដោះលែង ហើយ​នាង​បាន​ចាប់ផ្ដើម​យំ ។ នាង​បាន​រត់​ទៅ​ចុងម្ខាង​ទៀត​នៃ​កៅអី​វែង ហើយ​បាន​កើយ​ស្មា​ម្ដាយ​របស់​នាង ! ខ្ញុំ​បាន​មើល​ទៅ​មិត្ត​ខ្ញុំ ដែល​ជា​ប្រធាន​សមាគម​សង្គ្រោះ​ថ្មី​របស់​ស្តេក ហើយ​ខ្ញុំ​បាន​ឃើញ​នាង​ក៏​ស្រក់​ទឹកភ្នែក​ដែរ ! សក្ខីបទ​នៃ​ក្ដីស្រឡាញ់​នោះ​មាន​អំណាច​ខ្លាំង​មក​លើ​រូប​ខ្ញុំ ។ ទឹកភ្នែក​ខ្ញុំ​ក៏​បាន​ស្រក់​មក​ដែរ ។ ខ្ញុំ​បាន​ឃើញ​អំណោយទាន​នៃ​ក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ ដែល​ចេញ​ពី​ព្រះអង្គសង្គ្រោះ​ទៅ​ដល់​ពួក​អ្នក​ដើរតាម​ដ៏​ពិត​របស់​ទ្រង់ នៅ​ពេល​ពួកគេ​បម្រើ​ក្នុង​នគរ​របស់​ទ្រង់ ។

មរមន​បាន​បង្រៀន​យើង​នៅ​ក្នុង​មរ៉ូណៃ​ជំពូក ៧ ដូចនេះ ៖

« ហេតុដូច្នោះ​ហើយ ឱ បងប្អូន​ដ៏​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ បើសិន​ជា​អ្នករាល់​គ្នា​គ្មាន​សេចក្ដី​សប្បុរស​ទេ នោះ​អ្នករាល់​គ្នា​គ្មាន​ជា​អ្វី​ទាំងអស់ ដ្បិត​សេចក្ដី​សប្បុរស​ពុំ​បាត់បង់​ទៅ​ឡើយ ។ ហេតុដូច្នោះហើយ ចូរ​តោង​ជាប់​សេចក្ដី​សប្បុរស​ដែល​ជា​សេចក្ដី​ដ៏​មហិមា​បំផុត ដ្បិត​អ្វី​ផ្សេងៗទៀត​នឹង​ត្រូវ​ខូចបង់—

« ប៉ុន្តែ សេចក្ដី​សប្បុរស គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ ហើយ​ស្ថិតស្ថេរ​នៅ​ជានិច្ច » ។

ប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​ម្នាក់ៗ​នឹង​ប្រព្រឹត្ត​ដោយ​ក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ប្រែចិត្ត​ពី​អំពើបាប ហើយ​បម្រើ​ទ្រង់​ដោយ​អស់​ពី​ចិត្ត ។ ខ្ញុំ​ដឹង​ថា បើ​យើង​ធ្វើ​ដូចនេះ ប្រាកដ​ណាស់ យើង​នឹង​ក្លាយ​ជា​អ្នក​ដើរតាម​ទ្រង់​ដ៏​ពិត ។ ហើយ​បើ​យើង « អធិស្ឋាន​ដល់​ព្រះវរបិតា​ដោយ​អស់​ពី​កម្លាំង​ចិត្ត​ដើម្បី​ឲ្យ [ យើង ] បាន​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ [ របស់​ទ្រង់ ] » នោះ​ខ្ញុំ​ដឹង​ថា យើង​នឹង​មាន​ក្ដីជំនឿ​កាន់តែ​រឹងមាំ ក្ដីសង្ឃឹម​កាន់តែ​ខ្លាំង ហើយ​ទទួល​អារម្មណ៍​ក្ដីស្រឡាញ់​កាន់តែ​អស្ចារ្យ—ជា​ក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។