អ្នកជាយ៉ូសែប
ល្ងាចមួយជាមួយនឹងអែលឌើរ ឃីម ប៊ី ក្លាក
ការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យទូទាំងពិភពលោក • ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៧ • រោងឧបោសថ សលត៍ លេក
ប្អូនៗប្រុសស្រីជាទីស្រឡាញ់ ខ្ញុំមានអំណរគុណដែលមានវត្តមានជាមួយប្អូនៗនាល្ងាចនេះ ។ ខ្ញុំទទួលអារម្មណ៍នៃក្ដីស្រឡាញ់ធំធេងសម្រាប់ប្អូនៗ ។ រាល់ពេលដែលខ្ញុំមានវត្តមានជាមួយពួកយុវមជ្ឈិមវ័យនៃសាសនាចក្រនេះ ខ្ញុំទទួលអារម្មណ៍នៃក្ដីស្រឡាញ់ និង អំណរ !
ខ្ញុំអញ្ជើញប្អូនៗឲ្យផ្ដោតអារម្មណ៍ជាមួយខ្ញុំនាល្ងាចនេះ ទៅលើអ្វីដែលខ្ញុំសង្ឃឹម ថានឹងក្លាយជាដំណើរនៃការរកឃើញ ក្ដីជំនឿ និង ការបំផុសគំនិត ។ ខ្ញុំចង់នាំប្អូនៗត្រឡប់ទៅជំនាន់ដំបូងនៃការស្ដារឡើងវិញ ជាពេលដែល យ៉ូសែប ស៊្មីធ នៅជាយុវមជ្ឈិមវ័យ ។ ខ្ញុំអញ្ជើញប្អូនៗឲ្យរួមដំណើរដែលខ្ញុំបានមាន ។ ខ្ញុំបានចំណាយពេលស្ទើរតែមួយជីវិតដើម្បីសិក្សា ហើយបង្រៀនអំពីថ្នាក់ដឹកនាំ និង អង្គការដែលពួកលោកបានដឹកនាំ ។ ខ្ញុំមានពរដែលបានស្គាល់ថ្នាក់ដឹកនាំដ៏ឆ្នើមៗ ហើយបានធ្វើការជាមួយអង្គការដ៏អស្ចារ្យ ដែលមនុស្សបានបង្កើតពាសពេញផែនដី ។ ប៉ុន្តែដំណើរត្រឡប់ទៅរកបទពិសោធន៍ដំបូងៗរបស់ យ៉ូសែបនៅក្នុងការស្ដារឡើងវិញ បានធ្វើឲ្យខ្ញុំជឿថា ប្អូនៗ និង ខ្ញុំគឺជាចំណែកនៃអង្គការដ៏គួរឲ្យចាប់អារម្មណ៍បំផុតលើផ្ទៃផែនដី ដែលជាសាសនាចក្រពិត ហើយសកម្មរបស់ព្រះអម្ចាស់ ។
ខ្ញុំចង់នាំប្អូនៗត្រឡប់ទៅជំនាន់ដែល យ៉ូសែប បានរស់នៅជាគ្រាដែលលោកបានសង្ស័យ ហើយមានការលំបាក ។ នោះគឺជាគ្រាដែលលោកបានដឹងថាខ្លួនលោកជានរណា ហើយព្រះអម្ចាស់ជានរណា និងរបៀបដែលព្រះអម្ចាស់ធ្វើការជាមួយលោក ។
នឹងមានពេលមួយដែល យ៉ូសែប ក្លាយជាព្យាការីដ៏អស្ចារ្យនៃការស្ដារឡើងវិញ ជាពេលដែលលោកបានបន្ទោសដល់ឆ្មាំយាមគុករិចម៉ន្ត ដោយប្រើអំណាចដែលធ្វើឲ្យពួកគេញ័រ ជាពេលដែលលោកស្ថាបនាសាសនាចក្រ ធ្វើអព្ភូតហេតុដ៏អស្ចារ្យ ប្រកាសដំណឹងល្អដោយប្រាជ្ញាមោះមុត ស្ថាបនាទីក្រុង និង ព្រះវិហារបរិសុទ្ធ ហើយដាក់គ្រឹះសម្រាប់ការប្រមូលផ្ដុំសាសន៍អ៊ីស្រាអែល និង កិច្ចការនៃសេចក្ដីសង្គ្រោះនៅទាំងសងខាងវាំងនន ។ ប៉ុន្តែខ្ញុំចង់ឲ្យប្អូនៗទៅរកជំនាន់ពីមុននោះទៀត ជាគ្រាដែល យ៉ូសែប មិនទាន់ក្លាយជាអ្នកដឹកនាំនៅឡើយ ។ ខ្ញុំចង់ត្រឡប់ទៅជំនាន់ទាំងនោះវិញ ព្រោះជំនាន់ដែល យ៉ូសែបរស់នៅនោះ គឺដូចជំនាន់របស់ប្អូនៗពេលបច្ចុប្បន្នដែរ ។ ខ្ញុំជឿថា មានមេរៀនសំខាន់ៗជាច្រើនសម្រាប់ប្អូនៗដើម្បីរៀនអំពីព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងព្យាការីទ្រង់គឺយ៉ូសែប ស៊្មីធ មកពីជំនាន់កាល យ៉ូសែប នៅជាយុវមជ្ឈិមវ័យនៅឡើយ ។ ខ្ញុំដឹងថា ពេលប្អូនៗស្ដាប់នាល្ងាចនេះដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ នោះក្ដីស្រឡាញ់របស់ប្អូនៗចំពោះព្រះអម្ចាស់ ព្រមទាំងក្ដីជំនឿលើទ្រង់ និងព្រះវរបិតាសួគ៌ នឹងកើនឡើង ហើយសាក្សីរបស់ប្អូនៗអំពីការស្ដារឡើងវិញ និង អំពីព្យាការី យ៉ូសែប ស៊្មីធ នឹងកាន់តែរឹងមាំ ។
ប្រវត្តិ
ខ្ញុំចាប់ផ្ដើមប្រវត្តិជាមួយនឹងផ្ទាំងមាស ។ យ៉ូសែប ស៊្មីធ អាយុ ២១ឆ្នាំ បានទទួលផ្ទាំងទាំងនោះពីទេវតាមរ៉ូណៃនៅក្នុងខែ កញ្ញា ឆ្នាំ ១៨២៧ មានមកជាមួយត្បូងពីរដុំនៅក្នុងស៊ុមប្រាក់ ដែលពួកសាសន៍នីហ្វៃបានហៅថា ប្រដាប់បកប្រែ ឬយូរីម និង ធូមីម ។១ កាលផុតសរទរដូវនោះទៅ យ៉ូសែប និង ភរិយាលោកគឺ អិមម៉ា បានផ្លាស់ទីលំនៅទៅ ភូមិហារម៉ូនី រដ្ឋផែនសីលវេញ៉ា ដែលជាភូមិកំណើតរបស់អិមម៉ា ដោយសារតែមានសេចក្ដីបៀតបៀនខ្លាំងនៅភូមិប៉ាលម៉ៃរ៉ា នូវ យ៉ោក ។២
នៅភូមិហារម៉ូនី យ៉ូសែប បានចម្លងតួអក្សរទាំងឡាយចេញពីផ្ទាំង ហើយសិក្សាតួអក្សរទាំងនោះ ។ លោកបានសុំឲ្យមិត្តលោកគឺ ម៉ាទីន ហារីស ស្វែងរកនរណាម្នាក់មកបកប្រែផ្ទាំងទាំងនោះ ប៉ុន្តែ ម៉ាទីន រកមិនបានឡើយ ។៣
ក្នុងខែ កុម្ភៈ ឆ្នាំ ១៨២៨ យ៉ូសែប បានដឹងយ៉ាងច្បាស់ថា លោកនឹងត្រូវបកប្រែបញ្ជីប្រវត្តិនោះដោយខ្លួនលោក ដោយមានជំនួយពីប្រដាប់បកប្រែ ។៤ ពេលមកដល់ យ៉ូសែប បានរៀនបកប្រែបញ្ជីប្រវត្តិ « ដោយអំណោយទាន និង ដោយព្រះចេស្ដានៃព្រះ » ។៥
អិមម៉ា ដែលកំពុងពរពោះកូនដំបូង បានធ្វើជាអ្នកសរសេរឲ្យ យ៉ូសែប ។ នាង និង យ៉ូសែប បានបកប្រែបញ្ជីប្រវត្តិរហូតដល់ខែមេសា ឆ្នាំ ១៨២៨ ជាខែដែល ម៉ាទីន ហារីស បានមកដល់ ភូមិហារម៉ូនី ដើម្បីធ្វើជាអ្នកសរសេរឲ្យ យ៉ូសែប ។
ត្រឹមខែមិថុនា យ៉ូសែប បានបញ្ចប់ការបកប្រែផ្នែកទីមួយនៃបញ្ជីប្រវត្តិ រួមទាំងបញ្ជីដែលលោកហៅថាគម្ពីរលីហៃ ។ ម៉ាទីន ហារីស ចង់យកច្បាប់សរសេរដៃទៅ នូវ យ៉ោក ដើម្បីបង្ហាញដល់ភរិយា និង គ្រួសារគាត់យ៉ាងខ្លាំង ។ យ៉ូសែប បានទូលសូមការអនុញ្ញាតពីព្រះអម្ចាស់ពីរលើក ប៉ុន្តែរាល់លើកព្រះអម្ចាស់មានបន្ទូលថា ទេ ។ ម៉ាទីន នៅតែទទូចចង់បាន ហើយ យ៉ូសែប បានទូលសូមដល់ព្រះអម្ចាស់ជាលើកទីបី ។ លើកនេះ ព្រះអម្ចាស់បានប្រទានការអនុញ្ញាតក្រោមលក្ខខណ្ឌថា ម៉ាទីន ហារីស ត្រូវសន្យាថានឹងបង្ហាញច្បាប់សរសេរដៃតែដល់ភរិយាគាត់ និង មនុស្សដទៃពីរបីនាក់ប៉ុណ្ណោះ ។ ដោយចិត្តរីករាយ ម៉ាទីន បានចេញទៅ ភូមិប៉ាល់ម៉ៃរ៉ា ទាំងមានច្បាប់សរសេរដៃផង ។
ប៉ុន្តែ យ៉ូសែប នៅតែបារម្ភ ។ អំឡុងពេលនេះ ទេវតាមរ៉ូណៃបានយាងមកជួប យ៉ូសែប ហើយបានវាយផ្ចាលលោកដែលបានទូលសូមច្រើនដង ដើម្បីអនុញ្ញាតឲ្យ ម៉ាទីន យកច្បាប់សរសេរដៃនោះទៅ ។ យ៉ូសែបត្រូវប្រគល់ប្រដាប់បកប្រែ និង ផ្ទាំងទៅឲ្យមរ៉ូណៃវិញ ។៦
ការបារម្ភនោះមិនគ្រប់គ្រាន់នៅឡើយទេ អិមម៉ា បង្កើតបានកូនប្រុសមួយ ប៉ុន្តែទារកនោះបានស្លាប់ ។ អិមម៉ាស្ទើរតែមិនអាចរស់រានមានជីវិតផង ហើយ យ៉ូសែបបានចំណាយពេលមើលថែនាងយ៉ាងជាប់លាប់ពីរសប្ដាហ៍ ។ ពេលនាងចាប់ផ្ដើមធូរស្បើយ អិមម៉ាបានជំរុញឲ្យ យ៉ូសែប សួរដំណឹងថាមានរឿងអ្វីកើតឡើងចំពោះ ម៉ាទីន និង ច្បាប់សរសេរដៃនោះ ។
នៅថ្ងៃដែលយ៉ូសែបបានត្រឡប់ទៅប៉ាលម៉ៃរ៉ាវិញ ម៉ាទីន ហារីស បានប្រាប់យ៉ូសែបទាំងភ័យថា—ច្បាប់សរសេរដៃនោះបានបាត់ហើយ ។ ម្ដាយរបស់យ៉ូសែបបានពិពណ៌នាទិដ្ឋភាពនោះដូចនេះ ៖
« យ៉ូសែប … បានក្រោកចេញពីតុ ស្រែកថា ‹ ម៉ាទីន លោកបានធ្វើឲ្យបាត់ច្បាប់សរសេរដៃនោះឬ ? …›
ម៉ាទីនបន្លឺតបថា « ‹ បាទ វាបានបាត់ហើយ ហើយខ្ញុំពុំដឹងថាវានៅឯណាទេ › ។
យ៉ូសែបបានពោលទាំងក្ដាប់ដៃថា « ‹ ឱ … ! ‹ បាត់អស់ហើយ! បាត់អស់ហីយ ! › តើខ្ញុំធ្វើដូចម្ដេចទៅ ? ខ្ញុំបានធ្វើបាបហើយ ។ … ខ្ញុំគួរតែបានស្កប់ចិត្តនឹងចម្លើយដំបូង ដែលព្រះអម្ចាស់បានប្រទានឲ្យ … › ។ គាត់បានយំ ហើយថ្ងូរ ហើយបានបន្តដើរទៅមុខ ។…
‹ …តើខ្ញុំសមនឹងការបន្ទោសមកពីទេវតានៃព្រះដ៏ខ្ពស់បំផុតយ៉ាងណា ? ›
« … តើខ្ញុំអាចថ្លែងពាក្យអ្វីដើម្បីលួមលោមចិត្តគាត់ កាលគាត់ឃើញក្រុមគ្រួសារទាំងមូលមានស្ថានភាពដូចរូបគាត់ដែរ ដ្បិតនៅក្នុងផ្ទះពេញទៅដោយការយំ និង ការស្រែកថ្ងូរ ព្រមទាំងការទួញសោកដ៏ល្វីងជូរចត់ ។ … ហើយគាត់បន្តដើរចុះឡើងទាំងយំ ហើយទួញសោកផង រហូតដល់ថ្ងៃហៀបនឹងលិច កាលពួកយើងលួងលោមគាត់ គាត់ក៏បានបរិភោគអាហារបន្តិចបន្តួច ។
« នៅព្រឹកឡើង [ គាត់ ] បានត្រឡប់ទៅផ្ទះវិញ ។ យើងបានចេញទៅទាំងចិត្តសោកសៅ ដ្បិតឥឡូវនេះ អ្វីដែលយើងប្រាថ្នាចង់បាន … បានរលាយអស់ទៅហើយ » ។៧
ការធ្វើដំណើរត្រឡប់ទៅភូមិហារម៉ូនីវិញរយៈពេលបួនថ្ងៃ ច្បាស់ជាលំបាកសម្រាប់យ៉ូសែប ។ លោកបានបារម្ភអំពីអិមម៉ា ហើយលោកពុំទាន់បានរំសាយភាពសោកសៅចំពោះការស្លាប់កូនដំបូងរបស់លោកនៅឡើយ ។ លោកបានធ្វើឲ្យបាត់ច្បាប់សរសេរដៃ ហើយពុំមានផ្ទាំង ឬ ប្រដាប់បកប្រែទៀតឡើយ ។ វាជាការធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយ ។
យ៉ូសែបបានធ្វើការសម្រេចចិត្តដើម្បីងាកទៅរកព្រះអម្ចាស់ ។៨ លោកបានពិពណ៌នាលើហេតុការណ៍ដែលបានកើតឡើងតាមរបៀបនេះ បន្ទាប់ពីលោកបានត្រឡប់មកដល់ភូមិហារម៉ូនីវិញ ៖
« មិនយូរប៉ុន្មានបន្ទាប់ពីខ្ញុំបានមកដល់ ខ្ញុំបានចាប់ផ្ដើមបន្ទាបខ្លួនអធិស្ឋានទៅកាន់ព្រះអម្ចាស់ ហើយ … ខ្ញុំ [ បានស្លុង ] ព្រលឹងទៅក្នុងការទូលអង្វរដល់ព្រះថា តើខ្ញុំអាចបានព្រះគុណពីព្រះហស្តទ្រង់ ហើយបានអត់ទោសពីអំពើបាបដែលខ្ញុំបានធ្វើ ដែលប្រឆាំងនឹងព្រះឆន្ទៈទ្រង់ឬទេ » ។៩
« ខ្ញុំបានដើរបានឆ្ងាយបន្តិច កាល … សារទូតសួគ៌ាដែលឆ្លាប់យាងមកជួបខ្ញុំនោះបានយាងមកម្ដងទៀត ហើយបានប្រទាន យូរីម និង ធូមីម [ ប្រដាប់បកប្រែ ] មកឲ្យខ្ញុំវិញ ។ … ខ្ញុំបានទូលសួរព្រះអម្ចាស់តាមរយៈត្បូងទាំងនោះ ហើយបានទទួលវិវរណៈដូចខាងក្រោម » ។១០
វិវរណៈដែលយ៉ូសែបបានទទួល ត្រូវបានកត់ត្រាទុកនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញាកណ្ឌទី ៣ ។ វិវរណៈនោះគឺជាការបន្ទោសដ៏ធ្ងន់ធ្ងរ និង ជាការហៅឲ្យប្រែចិត្តបន្ថែមទៀតដោយមានការសន្យាមួយ ។ ការបន្ទោសទីមួយ ៖
« ហើយមើលចុះ អ្នកតែងតែរំលងព្រះបញ្ញត្តិ និង ក្រឹត្យវិន័យទាំងឡាយនៃព្រះ ហើយបានទៅតាមការបញ្ចុះបញ្ចូលទាំងឡាយនៃមនុស្សលោក ។
« ដ្បិតមើលចុះ អ្នកមិនត្រូវខ្លាចមនុស្សជាងព្រះឡើយ ។ ទោះជាមនុស្សលោកចាត់ដំបូន្មានទាំងឡាយនៃព្រះទុកជាគ្មានតម្លៃ ហើយមើលងាយព្រះបន្ទូលទាំងឡាយនៃទ្រង់ក៏ដោយ—
« ប៉ុន្តែអ្នកគួរតែមានចិត្តស្មោះត្រង់ នោះទ្រង់ក៏នឹងសន្ធឹងព្រះពាហុរបស់ទ្រង់ ហើយទ្រទ្រង់អ្នកពីអស់ទាំងព្រួញភ្លើងរបស់មារសត្រូវ ហើយទ្រង់ក៏នឹងគង់នៅជាមួយអ្នកគ្រប់ពេលវេលាមានការខ្វល់ខ្វាយដែរ » ។១១
យ៉ូសែបត្រូវបានជំរុញចិត្តដោយការបញ្ចុះបញ្ចូលនៃមនុស្សលោក ហើយខ្លាចមនុស្ស កាលលោកបានទូលសូមការអនុញ្ញាតពីព្រះអម្ចាស់ ដើម្បីប្រគល់ច្បាប់សរសេរដៃទៅឲ្យ ម៉ាទីន ហារីស ។ យ៉ូសែបបានចាប់ផ្ដើមប្រែចិត្ត ប៉ុន្តែព្រះអម្ចាស់បានបង្រៀនថា លោកមានរឿងច្រើនទៀតត្រូវធ្វើ ៖
« មើលចុះ អ្នកជាយ៉ូសែប ហើយអ្នកត្រូវបានរើសឲ្យធ្វើកិច្ចការនៃព្រះអម្ចាស់ ប៉ុន្តែមកពីការរំលង បើសិនជាអ្នកមិនប្រយ័ត្នប្រយែង នោះអ្នកនឹងធ្លាក់ ។
« ប៉ុន្តែចូរចាំចុះថា ព្រះទ្រង់ប្រកបដោយសេចក្ដីមេត្តាករុណា ហេតុដូច្នេះហើយ ចូរប្រែចិត្តពីអ្វីដែលអ្នកបានធ្វើដែលផ្ទុយទៅនឹងបញ្ញត្តិ ដែលយើងបានឲ្យដល់អ្នកចុះ ហើយអ្នកក៏នឹងនៅជាអ្នកជម្រើសដដែល ហើយអ្នកត្រូវបានហៅឲ្យធ្វើកិច្ចការម្ដងទៀត » ។១២
ទេវតាមរ៉ូណៃបានតម្រូវយ៉ូសែបឲ្យប្រគល់ប្រដាប់បកប្រែ និង ផ្ទាំងទៅវិញ ប៉ុន្តែទ្រង់បានសន្យាថា « បើអ្នកបន្ទាបខ្លួន ហើយសោកស្ដាយនឹងទង្វើខ្លួនបានប្រព្រឹត្ត អ្នកអាចនឹងទទួលបានរបស់ទាំងនេះម្ដងទៀត ។១៣ យ៉ូសែបបានបន្តប្រែចិត្ត ហើយមិនយូរប៉ុន្មានក្រោយមក លោកបានទទួលផ្ទាំង និង ប្រដាប់បកប្រែពីទេវតាមរ៉ូណៃវិញ ។១៤
ក្រោយមកដោយបារម្ភពីដំណើរការបកប្រែយឺតអំឡុងរដូវរងាឆ្នាំ ១៨២៩ យ៉ូសែបបានទូលសូមព្រះអម្ចាស់ឲ្យបញ្ជូនអ្នកសរសេរឲ្យលោក ។១៥ ក្នុងខែ មេសា ព្រះអម្ចាស់បានបញ្ជូន អូលីវើរ ខៅឌើរី ឲ្យទៅភូមិហារម៉ូនី ដើម្បីបម្រើជាអ្នកសរសេរឲ្យយ៉ូសែប បន្ទាប់ពីអូលីវើរបានប្រែចិត្តជឿដ៏ខ្លាំង ។១៦
នៅពេលអូលីវើរមកដល់ ដំណើរការបកប្រែបានឆ្ពោះទៅមុខក្នុងល្បឿនមួយគួរឲ្យកត់សម្គាល់ ។
ការបកប្រែព្រះគម្ពីរមរមនបានពេញដោយអព្ភូតហេតុ និង ពរជ័យសម្រាប់យ៉ូសែប ។
យ៉ាងណាក្ដី សំណួរអំពីតើត្រូវធ្វើដូចម្ដេចចំពោះគម្ពីរលីហៃ ពិតជាធ្វើឲ្យលោកអំពល់ចិត្តណាស់ ។ បើគ្មានបញ្ជីប្រវត្តិលីហៃទេ នោះនឹងគ្មានដំណើររឿងនៃក្រុមគ្រួសារលីហៃ ការធ្វើដំណើរទៅដែនដីសន្យា ឬ ដើមកំណើតនៃពួកសាសន៍នីហ្វៃ និង លេមិនឡើយ ។
ក្នុងខែ ឧសភា ឆ្នាំ ១៨២៩ ព្រះអម្ចាស់បានត្រាស់សម្ដែងផែនការមួយដល់យ៉ូសែប ដែលបានចំណាយពេលរាប់សតវត្សរ៍ដើម្បីបង្កើតឡើង ដើម្បីដាក់ជំនួយឲ្យគម្ពីរលីហៃ ដែលឥឡូវនេះយើងស្គាល់ថា ផ្ទាំងតូចនៃនីហ្វៃ ។ ផ្ទាំងទាំងនេះមាននូវសេចក្ដីសង្ខេបនៃគម្ពីរលីហៃ និង ការព្យាករ ព្រមទាំងការបង្រៀននានារបស់នីហ្វៃ និង ព្យាការីឯទៀតៗ ។ ការសរសេរទាំងនេះមាននៅក្នុងព្រះគម្ពីរមរមនចាប់ពី នីហ្វៃទី១ ដល់ ពាក្យសម្ដីនៃមរមន ដែលត្រូវបានបំផុសគំនិតដោយព្រះអម្ចាស់ ហើយបានរក្សាទុករាប់ពាន់ឆ្នាំ ហើយត្រូវបានបញ្ចូលទៅក្នុងបញ្ជីប្រវត្តិដោយមរមនក្រោមការដឹកនាំរបស់ព្រះអម្ចាស់ ។១៧
យ៉ូសែប និង អូលីវើរ ពុំបានបកប្រែគម្ពីរលីហៃឡើយ ។ ព្រះអម្ចាស់បានព្រមានយ៉ូសែបថា មនុស្សអាក្រក់បានកែប្រែច្បាប់សរសេរដៃដើម ហើយសរសេរបង្ខូចដើម្បីបង្អាក់ដល់កិច្ចការរបស់ព្រះអម្ចាស់ ។ យ៉ូសែបបានបកប្រែផ្ទាំងតូចនៃនីហ្វៃ ហើយបានដាក់ការបកប្រែនោះនៅដើមព្រះគម្ពីរមរមន ។
ការបកប្រែព្រះគម្ពីរមរមនបាននាំឲ្យមានបទពិសោធន៍គួរឲ្យស្ញប់ស្ញែង ។ បព្វជិតភាពត្រូវបានស្ដារឡើងវិញ ហើយ យ៉ូសែប និង អូលីវើរ បានទទួលបុណ្យជ្រមុជទឹក និងអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ។១៨ សាក្សីទាំងដប់មួយរូបបានឃើញផ្ទាំង ហើយបានថ្លែងទីបន្ទាល់អំពីភាពពិតនៃផ្ទាំងនោះ ។
ព្រះគម្ពីរមរមនត្រូវបានបោះពុម្ពក្នុងឆ្នាំ ១៨៣០ ដោយមានទាំងទីបន្ទាល់នៃសាក្សីទាំងដប់មួយរូបផងដែរ ។ ម៉ាទីន ហារីស ដែលជាសាក្សីមួយរូបក្នុងចំណោមសាក្សីទាំងនោះ បានដាក់បញ្ចាំកសិដ្ឋានរបស់គាត់ដើម្បីបង់ថ្លៃការបោះពុម្ព ។
ខ្ញុំមានរតនសម្បត្តិចំនួនពីរនៅជាមួយខ្ញុំចេញពីការជ្រើសរើសជាប្រវត្តិសាស្ត្រនៃសាសនាចក្រ ដែលខ្ញុំចង់បង្ហាញដល់ប្អូនៗ ។ ទំព័រទីមួយនៃច្បាប់សរសេរដៃដើមនៃព្រះគម្ពីរមរមន ។ ទំព័រនេះមាននូវការបកប្រែជាភាសាអង់គ្លេសនៃ នីហ្វៃទី១ ៣:៧ ៖
« ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗ ដែលព្រះអម្ចាស់ទ្រង់បានបញ្ជា ដ្បិតខ្ញុំដឹងថា ព្រះអម្ចាស់ទ្រង់មិនចេញបញ្ជាដល់កូនចៅមនុស្សណាឡើយ លើកលែងតែ ទ្រង់នឹងរៀបចំផ្លូវ ដើម្បីឲ្យគេអាចសម្រេចនូវអ្វីៗ ដែលទ្រង់បានបញ្ជាដល់ពួកគេទុកជាមុនសិន » ។
រតនសម្បត្តិទីពីរ គឺជាព្រះគម្ពីរមរមនដែលបានបោះពុម្ពលើកដំបូងបង្អស់ ។
អ្វីដែលយ៉ូសែបបានទទួលតាមរយៈវិវរណៈត្រូវបានបោះពុម្ពនៅភូមិប៉ាល់ម៉ៃរ៉ា ហើយមាននៅក្នុងព្រះគម្ពីរមរមនច្បាប់នេះ ។ ប្រវត្តិដែលខ្ញុំតំណាលអំពី យ៉ូសែប កាលនៅជាយុវមជ្ឈិមវ័យអំពី អិមម៉ា ម៉ាទីន ហារីស អូលីវើរ ខៅឌើរី ទេវតាមរ៉ូណៃ និង ព្រះគម្ពីរមរមនគឺជាការពិត ។
អត្ថន័យនៃប្រវត្តិនេះមានចំពោះប្អូនៗ
ខ្ញុំអញ្ជើញប្អូនៗប្រុសស្រីជាទីស្រឡាញ់ ឲ្យមើលបទពិសោធន៍របស់ខ្លួននៅក្នុងចំណេះដឹងនៃប្រវត្តិនេះ ។ ព្រះអម្ចាស់រៀបចំប្អូនៗ ហើយបង្រៀនប្អូនៗ ដូចទ្រង់បានបង្រៀនយ៉ូសែប កាលលោកនៅជាយុវមជ្ឈិមវ័យដែរ ។ ទាំងនេះគឺជាមេរៀនដ៏សំខាន់សម្រាប់ប្អូនៗ នៅក្នុងបទពិសោធន៍របស់យ៉ូសែប ។ ល្ងាចនេះ ខ្ញុំចង់ផ្ដោតសំខាន់លើចំណុចបីយ៉ាង ៖ ក្ដីជំនឿ និង ការទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត និង អំណាចខាងវិញ្ញាណនៃព្រះគម្ពីរមរមន ។
មេរៀនទី១ ៖ ក្ដីជំនឿ និង ការទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំចាប់ផ្ដើមពីមេរៀនទី១ ៖ ក្ដីជំនឿ និង ការទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំចង់ឲ្យប្អូនៗគិតមួយភ្លែតអំពីស្ថានភាពរបស់យ៉ូសែប កាល ម៉ាទីន ហារីស បានសុំយ៉ូសែបឲ្យទូលសូមជាលើកទីបី ។ ព្រះអម្ចាស់បានមានបន្ទូលថាទេពីរដងមកហើយ ។ សំណើលើកទីបីរបស់ម៉ាទីន បានធ្វើឲ្យយ៉ូសែបអល់អែក ។ នោះគឺជាការសាកល្បងដល់ក្ដីជំនឿរបស់លោក ។
សូមគិតពីការណ៍នេះ ។ ម្យ៉ាងទៀត យ៉ូសែប មានក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌ ហើយត្រូវបានប្រទានពរឲ្យមានបទពិសោធន៍អស្ចារ្យជាច្រើនខាងវិញ្ញាណ ។ លោកបានឃើញ ហើយបានទូលជាមួយព្រះវរបិតា និង ព្រះរាជបុត្រា ។ លោកបានជួបជាមួយទេវតាមរ៉ូណៃ និង ព្យាការីជាច្រើន ។ លោកទើបតែបានមានបទពិសោធន៍នៃការបកប្រែគម្ពីរលីហៃដ៏អស្ចារ្យ ដោយប្រើប្រដាប់បកប្រែ និង ត្បូងមើលឆុតរបស់លោក ។១៩
ផ្ទុយទៅវិញ យ៉ូសែបមានអាយុ ២២ឆ្នាំ ហើយមានការបារម្ភ ។ លោកមានភរិយាដ៏ស្រស់ស្អាត ដែលបានពរពោះកូនដំបូងរបស់ពួកលោក ។ លោកគ្មានប្រាក់ គ្មានការចំណេះដឹង ហើយគ្មានមុខរបរដើម្បីចិញ្ចឹមគ្រួសារឡើយ ។ លោកត្រូវបានហ៊ុមព័ទ្ធទៅដោយជនដែលមិនជឿ និង អ្នកបៀតបៀន ហើយមានមិត្តតែប៉ុន្មាននាក់ប៉ុណ្ណោះ ។ លោកគ្មានអ្នកប្រឹក្សាដែលអាចពឹងពាក់បាន គ្មានក្រុមប្រឹក្សាភិបាលនាយក និង គ្មានធនាគាររិកដើម្បីធ្វើហិរញ្ញប្បទាន ហើយផ្ដល់ការប្រឹក្សាឡើយ ។ លោកបានដឹងថា លោកត្រូវយកបញ្ជីប្រវត្តិទៅបោះពុម្ព ប៉ុន្តែលោកមិនដឹងថាយកប្រាក់មកពីណាទេ បើ ម៉ាទីន ហារីស បោះបង់លោកចោលនោះ ។ ជីវិតរបស់លោកពេញទៅដោយភាពសង្ស័យ ។
ទោះជាលោកមានបទពិសោធន៍ខាងវិញ្ញាណដ៏សម្បូរបែបក្ដី យ៉ូសែប « ខ្លាចមនុស្សជាងព្រះ »២០ ហើយសម្រេចចិត្តទូលសូមជាលើកទីបី ដូច្នេះក៏បានធ្វើឲ្យព្រះអម្ចាស់មិនសព្វព្រះទ័យ ហើយបានឈានទៅដល់ព្រឹត្តិការណ៍ដែលធ្វើឲ្យបាត់ច្បាប់សរសេរដៃ ។ ប៉ុន្តែព្រះអម្ចាស់នៅតែមានក្ដីមេត្តាករុណាដល់យ៉ូសែប ។ ទ្រង់បានជួយយ៉ូសែបឲ្យប្រែចិត្តដោយប្រើក្ដីជំនឿដែលលោកមានស្រាប់ ហើយទ្រង់បានរៀបចំមធ្យោបាយដើម្បីដោះស្រាយបញ្ហានៃការបាត់បង់ច្បាប់សរសេរដៃ ។
ស្ថានភាពរបស់ប្អូនៗក៏ដូចនឹងស្ថានភាពរបស់យ៉ូសែបដែរ ។ ប្អូនៗគឺជាយុវមជ្ឈិមវ័យដែលមានការបារម្ភ និង ភាពសង្ស័យអំពីអាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារ ការអប់រំ និង ការងារ និងអំពីការស្វែងរកទីតាំងនៅក្នុងលោកិយ និង ក្នុងនគរព្រះ ។ អាចនឹងមានឧបសគ្ក និង បញ្ហាដទៃទៀតក្នុងជីវិតប្អូនៗ ។
ប្អូនៗមានធនធាន និង បទពិសោធន៍ខាងវិញ្ញាណស្រាប់ដូចយ៉ូសែបដែរ ។ ប្អូនៗបានទទួលអារម្មណ៍នៃព្រះវិញ្ញាណព្រះអម្ចាស់ក្នុងការអធិស្ឋាន ក្នុងបទគម្ពីរ និងក្នុងការបម្រើដល់មនុស្សដទៃ ។ ប្អូនៗមានបទពិសោធន៍នៃក្ដីស្រឡាញ់ ព្រះគុណ និង ព្រះចេស្ដារបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទក្នុងការប្រែចិត្ត ក្នុងពិធីសាក្រាម៉ង់ និង ក្នុងព្រះវិហារដ៏បរិសុទ្ធ ។
នៅពេលប្អូនៗជួបនឹងការសាកល្បង ប្រាកដណាស់ប្អូនៗនឹងជួបការសាកល្បង ចូរកុំឲ្យភាពភ័យខ្លាចមានឥទ្ធិពលលើប្អូន ឬ ពឹងផ្អែកលើការបញ្ចុះបញ្ចូលនៃមនុស្សឡើយ ។ ផ្ទុយទៅវិញ ខ្ញុំអញ្ជើញប្អូនៗឲ្យធ្វើកិច្ចការដែលព្រះអម្ចាស់បានជួយយ៉ូសែបឲ្យធ្វើ ។ ខ្ញុំសន្យាថា កិច្ចការទាំងនោះនឹងនាំយកអំណាចខាងវិញ្ញាណចូលក្នុងជីវិតប្អូនៗ ។
ទីមួយ ចូរប្រើបទពិសោធន៍ និង ធនធានខាងវិញ្ញាណដែលប្អូនៗមានស្រាប់ ដើម្បីបង្កើនក្ដីជំនឿ និង ការទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ។ ចូរពឹងផ្អែកលើពរជ័យខាងវិញ្ញាណដែលប្អូនៗធ្លាប់ទទួលអារម្មណ៍ ហើយបានដកពិសោធន៍សម្រាប់ភាពរឹងមាំ ដើម្បីឆ្ពោះទៅមុខដោយក្ដីជំនឿលើព្រះអង្គសង្គ្រោះ ។ ទ្រង់គឺជាពរជ័យសំខាន់ជាងអ្វីៗទាំងអស់ ។ ក្ដីស្រឡាញ់ទ្រង់មិនដែលផុតឡើយ ។ ទ្រង់នឹងគង់ជាមួយប្អូនៗគ្រប់ពេលដែលប្អូនៗមានទុក្ខព្រួយ ។
ទីពីរ ចូរសម្លឹងទៅមុខដោយភ្នែកនៃក្ដីជំនឿ ដើម្បីឃើញព្រះអង្គសង្គ្រោះធ្វើការក្នុងជីវិតប្អូនៗ ។ ចូរចាំអំពីរបៀបដែលទ្រង់បានរៀបចំ អូលីវើរ ខៅឌើរី ឲ្យធ្វើជាអ្នកសរសេរសម្រាប់យ៉ូសែប ហើយជួយលោកដោះស្រាយបញ្ហានៃការបាត់ ១១៦ទំព័រជាមួយនឹងផ្ទាំងតូចនៃនីហ្វៃ ។២១ ព្រះអម្ចាស់បានធ្វើការជាមួយជីវិតរបស់យ៉ូសែប ហើយទ្រង់ធ្វើការនៅក្នុងជីវិតរបស់ប្អូនៗដែរ ។ ប្អូនៗមានអត្តសញ្ញាណ និង គោលបំណងអស់កល្បមួយ ព្រមទាំងជោគវាសនាជាព្រះ ។ ព្រះអម្ចាស់កំពុងធ្វើការក្នុងជីវិតរបស់ប្អូនៗ ។ ទ្រង់យាងទៅពីមុខប្អូនៗ បើកទា្វរឲ្យប្អូនៗ រៀបចំមនុស្សដទៃឲ្យជួយប្អូនៗ ហើយរៀបចំផ្លូវសម្រាប់ប្អូនៗ ។
មេរៀន ទី២ ៖ ការប្រែចិត្ត
ឥឡូវនេះ ខ្ញុំបន្តទៅមេរៀន ទី២ ៖ ការប្រែចិត្ត ។
ចូរត្រឡប់ទៅខណៈពេលដែលយ៉ូសែប បានដឹងថា ច្បាប់សរសេរដៃបានបាត់ ។ យ៉ូសែបបានធ្វើបាបទាស់នឹងព្រះអម្ចាស់ ហើយបានរំលងព្រះបញ្ញត្តិទ្រង់ ។ លោកបានពុះពារលើកំហុស និង ទុក្ខព្រួយ ។ ប៉ុន្តែយ៉ូសែបបានងាកទៅរកព្រះអម្ចាស់ ហើយបានរកឃើញអព្ភូតហេតុនៃការអត់ទោស និង អំណរនៃការប្រោសលោះ ។
ព្រះអម្ចាស់បានជួយយ៉ូសែបឲ្យស្ថិតក្នុងបទដ្ឋានខ្ពស់បំផុត ដោយគ្មានការលើកលែងឡើយ ។ ទ្រង់បានប្រព្រឹត្តចំពោះយ៉ូសែបដូចជាព្យាការីដ៏អស្ចារ្យ ដែលទ្រង់សព្វព្រះទ័យឲ្យលោកក្លាយទៅជា ។ យ៉ូសែបបានខ្លាចមនុស្សជាងព្រះ ។ លោកបានទុកចិត្តលើការយល់ដឹងរបស់ខ្លួន មិនទុកចិត្តលើព្រះឡើយ ។ សម្រាប់យ៉ូសែប ការប្រែចិត្តមានអត្ថន័យធំធេងជាងការគ្រាន់តែពោលថា « ទូលបង្គំបានធ្វើកំហុស ។ សូមព្រះអង្គព្រះរាជទានទោស ទូលបង្គំបានធ្វើបាត់ច្បាប់សរសេរដៃហើយ » ។ យ៉ូសែបចាំបាច់ត្រូវយកឈ្នះលើឥរិយាបថ ភាពភ័យខ្លាច និង ទំនោរពីធម្មជាតិក្នុងជីវិតលោកដែលជាឫសគល់នៃអំពើបាបរបស់លោក ។ ហើយលោកចាំបាច់ត្រូវរីកចម្រើន ហើយរៀន ហើយផ្លាស់ប្ដូរពេញមួយជីវិត ។
យ៉ូសែបចាំបាច់ត្រូវផ្លាស់ប្ដូរដួងចិត្ត ដែលកើតឡើងតែតាមរយៈក្ដីមេត្តាករុណា ក្ដីស្រឡាញ់ និង ព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។ នោះជាអ្វីដែលយ៉ូសែបបានទទួលជាប្រាកដ ។ ព្រះអម្ចាស់ជ្រាបអំពីលក្ខណៈសម្បត្តិដ៏ថ្លៃថ្នូររបស់យ៉ូសែប ។ កាលទ្រង់មានបន្ទូលទៅយ៉ូសែបថា « អ្នកជាយ៉ូសែប ។ … ចូរប្រែចិត្ត … ហើយអ្នកក៏នឹងនៅជាអ្នកជម្រើសដដែល »២២ ប្អូនៗអាចឮបន្ទូលព្រះអង្គសង្គ្រោះជួយដល់យ៉ូសែបប្រកបដោយក្ដីស្រឡាញ់ និង ក្ដីមេត្តា្កករុណា ដែលទទូចឲ្យយ៉ូសែបផ្លាស់ប្ដូរ ។
ប្អូនៗក៏អាចឮព្រះអម្ចាស់បង្រៀនយ៉ូសែបថាលោកជានរណាដែរ ។ លោកអាចធំឡើងជាក្មេងប្រុសក្រីក្រ ក្មេងកសិករមិនបានរៀនសូត្រជ្រៅជ្រះ ប៉ុន្តែនោះមិនមែនជាអត្តសញ្ញាណពិតរបស់លោកទេ ។ លោកគឺជាយ៉ូសែបជាព្យាការី ជាអ្នកមើលឆុតដ៏ជម្រើស ដែលតាមរយៈលោក នោះព្រះយេស៊ូវគ្រីស្ទនឹងស្ដារភាពពេញលេញនៃដំណឹងល្អរបស់ទ្រង់លើផែនដីវិញ ។
ពេលព្រះអម្ចាស់ត្រាស់បង្គាប់ឲ្យយ៉ូសែបប្រែចិត្ត នោះជាការត្រាស់បង្គាប់ឲ្យលោកធ្វើការផ្លាស់ប្ដូរចាំបាច់ៗ ដើម្បីសម្រេចសក្ដានុពល ហើយក្លាយជាអត្តសញ្ញាណដ៏ពិតរបស់លោក តាមរយៈព្រះចេស្ដានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ព្រះអង្គសង្គ្រោះបានរងទុក្ខអ្វីគ្រប់យ៉ាងដែលយ៉ូសែបបានរងទុក្ខនោះស្រេចបាត់ហើយ ដែលជារឿងពិត ហើយលំបាកទ្រាំ និង ខ្វល់ខ្វាយ ។ ព្រះយេស៊ូវគ្រីស្ទបានប្រទានមធ្យោបាយដល់យ៉ូសែប ឲ្យបានការអត់ទោស និង ការប្រោសលោះ ។ អស់រយៈពេលច្រើនថ្ងៃ ច្រើនសប្ដាហ៍ និងច្រើនខែ ដែលយ៉ូសែបបានទូលសូមការអត់ទោស និង ព្រះចេស្ដានៃការប្រោសលោះពីទ្រង់ ហើយលោកបានទទួលមែន ។
ប្អូនៗប្រុសស្រី ព្រះអម្ចាស់ក៏បានបង្កើតបទដ្ឋានខ្ពស់បំផុតមួយសម្រាប់ប្អូនៗដែរ ដោយគ្មានការលើកលែងឡើយ ។ ទ្រង់ប្រព្រឹត្តចំពោះប្អូនៗដូចជាសិស្សដ៏ក្លាហាន និង ដ៏មានការអាណិតអាសូរ ដែលទ្រង់សព្វព្រះទ័យឲ្យប្អូនៗប្រែក្លាយ ។ ប៉ុន្តែទ្រង់ក៏ស្រឡាញ់ប្អូនៗ ដូចទ្រង់ស្រឡាញ់យ៉ូសែបដែរ ។ យើងទាំងអស់គ្នាធ្លាក់ម្ដងម្កាល ហើយយើងម្នាក់ៗត្រូវការពរជ័យនៃការប្រែចិត្ត ។
ដូចប្អូនៗបានឃើញក្នុងបទពិសោធន៍របស់យ៉ូសែប ការប្រែចិត្តមានអត្ថន័យលើសពីការទូលប្រាប់ព្រះអម្ចាស់ និង ប្រាប់ប៊ីស្សពរបស់អ្នកថា អ្នកបានប្រព្រឹត្តខុសទៅទៀត ។ ការប្រព្រឹត្តបាប គឺជាការបែរចេញពីព្រះអម្ចាស់ ។ ការប្រែចិត្ត គឺជាការត្រឡប់មករកទ្រង់វិញ ។ ការប្រែចិត្តតម្រូវឲ្យមានការផ្លាស់ប្ដូរដួងចិត្ត និង គំនិត ការផ្លាស់ប្ដូរជីវិតកែប្រែទៅតាមស្ថានភាពផ្ទាល់ខ្លួនរបស់ប្អូនៗ ។
លើសពីនេះ ការប្រែចិត្តផ្ដល់ពរដល់ប្អូនៗឥតឈប់ឈរ ។ នេះគឺជាមធ្យោបាយដែលព្រះអម្ចាស់ជួយយើង ឲ្យបានកាន់តែប្រសើរឡើងៗពេញមួយជីវិតយើង ។ នេះគឺជាមធ្យោបាយដែលប្អូនៗសម្រេចសក្ដានុពល ហើយប្រែក្លាយអត្តសញ្ញាណអស់កល្ប ជាបុត្រាបុត្រីនៃព្រះ និងជាអ្នកដើរតាមដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។
បងប្អូនប្រុសស្រីការសន្យានោះគឺពិត ។ ចូរបែរទៅរកព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្តពីអំពើបាប ហើយគោរពព្រះបញ្ញត្តិទ្រង់ ។ ទ្រង់មានក្ដីមេត្តាករុណាគ្មានទីបញ្ចប់២៣ ហើយដូចយ៉ូសែបបានបង្រៀនក្រោយមកថា « ព្រះវរបិតាសួគ៌យើងមាន … ក្ដីមេត្តាករុណា និង ពរជ័យច្រើនជាងអ្វីដែលយើងអាចជឿ ឬ ទទួលបានទៅទៀត » ។២៤ ព្រះយេស៊ូវគ្រីស្ទបានជ្រើសរើសរងទុក្ខសម្រាប់អំពើបាបរបស់ប្អូនៗ និង ការឈឺចាប់ និង ទុក្ខព្រួយ ដើម្បីទ្រង់អាចអត់ទោស ប្រោសឲ្យជា ផ្លាស់ប្ដូរ ពង្រឹង ហើយប្រទានពរប្អូនៗឲ្យមានអំណរ ។ ទ្រង់ពិតជាព្រះអង្គសង្គ្រោះ និង ជាព្រះប្រោសលោះ ។
មេរៀន ទី៣ ៖ អំណាចខាងវិញ្ញាណនៃព្រះគម្ពីរមរមន
ឥឡូវនេះ ខ្ញុំបន្តទៅមេរៀន ទី៣ ៖ អំណាចខាងវិញ្ញាណនៃព្រះគម្ពីរមរមន ។
ពេលយ៉ូសែបត្រូវបានអត់ទោសពីអំពើបាបហើយ លោកបានរីករាយដែលបានទទួលផ្ទាំង និង ប្រដាប់បកប្រែម្ដងទៀត ។២៥ បទពិសោធន៍របស់លោកជាមួយនឹងបានធ្វើឲ្យបាត់ច្បាប់សរសេរដៃ បានធ្វើឲ្យលោកទទួលអារម្មណ៍ដ៏អានុភាពទៅក្នុងព្រលឹងលោក អំពីសារៈសំខាន់នៃព្រះគម្ពីរមរមននៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ សារលិខិតសំខាន់របស់ពួកព្យាការីក្នុងព្រះគម្ពីរមរមន គឺជាសាក្សីរបស់ពួកលោកអំពីព្រះយេស៊ូវគ្រីស្ទ និង គោលលទ្ធិរបស់ទ្រង់ ។ មានអំណាចខាងវិញ្ញាណនៅក្នុងព្រះគម្ពីរនោះ ។
យើងអាចឃើញអំណាចនោះនៅក្នុងបទពិសោធន៍នៃការបកប្រែរបស់យ៉ូសែប ។ ការបកប្រែនោះគ្មានការប្រើប្រាស់បច្ចេកវិទ្យាឡើយ ។ វាគឺជាបទពិសោធន៍ខាងវិញ្ញាណ ហើយបទពិសោធន៍នោះបានបង្រៀនយ៉ូសែប អំពីរបៀបធ្វើការរបស់ព្រះអម្ចាស់ និង ព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះគម្ពីរមរមន គឺជាបទពិសោធន៍នៃវិវរណៈសម្រាប់យ៉ូសែបតាំងពីដើមរហូតដល់ចប់ ។ ព្រះគម្ពីរមរមនបានបង្រៀនយ៉ូសែបអំពីគោលលទ្ធិនៃព្រះគ្រីស្ទ ហើយព្រះអម្ចាស់បានត្រាស់បង្គាប់ឲ្យលោករស់នៅតាមគោលលទ្ធិនោះ—ដើម្បីប្រព្រឹត្តដោយមានក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត ទទួលបុណ្យជ្រមុជទឹក និង ទទួលព្រះវិញ្ញាណបរិសុទ្ធ ។២៦
ព្រះអម្ចាស់ប្រទានពរយ៉ូសែបឲ្យមានអំណាចខាងវិញ្ញាណកាន់តែខ្លាំងនៅក្នុងបទពិសោធន៍ទាំងនេះ ។ ឧទាហរណ៍បន្ទាប់ពីលោកបានទទួលបុណ្យជ្រមុជទឹក លោកមានប្រសាសន៍ថា លោក « ពេញដោយព្រះវិញ្ញាណបរិសុទ្ធ » ហើយ « អត្ថន័យ និង ចេតនាដ៏ពិតនៃ [ ព្រះគម្ពីរ ] » ត្រូវបាន « បើកឲ្យលោកមាន [ ការយល់ដឹង ] » ។២៧
ព្រះអម្ចាស់បានប្រើការលេចចេញមកនៃព្រះគម្ពីរមរមន ដើម្បីលើកយ៉ូសែបឡើង ហើយនាំលោកទៅកាន់តែជិតទ្រង់ ។ ព្រះអម្ចាស់បានបង្រៀនយ៉ូសែប ហើយពង្រឹងលោក ដើម្បីនាំព្រះគម្ពីរចេញមកតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
ព្រះគម្ពីរមរមនអាចជាបទពិសោធន៍នៃវិវរណៈសម្រាប់ប្អូនៗដូចយ៉ូសែបដែរ ។
ពួកព្យាការីដែលបានសរសេរព្រះគម្ពីរមរមន បានឃើញជំនាន់របស់យើង ។ ពួកលោកបានសរសេរសម្រាប់យើង ។ ប្រសាសន៍របស់ពួកលោកថ្លែងមកកាន់ជំនាន់យើង សេចក្ដីត្រូវការ និង គោលបំណងយើង ។ បើដូងចិត្តប្អូនៗបើកទូលាយពេលប្អូនៗអាន ហើយអធិស្ឋានអំពីព្រះគម្ពីរមរមន នោះព្រះវិញ្ញាណបរិសុទ្ធ២៨ នឹង « សម្ដែងសេចក្តីពិតនៃការណ៍នេះដល់ប្អូនៗ » ។២៩ ប្អូនៗនឹងដឹងថា ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ និង ព្រះប្រោសលោះ ហើយថាយ៉ូសែប ស្មីធ គឺជាព្យាការីនៃការស្ដារឡើងវិញ ។
ទោះជាប្អូនៗមិនទាន់ជាសមាជិកសាសនាចក្រ ឬ ក្លាយជាសមាជិកច្រើនឆ្នាំ ឬ តិចឆ្នាំក្ដី ខ្ញុំអញ្ជើញប្អូនៗឲ្យធ្វើដូចអ្វីដែលយ៉ូសែបបានធ្វើ—អានព្រះគម្ពីរមរមន អធិស្ឋានអំពីវា ហើយប្រព្រឹត្តដោយក្ដីជំនឿលើ ព្រះយេស៊ូវគ្រីស្ទដើម្បីប្រែចិត្ត ទទួលបុណ្យជ្រមុជទឹក ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ ។ បន្ទាប់មក ឆ្ពោះទៅមុខដើម្បីទទួល ហើយរក្សារាល់ពិធីបរិសុទ្ធ និង សេចក្ដីសញ្ញានៃសេចក្ដីសង្គ្រោះ រួមមានពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ។
ខ្ញុំស្គាល់ព្រះចេស្ដានៃព្រះគម្ពីរមរមន ចេញពីបទពិសោធន៍ផ្ទាល់ខ្លួនជាច្រើន ។ ខ្ញុំចង់ចែកចាយបទពិសោធន៍មួយក្នុងចំណោមបទពិសោធន៍ទាំងនោះ ដែលបានកើតឡើងកាលខ្ញុំនៅជាយុវមជ្ឈិមវ័យ ។ ខ្ញុំបានចេញទៅបេសកកម្មនៅប្រទេសអាល្លឺម៉ង់បានពីរខែ ។ វាជាការលំបាកអស់ពេលពីរខែ ហើយខ្ញុំបានបាក់ទឹកចិត្ត ។ នាព្រឹកមួយ ខ្ញុំបានលុតជង្គង់អធិស្ឋាន ហើយទូលប្រាប់ព្រះវរបិតាសួគ៌អំពីបញ្ហារបស់ខ្ញុំ ។ ខ្ញុំទូលប្រាប់ទ្រង់ថា « ព្រះវរបិតាសួគ៌អើយ សូមជួយទូលបង្គំផង » ។ ពេលខ្ញុំអធិស្ឋាន ខ្ញុំបានឮព្រះសូរសៀងយ៉ាងច្បាស់ ដូចមាននរណាម្នាក់ឈរនៅក្បែរខ្ញុំដូច្នោះដែរ ។ ព្រះសូរសៀងបន្លឺថា « ចូរជឿលើព្រះ » ។
ខ្ញុំបានអង្គុយលើគ្រែ ហើយបានបើកព្រះគម្ពីរមរមនទៅម៉ូសាយជំពូក ៤ ខ ៩ និង ១០ ហើយបានអានព្រះបន្ទូលស្ដេចបេនយ៉ាមីន ៖
« សូមជឿដល់ព្រះចុះ សូមជឿថា ទ្រង់មានព្រះជន្មរស់នៅ ហើយថា ទ្រង់បានបង្កើតវត្ថុសព្វសារពើ ទាំងនៅលើស្ថានសួគ៌ និងនៅលើផែនដីផង …
« … អ្នករាល់គ្នាត្រូវតែប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន ហើយលះបង់ចោលអំពើបាបទាំងនោះទៅ ហើយបន្ទាបខ្លួនចំពោះព្រះ … ហើយឥឡូវនេះ បើសិនជាអ្នករាល់គ្នាជឿនូវការណ៍ទាំងអស់នេះ នោះសូមឲ្យអ្នករាល់គ្នាចាប់ផ្ដើមប្រព្រឹត្តភ្លាមទៅ » ។៣០
ពេលខ្ញុំអានបន្ទូលទាំងនោះ ខ្ញុំមានអារម្មណ៍ថា ស្ដេចបេនយ៉ាមីនកំពុងមានបន្ទូលមកខ្ញុំ ។ ខ្ញុំទទួលអារម្មណ៍ពីព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធក្នុងចិត្តខ្ញុំ ។ ខ្ញុំបានដឹងថា នោះគឺជាចម្លើយចំពោះការអធិស្ឋានរបស់ខ្ញុំ ។ ខ្ញុំចាំបាច់ត្រូវទុកចិត្តលើព្រះអម្ចាស់ ប្រែចិត្ត ហើយទៅធ្វើការ ។ តាំងពីថ្ងៃនោះមកដល់ពេលនេះ ព្រះគម្ពីរមរមនបានក្លាយជាធនធាននៃអំណាចខាងវិញ្ញាណក្នុងជីវិតខ្ញុំ ។
ប្អូនៗប្រុសស្រីជាទីស្រឡាញ់ ខ្ញុំដឹងថាព្រះគម្ពីរមរមននឹងដឹកនាំប្អូនៗទៅរកព្រះយេស៊ូវគ្រីស្ទ និង គោលលទ្ធិទ្រង់ ។ ចូរអានព្រះគម្ពីរមរមន សិក្សា អធិស្ឋានអំពីវា ចូររក្សាទុកក្នុងគំនិត និង ចិត្តរបស់ប្អូនៗរាល់ថ្ងៃ ដូចប្រធាន ម៉នសុន ទូន្មានឲ្យយើងធ្វើ ។ គ្រប់ពេលក្នុងជីវិតប្អូនៗ តាមរយៈព្រះគម្ពីរនេះ ព្រះអម្ចាស់ និង ព្រះអង្គសង្គ្រោះនឹងមានបន្ទូលភាពសុខសាន្តចូលក្នុងព្រលឹងប្អូនៗ លើកស្ទួយប្អូនៗ ហើយពង្រឹងប្អូនៗ ហើយនាំប្អូនៗទៅកាន់តែជិតទ្រង់ តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
ទីបន្ទាល់
មេរៀនទាំងបីនេះចេញពីជីវិតរបស់យ៉ូសែបកាលលោកជាយុវមជ្ឈិមវ័យ ថ្លែងទីបន្ទាល់អំពីព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ និង គោលលទ្ធិទ្រង់ ។ ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។ មានព្រះប្រោសលោះមួយអង្គ ។ ទ្រង់មានព្រះជន្មរស់ !
ខ្ញុំសង្ឃឹម ហើយអធិស្ឋានថា ប្អូនៗនឹងរៀនចេញពីជីវិតរបស់យ៉ូសែប ។ ទោះជាលោកពុះពារក្នុងជីវិតយុវមជ្ឈិមវ័យរបស់លោកក្ដី លោកបានទុកចិត្តលើព្រះអម្ចាស់ ហើយព្រះអម្ចាស់បានប្រទានពរលោក ឲ្យក្លាយជាព្យាការីដ៏ឆ្នើមនៃការស្ដារឡើងវិញ ។ យ៉ូសែបបានធ្វើកិច្ចការដ៏បរិសុទ្ធ របស់ព្រះ ។ ការស្ដារឡើងវិញគឺជារឿងពិត ! ចូរចងចាំចំណុចនេះ ៖ ព្រះយេស៊ូវគឹជាព្រះគ្រីស្ទ ហើយយ៉ូសែបគឺជាព្យាការីទ្រង់ ។ មានច្រវ៉ាក់ដែលមិនអាចបណ្ដាច់បាននៃបព្វជិតភាព សិទ្ធិអំណាច និង អំណាច ដែលបង្កើតជាតំណពី យ៉ូសែប ស៊្មីធ ដល់ ថូម៉ាស អេស ម៉នសុន ។ ប្រធាន ម៉នសុន គឺជាព្យាការីនៃព្រះអម្ចាស់នៅលើផែនដីសព្វថ្ងៃនេះ ។ នេះជារឿងពិតទាំងអស់ ។
ដូច្នេះ ប្អូនៗប្រុសស្រីទូទាំងពិភពលោកជាទីស្រឡាញ់ ខ្ញុំថ្លែងទៅកាន់ប្អូនៗថា ចូរទុកចិត្តលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់ស្គាល់ឈ្មោះយ៉ូសែប ដូច្នេះទ្រង់ក៏ស្គាល់ឈ្មោះប្អូនៗដែរ ។ ទ្រង់ស្រឡាញ់ប្អូនៗ ហើយទ្រង់ធ្វើការក្នុងជីវិតប្អូនៗ ។ តាមរយៈក្ដីមេត្តាករុណា ព្រះគុណ និង ក្ដីស្រឡាញ់ ប្អូនៗអាចសម្រេចសក្ដានុពលដូចយ៉ូសែបដែរ បានយកឈ្នះលើការសាកល្បង ហើយក្លាយជាអ្វីដែលជោគវាសនាបានកំណត់ឲ្យគឺ ៖ ពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ក្លាហាន ស្មោះត្រង់ ថ្នាក់ដឹកនាំក្នុងគ្រួសារអស់កល្បរបស់ប្អូនៗ និង ក្នុងសាសនាចក្រដ៏ពិត ហើយសកម្ម សិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ពេញដោយពន្លឺ និង ក្ដីស្រឡាញ់ទ្រង់ ត្រៀមខ្លួនដើម្បីទទួលព្រះអង្គសង្គ្រោះពេលទ្រង់យាងមកម្ដងទៀត ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2017 by Intellectual Reserve, Inc. All rights reserved. អនុមតិជាភាសាអង់គ្លេស ៖ ៣/១៧ ។ អនុមតិបកប្រែ ៖ ៣/១៧ ។ ការបកប្រែនៃ « Thou Art Joseph » ។ Cambodian. PD60003848 258