ដំណើរផ្សងព្រេងនៃជីវិតរមែងស្លាប់
ជំនួបជាមួយនឹងអែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ
ការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យទូទាំងពិភពលោក• ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៨• មជ្ឈមណ្ឌលសន្និសីទ
បងប្អូនប្រុសស្រី និងមិត្តភក្ដិវ័យក្មេងជាទីស្រឡាញ់ ខ្ញុំសូមនាំយកសេចក្ដីស្រឡាញ់ចំពោះបងប្អូនទាំងអស់គ្នាមកពីកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
ខ្ញុំនឹក ប្រធាន ថូម៉ាស អេស ម៉នសុន ។ លោកគឺជាមិត្ត និងជាអ្នកបង្ហាត់បង្រៀនដ៏រីករាយ ហើយគួរឲ្យរាប់អានរបស់ខ្ញុំ ។ ប៉ុន្តែខ្ញុំអាចអះអាងដល់បងប្អូនថា ព្រះអម្ចាស់គង់ជាសិរសានៃសាសនាចក្រនេះ ជាសាសនាចក្ររបស់ទ្រង់ ជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ព្រះអម្ចាស់បានប្រទានផែនការដ៏ទេវភាពមួយ ដើម្បីឲ្យសាសនាចក្ររបស់ទ្រង់តែងតែដឹកនាំដោយពួកព្យាការី ពួកអ្នកមើលឆុត និងពួកអ្នកទទួលវិវរណៈ ។
ពួកយើងតែងគិតពីបងប្អូន ។ ពួកយើងអធិស្ឋានសម្រាប់បងប្អូន ហើយពួកយើងស្រឡាញ់ និងកោតសរសើរបងប្អូន ។
ព្រឹត្តិការណ៍ប្រមូលផ្ដុំ និងចែកចាយ ជាសាកលដែលបានចាប់ផ្ដើម ហើយនឹងបន្តបន្ទាប់ពីការប្រជុំនេះគឺជាគំរូមួយនៃសេចក្ដីល្អរបស់បងប្អូន ។ បងប្អូនរាប់ពាន់នាក់បានចូលរួមតាមរបៀបដ៏អស្ចារ្យ មកពីការជួយដល់អ្នកដែលអស់សង្ឃឹម លើកតម្កើងវិញ្ញាណរបស់អ្នកដទៃដោយបទចម្រៀង ។ ហើយបងប្អូនត្រូវបានកំណត់ឲ្យចែកចាយដំណឹងល្អនៃព្រះសិក្ខាបទនៃព្រះយេស៊ូវគ្រីស្ទ តាមរយៈសារប្រព័ន្ធសង្គម និងមធ្យោបាយផ្សេងៗទៀត និងតាមរយៈគំរូផ្ទាល់ខ្លួនរបស់បងប្អូន ។ សូមអរគុណចំពោះការបង្ហាញឆន្ទៈរបស់បងប្អូនដើម្បីបម្រើព្រះ និងមនុស្សដទៃទៀត ។
វាគឺជាការល្អណាស់ដើម្បីនៅ ជាមួយបងប្អូននាថ្ងៃនេះ ហើយទទួលដឹងពីស្មារតី ភាពខ្លាំង និងថាមពលរបស់បងប្អូន ។ ខ្ញុំរីករាយណាស់ដែលយើងមានឱកាសស្ដាប់ឮភរិយារបស់ខ្ញុំ ។ ពិតណាស់ ហារីត គឺជាម្ចាស់ជីវិតខ្ញុំ ។ មនុស្សគ្រប់គ្នាដែលស្គាល់គាត់ ស្រឡាញ់គាត់ ។ គាត់គឺជាមនុស្សដែលធ្វើឲ្យមនុស្សជុំវិញខ្លួនកាន់តែល្អប្រសើរហើយរីករាយ ។ គាត់មានឥទ្ធិពលចំពោះខ្ញុំយ៉ាងប្រាកដ ។
យើងទើបតែអបអរពិធីគម្រប់ខួបអាពាហ៍ពិពាហ៍លើកទី ៥៥ ឆ្នាំ របស់យើង ។ នៅពេលយើងក្រឡេកទៅមើលកូនទាំងពីរនាក់របស់យើង និងស្វាមី ឬភរិយារបស់ពួកគេ ចៅទាំងប្រាំមួយនាក់របស់យើងជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងចៅទួតទាំងបីនាក់របស់យើង យើងបានងឿងឆ្ងល់ចំពោះដំណើរផ្សងព្រេងដ៏អស្ចារ្យដែលយើងមាន ។
យុគសម័យនៃចម្លើយភ្លាមៗ
មានគំនិតគួរឲ្យចាប់អារម្មណ៍មួយបានកើតឡើងចំពោះខ្ញុំ នៅពេលខ្ញុំកំពុងរៀបចំសម្រាប់ព្រឹត្តិការណ៍នេះ ។ មែនហើយ វាគឺជាការពិតណាស់ កាលខ្ញុំនៅវ័យចន្លោះពី ១៨ ដល់ ៣០ ឆ្នាំ ខ្ញុំកម្រនៅមុខកញ្ចក់ណាស់ ប៉ុន្តែទោះជាខ្ញុំមានវ័យចំណាស់នៅពេលនេះក្ដី ក៏ខ្ញុំនៅតែមានអារម្មណ៍ថានៅក្មេងដែរ ។ពិតណាស់ ពួកយើងភាគច្រើនដែលមានវ័យចំណាស់ចាត់ទុកថា ខ្លួនឯងនៅក្មេងដែលបានរស់នៅយូរហើយ ។
ជំនាន់មុនៗមានបទពិសោធន៍ស្រដៀងគ្នានឹងជំនាន់របស់បងប្អូនដែរ ដែលបងប្អូននឹកស្មានមិនដល់ ។ ខ្ញុំជឿថា វាមានភាពខុសគ្នាតិចតួចណាស់រវាងបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ទោះជាពួកគេមានវ័យប៉ុណ្ណាក្ដី ។ ឧទាហរណ៍ មានបងប្អូនជាច្រើនបានសួរសំណួរអំពីព្រះ និងអំពីខ្លួនឯង—គឺជាសំណួរជ្រៅៗ ហើយសំខាន់ ដែលស្រដៀងគ្នានឹងសំណួរដែលបានចោទសួរមកពីមនុស្សដែលមានវ័យច្រើនជាងបងប្អូនដែរ ៖
« តើពិតជាមានព្រះឬ ? តើទ្រង់មានព្រះទ័យខ្វល់ខ្វាយដែរឬទេ ?
« តើខ្ញុំស្ថិតនៅលើផ្លូវត្រូវដែរឬទេ ? »
« ហេតុអ្វីពេលខ្លះខ្ញុំមានអារម្មណ៍ថា ឥតន័យ ថប់បារម្ភ ត្រូវគេមើលរំលង ឬឯកោ ? »
« ហេតុអ្វីបានជាព្រះមិនធ្វើអន្តរាគមន៍នៅក្នុងជីវិតរបស់ខ្ញុំ ?
« ហេតុអ្វីទ្រង់មិនឆ្លើយតបនឹងការអធិស្ឋាន ? »
« ហេតុអ្វីទ្រង់បណ្ដោយឲ្យខ្ញុំដកពិសោធន៍នូវភាពសោកសៅ ជំងឺ ឬសោកនាដកម្មនេះ ? »
សំណួរទាំងនេះអាចជាសំណួរដ៏ពិបាកឆ្លើយ ។
នៅក្នុងយុគសម័យនៃចម្លើយភ្លាមៗនេះ—វាទំនងដូចជាចំណេះដឹងដែលគ្មានចម្លើយ អាចទទួលបានភ្លាម ដោយគ្រាន់តែស្រាវជ្រាវក្នុង Google —នោះពេលខ្លះយើងមានការស្មុគស្មាញចិត្ត នៅពេលចម្លើយចំពោះសំណួរបន្ទាន់ដ៏សំខាន់ផ្ទាល់ខ្លួនរបស់យើងត្រូវបានពន្យារពេល ។ យើងបានបង្វែរដួងចិត្តរបស់យើងទៅស្ថានសួគ៌ ប៉ុន្តែអ្វីដែលយើងទទួលបានគឺជា « ទស្សន៍ទ្រនិចរង់ចាំ » ដែលវិលចុះឡើងធ្វើឲ្យរសាយចិត្ត ។
យើងមិនចូលចិត្តរង់ចាំទេ ។
នៅពេលយើងត្រូវរង់ចាំច្រើនជាងពីរបីនាទី ដើម្បីម៉ាស៊ីនស្រាវជ្រាវរកចម្លើយ យើងអាចនឹងសន្មតថា តំណភ្ជាប់នោះបានចុះខ្សោយ ឬត្រូវបានកាត់ផ្ដាច់ ។ នៅក្នុងការរសាយចិត្តរបស់យើង យើងអាចនឹងបោះបង់ចោលការស្វែងរកនោះ ។ ប៉ុន្តែនៅពេលសំណួរដ៏អស់កល្បជានិច្ច បញ្ហានៃព្រលឹងកើតមាន នោះយើងត្រូវតែមានការអត់ធ្មត់ ។
ពុំមែនចម្លើយទាំងអស់សុទ្ធតែមានតម្លៃស្មើគ្នានោះទេ ។ ចម្លើយដែលកើតមកពីប្រាជ្ញាខាងលោកិយ ឬគំនិតពេញនិយមគឺងាយនឹងទទួលបានណាស់ ប៉ុន្តែវាបាត់បង់តម្លៃរបស់វាយ៉ាងឆាប់រហ័ស នៅពេលទ្រឹស្ដី ឬនិន្នាការថ្មីកើតមាន ។ ចម្លើយសួគ៌ា—ចម្លើយអស់កល្បជានិច្ច—គឺមានតម្លៃប្រៀបផ្ទឹមពុំបានឡើយ ។ ការទទួលចម្លើយទាំងនេះ ជារឿយៗ វាតម្រូវឲ្យមានការលះបង់ ការងារ និងការអត់ធ្មត់ ។
ចម្លើយទាំងនេះមានតម្លៃស័ក្ដិសមនឹងរង់ចាំ ។
គោលបំណងរបស់ខ្ញុំនៅថ្ងៃនេះគឺដើម្បីផ្ដល់នូវសាក្សីដ៏ជាក់លាក់របស់ខ្ញុំថា ព្រះវរបិតារបស់បងប្អូនដែលគង់នៅស្ថានសួគ៌ស្គាល់បងប្អូន ទ្រង់ស្ដាប់បងប្អូន ហើយទ្រង់នឹងពុំដែលបោះបង់បងប្អូនឡើយ ។ នៅពេលបងប្អូនបង្វែរដួងចិត្តទៅរកទ្រង់ ហើយខិតខំធ្វើតាមរបៀបរបស់ទ្រង់ នោះទ្រង់នឹងធ្វើអន្តរាគមន៍នៅក្នុងជីវិតរបស់បងប្អូន ហើយដឹកនាំផ្លូវរបស់បងប្អូន នៅពេលបងប្អូនធ្វើដំណើរឆ្លងកាត់ដំណើរផ្សងព្រេងដ៏អស្ចារ្យ និងរំភើបនៃជីវិតរមែងស្លាប់នេះ ។
ការតភ្ជាប់ចំណុចទាំងឡាយ
អ្នកច្នៃប្រឌិតដ៏អស្ចារ្យនៅក្នុងជំនាន់របស់យើង ឈ្មោះស្ទីវ ចបស៍ របស់ក្រុមហ៊ុន Apple មានការយល់ដឹងស៊ីជម្រៅនេះ គាត់ពោលថា « អ្នកមិនអាចភ្ជាប់ចំណុចទាំងឡាយដោយមើលទៅអនាគតបានទេ ។ « អ្នកអាចភ្ជាប់វាដោយមើលទៅអតីតកាលតែប៉ុណ្ណោះ ។ ដូច្នេះ អ្នកត្រូវទុកចិត្តថា ចំណុចទាំងនោះនឹងភ្ជាប់គ្នានៅក្នុងពេលអនាគតរបស់អ្នក តាមរបៀបណាមួយ » ។១
តើគាត់ចង់មានន័យថាយ៉ាងម៉េច ? ប្រហែលជា រូបភាពមួយអាចនឹងជួយបកស្រាយបាន ។ នៅចុងទសវត្សរ៍ទី ១៩ ពួកវិចិត្រករ ដូចជា ចច ស៊ឺរ៉ាត់ និងផល ស៊ីគណាក់ បានចាប់ផ្ដើមគូរគំនូរនៅក្នុងរបៀបថ្មីមួយដែលត្រូវបានគេស្គាល់ថាជាសម័យអារម្មណ៍និយមថ្មី ។ បច្ចេកទេសរបស់ពួកគាត់មាន គឺការដៅចំណុចនៅលើផ្ទាំងក្រណាត់នូវពណ៌តូចៗ ។ បើមើលឲ្យជិត ចំណុចទាំងនេះ គឺវាមិនទាក់ទងគ្នាទេ ហើយទំនងដូចជាចៃដន្យ ។ ប៉ុន្តែនៅពេលបងប្អូនមើលផ្ទាំងគំនូរទាំងមូល បងប្អូនអាចឃើញថាចំណុចទាំងនោះលាយបញ្ចូលទៅជាពណ៌ចម្រុះ និងពណ៌បង្កើតចេញជារូបរាងដែលបង្ហាញនូវទិដ្ឋភាពដ៏ស្រស់ស្អាតមួយ ។ អ្វីដែលហាក់ដូចជាគ្មានឯកសណ្ឋាន ទាំងច្របូកច្របល់ បានចាប់ផ្ដើមមានន័យ ។ ពេលខ្លះ ជីវិតរបស់យើងប្រៀបបាននឹងសិល្បៈនៃអារម្មណ៍និយមថ្មីនោះដែរ ។ ចំណុចទាំងឡាយនៃពណ៌ដែលបង្កើតជាគ្រា និង ព្រឹត្តិការណ៍នានា នៃជំនាន់របស់យើង ពេលខ្លះអាចមើលទៅហាក់ដូចជាមិនទាក់ទងគ្នា ហើយមានភាពវឹកវរ ។ យើងមិនអាចមើលឃើញលំដាប់វាឡើយ ។ យើងមិនអាចនឹកស្រមៃដល់ថា វា មានគោលបំណងមួយនោះទេ ។
ប៉ុន្តែនៅពេលយើងឈានជើងថយក្រោយ ហើយមើលដោយទស្សនវិស័យដ៏អស់កល្បជានិច្ចមួយ នៅពេលយើងមើលទៅជីវិតរបស់យើងក្នុងក្របខណ្ឌនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នោះយើងអាចចាប់ផ្ដើមមើលឃើញរបៀបដែលចំណុចខុសៗគ្នានៅក្នុងជីវិតរបស់យើងបានតភ្ជាប់គ្នា ។ យើងប្រហែលជាពុំអាចមើលឃើញនូវរូបភាពទាំងស្រុងនៅឡើយ ប៉ុន្តែយើងនឹងមើលឃើញគ្រប់គ្រាន់ ដើម្បីទុកចិត្តថា មាននូវការរចនាដ៏ធំ ហើយស្រស់ស្អាតមួយ ។ ហើយនៅពេលយើងព្យាយាមទុកចិត្តលើព្រះ ហើយធ្វើតាមព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ នៅថ្ងៃមួយយើងនឹងមើលឃើញផលិតផលសម្រេចនោះ ហើយយើងនឹងដឹងថា ព្រះហស្ដរបស់ព្រះបានដឹកនាំ ហើយបង្ហាញផ្លូវយើង ។
យើងនឹងដឹងថា ព្រះបានមានផែនការមួយសម្រាប់ចំណុចចៃដន្យទាំងឡាយនោះ ។ យើងនឹងឃើញថា ទ្រង់បានពង្រីកទេពកោសល្យរបស់យើង បានរៀបចំឱកាស ហើយបានណែនាំយើងឲ្យស្គាល់ឱកាសដ៏រុងរឿងលើសអ្វីដែលយើងនឹកស្រមៃស្មានដល់ ឬអាចសម្រេចបានដោយខ្លួនឯងទៅទៀត ។
ខ្ញុំពិតជាបានឃើញរឿងនេះនៅក្នុងជីវិតរបស់ខ្ញុំមែន ។
ដំណើរផ្សងព្រេងរបស់ខ្ញុំក្នុងជីវិតរមែងស្លាប់
បងប្អូនជាច្រើនដឹងថា កាលខ្ញុំនៅក្មេង គ្រួសាររបស់ខ្ញុំបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះរបស់យើងចំនួនពីរលើក ហើយបានទុកចោលអ្វីៗគ្រប់យ៉ាង ។ នៅគ្រាទាំងពីរនោះ វាបានស-បញ្ជាក់យ៉ាងច្បាស់ថា មនុស្សដែលនៅក្នុងទីតាំងថ្មីរបស់យើងបានចាត់ទុកយើងថា យើងមានតម្លៃ « តិច » ជាងពួកគេ ។ នៅក្នុងចំណោមក្មេងដែលមានអាយុស្របាលខ្ញុំ ការបញ្ចេញសំឡេងរបស់ខ្ញុំបានបង្ហាញថា ខ្ញុំជាក្មេងមកពីបរទេស និងជាប្រភពមួយនៃការសើចចំអកសម្រាប់ពួកគេ ។
ឪពុកម្ដាយរបស់ខ្ញុំមានការលំបាកក្នុងការផ្គត់ផ្គង់ដល់គ្រួសាររបស់យើង ។ ម្ដាយរបស់ខ្ញុំបានចាប់ផ្ដើមអាជីវកម្មបោកសម្លៀកបំពាក់ ហើយបានធ្វើជា« អ្នកជំនាញផ្នែកដឹកជញ្ជូនដល់ផ្ទះ » សម្រាប់អាជីវកម្មនោះដោយប្រើកង់ និងរទេះរបស់ខ្ញុំ ក្រោយពីម៉ោងរៀន ។
ការតក់ស្លុត និងសម្ពាធនៃការផ្លាស់ប្ដូរទីតាំង និងបរិយាកាសដ៏ធំរបស់យើង បានធ្វើឲ្យខ្ញុំរៀនមិនទាន់គេ ហើយខ្ញុំបានខករៀនពេញមួយឆ្នាំ ។
នៅប្រទេសអាល្លឺម៉ង់ភាគខាងកើត ខ្ញុំបានរៀនភាសារុស្សីជាភាសាទីពីរ ។ វាពិបាក ប៉ុន្តែខ្ញុំអាចធ្វើវាបាន ។ លុះមកដល់ប្រទេសអាល្លឺម៉ង់ភាគខាងលិច ខ្ញុំតម្រូវឲ្យរៀនភាសាអង់គ្លេស ។
វាមានការពិបាកសម្រាប់ខ្ញុំណាស់ ! ខ្ញុំបានជឿថា មាត់របស់ខ្ញុំត្រូវបានបង្កើតមកពុំមែនសម្រាប់និយាយភាសាអង់គ្លេសឡើយ ។
កាលខ្ញុំនៅវ័យជំទង់ ខ្ញុំបានលង់ស្នេហ៍នឹងនារីដ៏អស្ចារ្យបំផុតម្នាក់ ដែលមានកែវភ្នែកធំៗពណ៌ត្នោត ។ ជាអកុសល ហារីត ទំនងដូចជាមិនចាប់អារម្មណ៍នឹងខ្ញុំសោះ ។ ទោះជាខ្ញុំខិតខំយ៉ាងណា ក៏វាហាក់ដូចជាខ្ញុំគ្មានសង្ឃឹមសោះ ។ បងប្អូនបានស្ដាប់ឮគាត់រៀបរាប់រួចហើយ ។
ដូច្នេះ ខ្ញុំជាយុវជនម្នាក់មិនសូវសំខាន់ និងមានការលំបាក ដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ក្រោយសង្គ្រាម ដែលទំនងជាគ្មានឱកាសជោគជ័យច្រើននៅក្នុងជីវិត ។
ប៉ុន្តែ ខ្ញុំមានរឿងល្អៗមួយចំនួនកើតឡើងចំពោះខ្ញុំ ។
ខ្ញុំបានដឹងថា គ្រួសាររបស់ខ្ញុំស្រឡាញ់ខ្ញុំ ។ នៅឯសាលារៀន និងព្រះវិហារ មានពួកគ្រូបង្រៀនដែលបានលើកទឹកចិត្តខ្ញុំឲ្យដាក់គោលដៅខ្ញុំឲ្យខ្ពស់ជានិច្ច ។ ខ្ញុំនៅចាំថា នៅពេលអ្នកផ្សព្វផ្សាយវ័យក្មេងជនជាតិអាមេរិកាំងម្នាក់បានបង្រៀនគោលការណ៍នេះមកពីព្រះគម្ពីរថា « បើសិនជាព្រះកាន់ខាង [អ្នក] តើអ្នកណាអាចទាស់នឹង [អ្នក]បាន ? »៣
គំនិតនេះវាហាក់ដូចជាមានអ្វីមួយដែលអស្ចារ្យចំពោះខ្ញុំ ។ ខ្ញុំបានគិតថា បើវាដូច្នោះមែន ហេតុអ្វីខ្ញុំគួរភ័យខ្លាច ?
ដូច្នោះខ្ញុំបានជឿ ។ ហើយបានទុកចិត្តលើព្រះ ។
ខ្ញុំបាននៅក្នុងកម្មសិក្សាអស់មួយរយៈ ។ មានគ្រូបង្រៀនរបស់ខ្ញុំម្នាក់បានសំណូមពរឲ្យខ្ញុំមានបំណងប្រាថ្នាកាន់តែខ្ពស់ ហើយចូលរៀននៅសាលាពេលយប់ដើម្បីសិក្សាវិស្វកម្មមេកានិច ។ វាតម្រូវឲ្យមានការខិតខំយ៉ាងខ្លាំង ប៉ុន្តែវាបានដឹកនាំខ្ញុំឲ្យរកឃើញចំណង់ចំណូលចិត្តរបស់ខ្ញុំខាងអាកាសចរណ៍ ! ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានដឹងថា ដើម្បីក្លាយជាអ្នកបើកយន្តហោះម្នាក់ខ្ញុំចាំបាច់ត្រូវចេះភាសាអង់គ្លេស ។ ប៉ុន្តែខ្ញុំចង់ក្លាយជាអ្នកបើកយន្តហោះម្នាក់ ហើយដោយអព្ភូតហេតុ មាត់របស់ខ្ញុំទំនងជាបានផ្លាស់ប្ដូរ ហើយភាសាអង់គ្លេសលែងជាភាសាពិបាកសម្រាប់ខ្ញុំទៀតហើយ ។
ដោយមានការលើកទឹកចិត្តថ្មី ការតាំងចិត្តថ្មីដើម្បីខិតខំធ្វើការ ហើយទុកចិត្តលើព្រះវរបិតាសួគ៌ ខ្ញុំបានបោះជំហានបន្តិចម្ដងៗដែលបានជួយខ្ញុំឲ្យស្ថាបនាទំនុកចិត្តថា ខ្ញុំអាចធ្វើវាបាន ។
ពិតណាស់ នោះពុំមែនមានន័យថា រឿងទាំងឡាយបានដំណើរការទៅដោយគ្មានឧបសគ្គនោះទេ ។
កាលខ្ញុំមានវ័យ ១៩ ឆ្នាំ ខ្ញុំបានធ្វើដំណើរទៅទីក្រុង សាន់ អាន់តូនីញ៉ូ រដ្ឋតិចសាស ដើម្បីចាប់ផ្ដើមការបំពាក់បំប៉នរបស់ខ្ញុំជាអ្នកបើកយន្តហោះទ័ពអាកាស ។ នៅលើយន្តហោះនោះ ខ្ញុំបានអង្គុយនៅក្បែរបុរសម្នាក់និយាយជាអ្នកតិចសាស ។ ខ្ញុំបារម្ភជាខ្លាំងដោយដឹងថា ភាសាអង់គ្លេសដែលបានខំរៀន ពុំមែនជាភាសាអង់គ្លេសដែលពួកគេនិយាយនៅរដ្ឋតិចសាសទេ !
នៅឯសាលាបំពាក់បំប៉នអ្នកបើកយន្តហោះ មានរឿងជាច្រើនពិបាកៗផងដែរ ។ វាគឺជាកម្មវិធីមួយដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង ព្រោះមនុស្សគ្រប់គ្នាចង់បានចំណាត់ថ្នាក់កំពូលនៅពេលបញ្ចប់ការសិក្សា ។ ខ្ញុំបានដឹងភ្លាមថា ខ្ញុំមានផលវិបាកមួយ ដោយសារមិត្តរួមថ្នាក់របស់ខ្ញុំភាគច្រើនសុទ្ធតែអ្នកមានដើមកំណើតនិយាយភាសាអង់គ្លេស ។
គ្រូបង្រៀនរបស់ខ្ញុំបានព្រមានខ្ញុំអំពីផលវិបាកមួយទៀត—គឺខ្ញុំបានចំណាយពេលច្រើននៅឯព្រះវិហារ ។ សមាជិកក្នុងមូលដ្ឋានបានស្វាគមន៍ខ្ញុំចូលទៅក្នុងសាខា និងក្នុងផ្ទះរបស់ពួកគេ ហើយយើងថែមទាំងបានសាងសង់សាលាប្រជុំមួយនៅប៊ីក ស្ព្រីង រួមគ្នាទៀតផង ។ ពួកគ្រូបង្រៀនរបស់ខ្ញុំមានការព្រួយបារម្ភថា សកម្មភាពទាំងនេះនឹងរារាំងឱកាសរបស់ខ្ញុំពីការទទួលចំណាត់ថ្នាក់ខ្ពស់ ។ ខ្ញុំមិនបានគិតដូច្នោះទេ ។ ដូច្នេះ ខ្ញុំបានទុកចិត្តលើព្រះ ហើយបានធ្វើឲ្យអស់ពីលទ្ធភាពរបស់ខ្ញុំ ។
នៅទីបំផុត ខ្ញុំបានរៀនចេះភាសាអង់គ្លេស ( តែខ្ញុំនៅតែរៀន ) ។ ខ្ញុំបានបញ្ចប់ការបំពាក់បំប៉នរបស់ខ្ញុំជាអ្នកបើកយន្តហោះ ( ហើយបានជាប់លេខមួយក្នុងថ្នាក់របស់ខ្ញុំ ) ។ ខ្ញុំបានក្លាយជាអ្នកបើកយន្តហោះ ហើយក្រោយមកបានក្លាយជាមេក្រុមនៅក្រុមហ៊ុនអាកាសចរមួយ ។ ហើយចុះនារីដ៏ស្រស់ស្អាតដែលមានកែវភ្នែកពណ៌ត្នោតក្នុងក្ដីស្រមៃរបស់ខ្ញុំវិញ ? មែនហើយ គាត់នៅក្នុងការប្រជុំនេះជាមួយនឹងខ្ញុំ ។
ចូរធ្វើរឿងតូចៗឲ្យបានល្អឥតខ្ចោះ
មានមេរៀនមួយនៅក្នុងរឿងនេះមែនទេ ? ខ្ញុំគិតថា វាមានមេរៀនខ្លះៗ !
មេរៀនទីមួយប្រហែលជាមេរៀននេះ ៖ សូមកុំថប់បារម្ភដោយកិច្ចការធំៗ ហើយពិបាកៗនៅក្នុងជីវិតឡើយ ។ ប្រសិនបើបងប្អូនតាំងចិត្តធ្វើកិច្ចការ « ងាយៗ »—ជាកិច្ចការ « តូចៗ » ដែលព្រះបានសុំឲ្យបងប្អូនធ្វើ—ហើយបងប្អូនធ្វើឲ្យបានល្អឥតខ្ចោះតាមដែលអាចធ្វើបាន កិច្ចការធំៗនឹងកើតមានតាមក្រោយ ។
កិច្ចការ « តូច ហើយងាយៗ » ទាំងនេះមួយចំនួនដែលបងប្អូនអាចធ្វើបានយ៉ាងល្អឥតខ្ចោះ រួមមាន ការអធិស្ឋានប្រចាំថ្ងៃ ការសិក្សាព្រះគម្ពីរ ការរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ការទៅព្រះវិហារ ការអធិស្ឋានដោយស្មោះអស់ពីចិត្ត និងការថ្វាយដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ ។
សូមធ្វើកិច្ចការទាំងនេះ សូម្បីនៅពេលដែលបងប្អូនពុំចង់ធ្វើវាក្ដី ។ « ពលិកម្ម »ទាំងនេះអាចមើលទៅជារឿងតូចតាច ប៉ុន្តែវាមានសារៈសំខាន់ ដោយសារ « ពលិកម្មនាំមកនូវពរជ័យពីស្ថានសួគ៌ » ។៣
វាមានន័យថា ពលិកម្ម « តូច ហើយសាមញ្ញ » គឺជាចំណុចនៃការរស់នៅប្រចាំថ្ងៃដែលបង្កើតផ្ទាំងគំនូរនៃជីវិតរបស់បងប្អូន ។ បងប្អូនប្រហែលជាមិនឃើញអំពីរបៀបដែលចំណុចទាំងនោះតភ្ជាប់គ្នានៅពេលនេះ ហើយបងប្អូនពុំទាន់ត្រូវការតភ្ជាប់វានៅឡើយ ។ គ្រាន់តែមានសេចក្ដីជំនឿគ្រប់គ្រាន់សម្រាប់គ្រាដែលបងប្អូនកំពុងរស់នៅនាពេលនេះ ។ សូមទុកចិត្តលើព្រះ ហើយ « ចេញពីការណ៍ដ៏តូចតាច នោះបណ្ដាលឲ្យមានការណ៏ដ៏ធំធេងឡើង » ។៤
ទុកចិត្តលើព្រះ
ឥឡូវនេះ បងប្អូនអាចនឹងកំពុងគិតថា « មែនហើយ អែលឌើរ អុជដូហ្វ នោះគឺជារឿងល្អណាស់សម្រាប់លោក ។ ប៉ុន្តែលោកគឺជាសាវកម្នាក់ ។ ខ្ញុំមិនមែនដូចលោកទេ ។ ខ្ញុំពុំមែនជាមនុស្សសំខាន់ចំពោះព្រះទេ ។ ការអធិស្ឋានរបស់ខ្ញុំគ្មានចម្លើយទេ ។ ជីវិតរបស់ខ្ញុំគ្មានការដឹកនាំទេ ។ ប្រសិនបើមានផែនការមួយសម្រាប់ខ្ញុំ គឺវាតូចតាច ។ ជាផែនការដែលនៅសេសសល់សម្រាប់ខ្ញុំប៉ុណ្ណោះ ។ ជាផែនការដែលគ្រាន់តែបញ្ជាក់ថា ព្រះដឹង ហើយអ្នកត្រូវរីករាយនឹងអ្វីដែលអ្នកមានទៅបានហើយ » ។
មិត្តជាទីស្រឡាញ់របស់ខ្ញុំអើយ សូមចាំអ្វីដែលស្ទីវ ចបស៍ បាននិយាយ ៖ « អ្នកមិនអាចភ្ជាប់ចំណុចទាំងឡាយដោយមើលទៅអនាគតបានទេ ។ អ្នកអាចភ្ជាប់វាដោយមើលទៅអតីតកាលតែប៉ុណ្ណោះ » ។
នៅពេលខ្ញុំមានអាយុស្របាលបងប្អូន ខ្ញុំមិនដឹងថាត្រូវដើរនៅលើផ្លូវណានោះ ទេ ។ ខ្ញុំពិតជាពុំបានមើលឃើញអំពីចំណុចនានាដែលតភ្ជាប់គ្នានៅពីមុខខ្ញុំឡើយ ។
ប៉ុន្តែខ្ញុំបានទុកចិត្តលើព្រះ ។ ខ្ញុំបានស្ដាប់ពាក្យទូន្មានរបស់គ្រួសារជាទីស្រឡាញ់ និងមិត្តដ៏ឈ្លាសវៃ ហើយបោះជំហានបន្តិចម្ដងៗដោយសេចក្ដីជំនឿ ដោយជឿថា ប្រសិនបើខ្ញុំធ្វើឲ្យអស់ពីលទ្ធភាពនៅគ្រានោះ ព្រះនឹងធ្វើអ្វីដែលនៅសេសសល់ ។
ទ្រង់បានធ្វើមែន ។
ទ្រង់បានជ្រាបតាំងពីដើមដល់ចប់ ប៉ុន្តែខ្ញុំពុំបានដឹងទេ ។
ខ្ញុំពុំអាចមើលឃើញពីអនាគតឡើយ ប៉ុន្តែទ្រង់អាច ។
សូម្បីតែ នៅក្នុងគ្រាលំបាកទាំងនោះដែលខ្ញុំបានគិតថា ខ្ញុំត្រូវគេបោះបង់ចោល នោះទ្រង់គង់នឹងខ្ញុំ—ខ្ញុំមើលឃើញការណ៍នោះនៅពេលនេះ ។
នៅក្នុងសុភាសិត យើងរកឃើញការសន្យាដ៏ធំនេះថា « ទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ។ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង » ។៥
ខ្ញុំមិនជឿថា មានសញ្ញាសួរនៅចុងបញ្ចប់នៃខគម្ពីរនោះទេ ។
ទេ ខ្ញុំគិតថា វាគួរតែជាឧទានសញ្ញាវិញ !
ដូច្នេះបងប្អូនត្រូវសួរខ្លួនឯងថា « តើខ្ញុំអាចមានជំនឿគ្រប់គ្រាន់ដើម្បីជឿលើព្រះបានដែរឬទេ ? តើខ្ញុំនឹងយល់ព្រមទុកចិត្តថា ទ្រង់ស្រឡាញ់ខ្ញុំ ហើយសព្វព្រះទ័យដឹកនាំផ្លូវរបស់ខ្ញុំដែរឬទេ ? »
ពិតណាស់ បងប្អូនអាចធ្វើកិច្ចការជាច្រើនដោយខ្លួនបាន ។ ប៉ុន្តែខ្ញុំសូមជម្រុញបងប្អូនឲ្យជឿថា ជីវិតរបស់បងប្អូននឹងកាន់តែប្រសើរឡើង ប្រសិនបើបងប្អូនពឹងផ្អែកលើព្រះ ឲ្យដឹកនាំផ្លូវរបស់បងប្អូន ។ ទ្រង់ជ្រាបកិច្ចការទាំងឡាយដែលបងប្អូនមិនអាចដឹង ហើយទ្រង់បានរៀបចំអនាគតសម្រាប់បងប្អូន ដែលបងប្អូនពុំអាចនឹកស្រមៃដល់ ។ សាវកប៉ុលដ៏អស្ចារ្យបានថ្លែងទីបន្ទាល់ថា « សេចក្តីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្តីនោះឯងដែលព្រះបានរៀបចំទុក សម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់ » ។៦
តើបងប្អូនចង់ឲ្យព្រះវរបិតាសួគ៌ដឹកនាំបងប្អូន ប្រទានពរបងប្អូន ហើយគាំទ្របងប្អូនដែរឬទេ ?
ដូច្នេះ សូមជឿ ។
សូមស្រឡាញ់ទ្រង់ ។
សូមស្វែងរកទ្រង់ឲ្យអស់ពីដួងចិត្តរបស់បងប្អូន ។
សូមដើរលើមាគ៌ាទ្រង់—មានន័យថា ការគោរពបទបញ្ញត្តិទាំងឡាយ ការគោរពសេចក្ដីសញ្ញារបស់បងប្អូន ការធ្វើតាមការបង្រៀនរបស់ពួកព្យាការី និងការស្ដាប់តាមការបំផុសគំនិតពីព្រះវិញ្ញាណ ។
សូមធ្វើកិច្ចការនេះ ហើយព្រះនឹងចម្រើនដល់បងប្អូនច្រើនជាង « ១ពាន់ដងទៅទៀតចុះ ហើយប្រទានពរ ដូចជាទ្រង់បានមានព្រះបន្ទូលនឹង[បងប្អូន]ដែរ » !៧
យើងឆ្លើយទៅកាន់ព្រះ
ខ្ញុំយល់ថា សម្រាប់បងប្អូនខ្លះ កិច្ចការនេះទំនងជាងាយស្រួលក្នុងការនិយាយ ប៉ុន្តែវាពិបាកធ្វើ ។ ខ្ញុំយល់ស្របថា ក្នុងវប្បធម៌សព្វថ្ងៃនេះ បងប្អូនពុំចាំបាច់ទៅឆ្ងាយនៅដើម្បីស្ដាប់ឮសំឡេងជំទាស់ដែលបំបាក់ទឹកចិត្ត ឬចំអកដល់ជំនឿលើព្រះ និងដល់សាសនារបស់យើងជាក់លាក់ឡើយ ។
សំឡេងទាំងនេះមានការកើនឡើងនៅក្នុងជំនាន់របស់យើង តាមរយៈភាពជឿនលឿនដែលពុំធ្លាប់មាននៅក្នុងការប្រាស្រ័យទាក់ទង ។
នោះគឺជាការប្រឈមរបស់បងប្អូន ។ ប៉ុន្តែវាក៏ឯកសិទ្ធិរបស់បងប្អូនដែរ ។
ខ្ញុំជឿជាក់ថា បងប្អូននឹងរកឃើញមធ្យោបាយដើម្បីតតាំងតាមរបៀបរបស់ព្រះអម្ចាស់ !
វាគឺជាផ្នែកនៃដំណើរផ្សងព្រេងក្នុងជីវិតរមែងស្លាប់របស់បងប្អូន ។ របៀបដែលបងប្អូនធ្វើវានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់អនាគតរបស់បងប្អូន និងផ្នែកដែលបងប្អូនមាននៅក្នុងកិច្ចការរបស់ព្រះនៅលើផែនដីនេះ ។
ទោះជាយ៉ាងណា អ្វីដែលបងប្អូនកំពុងដកពិសោធន៍នៅក្នុងជីវិតនេះពុំមែនអស្ចារ្យទាំងអស់នោះទេ ។ ជំនាន់របស់បងប្អូនពុំមែនជាជំនាន់តែមួយគត់ដែលសេចក្ដីជំនឿលើព្រះត្រូវជួបនឹងការប្រឈម និងការសើចចំអកនោះទេ ។ ពិតណាស់ ការណ៍នេះទំនងជាផ្នែកមួយនៃការសាល្បងក្នុងជីវិតរមែងស្លាប់សម្រាប់បុត្រាបុត្រីទាំងអស់របស់ព្រះ ។
ព្រះយេស៊ូវបានមានបន្ទូលទៅពួកសិស្សរបស់ទ្រង់ថា « បើអ្នករាល់គ្នាជារបស់ផងលោកីយ៍ នោះលោកីយ៍នឹងស្រឡាញ់អ្នករាល់គ្នា តែដោយព្រោះខ្ញុំបានរើសចេញពីលោកីយ៍មក ហើយអ្នករាល់គ្នាមិនមែនជារបស់ផងលោកីយ៍ទៀត នោះបានជាលោកីយ៍ស្អប់អ្នករាល់គ្នាវិញ» ។៨
បងប្អូនអាចនឹងទទួលយកភាពស្រដៀងគ្នានោះផងដែរថា នៅពេលបងប្អូនធ្វើការតាំងចិត្តដើម្បីធ្វើតាមព្រះអង្គសង្គ្រោះ នោះអស់អ្នកដែលបានរស់នៅក្នុងអគារដ៏ធំ ហើយទូលាយនឹងបដិសេធ—ពេលខ្លះ បានស្រែកឡើងយ៉ាងខ្លាំង ។៩ ពួកគេថែមទាំងអាចនឹងល្បងធ្វើបាបដល់បងប្អូន ហើយធ្វើឲ្យបងប្អូនខ្មាស់អៀនទៀតផង ។
ប៉ុន្តែសូមចាំថា បងប្អូនពុំឆ្លើយទៅកាន់ពួកគេនោះទេ ។ បងប្អូនឆ្លើយទៅកាន់ព្រះ ។ នៅថ្ងៃមួយ បងប្អូននឹងឈរនៅចំពោះទ្រង់ដើម្បីរៀបរាប់អំពីជីវិតរបស់បងប្អូន ។
ទ្រង់នឹងសួរអំពីអ្វីដែលបងប្អូនបានធ្វើដើម្បីយកឈ្នះលើការល្បួងនៃលោកិយនេះ ហើយធ្វើតាមមាគ៌ានៃសេចក្ដីសុចរិត ។ ទ្រង់នឹងសួរថាតើបងប្អូនបានធ្វើតាមព្រះអង្គសង្គ្រោះដែរឬទេ តើបងប្អូនបានស្រឡាញ់អ្នកជិតខាងរបស់បងប្អូនដែរឬទេ តើបងប្អូនបានខិតខំដោយស្មោះដើម្បីបន្តដើរនៅលើមាគ៌ានៃភាពជាសិស្សដែរឬទេ ។
មិត្តវ័យក្មេង និងបងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ បងប្អូនមិនអាចដើរនៅលើផ្លូវទាំងពីរនោះបានទេ ។ បងប្អូនមិនអាចទទួលពរជ័យដ៏ច្រើនឥតគណនានៃភាពជាសិស្សបានទេ កាលកំពុងរក្សាកំណត់ត្រាសមាជិកភាពរបស់បងប្អូននៅក្នុងវួដបាប៊ីឡូទីមួយនោះ ។ បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ឥឡូវនេះគឺជាពេលដើម្បីតាំងចិត្តចំពោះព្រះគ្រីស្ទ ហើយដើរតាមមាគ៌ារបស់ទ្រង់ ។
នៅថ្ងៃមួយ រាល់បុត្រាបុត្រីរបស់ព្រះនឹងដឹងរឿងត្រឹមត្រូវ—រួមទាំងអ្នកដែលចំអកដល់សេចក្ដីពិតនៅពេលនេះផងដែរ ។ ពួកគេនឹងលុតជង្គង់ចុះ ហើយសារភាពថា ព្រះយេសូវ គឺជាព្រះគ្រីស្ទ ជាព្រះដ៏ប្រោសលោះ ជាព្រះអង្គសង្គ្រោះនៃពិភពលោក ។១០ ពួកគេនឹងដឹងថា ទ្រង់បានសុគតជំនួសពួកគេ ។
នៅថ្ងៃនោះ វានឹងបង្ហាញយ៉ាងច្បាស់ថា មានតែព្រះសូរសៀងទ្រង់ប៉ុណ្ណោះដែលសំខាន់ ។
បងប្អូននឹងដឹងយ៉ាងប្រាកដថា បងប្អូនមានពរប៉ុណ្ណា ដោយសារតែបងប្អូនបានរក្សាសេចក្ដីជំនឿ គោរពបទបញ្ញត្តិរបស់ព្រះ បានបម្រើមនុស្សដទៃទៀត ហើយបានស្ថាបនានគរព្រះនៅលើផែនដីនេះ ។ មិត្តជាទីស្រឡាញ់របស់ខ្ញុំអើយ សូមជឿ—ហើយព្រះនឹងគង់ជាមួយបងប្អូន ។ សូមបង្វែរចិត្តបងប្អូនមករកទ្រង់ ហើយទ្រង់នឹងដឹកនាំបងប្អូននៅក្នុងដំណើរឆ្លងកាត់ដំណើរផ្សងព្រេងដ៏ធំ និងរំភើបនៃជីវិតរមែងស្លាប់នេះ ។
វាមិនសំខាន់ដល់យើងឡើយ
ឥឡូវនេះ នៅពេលយើងនិយាយអំពីការអនុញ្ញាតឲ្យព្រះដឹកនាំជីវិតរបស់យើង ខ្ញុំចង់បញ្ជាក់រឿងមួយ ។ បងប្អូនអាចមិនចូលចិត្តអ្វីដែលខ្ញុំនឹងប្រាប់ដល់បងប្អូនទេ ។ នៅពេលបងប្អូនទូលសួរព្រះថាត្រូវធ្វើអ្វីចំពោះការសម្រេចចិត្តនៅក្នុងជីវិតរបស់បងប្អូន—រួមទាំង ការសម្រេចចិត្តសំខាន់ៗមួយចំនួន—ទ្រង់ប្រហែលជានឹងមិនប្រទានចម្លើយយ៉ាងច្បាស់មួយដល់បងប្អូនឡើយ ។ ការពិតនោះគឺថា ពេលខ្លះ វាមិនសំខាន់ចំពោះព្រះអម្ចាស់ឡើយ ថាបងប្អូនសម្រេចចិត្តយ៉ាងណានោះ ដរាបណាបងប្អូនបន្តនៅក្នុងសេចក្ដីសញ្ញា និងគោលការណ៍សំខាន់ៗនៃដំណឹងល្អ ។
នៅក្នុងករណីជាច្រើន ការសម្រេចចិត្តដែលបងប្អូនធ្វើអាចនឹងមិនសំខាន់ដូចជាអ្វីដែលបងប្អូនធ្វើ បន្ទាប់ពីធ្វើការសម្រេចចិត្តនោះឡើយ ។
ឧទាហរណ៍ ស្វាមីភរិយាមួយគូជ្រើសយកការរៀបការ ទោះជាសមាជិកគ្រួសាររបស់ពួកគេមួយចំនួន ពុំបានគិតថា ពួកគេមិនស័ក្ដិសមនឹងគ្នាក្ដី ។ ប៉ុន្តែ ខ្ញុំមានសេចក្ដីសង្ឃឹមយ៉ាងខ្លាំងសម្រាប់ស្វាមីភរិយាបែបនេះ ប្រសិនបើពួកគេបានបន្តតាំងចិត្តទាំងស្រុងចំពោះគ្នា និងចំពោះព្រះអម្ចាស់ដោយអស់ពីដួងចិត្ត និងគំនិតរបស់ពួកគេ បន្ទាប់ពីការសម្រេចចិត្តនោះបានធ្វើឡើង ។ តាមរយៈការប្រព្រឹត្តិចំពោះគ្នាដោយសេចក្ដីស្រឡាញ់ និងសន្ដានចិត្តល្អ និងដោយផ្ដោតលើតម្រូវការខាងអារម្មណ៍ ខាងវិញ្ញាណ និងសាច់ឈាមពីគ្នាទៅវិញទៅមក—តាមរយៈការធ្វើកិច្ចការ « តូចៗ » ជាទៀងទាត់—ពួកគេក្លាយជាគូដែលសក្ដិសមគ្នាបំផុត ។
ផ្ទុយទៅពីនេះវិញគឺ ស្វាមីភរិយាដែលគិតថា ពួកគេបានរើសមនុស្ស « ល្អឥតខ្ចោះ »គេសន្មត់ថា បន្ទុកលំបាកៗទាំងអស់បានបញ្ចប់ហើយ ។ ប្រសិនបើពួកគេឈប់ធ្វើការសាសង ហើយឈប់ប្រាស្រ័យទាក់ទងនឹងគ្នា ហើយបានវិលត្រឡប់ទៅរក អហង្ការនិយម និងជីវិតដែលផ្ដោតលើខ្លួនឯង—ស្វាមីភរិយារូបនេះកំពុងធ្វើដំណើរនៅលើផ្លូវដែលអាចនឹងនាំទៅរកភាពសោកសៅ និងភាពសោកស្ដាយ ។
គោលការណ៍ដូចគ្នានេះអនុវត្តនៅក្នុងជម្រើសការងារផងដែរ ។ ខ្ញុំមានសង្ឃឹមច្រើនចំពោះអ្នកដែលបានការងារដែលមានក្ដីស្រមៃតិចតួច ប៉ុន្តែជាអ្នកដែលធ្វើអស់ពីលទ្ធភាព ដើម្បីរកវិធីធ្វើឲ្យការងារពួកគេមានចំណាប់អារម្មណ៍ ហើយមានការប្រឈម ។
ខ្ញុំមានសង្ឃឹមតិចចំពោះអស់អ្នកដែលជ្រើសការងារធំៗ ប៉ុន្តែបាត់បង់អារម្មណ៍ដែលចាំបាច់ដើម្បីធ្វើឲ្យពួកគេបានទទួលការងារជោគជ័យ ។ ពិតណាស់ ការសម្របខ្លួនដ៏ល្អទៅនឹងការផ្លាស់ប្ដូរក្នុងកន្លែងការងារ គឺជាឥរិយាបថដ៏ប្រពៃមួយដែលជំនាន់របស់បងប្អូននឹងត្រូវធ្វើការអភិវឌ្ឍដើម្បីឲ្យត្រូវនឹងពេលអនាគត ។
ដូច្នេះ តើព្រះអម្ចាស់សព្វព្រះទ័យឲ្យបងប្អូនធ្វើការសម្រេចចិត្តសំខាន់ៗតាមរបៀបណា ?
សេចក្ដីបង្គាប់របស់ទ្រង់ទៅកាន់អូលីវើរ ខៅឌើរី និងយ៉ូសែប បានជួយខ្ញុំយ៉ាងច្រើន ។ ព្រះអម្ចាស់បានមានបន្ទូលប្រាប់ពួកលោកថា « អ្នកត្រូវសិក្សាក្នុងគំនិតរបស់ អ្នក រួចហើយ អ្នកត្រូវសូមដល់យើង បើសិនជាការណ៍នោះត្រឹមត្រូវ »។១១
ព្រះវរបិតាសួគ៌បានប្រទានគំនិត និងបេះដូងដល់បងប្អូន ។ ប្រសិនបើ បងប្អូនទុកចិត្តលើព្រះអម្ចាស់ ទ្រង់នឹងជួយបងប្អូនឲ្យប្រើវាយ៉ាងត្រឹមត្រូវនៅក្នុងការសម្រេចចិត្តរបស់បងប្អូន ។
ចំពោះការសម្រេចចិត្តជាច្រើន បងប្អូនមានជម្រើសល្អៗច្រើនជាងមួយដើម្បីជ្រើសរើស ។ នៅពេលការណ៍នេះកើតឡើងចំពោះយ៉ូសែប និងដៃគូរបស់លោក ព្រះអម្ចាស់បានប្រើឃ្លាដ៏គួរឲ្យចាប់អារម្មណ៍មួយ នៅពេលពួកលោកបានស្វែងរកការដឹកនាំរបស់ទ្រង់ ។ ឃ្លានោះគឺ « វាមិនសំខាន់ដល់យើងឡើយ » ។១២
ប៉ុន្តែភ្លាមនោះ ព្រះអម្ចាស់បានបន្ថែមទៀតថា « គ្រាន់តែមានចិត្តស្មោះត្រង់ » ។១៣
កិច្ចការរបស់បងប្អូនគឺត្រូវធ្វើការសម្រេចចិត្តដ៏ល្អបំផុតដោយផ្អែកលើព័ត៌មានដែលបងប្អូនមាន ចាក់គ្រឹះលើគុណតម្លៃ និងគោលការណ៍នៃដំណឹងល្អ ។ បន្ទាប់មក ខិតខំឲ្យអស់ពីកម្លាំងដើម្បីទទួលបានជោគជ័យនៅក្នុងកិច្ចការដែលបងប្អូនចាប់ផ្ដើមធ្វើ—ហើយត្រូវស្មោះត្រង់ ។
សូមធ្វើកិច្ចការនោះ ហើយចំណុចទាំងឡាយនឹងតភ្ជាប់គ្នា ។
ប្រហែលវាគឺជាខកបំណងដែលស្ដាប់ឮថា ព្រះនឹងពុំប្រទានព័ត៌មានលម្អិតអំពីដំណើរជីវិតរបស់បងប្អូននោះ ។ ប៉ុន្តែ តើបងប្អូនពិតជាចង់ទទួលបានការដឹកនាំជាលម្អិតនៅក្នុងជីវិតរបស់បងប្អូនមែនទេ ?
តើបងប្អូនពិតជាចង់ឲ្យមនុស្សម្នាក់ឲ្យលេខកូដក្លែងបន្លំអំពីជីវិតដល់បងប្អូន ពីមុនបងប្អូនមានឱកាសដឹងវាដោយខ្លួនឯងមែនទេ ? តើនឹងមានការផ្សងព្រេងប្រភេទណាខ្លះទៅ ?
មិត្តវ័យក្មេងជាទីស្រឡាញ់របស់ខ្ញុំអើយ បងប្អូនឆ្លងកាត់ដំណើរផ្សងព្រេងនៃជីវិតរមែងស្លាប់នេះតែម្ដងប៉ុណ្ណោះ ។ តើការយល់ដឹងអំពីកិច្ចការមួយដែលបានរៀបចំឡើងដាច់ដោយឡែកពីគ្នា រួមបញ្ចូលទាំងអ្វីដែលនឹងកើតមាននៅអនាគត និងចម្លើយចំពោះសំណួរដ៏ធំនៃជីវិតនឹងមិនដកយកអារម្មណ៍ដ៏ធំរបស់បងប្អូនអំពីការសម្រេចបាន និងការកើនឡើងនៃទំនុកចិត្តរបស់បងប្អូន១៤លើព្រះអម្ចាស់ និងខ្លួនឯងទេឫអី ?
ដោយសារព្រះបានប្រទានសិទ្ធិជ្រើសរើសដល់បងប្អូន មានទិសដៅជាច្រើនដែលបងប្អុនអាចជ្រើសរើសនឹងទៅ ហើយនៅតែដឹកនាំទៅរកជីវិតមួយពេញលេញ ។ ជីវិតរមែងស្លាប់គឺជាដំណើររឿងផ្សងព្រេងដែលបងប្អូនជ្រើសរើសដោយខ្លួនឯងយ៉ាងសេរី ។ បងប្អូនមានបទបញ្ញត្តិ មានសេចក្ដីសញ្ញា មានការប្រឹក្សាដ៏បំផុសគំនិតពីព្យាការី ហើយមានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ វាច្រើនល្មមគ្រប់គ្រាន់ដើម្បីដឹកនាំបងប្អូនទៅរកសុភមង្គលក្នុងជីវិតនេះ និងអំណរដ៏នៅអស់កល្ប ។ លើសពីនោះទៀត សូមកុំអស់សង្ឃឹម ប្រសិនបើបងប្អូនបានធ្វើការសម្រេចចិត្តមួយចំនួនដែលពុំបានល្អឥតខ្ចោះនោះ ។ នោះគឺជារបៀបដែលបងប្អូនរៀនសូត្រ ។ នោះគឺជាផ្នែកមួយនៃដំណើរផ្សងព្រេងនេះ !
មែនហើយ ដំណើរផ្សងព្រេងទាំងឡាយពុំដំណើរការយ៉ាងរលូនតាំងពីដើមរហូតដល់ចប់នោះទេ ប៉ុន្តែប្រសិនបើបងប្អូនស្មោះត្រង់ បងប្អូនអាចទទួលបានចុងបញ្ចប់ដ៏រីករាយមួយ ។ សូមពិចារណាអំពីគំរូរបស់យ៉ូសែបនៅស្រុកអេស៊ីព្ទ ។ ជីវិតរបស់គាត់ជួបគ្រោះមហន្តរាយជាច្រើន ។ គាត់បងប្រុសរបស់គាត់យកទៅលក់ ឲ្យធ្វើជាទាសករ ។ គាត់បានជាប់ឃុំឃាំងដោយសារបទឧក្រិដ្ឋដែលគាត់ពុំបានប្រព្រឹត្ត ។ ទោះជាគាត់ជួបស្ថានភាពដ៏អាក្រក់ទាំងនោះក្ដី ក៏គាត់នៅតែរក្សាសេចក្ដីជំនឿរបស់គាត់ ។ គាត់បានទុកចិត្តលើព្រះ ។ គាត់បានខិតខំយ៉ាងអស់ពីលទ្ធភាព ។ ពីមួយឆ្នាំទៅមួយឆ្នាំ—សូម្បីតែពេលដែលគាត់ត្រូវបានគេមើលរំលង ឬបោះបង់ចោលក្ដី—ក៏គាត់នៅជឿ ។ យ៉ូសែបតែងតែបង្វែរដួងចិត្តគាត់ទៅរកព្រះ ។ ហើយព្រះបានបង្ហាញថា ទ្រង់អាចបង្វែររឿងអវិជ្ជមានឲ្យទៅជារឿងវិជ្ជមានវិញ ។១៥
នៅថ្ងៃនេះ ប្រមាណជា ៤,០០០ ឆ្នាំក្រោយមក យើងនៅតែទទួលបានការបំផុសគំនិតមកពីដំណើររឿងរបស់យ៉ូសែប ។
ដំណើរផ្សងព្រេងរបស់បងប្អូនប្រហែលជាមិនរំជើបរំជួលដូចជាយ៉ូសែបទេ ប៉ុន្តែវានឹងមាននូវពេលរីករាយ និងពេលសោកសៅ ។ ដូច្នេះ សូមចងចាំអំពីគំរូរបស់យ៉ូសែបថា សូមបន្តស្មោះត្រង់ ។ សូមជឿ ។ សូមស្មោះត្រង់ ។ សូមកុំខឹង ។ សូមកុំធ្វើជាមនុស្សដែលសើចចំអក ។ ស្រឡាញ់ព្រះ ស្រឡាញ់បងប្អូនរបស់អ្នក ។ សូមទុកចិត្តព្រះអម្ចាស់ សូម្បីតែពេលដែលរឿងទាំងឡាយមើលទៅមានភាពក្រៀមក្រំក្ដី ។
បងប្អូនប្រហែលជាមិនឃើញវាទេ រហូតដល់ពេលក្រោយមកទៀត ប៉ុន្តែបងប្អូននឹងក្រឡេកមើលក្រោយ ហើយដឹងថា ព្រះអម្ចាស់ពិតជាបានដឹកនាំ ហើយបង្ហាញផ្លូវរបស់បងប្អូនមែន ។
ចំណុចទាំងឡាយពិតជាបានតភ្ជាប់គ្នា ។
រឿងប្រាំយ៉ាងដែលត្រូវចងចាំ
ដូច្នេះ តើខ្ញុំសង្ឃឹមថា បងប្អូននឹងចងចាំអ្វីខ្លះមកពីការពិភាក្សារបស់យើងនៅថ្ងៃនេះ ?
ទីមួយ សូមដឹងថា ចម្លើយរបស់ព្រះចំពោះសំណួរដ៏សំខាន់ដែលបងប្អូនមាន អាចនឹងត្រូវការពេលវេលាបន្តិច ហើយវាអាចនឹងកើតមានតាមវិធីដែលបងប្អូនមិនបានរំពឹងទុក ។ ចម្លើយរបស់ព្រះមានតម្លៃអស់កល្បជានិច្ច ។ វាមានតម្លៃដើម្បីរង់ចាំ ។
ទីពីរ សូមមានសេចក្ដីជំនឿបន្តិចទៀត ។ សូមបង្វែរដួងចិត្តរបស់បងប្អូនទៅរកព្រះ ។ សូមជឿថា បងប្អូនមានសារៈសំខាន់ចំពោះព្រះ ហើយសូមទុកចិត្តថា ទ្រង់នឹងពង្រីកសមត្ថភាពបងប្អូន ច្រើនជាងអ្វីដែលបងប្អូនអាចធ្វើដោយខ្លួនឯងទៅទៀត ។ សូមរៀនអំពីទ្រង់ ។ សូមស្រឡាញ់ទ្រង់ ។ សូមជឿទ្រង់ ។ ទូលទៅកាន់ទ្រង់ជាទៀងទាត់ ដោយចេតនាពិត ។ សូមស្ដាប់ព្រះសូរសៀងទ្រង់ ។
ទីបី សូមដើរឲ្យល្អបំផុតនៅលើផ្លូវនៃភាពជាសិស្ស ។ សូមកុំមានការថប់បារម្ភ ។ សូមធ្វើកិច្ចការតូចៗឲ្យបានល្អឥតខ្ចោះតាមដែលបងប្អូនអាចធ្វើបាន នោះកិច្ចការធំៗនឹងមកតាមក្រោយ ។
ទីបួន សូមកុំបណ្ដោយឲ្យសំឡេងនានាដែលបំបាក់ទឹកចិត្តឃាត់បងប្អូនពីការធ្វើដំណើរដោយសេចក្ដីជំនឿ ។ សូមចាំថា បងប្អូនមិនឆ្លើយទៅពួកអ្នករិះគន់បងប្អូនឡើយ ។ បងប្អូនឆ្លើយចំពោះព្រះវរបិតារបស់បងប្អូនដែលគង់នៅស្ថានសួគ៌ ។ គុណតម្លៃរបស់ទ្រង់ត្រូវបានរាប់ ។
ទីប្រាំ ធ្វើការសម្រេចចិត្តដ៏ល្អបំផុតដែលបងប្អូនអាចធ្វើទៅបាន ដោយការធ្វើតាមការបំផុសគំនិត ដែលកើតមាននៅក្នុងដួងចិត្ត និងគំនិតរបស់បងប្អូន ។ សូមធ្វើឲ្យអស់ពីលទ្ធភាពដើម្បីធ្វើតាម ។ សូមមានសេចក្ដីជំនឿ ហើយព្រះនឹងញែកការខិតខំដ៏ស្មោះត្រង់របស់បងប្អូនសម្រាប់សេចក្ដីល្អដ៏អស់កល្បជានិច្ចរបស់បងប្អូនឲ្យបរិសុទ្ធ ។១៦
សូមធ្វើកិច្ចការនេះ ហើយនៅចុងបញ្ចប់ អ្វីទាំងអស់នឹងបានប្រសើរឡើង ។
ខ្ញុំសូមបន្សល់ពរជ័យរបស់ខ្ញុំនៅថ្ងៃនេះ នៅដើមឆ្នាំថ្មីនេះថា នៅពេលបងប្អូនខិតខំដោយស្មោះដើម្បីស្គាល់ព្រះរបស់បងប្អូន នោះសេចក្ដីជំនឿរបស់បងប្អូននឹងកើនឡើង ។ នៅពេលបងប្អូនខិតខំធ្វើតាមព្រះអង្គសង្គ្រោះរបស់បងប្អូន នោះទំនុកចិត្តរបស់បងប្អូននឹងកើនឡើង ។១៧ ហើយនៅពេលបងប្អូនដើរក្នុងភាពស្មោះត្រង់ ហើយដួងចិត្តរបស់បងប្អូនទៅរកពន្លឺនៃព្រះគ្រីស្ទ នោះសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះព្រះនឹងមានភាពចាស់ទុំ ហើយសមត្ថភាពរបស់បងប្អូនដើម្បីស្រឡាញ់អ្នកជិតខាងនឹងប្រសើរឡើង ។
ហើយកិច្ចការទាំងនេះនឹងនាំយកសុភមង្គល និង អំណរដល់បងប្អូន ។
វានឹងនាំយកភាពសុខសាន្តឲ្យបងប្អូន ។
នៅថ្ងៃ មួយ វានឹងនាំសិរីល្អដ៏អស់កល្បដល់បងប្អូន ។
នៅថ្ងៃនាពេលអនាគតនោះ បងប្អូននឹងក្រឡេកមកមើលដំណើរផ្សងព្រេងដ៏រីករាយ និងរំភើបនៃជីវិតរមែងស្លាប់នេះ ហើយបងប្អូននឹងយល់ ។ បងប្អូននឹងឃើញថា ចំណុចទាំងឡាយពិតបានតភ្ជាប់គ្នាក្នុងគន្លងមួយដ៏ស្រស់ស្អាត ល្អជាងអ្វីដែលបងប្អូនអាចនឹកស្រមៃដល់ទៅទៀត ។ ដោយមានអំណរគុណដែលពុំអាចថ្លែងបាន បងប្អូននឹងឃើញថា ព្រះតែងឃុំគ្រងបងប្អូន ប្រទានពរដល់បងប្អូន ហើយបង្ហាញផ្លូវបងប្អូន ដើរទៅរកទ្រង់ ដោយសេចក្ដីស្រឡាញ់ ព្រះគុណ និងសេចក្ដីមេត្តាករុណាដ៏ធំធេងរបស់ទ្រង់ ។
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីការណ៍នេះ ហើយប្រទានពរខ្ញុំដល់បងប្អូនក្នុងនាមជាសាវកនៃព្រះអម្ចាស់ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃលោកចៅហ្វាយរបស់យើង នៅ ក្នុងព្រះនាមនៃព្រះអង្គប្រោសលោះ និងព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2018 by Intellectual Reserve, Inc. All rights reserved. អនុមតិជាភាសាអង់គ្លេស ៖ ៩/១៧ ។ អនុមតិការបកប្រែ ៖ ៩/១៧ ។ ការបកប្រែនៃ « The Adventure of Mortality » ។ Cambodian ។ PD60005038 258