ការប្រជុំ​ធម្មនិដ្ឋាន​ឆ្នាំ ២០១៨
បងប្អូន​គឺជា​អ្នក​ដឹកនាំ


បងប្អូន​គឺជា​អ្នក​ដឹកនាំ

ជំនួប​ជាមួយ​នឹង​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក• ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ​២០១៨• មជ្ឈមណ្ឌល​សន្និសីទ

បងប្អូន​ប្រុស​ស្រី និង​មិត្តយុវវ័យ​ជា​ទី​ស្រឡាញ់ !

ប្អូនៗ​អស្ចារ្យ​ណាស់ ។ ប្អូនៗ ស្រស់​ស្អាត​ណាស់ ។ អូន​ពូកែ​ណាស់ ។ អស្ចារ្យ​មែន ! ខ្ញុំ​ចង់​ឱប​បងប្អូន​ម្នាក់ៗ ។

កាល​ពី​សប្ដាហ៍​មុន​នេះ គឺ​ជា​គ្រា​មួយ​ដ៏​សោក​សៅ និង​អំណរ​គុណ ។ ខ្ញុំ​ស្រឡាញ់​ប្រធាន ម៉នសុន ។ ខ្ញុំ​នឹង​នឹក​លោក ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ច្បាស់​ថា លោក​រីករាយ​ដើម្បី​នៅ​ជុំ​គ្នា​នឹង​ហ្វ្រែនស៊ីស ដែល​ជា​ដៃគូ​អស់កល្បជានិច្ច​របស់​លោក​ម្ដងទៀត ។

វា​គឺជា​ដ៏​ល្អ​ណាស់​ដែល​ជួប​បងប្អូន​នា​ថ្ងៃ​នេះ ។ ខ្ញុំ​ក៏​ចូល​ចិត្ត​នៅ​ជាមួយ​នឹង​សាវក​សំណព្វ​របស់​ខ្ញុំ​ផងដែរ ។ ខ្ញុំ​ដឹង​ថា យើង​មិន​គួរ​ចូល​ចិត្ត​សាវក​រូប​ណា​ជាង​រូប​ណា​នោះ​ឡើយ ។ ប៉ុន្តែ​ក្នុង​ករណី​របស់​ខ្ញុំ វា​ដូចជា​មិន​ថ្វី​ទេ ដោយសារ​ខ្ញុំ​បាន​រៀប​ការ​នឹង​គាត់ ។

ពួក​យើង​ទើប​តែ​ធ្វើ​ពិធី​ខួប​អាពាហ៍​ពិពាហ៍​គម្រប់ ៥៥ ឆ្នាំ​របស់​យើង ហើយ​យើង​នៅ​តែ​ស្រឡាញ់​គ្នា !

ពិភាក្សា​អំពី​ផល​ផ្លែ​នៃ​ដំណឹងល្អ ! នៅ​ពេល​យើង​ទទួល​សារ​នៃ សេចក្ដី​ស្រឡាញ់ និង​ការ​អបអរ​សាទរ​សម្រាប់​គ្រា​នេះ​មកពី​ចៅ និង​ចៅទួត​របស់​យើង នោះ​យើង​ដឹង​អំពី​ពរជ័យ​ដ៏​ធំ​ធេង​នៃ​សមាជិកភាព​ក្នុង​សាសនាចក្រ និង​ដំណឹងល្អ ។

ចំពោះ​បងប្អូន​ដែល​នៅ​លីវ បាន​លែង​លះ គ្នា ឬ​រស់​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​ជួប​បញ្ហា​ពិបាក សូម​ដឹង​ថា ព្រះ​ស្គាល់ ហើយ​ស្រឡាញ់​បងប្អូន ហើយ​នៅ​ពេល​បងប្អូន​បន្ត​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​បងប្អូន នោះ​អំណរ​នៃ​ជីវិត​គ្រួសារ​នឹង​កើត​មាន​ចំពោះ​បងប្អូន ។ ខ្ញុំ​ពុំ​ដឹង​ថា វា​កើត​ឡើង​យ៉ាង​ណា​ទេ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ដឹង​ថា ព្រះគុណ សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​មាន​គ្រប់​គ្រាន់​សម្រាប់​យើង​ទាំងអស់​គ្នា ។ ទ្រង់​នឹង​ធ្វើ​ឲ្យ​វា​កើត​ឡើង​ស្រប​តាម​របៀប និង​កាល​វេលា​របស់​ទ្រង់ ។

ឌៀថើរ និង​ខ្ញុំ​បាន​ធំ​ដឹង​ក្ដី​ឡើង​នៅ​ក្នុង​សាខា​ជាមួយ​គ្នា​នៅ​ទីក្រុង​ហ្វ្រេងហ្វ៊ឺត ប្រទេស​អាល្លឺម៉ង់ ។ ខ្ញុំ​បាន​ដឹង​ថា គាត់​បាន​លួច​ស្រឡាញ់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ពុំ​បាន​ចាប់​អារម្មណ៍​លើ​គាត់​ទេ ។ គាត់​គឺជា​មនុស្ស​ល្អ ហើយ​យើង​គឺជា​មិត្ត​នឹង​គ្នា ។ យើង​ហាត់​រាំ​ជាមួយ​គ្នា​នៅ​ឯ​សកម្មភាព​របស់​សាសនាចក្រ ។ វា​គឺជា​សម័យ​ពេញ​និយម​នៃ​ចង្វាក់ ហ្វកត្រូត, ប៊ូហ្គី-វ៉ូហ្គី និង រ៉ក់ អែន រ៉ូល ។

បន្ទាប់​ពី​គាត់​បាន​ចូល​ក្នុង​ទ័ព​អាកាស​ដើម្បី​ក្លាយ​ជា​អ្នក​បើក​យន្ត​ហោះ ខ្ញុំ​ពុំ​បាន​ឃើញ​គាត់​ជិត​ពីរ​ឆ្នាំ ។ និយាយ​ឲ្យ​ស្មោះ​ចុះ នៅ​ពេល​គាត់​ត្រឡប់​មក​ទីក្រុង​ហ្វ្រេងហ្វឺត​វិញ ខ្ញុំ​ពុំ​សូម​មាន​ចំណាប់អារម្មណ៍​លើ​គាត់​ប៉ុន្មាន​ទេ ។ គាត់​មាន​រូបរាង​ដូចជា​បុរស​នៅ​ក្នុង​ខ្សែ​ភាព​យន្ត Top Gun ។

ប៉ុន្តែ​នៅ​ពេល​គាត់​មក​និយាយ​នឹង​ខ្ញុំ ខ្ញុំ​មាន​ការ​ស្ងើច​សរសើរ ពិត​ណាស់​គាត់​មាន​ភាព​ចាស់ទុំ​ច្រើន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​នោះ ។ គាត់​បាន​ដឹង​អ្វី​ដែល​គាត់​ចង់​ធ្វើ​ចំពោះ​ជីវិត​របស់​គាត់ ហើយ​គាត់​រឹង​មាំ នៅ​ក្នុង​ដំណឹងល្អ ។

គាត់​បាន​ខិតខំ ហើយ​មាន​គំនិត​ច្នៃ​ប្រឌិត​ជា​ខ្លាំង​ក្នុង​ការ​សុំ​ស្រឡាញ់​ខ្ញុំ ហើយ​ប៉ុន្មាន​ខែ​ក្រោយ​មក យើង​បាន​រៀបការ ហើយខ្ញុំ​បាន​ប្ដូរ​ត្រកូល​ពី រីច ទៅ​ជា​អុជដូហ្វ ។ ខ្ញុំ​ពុំ​ដែល​សោកស្ដាយ​ឡើយ ដែល​ខ្ញុំ​បាន​មើល​ទៅ​ចំណុច​ល្អ​របស់​គាត់ ទោះ​ជា​បាន​គិត​អវិជ្ជមាន​កាល​ជួប​គាត់​លើក​ដំបូង​ក្ដី ។

ឌៀថើរ គឺជា​ម្ចាស់​ជីវិត​ខ្ញុំ និង​ជា​ឪពុក​ និង​ជា​ជីតា​ដ៏​មាន​មោទនភាព​សម្រាប់​កូនៗ​ព្រមទាំង​ចៅៗ​របស់​យើង ។

ហើយ​បងប្អូន​ត្រូវ​ដឹង​ថា យើង​នៅ​តែ​ចូល​ចិត្ត​រាំ​ជាមួយ​គ្នា—ទោះ​ជា​នៅ​សព្វ​ថ្ងៃ​នេះ​ក្ដី ។

ខ្ញុំ​សូម​នាំ​បងប្អូន​ត្រឡប់​ទៅ​គ្រា​មួយ ពេល​ខ្ញុំ​មាន​អាយុ​ ១២ ឆ្នាំ ។ វា​គឺជា​គ្រា​មួយ​ដ៏​សោកសៅ​ក្នុង​ជីវិត​វ័យ​ក្មេង​របស់​ខ្ញុំ ។ ឪពុក​របស់​ខ្ញុំ​បាន​ចែកឋាន​ទៅ​ដោយ​សារ​ជំងឺ​មហារីក​កាល​ពីរ​បី​ខែ​មុន​នោះ ។ គាត់​គឺជា​ឪពុក​ម្នាក់​ដ៏​ល្អ ជា​ស្វាមី​ដ៏​គួរ​ឲ្យ​ស្រឡាញ់ និង​ជា​បុរស​ម្នាក់​ដ៏​ល្អ ។ គាត់​មាន​ការ​អប់​រំ​ខ្ពស់ ចេះ​និយាយ​ប្រាំ​ភាសា ចេះ​លេង​ឧបករណ៍​តន្ត្រី​យ៉ាង​ស្ទាត់​ជំនាញ​នៅ​ក្នុង​ក្រុម​តន្ត្រី​មួយ ហើយ​បាន​រស់​នៅ​ក្នុង​គ្រួសារ​តន្ត្រី​ករ​ដ៏​ល្បី​ល្បាញ​មួយ​នៅ​ទីក្រុង​ហ្វ្រេងហ្វឺត ។

ឪពុក​ម្ដាយ​របស់​ខ្ញុំ​មាន​ផែនការ​ដ៏​ធំ​សម្រាប់​យើង ។ អនាគត​មើល​ទៅ​ដូចជា​មាន​ភាព ភ្លឺស្វាង និង​ប្រកបដោយ​កិច្ចសន្យា សូម្បី​តែ​ក្រោយ​ពី​គ្រា​ដ៏​បំផ្លិច​បំផ្លាញ​នៃ​សង្គ្រាម​លោក​លើក​ទី​២ ក្ដី ។ ប៉ុន្តែ​គ្រា​ដែល​ឪពុក​របស់​ខ្ញុំ​មាន​ជំងឺ​បាន​ធ្វើ​ឲ្យ​គ្រួសារ​របស់​យើង​ធ្លាក់​ទៅ​ក្នុង​ការ​រង​ទុក្ខ ភាពសោកសៅ និង​ភាព​អស់​សង្ឃឹម ។

បន្ទាប់​ពី​ឪពុក​ខ្ញុំ​បាន​ស្លាប់​ទៅ ម្ដាយ​របស់​ខ្ញុំ​មាន​ការ​ថប់​បារម្ភ​យ៉ាង​ខ្លាំង ។ នៅ​ថ្ងៃ​អាទិត្យ យើង​បាន​ទៅ​ព្រះវិហារ​ប្រូតេស្តង់​របស់​យើង ប៉ុន្តែ​យើង​រក​មិន​ឃើញ​នូវ​ការ​លួង​លោម​ចិត្ត​ឡើយ ។ វា​ហាក់​ដូចជា​គ្មាន​អ្វី ឬ​ក៏​នរណា​ម្នាក់​ដែល​អាច​លួង​លោម​ចិត្ត​ម្ដាយ​របស់​ខ្ញុំ​បាន​ឡើយ ។

មែន​ហើយ វា​ពុំ​ស្កប់ចិត្ត​សោះ​ឡើយ ! ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ទ្រង់ ព្រះវរបិតាសួគ៌​យើង ពុំ​បាន​ភ្លេច​យើង​ឡើយ ។

បន្ទាប់​ពី​ឪពុក​របស់​ខ្ញុំ​បាន​ចែកឋាន​ទៅ​បាន​ប្រាំបី​ខែ ក៏​មាន​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជនជាតិ​អាមេរិក​ពីរ​នាក់​មក​គោះ​ទ្វារ​ផ្ទះ​របស់​យើង​នៅ​ទីក្រុង​ហ្វ្រែងហ្វើត ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរ​នាក់​នោះ បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ហើយ​បាន​រៀបចំ ខ្លួន​យ៉ាង​ល្អ បាន​ដឹង​យ៉ាង​ប្រាកដ​នូវ​អ្វី​ដែល​គ្រួសារ​ដ៏​តូច​របស់​យើង​ត្រូវការ ។ ពួកគេ​បាន​ទុក​ព្រះគម្ពីរ​មរមន​ដ៏​មាន​តម្លៃ​ឲ្យ​ម្ដាយ​របស់​ខ្ញុំ ។

ម្ដាយ​របស់​ខ្ញុំ​ចូល​ចិត្ត​អាន​សៀវភៅ​ណាស់ ។ ហើយ​គាត់​ស្រឡាញ់​ព្រះគម្ពីរ​ប៊ីប ។ រំពេច​នោះ គាត់​មាន​ការ​ចាប់​ចិត្ត​នឹង​ព្រះគម្ពីរ​ថ្មី​នោះ ។ កាល​គាត់​បាន​ចាប់ផ្ដើម​អាន​ព្រះគម្ពីរ​មរមន គាត់​អាន​មិន​ឈប់​សោះ​រហូត​ដល់​គាត់​អាន​វា​ចប់ ។ ម្ដាយ​របស់​អ្នក​មាន​ចិត្ត​រំភើប​ជា​ខ្លាំង​អំពី​មាតិកា និង សារលិខិត​នៃ​ព្រះគម្ពីរមរមន​នោះ ដែល​ជា​រឿយៗ​គាត់​ឲ្យ​បងស្រី​របស់ខ្ញុំ និង​ខ្ញុំ​អង្គុយ​ចុះ​ស្ដាប់ កាល​គាត់​អាន​ខគម្ពីរ​ដែល​ទំនង​ជា​សរសេរ​សម្រាប់​យើង ។

នៅ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នៃ​ជីវិត​របស់​ឪពុក​ខ្ញុំ ជា​រឿយៗ ខ្ញុំ​បាន​ឈរ​នៅ​ក្បែរ​មាត់​បង្អួច​ផ្ទះ​របស់​យើង អធិស្ឋាន​សូម​ឲ្យ​ព្រះ​បន្ធូរ​ការ​ឈឺ​ចាប់​របស់​យើង ។

ហើយ​ចម្លើយ​បាន​កើត​មាន ។ វា​មាន​តាមរយៈ​សារលិខិត​នៃដំណឹងល្អ​នៃព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ ខ្ញុំ​ស្រឡាញ់​ព្រះគម្ពីរ​មរមន​ខ្លាំង​ណាស់ ។ ខ្ញុំ​ស្រឡាញ់​នូវ​សារលិខិត​របស់​វា​ស្ដីពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ជា​ផែនការ​នៃ​សុភមង្គល​ខ្លាំង​ណាស់ ។ ឱ! នេះ​គឺជា​សារលិខិត​នៃ​សេចក្ដី​សង្ឃឹម និង​ពន្លឺ​ដ៏​ស្រស់​បំព្រង ហើយ​មានអនុភាព​អ្វីម្ល៉េះ ដែល​ព្រះ​វរបិតា​សួគ៌​បាន​ប្រទាន​ដល់​យើង ។ នៅ​ពេល​យើង​សិក្សា​ព្រះគម្ពីរ​មរមន វា​បាន​រម្ងាប់​ចិត្ត​ឈឺចាប់​របស់យើង ហើយ​បាន​ព្យាបាល​ភាព​អស់​សង្ឃឹម និង​ភាព​សោកសៅ​របស់​យើង​ដែល​បណ្ដាល​មកពី​មរណភាព​របស់​ឪពុក​ខ្ញុំ ។

ដោយ​មាន​ព្រះគម្ពីរ​មរមន​នៅ​ក្នុង​ផ្ទះ​របស់​យើង នោះ​ភាព​ងងឹត​នៅ​ក្នុង​គ្រួសារ​របស់​យើង​លែង​មាន​ទៀត​ហើយ ដោយសារ​ពន្លឺ និង​ភាព​ងងឹត​ពុំ​អាច​នៅ​កន្លែង​តែ​មួយ​ក្នុង​ពេល​តែ​មួយ​បាន​ឡើយ ។ យើង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​យ៉ាង​ខ្លាំង ហើយ​យើង​បាន​ដឹង​ដោយ​អស់​ពី​ចិត្ត និង​គំនិត​របស់​យើង​ថា សារលិខិត​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​នាំ​យក​មក​គឺជា​ការ​ពិត ។

សេចក្ដី​សុខសាន្ត​បាន​កើត​មាន​ក្នុង​ផ្ទះ​របស់​យើង ។ សារលិខិត​នៃ​ដំណឹងល្អ និង​សមាជិកភាព​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​នាំ​មក​នូវ​អព្ភូតហេតុ​ដ៏​ពិត​មួយ​ដល់​គ្រួសារ​របស់​យើង ។ វា​ហាក់​ដូច​ជា មាន​ពួក​ទេវតា​ត្រូវ​បាន​បញ្ជូន​មក​ជួយ​យើង​ដូច្នោះ​ដែរ ។

អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​ពីរ​នាក់​ដែល​បាន​មក​ផ្ទះ​របស់​យើង​មាន​វ័យស្របាល​នឹង​បងប្អូន ។ ពួកគេ​គឺជា​មនុស្ស​ដែល​មាន​ប្រវត្តិ​ធម្មតា ។ ប៉ុន្តែ​ពួកគេ​ប្រៀប​បាន​ទៅ​នឹង​ពួក​ទេវតា​នៃ​សិរីល្អ​ដែល​បាន​បញ្ជូន​មក​ឲ្យ​ជួយ​យើង​ដូច្នោះ​ដែរ ។ ពួកគេ​បាន​នាំ​មក​ឲ្យ​យើង​នូវ​ពរជ័យ​នៃ​ដំណឹងល្អ​នៃព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ ។

មិត្ត​យុវវ័យ​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ បងប្អូន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អង្គធាតុ​ដ៏​ទេវភាព​ដូចគ្នា​នេះ ។ បងប្អូន​មួយ​ចំនួន​បាន​រៀបការ​រួចហើយ ខ្លះ​ទៀត​នៅ​លីវ ប៉ុន្តែ​បងប្អូន​ទាំងអស់​គ្នា​កំពុង​រស់​នៅក្នុង​ចំណោម​ប្រជាជន​នៃ​ពិភពលោក​នេះ ។ បងប្អូន​គឺជា​ពួក​ជម្រើស​សម្រាប់​ជំនាន់​របស់​យើង ដែល​បង្រៀន ហើយ​រស់​នៅ​តាម​សារលិខិត​នៃ​ដំណឹងល្អ​ដល់​ប្រជាជន​របស់​បងប្អូន​តាម​ពាក្យ​សម្ដី និង​ទង្វើ ។ ដោយសារ​គោលបំណង​នេះ ទើប​បងប្អូន​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ភូមិ ឬ​ទីក្រុង​សាលារៀន ឬ​កន្លែង​ការងារ ប្រជាជាតិ និង​គ្រួសារ​របស់​បងប្អូន ។ សូម​កុំ​ខ្លាច បងប្អូន​មាន​សក្ដានុពល​ដើម្បី​ធ្វើ​ជា​ពួក​ទេវតា​ដ៏​រុង​រឿង​ដល់​មនុស្ស​ដែល​នៅ​ក្បែរ​បងប្អូន ។

បងប្អូន​តំណាង​ឲ្យ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បងប្អូន​គឺជា​អ្នក​ដឹកនាំ​ដ៏​មាន​អនុភាព​នៅ​ក្នុង​ការ​ប្រកាស​សារលិខិត​ដំណឹងល្អ​តាមរយៈ​ជីវិត​ដ៏​ប្រពៃ និង​ទីបន្ទាល់​ដ៏​ក្លៀវ​ក្លា​របស់​បងប្អូន ។

អ្នក​ដឹកនាំ​ម្នាក់​គឺជា​បុគ្គល​ដែល​ជួយ​មនុស្ស​ដទៃ​ឲ្យ​មើល​ឃើញ ទទួល​អារម្មណ៍ ហើយ​រក​ឃើញ​ផ្លូវ​ត្រូវ ។ សូម​ជួយ​គ្នា​ឲ្យ​ចាក់​គ្រឹះ​យ៉ាង​ជ្រៅ​នៅ​ក្នុង​សាសនាចក្រ និង​ក្នុង​ដំណឹងល្អ ។ ព្រះ​ដាក់​បងប្អូន​នៅ​កន្លែង​មួយ​ដែល​បងប្អូន​មាន​ឱកាស​ជាច្រើន​ធ្វើ​ជា​ឧបករណ៍​ក្នុង​ព្រះហស្ដ​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​ពឹង​ផ្អែក​លើ​បងប្អូន ទ្រង់​ស្គាល់​បងប្អូន ទ្រង់​ទុក​ព្រះទ័យ​លើ​បងប្អូន ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​បងប្អូន​មាន​អនុភាព ។ ទ្រង់មានព្រះជន្មរស់ ។ ទ្រង់​មាន​ពិត ។

រាល់​ពាក្យ​សម្ដី ឬ​ទង្វើ​ដ៏​សាមញ្ញ ហើយ​ច្បាស់​នៃ​សេចក្ដី​ល្អ សេចក្ដី​ថ្លែថ្នូរ សេចក្ដី​សប្បុរស សន្ដានចិត្តល្អ ការ​បម្រើ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​អាច​ក្លាយ​ជា​សកម្មភាព​របស់​បងប្អូន​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​នគរ​ព្រះ ។ សូម​កុំ​មើល​ងាយ​ចំពោះ​ឥទ្ធិពល និង​អនុភាព​របស់​បងប្អូន​សម្រាប់​សេចក្ដី​ល្អឡើយ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ទាំង​ពីរ​នាក់​នេះ​ដែល​មាន​វ័យ​ស្របាល​នឹង​បងប្អូន​បាន​ជួយ​ខ្ញុំ​ឲ្យ​មើល​ឃើញ​ផ្លូវ​ដែល​ដឹកនាំ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​របស់​យើង ហើយ​ត្រឡប់​ទៅ​រក​ព្រះវរបិតា​សួគ៌​វិញ ។

ពិតណាស់ ខ្ញុំ​ត្រូវ​ដើរ​នៅ​លើ​ផ្លូវ​នេះ​ដោយ​ខ្លួន​ឯង យក​ឈ្នះ​ការ​ប្រឈម​នានា ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ ជួប​នឹង​ការ​ជ្រើសរើស​សំខាន់ៗ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត ។ ហើយ​បងប្អូន​នឹង​ធ្វើ​ដូចគ្នា​ដែរ ! សាសនាចក្រ និង​ព្រះអម្ចាស់​ផ្ដល់​ធនធាន​ដ៏​មាន​អនុភាព​ដល់​បងប្អូន ដើម្បី​សម្រេច​គោលបំណង​របស់​បងប្អូន​នៅ​ក្នុង​ជីវិត ។ ព្រះគម្ពីរ​មរមន​គឺជា​ធនធាន​មួយ​ក្នុង​ចំណោម​ធនធាន​ទាំង​នោះ ហើយ​វា​ត្រូវ​បាន​ដាក់​នៅ​ពី​មុខ​បងប្អូន ។ សូម​ឈោង​ទៅ​ឱបក្រសោប​វា​ និង​ការ​បង្រៀន​របស់​វា ។ សូម​ឈោង​ទៅ​រក​ព្រះវរបិតា​សួគ៌ ហើយ​ទ្រង់​នឹង​ដឹកនាំ​បងប្អូន ។ សូម​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ !

មិត្ត​វ័យ​ក្មេង​របស់​ខ្ញុំ​អើយ សូម​ដឹង​ថា ខ្ញុំ​ស្រឡាញ់ ហើយ​មាន​អំណរ​គុណ​ចំពោះ​បងប្អូន​គ្រប់​គ្នា​ម្នាក់ៗ ។ ការអធិស្ឋាន និង​ពរជ័យ​របស់​ខ្ញុំ​នៅ​ជាមួយ​នឹង​បងប្អូន ។ បងប្អូន​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កិច្ចការ​ពិសិដ្ឋ​ដ៏​អស្ចារ្យ​នេះ​នៃ​ព្រះ​ដ៏​ប្រោសលោះ​របស់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ការណ៍​នេះ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

បោះពុម្ព