ការប្រជុំ​ធម្មនិដ្ឋាន​ឆ្នាំ ២០១៨
សញ្ញា​សម្គាល់​នៃ​សាសនាចក្រ​ពិត និង​សកម្ម​របស់​ព្រះអម្ចាស់


2:3

សញ្ញា​សម្គាល់​នៃ​សាសនាចក្រ​ពិត និង​សកម្ម​របស់​ព្រះអម្ចាស់

ជំនួប​ជាមួយ​នឹង​អែលឌើរ ផាទ្រីក ខៀរ៉ុន

ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ • ថ្ងៃ​ទី ៦ ខែ ឧសភា ឆ្នាំ ២០១៨ • មជ្ឈមណ្ឌល​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់​–​អៃដាហូ

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ជេន ដែល​រស់នៅ​តាម​អ្វី​ដែល​គាត់​បង្រៀន​យ៉ាង​ម៉ឺងម៉ាត់ ។ គាត់​ស្គាល់​ខ្លួន​ឯង ហើយ​រីករាយ​ក្នុងការ​ការស្គាល់​ខ្លួន​របស់​គាត់ ។ គាត់​ក្លាហាន​ក្នុងការ​ចែកចាយ​រឿង​នោះ​ជាមួយ​មនុស្ស​ដទៃ​នៅ​គ្រប់​កន្លែង​ដែល​គាត់​នៅ ។ ខ្ញុំ​មាន​អំណរគុណ​ជា​ខ្លាំង​ដែល​យើង​បាន​ជួប​គ្នា​បន្ទាប់​ពី​ខ្ញុំ​បាន​ចូលរួម​នឹង​សាសនាចក្រ​បាន​រយៈពេល​ឆ្នាំ ។ គាត់​គឺ​ជា​គំរូ​នៃ​ពរជ័យ​មួយ​ចំពោះ​ខ្ញុំ និង​សម្រាប់​ខ្ញុំ ចាប់តាំង​ពី​ពេល​នោះ និង​រហូត​តទៅ ។

វា​ជា​រឿង​ដ៏​អស្ចារ្យ​ដើម្បី​គិត​ពី​ប្អូនៗ​ដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​ទូទាំង​ពិភពលោក ។ នៅក្នុង​ស្មារតី​នៃ​ការអធិស្ឋាន​បើក​ដ៏​អស្ចារ្យ​របស់​ឡែនដុន នោះ​ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ប្អូនៗ ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​អ្វី​ដែល​ប្អូនៗ​ត្រូវការ ប្រសិនបើ​ប្អូនៗ​ត្រូវការ​ការបំផុសគំនិត នោះ​ប្អូនៗ​នឹង​ទទួល​វា ។ ប្រសិនបើ​ប្អូនៗ​ត្រូវការ​អ្វី​ដែល​ពិសេស នោះ​វា​នឹង​កើត​ឡើង ។ មាន​អំណាច​ដ៏​ខ្លាំង​ក្លា​នៅពេល​យើង​ប្រមូល​ផ្តុំ​គ្នា​បែប​នេះ នៅពេល​យើង​រៀបចំ​សម្រាប់​ឱកាស​បែប​នេះ ។ មាន​អំណាច​នៅក្នុង​ការប្រមូល​ផ្តុំ ។ ប្រសិនបើ​ប្អូនៗ​ត្រូវការ​ការព្យាបាល នោះ​ប្អូនៗ​អាច​ទទួល​បាន​ការព្យាបាល ។ ប្រសិនបើ​ប្អូនៗ​ត្រូវការ​ការលួងលោម នោះ​ប្អូនៗ​អាច​ទទួល​បាន​ការលួងលោម ។ ប្រសិនបើ​ប្អូនៗ​ត្រូវការ​ភាពសុខសាន្ត នោះ​ប្អូនៗ​អាច​មាន​ភាពសុខសាន្ត ។ ប្រសិនបើ​ប្អូនៗ​ត្រូវការ​ជំនួយ​ក្នុងការ​ប្រឡង—ខ្ញុំ​គិត​ថា វា​រាង​លឿន​បន្តិច​ចំពោះ​ឆមាស​នេះ​សម្រាប់​ប្អូនៗ ប៉ុន្តែ​នៅពេល​នោះ​មក​ដល់ នោះ​ប្អូនៗ​ក៏​នឹង​អាច​ទទួល​បាន​ជំនួយ​នោះ​ផងដែរ ។

ខ្ញុំ​អធិស្ឋាន​ថា នៅពេល​អ្នក​ត្រូវបាន​បំផុស​គំនិត ពេល​ប្អូនៗ​ទទួល​សារលិខិត​សម្រាប់​ខ្លួន​ឯង នោះ​ប្អូនៗ​នឹង​មាន​កម្លាំង និង​ការជឿជាក់​ដើម្បី​អនុវត្ត​តាម​វា ហើយ​ពុំ​ត្រឡប់​ទៅ​រក​ទម្លាប់​បច្ចុប្បន្ន​នានា​ដែល​ប្អូនៗ​អាច​មាន ។ ប្រសិនបើ​ប្អូនៗ​ត្រូវ​ផ្លាស់ប្តូរ ប្រសិនបើ​ប្អូន​ត្រូវការ​ដើម្បី​ទទួល​កម្លាំង និង​សេចក្តីជំនឿ​ឡើង​វិញ នោះ​សូម​ឲ្យ​ឱកាស​នេះ​ក្លាយ​ជា​អំណោយ​របស់​អ្នក ។

កាល​ខ្ញុំ​អាយុ ១៥ ឬ ១៦ ឆ្នាំ ខ្ញុំ​ឈ្លក់​វង្វេង​នឹង​ខ្លួន​ឯង​យ៉ាង​ខ្លាំង ហើយ​ជួប​នឹង​អារម្មណ៍​មិន​ស្រណុក មិន​ច្បាស់ និង​ឆាប់​អន់ចិត្ត ដែល​អាច​មក​ពី​ភាពពេញ​វ័យ ។ អារម្មណ៍​ទាំង​នោះ​ខ្លះ​បន្ដ​មាន ប៉ុន្ដែ​វា​ធ្ងន់ធ្ងរ​ណាស់​ក្នុង​ពេល​វ័យ​ជំទង់​ទាំងនោះ ។ ខ្ញុំ​បាន​វង្វេង សង្ស័យ​ខ្លួន​ឯង និង​មាន​អារម្មណ៍​ឆ្គាំឆ្គង ។ វា​មិន​អាច​ជួយ​បាន រហូត​ដល់​ខ្ញុំ​ទៅ​សាលា​នៅ​ឯកោ​លើ​ឆ្នេរ​ក្នុង​ប្រទេស​អង់គ្លេស ។ ឪពុកម្ដាយ​ខ្ញុំ​រស់នៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ឆ្ងាយ​ពី​ខ្ញុំ​ណាស់ ។ សាលា​រៀន​វេទមន្ត ជាមួយ​នឹង​តួឯក​ក្នុង​រឿង​វេទមន្ត​គឺ​មាន​ការស្វាគមន៍​ណាស់ ។

ជា​ធម្មតា​នៅតាម​ឆ្នេរ អាកាសធាតុ​មិន​ល្អ​ទេ​ ប៉ុន្ដែ​នៅ​រដូវ​រងារ​មួយ មាន​ព្យុះ​ដ៏​គួរខ្លាច​ពិសេស​មួយ​បាន​បក់​កាត់​សមុទ្រ​អាយរីស​ដោយ​ខ្យល់​ក្នុង​កម្លាំង​ដ៏​ខ្លាំង​មួយ ។ ទឹកសមុទ្រ​បាន​បោក​ខ្ទប់​នឹង​ច្រាំង ហើយ​ក្នុង​ករណី​ខ្លះ​បាន​ធ្វើ​ឲ្យ​បាក់​ច្រាំង ។ នៅ​តំបន់​ជុំវិញ​នោះ ផ្ទះ​ប្រហែល ៥០០០ ខ្នង​បាន​លិច​ទឹក ហើយ​ប្រជាជន​បាន​នៅ​ដោយ​គ្មាន​អគ្គិសនី មិន​អាច​បើក​ម៉ាស៊ីន​កម្តៅ ឬ​ភ្លើង​ក្នុង​ផ្ទះ​គេ​បាន​ឡើយ ហើយ​ពួកគេ​អស់​ម្ហូប​បរិភោគ ។

កាល​ទឹក​ចាប់​ស្រកចុះ សាលារៀន​បាន​ចាត់​យើង​ឲ្យ​ទៅ​ជួយ ។ ខ្ញុំ​មិន​ធ្លាប់​ឃើញ​គ្រោះ​ធម្មជាតិ​ក្នុង​ទំហំ​នេះ​ពីមុន​មក​ឡើយ ហើយ​ខ្ញុំ​ភ្ញាក់ផ្អើល​ដែល​ជួប​វា​ផ្ទាល់ ។ ទឹក និង​ភក់​ឡើង​គ្រប់​ទីកន្លែង ។ អស់​អ្នក​ដែល​បាន​ជួប​គ្រោះ​នេះ​មាន​មុខ​ឡើង​ប្រផេះ ហើយ​ស្គម ។ ពួកគេ​មិន​បាន​គេង​អស់​ជាច្រើន​ថ្ងៃ ។ មិត្ត​រួម​សាលា​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ចាប់​ធ្វើការ រើ​ឥវ៉ាន់​ជោគ​ដោយ​ទឹក​ឡើង​ទៅ​ជាន់​លើ ទៅ​កន្លែង​ដែល​វា​អាច​ស្ងួត​បាន ហើយ​ទាញ​កម្រាល​ព្រំ​ដែល​ខូច​ដោយ​ទឹកជំនន់​ចេញ ។ ខ្ញុំ​ចាំ​ថា ព្រំ​ដែល​សើម​ជោគ​នោះ​ធ្ងន់​ខ្លាំង​ណាស់ ហើយ​ក្លិន​ក្នុង​ផ្ទះ​ស្អុយ​ជា​អតិបរមា ។

អ្វី​ដែល​ខ្ញុំ​នៅ​ចាំ​ក្រោយ​មក​គឺជា​មិត្តភាព​ដែល​បាន​កើត​ឡើង​រវាង​ពួកយើង​ដែល​ទៅ​ជួយ និង​អស់​អ្នក​ដែល​ទទួល​ជំនួយ ។ វា​គឺជា​អារម្មណ៍​ដ៏​អស្ចារ្យ​ពី​ធម្មជាតិ​មួយ ដែល​មាន​រវាង​មនុស្ស​ដែល​រួបរួម​គ្នា​ក្នុង​បុព្វហេតុ​ល្អ​មួយ​ក្រោម​កាលៈទេសៈ​ដ៏​លំបាក ។ ក្រោយមក ខ្ញុំ​គិត​ពី​អារម្មណ៍​មិន​សុខ​ទាំង​អស់​នោះ​ដែល​កើត​មាន​យ៉ាង​ខ្លាំង​ក្នុង​គំនិត​វ័យ​ជំទង់​ខ្ញុំ ខណៈ​ខ្ញុំ​ចូលរួម​ក្នុង​កិច្ចខិតខំ​ដ៏​អស្ចារ្យ​នេះ​ដើម្បី​ជួយ​ដល់​អ្នក​ជិត​ខាង​យើង ។

ខ្ញុំ​បន់​ឲ្យ​ការយល់​ដឹង​នោះ​បាន​នៅ​យូរ ប៉ុន្ដែ​វា​មិន​ដូច្នោះ​ទេ ។ ការរក​ឃើញ​ថា ការជួយ​មនុស្ស​ដទៃ​គឺជា​ថ្នាំ​បន្សាប នោះ​សភាព​ងប់​នឹង​ខ្លួន​ឯង​ដ៏​ងងឹត​នេះ​បាន​ចាប់ផ្ដើម​ផ្លាស់ប្ដូរ ។ ប៉ុន្ដែ​វា​មិន​មែន ដោយសារ​ការរក​ឃើញ​នោះ​មិន​បាន​ចាក់ឬស​ឲ្យ​ជ្រៅ​ល្មម ហើយ​ខ្ញុំ​ខកខាន​មិន​បាន​គិត​ឲ្យ​បាន​ដិតដល់​ពី​អ្វី​ដែល​បាន​កើត​ឡើង​នោះ​ទេ ។ ការយល់​ដឹង​នោះ​បាន​កើត​ឡើង​ក្រោយ​មក ។ អ្នក​ប្រហែល​បាន​រកឃើញ​សេចក្ដីពិត​នេះ​ក្នុង​ជីវិត​ផ្ទាល់​របស់​អ្នក​ដែរ ។ វា​អាច​មាន​ប្រយោជន៍​ដល់​អ្នក​ដើម្បី​គិត​ពី​ពេលវេលា និង​របៀប​ដែល​រឿង​នេះ​កើត​ឡើង​ដល់​អ្នក ។

ការអញ្ជើញ​ឲ្យ​បម្រើ​នៅ​ឯ​សន្និសីទ​ទូទៅ

ខ្ញុំ​បាន​ពិចារណា​ពី​រឿង​នេះ​អំឡុង​ពេល​សន្និសីទ​ទូទៅ ។ ខ្ញុំ​មាន​សំណាង​ខ្លាំង​ដែល​មាន​ឱកាស​នេះ​និយាយ​ទៅកាន់​អ្នក​ភ្លាមៗ បន្ទាប់​ពី​សន្និសីទ​ដ៏​សំខាន់​នោះ​បញ្ចប់​ទៅ​ពីរ​បី​សប្ដាហ៍​មុន ។ ខ្ញុំ​នៅ​មាន​ចំណាប់​អារម្មណ៍ សេចក្ដី​សុខសាន្ដ និង​ការបញ្ចូល​ថាមពល​ដែល​ទទួល​បាន​នោះ​នៅ​ឡើយ ។

ចំណុច​សំខាន់​នៃ​សារលិខិត​សន្និសីទ​គឺជា​ការដង្ហោយ​ហៅ​ឲ្យ​បម្រើ​ដូច​ព្រះអង្គ​សង្គ្រោះ​បម្រើ—ហើយ​បម្រើ​ចេញពី​ក្ដីស្រឡាញ់ ដោយ​ទទួល​ស្គាល់​ថា យើង និង​អស់​អ្នក​នៅជុំវិញ​យើង​ជា​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ ។ យើង​នឹង​បម្រើ ពុំ​មែន​ដោយសារ​តែ​ការ​បម្រើ​របស់​យើង​ត្រូវ​បាន​គេរាប់ និង​វាស់វែង​នោះ​ទេ ប៉ុន្ដែ​ដោយសារ​តែ​យើង​ស្រឡាញ់​ព្រះវរបិតាសួគ៌​របស់​យើង ហើយ​ត្រូវ​បាន​ជម្រុញ​ទឹកចិត្ត​ឲ្យ​ពុះពារ​ទៅ​កាន់តែ​ខ្ពស់ និង​កាន់តែ​ថ្លៃថ្នូរ ជួយ​មិត្តភក្ដិ​របស់​យើង និង​ស្ថិត​នៅលើ​ផ្លូវ​ត្រឡប់​ទៅ​ទ្រង់​វិញ ។ យើង​ស្រឡាញ់ និង​បម្រើ​ដល់​អ្នក​ជិត​ខាង​របស់​យើង​ដូចជា​ព្រះយេស៊ូវ​នឹង​ធ្វើ បើ​ទ្រង់​ជា​យើង ពិតជា​ព្យាយាម​ដើម្បី​កែលម្អ​ជីវិត​របស់​មនុស្ស ហើយ​សម្រាល​បន្ទុក​របស់​ពួកគេ ។ នេះ​ជា​កន្លែង​ដែល​អំណរ និង​ការបំពេញ​ដ៏​យូរ​កើត​ឡើង​ដល់​ទាំង​អ្នក​ឲ្យ និង​អ្នក​ទទួល កាល​យើង​ចែក​ផ្លែ​នៃ​ការយល់ និង​ដឹង​ពី​គុណតម្លៃ​ដ៏​និរន្ដរ៍​របស់​យើង ព្រមទាំង​ក្ដីស្រឡាញ់​ដ៏​អស់កល្ប​របស់​ព្រះ​ដល់​គ្នា ។

សារលិខិត​នេះ​ត្រូវ​បាន​សង្ខេប​ដោយ​ប្រធាន​ណិលសុន​តាម​របៀប​នេះ ៖ « សញ្ញា​សម្គាល់​នៃ​សាសនាចក្រ​ពិត និង​សកម្ម​របស់​ព្រះអម្ចាស់ ជានិច្ចកាល​នឹង​ត្រូវ​បាន​រៀបចំ បាន​ដឹកនាំ​ការខិតខំ​ទៅ​រក​ការ​បម្រើ​ដល់​បុត្រាបុត្រី​របស់​ព្រះ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ម្នាក់ៗ ។ ដោយសារ​នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ពួក​យើង​ក្នុង​នាម​ជា​អ្នកបម្រើ​របស់​ទ្រង់​នឹង​បម្រើ​ដល់​មនុស្ស​ម្នាក់ៗ​ដូចជា​ទ្រង់​បាន​ធ្វើ ។ ពួក​យើង​នឹង​បម្រើ​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ដោយ​ព្រះចេស្ដា និង​សិទ្ធិ​អំណាច​របស់​ទ្រង់ ហើយ​ដោយ​សណ្ដាន​ចិត្តល្អ​ដែល​ពោរពេញ​ដោយ​ក្ដីស្រឡាញ់​របស់​ទ្រង់ » ។

កាល​ខ្ញុំ​គិត​អំពី​អ្វី​ដែល​យើង​បាន​រៀន ខ្ញុំ​ដឹង​ថា បើ​យើង​គោរព​តាម​ការហៅ​ឲ្យ​បម្រើ​នេះ នោះ​យើង​មាន​ឱកាស​ដើម្បី​បញ្ចាំង​ខ្លួន​យើង បង្កើន​សេចក្ដីជំនឿ ទំនុក​ចិត្ត និង​សុភមង្គល ហើយ​យក​ឈ្នះ​លើ​ការគិត​តែ​ពី​ខ្លួន​យើង និង​អារម្មណ៍​ឯកោ និង​ងងឹត​ដែល​កើត​មាន​នោះ ។ ខ្ញុំ​ប្រាថ្នា​ថា ខ្ញុំ​ដឹង​ពី​ការណ៍​នេះ​ឆាប់​ជាង​នេះ​ក្នុង​ជីវិត​ខ្ញុំ ។ ប៉ុន្ដែ​ខ្ញុំ​មាន​អំណរ​ជា​ខ្លាំង​ដែល​ខ្ញុំ​ដឹង​ពី​វា​កាន់តែ​ច្រើន​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ហើយ​ថា យើង​ទទួល​បាន​ការរំឭក​ជា​ប្រចាំ​អំពី​សេចក្ដីពិត​ដ៏​អស្ចារ្យ​នេះ ។

គុណប្រយោជន៍ និង​ពរជ័យ​ក្នុង​ការបម្រើ​ប្រភេទ​នេះ

សម្រស់​នៃ​ការបម្រើ ឬ​ភាពជា​សិស្ស​បែប​នេះ​គឺ​ថា វា​ជួយ​មនុស្ស​ដទៃ​តាម​របៀប​ជាច្រើន ប៉ុន្ដែ​វា​ក៏​ផ្លាស់ប្ដូរ​យើង​តាមរយៈ​ការដក​យើង​ចេញ​ពី​ការបារម្ភ ភ័យខ្លាច អន្ទះសារ និង​មន្ទិល​ទាំងឡាយ ។ ដំបូង ការបម្រើ​នេះ​គ្រាន់តែ​បង្វែរ​យើង​ពី​បញ្ហា​ផ្ទាល់​របស់​យើង ប៉ុន្ដែ​ការណ៍​នោះ​ប្ដូរ​ទៅ​ជា​អ្វី​មួយ​ដែល​កាន់តែ​ខ្ពង់ខ្ពស់ និង​ស្រស់​ផូផង់​យ៉ាង​រហ័ស ។ យើង​ចាប់ផ្ដើម​ទទួល​បាន​ពន្លឺ និង​ក្ដី​សុខសាន្ដ សឹង​តែ​មិន​ដឹង​ខ្លួន ។ យើង​មាន​ចិត្ត​ស្ងប់ កក់ក្ដៅ និង​ស្រណុកចិត្ត ។ ហើយ​យើង​ស្គាល់​ក្ដី​អំណរ​ដែល​កើត​មាន​តាម​របៀប​នេះ ។ អំណោយទាន​ទាំង​នេះ​មាន​ដល់​យើង​ចេញ​ពី​ចំណែក​ទាំងអស់ ដោយសារ​អ្វី​ដែល​យើង​ពិត​ជា​បាន​ធ្វើ​ក្នុង​ការជួយ​មនុស្ស​ដទៃ ។

ប្រធាន ស្ពែនសើរ ដបុលយូ ឃីមបឹល បាន​ពន្យល់​ផ្នែក​នៃ​រឿង​នេះ​ដូច​តទៅ ៖ « ជីវិត​ដ៏​បរិបូរណ៍​ក្នុង​ព្រះគម្ពីរ​គឺជា​ផលបូក​ខាង​វិញ្ញាណ​ដែល​កើត​មាន​តាមរយៈ​ការបង្កើន​ការបម្រើ​របស់​យើង​ដល់​មនុស្ស​ដទៃ និង​តាម​ការបណ្ដុះ​ទេពកោសល្យ​យើង​ក្នុង​កិច្ចបម្រើ​ដល់​ព្រះ និង​មនុស្ស​លោក » ។ « យើង​កាន់តែ​មាន​សារៈសំខាន់ កាល​យើង​បម្រើ​ដល់​មនុស្ស​ដទៃ—តាមពិត​ទៅ វា​ងាយ​ជាង​ដើម្បី ‹ រកឃើញ › ខ្លួន​យើង ព្រោះ​យើង​មាន​អ្វី​ជាច្រើន​ទៀត​ដែល​ត្រូវ​រក ! »

គំរូ​នៃ​ការផ្លាស់ប្ដូរ​ដែល​យើង​ជួប នៅពេល​យើង​បម្រើ និង​ភាពផ្ទុយ​គ្នា​នឹង​ការណ៍​នោះ​ពេល​យើង​មិន​បម្រើ

ការផ្លាស់ប្ដូរ​នេះ​គឺជា​អ្វី​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​ថ្មី​រកឃើញ នៅពេល​ពួកគេ​ឈប់​បារម្ភ​ពី​ខ្លួន​គេ ហើយ​ផ្ទុយ​ទៅវិញ​សួរ​ថា « តើ​ខ្ញុំ​អាច​ជួយ​នរណា ហើយ​តាម​របៀប​ណា ? » អ្វី​ដែល​កើតឡើង​គឺ​ពួកគេ​ឈប់​គិត​ពី​ខ្លួន​គេ ហើយ​ងាក​ទៅរក​គោលបំណង​គេ​ក្នុង​ការនាំ​ព្រលឹង​មក​កាន់​ព្រះគ្រីស្ទ ។ ជាញឹកញាប់ របក​គំហើយ​នេះ​ពិបាក​នឹង​ទទួល​បាន​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា ។ ពួកគេ​អាច​រវល់​នឹង​ការនៅ​កន្លែង​ថ្មី​ជាមួយ​នឹង​មនុស្ស អាហារ ទម្លាប់​ខុស​គ្នា ហើយ​ជារឿយៗ​គឺ​ភាសា​ដ៏​ពិបាក រហូត​ដល់​វា​លំបាក​ខ្លាំង​ឲ្យ​ពួកគេ​ងាក​ចេញ​ទៅ​បម្រើ ។ ប៉ុន្ដែ​ពេល​ពួកគេ​ងាក​ចេញ​បាន នោះ​អ្វីៗ​គ្រប់​យ៉ាង​ផ្លាស់ប្ដូរ​សម្រាប់​ពួកគេ ។ ពួកគេ​ឈប់​បារម្ភ ចេញ​ទៅ​ធ្វើការ ហើយ​ទទួល​ការងារ​ដោយ​មិន​គិត​ពី​ខ្លួន​ឯង ហើយ​ពួកគេ​រកឃើញ​ទំហំ​ថ្មី​មួយ​ទាំងស្រុង​ចំពោះ​បេសកកម្ម​របស់​ពួកគេ និង​ចំពោះ​ជីវិត​គេ​ដោយ​មាន​ក្ដីសុខសាន្ដ និង​ពេញ​ដោយ​គោលបំណង ។

ជាអកុសល ជាញឹកញាប់​ខ្លាំង ការផ្ទុយ​ពី​ការរក​ឃើញ​នេះ​កើត​ឡើង​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​ពេល​ពួកគេ​ត្រឡប់​ទៅ​ផ្ទះ ហើយ​ចាប់​គិត​ពី​តម្រូវការ​នៃ​ជីវិត​គេ​នៅ​ជំហាន​បន្ទាប់​មិន​ថា​ជា​ការអប់រំ ការងារ ឬ​បញ្ហា​ផ្ទាល់​ខ្លួន និង​គ្រួសារ​ឡើយ ។ ពួកគេ​បាន​ចំណាយ​ពេល ១៨ ខែ ទៅ ២ ឆ្នាំ​ដើម្បី​រៀន​ថា យើង​នឹង​សប្បាយ​រីករាយ​បំផុត នៅពេល​យើង​មិន​បារម្ភ​ពី​ខ្លួន​យើង ឬ​ដូច​ដែល​ប្រធាន ហ៊ីងគ្លី បាន​មាន​ប្រសាសន៍​ថា នៅពេល​យើង​បំភ្លេច​ខ្លួន​យើង ហើយ​ចេញ​ទៅ​បម្រើ ។ ជារឿយៗ ពេល​ពួកគេ​ត្រឡប់​ពី​បេសកកម្ម​ទៅកាន់​ជីវិត​ដែល​ពួកគេ​បាន​ទុក​ចោល ពួកគេ​ក៏​ត្រឡប់​ទៅ​ទម្លាប់​ផ្ដោត​លើ​ខ្លួន​ឯង​ជាច្រើន​ដែល​ជា​ផ្នែក​មួយ​នៃ​ជីវិត​នោះ ។ ជាពិសេស ពួកគេ​ត្រឡប់​ទៅ​ការគិត​តែ​ពី​ខ្លួន​ឯង ពី​សុខុមាលភាព​របស់​គេ ពី​អាការ​ខាងក្រៅ ឬ​សំឡេង​របស់​គេ និង​អ្វី​ដែល​អ្នកដទៃ​គិត​ពី​គេ ។

ប្រាកដ​ដូចជា​ការមើល​ទៅ​ក្រៅ និង​ជួយ​ដល់​មនុស្ស​ដទៃ​នាំ​មក​នូវ​ពន្លឺ ក្ដីសុខសាន្ដ និង​អំណរ​ដែរ ការបែរ​គិត​តែ​ពី​ខ្លួន​នាំ​មក​នូវ​មន្ទិល​សង្ស័យ ការអន្ទះសារ និង​ភាពងងឹត ។

ពីរ​បី​ខែ​មុន​ខ្ញុំ​មាន​បទពិសោធន៍​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ដេក​មិន​លក់​អស់​ជា​ច្រើន​ម៉ោង ទោះជា​ខំ​ព្យាយាម​ដេក​យ៉ាង​ណា​ក្ដី ។ ទីបំផុត ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​ដើរ​ជុំ​វិញ​ផ្ទះ​បន្ដិច រួចហើយ​ត្រឡប់​មក​ខំ​ដេក​វិញ​ម្ដង​ទៀត ។ កាល​ខ្ញុំ​នៅតែ​ដេក​មិន​លក់ នោះ​គំនិត​ដ៏​ផ្លាស់ប្ដូរ​មួយ​កើត​មាន​ដល់​ខ្ញុំ​ភា្លម ៖ « ឈប់​គិត​ពី​ខ្លួន​ឯង » ។ រួច​ហើយ​សំណួរ​នេះ​ផុស​ឡើង « តើ​ខ្ញុំ​អាច​ជួយ​នរណា​បាន ? » ខ្ញុំ​បាន​នៅ​ទីនោះ​អធិស្ឋាន​ដោយ​អស់​ពី​ពលំ​ថា « តើ​ខ្ញុំ​អាច​ជួយ​នរណា​បាន​នា​ពេល​នេះ ហើយ​តាម​របៀប​ណា ? » ការបំផុសគំនិត​មួយ​បាន​កើត​ឡើង​ឲ្យ​ទាក់ទង និង​លើក​ទឹកចិត្ត​មិត្តភក្តិ​ម្នាក់ ។ វា​មិនមែន​ជា​រឿង​ធំ​ដុំ​នោះ​ទេ ប៉ុន្ដែ​នៅ​ព្រឹក​បន្ទាប់ ខ្ញុំ​បាន​ឆ្លើយតប ហើយ​សង្ឃឹម​ថា​បាន​ធ្វើ​រឿង​ល្អ​ខ្លះ ។ អ្វី​ដែល​ខ្ញុំ​ពិត​ជា​ដឹង​គឺ​ថា កាលណា​ខ្ញុំ​បាន​អធិស្ឋាន​តាម​របៀប​នោះ ដោយ​ទូល​ចង់​ដឹង​ថា​ខ្ញុំ​អាច​ជួយ​នរណា​បាន នោះ​ខ្ញុំ​រកឃើញ​ក្ដី​សុខសាន្ដ​ដែល​គេច​ពី​ខ្ញុំ ហើយ​ទីបំផុត​ខ្ញុំ​បាន​ដេក​លក់ ។

គំរូ​នៃ​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ

ព្រះអង្គ​សង្គ្រោះ « បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ »  តែងតែ​រក​ជួយ​នរណា​ម្នាក់ ព្រម​ទាំង « ប្រោស​ឲ្យ​អស់​អ្នក ដែល​ត្រូវ​អារក្ស​សង្កត់សង្កិន​បាន​ជា​ផង » ។ ទ្រង់​បាន​ប្រទានពរ បង្រៀន និង​ដឹកនាំ​មនុស្ស​ដទៃ​ឲ្យ​ផ្លាស់ប្ដូរ​ទស្សនៈ​របស់​ពួកគេ​ជា​ប្រចាំ ដូច្នេះ​ហើយ​វា​ផ្លាស់ប្ដូរ​ជីវិត​របស់​គេ ។ គម្ពីរ​ណែនាំ​ថា នៅពេលល​ទ្រង់​បាន​ហៅ​ពេត្រុស អនទ្រេ យ៉ាកុប និង​យ៉ូហាន​ឲ្យ​ដើរ​តាម​ទ្រង់ នោះ​ការផ្លាស់ប្ដូរ​ទិសដៅ និង​ការផ្ដោត​ចិត្ត​របស់​គេ​កើត​ឡើង​ភ្លាម ៖ « គេ​ក៏​ទុក​សំណាញ់​ចោល ទៅ​តាម​ទ្រង់​ភ្លាម » ។

ក្រោយមក បន្ទាប់​ពី​ការឆ្កាង​ពេល​ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​យក​ចេញ​ពី​ពួកគេ​តាម​របៀប​ដ៏​ឃោរឃៅ​មួយ នោះ​ពួកគេ​បាន​ត្រឡប់​ទៅ​នេសាទ​វិញ ទៅ​កាន់​អ្វី​ដែល​ពួកគេ​គិត​ថា ពួកគេ​បាន​ដឹង ។ ក្នុង​ឱកាស​មួយ ព្រះអង្គ​សង្គ្រោះ​ដ៏​មាន​ព្រះជន្ម​រស់ឡើង​វិញ​បាន​យាង​មក​ជួប​ពួកគេ កាល​ពួកគេ​នេសាទ​មិន​បាន​អ្វី ។ « រួច​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​ថា ចូរ​ទម្លាក់​អួន​ទៅ​ខាង​ស្តាំ​ទូក​នោះ​ទើប​បាន ។ ដូច្នេះ គេ​ក៏​ទម្លាក់​អួន​ទៅ តែ​ទាញ​មក​វិញ​មិន​រួច ព្រោះ​ជាប់​ត្រី​សន្ធឹក​ណាស់ » ។ នេះ​ជា​ការបង្ហាញ​មួយ​ថា ទ្រង់​មិន​បាន​បាត់បង់​ព្រះចេស្ដា​ទ្រង់​ឡើយ ប៉ុន្ដែ​ក៏​ជា​ការស​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ពួកគេ​រកមើល​នៅ​កន្លែង​ខុស ហើយ​ផ្ដោត​លើ​រឿង​ខុស ។ កាល​ពួកគេ​បាន​បរិភោគ​ត្រី​ជុំ​គ្នា​នៅ​ឆ្នេរ​សមុទ្រ ព្រះអង្គ​សង្គ្រោះ​បាន​សួរ​ពេត្រុស​បី​ដង បើ​គាត់​ស្រឡាញ់​ទ្រង់ ។ រាល់​ដង ហើយ​ដោយ​កើន​អារម្មណ៍​អន្ទះសារ នោះ​ពេត្រុស​បាន​ឆ្លើយ​ថា គាត់​ស្រឡាញ់ ។ បន្ទាប់​ពី​ចម្លើយ​របស់​ពេត្រុស​ម្ដងៗ នោះ​ព្រះយេស៊ូវ​សុំ​ឲ្យ​ពេត្រុស​ផ្ដល់​ចំណី​ដល់​ចៀម​របស់​ទ្រង់ ។

ហេតុអ្វី​ព្រះអង្គ​សង្គ្រោះ​បាន​សួរ​ពេត្រុស​បី​ដង បើ​គាត់​ស្រឡាញ់​ទ្រង់ ? មែន​ហើយ ពេត្រុស​ត្រូវបាន​ហៅ​ឲ្យ​ដើរតាម​ព្រះយេស៊ូវ​ពីមុន ហើយ​លោក​បាន​ឆ្លើយតប​ភ្លាមៗ​ដោយ​ទុក​ការនេសាទ​ត្រី​គាត់​ចោល ។ ប៉ុន្ដែ​នៅពេល​គេ​យក​ព្រះយេស៊ូវ​ទៅ ពេត្រុស​បាន​សោកស្ដាយ ហើយ​លោក​បាន​វង្វេង ។ លោក​ត្រឡប់​ទៅ​រឿង​អ្វី​ដែល​លោក​គិត​ថា លោក​បាន​ដឹង—​គឺ​នេសាទ​ត្រី ។ ឥឡូវ ព្រះយេស៊ូវ​ចង់​ឲ្យ​ពេត្រុស​ពិត​ជា​ស្ដាប់​តាម​ទ្រង់ ហើយ​យល់​ពី​ភាពម៉ឺងម៉ាត់​នៃ​ការអញ្ជើញ​នា​គ្រា​នេះ ។ ទ្រង់​ចង់​ឲ្យ​ពេត្រុស​យល់​ពី​អត្ថន័យ​នៃ​ការក្លាយ​ជា​សិស្ស និង​អ្នកដើរ​តាម​របស់​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដោយសារ​ឥឡូវ​ទ្រង់​លែង​គង់​ផ្ទាល់​ជាមួយ​ពួកគេ​ទៀត​ហើយ ។ តើ​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ពេត្រុស​ធ្វើ​អ្វី​ខ្លះ ? ទ្រង់​ចង់​ឲ្យ​ពេត្រុស​ផ្ដល់​ចំណី​ដល់​ចៀម​របស់​ទ្រង់ កូនចៀម​ទាំងឡាយ​របស់​ទ្រង់ ។ នេះ​ជា​កិច្ចការ​ដែល​ត្រូវការ​យ៉ាង​សកម្មភាព ។ ពេត្រុស​បាន​ដឹង​ពី​ការហៅ​ដ៏​រម្យទម​ចំៗ​របស់​ចៅហ្វាយ​លោក ហើយ​សាវក​ច្បង​បាន​ឆ្លើយ​តប​ដោយ​ក្លាហាន និង​ឥត​រួញរា​ថា លោក​នឹង​លះបង់​ជីវិត​នៅសល់​ទាំង​ប៉ុន្មាន​របស់​លោក​ចំពោះ​ការបម្រើ​ដែល​លោក​ត្រូវ​បាន​ហៅ ។

របៀប​ដែល​ការណ៍​នេះ​អនុវត្ត​ចំពោះ​អ្នក

តាមរយៈ​ការស្ដារ​ឡើង​វិញ ឥឡូវ​យើង​មាន​សាវក​ច្បង​មួយ​ទៀត​លើ​ផែនដី​សព្វថ្ងៃ​នេះ ។ ប្រធាន ណិលសុន បាន​ផ្ដល់​ការ​អញ្ជើញ​ឲ្យ​ប្អូនៗ និង​ខ្ញុំ​ឲ្យ​ចំណី​ចៀម​របស់​ព្រះយេស៊ូវ ។ យើង​បាន​ឮ​វា​នៅ​ឯ​សន្និសីទ​ទូទៅ​ក្នុង​សំឡេង​ដ៏​ច្បាស់ និង​ទន់ភ្លន់​ខ្លាំង​បំផុត ។ យើង​ត្រូវ​បាន​ជំរុញ និង​បំផុសគំនិត ប៉ុន្តែ​តើ​យើង​បាន​ផ្លាស់ប្ដូរ​ឬ​ទេ ? ដោយ​មាន​ការរំខាន​ទាំងអស់​នៅ​ជុំវិញ​យើង ហើយ​មាន​រឿង​ឥតប្រយោជន៍​ជាច្រើន​ទាមទារ​ការយកចិត្ត​ទុកដាក់​យើង ការលំបាក​គឺថាត្រូវ ឆ្លើយតប នឹង​ការអញ្ជើញ​នេះ ហើយ ធ្វើ​សកម្មភាព—គឺ​ជា​ការ​ធ្វើ​អ្វី​មួយ ពិត​ជា​ផ្លាស់ប្ដូរ​អ្វី​មួយ ហើយ​រស់នៅ​ខុសពី​មុន ។

ក្នុង​ការឆ្លើយ​តប​នឹង​ការហៅ​ឲ្យ​បម្រើ​នេះ សំណួរ​របស់​អ្នក​អាច​មាន​ដូច​ជា « តើ​ខ្ញុំ​ត្រូវ​ចាប់ផ្ដើម​ត្រង់​ណា ? » សូម​ចាប់ផ្ដើម​ដោយ​ការអធិស្ឋាន ។ ប្រធាន ណិលសុន បាន​អញ្ជើញ​យើង​ឲ្យ « ខិតខំ​បន្ថែម​ទៀត​លើស​ពី​លទ្ធភាព​ខាង​វិញ្ញាណ​របស់ [ យើង ] ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន ពីព្រោះ​ព្រះអម្ចាស់​បាន​សន្យា​ថា ‹ បើ​សិន​ជា​អ្នក [ ស្វែងរក ] នោះ​អ្នក​នឹង​បាន​ទទួល​វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ តម្រិះ​ថែម​ទៅ​លើ​តម្រិះ ដើម្បី​ឲ្យ​អ្នក​អាច​បាន​ស្គាល់​សេចក្ដី​អាថ៌​កំបាំង​ទាំង​ឡាយ និង​របស់​ទាំង​ឡាយ​ដ៏​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត—ដែល​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​អំណរ ជា​អ្វី​ដែល​នាំ​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច › [ គ. និង ស. ៤២:៦១ ] » ។

សូម​ដល់​ព្រះវរបិតា​របស់​អ្នក​ដែល​គង់​នៅ​ស្ថានសួគ៌​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ និង​សម្រាប់​នរណា ។ ទង្វើ​ប្រកប​ដោយ​សណ្ដាន​ចិត្ត​ល្អ​តិចតួច​ណា​មួយ​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ក្រៅ ហើយ​នាំ​មក​នូវ​ពរជ័យ​ផ្ទាល់​របស់​វា ។ សូម​ឆ្លើយតប​នឹង​ចំណាប់​អារម្មណ៍​ណា​មួយ​ដែល​អ្នក​ទទួល​បាន មិន​ថា​វា​មើល​ទៅ​មិន​សំខាន់​យ៉ាង​ណា​នោះ​ទេ ។ សូម​ធ្វើ​សកម្មភាព​តាម​វា ។ វា​អាច​ជា​សារ​ល្អ​មួយ​ទៅ​នរណា​ម្នាក់​ដែល​មិន​រំពឹង​ថា​ទទួល​វា ។ ប្រហែល​វា​ជា​សារ​បែប​ណា​មួយ ។ វា​អាច​ជា​ផ្កា នំ​ខ្លះៗ ឬ​ពាក្យ​ល្អៗ ។ ប្រហែល​វា​អាច​ច្រើន​ជាង​នេះ ដូចជា​សម្អាត​សួនច្បារ ឬ​វាល​ក្រោយ​ផ្ទះ, បោក​ខោអាវ​ឲ្យ​នរណា​ម្នាក់​ដែល​មិន​អាច​កម្រើក​បាន​ដូច​មុន, លាង​ឡាន, កាត់​ស្មៅ, កើប​ព្រិល​ចេញ, ឬ​គ្រាន់តែ​ស្ដាប់​មិត្ត​ម្នាក់​រៀបរាប់​ពី​ឧបសគ្គ​ដែល​គេ​កំពុង​ជួប ។

ដូច​ដែល​ស៊ីស្ទើរ ជេន ប៊ី ប៊ីងហាំ មាន​ប្រសាសន៍​ថា « ជួនកាល យើង​គិត​ថា យើង​ត្រូវ​ធ្វើ​អ្វី​មួយ​ធំ​ដុំ និង​ដូចជា​វីរជន ‹ ដើម្បី​រាប់​ថា › ជា​ការបម្រើ​ដល់​អ្នក​ជិតខាង​របស់​យើង ។ ប៉ុន្ដែ​ទង្វើ​សាមញ្ញៗ​នៃ​ការ​បម្រើ​អាច​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ទៅលើ​អ្នក​ដទៃ— ក៏​ដូចជា​ខ្លួន​យើង​ផងដែរ » ។

អ្នក​អាច​ស្ទាក់ស្ទើរ​នឹង​ឈាន​ជំហាន​ដំបូង ដោយ​យល់​ថា អ្នក​មិន​មាន​ពេល ឬ​អ្នក​ពិត​ជា​ពុំ​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​បាន ប៉ុន្ដែ​អ្នក​នឹង​ឆ្ងល់​អ្វី​ដែល​រឿង​តូចតាច​ខ្លះ​អាច​ធ្វើ​ឲ្យ​កើតឡើង ។

បើ​អ្នក​ឃើញ​ថា​ខ្លួន​អ្នក​បារម្ភ​ពី​មិត្ត​ម្នាក់​ដែល​រសាត់​ពី​សាសនាចក្រ ហើយ​បាត់​សេចក្ដី​ជំនឿ និង​ក្ដី​សង្ឃឹម​ដែល​គេ​ធ្លាប់​មាន សូម​អញ្ជើញ​គាត់​ឲ្យ​ចូលរួម​ជាមួយ​អ្នក​ធ្វើការ​បម្រើ​ខ្លះៗ ។ គ្មាន​របៀប​ណា​ប្រសើរ​ជាង​នេះ​ដើម្បី​បន្ទន់​ដួងចិត្ត​ឲ្យ​ធ្វើ​ការណ៍​របស់​ព្រះ ហើយ​រកឃើញ​ក្ដី​ស្រឡាញ់​របស់​ទ្រង់​ជាថ្មី​នៅក្នុង​ជីវិត​យើង ជាង​ការចូលរួម​ក្នុង​ការបម្រើ​ដ៏​មាន​ន័យ​ដល់​នរណា​ម្នាក់​ដែល​ត្រូវការ​វា​នោះ​ទេ ។

មូលហេតុ​នៃ​ការបម្រើ​សម្រាប់​យើង

យើង​ត្រូវ​រំឭក​ខ្លួន​យើង​ជា​ប្រចាំ​ពី​មូលហេតុ​ដែល​យើង​ចេញ​ទៅ​បម្រើ ។ យើង​គឺ​ជា​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌​យើង នៅលើ​ផែនដី​នេះ​ដើម្បី​រៀន និង​ធំ​ឡើង​តាមរយៈ​បទពិសោធន៍​ដ៏​ច្រើន ដូច្នេះ​យើង​នឹង​កាន់តែ​ពេញលេញ ពេល​យើង​ត្រឡប់​ទៅ​ទ្រង់​វិញ ។ ការរៀន​មើល​ទៅ​ក្រៅ​ខ្លួន មិន​មែន​ទៅក្នុង​ខ្លួន ហើយ​បម្រើ​ដល់​គ្នា​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​គោលបំណង​របស់​យើង​នៅ​ទីនេះ ។ តាម​ពិត​ទៅ វា​គឺជា​ចំណុច​ដ៏​សំខាន់​បំផុត ។ អព្ភូតហេតុ​នៃ​ការមើល​ទៅ​ក្រៅ​ខ្លួន និង​ការបម្រើ​ដល់​មនុស្ស​ដទៃ​ដែល​ត្រូវការ​គឺ​ថា យើង​រៀន​ក្នុង​ដំណើរការ​នោះ​ថា យើង​អាច​បំភ្លេច​ខ្លួន​យើង និង​បញ្ហា​ផ្ទាល់​របស់​យើង ។

ប្រធាន​ណិលសុន​ដាក់​ចេញ​នូវ​គំរូ​នៃ​ការបម្រើ​ដ៏​ខ្ពង់ខ្ពស់ និង​បរិសុទ្ធ​មួយ​សម្រាប់​អ្នក និង​ខ្ញុំ ។ នៅពេល​យើង​ឆ្លើយ​តប នោះ​យើង​នឹង​រកឃើញ​របៀប​ដែល​វា​បំពេញ រំដោះ ហើយ​រម្ងាប់​យើង និង​របៀប​ដែល​យើង​អាច​ជា​ភ្នាក់ងារ​មួយ​សម្រាប់​ការផ្លាស់ប្ដូរ និង​ការលួងលោម​ក្នុង​ជីវិត​របស់​មនុស្ស​ដទៃ ។

នៅពេល​អ្នក​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​បម្រើ​បេសកកម្ម វា​មាន​ការល្បួង​មួយ​ដើម្បី​និយាយ​ថា « ខ្ញុំ​បាន​ធ្វើ​រួច​ហើយ​ឥឡូវ ។ ខ្ញុំ​បាន​ធ្វើ​ជា​ម៉ាស៊ីន​បម្រើ​ពេញ​ម៉ោង​រយៈពេល ១៨ ខែ ឬ ២ ឆ្នាំ ។ ឥឡូវ វា​ដល់​ពេល​នរណា​ម្នាក់​ផ្សេង​ហើយ » ។ ពាក្យ​ដូចគ្នា​នោះ​អាច​និយាយ​បាន បន្ទាប់​ពី​យើង​រៀបការ​ហើយ ។ យើង​អាច​គិត​ថា « មែន ខ្ញុំ​រៀបការ​ហើយ ។ ឥឡូវ ដល់​ពេល​សម្រាក​ម្ដង » ។ ប៉ុន្ដែ ការបម្រើ​បែប​នេះ​មិន​សម្រាក​ឡើយ ។ វា​ជា​របៀប​នៃ​ជីវិត ។ យើង​អាច​សម្រាក​ពី​សកម្មភាព​ទៀងទាត់​របស់​យើង ហើយ​សម្រាក​នៅ​ថ្ងៃ​បុណ្យ ហើយ​បញ្ចូល​ថាមពល​ដើម្បី « ស្រាយ​ចំណង​ការលំឱន » ដូច​យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍ ។១០ ប៉ុន្តែ​ការទទួលខុសត្រូវ​នៃ​សេចក្តីសញ្ញា​របស់​យើង​ដើម្បី​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ដូច​ទ្រង់​បាន​ស្រឡាញ់​យើង និង​ឲ្យ​ចំណី​ដល់​ចៀម​របស់​ទ្រង់​គ្មាន​ការសម្រាក​ឡើយ ។

ខ្ញុំ​ជា​អ្នក​ទទួល​ប្រយោជន៍​ពី​ការបម្រើ​បែប​នេះ ហើយ​ខ្ញុំ​ក៏​រកឃើញ​ក្ដី​សុខសាន្ដ និង​អំណរ​ដែល​កើត​មាន​មកពី​ការធ្វើ​ជា​ឧបករណ៍​ក្នុង​ព្រះហស្ដ​របស់​ព្រះ​ជំនួស​ឲ្យ​អ្នក​ដទៃ​ដែរ ។

ចេន​បាន​រៀបរាប់​ពី​ការប្រយុទ្ធ​ដែល​យើង​បាន​មាន​ដើម្បី​ឲ្យ​កូន​ប្រុស​តូច​យើង​មាន​ជីវិត ។ បន្ទាប់ពី​បាត់បង់​គាត់ យើង​ឆ្ងល់​ថា តើ​យើង​នឹង​សះស្បើយ​ឬ​ទេ ។ ឆ្លង​កាត់​គ្រា​នោះ យើង​បាន​ទទួល​ការចាក់​ស្រោច​ដ៏​ច្រើន​នៃ​ក្ដី​ស្រឡាញ់ សណ្ដានចិត្ត និង​ជំនួយ​ពី​គ្រួសារ និង​មិត្តភក្ដិ ព្រមទាំង​មនុស្ស​ដែល​យើង​មិន​ដែល​ស្គាល់ ។ ដៃគូ​ជាទី​ស្រឡាញ់​មួយ​គូ​ដែល​ជា​មិត្ត​ដ៏​ល្អ​ជាយូរ​មក គឺជា​អ្នកបម្រើ​ជាប្រចាំ​ពេញ​មួយ​រយៈពេល​នោះ ។ ពួកគេ​បាន​បន្ដ​នៅ​ក្បែរ​យើង អធិស្ឋាន​ជាមួយ​យើង និង​សម្រាប់​យើង ហើយ​ផ្ដល់​ពរជ័យ អាហារ ពាក្យ​លួងលោម​ក៏​ដូចជា​ភាពស្ងប់សុខ ។ មិន​ដឹង​យ៉ាង​ម៉េច​ទេ ពួកគេ​តែងតែ​បង្ហាញ​មុខ ពេល​យើង​ទទួល​បាន​ព័ត៌មាន​ដ៏​សំខាន់​ខ្លះៗ ឬ​ពេល​យើង​លិចលង់​ក្នុង​ការអស់​កម្លាំង រួចហើយ​សោកសៅ ។ អស់រយៈពេល​ជាច្រើន​ឆ្នាំ ពួកគេ​បាន​បង្ហាញ​ថា នេះ​គឺជា​ផ្លូវ​ជីវិត​របស់​ពួកគេ ។ ពួកគេ​បម្រើ​ដោយ​ស្ងាត់ស្ងៀម និង​ទៀងទាត់ ។

ការបម្រើ​ក្នុង​សាសនាចក្រ​ទូទាំង​ពិភពលោក

ខណៈ​បម្រើ​ក្នុង​សាសនាចក្រ​នៅ​តំបន់​អឺរ៉ុប​រយៈ​ពេល​ពីរ​បី​ឆ្នាំ​នេះ ហើយ​រស់នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ហើយ​ខ្ញុំ​បាន​ឃើញ​គោលការណ៍​នេះ​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​អស្ចារ្យ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនចក្រ ហើយ​មិត្ត​របស់​យើង​មកពី​ជំនឿ​ផ្សេង​បាន​ចូល​មក​ជួយ​ជនភៀសខ្លួន​រាប់ពាន់​នាក់​ដែល​បាន​បាត់បង់​អ្វី​គ្រប់យ៉ាង កាល​ពួកគេ​បាន​គេច​ពី​ការប្រយុទ្ធ និង​កម្ទេច​នៃ​សង្គ្រាម​ដែល​នៅ​តែ​កើត​ឡើង​នៅ​បច្ចឹមបូព៌ា ។ ពេលខ្លះ​ពួកគេ​មក​ដោយ​ការដើរ​រាប់ពាន់​គីឡូ​ម៉ែត្រ ដោយ​យួរ​តែ​កាបូប​សម្ភារ​តូច​មួយ ។ ដោយ​ឃើញ​ពី​តម្រូវការ ឃើញ​បងប្អូន​ប្រុស​ស្រី ឃើញ​កូនចៀម​របស់​ទ្រង់ នោះ​មនុស្ស​របស់​យើង​បាន​ចូល​ជួយ ផ្ដល់​សំលៀកបំពាក់ អាហារ ជម្រក និង​លួងលោម​ដល់​ជនភៀស​ខ្លួន​ទាំងនេះ​ដែល​បាន​បាត់បង់​អ្វី​គ្រប់​យ៉ាង ។ ការធ្វើ​ដូច្នោះ អស់​អ្នក​ដែល​បាន​ជួយ​បាន​ផ្លាស់ប្ដូរ​ខ្លួន​គេ ។ ពួកគេ​ទទួល​ពរជ័យ​ជា​ពន្លឺ ថាមពល និង​អំណរ​ដែល​ពួកគេ​មិន​ធ្លាប់​ជួប​ពីមុន​មក ឬ​ដែល​បាន​រសាយ​បាត់ កាល​ពួកគេ​ផ្ដោត​តែ​លើ​ខ្លួន​គេ និង​ទម្លាប់​សាមញ្ញ​ក្នុង​ជីវិត ។ មនុស្ស​របស់​យើង​បន្ត​កិច្ចខិតខំ​សង្គ្រោះ​ដ៏​អស្ចារ្យ​នេះ​នៅ​ទូទាំង​ពិភពលោក ។

ជនភៀសខ្លួន​មាន​តម្រូវការ​ភ្លាមៗ និង​មើល​ឃើញ​ច្បាស់ ប៉ុន្ដែ​មាន​អ្នកផ្សេង​ទៀត​នៅ​ជុំវិញ​យើង​ដែល​មាន​ឧបសគ្គ​ដែល​មិន​អាច​មើល​ឃើញ​ច្បាស់​ថា នរណា​ត្រូវការ​ជំនួយ​របស់​យើង ហើយ​ដូចគ្នា​ដែរ យើង​ត្រូវ​ជួយ​ពួកគេ ។ ការបម្រើ​របស់​យើង​មិន​ចាំបាច់​តែ​នៅ​ម្ខាង​ទៀត​នៃ​ពិភពលោក​នេះ​ទេ ។ វា​ប្រសើរ​ជាង ប្រសិនបើ​វា​នៅ​ជិត​ផ្ទះ​យើង ។

ខ្ញុំ​មាន​អំណរ​គុណ​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ជា​សមាជិក​ក្នុង​សាសនាចក្រ​ដែល​អនុវត្ត​ការណ៍​នេះ ។ គ្រាន់តែ​ឆ្នាំ​មុន យើង​បរិច្ចាគ​ម៉ោង​ធ្វើការ​ស្មគ័្រចិត្ត​ជាង ៧ លាន​ម៉ោង​ដើម្បី​ដាំដុះ ច្រូតកាត់ និង​ចែក​ចាយ​អាហារ​ដល់​អ្នកក្រីក្រ និង​ជន​ទុរគត ។ ម្តង​ទៀត កាល​ពី​ឆ្នាំ​មុន​សាសនាចក្រ​ផ្ដល់​ទឹក​ស្អាត​ដល់​មនុស្ស​កន្លះ​លាន​នាក់ ដែល​គ្មាន​ទឹក​ប្រើ ។ យើង​ផ្ដល់​ជូន​រទេះ​ជន​ពិការ​ចំនួន​បួន​ម៉ឺន​ប្រាំបួន​ពាន់​នាក់​នៅក្នុង ៤១ ប្រទេស ។ អ្នក​ស្ម័គ្រ​ចិត្ត​បាន​ជួយ​ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ​ឡើង​វិញ និង​បំពាក់បំប៉ន​អ្នក​មើល​ថែទាំ​ភ្នែក​ចំនួន ៩៧០០០ នាក់​ដល់​អស់​អ្នក​ដែល​មាន​បញ្ហា​ខាង​ភ្នែក​នៅក្នុង ៤០ ប្រទេស ។ មាន​អ្នកមើល​ថែ​ចំនួន​បី​ម៉ឺន​បី​ពាន់​នាក់​ត្រូវបាន​បំពាក់បំប៉ន​ក្នុង​ផ្នែក​គាំពារ​មាតិ និង​ទារក​នៅក្នុង ៣៨ ប្រទេស ។ ដោយ​មិន​ថ្លែង​ពី​ទីកន្លែង​នៃ​ក្រុម​ដៃ​ជំនួយ​មរមន នៅក្នុង​ឆ្នាំ​ថ្មីៗ​នេះ មនុស្ស​រាប់​រយ​ពាន់​នាក់​បាន​បរិច្ចាគ​ពេលវេលា​រាប់​លាន​ម៉ោង ។ ពួកគេ​បាន​ចុះ​ប្រឡូក​ជួយ​ដល់​អស់​អ្នក​ដែល​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ទាំង​តូច​ទាំង​ធំ ព្រមទាំង​ជួយ​ធ្វើ​ឲ្យ​អ្នក​ជិតខាង និង​សហគមន៍​របស់​ពួកគេ​បាន​ល្អ​ប្រសើរ​ឡើង ។

គំនិត​ផ្តួចផ្តើម JustServe របស់​សាសនាចក្រ​ដែល​កំពុង​រីកចម្រើន ដែល​ជា​កន្លែង​ដ៏​ធំ​ដើម្បី​ស្វែងរក​ឱកាស​បម្រើ ប្រសិនបើ​មាន​វា​នៅ​ក្បែរ​អ្នក មាន​អ្នក​ស្ម័គ្រ​ចិត្ត​ជាង ៣៥០០០០ នាក់​បាន​ចុះ​ឈ្មោះ ដែល​បាន​បរិច្ចាគ​ពេលវេលា​រាប់​លាន់​ម៉ោង​ជួយ​សហគមន៍​ក្នុង​មូលដ្ឋាន​របស់​ពួកគេ ។

នេះ​គឺជា​សកម្មភាព​របស់​សាសនាចក្រ ។ នេះ​គឺជា​អ្វី​ដែល​យើង​ធ្វើ ។ នេះ​គឺជា​អ្វី​ដែល​បងប្អូន​ធ្វើ ។ ចូរ​ឲ្យ​ការណ៍​នេះ​កំណត់​ពី​អាកប្បកិរិយា​នៃ​ខ្លួន​ប្អូនៗ​ជា​នរណា ។ នេះ​គឺជា​របៀប​ដែល​យើង​រកឃើញ​អំណរ និង​ក្ដី​សុខសាន្ដ ដោយសារ​នេះ​ជា​របៀប​ដ៏​ខ្ពស់ ល្អ និង​រឹងមាំ​បំផុត​ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ។

ប្រធាន​អិម រ័សុល បាឡឺដ បាន​ពោល​ថា « រឿង​ដ៏​អស្ចារ្យ​កើត​ឡើង​តាមរយៈ​រឿង​ដ៏​សាមញ្ញ និង​តូចតាច ។ ដូចជា​មាស​ភាគ​តូចៗ​ជាច្រើន​ដែល​រួម​ផ្សំ​គ្នា​ក្នុង​ពេល​មួយរយៈ​ទៅជា​រតនសម្បត្តិ​ដ៏​ធំ​មួយ​ដែរ ទង្វើ​តូចតាច និង​សាមញ្ញ​ប្រកប​ដោយ​សន្ដានចិត្ត​របស់​យើង និង​ការបម្រើ​នឹង​រួមផ្សំ​ទៅជា​ជីវិត​មួយ​ដែល​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​ចំពោះ​ព្រះវរបិតាសួគ៌ ការបូជា​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ អារម្មណ៍​នៃ​ក្ដីសុខសាន្ដ និង​អំណរ​រាល់​ពេល​ដែល​យើង​ជួយ​គ្នា » ។១១

ការបម្រើ​បី​ប្រភេទ

ខ្ញុំ​សូម​គូស​បញ្ជាក់​ការបម្រើ​បី​ប្រភេទ​ធំៗ​ដែល​យើង​ម្នាក់ៗ​មាន​ឱកាស​បម្រើ ។

ទីមួយ​គឺជា​ការបម្រើ​មួយ​ប្រភេទ​ដែល​យើង​ត្រូវបាន​ចាត់តាំង ឬ​អញ្ជើញ​ឲ្យ​ធ្វើ ជា​ការទទួល​ខុសត្រូវ​មួយ​ក្នុង​សាសនាចក្រ ។ ការណ៍​នេះ​ត្រូវបាន​លើក​ឡើង​នៅ​ឯ​សន្និសីទ​ទូទៅ​យ៉ាង​ប្រពៃ និង​បំផុស​គំនិត ។ យើង​នឹង​ខិតខំ​ធ្វើការ​បម្រើ​ប្រភេទ​នេះ ដែល​ជា​រតនសម្បត្តិ មិន​ត្រូវបាន​វាស់វែង ជា​អ្វី​ដែល​យើង​គិត អធិស្ឋាន និង​ជួយ​ដល់​អ្នក​ដែល​មាន​ការទទួល​ខុសត្រូវ​នេះ ។

ទីពីរ​គឺជា​ការបម្រើ​មួយ​ប្រភេទ​ដែល​យើង​ជ្រើសរើស​ធ្វើ​តាម​ឆន្ទៈ​របស់​យើង​ផ្ទាល់ ។ វា​ជា​ការពង្រីក​ពី​ការបម្រើ​ទីមួយ ដែល​នឹង​ហូរ​មក​ក្នុង​សកម្មភាព និង​ការសន្ទនា​ប្រចាំ​ថ្ងៃ​របស់​យើង​ទាំងអស់ កាល​យើង​ខំ​បំភ្លេច​ខ្លួន​យើង​កាន់តែ​ខ្លាំង ហើយ​ងាក​ទៅ​បម្រើ​អ្នក​ដទៃ ។ វា​គ្មាន​ការចាត់តាំង​ជា​ផ្លូវការ​ទេ ប៉ុន្ដែ​យើង​ធ្វើ​ដោយសារ​ការជំរុញ​ចិត្ត​ក្នុង​បំណង​ប្រាថ្នា​ដើម្បី​ធ្វើតាម​ព្រះគ្រីស្ទ ដោយ​ចាប់ផ្ដើម​ពី​ការមាន​សន្ដាន​ចិត្ត​ល្អ​ជាងមុន ហើយ​ចេះ​គិតគូរ​ដល់​អ្នក​នៅ​ជុំវិញ​យើង ។ ទង្វើ​តូចតាច​ប្រកប​ដោយ​សន្ដាន​ចិត្ត​ល្អ និង​ចិត្ត​សប្បុរស​ដ៏​ស្ងាត់ស្ងៀម​ផ្លាស់ប្តូរ​ដួងចិត្ត និង​នាំ​ទៅរក​ទំនាក់ទំនង​ដ៏​កក់ក្ដៅ និង​មាន​អត្ថន័យ ។

ទីបី​គឺ​ការបម្រើ​ជា​សាធារណៈ ។ ទោះ​នៅ​អាយុ​ដូច​អ្នក​ក្ដី ក៏​អ្នក​អាច​បម្រើ​ក្នុង​គណៈកម្មាការ​សាលា សប្បុរសធម៌ និង​រដ្ឋាភិបាល​ក្នុង​ស្រុក តំបន់ និង​ថ្នាក់​ជាតិ​បាន​ដែរ ។ ខ្ញុំ​សូម​លើក​ទឹកចិត្ត​ឲ្យ​បុរស និង​ស្ដ្រី​ចូល​រួម​តាម​របៀប​ដូចគ្នា​នេះ ។ បើ​សមរម្យ សូម​ចូល​ប្រឡូក​ក្នុង​នយោបាយ​ដោយ​ផ្ដោត​ភ្នែក​លើ​ការបម្រើ និង​ស្អាង​បុគ្គល និង​សហគមន៍​ទាំងឡាយ ។ សូម​ចៀសវាង​បក្សពួក​នយោបាយ ដែល​ធ្វើ​ឲ្យ​បែកខ្ញែក​គ្នា សង្កៀរ​ត្រចៀក និង​បំផ្លាញ​សហគមន៍ ប្រទេស និង​ទ្វីប​នានា​យ៉ាង​ខ្លាំង ។ សូម​ចូលរួម​នឹង​អ្នក​នយោបាយ​ផ្សេង​ដែល​ជួយ​បុព្វហេតុ​ទូទៅ ដើម្បី​នាំ​ឲ្យ​មាន​ការផ្សះផ្សា​ដល់​ជីវិត​ដែល​មាន​បញ្ហា​ក្នុង​ដែន​អំណាច​របស់​គេ​ផ្ទាល់ និង​លើស​ពី​នោះ ។ អ្នក​អាច​ជា​សំឡេង​នៃ​តុល្យភាព និង​មូលហេតុ​ដែល​គាំពារ​ភាពស្មើគ្នា​ក្នុង​សង្គម​គ្រប់​ផ្នែក ។ មាន​តម្រូវការ​ដ៏​កើនឡើង​សម្រាប់​អ្នក​ដើម្បី​រួម​ចំណែក​នូវ​កម្លាំង​អ្នក​ដល់​ការចូលរួម​ស៊ីវិល​ដ៏​មាន​តម្លៃ​ប្រភេទ​នេះ ។

នៅពេល​យើង​អាន​ព័ត៌មាន យើង​អាច​មាន​អារម្មណ៍​ថា ពិភពលោក​នេះ​ធ្លាក់​ចុះ​បណ្ដើរៗ ។ បើ​យើង​ម្នាក់ៗ​ធ្វើ​សកម្មភាព​តាម​របៀប​ធំ ឬ​តូច​រាល់​ថ្ងៃ នោះ​យើង​អាច​ផ្លាស់ប្ដូរ​ពិភព​លោក​របស់​យើង​ផ្ទាល់ និង​អ្នក​នៅ​ជុំវិញ​យើង​ដែរ ។ កាល​អ្នក​បម្រើ​អ្នកជិតខាង​របស់​អ្នក និង​បម្រើ ជាមួយ អ្នកជិតខាង​អ្នក​ក្នុង​សហគមន៍​របស់​អ្នក នោះ​អ្នក​នឹង​បង្កើត​មិត្ត​ដែល​មាន​បំណង​ចង់​ជួយ​ដូច​អ្នក​ដែរ ។ វា​នឹង​ជា​មិត្តភាព​ដ៏​រឹងមាំ ដោយ​សាង​លើ​ស្ពាន​កាត់​វប្បធម៌ និង​ជំនឿ ។

Antoine de Saint-Exupéry បាន​ពោល​ថា « ជីវិត​បាន​បង្រៀន​យើង​ថា ក្ដីស្រឡាញ់​មិន​មាន​ក្នុង​ការមើល​ទៅ​គ្នា​នោះ​ទេ តែ​ក្នុង​ការមើល​ទៅ​ទិសដៅ​ដូចគ្នា​រួមគ្នា ។ គ្មាន​មិត្តភាព​ឡើយ បើ​គ្មាន​ការរួបរួម​ក្នុង​កិច្ច​ខិតខំ​ដ៏​ខ្លាំង​ដូចគ្នា​នោះ ។ ទោះជា​ក្នុង​សម័យ​សុខុមាលភាព​ដោយ​សម្ភារ​និយម​ក្ដី ការណ៍​ត្រូវតែ​កើតមាន បើ​ពុំ​ដូច្នោះ​ទេ តើ​យើង​គួរ​ពន្យល់​ពី​សុភមង្គល​ដែល​យើង​មាន​ក្នុង​ការចែក​នំប៉័ង​ក្រៀម​ចុងក្រោយ​របស់​យើង​ជាមួយ​អ្នកដទៃ​នៅឯ​វាលខ្សាច់​ដោយ​របៀប​ណា ? » ១២

សេចក្ដីបញ្ចប់

បើ​អ្នក​ម្នាក់ៗ​ឆ្លើយតប​នឹង​ការអញ្ជើញ​ឲ្យ​បម្រើ​ដូច​ព្រះយេស៊ូវ​បម្រើ​នេះ នោះ​អ្នក​នឹង​ផ្លាស់ប្ដូរ កាន់តែ​បំភ្លេច​ខ្លួន​ឯង​ជាងមុន ជាជាង​កាន់តែ​អាត្មានិយម ។ អ្នក​នឹង​រកឃើញ​អំណរ​ដែល​កើត​ចេញ​ពី​ការបម្រើ​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​ទុកចោល​ចិត្ត​អន្ទះសារ និង​មិន​ប្រាកដ​ប្រជា​របស់​អ្នក ព្រមទាំង​ភាពងងឹត​ដែល​មកពី​ការដឹង​ថា​មាន​ការខ្វះ​ចន្លោះ ។

ប្រហែល​ពេល​អ្នក​កំពុង​ស្ដាប់​នេះ មាន​ឈ្មោះ ឬ​បុព្វហេតុ​មួយ​ដែល​លេច​មក​ក្នុង​គំនិត ។ នេះ​ដូចជា​ការអញ្ជើញ​មួយ​ពី​ព្រះវិញ្ញាណ​ដែរហើយ​ប្រហែល​ជា​ការអញ្ជើញ​មួយ​ដែល​អ្នក​បាន​ទទួល​ពីមុន​មក ។ ដើម្បី​ទៅ​ជួយ មើលថែ និង​ស្អាង​ឡើង ។ សូម​ជ្រើស​ឆ្លើយ​តប​ចំពោះ​ការអញ្ជើញ​នេះ ហើយ​អធិស្ឋាន​ថ្ងៃ​នេះ​ដើម្បី​ដឹង​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ ។ នៅពេល​អ្នក​ឃើញ និង​ទទួល​ពរជ័យ​ដែល​ការណ៍​នេះ​នាំ​មក​ដល់​អ្នក និង​អស់​អ្នក​ដែល​អ្នក​បម្រើ នោះ​អ្នក​នឹង​ចង់​ធ្វើ​ការណ៍​នេះ​ជា​គន្លង​ប្រចាំ​ថ្ងៃ ។

កិច្ចខិតខំ​ដ៏​ខ្លាំង និង​ល្អ​បំផុត​របស់​យើង​គឺ ដើម្បី​ចែកចាយ​ពន្លឺ ក្ដី​សង្ឃឹម អំណរ និង​គោលបំណង​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ ហើយ​ជួយ​ពួកគេ​រក​ឃើញ​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ការជួយ ការបម្រើ និង​ការងារ​បម្រើ​ដល់​ពួកគេ​គឺជា​ការបង្ហាញ​ដំណឹងល្អ​ក្នុង​សកម្មភាព ។ កាល​យើង​ធ្វើ​ឲ្យ​រឿង​នេះ​ជា​ផ្លូវ​នៃ​ជីវិត យើង​នឹង​ឃើញ​ថា វា​បំពេញ​តាម​របៀប​ដ៏​ពិសេស ហើយ​វា​ជា​របៀប​ដែល​យើង​អាច​រកឃើញ​ក្ដី​សុខសាន្ដ និង​អំណរ​ដែល​យើង​មិន​អាច​រក​បាន ។

ខ្ញុំ​សូម​លើកឡើង​ការអញ្ជើញ​របស់​ប្រធាន ណិលសុន ដល់​យើង​ម្នាក់ៗ​ម្ដង​ទៀត ៖ « សញ្ញា​សម្គាល់​នៃ​សាសនាចក្រ​ពិត និង​សកម្ម​របស់​ព្រះអម្ចាស់ ជានិច្ចកាល​នឹង​ត្រូវ​បាន​រៀបចំ បាន​ដឹកនាំ​ការខិតខំ​ទៅ​រក​ការ​បម្រើ​ដល់​បុត្រាបុត្រី​របស់​ព្រះ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ម្នាក់ៗ ។ ដោយសារ​នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ពួក​យើង​ក្នុង​នាម​ជា​អ្នកបម្រើ​របស់​ទ្រង់​នឹង​បម្រើ​ដល់​មនុស្ស​ម្នាក់ៗ​ដូចជា​ទ្រង់​បាន​ធ្វើ ។ ពួក​យើង​នឹង​បម្រើ​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ដោយ​ព្រះចេស្ដា និង​សិទ្ធិ​អំណាច​របស់​ទ្រង់ ហើយ​ដោយ​សណ្ដាន​ចិត្ត​ល្អ​ដែល​ពោរពេញ​ដោយ​ក្ដីស្រឡាញ់​របស់​ទ្រង់ » ។១៣

នេះ​ជា​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រស់នៅ ហើយ​នេះ​ជា​មូលហេតុ​ដែល​ទ្រង់​បាន​រស់នៅ​—​ដើម្បី​ផ្ដល់​ថ្នាំ​ដ៏​ឥតខ្ចោះ និង​ការព្យាបាល​ចុងក្រោយ​តាមរយៈ​អំណោយ​ដ៏​ធួន​ដ៏​អស្ចារ្យ និង​និរន្ដរ៍​របស់​ទ្រង់​សម្រាប់​អ្នក និង​ខ្ញុំ ។ សូម​ឲ្យ​យើង​ធ្វើតាម​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់​កាន់តែ​ស្ម័គ្រ​ស្មោះ កាន់តែ​មាន​ប្រសិទ្ធភាព​ជាងមុន កាល​យើង​ខំ​ក្លាយ​ខ្លួន​ជា​សិស្ស​ដ៏​ពិត​របស់​ទ្រង់​តាមរយៈ​ការបម្រើ​ដូច​ជា​ទ្រង់​បម្រើ​ដែរ ។

នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. រ័សុល អិម ណិលសុន « ការបម្រើ​ដោយ​ព្រះចេស្ដា និង​សិទ្ធិអំណាច​ពី​ព្រះ » Liahona, ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៦៩ ។

  2. ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « The Abundant Life » Ensign ខែ កក្កដា ឆ្នាំ ១៩៧៨ ទំព័រ ៤ ។

  3. ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « The Abundant Life » Ensign ខែ កក្កដា ឆ្នាំ ១៩៧៨ ទំព័រ ៣ ។

  4. កិច្ចការ ១០:៣៨ ។

  5. កិច្ចការ ១០:៣៨ ។

  6. ម៉ាថាយ ៤:២០ ការគូស​បញ្ជាក់​បាន​បន្ថែម ។

  7. យ៉ូហាន ២១:៦ ។

  8. រ័សុល អិម ណិលសុន « វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង » Liahona ​ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ ។

  9. ជីន ប៊ី ប៊ីងហាំ « ការងារ​បម្រើ​ដូចដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ » Liahona​ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៤ ។

  10. សូមមើល វិល្លាម អិម អលរិត នៅក្នុង « Recollections of the Prophet Joseph Smith » Juvenile Instructor ថ្ងៃទី ១ ខែ សីហា ឆ្នាំ ១៨៩២ ទំព័រ ៤៧២ ។

  11. អិម រ័សុល បាឡឺដ « Finding Joy through Loving Service » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៤៩ ។

  12. Antoine de Saint-Exupéry, Airman’s Odyssey ( ឆ្នាំ ១៩៣៩ ) ទំព័រ ១៩៥ ។

  13. រ័សុល អិម ណិលសុន « ការបម្រើ​ដោយ​ព្រះចេស្ដា និង​សិទ្ធិអំណាច​ពី​ព្រះ » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៦៩ ។