តម្លៃដ៏និរន្តរ៍របស់អ្នក និង សេចក្ដីស្រឡាញ់ដ៏និរន្តរ៍របស់ព្រះ
ជំនួបជាមួយនឹងអែលឌើរ និង ស៊ិស្ទើរ ខៀរ៉ុន
ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៨ មជ្ឈមណ្ឌលសាកលវិទ្យាល័យព្រិកហាំ យ៉ង់–អៃដាហូ
សូមអរគុណក្រុមចម្រៀងសម្រាប់ទំនុកតម្កើងដ៏ពីរោះដើម្បីសរសើរតម្កើងអង្គបង្កបង្កើតនៃយើង ។
វាពិតជាសេចក្ដីរីករាយ និងឯកសិទ្ធមួយដើម្បីមានវត្តមានជាមួយប្អូនៗនាការប្រជុំធម្មនិដ្ឋាននេះ ។ យើងរីករាយជាខ្លាំងចំពោះរាល់ឱកាសដើម្បីមានវត្តមានជាមួយយុវមជ្ឈិមវ័យក្នុងសាសនាចក្រ ។ ពួកយើងស្រឡាញ់ប្អូនៗ ! ខ្ញុំមានរំភើបដែលបានធ្វើជាអ្នកចូលរួមចំណែកដ៏សកម្មជាមួយប្អូនៗ នៅក្នុងជំនាន់ដ៏រំជើបរំជួល ដែលមានការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជាបន្តបន្ទាប់ ។
ទោះជាប្អូនៗមានអាយុច្រើន ឬតិចក្មេង ឬចាស់ យើងទាំងអស់គ្នារីករាយនឹងរឿងនិទានដ៏ពីរោះល្អមួយ ជាពិសេសនៅពេលវាជារឿងនិទានស្នេហា ។ ខ្ញុំចង់និយាយថា រឿងនិទានស្នេហារបស់យើងគឺជារឿងដ៏ពីរោះ និងនឹកស្មានមិនដល់ ។ ខ្ញុំបានធំឡើងនៅរដ្ឋកាលីហ្វូញ៉ា ឯស្វាមីខ្ញុំបានធំឡើងនៅប្រទេសអង់គ្លេស និង អារ៉ាប៊ីសាអូឌីត ។ ខ្ញុំបានកើតនៅក្នុងដំណឹងល្អ ឯស្វាមីខ្ញុំជាអ្នកប្រែចិត្តជឿលើសាសនាចក្រក្នុងវ័យម្ភៃឆ្នាំជាង ។ យើងមកពីទ្វីបពីរផ្សេងគ្នា យើងបានជួបគ្នានៅឯទីក្រុងឡុងដ៏ដ៏ធំ ។ គាត់ជាសមាជិកសាសនាចក្របានពីរឆ្នាំ ហើយចូលរួមវួដយុវមជ្ឈិមវ័យនៅលីវក្នុងទីក្រុងឡុងដ៏ នៅពេលខ្ញុំបានទៅដល់ទីនោះដើម្បីរៀនអំពីប្រវត្តិសាស្ត្រសិល្បៈ និងអក្សរសាស្ត្រអង់គ្លេសរយៈពេលប្រាំមួយខែ ។ ខ្ញុំពុំដែលមានបំណង ឬរំពឹងថា ធ្លាក់ក្នុងអន្លង់ស្នេហ៍យ៉ាងខ្លាំងអំឡុងពេលកំពុងសិក្សានៅចក្រភពអង់គ្លេសឡើយ ប៉ុន្តែជួនកាលជីវិតយើងអាចទទួលនូវអ្វីៗដែលពុំបានរំពឹងទុកមួយចំនួន—និងអស្ចារ្យ—នៅក្នុងជីវិតរបស់យើង ។
ខ្ញុំមានអំណរគុណចំពោះព្រះអម្ចាស់ដែលដឹកនាំពួកយើងឲ្យជួបគ្នា › » ។ ពួកយើងបានរៀបការក្នុងព្រះវិហារបរិសុទ្ធ អូកលែន កាលីហ្វូញ៉ា រួចខ្ញុំបានផ្លាស់លំនៅទៅប្រទេសអង់គ្លេស ជាកន្លែងដែលយើងរស់នៅអស់រយៈពេល ១៩ឆ្នាំ រហូតដល់ស្វាមីរបស់ខ្ញុំត្រូវបានហៅឲ្យបម្រើជាអ្នកមានសិទ្ធិអំណាចទូទៅក្នុងឆ្នាំ ២០១០ ។
យើងមានពរដោយមានកូនបួននាក់ ។ យើងបានបាត់បង់កូនប្រុសច្បង នៅពេលវះកាត់បេះដូងកាលគាត់អាយុបានតែ ១៩ ថ្ងៃប៉ុណ្ណោះ ។ វិបត្តិជំងឺបេះដូងរបស់គាត់ត្រូវបានរកឃើញអំឡុងពេលខ្ញុំកំពុងពរពោះ ហើយការតស៊ូដ៏ខ្ជាប់ខ្ជួនរបស់យើងសម្រាប់ជីវិតដ៏ខ្លីរបស់គាត់បានបង្រៀនយើងអំពីអព្ភូតហេតុ ព្រះឆន្ទៈរបស់ព្រះ និងភាពពិតនៃដង្វាយធួន ព្រមទាំងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទដោយផ្ទាល់ខ្លួន ។
បន្ទាប់ពីកូនប្រុសជាទីស្រឡាញ់យើងគឺយើងមានកូនស្រីដ៏មានតម្លៃបីនាក់ ដែលយើងស្រឡាញ់ គោរព ហើយរៀនពីពួកគេជារៀងរាល់ថ្ងៃ ។ ពួកគេជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់យើង ។ ដោយមានសេចក្ដីជំនឿដ៏អស្ចារ្យ ពួកគេបានប្ដូរលំនៅដោយស្ម័គ្រចិត្តក្នុងវ័យជំទង់—ចេញពីប្រទេសកំណើតនៅប្រទេសអង់គ្លេសទៅរដ្ឋយូថាហ៍ ទៅប្រទេសអាល្លឺម៉ង់ ហើយឥឡូវត្រឡប់មកយូថាហ៍វិញ ដោយសារឪពុករបស់ពួកគេត្រូវបានចាត់តាំងឲ្យបម្រើនៅក្នុងតំណែងផ្សេងៗក្នុងសាសនាចក្រ ។
តម្លៃដ៏និរន្តរ៍របស់អ្នក និង សេចក្ដីស្រឡាញ់ដ៏និរន្តរ៍របស់ព្រះ
ឥឡូវនេះ តើមានអ្វីដែលប្អូនៗមិនចូលចិត្តកាលនៅក្មេង ហើយដល់ពេលពេញវ័យបែរជាពេញចិត្តឬទេ ? ចុះពេលសម្រាប់ដេកថ្ងៃនោះ ? ខ្ញុំជឿថា ប្អូនៗមិនចូលចិត្តដេកពេលថ្ងៃទេកាលនៅតូចៗនោះ ។ ខ្ញុំមិនចូលចិត្តទេ ! ប៉ុន្តែឥឡូវនេះ បើមានឱកាសបានដេកបន្ថែមបន្តិចគឺអស្ចារ្យណាស់ ! ខ្ញុំចូលចិត្តដេកថ្ងៃ ។ ចុះតើខាត់ណាខៀវ ឬអាហារដទៃទៀតដែលប្អូនៗមិនចូលចិត្តកាលនៅក្មេងនោះវិញ ? តើប្អូនៗចូលចិត្តវាទេឥឡូវនេះ ?
ទោះជាប្អូនៗគិតចំពោះការដេកថ្ងៃ ឬខាត់ណាខៀវយ៉ាងណាក្ដី ក៏មានអ្វីជាច្រើនដែលប្អូនៗមិនបានចូលចិត្តកាលនៅក្មេង ហើយនៅតែមិនចូលចិត្តពេលធំឡើងដែរ ។ យើងមិនចូលចិត្តរត់ដួល ហើយរលាត់ជង្គង់នោះទេ ។ យើងមិនចូលចិត្តព្យាយាមលេងកីឡាក្នុងក្រុមមួយ ដែលមិនត្រូវបានជ្រើសរើសនោះទេ ។ យើងមិនចូលចិត្តឲ្យគេធ្វើបាប ចំអក ឬទុកចោល ឬត្រូវនរណាម្នាក់ធ្វើឲ្យឈឺចាប់នោះទេ ។ ហើយយើងនៅតែមិនចូលចិត្តរឿងទាំងនោះមកដល់ឥឡូវនេះ ។
ខ្ញុំចាំកាលរៀននៅសាលាបឋមសិក្សា ខ្ញុំរៀនពូកែគួរសមនៅក្នុងថ្នាក់ ប៉ុន្តែខ្ញុំគឺជាអ្នករបាំ ដែលគ្មានទេពកោសល្យខាងកីឡាទាល់តែសោះ ។ ខ្ញុំអាចបង្វិលខ្លួន ប៉ុន្តែខ្ញុំមិនអាចលោតរំលង—សុតបាល់ បោះបញ្ចូលទី ទាត់ ចាប់ ឬគ្រវាត់ចុះឡើងទេ ។ ក្មេងខ្លះបានដាក់ឈ្មោះផ្សេងៗឲ្យខ្ញុំ ហើយបានចំអកចំពោះដៃស្គមៗរបស់ខ្ញុំ ។ ខ្ញុំពិតជាមានដៃស្គមៗមែន វាជារឿងពិត ប៉ុន្តែការចំអកនៅតែធ្វើឲ្យខ្ញុំឈឺចិត្ត ! ខ្ញុំនៅចាំយ៉ាងច្បាស់ថា បើយើងត្រូវជ្រើសរើសក្រុមផ្ទាល់ខ្លួនសម្រាប់ការប្រកួតប្រជែងការសិក្សា នោះខ្ញុំត្រូវបានជ្រើសរើសមុនគេដោយមិត្តភក្ដិខ្ញុំដែលរៀនពូកែ ។ ប៉ុន្តែបើយើងត្រូវជ្រើសរើសក្រុមសម្រាប់ការប្រកួតកីឡាវិញ ខ្ញុំតែងតែត្រូវបានជ្រើសរើសក្រោយគេ ។ ខ្ញុំមានអារម្មណ៍មិនល្អទេ !
ឥឡូវនេះ ហេតុអ្វីបានជាខ្ញុំចែកចាយរឿងនេះជាមួយប្អូនៗ ដែលវាកន្លងហួសទៅជាច្រើនទសវត្សរ៍មកហើយដូច្នេះ ? ដូចប្អូនៗឃើញហើយថា ព្រឹត្តិការណ៍ទាំងនោះដក់ជាប់ក្នុងចិត្តយើង ។ យើងចាំពីអារម្មណ៍ដែលត្រូវគេបដិសេធ មិនត្រូវការ ឬមិនទទួលយកពីមិត្តភក្ដិយើង ហើយដែលអាក្រក់បំផុតនោះពីសមាជិកគ្រួសាររបស់យើងផ្ទាល់ ។ ហើយវាមិនផ្លាស់ប្ដូរតាមដែលយើងចម្រើនវ័យក្លាយជាមជ្ឈិមវ័យឡើយ ។ ប្អូនៗអាចមានអារម្មណ៍ដូចនេះ ទើបតែពីម្សិលមិញ ។ មិត្តភក្ដិ ឪពុកម្ដាយ បងប្អូនបង្កើត ស្វាមីភរិយា គ្រូបង្រៀន អ្នករួមការងារ មិត្តសំឡាញ់—ពួកគេអាចនិយាយ និងធ្វើទង្វើដែលធ្វើឲ្យយើងឈឺចាប់ជាទម្ងន់ ។ ជាញឹកញាប់ វាកើតឡើងដោយអចេតនាទេ ។ ប៉ុន្តែពេលខ្លះក៏កើតឡើងដោយចេតនាដែរ ។ ហើយជួនកាលយើងសងសឹក ។
ការរៀនឲ្យដឹង ស្គាល់ និងយល់អំពីតម្លៃផ្ទាល់ខ្លួនយើងម្នាក់ៗ ដោយមិនគិតពីអ្វីដែលមនុស្សដទៃអាចនឹងគិត ឬនិយាយអំពីយើង វាមានសារៈសំខាន់ចំពោះសុខុមាលភាពខាងអារម្មណ៍ និងខាងវិញ្ញាណពេញមួយជីវិតយើង ។ ពេលយើងទុកឲ្យពាក្យសម្ដី ទង្វើ ឬយោបល់របស់មនុស្សដទៃមកដឹកនាំអារម្មណ៍យើងមានចំពោះខ្លួនឯង នោះយើងក្លាយជាជនរងគ្រោះដ៏ទន់ខ្សោយដោយពុំដឹងថា ការទទួលយកនៃនរណាម្នាក់អំពីយើងនឹងផ្លាស់ប្តូរហេតុផលដែលបុគ្គលម្នាក់ស្អប់យើងឡើយ ។
ដូចគ្នានេះដែរ បើយើងផ្អែកតម្លៃរបស់យើងតែទៅលើស្នាដៃការងារ ឬអំណោយទាននានាដែលយើងអាចមើលឃើញនឹងភ្នែក នោះយើងធ្វើឲ្យខ្លួនយើងបរាជ័យ និងការខកចិត្ត ដរាបណាយើងមិនបានបំពេញតាមការរំពឹងទុកនោះ ។
ប្អូនៗដឹងពីរឿងនេះហើយ ប៉ុន្តែប្អូនៗដែលកំពុងមានបញ្ហានេះ ត្រូវតែស្ដាប់ពីវាជាញឹកញាប់ ហើយបានអះអាងពីទំនុកចិត្តជាថ្មីលើតម្លៃដ៏និរន្តរ៍ ដែលមិនទាក់ទងទាល់តែសោះទៅនឹងការសម្រេចបានរបស់ប្អូនៗ ប៉ុន្តែទាក់ទងជាពិសេសទៅនឹងទំនាក់ទំនងប្អូនៗជាមួយព្រះ ។ តើ និរន្តរ៍ មានន័យដូចម្ដេច ? គ្មានដែនកំណត់ គ្មានព្រំដែន និងគ្មានទីបញ្ចប់ ។ ប្អូនៗមានតម្លៃគ្មានដែនកំណត់ គ្មានព្រំដែន និងគ្មានទីបញ្ចប់ ។ មានតម្លៃចំពោះនរណា ? ចំពោះអ្នកដែលបានដាក់ឈ្មោះផ្សេងៗឲ្យប្អូនៗនៅកន្លែងក្មេងលេងនោះមែនទេ ? អត់ទេ ។ ប្អូនៗមានតម្លៃគ្មានដែនកំណត់ គ្មានព្រំដែន និងគ្មានទីបញ្ចប់ ចំពោះព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ជាអង្គដែលស្គាល់ប្អូនៗយ៉ាងច្បាស់ ទោះជាមនុស្សណាគិត ឬនិយាយអំពីប្អូនៗយ៉ាងណាក៏ដោយ ។ សូមគិតអំពីសម្រស់ និងភាពស្ងប់ស្ងៀមនៃសេចក្ដីពិតដ៏ធំធេងនោះបន្តិច ។ ប្អូនៗ « មានតម្លៃវិសេសក្នុងព្រះនេត្រ [ ទ្រង់ ] » ។១
ពេលនរណាម្នាក់ធ្វើឲ្យប្អូនៗឈឺចាប់ ឬប្អូនៗជួបនឹងភាពបរាជ័យណាមួយ ចូរមករកកន្លែងដែលប្អូនៗមិនត្រូវគេបដិសេធ និងចំអកដាក់ ។ ព្រះវរបិតាគង់នៅស្ថានសួគ៌ស្រឡាញ់ប្អូនៗ ទោះជាប្អូនៗជានរណាក្ដី ហើយមិនថាប្អូនមានបញ្ហាអ្វីនោះទេ ។ ប្អូនៗមានគ្រប់គ្រាន់ ។ ប្អូនៗមានគ្រប់គ្រាន់ ។ ទ្រង់ស្រឡាញ់ប្អូនៗតាមលក្ខណៈដែលប្អូនៗមានឥឡូវនេះ នាល្ងាចនេះ ក្នុងរាល់ភាពរញ៉េរញ៉ៃដ៏ស្រស់ស្អាតរបស់ប្អូនៗ ។ ប៉ុន្តែដោយសារទ្រង់ស្រឡាញ់ប្អូនៗខ្លាំង ទើបទ្រង់មិនសព្វព្រះទ័យឲ្យប្អូនៗមានត្រឹមតែលក្ខណៈដែលប្អូនមានទីនេះ និងពេលនេះនោះទេ ។ ទ្រង់មានផែនការមួយកាន់តែប្រសើរសម្រាប់ប្អូនៗ ! ប្អូនៗគឺជា « អ្នកគ្រងមរតកនៃព្រះជាមួយនឹងព្រះគ្រីស្ទ »២ ដូច្នេះប្អូនៗត្រូវតែបន្តរៀនគោរពព្រះបញ្ញត្តិ មានកំហុស រីកចម្រើន ពុះពារឧបសគ្គ និងផ្លាស់ប្ដូរ រហូតដល់ប្អូនៗសម្រេចបានសក្ដានុពលដ៏ទេវភាព ដែលត្រូវបានដុសខាត់ ហើយបន្សុទ្ធ—ហើយខ្លះបានល្អឥតខ្ចោះនៅថ្ងៃដ៏អស់កល្បជានិច្ចតាមរយៈព្រះគុណនៃព្រះគ្រីស្ទ ។៣
បើយើងបានរៀបចំផែនការសម្រាប់ជីវិតយើង នោះយើងនឹងដាក់ផែនការឲ្យខ្លួនយើងមានសុភមង្គល ភាពជោគជ័យ និងភាពងាយស្រួល ហើយអាចនឹងមានការលំបាកតែបន្តិចបន្តួច ដែលយើងអាចយកឈ្នះបានដោយមិនចាំបាច់ចំណាយកម្លាំងច្រើន ។ តើនរណាចង់ជួបភាពបរាជ័យ បញ្ហា ការបាត់បង់ ឬការរងទុក្ខនោះ ? តើនរណាចង់ធ្វើកិច្ចការពិបាកៗ ? បើយើងអាចរស់នៅក្នុងជីវិតដែលយើងប្រាថ្នាចង់បាន នោះយើងនឹងទទួលឲ្យចូលរៀនសាកលវិទ្យាល័យ ឬសាលាជាន់ខ្ពស់ដ៏ជម្រើសៗ មានការងារល្អៗក្នុងក្ដីស្រមៃ ហើយរៀបការជាមួយគូជីវិត ដែលជាមនុស្សដ៏ល្អឥតខ្ចោះ ដែលយើងមិនដែលនឹងទាស់ទែងសម្ដីគ្នាសោះឡើយ ។ យើងមិនចាំបាច់មានការលំបាកក្នុងការបម្រើសាសនាចក្រ មនុស្សជាទីស្រឡាញ់របស់យើងនឹងបន្តជឿលើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ហើយមនុស្សដែលយើងចែកចាយសេចក្ដីជំនឿជាមួយនឹងទទួលបុណ្យុជ្រមុជទឹកតែក្នុងរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ ។ ម្ដាយរបស់យើងនឹងគ្មានជំងឺមហារីក ឪពុកយើងក៏មិនស្លាប់ ហើយបងប្អូនបង្កើតយើងក៏មិនស្លាប់ក្នុងគ្រោះថ្នាក់ដ៏រន្ធត់កាលនៅក្នុងវ័យក្មេងដែរ ។ យើងក៏មិនបាត់បង់ទារកកាលគាត់ទទួលការវះកាត់បេះដូង ហើយយើងក៏មិនបាច់រង់ចាំកាលវេលារបស់ព្រះអម្ចាស់ដែរ ។ ប្អូនៗយល់អំពីអ្វីដែលខ្ញុំនិយាយហើយ ។ ប៉ុន្តែយើងក៏មិនរីកចម្រើនទៅដល់កម្រិតដ៏អស្ចារ្យនៃការអត់ធ្មត់ ការអាណិតអាសូរ ភាពរាបសា ការអត់ធន់ សន្តានចិត្តពេញដោយក្ដីស្រឡាញ់ ការកាន់ខ្ជាប់ ភាពមិនអាត្មានិយម ឬសេចក្ដីជំនឿ ក្ដីសង្ឃឹម និងសេចក្ដីសប្បុរសដែរ ។ យើងនឹងត្រឡប់ទៅឯព្រះវរបិតាដែលគង់នៅស្ថានសួគ៌វិញដោយមានស្ថានភាពដូចគ្នាទៅនឹងពេលដែលយើងចាកចេញពីវត្តមានទ្រង់ ដោយសារតែយើងមិនមានបទពិសោធន៍អ្វីៗដែលតម្រូវឲ្យផ្លាស់ប្ដូរ ឬរីកចម្រើន ឬបំពេញ ហើយពឹងផ្អែកទាំងស្រុងលើព្រះ ។
ប៉ុន្តែយើងមិនរស់នៅក្នុងជីវិតដែលមានផែនការងាយៗនោះទេ ។ យើងរស់នៅក្នុងជីវិតដែលព្រះបានដាក់ផែនការ ដើម្បីឲ្យមានអំណរ និងភាពរីកចម្រើនជាអតិបរមា ។ ដូច្នេះចូរទុកចិត្តថា សេចក្តីស្រឡាញ់នៃព្រះដ៏និរន្តរ៍ និងទន់ភ្លន់នឹងអញ្ជើញអ្នកឲ្យធ្វើការផ្លាស់ប្ដូរក្នុងជីវិត តាមរយៈបទពិសោធន៍ដែលមានក្នុងដំណើរជីវិតរបស់ប្អូនៗ ។ ប៉ុន្តែទ្រង់នឹងតែងតែអញ្ជើញឲ្យមានការផ្លាស់ប្ដូរតាមរបៀបពេញដោយក្ដីស្រឡាញ់ ការលើកទឹកចិត្ត និងការអះអាង ។ ចូរកុំស្ដាប់តាមសំឡេងក្នុងគំនិតអ្នក—ដែលមានតាំងពីប្អូនៗនៅតូចៗ—ដែលប្រាប់ថា ប្អូនៗមិនអាចផ្លាស់ប្ដូរ ប្អូនៗគ្មានតម្លៃ ហើយថាប្អូនៗនឹងបរាជ័យម្ដងទៀតនោះឡើយ ។ ចូរស្ដាប់តាមការខ្សឹបប្រាប់ពីព្រះវិញ្ញាណបរិសុទ្ធ និង « ព្រះបន្ទូលដ៏ផ្អែមល្ហែមនៃព្រះ … ដែលធ្វើឲ្យជាស្បើយព្រលឹង ដែលមានរបួសឈឺចាប់ »៤ ដែលថ្លែងបញ្ជាក់អំពីតម្លៃដ៏និរន្តរ៍របស់ប្អូនៗ និងបន្ទូលអះអាងរបស់ព្រះថា ប្អូនៗអាចធ្វើវាបាន ។
នៅពេលអ្នកហត់នឿយនឹងជីវិត ហើយមានអារម្មណ៍ថា អ្នកពុំអាចឃើញរឿងល្អៗកើតឡើងមកពីការខិតខំទាំងអស់របស់អ្នកដើម្បីរស់នៅដោយសុចរិត នោះសូមកុំចុះចាញ់ឡើយ ។ សូមកុំធ្វើឲ្យសុបិន និងគោលដៅរបស់អ្នកបាត់បង់ឡើយ ។ សូមបង្កើនសេចក្តីជំនឿរបស់អ្នកថា វានឹងសក្តិសមជានិច្ចដើម្បីរង់ចាំពេលវេលារបស់ព្រះអម្ចាស់ ។
នៅពេលអ្វីៗដែលអាក្រក់ ការឈឺចាប់ និងខ្លោចផ្សារ កើតឡើងក្នុងជីវិតប្អូនៗ ហើយប្អូនៗពិតជាពុំដឹងអំពីរបៀបបន្តដើរនៅលើមាគ៌ាឆ្លងកាត់ទុក្ខលំបាកផ្ទាល់ខ្លួននោះ សូមចាំថា ព្រះគ្រីស្ទជាអង្គដែលត្រូវបានចាក់ប្រេងតាំង បានទ្រាំទ្រទុក្ខសោក និងរែកបន្ទុករបស់ប្អូនៗហើយ ។៥ ទ្រង់ត្រូវគេវាយដំសម្រាប់អំពើទុច្ចរិតរបស់ប្អូនៗ ហើយប្អូនៗត្រូវបានប្រោសឲ្យជាតាមរយៈស្នាមរំពាត់លើអង្គទ្រង់ ។៦ ទ្រង់ជ្រាបពីភាពឈឺចាប់ដែលប្អូនៗមានយ៉ាងប្រាកដ និងដោយផ្ទាល់ ។ ទ្រង់គឺជាបុត្រាច្បងរបស់ព្រះវរបិតា ហើយទ្រង់បានទ្រាំទ្រទុក្ខលំបាកប្អូនៗទាំងស្រុង ទាំងខាងផ្លូវចិត្ត រាយផ្លូវកាយ អារម្មណ៍ ឬវិញ្ញាណ ។ សូមកុំសង្ស័យចំពោះការសន្យាអំពីសេចក្ដីសង្ឃឹម និងការព្យាបាលរបស់ទ្រង់ឡើយ ។ ប្អូនៗត្រូវបានបង្កើតមកឲ្យធ្វើជាមនុស្សពេញដោយអំណរ និងរីករាយជាបរិបូរណ៍ ។ តម្លៃរបស់ប្អូនៗគឺនិរន្តរ៍ រីឯក្ដីស្រឡាញ់របស់ព្រះក៏ដូច្នោះដែរ ។
សេចក្ដីបញ្ចប់
ខ្ញុំមានក្ដីរំភើបដែលប្អូនៗនឹងស្ដាប់ពីស្វាមីរបស់ខ្ញុំ ។ ខ្ញុំចង់ឲ្យប្អូនៗដឹង—ទាក់ទងនឹងអាយុ និងដំណាក់កាលនៃជីវិតប្អូនៗ នៅពេលប្អូនៗណាត់ជួបដើរលេងជាគូ និងរៀបការ—ថា បុរសម្នាក់នេះដែលខ្ញុំស្រឡាញ់យ៉ាងខ្លាំងជាមនុស្សដ៏ល្អសម្រាប់ខ្ញុំអស់រយៈពេល ២៧ ឆ្នាំហើយ ។ គាត់មិនដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថា គ្មានតម្លៃ ឬមិនស្រឡាញ់ខ្ញុំឡើយ ហើយគាត់ពុំដែលចំអកចំពោះការចាយប្រាក់របស់ខ្ញុំទេ ។ ខ្ញុំសង្ឃឹមថា បងប្អូនអាចរៀនមកពីរឿងនោះ ។
ខ្ញុំចង់បង្ហាញសេចក្ដីជំនឿរបស់ខ្ញុំលើព្រះគ្រីស្ទដ៏មានព្រះជន្មរស់ដែលទ្រង់គឺពិតជា « ពន្លឺ ជីវិត និងក្ដីសង្ឃឹមដល់ពិភពលោក ។ មាគ៌ារបស់ទ្រង់គឺជាផ្លូវនាំទៅរកសុភមង្គលក្នុងជីវិតនេះ និងជីវិតអស់កល្បជានិច្ចនៅក្នុងលោកដែលនឹងមកដល់ » ។៧ នេះគឺជាសាសនាចក្រដែលត្រូវបានដឹកនាំដោយព្យាការីទ្រង់ ។
នៅក្នុងព្រះនាមដ៏ពិសិដ្ឋ និងសង្គ្រោះនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2018 by Intellectual Reserve, Inc. All rights reserved. អនុមតិជាភាសាអង់គ្លេស ៖ ២/១៨ ។ អនុមតិឲ្យបកប្រែ ៖ ២/១៨ ។ ការបកប្រែនៃ « Your Infinite Worth and God’s Infinite Love » ។ Cambodian. PD60005945 258