« ចូរកុំសង្ស័យឡើយ តែចូរជឿ »
ការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យ ទូទាំងពិភពលោក• ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៩•សាកលវិទ្យាល័យព្រិកហាំ យ៉ង់–ហាវ៉ៃ
អែលឌើរ ឌេល ជី រេនឡាន់ ៖ អរគុណចំពោះការចូលរួមជាមួយនឹងពួកយើងនាថ្ងៃនេះ ។ ពួកយើងដឹងថាបងប្អូនទាំងអស់គ្នាមានអ្វីៗជាច្រើនផ្សេងទៀតត្រូវធ្វើ ។ ពួកយើងអធិស្ឋានសូមឲ្យព្រះនឹងប្រទានពរដល់បងប្អូនចំពោះការលះបង់របស់បងប្អូន ។ ខ្ញុំអរគុណបងប្អូនជំនួសឲ្យព្រះអម្ចាស់ និងសាសនាចក្ររបស់ទ្រង់ចំពោះសេចក្ដីជំនឿ និងភាពស្មោះត្រង់របស់បងប្អូន ។
ស៊ីស្ទើរ រស់ អិល. រេនឡាន់ ៖ ខ្ញុំរំភើបណាស់ដើម្បីមកទីនេះ ។ ក្រុមចម្រៀងច្រៀងពិរោះណាស់ ហើយបានជួយឲ្យមានព្រះវិញ្ញាណនៅក្នុងការប្រជុំនេះ។ ពួកយើងមានអំណរគុណចំពោះអ្នកឯទៀតដែលបានអង្គុយនៅលើវេទិកា ហើយទទួលស្គាល់តួនាទីរបស់ពួកគេនៅក្នុងជីវិតរបស់បងប្អូន និងពួកយើង ។ ពួកយើងកោតសរសើរចំពោះគំរូនៃភាពជាសិស្សរបស់ពួកគាត់ ។
ពួកយើងទទួលការបំផុសគំនិតឲ្យពិភាក្សាប្រធានបទមួយដែលដិតនៅជាប់ក្នុងគំនិតពួកយើងជាច្រើនខែមកនេះគឺ ៖ ជំនឿ និងការសង្ស័យ ។ កាលពីខែមិថុនាឆ្នាំមុន ពួកយើងបានចែកចាយរឿងប្រៀបធៀបមួយនៅក្នុងការប្រជុំបំពាក់បំប៉នប្រចាំឆ្នាំជាមួយគ្រូបង្រៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា ។ នៅពេលយើងចាប់ផ្ដើមនៅថ្ងៃនេះ ពួកយើងចង់ចែកចាយរឿងប្រៀបធៀបដដែលនេះជាមួយនឹងបងប្អូន ។
អែលឌើរ ឌេល ជី រេនឡាន់ ៖សូមស្រមៃថាទូកបងប្អូនលិច កាលជិះនៅក្នុងមហាសមុទ្រ ។ បងប្អូនបានពាក់អាវពោងការពារជីវិត ហើយបានហែលទឹករាប់ម៉ោងទៅកាន់ច្រាំងដែលបងប្អូនគិតថាជិតបំផុត ប៉ុន្ដែបងប្អូនមិនប្រាកដនោះទេ ។ បងប្អូនបានខ្សោះទឹកពីក្នុងខ្លួនយ៉ាងខ្លាំង រហូតរាល់ពេលដែលបងប្អូនចាប់ហែលទឹក បងប្អូនបានវិលមុខ ហើយអស់កម្លាំង ។ តាមការស្មានរបស់បងប្អូន ច្រាំងនៅឆ្ងាយពីបងប្អូន ៣០ គីឡូម៉ែត្រ ឬ ១៨ ម៉ែលស៍ទៀត ។ បងប្អូនភ័យខ្លាចបាត់បង់ជីវិតដោយសារបងប្អូនពុំអាចហែលទឹកបានឆ្ងាយចម្ងាយនោះទេ ។ នៅរាងឆ្ងាយបន្ដិច បងប្អូនឮសំឡេងម៉ាស៊ីនតូចមួយ ។ សំឡេងនោះហាក់មកជិតបងប្អូន ក្ដីសង្ឃឹមថាបានសង្គ្រោះបងប្អូនបានកើតមានឡើង ។ កាលបងប្អូនមើល នោះបងប្អូនឃើញទូកនេសាទតូចមួយកំពុងមក ។
ស៊ីស្ទើរ រស់ អិល. រេនឡាន់ ៖បងប្អូនគិតថា « ឱ អរគុណណាស់ អ្នកបើកទូកនោះឃើញខ្ញុំហើយ ! » ទូកនោះឈប់ ហើយអ្នកនេសាទសម្បុរក្រមៅចិត្តល្អម្នាក់ជួយបងប្អូនឲ្យឡើងទូក ។ ដោយមានអំណរគុណ បងប្អូនវារទៅកន្លែងអង្គុយលើទូកនោះ ដកដង្ហើមធំដែលបានរួចជីវិត ។ អ្នកនេសាទនោះឲ្យទឹក និងនំផ្អែមខ្លះៗដល់បងប្អូនបរិភោគ ។ បងប្អូនទទួលទានដោយស្រេកឃ្លាន ។ ទឹក និងនំផ្អែមនោះផ្ដល់សារជាតិល្មមគ្រប់គ្រាន់ឲ្យបងប្អូនមានកម្លាំងវិញ ។ បងប្អូនមានអារម្មណ៍ធូរស្រាល និងសប្បាយចិត្តយ៉ាងខ្លាំង ។ បងប្អូននៅតាមផ្លូវទៅផ្ទះរបស់បងប្អូនវិញ ។
កាលបងប្អូនចាប់ស្រួលខ្លួនវិញ ហើយរាងសះស្បើយ បងប្អូនចាប់អារម្មណ៍នឹងអ្វីមួយដែលបងប្អូនមិនបានកត់សម្គាល់ពីមុនមក ។ ទឹកពីបំពង់នោះរាងធុំក្លិនបន្ដិច ហើយមិនមែនជាទឹកដែលបងប្អូនចង់ផឹក—ដូចជាទឹកម៉ាកអេវីយ៉ង់ ឬព្យែរៀរនោះទេ ។ នំនោះឆ្ងាញ់ប៉ុន្តែបងប្អូនចង់ញ៉ាំសាច់គោផុយៗ និងនំក្រូសង់សូកូឡា ។ បងប្អូនក៏សម្គាល់ឃើញថា អ្នកនេសាទចិត្តល្អ ពាក់ស្បែកជើងរហែក និងខោខៅប៊យខៀវចាស់ ។ ឈ្នួតនៅលើមួកគាត់ប្រឡាក់ ហើយមើលទៅគាត់ស្ដាប់មិនសូវឮទេ ។
អែលឌើរ ឌេល ជី រេនឡាន់ ៖បងប្អូនឃើញថា ទូកនោះរាងចំណាស់ ហើយថាមានស្នាមកំប៉ិតនៅគែមខាងស្តាំទូក ។ ថ្នាំលាបទូកប្រេះៗ និងរបកចេញ ។ បងប្អូនឃើញថា ពេលអ្នកនេសាទលែងដៃពីចង្កូត នោះទូកទាញទៅខាងស្ដាំ ។ បងប្អូនចាប់ផ្ដើមបារម្ភថា ទូក និងអ្នកបើកទូកនេះមិនអាចផ្ដល់ការសង្គ្រោះដែលបងប្អូនត្រូវការទេ ។ បងប្អូនសួរអ្នកនេសាទនោះអំពីស្នាមកំប៉ិត និងចង្កូតនោះ ។ គាត់និយាយថា គាត់មិនសូវបារម្ភពីរឿងទាំងនោះទេ ដោយសារគាត់បើកទូកនោះទៅមកដើម្បីនេសាទលើផ្លូវដដែល រាល់ថ្ងៃរាប់ឆ្នាំមកហើយ ។ ទូកនោះតែងនាំគាត់ដល់កន្លែងដែលគាត់ចង់ទៅដោយសុវត្ថិភាព និងទំនុកចិត្ត ។
បងប្អូនភ្ញាក់ផ្អើល ! តើគាត់អាចមិនបារម្ភពីស្នាមកំប៉ិត និងចង្កូតនោះយ៉ាងម៉េច ? ហើយហេតុអ្វីអាហារផ្គត់ផ្គង់នោះមិនអាចឆ្ងាញ់ធ្វើឲ្យបងប្អូនចូលចិត្តបាន ? កាលបងប្អូនផ្ដោតលើទូក និងអ្នកនេសាទកាន់តែខ្លាំង នោះបងប្អូនកាន់តែបារម្ភខ្លាំងឡើង ។ បងប្អូនសង្ស័យនឹងការសម្រេចចិត្តរបស់បងប្អូនដើម្បីឡើងទូកពីដំបូងមក ។ ការមិនស្រណុកចិត្តបងប្អូនចេះតែឆួលឡើង ។ ទីបំផុត បងប្អូនទាមទារឲ្យអ្នកនេសាទនោះឈប់ទូក ហើយដាក់បងប្អូនចុះក្នុងទឹកវិញ ។ ទោះបីជាបងប្អូននៅឆ្ងាយពីច្រាំងជាង ២០ គីឡូម៉ែត្រ ឬ ១២ ម៉ែលស៍ក្ដី ក៏បងប្អូនមិនអាចទ្រាំនៅលើទូកនោះបានដែរ ។ ដោយចិត្តសោកសៅ អ្នកនេសាទនោះបានឈប់ទូក ហើយដាក់បងប្អូនចូលទៅក្នុងសមុទ្រវិញ ។ បងប្អូនទៅដោយខ្លួនឯងម្ដងទៀត ។
ស៊ីស្ទើរ រស់ អិល. រេនឡាន់ ៖ សូមពិចារណាអំពីរឿងនេះ ជារឿងប្រៀបធៀបមួយ ដែល ទូកតំណាងឲ្យសាសនាចក្រ ហើយអ្នកនេសាទតំណាងឲ្យអ្នកទាំងឡាយដែលបម្រើនៅក្នុងសាសនាចក្រ ។ ១ គោលបំណងតែមួយគត់របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺដើម្បីជួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងកិច្ចការរបស់ពួកទ្រង់ដើម្បីនាំមកនូវជីវិតអស់កល្បជានិច្ចដល់កូនចៅរបស់ព្រះ ។២ វាផ្ដល់ផ្លូវនៃសេចក្ដីសញ្ញា របៀបដើម្បីត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ ។ អ្នកទាំងឡាយដែលបម្រើនៅក្នុងសាសនាចក្រ ទោះជាពុំល្អឥតខ្ចោះ តែពួកគេមានសារៈសំខាន់ដើម្បីជួយ និងលើកទឹកចិត្តយើងនៅលើផ្លូវនៃសេចក្ដីសញ្ញា ។
តើទូក និងអ្នកនេសាទនោះបង្រៀនយើងអ្វីខ្លះអំពីសាសនាចក្រ ? តើស្នាមកំប៉ិត និងថ្នាំរបកនៅព្រះវិហារផ្លាស់ប្ដូរសមត្ថភាពវាដើម្បីផ្ដល់ពិធីបរិសុទ្ធដ៏សង្គ្រោះ និងតម្កើងឡើងដែលមានសិទ្ធិអំណាច ដើម្បីជួយបងប្អូនឲ្យក្លាយដូចជាព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ឬទេ ? ប្រសិនបើអ្នកនេសាទនោះត្រូវកាន់ចង្កូតនឹងដៃទាំងពីរដើម្បីឲ្យទូកបើកត្រង់ តើការណ៍នោះប្រឆាំងនឹងសមត្ថភាពរបស់គាត់ និងរបស់ទូកដើម្បីនាំយើងទៅកន្លែងដែលយើងចង់ទៅដោយសុវត្ថិភាព និងទំនុកចិត្តដែរទេ ? បងប្អូនមិនចាំបាច់ធ្វើជាអ្នកមើលឆុតដែលបានតែងតាំងដូចជាស្វាមីខ្ញុំទេ ដើម្បីដឹងថា ការចុះក្នុងទឹកវិញគឺគ្រោះថ្នាក់ជាងនៅលើទូកនោះណាស់ ។ ប៉ុន្តែនៅពេលយើងពុំបានគិតឲ្យបានវែងឆ្ងាយទេ នោះស្នាមកំប៉ិត និងថ្នាំរបកតូចៗអាចនឹងបិទបាំងគំនិតរបស់យើង ។
សមាជិកគ្រប់រូបត្រូវការសាក្សីផ្ទាល់ខ្លួនអំពីសេចក្ដីពិតពេញលេញនៃសាសនាចក្រដែលបានស្ដារឡើងវិញ ។ បើគ្មានការប្រែចិត្តជឿដ៏ពិតនោះទេ រួមទាំងការផ្លាស់ប្ដូរដ៏ធំនៅក្នុងដួងចិត្តផង នោះបងប្អូនអាចចាប់ផ្ដើមផ្ដោតលើនំផ្អែម និងថ្នាំលាបរបកៗនៃរឿងប្រៀបធៀបនោះហើយ ។
ប្រធាន រ័សុល អិម ណិលសុន នៅក្នុងសន្និសីទខែមេសា ឆ្នាំ ២០១៨ បានមានប្រសាសន៍ថា ៖ « បងប្អូនពុំចាំបាច់ងឿងឆ្ងល់អំពីអ្វីជាការពិតនោះទេ [ សូមមើល មរ៉ូណៃ ១០:៥ បងប្អូនពុំចាំបាច់ឆ្ងល់ថា បងប្អូនគួរទុកចិត្តនរណាទើបអាចមានសុវត្ថិភាពនោះទេ ។ តាមរយៈវិវរណៈផ្ទាល់ខ្លួន បងប្អូនអាចទទួលសាក្សីដោយផ្ទាល់ថា ព្រះគម្ពីរមរមនគឺជាបន្ទូលរបស់ព្រះ ថាយ៉ូសែប ស៊្មីធគឺជាព្យាការី ហើយថា នេះគឺជាសាសនាចក្ររបស់ព្រះអម្ចាស់ ។ មិនថាអ្នកដទៃនិយាយ ឬធ្វើអ្វីនោះទេ ពុំមាននរណាម្នាក់អាចដកយកសាក្សីដែលបានកើតមានក្នុងដួងចិត្ត និងគំនិតរបស់បងប្អូនអំពីអ្វីជាសេចក្ដីពិតនោះបានឡើយ » ។៣ សាក្សីនេះគឺសំខាន់ជាងក្នុងពេលឥឡូវនេះ ។
អែលឌើរ ឌេល ជី រេនឡាន់ ៖ការចាប់ផ្ដើមនៃទីបន្ទាល់របស់ខ្ញុំបានកើតឡើង នៅពេលខ្ញុំរស់នៅទីក្រុងហ្គូតធើបួក ប្រទេសស៊ុយអែត ។ កាលនោះខ្ញុំអាយុ ១១ ឆ្នាំ ។ ប្រធានបេសកកម្មបានធ្វើការអញ្ជើញដល់យុវវ័យទាំងអស់ឲ្យអានព្រះគម្ពីរមរមន ។ ខ្ញុំបានទទួលយកសំណូមពរនោះ ហើយបានចាប់ផ្ដើមអានវា ។ កាលខ្ញុំអានដល់កន្លែងមួយ នោះមានទីប្រឹក្សាប្រធានបេសកកម្មម្នាក់បានប្រាប់ពួកយើងថា ពួកយើងគួរតែអធិស្ឋានអំពីអ្វីដែលយើងអាន ។ ខ្ញុំចាំយ៉ាងច្បាស់នៅល្ងាចដែលខ្ញុំបានធ្វើតាមការអញ្ជើញនោះ ។ ខ្ញុំបានលុតជង្គង់ចុះនៅជិតគ្រែដេក ហើយបានចាប់ផ្ដើមអធិស្ឋានយ៉ាងសាមញ្ញដើម្បីដឹងថាតើព្រះគម្ពីរមរមនពិតឬទេ ។
ខ្ញុំមិនបានឮសំឡេងអ្វីទេ ប៉ុន្ដែព្រះហាក់ដូចជាបានមានបន្ទូលមកខ្ញុំថា « យើងបានប្រាប់ឯងជាយូរមកហើយថា វាពិត » ។ បទពិសោធន៍នោះបានផ្លាស់ប្ដូរខ្ញុំ វាផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ ។ វាបានចាប់ផ្ដើមដំណើរការមួយនៃជំនឿ ដំណើរការមួយនៃការដើរលើផ្លូវនៃសេចក្ដីសញ្ញា ហើយព្យាយាមធ្វើបន្ថែមទៀត និងឲ្យកាន់តែប្រសើរឡើង ។ គឺនៅទីក្រុងហ្គូតធើបួកនោះហើយដែលខ្ញុំបានរៀនពីរបៀបប្រែចិត្ត ។ គឺនៅទីក្រុងហ្គូតធើបួកដែលខ្ញុំបានស្គាល់ព្រះប្រោសលោះរបស់ខ្ញុំ ។ គឺនៅទីក្រុងហ្គូតធើបួកនោះហើយដែលខ្ញុំបានចាប់ផ្ដើមកោតសរសើរដល់បុគ្គលដែលតម្កើងការហៅរបស់គេ ហើយដែលខិតខំធ្វើការដើម្បីស្ថាបនានគរព្រះ ។ ហ្គូតធើបួក បានក្លាយជា « ទឹកមរមន » របស់ខ្ញុំ ។ ៤
ស៊ីស្ទើរ រស់ អិល. រេនឡាន់ ៖តើបងប្អូនបានស្គាល់ព្រះប្រោសលោះរបស់បងប្អូននៅកន្លែងណា ? តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? បើសិនជាបងប្អូនភ្លេច ពួកយើងសូមលើកទឹកចិត្តបងប្អូនឲ្យធ្វើអ្វីមួយដើម្បីរំឭកអារម្មណ៍នោះមកវិញ ។ ចំណេះដឹង និងអារម្មណ៍ទាំងនេះគឺជាទីចាប់ផ្ដើមនៃសេចក្ដីជំនឿ ។
សេចក្ដីជំនឿគឺជាជម្រើសមួយដែលបុគ្គលម្នាក់ៗត្រូវរើស ។ សេចក្ដីជំនឿមិនមែនគ្រាន់តែជាការចង់ឲ្យអ្វីមួយក្លាយជាការពិតតាមចិត្តនឹក ហើយបញ្ចុះបញ្ចូលខ្លួនឯងទាំងរវើរវាយនោះទេ ។ សេចក្ដីជំនឿគឺជាការធានានៃការមានអ្វីៗដែលយើងមើលមិនឃើញខាងសាច់ឈាម ។ សេចក្ដីជំនឿក៏ជាគោលការណ៍នៃសកម្មភាពផងដែរ ។
« សេចក្ដីជំនឿត្រូវតែផ្ដោតសំខាន់ទៅលើព្រះយេស៊ូវគ្រីស្ទ [ដើម្បី ]នាំជនណាម្នាក់ទៅរកសេចក្ដីសង្គ្រោះ ។ … សេចក្ដីជំនឿត្រូវបានបង្កាត់ឡើងដោយការស្ដាប់ដំណឹងល្អដែលបានបង្រៀនដោយ [ គ្រូបង្រៀន ] ដែលមានសិទ្ធិអំណាចត្រូវបានបញ្ជូនដោយព្រះ [ សូមមើល រ៉ូម ១០:១៤-១៧ ] ។ អព្ភូតហេតុមិនធ្វើឲ្យមានសេចក្ដីជំនឿទេ ប៉ុន្តែសេចក្ដីជំនឿដ៏ធំ គឺមានឡើងដោយសារការគោរពតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទវិញ ។ ម្យ៉ាងវិញទៀត សេចក្ដីជំនឿកើតមានឡើងដោយសេចក្ដីសុចរិត [ សូមមើល អាលម៉ា ៣២:៤០-៤៣] » ។ ៥ សេចក្ដីជំនឿពុំកើតមកពីទីសម្គាល់ដែលតម្រូវឲ្យមានមកពីព្រះនោះទេ ប៉ុន្តែតាមរយៈការគោរព និងការធ្វើតាមបទបញ្ញត្តិរបស់ទ្រង់ ។
អែលឌើរ ឌេល ជី រេនឡាន់ ៖ ព្រះមានព្រះទ័យចង់ឲ្យយើងមានជំនឿដើម្បីទ្រង់អាចប្រទានពរដល់យើង ។ ៦ សេចក្ដីជំនឿគឺជាកូនសោដើម្បីចាក់បើកសេចក្ដីមេត្តាករុណារបស់ព្រះ ។ មនុស្សត្រូវសម្រេចចិត្តថា គាត់ចង់មានសេចក្ដីជំនឿ រួចហើយធ្វើសកម្មភាពដោយសេចក្ដីជំនឿ ពីមុនសេចក្តីជំនឿអាចធំធាត់ឡើង ។ អាលម៉ាបង្រៀនថា « ប៉ុន្តែមើលចុះ បើសិនជាអ្នករាល់គ្នាចង់ភ្ញាក់ឡើង ហើយដាស់សមត្ថភាពទាំងឡាយរបស់ខ្លួន គឺដើម្បីធ្វើការពិសោធន៍ដល់ពាក្យសម្ដីរបស់ខ្ញុំ ហើយអនុវត្តសេចក្ដីជំនឿមួយតូច មែនហើយ គឺបើសិនជាអ្នករាល់គ្នាពុំអាចធ្វើអ្វីក៏ដោយ ក្រៅពីការចង់ជឿ នោះសូមឲ្យចំណង់នេះមាននៅក្នុងខ្លួនអ្នក គឺរហូតដល់អ្នកអាចទុកកន្លែងមួយ សម្រាប់ពាក្យសម្ដីរបស់ខ្ញុំមួយចុះ » ។៧ដើម្បីឲ្យសេចក្ដីជំនឿរីកចម្រើន មនុស្សម្នាក់ត្រូវតែជ្រើសរើសមានសេចក្ដីជំនឿ ហើយធ្វើសកម្មភាពតាមសេចក្ដីជំនឿនោះ ។
ស៊ីស្ទើរ រស់ អិល. រេនឡាន់ ៖ បំណងប្រាថ្នារបស់មនុស្សម្នាក់ដើម្បីមានជំនឿ ត្រូវតែបង្ហាញលទ្ធផលនៅក្នុងសកម្មភាព ។ តាមរបៀបជាច្រើន យើងបង្ហាញសេចក្ដីជំនឿរបស់យើងដោយការបោះជើងយើងដើរទៅ ។
គោលការណ៍នេះមានថ្លែងនៅក្នុងការសន្យាក្នុងព្រះគម្ពីរមរមន ដែលស្វាមីរបស់ខ្ញុំបានធ្វើតាម កាលពីនៅអាយុ ១១ ឆ្នាំ ។ « ហើយកាលណាអ្នករាល់គ្នាទទួលនូវការណ៍ទាំងនេះ នោះខ្ញុំសូមទូន្មានដល់អ្នករាល់គ្នាឲ្យសូមសួរដល់ព្រះជាព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ច ដោយនូវព្រះនាមនៃព្រះគ្រីស្ទ បើសិនជាការណ៍ទាំងនេះមិនពិត ហើយបើសិនជាអ្នករាល់គ្នាសូមសួរដោយចិត្តស្មោះសគឺ ដោយស្មោះអស់ពីចិត្ត ដោយមានសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទ នោះទ្រង់នឹងសម្ដែងសេចក្តីពិតនៃការណ៍នេះដល់អ្នកដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ » ។៨
ពេលបងប្អូនចាប់ផ្ដើមដោយសំណួរថា « តើរឿងទាំងនេះអាចជារឿងពិតមែនឬ ? » វាដឹកនាំទៅរកទីចាប់ផ្ដើមនៃសេចក្ដីជំនឿ បើវាត្រូវបានបីបាច់ឲ្យរីកចម្រើន ។ « តើរឿងទាំងនេះអាចជាការពិតឬទេ » គឺជាសំណួរមួយដែលសន្មត់ថាវាគឺជាការពិត ។ ឧទាហរណ៍ បើខ្ញុំនិយាយថា « តើយើងមិនកំពុងធ្វើដំណើរមកពីហូណូលូលូទៅឆ្នេរខាងជើងទេឬអី ?» វាសន្មត់ថា យើងកំពុងបើកបរហើយ ។ សំណួរដែលលើកទឹកចិត្តដោយមរ៉ូណៃគឺថា យើងសួរអំពីព្រះគម្ពីរមរមនគឺជាការជម្រុញដោយសេចក្តីជំនឿហើយការធ្វើដូច្នោះនាំឲ្យមានសេចក្តីជំនឿថែមទៀត ។
បើបងប្អូនចាប់ផ្ដើមដោយសំណួរថា « តើរឿងនេះអាចជារឿងខុសឆ្គងឬទេ ? » វាដឹកនាំទៅរកមន្ទិលសង្ស័យ ។ ហើយមន្ទិលសង្ស័យមិនដែលនាំទៅរកសេចក្ដីជំនឿឡើយ ។
អែលឌើរ ឌេល ជី រេនឡាន់ ៖នៅក្នុងឱកាសចូលរួមសន្និសីទស្ដេកមួយ ប្រធានស្ដេកម្នាក់បានសុំខ្ញុំឲ្យទៅជួបនឹងបុរសម្នាក់ដែលខ្ញុំនឹងហៅថា ស្ទេផាន ។ ស្ទេផានជាសមាជិកដ៏ស្មោះត្រង់ម្នាក់នៅក្នុងសាសនាចក្រ ។ គាត់បានបម្រើបេសកកម្ម ហើយបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។ គាត់បានបម្រើយ៉ាងស្មោះត្រង់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្ដែបានចាប់ផ្ដើមសង្ស័យអំពីសាសនាចក្រ ។ កាលខ្ញុំបានទៅជួបនឹងស្ទេផាន គាត់បាននិយាយថា គាត់មានកង្វល់នឹងការពិតដែលថា យ៉ូសែប ស្ម៊ីធ បានសរសេរកំណែបួននៃការនិមិត្តដំបូង ។ គាត់បានគិតថា ការណ៍នេះអាចមានន័យថា យ៉ូសែប ស្ម៊ីធ បានប្រឌិតបទពិសោធន៍នោះឡើង ។
ខ្ញុំបានឲ្យស្ទេផានទាក់ទងនឹងបុរសម្នាក់ដែលស្រាវជ្រាវកំណែទាំងបួនពីជំនាន់មុនអស់ជាច្រើនទស្សវត្សរ៍មកនោះ ។ ស្ទេផានបានជួបនឹងអ្នកស្រាវជ្រាវនោះ ។ ក្រោយមក ពេលខ្ញុំបាននិយាយនឹងស្ទេផាន ខ្ញុំបានសួរថា « អញ្ចឹង តើលោកមានអារម្មណ៍យ៉ាងណាអំពីការនិមិត្តដំបូង ? »
គាត់បានឆ្លើយថា « មែនហើយ រឿងនោះលែងអីហើយ ដោយសារសំណួររបស់ខ្ញុំបានទទួលចម្លើយហើយ ។ វាលែងរំខានខ្ញុំទៀតហើយ ។ ប៉ុន្ដែឥឡូវនេះ ខ្ញុំពិតជាខ្វល់ពីអាពាហ៍ពិពាហ៍ពហុពន្ធភាពដែលបានអនុវត្តនៅក្រុងណៅវូ និងក្រោយពីសេចក្ដីថ្លែងនៅឆ្នាំ ១៨៩០ ។ រឿងនោះពិតជាអំពល់ដល់ខ្ញុំណាស់ » ។
ខ្ញុំបានសុំឲ្យស្ទេផានជួបនឹងមនុស្សម្នាក់ដែលបានស្រាវជ្រាវលើប្រធានបទទាំងនេះ តាមប្រភពចម្បងដែលអាចទុកចិត្តបាន ។ បន្ទាប់ពីការពិភាក្សានោះ ខ្ញុំបានទាក់ទងទៅស្ទេផាន ហើយបានសួរថាគាត់យ៉ាងម៉េចហើយ ។
គាត់ប្រាប់ថា « មែនហើយ រឿងនោះមិនរំខានខ្ញុំទៀតឡើយ ។ ខ្ញុំយល់ពីអ្វីដែលបានកើតឡើង ហើយកង្វល់ខ្ញុំបានដោះស្រាយ ។ ប៉ុន្ដែឥឡូវនេះ ខ្ញុំពិតជាខ្វល់ណាស់មួយរយៈ ដែលបព្វជិតភាពត្រូវបានដកចេញពីពូជពង្សពួកអាហ្វ្រិកស្បែកខ្មៅទាំងនោះ » ។
ស៊ីស្ទើរ រស់ អិល. រេនឡាន់ ៖ គួរឲ្យសោកស្ដាយ ស្ទេផានបានជ្រើសរើសធ្វើជាអ្នកសង្ស័យឥតឈប់ឈរ ។ សម្រាប់គាត់ ការសង្ស័យធ្វើឲ្យគាត់ពេញចិត្តជាងការដឹង ៩ ហើយគាត់កំពុងជីកគាស់ដោយសង្ស័យនូវអ្វីដែលគាត់បានដាំដោយសេចក្ដីជំនឿ ។ ១០ ពេលវេលាកន្លងហួសទៅ កង្វល់បានកើតមានពីមួយទៅមួយ ។ ទោះជាគេព្យាយាមជួយឆ្លើយតបនឹងសំណួរទាំងនេះយ៉ាងណា ក៏គាត់នៅតែមានប្រធានបទផ្សេងទៀតដែលគាត់អន្ទះសារ ។ គាត់បានផ្ដោតទៅលើស្នាមកំប៉ិតនៅលើទូកជំនួសឲ្យសមត្ថភាពរបស់ទូកដើម្បីនាំគាត់ទៅរកពរជ័យទាំងឡាយនៃ ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ អ្វីដែលស្ទេផានកំពុងធ្វើគឺជាទម្រង់នៃ « ល្បែងមួយចំពោះប្រវត្តិសាស្ត្រសាសនាចក្រ » ។ បងប្អូនដឹងទេ វាជាល្បែងរបស់កូនក្មេង នៅពេលសត្វមួយផុសចេញមកពីក្តារ ហើយអ្នកបានវ៉ៃវាភ្លាម នោះសត្វមួយទៀតនឹងចេញមកនៅកន្លែងផ្សេងមួយទៀត ។
ខណៈដែលព័ត៌មានផ្នែកបញ្ញាបន្ថែមអាចដោះស្រាយកង្វល់ផ្នែកបញ្ញាបានជាបណ្ដោះអាសន្ន ព័ត៌មានបន្ថែមពុំមែនជាដំណោះស្រាយទាំងស្រុងនោះទេ ដោយសារ ដូចប៉ុលបានសរសេរទៅពួកកូរិនថូសថា « ប៉ុន្តែ មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ » ។ ១១ សេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងសាក្សីមួយកើតចេញមកពីព្រះវិញ្ញាណក៏ចាំបាច់ផងដែរ ។
មនុស្សជាច្រើនមានសំណួរ មានការសង្ស័យចូលក្នុងគំនិតពួកគេ ហើយមានការពិបាកក្នុងការស្វែងរកលំនឹងខាងវិញ្ញាណ តែទោះជាយ៉ាងណាបានបន្ដនៅស្មោះត្រង់ ហើយបន្ដនៅលើផ្លូវនៃសេចក្ដីសញ្ញា ។ ជាញឹកញាប់ នៅពេលពួកគេបានអធិស្ឋាន ពួកគេបានទទួលចម្លើយ ដែលអែលឌើរ នែល អិល អាន់ឌើរសុន បានទទួលកាលពីជាច្រើនទស្សវត្សរ៍កន្លងទៅ នៅពេលលោកងឿងឆ្ងល់ថាតើលោកបានរៀបចំខ្លួនល្មមគ្រប់គ្រាន់ដើម្បីចូលក្នុងតំបន់បេសកកម្មឬទេ ។ នៅពេលលោកអធិស្ឋាន អារម្មណ៍មួយបានផុសឡើង ៖ « អ្នកពុំដឹងរឿងគ្រប់យ៉ាងទេ ប៉ុន្តែអ្នកបានដឹងល្មមគ្រប់គ្រាន់ ! » ១២ជានិច្ចកាល—នៅពេលខ្លះ— ចម្លើយរបស់ព្រះអម្ចាស់នឹងឆ្លើយថា « អ្នកដឹងល្មមគ្រប់គ្រាន់ដើម្បីស្ថិតនៅលើផ្លូវនៃសេចក្ដីសញ្ញា ហើយរក្សាបទបញ្ញត្តិរបស់ខ្ញុំ » ។
នៅពេលនីហ្វៃត្រូវបានសួរ បើសិនជាលោកបានដឹងអំពីការយាងចុះមករបស់ព្រះ លោកបានប្រាប់ថា « ខ្ញុំដឹងថា [ ព្រះ ] ស្រឡាញ់កូនចៅរបស់ទ្រង់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំមិនយល់ន័យនៃរឿងទាំងនេះនោះទេ » ។ ១៣ លោកបានដឹងល្មមគ្រប់គ្រាន់ ។ នៅក្នុងជីវិតនេះ យើងនឹងពុំដឹងអត្ថន័យនៃរឿងគ្រប់យ៉ាងនោះទេ ប៉ុន្តែយើងដឹងល្មមគ្រប់គ្រាន់ ។ ជោគវាសនារបស់យើងអាស្រ័យទៅលើការអនុវត្តបណ្ដុះសេចក្ដីជំនឿដែលនឹងរីកចម្រើននៅពេលយើងធ្វើសកម្មភាពដោយជំនឿ ។
អែលឌើរ ឌេល ជី រេនឡាន់ ៖ សេចក្ដីសង្ស័យពុំមែន ហើយនឹងមិនដែលជាបព្វហេតុនៃសេចក្ដីជំនឿខ្លាំងជាងពន្លឺដែលវាអាស្រ័យទៅលើសេចក្ដីងងឹតដើម្បីបំភ្លឺវានោះដែរ ។ កាលពេត្រុសលិចចុះក្នុងទឹក បន្ទាប់ពីលោកព្យាយាមដើរលើវា នោះលោកមិនឮឃ្លាថា « អូ៎ ពេត្រុស បើអ្នកគ្រាន់តែមានមន្ទិលថែមទៀត » នោះទេ ។ ទេ តែលោកឮថា « ឱ! មនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យ ? »១៤
នៅក្នុងសៀវភៅ Lectures on Faithភាពខុសគ្នារវាងសេចក្ដីជំនឿ និង មន្ទិលសង្ស័យត្រូវបានពន្យល់ ៖ « ត្រង់ណាមានមន្ទិលសង្ស័យ និងភាពមិនប្រាកដប្រជា… នោះគ្មានសេចក្ដីជំនឿឡើយ ហើយក៏ពុំអាចមានដែរ ។ ដោយសារមន្ទិលសង្ស័យ និង សេចក្ដីជំនឿមិនមានក្នុងបុគ្គលតែម្នាក់ក្នុងពេលតែមួយឡើយ… បុគ្គលដែលមានគំនិតសង្ស័យ ហើយភ័យខ្លាច មិនអាចមានទំនុកចិត្តដ៏មុតមាំទេ ហើយទីណាដែលគ្មានទំនុកចិត្តមុតមាំទេ នោះសេចក្ដីជំនឿមានភាពទន់ខ្សោយ ទីណាដែលមានសេចក្ដីជំនឿទន់ខ្សោយ បុគ្គលនោះនឹងមិនអាចតទល់នឹងការផ្ទុយ ទុក្ខលំបាក និងការវេទនាទាំងអស់ដែលពួកគេនឹងជួប ដើម្បីឲ្យពួកគេក្លាយជាមរតករបស់ព្រះ និងគ្រងមរតកជាមួយព្រះយេស៊ូវគ្រីស្ទបានឡើយ ហើយភាពហត់នឿយកើតមានក្នុងគំនិតគេ នោះសត្រូវនឹងមានអំណាចលើគេ ហើយបំផ្លាញគេចោល » ។១៥
នេះគឺជាអ្វីដែលបានកើតឡើងចំពោះស្ទេផាន ។ គាត់អនុញ្ញាតឲ្យការសង្ស័យ និងការមិនប្រាកដប្រជាគ្រប់គ្រងលើគំនិតរបស់គាត់ ។ យូរៗទៅ គាត់មិនមានកម្លាំងដើម្បីប្រឈមនឹងឧបសគ្គដែលមនុស្សនឹងជួបក្នុងនាមជាសមាជិកនៃសាសនាចក្រឡើយ ។ គាត់បានបណ្តុះភាពនឿយហត់ក្នុងគំនិតគាត់ ហើយសេចក្ដីជំនឿគាត់បានបាត់ទៅ ។
ស៊ីស្ទើរ រស់ អិល. រេនឡាន់ ៖ ការមានសំណួរអំពីសាសនាចក្រ និងគោលលទ្ធិ គឺជារឿងធម្មតាទេ ហើយវាជាការចាប់ផ្ដើមនៃការរៀនដំណឹងល្អ ។ យ៉ូសែប ស្ម៊ីធ បានយល់ពីរឿងនោះ កាលលោកអានថា « តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ » ។១៦
ប៉ុន្ដែវគ្គនោះបន្ដថា « តែត្រូវឲ្យអ្នកនោះសូមដោយចិត្តជឿឥតសង្ស័យអ្វីសោះ » ។១៧
ម្យ៉ាងវិញទៀត ចូរសូមដល់ព្រះដោយមិនសង្ស័យថា ទ្រង់អាចផ្ដល់ចម្លើយដល់អ្នកបាន ។ វគ្គគម្ពីរបន្ដថា « ដ្បិតអ្នកណាដែលសង្ស័យ [ ឬមានមន្ទិល ] នោះប្រៀបដូចជារលកសមុទ្រដែលត្រូវផាត់ដោយខ្យល់ ទាំងរំពើកចុះឡើង ។ កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ ។ ដ្បិតអ្នកនោះជាមនុស្សមានចិត្ត ២ ចេះតែសាវាក្នុងគ្រប់ទាំងផ្លូវ » ។១៨
ដើម្បីទទួលបានចម្លើយដូចដែលយ៉ូសែប ស្ម៊ីធ បានស្វែងរក ដើម្បីទទួលបានចម្លើយដែលយើងចង់បាន នោះយើងត្រូវទៅរកព្រះដោយដួងចិត្តជឿជាក់ និងគំនិតដែលប្រាថ្នាថា រឿងរ៉ាវរបស់ព្រះនឹងបានប្រាប់ដល់យើង ។
អែលឌើរ ឌេល ជី រេនឡាន់ ៖ យើងស្រឡាញ់សេចក្ដីថ្លែងការណ៍មួយដែលបានធ្វើឡើងដោយ អែលឌើរ ចន អេ. វិតសូ ជាសាវកជំនាន់មុនក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ។ ខ្ញុំនឹងដកស្រង់នូវអ្វីដែលលោកមានប្រសាសន៍ ។ ការសង្ស័យពុំមានតម្លៃ និងពុំសក្តិសមឡើយ លើកលែងតែការសង្ស័យនោះផ្លាស់ប្តូរទៅជាការសួរមកពីប្រភពដ៏ជាទីទុកចិត្តប៉ុណ្ណោះ ។ អ្នកសង្ស័យដែលនៅទ្រឹង ជាបុគ្គលម្នាក់ទាស់នឹងខ្លួនឯង គ្មានឆន្ទៈខំធ្វើការត្រឹមត្រូវ មិនបង់ថ្លៃការរកឃើញដ៏ទេវភាព នោះចៀសមិនផុតពីការឈានដល់ការឥតជំនឿ និងភក់ជ្រាំនៃភាពងងឹតទេ ។ ការសង្ស័យរបស់គេរីកធំដូចជាផ្សិតពុលក្នុងស្រមោលងងឹតនៃបន្ទប់ផ្លូវចិត្ត និងវិញ្ញាណរបស់គេ ។ ចុងក្រោយ នឹងខ្វាក់ដូចជាសត្វកំពីងដូងក្នុងរូងវា ជាធម្មតាគេជំនួសការចំអកដោយហេតុផល ខ្ជិលច្រអូសធ្វើការងារ ហើយក្លាយជាអ្នកប្រាជ្ញខ្ជិល ។ មន្ទិលសង្ស័យមិនខុសទេ លុះត្រាវាបញ្ចប់នៅក្នុងមន្ទិលសង្ស័យនោះ ។ មន្ទិលសង្ស័យគឺអាក្រក់ កាលវាចិញ្ចឹម និងធំឡើងតែខ្លួនវា ព្រមដោយភាពច្រអូសដ៏រឹងរូស នាំឲ្យមានការសង្ស័យថែមទៀត » ។១៩
សម្ដីរបស់អែលឌើរ វីតសូ គឺនៅតែពិត ។ មន្ទិលសង្ស័យដ៏អាប់អួរមិននាំឲ្យទៅស្គាល់ភាពពិតរបស់ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ទេ វាមិននាំទៅរកការដឹងច្បាស់ថា យើងមានព្រះវរបិតាសួគ៌ជាទីស្រឡាញ់ និងមានព្រះទ័យល្អ ដែលបង្កើតផែនការនៃសេចក្ដីសង្គ្រោះដ៏មហិមាឡើយ ។ យើងអាចដឹងពីសេចក្ដីពិតពេញលេញនៃកិច្ចការថ្ងៃចុងក្រោយនេះបាន ប៉ុន្ដែវាតម្រូវឲ្យយើងជ្រើសរើសសេចក្ដីជំនឿមិនមែនការសង្ស័យឡើយ ហើយថាយើងត្រូវទៅរកចម្លើយយើងពីប្រភពដែលអាចទុកចិត្ត ។
ស៊ីស្ទើរ រស់ អិល. រេនឡាន់ ៖អាលម៉ាថ្លែងពីគោលការណ៍នេះផងដែរ ។ លោកបានពោលថា « ហេតុដូច្នេះហើយ នរណាដែលធ្វើចិត្តរឹងរូស អ្នកនោះហើយដែលនឹងទទួលព្រះបន្ទូលរបស់ព្រះអង្គមួយភាគតិចប៉ុណ្ណោះ ឯនរណាដែលពុំធ្វើចិត្តរឹងរូសទេ អ្នកនោះហើយដែលនឹងបានទទួលព្រះបន្ទូលរបស់ព្រះអង្គមួយភាគច្រើនជាង រហូតដល់អ្នកនោះអាចដឹងនូវសេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ រហូតដល់អ្នកនោះដឹងគ្រប់សេចក្ដី ។ ហើយពួកអ្នកណាដែលធ្វើចិត្តរឹងរូស ពួកគេនោះហើយដែលនឹងទទួលព្រះបន្ទូលរបស់ព្រះអង្គមួយភាគតិច រហូតដល់ពួកគេពុំអាចដឹងអ្វីអំពីការអាថ៌កំបាំងទាំងឡាយរបស់ព្រះអង្គបានឡើយ ហើយខណៈនោះ ពួកគេនឹងត្រូវអារក្សចាប់ឃុំឃាំង ហើយដឹកនាំតាមអំពើចិត្តរបស់វាទៅកាន់សេចក្ដីបំផ្លិចបំផ្លាញ » ។២០
តើបងប្អូននឹងសុំការប្រឹក្សាអំពីហិរញ្ញវត្ថុមកពីមនុស្សដែលអត់លុយ ហើយជំពាក់បំណុលគេឬ ?
អែលឌើរ ឌេល ជី រេនឡាន់ ៖ តើបងប្អូននឹងសុំការប្រឹក្សាខាងវេជ្ជសាស្ត្រមកពីអ្នកលេងប៉ាហ៊ីលក់ប្រេងពស់ឬ ?
ស៊ីស្ទើរ រស់ អិល. រេនឡាន់ ៖ តើនរណាដែលបងប្អូននឹងសុំការប្រឹក្សាអំពីរបៀបដើម្បីកែលម្អការលេងវាយតេនីសរបស់បងប្អូន— ពីអ្នកមកមើលគេលេង ឬមកពី Roger Federer ជាអ្នកជំនាញខាងលេងតេនីស ?
អែលឌើរ ឌេល ជី រេនឡាន់ ៖ ដូច្នេះហេតុអ្វីក៏បងប្អូននឹងទុកចិត្តសុខុមាលភាពដ៏អស់កល្បរបស់បងប្អូនទៅលើអស់អ្នកដែលក្ស័យធុនខាងវិញ្ញាណ ដោយសារពួកគេបានទុំជោរនៅក្នុងការសង្ស័យចំពោះអ្វីដែលពួកគេបានដាំដោយសេចក្ដីជំនឿទៅវិញ ២១ ឬអ្នកដែលយេរេមាបានប្រាប់ថា « បានទាំងបោះបង់ចោលអញ ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង» ទៅវិញ ? ២២ បុគ្គលម្នាក់ៗទាំងនេះ បានដើរចេញពីប្រភពទឹករស់ ហើយចង់ឲ្យបងប្អូនទុកចិត្តទៅលើអ្វីដែលពុំទុកទឹកបានទៅវិញ ។
ស៊ីស្ទើរ រស់ អិល. រេនឡាន់ ៖ បងប្អូនប្រុសស្រីទាំងឡាយ បងប្អូនអាចដឹងថាមានព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ។២៣ ប្លកពុំអាចជំនួសការសិក្សាព្រះគម្ពីរ និងការអានពាក្យសម្ដីរបស់ពួកព្យាការី និងពួកសាវកនៅរស់បានទេ ។ បីបាច់ជំនឿរបស់អ្នកដោយការទៅកាន់ប្រភពដែលជាទីទុកចិត្ត ដើម្បីស្វែងរកចម្លើយចំពោះសំណួររបស់បងប្អូន ។
អែលឌើរ ឌេល ជី រេនឡាន់ ៖ នៅពេលយើងព្យាយាមកំណត់ថាតើអ្វីមួយពិត ឬមិនពិត ព្យាការីមរមនបានផ្ដល់លំនាំមួយដល់យើងឲ្យធ្វើតាម ៖
« ហេតុដូច្នោះហើយ អ្វីទាំងអស់ដែលល្អ កើតមកពីព្រះ ហើយអ្វីដែលអាក្រក់ កើតមកពីអារក្ស …
« អ្វីដែលមកពីព្រះ អញ្ជើញ ហើយញុះញង់ឲ្យធ្វើល្អឥតឈប់ឈរ ហេតុដូច្នោះហើយ អ្វីក៏ដោយដែលអញ្ជើញ ហើយញុះញង់ឲ្យធ្វើល្អ ហើយឲ្យស្រឡាញ់ព្រះ ហើយឲ្យបម្រើទ្រង់ គឺផុសគំនិតមកពីព្រះ ។
« … ត្រូវបានប្រទានដល់អ្នករាល់គ្នាឲ្យវិនិច្ឆ័យ ដើម្បីឲ្យអ្នកដឹងខុស និងត្រូវ ហើយវិធីវិនិច្ឆ័យនោះច្បាស់លាស់ ដើម្បីឲ្យអ្នករាល់គ្នាអាចដឹងដោយតម្រិះដ៏ឥតខ្ចោះ ហាក់បីដូចជាពន្លឺថ្ងៃពីយប់ងងឹត ។
« ដ្បិតមើលចុះ ព្រះវិញ្ញាណនៃព្រះគ្រីស្ទត្រូវបានប្រទានដល់មនុស្សគ្រប់រូប ដើម្បីឲ្យគេអាចដឹងខុស និងត្រូវ ហេតុដូច្នោះហើយ ខ្ញុំបង្ហាញដល់អ្នកនូវវិធីវិនិច្ឆ័យ ដ្បិតគ្រប់ទាំងអ្វីៗដែលអញ្ជើញឲ្យធ្វើល្អ ហើយដែលបញ្ចុះបញ្ចូលឲ្យជឿដល់ព្រះគ្រីស្ទ នោះគឺបានចាត់មកពីព្រះចេស្តា និងអំណោយទាននៃព្រះគ្រីស្ទ ហេតុដូច្នេះហើយអ្នករាល់គ្នាអាចដឹងដោយតម្រិះដ៏ឥតខ្ចោះថាមកពីព្រះ ។
« ប៉ុន្តែអ្វីៗដែលបញ្ចុះបញ្ចូលឲ្យមនុស្សធ្វើអាក្រក់ ហើយមិនឲ្យជឿដល់ព្រះគ្រីស្ទ ហើយបដិសេធទ្រង់ ហើយមិនបម្រើព្រះទេ នោះអ្នករាល់គ្នាអាចដឹងដោយតម្រិះដ៏ឥតខ្ចោះថា មកពីអារក្ស » ។២៤
ដូច្នេះ វាសាមញ្ញ ។ ប្រសិនបើជម្រើសមួយនាំបងប្អូនឲ្យធ្វើល្អ ហើយជឿលើព្រះគ្រីស្ទ នោះវាមកពីព្រះ ។ ប្រសិនបើជម្រើសនោះទាញបងប្អូនឲ្យធ្វើអាក្រក់ ហើយបដិសេធព្រះគ្រីស្ទ នោះវាមកពីអារក្ស ។ កាលបងប្អូនដើរលើផ្លូវនៃសេចក្ដីសញ្ញា បងប្អូនអាចដឹងថា រឿងទាំងឡាយដែលបង្អាក់បងប្អូនពីផ្លូវនោះ ដែលបញ្ចុះបញ្ចូលបងប្អូនមិនឲ្យជឿលើព្រះគ្រីស្ទគឺជារឿងខុស ។ រឿងទាំងឡាយដែលបញ្ចុះបញ្ចូលបងប្អូនឲ្យជឿលើព្រះ ស្រឡាញ់ទ្រង់ ហើយរក្សាបទបញ្ញត្តិទ្រង់គឺមកពីព្រះ ។ បងប្អូននឹងខកខានព្រឹត្តការណ៍សំខាន់ខាងវិញ្ញាណ បើបងប្អូនជ្រើសរើសមានការសង្ស័យជាប្រចាំនោះ ដែលវាបញ្ឆេះភ្លើងដោយចម្លើយមកពីប្រភពដែលគ្មានជំនឿ និងពុំស្មោះត្រង់ ។២៥
ស៊ីស្ទើរ រស់ អិល. រេនឡាន់ ៖ សូមត្រឡប់មករឿងប្រៀបធៀបយើងវិញ អ្នកដែលជ្រើសរើសស្ថិតនៅលើទូកដែលចាស់ មានស្នាមកំប៉ិត របកថ្នាំ គឺជាអ្នកដែលទទួលស្គាល់ថាទូកនោះបានជួយពួកគេពីការលង់ទឹក ហើយអាចនាំពួកគេទៅដល់ច្រាំងដោយសុវត្ថិភាព ។ ម្យ៉ាងវិញទៀត ពួកគេដើរលើផ្លូវនៃសេចក្ដីសញ្ញា ហើយបន្ដនៅលើផ្លូវនៃសេចក្ដីសញ្ញានោះ ។ រួចមក កាលពួកគេស៊ូទ្រាំដល់ទីបញ្ចប់ នោះការសន្យានៃជីវិតដ៏នៅអស់កល្បជានិច្ចកើតមានដល់គេ ។ វាគឺជាអំណោយដ៏មហិមាបំផុតដែលព្រះអាចប្រទានឲ្យ ។ គឺតាមរយៈដំណើរការនេះដែលយើងមកស្គាល់ព្រះយេស៊ូវគ្រីស្ទ ស្គាល់ភាពពិតដ៏រស់រវើករបស់ទ្រង់ និងស្គាល់ពីក្ដីស្រឡាញ់ និងក្ដីមេត្តារបស់ទ្រង់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញាចែងថា « ចំពោះមនុស្សខ្លះ ត្រូវបានប្រទានដោយព្រះវិញ្ញាណបរិសុទ្ធឲ្យដឹងថា ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ហើយថាទ្រង់ត្រូវគេឆ្កាងជំនួសអំពើបាបទាំងឡាយនៃមនុស្សលោក ។ ចំពោះមនុស្សខ្លះទៀតត្រូវបានប្រទានឲ្យជឿដល់ពាក្យសម្ដីរបស់ពួកគេ ដើម្បីពួកគេអាចបានជីវិតអស់កល្បជានិច្ចផងដែរ បើពួកគេបន្ដស្មោះត្រង់ » ។ ២៦ សូមកត់សម្គាល់ថា រង្វាន់គឺមានដូចគ្នា ទោះជាអ្នកដឹង ឬជឿ— ជីវិតដ៏នៅអស់កល្បជានិច្ចមានចំពោះពួកស្មោះត្រង់ ។
អែលឌើរ ឌេល ជី រេនឡាន់ ៖នៅខែ មេសា ឆ្នាំ ២០០៩ ខ្ញុំត្រូវបានគាំទ្រឲ្យធ្វើជាអ្នកមានសិទ្ធិអំណាចទូទៅក្នុងសាសនាចក្រ ។ នៅខែ តុលា ឆ្នាំ ២០០៩ ខ្ញុំត្រូវបានសុំឲ្យនិយាយនៅសន្និសីទទូទៅ ។ ខ្ញុំចង់ឲ្យឪពុករបស់ខ្ញុំអាចស្ដាប់សន្និសីទបានខ្លាំងណាស់ ។ គាត់បានខិតខំធ្វើការជាជាងឈើ និងសំណង់ម្នាក់ពេញមួយជីវិតគាត់ ហើយនៅអាយុ ៩២ ឆ្នាំ គាត់មានបញ្ហាខ្នងធ្ងន់ធ្ងរ ។ គាត់មិនអាចមកមជ្ឈមណ្ឌលសន្និសីទបានទេ ។ ដូច្នេះ ប្អូនស្រីរបស់ខ្ញុំម្នាក់បានជួយឲ្យគាត់អាចមើលការប្រជុំនោះតាមទូរទស្សន៍នៅផ្ទះគាត់ក្នុងទីក្រុងសលត៍ លេក ។
បន្ទាប់ពីសន្និសីទនោះ ខ្ញុំបានទៅផ្ទះគាត់ចង់ដឹងពីគំនិតគាត់អំពីការនិយាយរបស់ខ្ញុំ ។ គាត់ជាមនុស្សមិនសូវនិយាយស្ដី ហើយមិនចេះសរសើរទេ ។
ខ្ញុំបាននិយាយថា « ប៉ា បានមើលសន្និសីទឬទេ ? »
គាត់ឆ្លើយថា « បាន »
ខ្ញុំថា « ប៉ា បានឮខ្ញុំនិយាយទេ ? »
គាត់ឆ្លើយថា « បាន »
ខ្ញុំបាននិយាយថា « ចុះប៉ាគិតយ៉ាងម៉េចដែរ ? »
គាត់ឆ្លើយថា « អូ៎ វាល្អតើកូន ។ ប៉ាប៊ិះនឹងមានមោទភាពចំពោះឯង » ។
ប៉ុន្ដែក្រោយមក ខ្ញុំដឹងថា គាត់មានអ្វីមួយមកបង្វែរការចាប់អារម្មណ៏របស់គាត់នៅល្ងាចនោះ ព្រោះគាត់ពិតជាចង់ប្រាប់ខ្ញុំពីសុបិន្តដែលគាត់បានមានកាលពីយប់មុននោះ ។ គាត់មិនសូវមានសុបិន្តច្រើនទេ ។ គាត់មិនដែលគិតរវើរវាយឡើយ ។ ខ្ញុំដឹងថា គាត់មិនដែលកុហកទេ ។ គាត់តែងតែស្មោះត្រង់យ៉ាងខ្លាំង ។ គាត់បាននិយាយថា « ប៉ាសុបិន្តថា ប៉ាបានស្លាប់ ហើយបានឃើញព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់បានឱបប៉ាក្នុងរង្វង់ព្រះហស្ដទ្រង់ ហើយមានបន្ទូលថា អំពើបាបរបស់ប៉ាបានអភ័យទោសហើយ ។ កូនអើយ ប៉ាមានអារម្មណ៍ល្អខ្លាំងណាស់ » ។ នោះជាអ្វីដែលគាត់បាននិយាយ ហើយខ្ញុំក៏លែងសួរអ្វីទៀត ។ គាត់បានស្លាប់ពីរខែក្រោយមក កាលរូស និងខ្ញុំបានទៅប្រទេសម៉ាដាហ្គាស្កា ។
បន្ទាប់ពីចូលក្នុងសាសនាចក្រនៅក្រុង ឡាសម៉ូ ប្រទេសហ្វាំងឡង់ កាលអាយុ ២៤ ឆ្នាំមក ប៉ាខ្ញុំបានរស់នៅពេញមួយជីវិតគាត់ស្របតាមពន្លឺ និងចំណេះដឹងដែលគាត់បានទទួល ។ គាត់បានធ្វើតាមអ្វីទាំងអស់ដែលបានសុំដល់គាត់ ។ គាត់បានក្លាយជាបុគ្គលម្នាក់ដែលសក្ដិសមនឹងអំណោយទាននៃព្រះវិញ្ញាណដើម្បីដឹងថា ព្រះយេស៊ូវជាព្រះគ្រីស្ទ ហើយត្រូវបានឆ្កាងសម្រាប់អំពើបាបនៃពិភពលោកនេះ និងសម្រាប់អំពើបាបរបស់គាត់ ។ ការសក្ដិសមនឹងអំណោយទាននេះមិនទាក់ទងនឹងភេទ ហើយក៏មិនពាក់ព័ន្ធនឹងតំណែងបព្វជិតភាពដែរ ។ វាគឺជារង្វាន់ដែលបានសន្យាសម្រាប់ការជ្រើសរើសសេចក្ដីជំនឿ និងការជ្រើសរើសផ្លូវនៃសេចក្ដីសញ្ញា ។២៧
ស៊ីស្ទើរ រស់ អិល. រេនឡាន់ ៖ ដូច្នេះ តើយើងអាចអភិវឌ្ឍសេចក្ដីជំនឿ ហើយរក្សាវាឲ្យរឹងមាំយ៉ាងដូចម្ដេច ? វាត្រូវការធ្វើការខ្លះៗ ។ តើបងប្អូនធ្លាប់នៅក្នុងថ្នាក់គណិតវិទ្យា—ពេលដោះស្រាយចំណោទ—ហើយបងប្អូនមើលគ្រូដោះស្រាយចំណោទឬទេ ? តើចំណេះដឹងរបស់គាត់ បញ្ជូនមកដល់បងប្អូនដោយស្វ័យប្រវត្តិ ដោយសារតែបងប្អូនបានមើលគ្រូរកចម្លើយឬ ? គួរឲ្យស្ដាយ វាមិនដូច្នោះទេ ។ ដើម្បីទទួលបានចំណេះដឹង—ចំណេះដឹងដូចគ្នានឹងគ្រូមាន— នោះបងប្អូនចាំបាច់ត្រូវធ្វើការដោះស្រាយចំណោទនោះដោយខ្លួនឯង បងប្អូនចាំបាច់ត្រូវសិក្សា ហើយហាត់ដោះស្រាយចំណោទរហូតដល់បងប្អូនយល់អំពីរបៀប សមីការ និងនិមិត្តសញ្ញា ។
ស្រដៀងគ្នានេះដែរ ការស្វែងរកសេចក្ដីជំនឿ និងការពង្រឹងសេចក្ដីជំនឿចាំបាច់ត្រូវធ្វើការខិតខំ ។ យើងអាចត្រូវបានបំផុសគំនិតដោយនរណាម្នាក់ដែលមានជំនឿរឹងមាំ ប៉ុន្តែជំនឿរបស់អ្នកដទៃពុំអាចបញ្ជូនមកឲ្យយើងនៅក្នុងដំណើរការនោះទេ ។ យើងត្រូវតែធ្វើការសិក្សាផ្ទាល់ខ្លួនមកពីបទគម្ពីរ និងពាក្យសម្ដីរបស់ពួកព្យាការីនៅរស់ ។ យើងត្រូវតែអធិស្ឋាន ពិតជាធ្វើការខិតខំទំនាក់ទំនងជាមួយនឹងព្រះវរបិតាសួគ៌ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ ដែលសំខាន់គឺមានភាពសក្ដិសមទទួលទានសាក្រាម៉ង់រាល់សប្ដាហ៍ ហើយចងចាំអំពីសេចក្ដីមេត្តាករុណាដែលព្រះបានប្រទានដល់យើង ដោយការប្រទានព្រះរាជបុត្រារបស់ទ្រង់មកឲ្យធួននឹងអំពើបាបរបស់យើង ។ ទង្វើនៃការលះបង់ដោយផ្ទាល់ខ្លួន និងជាឯកជនទាំងនេះ ស្ថាបនា និងរក្សាសេចក្ដីជំនឿ ។
អែលឌើរ ឌេល ជី រេនឡាន់ ៖ការទទួលខុសត្រូវទីមួយដែលខ្ញុំមានក្នុងនាមជាសមាជិកនៃកូរ៉ុមនៃពួកដប់ពីរនាក់គឺ ត្រូវទៅប្រាប់នាយកដ្ឋានប្រវត្តិសាសនាចក្រថា ខ្ញុំនឹងជំនួសអែលឌើរ ជែហ្រ្វី អរ ហូឡិន ជាអ្នកប្រឹក្សាឲ្យនាយកដ្ឋានរបស់ពួកគេ ។ ដូចបងប្អូនអាចស្រមៃបានថា មាន « ការយំសោក ការថ្ងូរ និងការសង្កៀតធ្មេញ » ២៨កាលពួកគេដឹងថា អ្នកប្រឹក្សាជាទីស្រឡាញ់របស់ពួកគេត្រូវបានជំនួស ។ ពេលនោះស្ទើរខ្វះក្រដាសជូតទឹកភ្នែក ។
ជាផ្នែកនៃកិច្ចការរបស់ខ្ញុំក្នុងនាមជាអ្នកប្រឹក្សាម្នាក់ដល់នាយកដ្ឋានប្រវត្តិសាសនាចក្រ ខ្ញុំបានអានច្បាប់ចេញផ្សាយទាំងអស់នៃ The Joseph Smith Papers ។ខ្ញុំក៏បានអានភាគទីមួយ និងវគ្គទីមួយនៃភាគទីពីរនៃនិទានកថាប្រវត្តិសាសនាចក្រដែលមានចំណងជើងថា Saints២៦ការអានអ្វីៗដែលយ៉ូសែប ស្ម៊ីធ បានសរសេរ ឬរបាយការសុន្ទរកថានោះ ពិតជាបានពង្រឹងដល់ទីបន្ទាល់របស់ខ្ញុំអំពីតួនាទីរបស់លោកក្នុងនាមជាព្យាការីម្នាក់ដ៏ជម្រើសរបស់ព្រះ ដើម្បីស្ដារកិច្ចការរបស់ទ្រង់នៅលើផែនដីនេះ ។
យ៉ូសែប ស៊្មីធ តែងតែនៅស្មោះចំពោះទីបន្ទាល់របស់លោក ។ លោកមានភាពខ្ជាប់ខ្ជួន ។ លោកតែងតែមានឥរិយាជាមនុស្សម្នាក់ដែលពិតជាបានឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ មរ៉ូណៃ យ៉ូហានបាទីស្ទ ពេត្រុស យ៉ាកុប យ៉ូហាន ម៉ូសេ អេលីយ៉ា និងអេលីយ៉ាស ។ លោកបានប្រព្រឹត្តជាមនុស្សម្នាក់ដែលមានផ្ទាំងចំណារមាស ហើយបានបកប្រែអត្ថបទបុរាណទាំងនោះដោយអំណោយទាន និងព្រះចេស្ដានៃព្រះ ។ លោកបានប្រព្រឹត្តជាមនុស្សម្នាក់ដែលទទួលបានវិវរណៈមកពីព្រះយេស៊ូវគ្រីស្ទផ្ទាល់ ។ លោកបានប្រព្រឹត្តជាមនុស្សម្នាក់ដែលបានទទួលសិទ្ធិអំណាចបព្វជិតភាព និងកូនសោទាំងឡាយនៃភាពជាសាវកដ៏បរិសុទ្ធ ។
ខ្ញុំដឹងតាមរបៀបដ៏មានអនុភាព និងទុកចិត្តបានជាងអ្វីដែលញាណទាំងប្រាំខ្ញុំអាចដឹង និងបង្ហាញបានថា យ៉ូសែប ស្ម៊ីធ បានឃើញអ្វីដែលលោកបានពោលថា លោកបានឃើញ បានបកប្រែព្រះគម្ពីរមរមនដោយអំណោយទាន និងព្រះចេស្ដានៃព្រះ ហើយបានទទួលបព្វជិតភាពដោយមានកូនសោពិតសម្រាប់សេចក្ដីសង្គ្រោះដល់មនុស្សជាតិ ។ ខ្ញុំដឹងថា នេះជារឿងពិត ។ ខ្ញុំដឹងថា កូនសោទាំងនោះមានលើផែនដីសព្វថ្ងៃនេះ ហើយថាប្រធាន ណិលសុន គឺជាអ្នកស្នងតំណែងដ៏ស្របច្បាប់របស់យ៉ូសែប ស្ម៊ីធ នៅលើផែនដីនេះ ។
អ្វីដែលយើងគិតថាជាស្នាមកុំប៉ិត និងថ្នាំរបកនៅលើទូកចាស់នោះ អាចប្រែជារង្វាន់ពីព្រះ និងការដឹកនាំពីព្រះចេញពីទស្សនវិស័យដ៏អស់កល្បមួយ ។ ព្រះអម្ចាស់អាចលូកព្រះហស្ដមកស្នាមកំប៉ិត និងថ្នាំរបកនោះ ហើយទ្រង់ក៏អាចប្រើវាសម្រាប់ព្រះរាជបំណងផ្ទាល់របស់ទ្រង់បានដែរ ។ ខ្ញុំដឹងច្បាស់ខ្លួនខ្ញុំថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទដឹកនាំកិច្ចការរបស់ទ្រង់នៅលើផែនដីសព្វថ្ងៃនេះ ។ អ្នកបម្រើរបស់ទ្រង់ស្គាល់ទ្រង់ច្បាស់សព្វថ្ងៃនេះ ។
ស៊ីស្ទើរ រស់ អិល. រេនឡាន់ ៖ខ្ញុំមានអំណរគុណដើម្បីបន្ថែមទីបន្ទាល់របស់ខ្ញុំថា ខ្ញុំដឹងថា ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់យើង ។ ពេលយើងអនុវត្តសេចក្តីជំនឿ ពុំសង្ស័យ នៅក្នុងពលិកម្មដ៏ធួនរបស់ទ្រង់ និងផលផ្លែនៃដង្វាយធួនទ្រង់ នោះជីវិតយើងនឹងបានពរអស់កល្បជានិច្ច ។ ខ្ញុំមានអំណរគុណដែលទ្រង់បានស្តារសាសនាចក្ររបស់ទ្រង់ឡើងវិញនាបច្ចុប្បន្ននេះជាមួយនឹងពរជ័យទាំងអស់ ដែលមានសម្រាប់បុត្រាបុត្រីរបស់ព្រះនៅលើផែនដីនេះ ។
អែលឌើរ ឌេល ជី រេនឡាន់ ៖ « ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ហើយទ្រង់គឺជាព្រះអង្គសង្គ្រោះនៃពិភពលោក ។ ខ្ញុំថ្លែងទីបន្ទាល់ពីក្ដីមេត្តា ក្ដីស្រឡាញ់ និងក្ដីកង្វល់ថែទាំរបស់ទ្រង់ដល់បុត្រាបុត្រីទាំងអស់របស់ព្រះ ។ ខ្ញុំធ្វើសាក្សីពីពលិកម្មដ៏ធួនដែលមិនអាចប្រៀបធៀបបានរបស់ទ្រង់សម្រាប់បងប្អូន និងខ្ញុំ ។ កាលខ្ញុំមកស្គាល់ព្រះអង្គសង្គ្រោះ នោះខ្ញុំបានរៀនពីព្រះរាជបំណងដ៏មហិមារបស់ទ្រង់ដើម្បីជួយព្យាបាលរបួស ហើយប៉ះប៉ូវដួងចិត្តដែលប្រេះស្រាំ ។
ខ្ញុំអធិស្ឋានសូមឲ្យពរជ័យដ៏សម្បូរបែបរបស់ព្រះនឹងមានមកដល់បងប្អូន ។ ខ្ញុំអធិស្ឋានសូមឲ្យបងប្អូននឹងអភិវឌ្ឍសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ដើម្បីបងប្អូន « កុំសង្ស័យឡើយ តែចូរជឿ » ។៣០ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យចម្រើនសេចក្ដីជំនឿរបស់បងប្អូនទៅលើព្រះគ្រីស្ទ តាមរយៈការសិក្សាបទគម្ពីរ និងពាក្យសម្ដីរបស់ពួកព្យាការីនៅរស់ អធិស្ឋាន ហើយទំនាក់ទំនងជាមួយព្រះវរបិតាសួគ៌ ហើយរៀបចំខ្លួនដោយមនសិកា និងមានភាពសក្តិសមដើម្បីទទួលទានសាក្រាម៉ង់រាល់សប្ដាហ៍ ។ ព្រះនឹងប្រទានពរបងប្អូននៅពេលបងប្អូនចូលរួមនៅក្នុងទង្វើនៃការលះបង់ដោយផ្ទាល់ និងដោយសម្ងាត់ទាំងនេះ ហើយបម្រើ និងផ្ដល់ការងារបម្រើដល់អ្នកដទៃ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2019 by Intellectual Reserve, Inc. All rights reserved. កំណែថ្មីទី ៖ ៣/១៨ ។ ការបកប្រែនៃ “‘Doubt Not, but Be Believing.’” Cambodian ។ PD60007608 258