ការប្រជុំ​ធម្មនិដ្ឋាន​ឆ្នាំ ២០១៩
« ចូរ​កុំ​សង្ស័យ​ឡើយ តែ​ចូរ​ជឿ »


33:28

« ចូរ​កុំ​សង្ស័យ​ឡើយ តែ​ចូរ​ជឿ »

ការប្រជុំធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ ទូទាំង​ពិភពលោក• ថ្ងៃ​ទី ១៣ ខែ មករា ឆ្នាំ ២០១៩•សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់–ហាវ៉ៃ

អែលឌើរ ឌេល  ជី រេនឡាន់ ៖ អរគុណ​ចំពោះ​ការ​ចូលរួម​ជាមួយ​នឹង​ពួក​យើង​នា​ថ្ងៃ​នេះ ។ ពួក​យើង​ដឹង​ថាបងប្អូន​ទាំងអស់​គ្នា​មាន​អ្វីៗ​ជាច្រើន​ផ្សេងទៀត​ត្រូវធ្វើ ។ ពួក​យើង​អធិស្ឋាន​សូម​ឲ្យ​ព្រះ​នឹង​ប្រទាន​ពរ​ដល់​បងប្អូន​ចំពោះការ​លះបង់​របស់​បងប្អូន ។ ខ្ញុំ​អរគុណ​បង​ប្អូន​ជំនួស​ឲ្យ​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់​ចំពោះ​សេចក្ដីជំនឿ និង​ភាពស្មោះត្រង់​របស់​បង​ប្អូន ។

ស៊ីស្ទើរ រស់  អិល. រេនឡាន់ ៖ ខ្ញុំ​រំភើប​ណាស់​ដើម្បី​មក​​ទីនេះ ។ ក្រុមចម្រៀង​ច្រៀង​ពិរោះ​ណាស់ ហើយ​​បាន​ជួយ​ឲ្យ​មាន​ព្រះវិញ្ញាណ​នៅ​ក្នុង​ការ​ប្រជុំ​នេះ។ ពួក​យើង​មាន​អំណរគុណ​ចំពោះ​អ្នក​ឯទៀត​ដែល​បាន​អង្គុយ​នៅលើ​វេទិកា ហើយ​ទទួល​ស្គាល់តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន និង​ពួក​យើង ។ ពួក​យើង​កោតសរសើរ​ចំពោះ​គំរូ​នៃ​ភាព​ជា​សិស្ស​របស់​ពួកគាត់ ។

ពួកយើង​ទទួលការ​​បំផុសគំនិត​ឲ្យ​ពិភាក្សា​ប្រធាន​បទមួយ​ដែល​ដិត​នៅជាប់​ក្នុង​គំនិត​ពួកយើង​ជា​ច្រើន​ខែ​មក​នេះគឺ ៖ ជំនឿ និង​ការសង្ស័យ ។ កាលពី​​ខែ​មិថុនាឆ្នាំ​មុន ពួកយើង​បាន​ចែកចាយ​រឿង​ប្រៀបធៀប​មួយ​នៅ​ក្នុង​ការប្រជុំ​បំពាក់បំប៉ន​ប្រចាំ​ឆ្នាំ​ជាមួយ​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន​សាសនា ។ នៅ​ពេល​យើង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ ពួក​យើង​ចង់​ចែកចាយ​រឿង​ប្រៀបធៀប​ដដែល​នេះ​ជាមួយ​នឹង​បងប្អូន ។

អែលឌើរ ឌេល  ជី រេនឡាន់ ៖សូម​ស្រមៃ​ថា​ទូក​បង​ប្អូន​លិច កាល​ជិះ​នៅ​ក្នុង​មហាសមុទ្រ ។ បង​ប្អូន​បាន​ពាក់​អាវ​ពោង​ការពារ​ជីវិត ហើយ​បាន​ហែល​ទឹក​រាប់​ម៉ោង​ទៅ​កាន់​ច្រាំង​ដែល​បង​ប្អូន​គិត​ថា​ជិត​បំផុត ប៉ុន្ដែ​បង​ប្អូន​មិន​ប្រាកដ​នោះ​ទេ ។ បង​ប្អូន​បាន​ខ្សោះ​ទឹក​ពី​ក្នុង​ខ្លួន​យ៉ាង​ខ្លាំង រហូត​រាល់​ពេល​ដែល​បង​ប្អូន​ចាប់​ហែល​ទឹក បង​ប្អូន​បាន​វិល​មុខ ហើយ​អស់កម្លាំង ។ តាម​ការស្មាន​របស់​បង​ប្អូន ច្រាំង​នៅ​ឆ្ងាយ​ពី​បង​ប្អូន ៣០  គីឡូម៉ែត្រ ឬ ១៨  ម៉ែលស៍​ទៀត ។ បងប្អូន​ភ័យខ្លាច​បាត់បង់ជីវិត​ដោយសារ​បងប្អូន​ពុំ​អាច​ហែល​ទឹក​បាន​ឆ្ងាយចម្ងាយ​នោះទេ ។ នៅ​រាង​ឆ្ងាយ​បន្ដិច បង​ប្អូន​ឮ​សំឡេង​ម៉ាស៊ីន​តូច​មួយ ។ សំឡេង​នោះ​ហាក់​មក​ជិត​បង​ប្អូន ក្ដី​សង្ឃឹម​ថា​បាន​សង្គ្រោះ​បង​ប្អូន​បាន​កើត​មាន​ឡើង ។ កាល​បង​ប្អូន​មើល នោះ​បង​ប្អូន​ឃើញ​ទូក​នេសាទតូច​​មួយ​កំពុង​មក​ ។

ស៊ីស្ទើរ រស់  អិល. រេនឡាន់ ៖បងប្អូន​គិត​ថា​ « ​ឱ អរគុណ​ណាស់ អ្នក​បើក​ទូក​នោះ​ឃើញ​ខ្ញុំ​ហើយ ! » ទូក​នោះ​ឈប់ ហើយ​អ្នក​នេសាទ​សម្បុរ​ក្រមៅ​ចិត្ត​ល្អ​ម្នាក់​ជួយ​បង​ប្អូន​ឲ្យ​ឡើង​ទូក ។ ដោយ​មាន​អំណរគុណ បង​ប្អូន​វារ​ទៅ​កន្លែង​អង្គុយ​លើ​ទូក​នោះ ដក​ដង្ហើម​ធំ​ដែល​បាន​រួច​ជីវិត ។ អ្នក​នេសាទ​នោះ​ឲ្យ​ទឹក និង​នំ​ផ្អែម​ខ្លះៗ​ដល់​បង​ប្អូន​បរិភោគ ។ បងប្អូន​ទទួលទាន​ដោយ​ស្រេកឃ្លាន ។ ទឹក និង​នំ​ផ្អែម​នោះ​ផ្ដល់​សារជាតិ​ល្មម​គ្រប់គ្រាន់​ឲ្យ​បង​ប្អូន​​មាន​កម្លាំង​វិញ ។ បង​ប្អូន​មាន​អារម្មណ៍​ធូរស្រាល និង​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ។ បង​ប្អូន​នៅ​តាម​ផ្លូវ​ទៅ​ផ្ទះ​របស់​បង​ប្អូន​វិញ ។

កាល​បង​ប្អូន​ចាប់​ស្រួល​ខ្លួន​វិញ ហើយ​រាង​សះស្បើយ បង​ប្អូន​ចាប់​អារម្មណ៍​​នឹង​អ្វី​មួយ​ដែល​បង​ប្អូន​មិន​បាន​កត់សម្គាល់​ពីមុន​មក ។ ទឹក​ពី​បំពង់​នោះ​រាង​ធុំ​ក្លិន​បន្ដិច ហើយ​មិន​មែន​ជា​ទឹក​ដែល​បង​ប្អូន​ចង់​ផឹក—ដូចជា​​ទឹក​ម៉ាក​អេវីយ៉ង់ ឬ​ព្យែរៀរ​នោះ​ទេ ។ នំនោះ​ឆ្ងាញ់ប៉ុន្តែ​បង​ប្អូន​ចង់​ញ៉ាំ​សាច់គោ​ផុយៗ និង​នំ​ក្រូសង់​សូកូឡា ។ បង​ប្អូន​ក៏​សម្គាល់​ឃើញ​ថា អ្នក​នេសាទ​ចិត្ត​ល្អ ពាក់​ស្បែកជើង​រហែក និង​ខោ​ខៅប៊យ​ខៀវ​ចាស់ ។ ឈ្នួត​នៅលើ​មួក​គាត់​ប្រឡាក់ ហើយ​មើល​ទៅ​គាត់​ស្ដាប់​មិន​សូវ​ឮ​ទេ ។

អែលឌើរ ឌេល  ជី រេនឡាន់ ៖បង​ប្អូន​ឃើញ​ថា ទូក​នោះ​រាង​ចំណាស់ ហើយ​ថា​មាន​ស្នាម​កំប៉ិត​នៅ​គែម​ខាង​ស្តាំ​ទូក ។ ថ្នាំ​លាប​ទូក​ប្រេះៗ និង​របក​ចេញ ។ បង​ប្អូនឃើញ​ថា ពេល​អ្នក​នេសាទ​លែង​​ដៃ​ពី​ចង្កូត នោះ​ទូក​ទាញ​ទៅ​ខាង​ស្ដាំ ។ បង​ប្អូន​ចាប់ផ្ដើម​បារម្ភ​ថា ទូក និង​អ្នកបើក​ទូក​នេះ​មិន​អាច​ផ្ដល់​ការសង្គ្រោះ​ដែល​បង​ប្អូន​ត្រូវការ​ទេ ។ បង​ប្អូន​សួរ​អ្នក​នេសាទ​នោះ​អំពី​ស្នាម​កំប៉ិត និង​ចង្កូតនោះ ។ គាត់​និយាយ​ថា គាត់​មិន​សូវ​បារម្ភ​ពី​រឿង​ទាំងនោះ​ទេ ដោយសារ​គាត់​បើក​ទូក​នោះ​ទៅ​មក​ដើម្បី​នេសាទ​លើ​ផ្លូវ​ដដែល រាល់​ថ្ងៃ​រាប់​ឆ្នាំ​មក​ហើយ ។ ទូក​នោះ​តែង​នាំ​គាត់​ដល់​កន្លែង​ដែល​គាត់​ចង់​ទៅ​ដោយ​សុវត្ថិភាព និង​ទំនុក​ចិត្ត ។

បង​ប្អូន​ភ្ញាក់​ផ្អើល ! តើ​គាត់​អាច​មិន​បារម្ភ​ពី​ស្នាមកំប៉ិត និង​ចង្កូត​នោះ​យ៉ាង​ម៉េច ? ហើយ​ហេតុអ្វី​អាហារ​ផ្គត់ផ្គង់​នោះ​មិន​អាច​ឆ្ងាញ់​ធ្វើ​ឲ្យ​បង​ប្អូន​ចូលចិត្ត​បាន ? កាល​បង​ប្អូន​ផ្ដោត​លើ​ទូក និង​អ្នក​នេសាទ​កាន់តែ​ខ្លាំង នោះ​បង​ប្អូន​កាន់តែ​បារម្ភ​ខ្លាំង​ឡើង ។ បង​ប្អូន​សង្ស័យ​នឹង​ការសម្រេច​ចិត្ត​របស់​បង​ប្អូន​ដើម្បី​ឡើង​ទូក​ពី​ដំបូង​មក ។ ការ​មិន​ស្រណុក​ចិត្តបង​ប្អូន​ចេះ​តែ​ឆួល​ឡើង ។ ទីបំផុត បង​ប្អូន​ទាមទារ​ឲ្យ​អ្នក​នេសាទ​នោះ​ឈប់​ទូក ហើយ​ដាក់​បង​ប្អូន​ចុះ​ក្នុង​ទឹក​វិញ ។ ទោះបីជា​បង​ប្អូន​នៅ​ឆ្ងាយ​ពី​ច្រាំង​ជាង ២០  គីឡូម៉ែត្រ ឬ ១២  ម៉ែលស៍​ក្ដី ក៏​បង​ប្អូន​មិន​អាច​ទ្រាំ​នៅលើ​ទូក​នោះ​បាន​ដែរ ។ ដោយ​ចិត្ត​សោកសៅ អ្នក​នេសាទ​នោះបាន​ឈប់ទូក ហើយ​ដាក់​បងប្អូនចូល​ទៅក្នុង​សមុទ្រ​វិញ ។ បង​ប្អូន​ទៅ​ដោយខ្លួន​ឯង​ម្ដងទៀត ។

ស៊ីស្ទើរ រស់  អិល. រេនឡាន់ ៖ សូមពិចារណា​អំពី​រឿងនេះ ជា​រឿង​ប្រៀបធៀប​មួយ ដែល ទូក​​តំណាង​ឲ្យសាសនាចក្រ ហើយ​អ្នកនេសាទ​​តំណាង​ឲ្យ​អ្នកទាំងឡាយ​ដែល​បម្រើនៅក្នុង​សាសនាចក្រ ។ គោលបំណង​តែ​មួយគត់​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ គឺ​ដើម្បីជួយ​ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​កិច្ចការ​របស់​ពួកទ្រង់​ដើម្បីនាំ​មកនូវ​ជីវិត​អស់កល្បជានិច្ច​ដល់​កូនចៅរបស់​ព្រះ ។ វា​ផ្ដល់​ផ្លូវ​នៃ​សេចក្ដីសញ្ញា របៀប​ដើម្បី​ត្រឡប់ទៅ​កាន់ព្រះវរបិតាសួគ៌វិញ ។ អ្នកទាំងឡាយ​ដែល​បម្រើនៅក្នុង​សាសនាចក្រ ទោះជា​ពុំ​ល្អ​ឥតខ្ចោះ តែពួកគេមានសារៈសំខាន់​ដើម្បីជួយ និង​លើកទឹកចិត្ត​យើង​នៅ​លើផ្លូវ​នៃ​សេចក្ដីសញ្ញា ។

តើ​ទូក និង​អ្នកនេសាទ​នោះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​សាសនាចក្រ ? តើ​ស្នាមកំប៉ិត និង​ថ្នាំ​របក​នៅ​ព្រះវិហារ​ផ្លាស់ប្ដូរ​សមត្ថភាព​វា​ដើម្បី​ផ្ដល់​ពិធីបរិសុទ្ធ​ដ៏​សង្គ្រោះ និង​តម្កើង​ឡើង​ដែល​មាន​សិទ្ធិ​អំណាច ដើម្បី​ជួយ​បង​ប្អូន​ឲ្យ​ក្លាយ​ដូច​ជា​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​ឬ​ទេ ? ប្រសិនបើ​អ្នកនេសាទ​នោះ​ត្រូវ​កាន់​ចង្កូត​នឹង​ដៃ​ទាំងពីរ​ដើម្បី​ឲ្យ​ទូក​បើក​ត្រង់ តើ​ការណ៍​នោះ​ប្រឆាំង​នឹង​សមត្ថភាព​របស់​គាត់ និង​របស់​ទូក​ដើម្បី​នាំ​យើង​ទៅ​កន្លែង​ដែល​យើង​ចង់​ទៅ​ដោយ​សុវត្ថិភាព និង​ទំនុក​ចិត្ត​ដែរ​ទេ ? បង​ប្អូន​មិន​ចាំបាច់​ធ្វើជា​អ្នកមើល​ឆុត​ដែល​បាន​តែងតាំង​ដូចជា​ស្វាមី​ខ្ញុំទេ ដើម្បី​ដឹង​ថា ការចុះ​ក្នុង​ទឹក​វិញ​គឺ​គ្រោះថ្នាក់​ជាង​នៅលើ​ទូក​នោះ​ណាស់ ។ ប៉ុន្តែ​នៅពេល​យើង​ពុំ​បាន​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​ទេ នោះ​ស្នាម​កំប៉ិត​ និង​ថ្នាំ​របក​តូចៗ​អាច​នឹង​បិទបាំង​គំនិត​របស់​យើង ។

សមាជិក​គ្រប់រូប​ត្រូវការ​សាក្សី​ផ្ទាល់ខ្លួន​អំពី​សេចក្ដីពិតពេញលេញនៃ​សាសនាចក្រ​ដែលបានស្ដារឡើងវិញ ។ បើ​គ្មាន​ការប្រែចិត្ត​ជឿ​ដ៏​ពិត​នោះ​ទេ រួមទាំង​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នៅ​ក្នុង​ដួង​ចិត្ត​ផង នោះ​បងប្អូន​​អាច​ចាប់​ផ្ដើម​ផ្ដោត​លើ​នំ​ផ្អែម និង​ថ្នាំ​លាប​របកៗ​​នៃ​រឿង​ប្រៀបធៀប​នោះ​ហើយ ។

ប្រធាន រ័សុល អិម ណិលសុន នៅក្នុង​សន្និសីទ​ខែ​មេសា ឆ្នាំ ២០១៨ បាន​មានប្រសាសន៍​ថា ៖ « បងប្អូន​ពុំ​ចាំបាច់​ងឿង​ឆ្ងល់​អំពី​អ្វី​ជាការពិត​នោះទេ [ សូមមើល មរ៉ូណៃ ១០:៥ បងប្អូន​ពុំ​ចាំបាច់​ឆ្ងល់​ថា បងប្អូន​គួរ​ទុក​ចិត្ត​នរណា​ទើប​អាច​មាន​សុវត្ថិភាព​នោះ​ទេ ។ តាមរយៈ​វិវរណៈ​ផ្ទាល់​ខ្លួន បងប្អូន​អាច​ទទួល​សាក្សី​ដោយ​ផ្ទាល់​ថា ព្រះគម្ពីរ​មរមន​គឺ​ជា​បន្ទូល​របស់​ព្រះ ថា​យ៉ូសែប ស៊្មីធ​គឺ​ជា​ព្យាការី ហើយ​ថា នេះ​គឺ​ជា​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ មិន​ថា​អ្នកដទៃ​និយាយ ឬ​ធ្វើ​អ្វី​នោះទេ ពុំ​មាន​នរណា​ម្នាក់​អាច​ដក​យក​សាក្សី​ដែលបាន​កើត​មានក្នុង​ដួងចិត្ត និង​គំនិត​របស់​បងប្អូន​អំពី​អ្វី​ជា​សេចក្ដីពិត​នោះបានឡើយ » ។ សាក្សីនេះ​គឺ​សំខាន់ជាង​ក្នុង​ពេលឥឡូវនេះ ។

អែលឌើរ ឌេល  ជី រេនឡាន់ ៖ការចាប់ផ្ដើម​នៃ​ទីបន្ទាល់​របស់​ខ្ញុំ​បាន​កើត​ឡើង នៅពេល​ខ្ញុំ​រស់នៅ​ទីក្រុង​ហ្គូតធើបួក ប្រទេស​ស៊ុយអែត ។ កាល​នោះ​ខ្ញុំ​អាយុ ១១  ឆ្នាំ ។ ប្រធាន​បេសកកម្ម​បាន​ធ្វើការ​អញ្ជើញ​ដល់​យុវវ័យ​ទាំងអស់​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​បាន​ទទួល​យក​សំណូមពរ​នោះ ហើយ​បាន​ចាប់​ផ្ដើម​អាន​វា ។ កាល​ខ្ញុំ​អាន​ដល់​កន្លែង​មួយ នោះ​មាន​ទីប្រឹក្សា​​ប្រធាន​បេសកកម្ម​ម្នាក់បាន​ប្រាប់​ពួក​យើង​ថា ពួក​យើង​គួរតែ​អធិស្ឋាន​អំពី​អ្វី​ដែល​យើងអាន ។ ខ្ញុំ​ចាំ​យ៉ាងច្បាស់​នៅ​​ល្ងាច​ដែល​ខ្ញុំ​បាន​ធ្វើ​តាម​ការអញ្ជើញ​នោះ​ ។ ខ្ញុំ​បាន​លុតជង្គង់ចុះ​នៅជិត​គ្រែដេក ហើយបាន​ចាប់​ផ្ដើម​អធិស្ឋាន​យ៉ាង​សាមញ្ញ​ដើម្បី​ដឹង​ថា​តើ​ព្រះគម្ពីរមរមន​ពិត​ឬទេ ។

ខ្ញុំ​មិន​បាន​ឮ​សំឡេង​អ្វី​ទេ ប៉ុន្ដែ​ព្រះ​ហាក់​ដូចជា​បាន​មាន​បន្ទូល​មក​ខ្ញុំ​ថា « យើង​បាន​ប្រាប់​ឯង​ជា​យូរ​មក​ហើយ​ថា វា​ពិត » ។ បទពិសោធន៍​នោះ​បាន​ផ្លាស់ប្ដូរ​ខ្ញុំ វា​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្ញុំ ។ វា​បាន​ចាប់ផ្ដើម​ដំណើរការ​មួយ​នៃ​ជំនឿ ដំណើរការ​មួយ​នៃ​ការដើរ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ហើយ​ព្យាយាម​ធ្វើ​បន្ថែម​ទៀត និង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ គឺ​នៅ​ទីក្រុង​ហ្គូតធើបួក​នោះ​ហើយ​ដែល​ខ្ញុំ​បាន​រៀន​ពី​របៀប​ប្រែចិត្ត ។ គឺ​នៅ​ទីក្រុង​ហ្គូតធើបួក​ដែល​ខ្ញុំ​បាន​ស្គាល់​ព្រះប្រោសលោះ​របស់​ខ្ញុំ ។ គឺ​នៅ​ទីក្រុង​ហ្គូតធើបួក​នោះ​ហើយ​ដែល​ខ្ញុំ​បាន​ចាប់ផ្ដើម​កោតសរសើរ​ដល់​បុគ្គល​ដែល​តម្កើង​ការហៅ​របស់​គេ ហើយ​ដែល​ខិតខំ​ធ្វើការ​ដើម្បី​ស្ថាបនា​នគរ​ព្រះ ។ ហ្គូតធើបួក បាន​ក្លាយជា​ « ទឹក​មរមន » របស់​ខ្ញុំ ។

ស៊ីស្ទើរ រស់  អិល. រេនឡាន់ ៖តើ​បង​ប្អូន​បាន​ស្គាល់​ព្រះប្រោសលោះ​របស់​បង​ប្អូន​នៅ​កន្លែង​ណា ? តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? បើ​សិនជា​បងប្អូន​ភ្លេច ពួក​យើង​សូម​លើក​ទឹកចិត្ត​បងប្អូនឲ្យធ្វើ​អ្វីមួយ​ដើម្បី​រំឭក​អារម្មណ៍​នោះមកវិញ ។ ចំណេះដឹង និង​អារម្មណ៍​ទាំងនេះ​គឺជា​ទី​ចាប់ផ្ដើម​នៃ​សេចក្ដីជំនឿ ។

សេចក្ដីជំនឿ​គឺជា​ជម្រើស​មួយ​ដែល​បុគ្គល​ម្នាក់ៗ​ត្រូវ​រើស ។ សេចក្ដីជំនឿ​មិន​មែន​គ្រាន់តែ​ជា​ការចង់​ឲ្យ​អ្វី​មួយ​ក្លាយជា​ការពិត​តាម​ចិត្ត​នឹក ហើយ​បញ្ចុះ​បញ្ចូល​ខ្លួន​ឯង​ទាំង​រវើរវាយ​នោះ​ទេ ។ សេចក្ដីជំនឿ​គឺជា​ការធានា​នៃ​ការមាន​អ្វីៗ​ដែល​យើង​មើល​មិន​ឃើញ​ខាង​សាច់ឈាម ។ សេចក្ដីជំនឿ​​​ក៏​ជា​គោលការណ៍​នៃ​សកម្មភាព​ផងដែរ ។

« សេចក្ដី​ជំនឿ​ត្រូវ​តែ​ផ្ដោតសំខាន់​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ [ដើម្បី ]​នាំ​ជន​ណា​ម្នាក់​ទៅ​រក​សេចក្ដី​សង្គ្រោះ ។ … សេចក្ដីជំនឿ​ត្រូវ​បានបង្កាត់ឡើង​ដោយ​ការ​ស្ដាប់​ដំណឹងល្អ​ដែល​បាន​បង្រៀន​ដោយ​ [ គ្រូបង្រៀន ] ដែល​មានសិទ្ធិអំណាច​ត្រូវបានបញ្ជូន​ដោយព្រះ [ សូមមើល​ រ៉ូម ១០:១៤-១៧ ] ។ អព្ភូតហេតុ​មិន​ធ្វើ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ទេ ប៉ុន្តែ​សេចក្ដី​ជំនឿ​ដ៏​ធំ គឺ​មាន​ឡើង​ដោយ​សារ​ការ​គោរព​តាម​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​វិញ ។ ម្យ៉ាង​វិញទៀត​ សេចក្ដីជំនឿ​កើតមាន​​ឡើង​ដោយ​សេចក្ដីសុចរិត [ សូមមើល អាលម៉ា ៣២:៤០-៤៣] » ។ សេចក្ដីជំនឿ​ពុំ​កើត​មក​ពី​ទីសម្គាល់​ដែល​តម្រូវ​ឲ្យ​មាន​​មកពី​ព្រះ​នោះទេ ប៉ុន្តែ​តាមរយៈ​ការ​គោរព និងការ​ធ្វើតាម​បទបញ្ញត្តិ​របស់​ទ្រង់ ។

អែលឌើរ ឌេល  ជី រេនឡាន់ ៖ ព្រះមានព្រះទ័យ​​ចង់​ឲ្យ​យើ​ងមានជំនឿ​ដើម្បី​ទ្រង់​អាច​ប្រទានពរ​ដល់យើង ។ សេចក្ដីជំនឿ​គឺជា​កូនសោ​ដើម្បី​ចាក់​បើក​សេចក្ដីមេត្តាករុណា​របស់ព្រះ ។ មនុស្ស​ត្រូវ​សម្រេច​ចិត្ត​ថា គាត់​ចង់​មាន​សេចក្ដីជំនឿ រួច​ហើយ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ពីមុនសេចក្តីជំនឿ​អាច​ធំធាត់​ឡើង ។ អាលម៉ា​បង្រៀន​​ថា « ប៉ុន្តែ​មើល​ចុះ បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​ភ្ញាក់​ឡើង ហើយ​ដាស់​សមត្ថភាព​ទាំង​ឡាយ​របស់​ខ្លួន គឺ​ដើម្បី​ធ្វើ​ការ​ពិសោធន៍​ដល់​ពាក្យ​សម្ដី​របស់​ខ្ញុំ ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​មួយ​តូច មែន​ហើយ គឺ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​អាច​ធ្វើ​អ្វី​ក៏​ដោយ ក្រៅ​ពី​ការ​ចង់​ជឿ នោះ​សូម​ឲ្យ​ចំណង់​នេះ​មាន​នៅ​ក្នុង​ខ្លួន​អ្នក គឺ​រហូត​ដល់​អ្នក​អាច​ទុក​កន្លែង​មួយ សម្រាប់​ពាក្យ​សម្ដី​របស់​ខ្ញុំ​មួយ​ចុះ » ។ដើម្បី​ឲ្យ​សេចក្ដីជំនឿ​រីកចម្រើន មនុស្ស​ម្នាក់​ត្រូវ​តែ​ជ្រើសរើស​មានសេចក្ដីជំនឿ ហើយ​ធ្វើ​សកម្មភាព​តាម​សេចក្ដីជំនឿ​នោះ ។

ស៊ីស្ទើរ រស់  អិល. រេនឡាន់ ៖ បំណងប្រាថ្នា​របស់​មនុស្ស​ម្នាក់​ដើម្បី​មានជំនឿ ត្រូវ​តែ​បង្ហាញ​លទ្ធផល​នៅក្នុង​សកម្មភាព ។ តាមរបៀប​ជាច្រើន យើង​បង្ហាញ​សេចក្ដីជំនឿរបស់​យើង​ដោយការ​បោះជើងយើង​ដើរទៅ ។

គោលការណ៍​នេះ​មាន​ថ្លែង​នៅក្នុងការសន្យា​ក្នុង​ព្រះគម្ពីរ​មរមន ដែល​ស្វាមី​របស់​ខ្ញុំ​បាន​ធ្វើតាម កាល​ពី​នៅអាយុ ១១ ឆ្នាំ ។ « ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ទទួល​នូវ​ការណ៍​ទាំង​នេះ នោះ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​សូម​សួរ​ដល់​ព្រះ​ជា​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ បើសិន​ជា​ការណ៍​ទាំង​នេះ​មិន​ពិត ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​សូម​សួរ​ដោយ​ចិត្ត​ស្មោះ​ស​គឺ ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​ទ្រង់​នឹង​សម្ដែង​សេចក្តី​ពិត​នៃ​ការណ៍​នេះ​ដល់​អ្នក​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

ពេល​បង​ប្អូន​ចាប់ផ្ដើម​ដោយ​សំណួរ​ថា « តើ​រឿង​ទាំងនេះ​អាច​ជា​រឿង​ពិត​មែន​ឬ ? » វា​ដឹកនាំ​ទៅរកទីចាប់​ផ្ដើម​នៃ​​សេចក្ដីជំនឿ បើ​វា​ត្រូវបាន​បីបាច់​ឲ្យ​រីកចម្រើន ។ « តើ​រឿង​ទាំងនេះអាច​ជាការពិត​ឬទេ » គឺ​ជា​សំណួរ​មួយ​ដែល​សន្មត់ថា​វា​គឺជាការពិត ។ ឧទាហរណ៍ បើ​ខ្ញុំ​និយាយ​ថា « តើយើង​មិន​កំពុង​ធ្វើដំណើរ​​មកពី​ហូណូលូលូ​ទៅ​ឆ្នេរ​ខាង​ជើង​ទេឬអី ?» វា​សន្មត់ថា យើងកំពុង​បើក​បរ​ហើយ ។ សំណួរ​ដែល​លើកទឹកចិត្ត​ដោយមរ៉ូណៃ​គឺ​ថា យើង​សួរ​អំពី​ព្រះគម្ពីរ​មរមន​គឺ​ជា​ការ​ជម្រុញ​ដោយ​សេចក្តី​ជំនឿ​ហើយ​ការ​ធ្វើ​ដូច្នោះ​នាំ​ឲ្យ​មាន​សេចក្តី​ជំនឿ​ថែម​ទៀត ។​

បើ​បង​ប្អូន​ចាប់ផ្ដើម​ដោយ​សំណួរ​ថា « តើ​រឿង​នេះ​អាច​ជា​រឿង​ខុសឆ្គង​ឬ​ទេ ? » វា​ដឹកនាំ​ទៅរក​មន្ទិល​សង្ស័យ ។ ហើយ​មន្ទិល​សង្ស័យ​មិន​ដែល​នាំ​ទៅរក​សេចក្ដីជំនឿ​ឡើយ ។

អែលឌើរ ឌេល  ជី រេនឡាន់ ៖នៅក្នុង​ឱកាស​​ចូលរួម​សន្និសីទ​ស្ដេក​មួយ ប្រធាន​ស្ដេក​ម្នាក់​បាន​សុំ​ខ្ញុំ​ឲ្យ​ទៅ​ជួប​នឹង​បុរស​ម្នាក់​ដែល​ខ្ញុំ​នឹង​ហៅថា ស្ទេផាន ។ ស្ទេផាន​ជា​សមាជិក​ដ៏​ស្មោះត្រង់​ម្នាក់​នៅក្នុង​សាសនាចក្រ ។ គាត់បានបម្រើ​​បេសកកម្ម ហើយ​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ គាត់​បាន​បម្រើ​យ៉ាង​ស្មោះត្រង់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ប៉ុន្ដែ​បាន​ចាប់ផ្ដើម​សង្ស័យ​អំពី​សាសនាចក្រ ។ កាល​ខ្ញុំ​បាន​ទៅ​ជួប​នឹង​ស្ទេផាន គាត់​បាន​និយាយ​ថា គាត់​មាន​កង្វល់​នឹង​ការពិត​ដែល​ថា យ៉ូសែប ស្ម៊ីធ បាន​​សរសេរ​កំណែ​បួន​នៃ​ការនិមិត្ត​ដំបូង ។ គាត់​បាន​គិត​ថា ការណ៍​នេះ​អាច​មាន​ន័យ​ថា យ៉ូសែប ស្ម៊ីធ បាន​ប្រឌិត​បទពិសោធន៍​នោះ​ឡើង ។

ខ្ញុំ​បាន​ឲ្យ​ស្ទេផាន​ទាក់ទង​នឹង​បុរស​ម្នាក់​ដែល​ស្រាវជ្រាវ​កំណែទាំងបួន​ពីជំនាន់មុន​​អស់ជាច្រើនទស្សវត្សរ៍​មកនោះ ។ ស្ទេផាន​បាន​ជួប​នឹង​អ្នក​ស្រាវជ្រាវ​នោះ ។ ក្រោយមក ពេល​ខ្ញុំ​បាន​និយាយ​នឹង​ស្ទេផាន ខ្ញុំ​បាន​សួរ​ថា « អញ្ចឹង តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការនិមិត្ត​ដំបូង ? »

គាត់​បាន​ឆ្លើយ​ថា « មែនហើយ រឿង​នោះ​លែង​អី​ហើយ ដោយសារ​សំណួរ​របស់​ខ្ញុំ​បាន​ទទួល​ចម្លើយហើយ ។ វា​លែង​រំខាន​ខ្ញុំ​ទៀត​ហើយ ។ ប៉ុន្ដែ​ឥឡូវ​នេះ ខ្ញុំ​ពិត​ជា​ខ្វល់​ពី​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ដែល​បាន​អនុវត្ត​នៅក្រុង​ណៅវូ និង​ក្រោយពី​សេចក្ដីថ្លែង​នៅ​ឆ្នាំ ១៨៩០ ។ រឿង​នោះ​ពិត​ជា​អំពល់​ដល់​ខ្ញុំ​ណាស់ » ។

ខ្ញុំ​បាន​សុំ​ឲ្យ​ស្ទេផាន​ជួប​នឹង​មនុស្ស​ម្នាក់​ដែលបាន​ស្រាវជ្រាវ​លើ​ប្រធានបទទាំងនេះ តាមប្រភពចម្បង​ដែលអាចទុកចិត្តបាន ។ បន្ទាប់​ពី​ការពិភាក្សា​នោះ ខ្ញុំ​បាន​ទាក់ទង​ទៅ​ស្ទេផាន ហើយ​បាន​សួរ​ថា​គាត់​យ៉ាង​ម៉េច​ហើយ ។

គាត់​ប្រាប់​ថា « មែនហើយ រឿង​នោះ​មិន​​រំខាន​ខ្ញុំ​ទៀត​ឡើយ ។ ខ្ញុំ​យល់​ពី​អ្វី​ដែល​បាន​កើតឡើង ហើយ​កង្វល់​ខ្ញុំ​បាន​ដោះស្រាយ ។ ប៉ុន្ដែ​ឥឡូវ​នេះ ខ្ញុំ​ពិត​ជា​ខ្វល់​ណាស់មួយ​រយៈ ដែល​បព្វជិតភាព​ត្រូវបាន​ដកចេញ​ពី​ពូជពង្ស​ពួកអាហ្វ្រិក​ស្បែក​ខ្មៅ​ទាំង​នោះ » ។

ស៊ីស្ទើរ រស់  អិល. រេនឡាន់ ៖ គួរ​ឲ្យ​សោកស្ដាយ ស្ទេផាន​​បាន​ជ្រើសរើស​ធ្វើ​ជា​អ្នកសង្ស័យ​ឥត​ឈប់ឈរ ។ សម្រាប់គាត់ ការសង្ស័យ​ធ្វើ​ឲ្យ​គាត់ពេញចិត្ត​ជាង​ការ​ដឹង ហើយ​គាត់​កំពុង​ជីកគាស់ដោយ​សង្ស័យ​នូវ​​​អ្វី​ដែលគាត់បាន​ដាំ​ដោយ​សេចក្ដីជំនឿ ។ ​១០ ពេល​វេលាកន្លង​ហួសទៅ កង្វល់​​បានកើតមាន​ពីមួយទៅមួយ ។ ទោះ​ជា​​គេ​ព្យាយាម​ជួយ​ឆ្លើយ​តប​នឹង​សំណួរ​ទាំងនេះ​យ៉ាង​ណា​ ក៏​គាត់​នៅតែ​មាន​ប្រធានបទ​ផ្សេង​ទៀត​ដែល​គាត់​អន្ទះសារ ។ គាត់​បាន​ផ្ដោត​ទៅលើ​ស្នាមកំប៉ិត​​នៅលើ​ទូក​ជំនួស​ឲ្យ​សមត្ថភាព​របស់​ទូក​ដើម្បីនាំ​គាត់​ទៅ​រក​ពរជ័យ​ទាំងឡាយ​នៃ ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ អ្វី​ដែល​ស្ទេផាន​កំពុង​ធ្វើ​គឺជា​ទម្រង់​នៃ « ល្បែង​មួយ​ចំពោះ​ប្រវត្តិសាស្ត្រ​សាសនាចក្រ » ។ បងប្អូន​ដឹង​ទេ វាជាល្បែង​របស់​កូន​ក្មេង នៅពេល​សត្វ​មួយ​ផុស​ចេញ​មក​ពី​ក្តារ ហើយ​អ្នក​បាន​វ៉ៃ​វា​ភ្លាម នោះ​សត្វ​មួយ​ទៀត​នឹង​ចេញ​មក​នៅកន្លែង​ផ្សេង​មួយ​ទៀត ។

ខណៈ​ដែល​ព័ត៌មានផ្នែក​បញ្ញា​បន្ថែម​​អាច​ដោះស្រាយ​កង្វល់​ផ្នែក​​បញ្ញា​បាន​ជា​បណ្ដោះអាសន្ន ព័ត៌មាន​បន្ថែម​ពុំ​មែនជា​ដំណោះស្រាយ​ទាំងស្រុង​នោះទេ ដោយសារ ដូច​ប៉ុល​បាន​សរសេរ​ទៅពួក​កូរិនថូស​ថា « ប៉ុន្តែ មនុស្ស​ខាង​សាច់​ឈាម​គេ​មិន​ទទួល​សេចក្តី​ខាង​ឯ​ព្រះវិញ្ញាណនៃ​ព្រះ​ទេ ពី​ព្រោះ​ជា​សេចក្តី​ល្ងង់ល្ងើ​ដល់​គេ ក៏​រក​ស្គាល់​មិន​បាន​ដែរ ដ្បិត​ត្រង់​ឯ​សេចក្តី​ទាំង​នោះ ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ​វិញ » ។ ​១១ សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​សាក្សី​មួយ​កើត​ចេញមកពី​ព្រះវិញ្ញាណ​ក៏​ចាំបាច់​ផងដែរ ។

មនុស្ស​ជាច្រើន​មាន​សំណួរ មានការសង្ស័យ​ចូល​ក្នុងគំនិតពួកគេ ហើយ​មាន​ការពិបាក​ក្នុងការ​ស្វែងរកលំនឹង​​ខាង​វិញ្ញាណ តែ​ទោះជា​យ៉ាងណា​បាន​បន្ដ​នៅ​ស្មោះត្រង់ ហើយ​បន្ដ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ ជាញឹកញាប់ នៅពេល​ពួកគេ​បាន​អធិស្ឋាន ពួកគេ​បាន​ទទួល​ចម្លើយ ដែលអែលឌើរ នែល  អិល អាន់ឌើរសុន បាន​ទទួល​កាលពី​ជាច្រើន​ទស្សវត្សរ៍​កន្លង​ទៅ នៅពេល​លោក​ងឿង​ឆ្ងល់​ថា​តើ​លោក​បាន​រៀបចំ​ខ្លួន​ល្មម​គ្រប់គ្រាន់​ដើម្បី​ចូល​ក្នុង​តំបន់​បេសកកម្ម​ឬទេ ។ នៅពេល​លោក​អធិស្ឋាន អារម្មណ៍​មួយ​បាន​ផុសឡើង ៖ « អ្នកពុំ​ដឹង​រឿង​គ្រប់យ៉ាងទេ ប៉ុន្តែ​អ្នកបាន​ដឹង​ល្មម​គ្រប់គ្រាន់ ! » ១២ជានិច្ច​កាល​—នៅ​ពេល​ខ្លះ— ចម្លើយ​របស់ព្រះអម្ចាស់​នឹង​ឆ្លើយថា « អ្នកដឹង​ល្មម​គ្រប់គ្រាន់​ដើម្បី​ស្ថិត​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ហើយ​រក្សា​បទបញ្ញត្តិ​របស់​ខ្ញុំ » ។

នៅ​ពេល​នីហ្វៃ​ត្រូវ​បាន​សួរ បើសិនជា​លោក​បានដឹង​អំពី​ការយាង​ចុះមក​របស់ព្រះ លោក​បាន​ប្រាប់ថា « ខ្ញុំ​ដឹង​ថា [ ព្រះ ] ស្រឡាញ់​កូនចៅ​របស់​ទ្រង់ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ គង់តែ​ខ្ញុំ​មិនយល់​ន័យ​នៃ​រឿង​ទាំង​នេះ​នោះទេ » ។ ១៣ លោក​បាន​ដឹង​ល្មម​គ្រប់គ្រាន់ ។ នៅ​ក្នុង​ជីវិត​នេះ យើង​នឹង​ពុំដឹង​អត្ថន័យ​នៃ​រឿង​គ្រប់យ៉ាងនោះទេ ប៉ុន្តែ​យើង​ដឹង​ល្មម​គ្រប់គ្រាន់ ។ ជោគវាសនា​របស់​យើង​អាស្រ័យ​ទៅលើ​ការអនុវត្ត​​បណ្ដុះ​សេចក្ដីជំនឿ​ដែល​នឹង​រីកចម្រើន​នៅពេល​យើង​ធ្វើ​សកម្មភាព​ដោយ​ជំនឿ ។

អែលឌើរ ឌេល  ជី រេនឡាន់ ៖ សេចក្ដី​សង្ស័យពុំ​មែន​ ហើយ​នឹង​មិនដែល​ជា​បព្វ​ហេតុ​នៃ​​សេចក្ដីជំនឿ​ខ្លាំងជាង​​ពន្លឺ​ដែលវា​អាស្រ័យ​ទៅលើ​សេចក្ដីងងឹត​ដើម្បី​បំភ្លឺ​​វានោះដែរ ។ កាល​ពេត្រុស​លិច​ចុះ​ក្នុង​ទឹក បន្ទាប់​ពី​លោក​ព្យាយាម​ដើរ​លើ​វា នោះ​លោក​មិន​ឮ​ឃ្លាថា « អូ៎ ពេត្រុស បើ​អ្នក​គ្រាន់តែ​មាន​មន្ទិល​ថែម​ទៀត » នោះទេ ។ ទេ តែ​លោក​ឮ​ថា « ឱ​! មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ ? »១៤

នៅក្នុង​សៀវភៅ Lectures on Faithភាព​ខុសគ្នា​រវាង​សេចក្ដីជំនឿ និង មន្ទិល​សង្ស័យ​ត្រូវបាន​ពន្យល់ ៖ « ​ត្រង់​ណា​មាន​មន្ទិល​សង្ស័យ និង​ភាពមិន​ប្រាកដ​ប្រជា… នោះ​គ្មាន​សេចក្ដីជំនឿ​ឡើយ ហើយ​ក៏​ពុំ​អាច​មាន​ដែរ ។ ដោយសារ​មន្ទិល​សង្ស័យ និង សេចក្ដីជំនឿ​មិន​មាន​ក្នុង​បុគ្គល​តែម្នាក់​​ក្នុង​ពេលតែ​មួយ​​ឡើយ… ​បុគ្គល​ដែលមាន​​គំនិតសង្ស័យ ហើយ​ភ័យខ្លាច ​មិន​អាច​មាន​ទំនុក​ចិត្ត​ដ៏​មុតមាំ​​​ទេ ហើយ​ទី​ណា​ដែល​គ្មាន​​ទំនុក​ចិត្ត​មុតមាំ​ទេ នោះ​សេចក្ដីជំនឿ​មាន​ភាពទន់​ខ្សោយ ទី​​ណា​ដែលមាន​​សេចក្ដីជំនឿទន់​​ខ្សោយ ​បុគ្គល​នោះ​នឹង​មិន​អាច​តទល់​​នឹង​ការផ្ទុយ ទុក្ខលំបាក និង​ការវេទនា​ទាំងអស់​ដែល​ពួកគេ​នឹង​​ជួប​ ដើម្បីឲ្យ​ពួក​គេ​​ក្លាយជា​មរតក​របស់​ព្រះ និងគ្រង​មរតក​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ឡើយ ហើយ​ភាព​ហត់នឿយ​កើត​មាន​​ក្នុង​គំនិត​គេ នោះ​សត្រូវ​នឹង​មាន​អំណាច​លើ​គេ ហើយ​បំផ្លាញ​គេ​ចោល » ។១៥

នេះ​គឺជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ស្ទេផាន ។ គាត់​អនុញ្ញាត​ឲ្យ​ការ​សង្ស័យ និង​ការមិន​ប្រាកដ​ប្រជា​គ្រប់​គ្រង​លើ​គំនិត​របស់​គាត់ ។ យូរៗ​ទៅ គាត់​មិន​មាន​កម្លាំង​ដើម្បី​ប្រឈម​នឹង​ឧបសគ្គ​ដែល​មនុស្ស​នឹង​ជួប​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​ឡើយ ។ គាត់​បាន​បណ្តុះ​ភាព​នឿយ​ហត់​​​ក្នុង​គំនិត​គាត់ ហើយ​សេចក្ដីជំនឿ​គាត់​បាន​បាត់​ទៅ ។

ស៊ីស្ទើរ រស់  អិល. រេនឡាន់ ៖ ការមានសំណួរ​អំពី​សាសនាចក្រ និង​គោលលទ្ធិ គឺជា​រឿងធម្មតា​ទេ ហើយវាជា​ការ​ចាប់​ផ្ដើម​នៃ​ការ​រៀន​ដំណឹងល្អ ។ យ៉ូសែប ស្ម៊ីធ បាន​យល់​ពី​រឿង​នោះ កាល​លោក​អានថា « តែបើ​អ្នករាល់គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំងអស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ » ។១៦

ប៉ុន្ដែ​វគ្គ​នោះ​បន្ដ​ថា « តែ​ត្រូវ​ឲ្យ​អ្នក​នោះ​សូម​ដោយ​ចិត្ត​ជឿ​ឥត​សង្ស័យ​អ្វី​សោះ » ។១៧

ម្យ៉ាងវិញ​​ទៀត ចូរសូម​​ដល់​ព្រះ​ដោយ​មិន​សង្ស័យ​ថា ទ្រង់​អាច​ផ្ដល់​ចម្លើយ​ដល់​អ្នក​បាន ។ វគ្គ​គម្ពីរ​បន្ដ​ថា « ដ្បិត​អ្នក​ណា​ដែល​សង្ស័យ [ ឬ​មាន​មន្ទិល ] នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ​ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ទាំង​រំពើក​ចុះ​ឡើង ។ កុំ​ឲ្យ​មនុស្ស​យ៉ាង​នោះ​នឹក​ស្មាន​ថា ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះអម្ចាស់​ឡើយ ។ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត ២ ចេះ​តែ​សាវា​ក្នុង​គ្រប់​ទាំង​ផ្លូវ » ។១៨

ដើម្បី​ទទួល​បាន​ចម្លើយ​ដូច​ដែល​យ៉ូសែប ស្ម៊ីធ បាន​ស្វែងរក ដើម្បី​ទទួល​បាន​ចម្លើយ​ដែល​យើង​ចង់បាន នោះ​យើង​ត្រូវ​ទៅរក​ព្រះ​ដោយ​ដួងចិត្ត​ជឿជាក់ និង​គំនិត​ដែល​ប្រាថ្នា​ថា រឿង​រ៉ាវ​របស់​ព្រះ​នឹង​បាន​ប្រាប់​ដល់​យើង ។

អែលឌើរ ឌេល  ជី រេនឡាន់ ៖ យើង​ស្រឡាញ់​សេចក្ដីថ្លែងការណ៍​មួយ​ដែលបាន​ធ្វើឡើង​ដោយ អែលឌើរ ចន  អេ. វិតសូ ជា​សាវក​ជំនាន់មុន​ក្នុង​គ្រាកាន់កាប់ត្រួតត្រា​នេះ ។ ខ្ញុំ​នឹង​ដក​ស្រង់​​នូវ​អ្វី​ដែល​លោក​មានប្រសាសន៍ ។ ការសង្ស័យ​ពុំ​មាន​តម្លៃ និង​ពុំ​សក្តិសម​ឡើយ លើកលែង​តែ​ការសង្ស័យ​នោះផ្លាស់ប្តូរ​ទៅ​ជាការសួរ​មកពី​​ប្រភពដ៏​​ជាទីទុកចិត្ត​ប៉ុណ្ណោះ ។ ​អ្នកសង្ស័យ​ដែល​នៅ​​ទ្រឹង ជា​បុគ្គល​ម្នាក់​ទាស់​នឹង​ខ្លួនឯង គ្មាន​ឆន្ទៈ​ខំ​ធ្វើការ​ត្រឹម​ត្រូវ មិនបង់​ថ្លៃ​ការរកឃើញ​ដ៏​ទេវភាព នោះ​ចៀស​មិន​ផុត​ពី​ការឈាន​ដល់​ការឥត​ជំនឿ និង​ភក់ជ្រាំ​នៃ​ភាពងងឹត​ទេ ។ ការ​សង្ស័យ​​របស់​គេ​រីកធំ​ដូចជា​ផ្សិត​ពុល​ក្នុងស្រមោល​​ងងឹត​នៃ​​បន្ទប់​ផ្លូវ​ចិត្ត​ និង​វិញ្ញាណ​របស់​គេ ។ ចុងក្រោយ នឹង​ខ្វាក់​ដូចជា​សត្វ​កំពីង​ដូង​ក្នុង​រូង​វា ជា​ធម្មតា​គេ​ជំនួស​ការចំអក​ដោយ​ហេតុផល ខ្ជិល​ច្រអូសធ្វើ​ការងារ ហើយ​ក្លាយជា​អ្នក​ប្រាជ្ញ​ខ្ជិល​ ។ មន្ទិល​សង្ស័យ​មិន​ខុស​ទេ លុះត្រា​វា​បញ្ចប់​នៅ​ក្នុង​មន្ទិល​សង្ស័យនោះ​ ។ មន្ទិល​សង្ស័យ​គឺ​អាក្រក់ កាល​វា​ចិញ្ចឹម និង​ធំ​ឡើង​តែខ្លួន​វា ព្រម​ដោយ​ភាពច្រអូស​ដ៏​រឹងរូស នាំ​ឲ្យ​មាន​ការសង្ស័យ​ថែម​ទៀត » ។១៩

សម្ដី​របស់​អែលឌើរ វីតសូ គឺនៅតែ​ពិត ។ មន្ទិល​សង្ស័យ​ដ៏​អាប់អួរ​មិន​នាំ​ឲ្យ​ទៅស្គាល់​ភាពពិត​របស់​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ​ និង​ដង្វាយធួន​របស់​ទ្រង់ទេ វា​មិន​នាំ​ទៅរក​ការដឹង​ច្បាស់​ថា យើង​មាន​ព្រះវរបិតាសួគ៌​ជា​ទី​ស្រឡាញ់ និង​មាន​ព្រះទ័យ​ល្អ ដែល​បង្កើត​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ដ៏​មហិមា​ឡើយ ។ យើង​អាច​ដឹង​ពី​សេចក្ដីពិត​ពេញលេញ​នៃ​កិច្ចការ​ថ្ងៃ​ចុងក្រោយ​នេះ​បាន ប៉ុន្ដែ​វា​តម្រូវ​ឲ្យ​យើង​ជ្រើសរើស​សេចក្ដីជំនឿ​មិន​មែន​ការ​សង្ស័យ​​ឡើយ ហើយ​ថា​យើង​ត្រូវ​ទៅរក​ចម្លើយ​យើង​ពី​ប្រភព​ដែល​អាច​ទុកចិត្ត ។

ស៊ីស្ទើរ រស់  អិល. រេនឡាន់ ៖អាលម៉ា​ថ្លែង​ពីគោល​ការណ៍​នេះ​ផងដែរ ។ លោក​បាន​ពោល​ថា « ហេតុ​ដូច្នេះ​ហើយ នរណា​ដែល​ធ្វើ​ចិត្ត​រឹងរូស អ្នក​នោះ​ហើយ​ដែល​នឹង​ទទួល​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​មួយ​ភាគតិច​ប៉ុណ្ណោះ ឯ​នរណា​ដែល​ពុំ​ធ្វើ​ចិត្ត​រឹងរូស​ទេ អ្នក​នោះ​ហើយ​ដែល​នឹង​បាន​ទទួល​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​មួយ​ភាគ​ច្រើន​ជាង រហូត​ដល់​អ្នក​នោះ​អាច​ដឹង​នូវ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ រហូត​ដល់​អ្នក​នោះ​ដឹង​គ្រប់​សេចក្ដី ។ ហើយ​ពួក​អ្នក​ណា​ដែល​ធ្វើ​ចិត្ត​រឹងរូស ពួក​គេ​នោះ​ហើយ​ដែល​នឹង​ទទួល​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​មួយ​ភាគតិច រហូត​ដល់​ពួក​គេ​ពុំ​អាច​ដឹង​អ្វី​អំពី​ការ​អាថ៌កំបាំង​ទាំង​ឡាយ​របស់​ព្រះ​អង្គ​បាន​ឡើយ ហើយ​ខណៈ​នោះ ពួក​គេ​នឹង​ត្រូវ​អារក្ស​ចាប់​ឃុំឃាំង ហើយ​ដឹកនាំ​តាម​អំពើ​ចិត្ត​របស់​វា​ទៅ​កាន់​សេចក្ដី​បំផ្លិចបំផ្លាញ » ។២០

តើ​បងប្អូន​នឹង​សុំ​ការ​ប្រឹក្សា​អំពី​ហិរញ្ញវត្ថុ​មក​ពី​មនុស្ស​ដែល​អត់លុយ ហើយ​ជំពាក់បំណុល​គេ​ឬ ?

អែលឌើរ ឌេល  ជី រេនឡាន់ ៖ តើ​បងប្អូន​នឹង​សុំ​ការ​ប្រឹក្សា​ខាង​វេជ្ជសាស្ត្រ​មក​ពី​អ្នក​លេង​ប៉ាហ៊ី​​លក់​ប្រេងពស់ឬ ?

ស៊ីស្ទើរ រស់  អិល. រេនឡាន់ ៖ តើ​នរណា​ដែល​បងប្អូន​នឹង​សុំ​ការ​ប្រឹក្សា​អំពី​របៀប​ដើម្បី​កែលម្អ​ការលេង​វាយ​តេនីស​របស់​បងប្អូន— ពី​អ្នក​មក​មើល​គេ​លេង ឬ​មក​ពី Roger Federer ជា​អ្នក​ជំនាញ​ខាង​លេង​តេនីស ?

អែលឌើរ ឌេល  ជី រេនឡាន់ ៖ ដូច្នេះ​ហេតុអ្វី​ក៏​បងប្អូន​នឹង​ទុកចិត្ត​សុខុមាលភាព​ដ៏​អស់កល្ប​របស់​បងប្អូន​ទៅលើ​អស់​អ្នក​ដែលក្ស័យធុន​ខាង​វិញ្ញាណ ដោយសារ​ពួកគេ​បានទុំជោរ​នៅក្នុង​ការ​សង្ស័យ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ដាំ​ដោយ​សេចក្ដីជំនឿ​ទៅវិញ ​​២១ ឬ​អ្នក​ដែល​យេរេមា​បាន​ប្រាប់ថា « បាន​ទាំង​បោះបង់​ចោល​អញ ដែល​ជាក្បាល​ទឹករស់ ហើយបាន​ដាប់​ធ្វើអាង​វិញ ជា​អាង​ប្រេះបែក​ដែល​ទុក​ទឹក​មិនបាន​ផង» ទៅវិញ ? ២២ បុគ្គល​ម្នាក់ៗ​ទាំងនេះ បាន​ដើរ​ចេញ​ពី​ប្រភព​ទឹក​រស់ ហើយ​ចង់​ឲ្យ​បងប្អូន​ទុកចិត្ត​ទៅលើ​អ្វី​ដែល​ពុំ​ទុក​ទឹក​បាន​ទៅវិញ ។

ស៊ីស្ទើរ រស់  អិល. រេនឡាន់ ៖ បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ បងប្អូន​អាច​ដឹង​ថា​មាន​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ។២៣ ប្លក​ពុំ​អាច​ជំនួស​ការ​សិក្សា​ព្រះគម្ពីរ និង​ការ​អាន​ពាក្យសម្ដី​របស់​ពួក​ព្យាការី និង​ពួកសាវក​នៅ​រស់បានទេ ។ បីបាច់​ជំនឿ​របស់​អ្នក​ដោយ​ការ​ទៅ​កាន់​ប្រភព​ដែល​ជា​ទីទុកចិត្ត ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​បងប្អូន ។

អែលឌើរ ឌេល  ជី រេនឡាន់ ៖ នៅពេល​យើង​ព្យាយាម​កំណត់ថាតើ​អ្វីមួយពិត ឬ​មិនពិត ព្យាការី​មរមន​បាន​ផ្ដល់​លំនាំ​មួយ​ដល់​យើង​ឲ្យ​ធ្វើ​តាម ៖

« ហេតុ​ដូច្នោះ​ហើយ អ្វី​ទាំង​អស់​ដែល​ល្អ កើត​មក​ពី​ព្រះ ហើយ​អ្វី​ដែល​អាក្រក់ កើត​មក​ពី​អារក្ស …

« អ្វី​ដែល​មក​ពី​ព្រះ អញ្ជើញ ហើយ​ញុះញង់​ឲ្យ​ធ្វើ​ល្អ​ឥត​ឈប់​ឈរ ហេតុ​ដូច្នោះ​ហើយ អ្វី​ក៏​ដោយ​ដែល​អញ្ជើញ ហើយ​ញុះញង់​ឲ្យ​ធ្វើ​ល្អ ហើយ​ឲ្យ​ស្រឡាញ់​ព្រះ ហើយ​ឲ្យ​បម្រើ​ទ្រង់ គឺ​ផុស​គំនិត​មក​ពី​ព្រះ ។

« …  ត្រូវ​បាន​ប្រទាន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​វិនិច្ឆ័យ ដើម្បី​ឲ្យ​អ្នក​ដឹង​ខុស និង​ត្រូវ ហើយ​វិធី​វិនិច្ឆ័យ​នោះ​ច្បាស់លាស់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង​ដោយ​តម្រិះ​ដ៏​ឥត​ខ្ចោះ ហាក់​បី​ដូច​ជា​ពន្លឺ​ថ្ងៃ​ពី​យប់​ងងឹត ។

« ដ្បិត​មើលចុះ ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ​ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​គ្រប់​រូប ដើម្បី​ឲ្យ​គេ​អាច​ដឹង​ខុស និង​ត្រូវ ហេតុដូច្នោះ​ហើយ ខ្ញុំ​បង្ហាញ​ដល់​អ្នក​នូវ​វិធី​វិនិច្ឆ័យ ដ្បិត​គ្រប់​ទាំង​អ្វីៗ​ដែល​អញ្ជើញ​ឲ្យ​ធ្វើ​ល្អ ហើយ​ដែល​បញ្ចុះបញ្ចូល​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​គឺ​បាន​ចាត់​មក​ពី​ព្រះចេស្តា និង​អំណោយទាន​នៃ​ព្រះគ្រីស្ទ ហេតុដូច្នេះ​ហើយ​អ្នក​រាល់​គ្នា​អាច​ដឹង​ដោយ​តម្រិះ​ដ៏​ឥតខ្ចោះ​ថា​មក​ពី​ព្រះ ។

« ប៉ុន្តែ​អ្វីៗ​ដែល​បញ្ចុះ​បញ្ចូល​ឲ្យ​មនុស្ស​ធ្វើ​អាក្រក់ ហើយ​មិន​ឲ្យ​ជឿ​ដល់​ព្រះ​គ្រីស្ទ ហើយ​បដិសេធ​ទ្រង់ ហើយ​មិន​បម្រើ​ព្រះ​ទេ នោះ​អ្នក​រាល់​គ្នា​អាច​ដឹង​ដោយ​តម្រិះ​ដ៏​ឥត​ខ្ចោះ​ថា មក​ពី​អារក្ស » ។២៤

ដូច្នេះ វា​សាមញ្ញ​ ។ ប្រសិនបើ​ជម្រើស​មួយ​នាំ​បង​ប្អូន​ឲ្យ​ធ្វើ​ល្អ ហើយ​ជឿ​លើ​ព្រះគ្រីស្ទ នោះ​វា​មក​ពី​ព្រះ ។ ប្រសិនបើ​ជម្រើស​នោះ​ទាញ​បង​ប្អូន​ឲ្យ​ធ្វើ​អាក្រក់ ហើយ​បដិសេធ​ព្រះគ្រីស្ទ នោះ​វា​មក​ពី​អារក្ស ។ កាល​បង​ប្អូន​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា បង​ប្អូន​អាច​ដឹង​ថា រឿង​ទាំងឡាយ​ដែល​បង្អាក់​បង​ប្អូន​ពី​ផ្លូវ​នោះ ដែល​បញ្ចុះបញ្ចូល​បង​ប្អូន​មិន​ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ​គឺជា​រឿង​ខុស ។ រឿង​ទាំងឡាយ​ដែល​បញ្ចុះ​បញ្ចូល​បង​ប្អូន​ឲ្យ​ជឿ​លើ​ព្រះ ស្រឡាញ់​ទ្រង់ ហើយ​រក្សា​បទបញ្ញត្តិ​ទ្រង់​គឺ​មក​ពី​ព្រះ ។ បងប្អូន​នឹង​ខកខាន​ព្រឹត្តការណ៍​សំខាន់​ខាង​វិញ្ញាណ បើ​បងប្អូន​ជ្រើសរើស​មាន​ការសង្ស័យ​ជា​ប្រចាំ​នោះ ដែល​វាបញ្ឆេះភ្លើង​​ដោយ​​ចម្លើយ​មក​ពី​ប្រភព​ដែល​គ្មានជំនឿ និង​ពុំ​ស្មោះត្រង់ ។​២៥

ស៊ីស្ទើរ រស់  អិល. រេនឡាន់ ៖ សូម​ត្រឡប់មក​រឿង​ប្រៀបធៀប​យើងវិញ អ្នក​ដែល​ជ្រើសរើស​ស្ថិត​នៅលើ​ទូក​ដែល​ចាស់ មានស្នាមកំប៉ិត​ របក​ថ្នាំ​ គឺ​ជា​អ្នក​ដែល​ទទួល​ស្គាល់​ថា​ទូក​នោះ​បាន​ជួយ​ពួកគេ​ពី​ការ​លង់ទឹក ហើយ​អាច​នាំ​ពួកគេ​ទៅដល់​ច្រាំង​ដោយ​សុវត្ថិភាព ។ ម្យ៉ាង​វិញ​ទៀត ​ពួកគេ​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ហើយ​បន្ដ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​នោះ ។ រួចមក កាល​ពួកគេ​ស៊ូទ្រាំ​ដល់​ទីបញ្ចប់ នោះ​ការសន្យា​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​កើត​មាន​ដល់​គេ ។ វា​គឺជា​អំណោយ​ដ៏​មហិមា​បំផុត​ដែល​ព្រះ​អាច​ប្រទាន​ឲ្យ ។ គឺ​តាម​រយៈ​ដំណើរការ​នេះ​ដែល​យើង​មក​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ស្គាល់​ភាពពិត​ដ៏​រស់​រវើក​របស់​ទ្រង់ និង​ស្គាល់​ពី​ក្ដី​ស្រឡាញ់ និង​ក្ដី​មេត្តា​របស់​ទ្រង់ ។

​គោលលទ្ធិ និង សេចក្ដីសញ្ញា​ចែង​ថា « ចំពោះ​មនុស្ស​ខ្លះ ត្រូវ​បាន​ប្រទាន​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឲ្យ​ដឹង​ថា ព្រះ​យេស៊ូវគ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ហើយ​ថា​ទ្រង់​ត្រូវ​គេ​ឆ្កាង​ជំនួស​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក ។ ចំពោះ​មនុស្ស​ខ្លះ​ទៀត​ត្រូវ​បានប្រទាន​ឲ្យជឿ​ដល់ពាក្យ​សម្ដី​របស់ពួកគេ ដើម្បី​ពួកគេ​អាច​បាន​ជីវិត​អស់កល្បជានិច្ច​ផងដែរ បើ​ពួកគេ​បន្ដ​ស្មោះត្រង់ » ។ ​២៦ សូម​កត់សម្គាល់ថា រង្វាន់​គឺ​មានដូចគ្នា ទោះជា​អ្នកដឹង ឬ​ជឿ— ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មានចំពោះ​ពួក​ស្មោះត្រង់ ។

អែលឌើរ ឌេល  ជី រេនឡាន់ ៖នៅ​ខែ មេសា ឆ្នាំ ២០០៩ ខ្ញុំ​ត្រូវបាន​គាំទ្រ​ឲ្យ​ធ្វើ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ក្នុង​សាសនាចក្រ ។ នៅ​ខែ តុលា ឆ្នាំ ២០០៩ ខ្ញុំ​ត្រូវបាន​សុំ​ឲ្យ​និយាយ​នៅ​សន្និសីទ​ទូទៅ ។ ខ្ញុំ​​ចង់​ឲ្យ​ឪពុក​របស់​ខ្ញុំ​អាច​ស្ដាប់​សន្និសីទ​បានខ្លាំង​ណាស់ ។ គាត់​បាន​ខិតខំ​ធ្វើការ​ជា​ជាងឈើ និង​សំណង់​ម្នាក់​ពេញ​មួយ​ជីវិត​គាត់ ហើយ​នៅ​អាយុ ៩២  ឆ្នាំ គាត់​មាន​បញ្ហា​ខ្នង​ធ្ងន់ធ្ងរ ។ គាត់​មិន​អាច​មក​មជ្ឈមណ្ឌល​សន្និសីទ​បាន​ទេ ។ ដូច្នេះ ប្អូនស្រី​របស់​ខ្ញុំ​ម្នាក់​បាន​ជួយ​ឲ្យ​គាត់​អាច​មើល​ការប្រជុំ​នោះ​តាម​ទូរទស្សន៍​នៅ​ផ្ទះ​គាត់​ក្នុង​ទីក្រុង​សលត៍ លេក ។

បន្ទាប់​ពី​សន្និសីទ​នោះ ខ្ញុំ​បាន​ទៅ​ផ្ទះ​គាត់​ចង់​ដឹង​ពី​គំនិត​គាត់​អំពី​ការនិយាយ​របស់​ខ្ញុំ ។ គាត់​ជា​មនុស្ស​មិន​សូវ​និយាយ​ស្ដី ហើយ​មិន​​ចេះ​សរសើរ​ទេ ។

ខ្ញុំ​បាន​និយាយ​ថា « ប៉ា បាន​មើល​សន្និសីទ​ឬ​ទេ ? »

គាត់​ឆ្លើយ​ថា « បាន »

ខ្ញុំ​ថា « ប៉ា បាន​ឮ​ខ្ញុំ​និយាយ​ទេ ? »

គាត់​ឆ្លើយ​ថា « បាន »

ខ្ញុំ​បាន​និយាយ​ថា « ចុះ​ប៉ា​គិត​យ៉ាង​ម៉េច​ដែរ ? »

គាត់​ឆ្លើយ​ថា « អូ៎ វា​ល្អ​តើកូន ។ ប៉ា​ប៊ិះ​នឹង​មាន​មោទភាព​ចំពោះ​ឯង » ។

ប៉ុន្ដែ​ក្រោយ​មក ខ្ញុំ​ដឹង​ថា គាត់​មាន​អ្វី​មួយ​មក​បង្វែ​រ​ការ​ចាប់​អារម្មណ៏​របស់​គាត់​​នៅ​ល្ងាច​នោះ ព្រោះ​គាត់​ពិតជា​ចង់​ប្រាប់​ខ្ញុំ​ពី​សុបិន្ត​ដែល​គាត់​បានមាន​កាល​ពី​យប់​មុននោះ ។ គាត់​​មិន​សូវ​មាន​សុបិន្ត​ច្រើន​​ទេ ។ គាត់​មិន​ដែល​គិត​រវើរវាយ​ឡើយ ។ ខ្ញុំ​ដឹង​ថា គាត់​មិន​ដែល​កុហក​ទេ ។ គាត់​តែងតែ​ស្មោះត្រង់​យ៉ាង​ខ្លាំង ។ គាត់​បាន​និយាយ​ថា « ប៉ា​សុបិន្ត​ថា ប៉ា​បាន​ស្លាប់ ហើយ​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​បាន​ឱប​ប៉ា​ក្នុង​រង្វង់​ព្រះហស្ដ​ទ្រង់ ហើយ​មាន​បន្ទូល​ថា អំពើបាប​របស់​ប៉ា​បាន​អភ័យទោស​ហើយ ។ ​កូន​អើយ ប៉ា​មាន​អារម្មណ៍​​ល្អខ្លាំង​ណាស់ » ។ នោះ​ជា​អ្វី​ដែល​គាត់​បាន​និយាយ ហើយ​ខ្ញុំ​ក៏​លែង​សួរ​អ្វី​ទៀត ។ គាត់​បាន​ស្លាប់​ពីរ​ខែ​ក្រោយមក កាល​រូស និង​ខ្ញុំ​បាន​ទៅ​ប្រទេស​ម៉ាដាហ្គាស្កា ។

បន្ទាប់​ពី​ចូល​ក្នុង​សាសនាចក្រ​នៅ​ក្រុង ឡាសម៉ូ ប្រទេស​ហ្វាំងឡង់ កាល​អាយុ ២៤  ឆ្នាំ​មក ប៉ា​ខ្ញុំ​បាន​រស់នៅ​ពេញ​មួយ​ជីវិត​គាត់​ស្របតាម​ពន្លឺ និង​ចំណេះដឹង​ដែល​គាត់​បាន​ទទួល ។ គាត់​បាន​ធ្វើ​តាម​អ្វី​ទាំងអស់​ដែល​បាន​សុំ​ដល់​គាត់ ។ គាត់​បាន​ក្លាយ​ជា​បុគ្គល​ម្នាក់​ដែល​សក្ដិសម​នឹង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ដើម្បី​ដឹង​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ហើយ​ត្រូវបាន​ឆ្កាង​សម្រាប់​អំពើបាប​នៃ​ពិភពលោក​នេះ និង​សម្រាប់​អំពើបាប​របស់​គាត់ ។ ការសក្ដិសម​នឹង​អំណោយទាន​នេះ​មិន​ទាក់ទង​នឹង​ភេទ ហើយ​ក៏​មិន​ពាក់ព័ន្ធ​នឹងតំណែង​បព្វជិតភាព​ដែរ ។ វា​គឺ​ជា​រង្វាន់​ដែល​បាន​សន្យា​សម្រាប់​ការ​ជ្រើសរើស​សេចក្ដីជំនឿ និង​ការ​ជ្រើសរើស​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។២៧

ស៊ីស្ទើរ រស់  អិល. រេនឡាន់ ៖ ដូច្នេះ តើ​យើងអាច​អភិវឌ្ឍ​សេចក្ដីជំនឿ ហើយ​រក្សា​​វាឲ្យ​រឹងមាំ​យ៉ាង​ដូចម្ដេច ? វាត្រូវការ​ធ្វើ​ការខ្លះៗ ។ តើ​បងប្អូន​ធ្លាប់​នៅ​ក្នុង​ថ្នាក់​គណិតវិទ្យា​—ពេល​ដោះស្រាយ​ចំណោទ—​ហើយ​បងប្អូន​មើល​គ្រូ​ដោះស្រាយ​ចំណោទឬទេ ? តើ​ចំណេះដឹង​របស់​គាត់ បញ្ជូន​មក​ដល់​បងប្អូន​ដោយស្វ័យប្រវត្តិ ដោយសារ​តែ​បងប្អូន​បាន​មើល​គ្រូ​រក​ចម្លើយ​ឬ ? គួរ​ឲ្យ​ស្ដាយ វាមិនដូច្នោះ​ទេ ។ ដើម្បី​ទទួលបាន​ចំណេះដឹង—ចំណេះដឹង​ដូចគ្នា​នឹង​គ្រូ​មាន— នោះ​បងប្អូន​ចាំបាច់​ត្រូវ​ធ្វើ​ការដោះស្រាយ​ចំណោទ​នោះ​ដោយ​ខ្លួន​ឯង បងប្អូន​ចាំបាច់​ត្រូវ​សិក្សា ហើយ​ហាត់ដោះស្រាយ​ចំណោទ​រហូត​ដល់​បងប្អូន​​យល់​អំពី​របៀប​ សមីការ និង​និមិត្តសញ្ញា ។

ស្រដៀងគ្នានេះដែរ ការ​ស្វែងរក​សេចក្ដីជំនឿ និង​ការ​ពង្រឹង​សេចក្ដីជំនឿ​ចាំបាច់​ត្រូវ​ធ្វើ​ការ​ខិតខំ ។ យើង​អាច​ត្រូវបាន​បំផុសគំនិត​ដោយ​នរណា​ម្នាក់​ដែល​មានជំនឿ​រឹងមាំ ប៉ុន្តែ​ជំនឿ​របស់​អ្នកដទៃ​ពុំ​អាច​បញ្ជូន​មក​ឲ្យ​យើង​នៅ​ក្នុង​ដំណើរការ​នោះទេ ។ យើង​ត្រូវ​តែ​ធ្វើការ​សិក្សា​ផ្ទាល់ខ្លួន​មកពី​បទគម្ពីរ និង​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​នៅរស់ ។ យើង​ត្រូវ​តែ​អធិស្ឋាន ពិតជា​ធ្វើការ​ខិតខំ​ទំនាក់ទំនង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ដែលសំខាន់គឺ​មានភាព​សក្ដិសម​ទទួលទាន​សាក្រាម៉ង់​រាល់សប្ដាហ៍ ហើយ​ចងចាំ​អំពី​សេចក្ដីមេត្តាករុណា​​ដែលព្រះ​បានប្រទាន​ដល់​យើង​ ដោយ​ការ​ប្រទាន​ព្រះរាជបុត្រា​របស់ទ្រង់​មក​ឲ្យធួន​នឹង​អំពើបាប​របស់​យើង ។ ទង្វើ​នៃ​ការ​លះបង់​ដោយ​ផ្ទាល់ខ្លួន និង​ជាឯកជន​ទាំងនេះ ស្ថាបនា​ និង​រក្សា​សេចក្ដីជំនឿ ។

អែលឌើរ ឌេល  ជី រេនឡាន់ ៖ការទទួល​ខុសត្រូវ​ទីមួយ​ដែល​ខ្ញុំ​មាន​ក្នុង​នាម​ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកដប់​ពីរ​នាក់​គឺ ត្រូវ​ទៅ​ប្រាប់​នាយកដ្ឋាន​ប្រវត្តិ​សាសនាចក្រ​ថា ខ្ញុំ​នឹង​ជំនួស​អែលឌើរ ជែហ្រ្វី អរ  ហូឡិន ជា​អ្នកប្រឹក្សា​ឲ្យ​នាយកដ្ឋាន​របស់​ពួកគេ ។ ដូច​បង​ប្អូន​អាច​ស្រមៃ​បាន​ថា មាន « ការ​យំសោក ការ​ថ្ងូរ និង​ការ​សង្កៀត​ធ្មេញ » ២៨កាល​ពួកគេ​ដឹង​ថា អ្នកប្រឹក្សា​ជា​ទី​ស្រឡាញ់​របស់​ពួកគេ​ត្រូវ​បាន​ជំនួស ។ ពេល​នោះ​ស្ទើរ​ខ្វះ​ក្រដាស​ជូត​ទឹកភ្នែក ។

ជា​ផ្នែក​នៃ​កិច្ចការ​របស់​ខ្ញុំ​ក្នុង​នាម​ជា​អ្នកប្រឹក្សា​ម្នាក់​ដល់​នាយកដ្ឋាន​ប្រវត្តិ​សាសនាចក្រ ខ្ញុំ​បាន​អាន​ច្បាប់​ចេញ​ផ្សាយ​ទាំងអស់​នៃ The Joseph Smith Papers ។ខ្ញុំ​ក៏​បាន​អាន​ភាគ​ទីមួយ និង​វគ្គ​ទីមួយ​នៃ​ភាគ​ទីពីរ​​នៃ​និទានកថា​ប្រវត្តិ​សាសនាចក្រ​ដែល​មាន​ចំណង​ជើង​ថា Saints២៦ការអាន​អ្វីៗ​ដែល​យ៉ូសែប ស្ម៊ីធ បាន​សរសេរ ឬ​របាយ​ការ​សុន្ទរកថា​នោះ ពិត​ជា​បាន​ពង្រឹង​ដល់​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​តួនាទី​របស់​លោក​ក្នុង​នាម​ជា​ព្យាការី​ម្នាក់​ដ៏​ជម្រើស​របស់​ព្រះ ដើម្បី​ស្ដារ​កិច្ចការ​របស់​ទ្រង់​នៅលើ​ផែនដី​នេះ ។

យ៉ូសែប ស៊្មីធ តែងតែ​នៅស្មោះ​ចំពោះ​ទីបន្ទាល់​របស់​លោក ។ លោក​មាន​ភាព​ខ្ជាប់ខ្ជួន ។ លោក​តែងតែ​មានឥរិយា​ជាមនុស្ស​ម្នាក់​ដែល​ពិតជា​បាន​ឃើញ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ មរ៉ូណៃ យ៉ូហាន​បាទីស្ទ ពេត្រុស យ៉ាកុប យ៉ូហាន ម៉ូសេ អេលីយ៉ា និង​អេលីយ៉ាស ។ លោក​បាន​ប្រព្រឹត្តជាមនុស្ស​ម្នាក់​ដែល​មាន​ផ្ទាំង​ចំណារ​មាស ហើយ​បាន​បកប្រែ​អត្ថបទ​បុរាណ​ទាំងនោះ​ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ ។ លោក​បាន​ប្រព្រឹត្តជាមនុស្ស​​ម្នាក់​ដែល​ទទួល​បាន​វិវរណៈ​មកពី​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ទាល់ ។ លោក​បាន​ប្រព្រឹត្តជាមនុស្ស​​ម្នាក់​ដែល​បាន​ទទួល​សិទ្ធិ​អំណាច​​បព្វជិតភាព និង​កូនសោ​ទាំងឡាយ​នៃ​ភាពជា​សាវក​ដ៏​បរិសុទ្ធ ។

ខ្ញុំ​ដឹង​តាម​របៀប​ដ៏​មាន​អនុភាព និង​ទុកចិត្ត​បាន​ជាង​អ្វី​ដែល​ញាណ​ទាំង​ប្រាំ​ខ្ញុំ​អាច​ដឹង និង​បង្ហាញ​បាន​ថា យ៉ូសែប ស្ម៊ីធ បាន​ឃើញ​អ្វី​ដែល​លោក​បាន​ពោល​ថា លោក​បាន​ឃើញ បាន​បកប្រែ​ព្រះគម្ពីរ​មរមន​ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ ហើយ​បាន​ទទួល​បព្វជិតភាព​ដោយ​មាន​កូនសោ​ពិត​សម្រាប់​សេចក្ដីសង្គ្រោះ​ដល់​មនុស្ស​ជាតិ ។ ខ្ញុំ​ដឹង​ថា នេះ​ជា​រឿង​ពិត ។ ខ្ញុំ​ដឹង​ថា កូនសោ​ទាំងនោះ​មាន​លើ​ផែនដី​សព្វថ្ងៃ​នេះ ហើយ​ថា​ប្រធាន ណិលសុន គឺជា​អ្នកស្នង​តំណែង​ដ៏​ស្របច្បាប់​របស់​យ៉ូសែប ស្ម៊ីធ នៅលើ​ផែនដី​នេះ ។

អ្វី​ដែល​យើង​គិត​ថា​ជា​ស្នាម​កុំប៉ិត និង​ថ្នាំ​របក​នៅលើ​ទូក​ចាស់​នោះ អាច​ប្រែជា​រង្វាន់​ពី​ព្រះ និង​ការដឹកនាំ​ពី​ព្រះ​ចេញពី​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។ ព្រះអម្ចាស់​អាច​លូក​ព្រះហស្ដ​មក​ស្នាម​កំប៉ិត និង​ថ្នាំ​របក​នោះ ហើយ​ទ្រង់​ក៏​អាច​ប្រើ​វា​សម្រាប់​ព្រះរាជបំណង​ផ្ទាល់​របស់​ទ្រង់​បាន​ដែរ ។ ខ្ញុំ​ដឹង​ច្បាស់​ខ្លួន​ខ្ញុំ​ថា ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​ដឹកនាំ​កិច្ចការ​របស់​ទ្រង់​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ ។ អ្នកបម្រើ​របស់​ទ្រង់​ស្គាល់​ទ្រង់​ច្បាស់សព្វថ្ងៃនេះ ។

ស៊ីស្ទើរ រស់  អិល. រេនឡាន់ ៖ខ្ញុំ​មាន​អំណរគុណ​ដើម្បី​បន្ថែម​ទីបន្ទាល់​របស់​ខ្ញុំ​ថា ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអង្គ​សង្រ្គោះរបស់​យើង ។ ពេលយើង​អនុវត្ត​សេចក្តីជំនឿ ពុំ​សង្ស័យ នៅក្នុង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ និង​ផលផ្លែ​នៃ​ដង្វាយធួនទ្រង់ នោះ​ជីវិត​យើង​នឹង​បាន​ពរ​អស់កល្ប​ជានិច្ច ។ ខ្ញុំ​មាន​អំណរគុណ​ដែល​ទ្រង់​បាន​ស្តារ​សាសនាចក្រ​របស់​ទ្រង់​ឡើង​វិញ​នា​បច្ចុប្បន្ន​នេះ​ជាមួយ​នឹង​ពរជ័យទាំងអស់ ដែល​មាន​សម្រាប់​បុត្រាបុត្រី​របស់​ព្រះ​នៅលើ​ផែនដី​នេះ ។​

អែលឌើរ ឌេល  ជី រេនឡាន់ ៖ « ព្រះ​យេស៊ូវគ្រីស្ទ​មាន​ព្រះ​ជន្ម​រស់ ហើយ​ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ ខ្ញុំថ្លែងទីបន្ទាល់​ពី​ក្ដីមេត្តា ក្ដី​ស្រឡាញ់ និង​ក្ដី​កង្វល់​ថែទាំ​​របស់​ទ្រង់​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ ។ ខ្ញុំធ្វើ​​សាក្សី​ពី​ពលិកម្ម​ដ៏​ធួន​ដែល​មិន​អាច​ប្រៀបធៀប​បាន​របស់​ទ្រង់​សម្រាប់​បង​ប្អូន និង​ខ្ញុំ ។ កាល​ខ្ញុំ​មក​ស្គាល់​ព្រះអង្គ​សង្គ្រោះ នោះ​ខ្ញុំ​បាន​រៀន​ពី​ព្រះរាជបំណង​ដ៏​មហិមា​របស់​ទ្រង់​ដើម្បី​ជួយ​ព្យាបាល​របួស ហើយ​ប៉ះប៉ូវ​ដួងចិត្ត​ដែល​ប្រេះស្រាំ ។

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ពរជ័យ​ដ៏​សម្បូរបែប​​របស់​ព្រះ​នឹង​មាន​មកដល់​បងប្អូន ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​បងប្អូន​នឹង​អភិវឌ្ឍ​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​បងប្អូន « កុំ​សង្ស័យឡើយ តែចូរជឿ » ។៣០ ខ្ញុំ​សូមអញ្ជើញ​បងប្អូន​ឲ្យ​ចម្រើន​សេចក្ដីជំនឿ​របស់​បងប្អូន​ទៅលើ​ព្រះគ្រីស្ទ តាមរយៈ​ការ​សិក្សា​បទគម្ពីរ និងពាក្យ​សម្ដី​របស់​ពួក​ព្យាការីនៅ​រស់ អធិស្ឋាន ហើយ​ទំនាក់ទំនងជាមួយ​ព្រះវរបិតាសួគ៌ ហើយ​រៀបចំខ្លួន​ដោយ​មនសិកា និង​មានភាព​សក្តិសម​ដើម្បី​ទទួលទាន​សាក្រាម៉ង់​រាល់សប្ដាហ៍ ។ ព្រះ​នឹង​ប្រទានពរ​បងប្អូន​នៅពេល​បងប្អូន​ចូលរួម​នៅក្នុង​ទង្វើ​នៃការ​លះបង់​ដោយផ្ទាល់ និង​ដោយសម្ងាត់ទាំងនេះ ហើយ​បម្រើ និង​ផ្ដល់​ការងារ​បម្រើ​ដល់អ្នកដទៃ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល អិម  រ័សុល បាឡឺដ « Stay in the Boat and Hold On! »Ensignលីអាហូណា,ខែ វិច្ឆិកា ឆ្នាំ ២០១៤, ៨៩–៩២; និង ជឺរ៉ល ខូសេ, « It Is All about People,» Ensignលីអាហូណា, ខែ​ឧសភា ឆ្នាំ ២០១៨, ទំព័រ ១១១–១៣ ។ លោក​ថ្លែង​ថា « ​មាន​គ្រា​មួយ​ប្រធាន រ័សុល អិម ណិលសុន​បាន​ប្រដូច​សាសនាចក្រ​ទៅ​នឹង​រថយន្ត​ដ៏​ស្អាត​មួយ ។ យើង​ទាំងអស់​ចូល​ចិត្ត នៅ​ពេល​រថយន្ត​របស់​យើង​ស្អាត ហើយ​ថ្មី ។ ប៉ុន្តែ​គោលបំណង​របស់​រថយន្ត​គឺ​ពុំមែន​ធ្វើ​ជា​ម៉ាស៊ីន​មួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ វា​គឺ​ដើម្បី​ដឹក មនុស្សដែល​ជិះ​នៅ​ក្នុង​រថយន្ត​នោះ » ។

  2. សូមមើល ម៉ូសេ ១:៣៩ ។

  3. រ័សុល អិម ណិលសុន. «វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើងEnsignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៤–៩៥ ) ។

  4. ម៉ូសាយ ១៨:៣០ ។

  5. សេចក្តី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « សេចក្ដី​ជំនឿ» នៅ​គេហទំព័រ scriptures.lds.org ។

  6. សូមមើល អាលម៉ា ៣២:២២ ។

  7. អាលម៉ា ៣២:២៧ ។

  8. មរ៉ូណៃ ១០:៤ ។

  9. Paraphrase of Michel de  Montaigne, « On the Education of Children,» quoting Dante’sInferno: «For doubting pleases me more than knowing » ។

  10. Paraphrased quote attributed to Elisabeth Elliot ( ឆ្នាំ ១៩២៦– ឆ្នាំ ២០១៥ ), a Belgian-born American Christian author and speaker ។

  11. កូរិនថូសទី ១ ២:១៤

  12. នែល អិល អាន់ឌើរសិន « You Know Enough, » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៣ ។

  13. នីហ្វៃទី ១ ១១:១៧

  14. ម៉ាថាយ ១៤:៣១ ។

  15. Lectures on Faithឆ្នាំ ១៩៨៥ ] ទំព័រ  ៧១ ។

  16. យ៉ាកុប ១:៥ ។

  17. យ៉ាកុប ១:៦ ។

  18. យ៉ាកុប ១:៦–៨ ។

  19. សូមមើល យ៉ូហាន អេ. វិតសូ, Understandable Religion [ ឆ្នាំ ១៩៦០ ] ទំព័រ ៣១–៣៣ ។

  20. អាលម៉ា ១២:១០–១១ ។

  21. Paraphrased quote attributed to Elisabeth Elliot ។

  22. យេរេមា ២:១៣ ។

  23. សូម​មើលអាលម៉ា ៣០:១៣–១៦ ។

  24. មរ៉ូណៃ ៧:១២–១៣, ១៥–១៧ ។

  25. សូមមើល នែល  អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice,» Ensignលីអាហូណា,ខែ​ វិច្ឆិកា ឆ្នាំ ២០១៥, ទំព័រ ៦៥-៦៨។

  26. គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៦:១៣–១៤ ។

  27. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦៧–៦៨ ។

  28. អាលម៉ា ៤០:១៣

  29. សូមមើល ស្ទីវិន  អ៊ី. ស្នូ « Saints: The Story of the Church of Jesus Christ in the Latter Days» Liahonaខែ កុម្ភៈ ឆ្នាំ ២០១៨ ទំព័រ ៥៨–៥៩ ។

  30. មរមន ៩:២៧