ការប្រជុំ​ធម្មនិដ្ឋាន​ឆ្នាំ ២០២០
11christofferson


2:3

ព្រះអម្ចាស់​នឹង​ជួយ​យើង​ស្ថាបនា​នគរ​របស់​ទ្រង់

ការប្រជុំធម្មនិដ្ឋាន​ទូទាំង​ពិភព​លោក​សម្រាប់​យុវមជ្ឈិមវ័យ

ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២០

អរគុណ​ក្រុម​ចម្រៀង​ចំពោះ​តន្ត្រី​ដ៏​ពិរោះ ។ នោះជា​ចម្រៀង​ដែល​យើង​ពេញ​ចិត្ត ។ អរគុណ​ចំពោះសំនៀង​ដ៏​ពិរោះរណ្ដំ ។ បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​រីករាយ​ខ្លាំងណាស់​ដែល​អាច​និយាយ​នឹងប្អូនៗ​នា​ល្ងាច​នេះ ។ ខ្ញុំ​បាន​ពិចារណា​យ៉ាង​ច្រើនថ្មីៗ​នេះ​អំពី​រឿង​ទាំងឡាយ​ដែល​បាន​ពង្រឹង​ដល់​ជំនឿ​របស់ខ្ញុំ​ពេញមួយ​ជីវិត​ខ្ញុំ ។ រឿង​មួយ​ដែល​ខ្ញុំ​បាន​ដឹង​គឺ​ថា​ព្រះវរបិតាសួគ៌​របស់​យើង​ពិតជា​ជួយ​យើង ជាពិសេស​នៅពេល​យើង​ព្យាយាម​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​យើងអាច​ធ្វើបាន​ដើម្បី​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ​ស្ថាបនា​នគរ​របស់​ទ្រង់​នៅ​លើ​ផែនដី​នេះ ។

ព្យាការី​នីហ្វៃ បាន​បង្ហាញ​ជំនឿ​នេះ​នៅ​ពេញ​មួយជីវិត​របស់គាត់ ។ ទោះជា​លោក​រងទុក្ខ​សេចក្ដីវេទនា និង​ការផ្ទុយ​ជាច្រើន​ក្ដី ក៏​លោក​តែងតែ​បន្ដ​នៅ​ខ្ជាប់ខ្ជួន ហើយ​តែងតែ​មានអំណរគុណ​ចំពោះ​ព្រះ​សម្រាប់​ពរជ័យ​នានា​របស់ទ្រង់ ។ លោក​បាន​ថ្លែង​ការណ៍​នេះ​បន្ទាប់ពី​រយៈពេល​ប្រាំបី​ឆ្នាំដើរ​នៅ​វាល​ខ្សាច់ដ៏​ស្ងាត់ស្រងំ ៖

« …បើសិនជា​កូនចៅមនុស្ស​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ នោះ​ទ្រង់​នឹង​ចិញ្ចឹម​គេ ហើយ​ផ្ដល់​កម្លាំង​ដល់​គេ ព្រមទាំង​ផ្ដល់​ផ្លូវ​ឲ្យ ដើម្បីគេអាច​សម្រេច​នូវ​អ្វីៗ​ដែល​ទ្រង់​បាន​បញ្ជាពួកគេ ហេតុដូច្នោះហើយ ទ្រង់​បាន​ផ្ដល់​ផ្លូវ​សម្រាប់ពួក​យើង នៅពេល​ដែល​យើង​ឈប់​សម្រាក​ក្នុង​ទីរហោស្ថាន » ។ 

ខ្ញុំដឹងថាគោលការណ៍​នេះគឺជាការពិត ។ ខ្ញុំ​សូម​ចែកចាយ​រឿង​មួយ​ចេញមកពី​ប្រវត្តិ​សាសនាចក្រ ។ នៅ​ចុង​ទស្សវត្សរ៍ឆ្នាំ ១៨៣០ សមាជិក​នៃ​សាសនាចក្រភាគ​ច្រើន​បាន​ប្រមូល​ផ្ដុំគ្នា​ទៅកាន់​រដ្ឋ​មីសួរី ដែលពួកគេ​សង្ឃឹម​ចង់​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន ។ ប៉ុន្ដែ​នៅឆ្នាំ ១៨៣៩ ពួក​មនុស្ស​កំណាច​បាន​បង្ខំ​ពួកគេ​ឲ្យ​ចាកចេញ​ពី​រដ្ឋ​នេះ ។ ដោយសារ​ផ្ទះសម្បែង​របស់ពួកគេ​ត្រូវ​បាន​បំផ្លាញ ហើយ​សត្វពាហនៈ និង​របស់របរ​របស់ពួកគេ​ត្រូវ​បាន​គេលួចឆក់ប្លន់ នោះ​ពួកគេ​បានធ្វើ​ដំណើរ​ទៅ​ប៉ែក​ឥសាន្ដ​ទៅកាន់រដ្ឋ​អិលលីណោយ ជាកន្លែង​ដែល​ពួកគេ​បានបោះទីតាំង​នៅលើ​វាលភក់​តាម​មាត់ច្រាំង​ទន្លេ​មិស៊ីស៊ិបពី ។ ពួកគេ​បាន​បង្ហូរ​ទឹកភក់ល្បាប់ចេញ ហើយ​បានបង្កើត​ជា​ទីក្រុង​ដ៏​ស្អាតមួយ ដែល​ពួកគេ​ហៅ​ថា​ទីក្រុង​ណៅវូ ។ ប៉ុន្តែ​ទស្សនៈអវិជ្ជមាន​ប្រឆាំង​នឹង​សាសនាចក្រ​នៅបន្ដ​មាន ហើយ​ព្យាការី យ៉ូសែប ស៊្មីធ ត្រូវបាន​គេសម្លាប់​ព្រមជាមួយ​នឹង​បងប្រុ​ស​របស់​លោក ហៃរ៉ុម នៅ​រយៈពេល​ប្រាំ​ឆ្នាំ​ក្រោយ​មក​នោះ ។ ព្រះវិហារ​បរិសុទ្ធ​របស់ពួកគេ​សង់​ជិត​ចប់​ហើយ តែពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ជា​ថ្មីម្ដង​ទៀត​នៅ​ខែ​កុម្ភៈ ឆ្នាំ ១៨៤៦ ឆ្លងកាត់​ទន្លេ​មិស៊ីស៊ិបពី​នៅ​ក្នុង​រដូវរងារ​ដ៏​ត្រជាក់ខ្លាំង ។ នៅ​ក្នុង​ចំណោម​ពួកគេ​មានបុរស​ម្នាក់ឈ្មោះ បេនយ៉ាមីន អែហ្វ ចនសុន ត្រូវ​ជា​ជីតាទួត​របស់ខ្ញុំ និង​គ្រួសារ​របស់​លោក​ដែល​មាន​កូន​តូចៗ ។ លោក​បាន​ពិពណ៌នា​អំពី​គ្រា​នោះ​នៅក្នុង​ស្វ័យ​ជីវ​ប្រវត្តិ​របស់​គាត់ ៖

« ឥឡូវ​យើង​នៅទីនេះ ចាប់​ផ្ដើម​នៅ​ពាក់​កណ្ដាល​រដូវ​រងារ​ដោយ​គ្មាន​ប្រាក់​មួយ​សេន​ឡើយ បានធ្វើដំណើរ​ដោយគ្មាន​ដឹង​ថា​មានចម្ងាយប៉ុន្មាន ឬ​ពេលណា​នឹង​ទៅដល់ … ដោយមាន​ស្បៀង​អាហារ​តែ​សម្រាប់​ពីរបី​សប្ដាហ៍ប៉ុណ្ណោះ ហើយ​ដោយ​មាន​សុខភាព​មិនល្អ​តាំង​ពី​ឆ្នាំ​មុនៗ​មក​ផង នោះវា​កាន់​តែ​គ្មាន​ភាព​ជាក់​លាក់​ទៅ​ទៀត ។ ជាញឹកញាប់ ខ្ញុំ​បាន​រងទុក្ខ​ដោយ​ការឈឺចាប់​យ៉ាង​ដំណំ​ ជា​ការ​ឈឺ​ចុក​ចាប់​ក្នុង​ពោះ ដែលពេល​នោះ​បណ្ដាល​ឲ្យ​មាន​ញើស​ចេញ​ពី​គ្រប់​រន្ធ​ញើស ។… ដោយ​មាន​បញ្ហានេះ ព្រមជាមួយ​នឹង​បញ្ហា​ពោះវៀន​ដទៃផ្សេង​ទៀត វាបាន​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ធ្វើ​កិច្ចការ​ធ្ងន់​បាន​ទេ ។ កាតព្វកិច្ចនៃ​ការ​មើលថែ​ដល់ក្រុម និង​ការបោះជំរុំដទៃទៀត​មើល​ទៅ​វា​អស្ចារ្យណាស់​ចំពោះ​ខ្ញុំ ។…

« បន្ទាប់ពី​នៅ​ក្នុងជំរុំ​បាន​ពីរបីថ្ងៃ មនុស្ស​មួយចំនួន​ចាប់​ផ្ដើម​ត្អូញត្អែរ​អំពីការលំបាក និងថ្លៃឈ្នួល​តិច ប៉ុន្តែ​ប្រធាន ព្រិកហាំ យ៉ង់ បាន​ស្ដីបន្ទោស​ពួកគេ​ដូចជា​សត្វសឹង្ហ ហើយ​បានប្រាប់ពួកគេ​ថា អស់អ្នកណា​ដែល​ពុំ​អាច​​ចាប់​ផ្ដើម​រស់នៅ​ដោយ​សារ​សណ្ដែក និង​ពោត គួរតែ​ទុកចិត្តទៅលើ​ព្រះ ហើយ​មានអំណរគុណ​ចំពោះ​អ្វី​ដែលពួកគេ​បាន​ទទួល ឬ​ពួកគេ​គួរ​ត្រឡប់ក្រោយទៅ ព្រោះ​ជំរុំពួកបរិសុទ្ធ​នឹង​ជា​កន្លែង​ក្រីក្រ​សម្រាប់​ពួកគេ ។ រឿង​នេះ​បាន​កើតមាន​ចំពោះ​ខ្ញុំ​ដូចជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ប៉ុន្តែ​តើខ្ញុំ​ត្រូវធ្វើ​អ្វីខ្លះ ? ​ជាយូរមក​ហើយ ខ្ញុំ​ពុំអាច​ទទួលទាន​នំពោត ឬ​សណ្ដែក​បានទេ ព្រោះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ពោះ​ខ្លាំងណាស់ ។ តើ​ខ្ញុំអាច​ទៅយ៉ាងម៉េច​បាន​ទៅ ត្បិត​អ្វីភាគច្រើន​ដែល​យើង​មាន​ជា​អាហារគឺជា​ពោត និង​សណ្ដែក ? ខ្ញុំ​មានអារម្មណ៍​ថា​វា​គឺជា​រឿង​ស្លាប់​រស់ចំពោះ​ខ្ញុំ »

ខ្ញុំ​សូម​បញ្ឈប់​រឿង​ត្រង់នេះ​ ដោយនិយាយ​ថា ប៉ុន្មាន​ឆ្នាំ​មុននោះ ប្អូនស្រីគាត់អាយុ ២២ ឆ្នាំ បាន​ស្លាប់​ដោយសារ​បញ្ហា​ក្រពះ​ដូចគ្នា ដូច្នេះ​គាត់​ប្រហែលជា​មិន​បំភ្លើស​ការភ័យខ្លាច​របស់គាត់ទេ ។ គាត់​បន្ត​ទៀត​ថា ៖

« ខ្ញុំ​បាន​ពិភាក្សា​រឿង​នេះ​ជាមួយ​គ្រួសារ​ខ្ញុំ ។ ខ្ញុំ​បាន​ប្រាប់​ពួកគេថា​ខ្ញុំ​នៅ​ទីនោះ​ដើម្បី​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ ហើយ​បើ​ទ្រង់​មិនគង់នៅ ជាមួយ យើង​ទេ ទ្រង់​ច្បាស់ជា​មិន​នៅ ពីក្រោយ យើង​ដែរ ហើយ​ខ្ញុំ​មិន​គួរ​ត្រឡប់​ក្រោយ​ឡើយ ។ ខ្ញុំ​នឹង​យល់ព្រម​ទទួលទាន​អាហារ​ដូច្នោះ ដូចដែល​យើង​មាន ហើយ​មាន​អំណរ​គុណ​ចំពោះ​វា ។ ហើយ​បើ​ព្រះអម្ចាស់​មិន​មើល​ថែ​យើង​ឥឡូវ​នេះទេ នោះ​កាល​ណា​យើង​ស្លាប់​កាន់​តែ​លឿន វា​កាន់​តែ​ប្រសើរ ដោយ​សារ​យើង​មិន​អាច​មើលថែ​ខ្លួន​ឯង ឬ​ការពារ​ជីវិត​របស់​យើង​ក្នុង​ការ​ធ្វើ​ដំណើរ​នេះ » ។

មួយ​ខែ​ក្រោយមក គាត់បាន​សរសេរ​រឿងនេះ​នៅក្នុង​កំណត់​ហេតុ​គាត់ ៖

« សណ្ដែក និង​ពោត​ដែល​ខ្ញុំ​ពុំអាច​ទទួលទានកាលពីមុន ខ្ញុំ​អាច​ទទួលទានយ៉ាង​មានរសជាតិ ហើយ​ចាប់ពី​ពេលនោះមក ឥទ្ធិពល​ចាស់ៗ​មិន​ត្រឡប់មកខ្ញុំ​ក្នុង​ពេលធ្វើដំណើរទេ ។ ខ្ញុំ​បាន​ប្រាប់​ព្រះអម្ចាស់​នូវអ្វី​ដែល​អ្នកបម្រើទ្រង់​បាន​ថ្លែង​ថា តាមរយៈ​ជំនួយ​របស់ទ្រង់ ខ្ញុំ​នឹង​បំពេញ​គ្រប់តម្រូវការ ហើយ​បើ​វា​គឺជា​ព្រះទ័យ​ទ្រង់​ នោះ​ខ្ញុំ​នឹង​រស់នៅ​ធ្វើជា​អ្នកបម្រើ​ទ្រង់ ទ្រង់​ត្រូវ​តែ​បណ្ដាល​ឲ្យអាហារ​របស់ខ្ញុំ​អាចត្រូវ​នឹង​ស្ថានភាព​ក្រពះ​របស់ខ្ញុំ ដែល​ខ្ញុំ​ដឹង​ថា​ទ្រង់​បាន​ធ្វើ​ពិត​មែន » ។

សេចក្ដី​ជំនឿ​នៃ​ជី​ដូន​ជីតា​ខ្ញុំ និង​គំរូ​របស់​ពួក​ព្យាការី​បាន​ពង្រឹង​ខ្ញុំ​នៅ​ក្នុង​ជីវិត​ខ្ញុំ ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​ទុក​ចិត្ត​ទៅ​លើ​ព្រះអម្ចាស់ ទោះជា​ក្នុង​គ្រា​លំបាក ។ ខ្ញុំ​ចងចាំ​គ្រា​ដំបូង​នៃ​អាពាហ៍ពិពាហ៍​យើង នៅពេល​ដែល​ហិរញ្ញវត្ថុ​របស់​យើង​មាន​ភាព​តានតឹងជាពិសេស ។ យើង​មាន​កូនតូចៗ​ពីរនាក់ អំឡុង​ពេល​បីឆ្នាំ​ដែល​អែលឌើរ គ្រីស្ដូហ្វឺសិន​នៅ​រៀន ។ យើង​បាន​សម្រេចចិត្ត​ថា បន្ទាប់ពី​យើង​ចាប់​ផ្ដើម​គ្រួសារ ខ្ញុំ​នឹង​មិនធ្វើ​ការ​នៅ​ក្រៅ​ផ្ទះទេ ដូច្នេះ​ខ្ញុំ​បាន​ព្យាយាម​ធ្វើអ្វី​ដែល​ខ្ញុំអាច​ធ្វើបាន​នៅ​ផ្ទះ​ដើម្បី​រក​ចំណូល​បន្ដិចបន្ដួច​មក​ជួយផ្គត់ផ្គង់​ពួក​យើង ។ ស្វាមី​ខ្ញុំ​ក៏​មាន​ការងារ​ក្រៅម៉ោង​ពីរបី​ និង​ការងារ​នៅ​រដូវ​ក្ដៅ​ផងដែរ ដែល​បាន​ផ្ដល់​ជា​ចំណែក​ដ៏​សំខាន់​សម្រាប់​ចំណូល​របស់​យើង ។ តែយើង​នៅតែ​ពុំ​មានច្រើន​ទេ ។ យើង​មាន​ពាក្យ​ស្លោក​មួយថា បើវាមិន​មែនជាអាហារ ថ្លៃឈ្នួល​ផ្ទះ ឬសាំង​ចាក់ឡានចាស់​របស់​យើងទេ យើង​មិន​ចាំបាច់​ត្រូវ​ទិញ​វា​ទេ ។

នៅថ្ងៃអាទិត្យ​មួយ ប្រហែលជា​ពីរបីខែ​ពី​មុនអែលឌើរ គ្រីស្ដូហ្វឺសិន បញ្ចប់​ការ​សិក្សា ប៊ីស្សព​របស់​យើង​បាន​បង្ហាញ​ផែនការ​មូលនិធិ​អគារ​មួយ​ដើម្បី​ជួសជុល​សាលាជំនុំ​ចាស់​របស់​យើង ។ វា​នឹង​តម្រូវ​ឲ្យ​គ្រួសារ​នីមួយៗ​បង់ថ្លៃ​តម្លៃប៉ាន់ស្មាន​មួយ​ដើម្បីបង់ថ្លៃ​ចំណាយ ។ យើង​ឈប់​មាន​តម្លៃ​មូលនិធិ​សាងសង់ទៀតហើយ ប៉ុន្តែ​នៅជំនាន់​នោះ វួដ និង​ស្ដេក បានជួយ​បង់ថ្លៃ​ចំណាយ​នៃការសាងសង់ ឬ​ការ​ជួសជុល​សាលាជំនុំខ្លះៗ លើសពី​ការបរិច្ចាគ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដែល​យើង​ក៏​ត្រូវ​ថ្វាយផងដែរ ។

ជាមួយ​នឹង​សមាជិក​វួដ​ដទៃទៀត យើង​បានអង្គុយចុះ​ពិភាក្សា​នឹង​ប៊ីស្សព​នូវអ្វី​ដែល​យើងអាច​បរិច្ចាគ​អាស្រ័យទៅលើ​ចំណូល​របស់​យើង ។ តម្លៃ​ប៉ាន់ស្មាន​ដែល​បាន​ផ្ដល់​ជា​យោបល់​របស់​យើង​មិន​ខ្ពស់ទេ ប៉ុន្តែ​នោះជា​ប្រាក់​បន្ដិច​បន្ដួច​ដែល​យើង​មាន ។ សិស្ស​ដែល​បញ្ចប់​ការសិក្សា​ខ្លះ​ៗដែលស្ថិត​នៅក្នុង​ស្ថានភាព​របស់យើង ហើយ​ចាកចេញ​ក្នុងពេលឆាប់ៗ មិនគិត​ថា​វា​យុត្តិធម៌​ទេ ដែល​ត្រូវ​បង់ថ្លៃ​មូលនិធិ​ការ​សាងសង់ ពីព្រោះ​ពួកគេ​នឹង​មិននៅ​ទីនោះ​ឡើយពេល​ដែល​ការ​ជួសជុល​បញ្ចប់ ។ ប៉ុន្តែ យើង​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​បរិច្ចាគចំពោះ​មូលនិធិ​សាងសង់ ទោះជា​យើង​មិន​ដឹង​ថា​យើង​នឹង​នៅ​​រហូត​ដល់​ចប់​ឆ្នាំ​សិក្សា ឬ​អត់​ក្ដី ។ ឥឡូវ ប្អូនៗ​អាច​គិត​ថា យើ​ងអាច​យក​កាត​ឥណទានចេញមក ហើយ​បង់ថ្លៃ​ការ​ចំណាយប្រចាំខែ​របស់យើង ហើយ​បង់សង​វា​បន្តិច​ម្ដងៗ ប៉ុន្តែ​យើង​មក​ពី​ជំនាន់​ផ្សេង​មួយ ។ នៅជំនាន់​នោះ អ្នក​មិនអាច​មាន​កាតឥណទាន​ទេ លុះត្រា​តែ​អ្នក​មាន​ការងារ​ពេញម៉ោង ហើយចំណូល​របស់​អ្នក​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​កម្រិត​ជាក់​លាក់​មួយ ។ ដូច្នេះ យើង​មិនអាច​មាន​កាត​ឥណទាន​ទេ ។ រឿង​នោះ​ហាក់ដូចជា​ធ្ងន់ធ្ងរ ប៉ុន្តែមានគោលការណ៍​តឹងរឹង​បន្ដិច​ចំពោះ​នរណា​ដែលអាច​ទទួល​បាន​កាត​ឥណទាន អាច​ជួយ​មនុស្ស​ជាច្រើន​ពី​ការធ្លាក់ក្នុងបំណុល​ដែល​យើង​ជួប​ឥឡូវនេះ ។​​

ទោះយ៉ាងណា គ្រាន់តែ​ប៉ុន្មានសប្ដាហ៍​ក្រោយមក ពួកយើង​បាន​ជិះឡាន​តាមផ្លូវ​ស្ងាត់មួយ​នៅពេល​យប់ ហើយ​បាន​ឈប់​នៅភ្លើងស្ដុប​មួយ ។ ពេលនោះ ពួក​យើង​បាន​ឮសំឡេង​ចាប់ហ្វ្រាំងឡាន​ពីខាងក្រោយយើង ហើយបាន​បុកឡានចាស់​យើងពីខាង​ក្រោយ ។​ អែលឌើរ គ្រីស្ដូហ្វឺសុន​បាន​ចេញ​ទៅ​មើល​ខណៈ​ដែល​ខ្ញុំ​អង្គុយ​នៅ​ក្នុង​ឡាន ។ មួយសន្ទុះ​ក្រោយមក គាត់ត្រឡប់មក​ក្នុងឡានវិញ ហើយ​ខ្ញុំ​បានសួរ​គាត់​ថា​មានរឿងអ្វីកើតឡើង ។ គាត់បាន​និយាយ​ថា​ខូចខាត​តែ​ខាង​ក្រោយប៉ុណ្ណោះ ។​ ​បុរស​ដែល​បុក​យើង​នោះគឺជា​អ្នកបើកបរ​លក់ឥវ៉ាន់ ហើយរស់នៅ​ក្នុង​ទីក្រុងមួយទៀត ។ គាត់​បានដឹងថាហ្វ្រាំង​មិនល្អ ហើយ​មិនដឹង​ថា​វា​ធ្ងន់ធ្ងរដូច្នោះទេ ។ គាត់​ត្រូវការ​ឡាន​របស់គាត់​ទៅ​ធ្វើការ ហើយ​សង្ឃឹម​ថា​គាត់​អាច​ដោះស្រាយ​នឹង​យើង​ដោយ​ស្ងាត់ៗ ដើម្បីកុំឲ្យ​ការ​ធានារ៉ាប់រងឡាន​របស់គាត់កើនឡើង និង​មិន​ទទួល​បាន​សំបុត្រ​ផាកពិន័យ​ដែល​គាត់​ក៏​ត្រូវ​បង់ថ្លៃ​ផងដែរ​នោះ ។ លើសពីនោះ គ្មាននរណា​ម្នាក់​មានការ​ឈឺចាប់ទេ ។ ខ្ញុំ​គិត​ថា​គាត់​ក៏​មាន​ថវិកាមានកំណត់ផងដែរ ។ គាត់បាន​និយាយ​ថា បើ​យើង​ប៉ាន់ស្មាន​ជាលាយលក្ខអក្សរ​អំពី​ចំណាយជួសជុល​ ហើយ​យក​វា​ទៅ​បន្ទប់​ស្នាក់នៅ​របស់គាត់​នៅ​ជាយក្រុង នោះគាត់​នឹង​បង់ថ្លៃ​ឲ្យយើង​ដោយផ្ទាល់ ។

ឥឡូវ​ខ្ញុំពុំ​កើតកាលពីម្សិលមិញទេ ។ ខ្ញុំ​បាន​គិត​អំពី​ស្វាមីជាទីស្រឡាញ់​របស់​ខ្ញុំ​ដែល​ខ្ញុំ​បាន​ទុកចិត្ត​ទាំង​ស្រុង គឺ​ពិតជា​ឆាប់ជឿគេណាស់​ក្នុ​ងករណីនេះ ។ តើគាត់​ពិត​ជាគិត​ថា​បុរស​នេះ​នឹង​ធ្វើ​តាម​ការសន្យា​គាត់​ឬ ?​ តើ​ឱកាស​ដែល​បុរស​ម្នាក់នេះ​នឹង​គេច​ពី​ក្រុងនេះ​មានជាយ៉ាងណា ? មែនហើយ អែលឌើរ គ្រីស្ដូហ្វឺសិន បាន​ធ្វើ​ការ​ប៉ាន់ស្មាន​ពីការ​ជួសជុល ហើយគាត់បាន​ទៅ​ផ្ទះស្នាក់នៅជួបនឹង​បុរស​នោះ ។ បុរសនោះ​បាន​សរសេរ​សែក​នូវចំនួនមួយ ហើយ​ស្មានមើល ? សែកនោះ​ពុំ​ខូចទេ !

ឥឡូវ​នេះ​គឺ​ជា​ដំណើររឿង​ទាំង​ប៉ុន្មាន ។ សែកនោះ​មានចំនួនស្ទើរតែដូចគ្នា​នឹង​ការប៉ាន់ស្មាន​មូលនិធិការសាងសង់​ដែល​យើង​បាន​បង់ថ្លៃ ។ យើង​អាច​រង់ចាំ​យ៉ាង​ច្បាស់ រហូតដល់​គាត់​មាន​សែក​បង់ថ្លៃ​ចំពោះ​ការ​ជួសជុល ហើយ​គ្រានោះ យើងអាច​បំពេញ​តម្រូវការ​ដែល​យើង​សង្ស័យ​ថា​តើ​យើងអាច​ធ្វើ​បាន​ឬអត់នោះ ។​ នេះគឺជា​សាក្សី​មួយចំពោះ​យើង ដូចដែលនីហ្វៃ​បាន​និយាយ​ថា ព្រះអម្ចាស់​ពិតជា បាន​និយាយ « ផ្ដល់ផ្លូវ​ឲ្យយើង​អាច​សម្រេច​នូវ​អ្វីៗ​ដែល​ទ្រង់​បាន​បញ្ជា​ពួកគេ » ។​ ខ្ញុំ​បាន​ដឹង​ថា​សេចក្ដីជំនឿ ជាញឹកញាប់​មានន័យ​ថា​ជា​ការ​បោះជំហាន​ចូល​ទៅ​ក្នុងភាពងងឹត ប៉ុន្តែ​នៅពេល​យើង​ធ្វើដូច្នោះ ខ្ញុំ​ដឹងថា​ព្រះអម្ចាស់​នឹង​បំភ្លឺ​ផ្លូវ​នៅពី​ខាង​មុខ​យើង ។ ខ្ញុំ​មានអំណរគុណ​ចំពោះ​ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់​ដែល​ទត​មើលយើង ហើយ​ខ្វល់ខ្វាយអំពី​យើង ។ ខ្ញុំ​ដឹង​ថា​នេះ​គឺជា​សាសនាចក្រ​របស់ទ្រង់ ហើយ​ថា​ព្រះអង្គសង្គ្រោះ​មាន​ព្រះជន្ម ។ ខ្ញុំ​អរគុណ​ព្រះអម្ចាស់​ចំពោះ​ពរជ័យ​នានា​ដែល​ដំណឹងល្អ​បាន​នាំមក​ក្នុងជីវិត​របស់យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕