ការជ្រើសរើស និង ការបេ្ដជ្ញាចិត្ត
ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ
ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២០
ខ្ញុំអរគុណចំពោះព្រះវរបិតាសួគ៌របស់ខ្ញុំចំពោះឯកសិទ្ធិដើម្បីនៅជាមួយនឹងបងប្អូននាយប់នេះ ។ ហើយខ្ញុំចង់អរគុណដល់ភរិយាខ្ញុំ និងគាំទ្រប្រសាសន៍របស់នាង ។ ហើយអរគុណជាពិសេសចំពោះក្រុមចម្រៀងដ៏អស្ចារ្យនេះ ។ ពួកគេគឺជាភស្ដុតាងមួយទៀតនៃគុណតម្លៃនៃថ្នាក់វិទ្យាស្ថាន ។ ខ្ញុំស្រឡាញ់ថ្នាក់វិទ្យាស្ថាន ។ ខ្ញុំសង្ឃឹមថាប្អូនៗទាំងអស់គ្នាដែលមានឱកាស មិនគ្រាន់តែចុះឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែចូលរួម និងចូលរៀនយ៉ាងសកម្មនៅក្នុងថ្នាក់វិទ្យាស្ថាន ។ វាគឺជារឿងដ៏ល្អបំផុតមួយ ដែលយើងធ្វើនៅក្នុងសាសនាចក្រ ។ ចម្រៀងដែលក្រុមចម្រៀងច្រៀងពីមុននេះ ប្អូនៗមួយចំនួនអាចដឹងហើយ វាគឺជាទំនុកតម្កើងមួយដែលបានសរសេរជាលាយលក្ខណ៍អក្សរដោយប្រធាន រ័សុល អិម ណិលសុន ។ វាជាទំនុកច្រៀងរបស់លោក ហើយអារម្មណ៍ និងការបង្ហាញចេញមកបានចាក់ចូលមកដល់ដួងចិត្តរបស់ខ្ញុំ ហើយខ្ញុំទុកចិត្តថាវាចាក់ចូលដល់ដួងចិត្តរបស់អ្នកផងដែរ ។ ហើយខ្ញុំសូមបង្ហាញសេចក្ដីស្រឡាញ់ និងការគោរពរបស់លោកដល់បងប្អូន ។ ខ្ញុំក៏សូមបញ្ចូលនូវការថ្លែងអំណរគុណចំពោះប្រធាន អាស្ទ្រីត ធូមីនេស្ស និងអ្នកគ្រប់គ្រង និងបុគ្គលិកនៃសាកលវិទ្យាល័យយូថាហ៍ វ៉ាលីសម្រាប់បដិសណ្ឋារកិច្ចដ៏ប្រកបដោយព្រះគុណរបស់ពួកគេនៅក្នុងឱកាសនេះ ។
ជាច្រើនឆ្នាំកន្លងទៅ អែលឌើរ អិល. ថម ភែរី និងខ្ញុំបានធ្វើកិច្ចការចាត់តាំងជាមួយគ្នានៅទីក្រុងញូវយ៉ក ។ ខណៈនៅទីនោះ យើងបានទៅមើលព្រះវិហារជីហ្វជាប្រវត្តិសាស្ដ្រមួយនៅប្រូកឃ្លីន ។ ព្រះវិហារជីហ្វនោះគឺជាអគាររបស់រដ្ឋ នៅម្ដុំនោះធ្លាប់ជា ប្រហែលជានៅតែជាតំបន់ដ៏ថ្លៃមួយក្នុងសង្កាត់នោះ ។ ស្ដ្រីដែលបានបម្រើជាសង្ឃក្នុងក្រុមជំនុំកំណែទម្រង់ជីហ្វនៅទីនោះ បានស្វាគមន៍យើងយ៉ាងរាក់ទាក់ ហើយនាំយើងដើរមើលអគារប្រវត្តិសាស្ដ្រនោះ ។ ក្នុងភាពដ៏ល្អបំផុតរបស់វា វាជាសំណង់ដ៏ល្អឯកមួយ ប៉ុន្ដែឥឡូវនេះ វាច្បាស់ថា អគារនេះត្រូវការជួសជុលជាច្រើន ។ សង្ឃរូបនោះបានប្រាប់យើងថា ក្រុមជំនុំរបស់គាត់មានចំនួនធ្លាក់ចុះ ហើយថា មូលនិធិដើម្បីទ្រទ្រង់ព្រះវិហារជីហ្វ និងកម្មវិធីនានាដូចជាសាលារៀន គឺមិនគ្រប់គ្រាន់ឡើយ ។
កាលយើងបន្ដជជែកគ្នាទៀត គាត់បានប្រាប់ថា បើនិយាយជាទូទៅ យុវមជ្ឈិមវ័យបានតាំងចិត្តចំពោះកេរតំណែលជីហ្វរបស់ពួកគេ ប៉ុន្ដែដោយមូលហេតុមួយចំនួន ពួកគេស្ទាក់ស្ទើរនឹងចូលរួម ហើយបេ្ដជ្ញាចិត្តធ្វើជាសមាជិកក្នុងក្រុមជំនុំនេះ ។ ទោះបីជាបែបនោះក៏ដោយ ពួកគេនៅតែដាក់កាលវិភាគជាទៀងទាត់ដើម្បីប្រើអគារនោះសម្រាប់សកម្មភាពសង្គមនានា ។ វាជាកន្លែងដែលពួកគេជួបជុំគ្នា ហើយជារឿយៗពួកគេផ្ដល់វិភាគទានដើម្បីជួយចេញចំណាយការប្រើប្រាស់អគារនេះ ប៉ុន្ដែមានតិចតួចណាស់ដែលស្ម័គ្រចិត្តក្លាយជាសមាជិកក្រុមជំនុំ ថ្វាយបង្គំនៅទីនោះ ។
អែលឌើរភែរី និងខ្ញុំបានពិភាក្សាជាមួយសង្ឃរូបនោះពីមូលហេតុ ដែលការណ៍នេះអាចកើតដូច្នេះ ។ គាត់បានកត់ចំណាំចេញពីការសន្ទនាជាមួយយុវមជ្ឈិមវ័យទាំងនេះជាច្រើនថា ពួកគេភាគច្រើនគឺនៅលីវ ពួកគេមិនដាក់អាទិភាពខ្ពស់លើសាសនាក្នុងជីវិតរបស់ពួកគេឡើយ ។ អ្នកដទៃទៀតគឺមិនចង់តាំងចិត្តលើសាសនា ឬសាលាជំនុំណាមួយឡើយ ។ អែលឌើរភែរីបានឆ្ងល់ថា តើវាជាការបង្ហាញឲ្យឃើញពី « FOMO » ដ៏ល្បី ( ឬមិនល្បី ) —ការភ័យខ្លាចក្នុងការខកខាន—ថាបើគេតាំងចិត្តលើសាសនា នោះពួកគេអាចខកខានអ្វីមួយផ្សេងទៀត ។
ហើយនេះជាប្រធានបទដ៏សំខាន់ ដែលខ្ញុំចង់និយាយទៅកាន់ក្មួយៗនាល្ងាចនេះ—គឺការជ្រើសរើស និងការបេ្ដជ្ញាចិត្ត ។
ចូរសង្កេតមើល ដោយចាប់ផ្ដើមជាមួយនឹង « ការភ័យខ្លាចក្នុងការខកខាន » មកដល់ចំណុចមួយ នោះគឺជាអារម្មណ៍សមហេតុផលមួយ ។ ក្នុងន័យដែលអាចទៅរួចគឺថា យើងទាំងអស់គ្នាចង់ដកពិសោធន៍រឿងដែលល្អបំផុត ហើយឈានដល់ជម្រើសដ៏ល្អបំផុតក្នុងគ្រប់ផ្នែកនៃជីវិតនេះ ។ ប៉ុន្ដែការពន្យារពេលដ៏យូរដើម្បីធ្វើការជ្រើសរើស ឬបេ្ដជ្ញាចិត្ត ដោយសារវាអាចមានន័យថាខកខានអ្វីមួយផ្សេងទៀត ដែលប្រហែលប្រសើរជាងនេះ គឺមិនសមហេតុផលឡើយ ។ ជម្រើសនីមួយៗបិទលទ្ធភាពផ្សេងទៀត ៖ បើក្មួយជ្រើសរើសទៅធ្វើការ ឬទៅសាលានៅពេលព្រឹក ក្មួយមិនអាចមើលរឿងនៅលើ Netflix ក្នុងពេលតែមួយទេ ( មែនទេ ? ) បើក្មួយទៅសាលា ហើយរៀនជំនាញសំណង់ស៊ីវិល នោះក្មួយនឹងខកមុខវិជ្ជាប្រវត្តិសាស្ដ្រ ឬសិល្បៈ ឬជីវៈ ឬអ្វីៗផ្សេងទៀត ( បើមិនចឹងទេ ក្មួយរៀនមិនចប់ឡើយ ) បើក្មួយធ្វើដំណើរទៅទឹកធ្លាក់វិកតូរៀរនៅអាហ្វ្រិកឥឡូវ នោះក្មួយមិនអាចធ្វើដំណើរទៅកន្លែងណាផ្សេងទៀតនៅពេលតែមួយនោះបានឡើយ ហើយអាចខកកន្លែងផ្សេងទៀតដែលក្មួយអាចចង់ទៅលេង បើក្មួយជ្រើសរើសបម្រើបេសកកម្ម នោះក្មួយបោះបង់សកម្មភាពសង្គមជាច្រើនសម្រាប់ពេលនោះ ហើយវាបន្ដដូច្នេះ ។ តែដរាបណាក្មួយធ្វើការជ្រើសរើស និងបេ្ដជ្ញាចិត្តទៅកាន់ទិសដៅជាក់លាក់មួយ ជីវិតក្មួយនឹងមិនប្រក្រតីឡើយ ហើយនៅទីបញ្ចប់ តាមពិតទៅ ក្មួយនឹងខកខានរឿងដ៏ល្អបំផុតជាច្រើន ។
ដូចភរិយាខ្ញុំសង្កេតឃើញកន្លងមក « បើបងមិនអាចមានអ្វីៗគ្រប់យ៉ាង—តើបងនឹងទុកវានៅត្រង់ណា ? » យើងមិនអាចមានអ្វីៗគ្រប់យ៉ាង ដែលវានឹងល្អបើមានវានោះទេ ហើយយើងមិនអាចធ្វើអ្វីៗគ្រប់យ៉ាង ដែលវានឹងល្អ ឬគួរឲ្យចាប់អារម្មណ៍នឹងធ្វើនោះដែរ ។ ទោះបីជាក្មួយបន្ដឹងជម្រើសរបស់ក្មួយតែលើរឿងដែល « ឈ្មោះល្អ ឬក៏គួរឲ្យសរសើរ »១ក្ដី ក៏ក្មួយនៅតែមិនអាចមាន ឬដកពិសោធន៍អ្វីៗគ្រប់យ៉ាងដែរ ។ វាគ្មានពេល មធ្យោបាយ ឬកន្លែងគ្រប់គ្រាន់ល្មមក្នុងជីវិតរបស់នរណាម្នាក់ក្នុងជីវិតរមែងស្លាប់នេះឡើយ ។ ដូច្នេះហើយ យើងត្រូវតែប្ដេជ្ញាចិត្តលើជម្រើសជាក់លាក់ ដោយដឹងថា តាមរយៈការធ្វើដូច្នោះ យើងចាំបាច់ត្រូវតែបោះបង់អ្វីផ្សេងទៀត ទោះបីវាមើលទៅល្អក្ដី ។ យើងគួរតែចាំក្នុងចិត្តថាការពន្យាធ្វើការសម្រេចចិត្តហួសហេតុពេក នោះវាអាចកើតទៅជាជម្រើសដោយឯកឯង ។
អាពាហ៍ពិពាហ៍គឺជាឧទាហរណ៍ដ៏សំខាន់មួយ ។ តាមរយៈការជ្រើសរើសដៃគូម្នាក់ យើងបោះបង់អ្នកផ្សេងទៀតទាំងអស់ ។ ព្រះអម្ចាស់មានបន្ទូលថា « ត្រូវស្រឡាញ់ប្រពន្ធខ្លួនឲ្យអស់អំពីចិត្ត ហើយត្រូវនៅជាប់នឹងនាង ហើយគ្មាននរណាទៀតឡើយ » ។២ ដោយសារតែភាពចុងក្រោយនៃជម្រើស មនុស្សខ្លះរឹងទទឹងនឹងការបេ្ដជ្ញាចិត្តនឹងនរណាម្នាក់ ដែលពួកគេចូលចិត្តខ្លាំង នរណាម្នាក់ដែលពួកគេស្រឡាញ់ ហើយដែលពួកគេអាចរីកចម្រើនជាមួយដោយរីករាយ និងអស់កល្បបាន ប៉ុន្ដែពួកគេព្រួយថា អាចនឹងមានដៃគូជីវិតដ៏ល្អឥតខ្ចោះខ្លាំងជាងនេះនៅកន្លែងណាមួយ ដែលពួកគេមិនចង់ខកខាន ។ ខ្ញុំចាំពីយុវជនបែបនេះម្នាក់ដែលខ្ញុំស្គាល់ កាលពីជាច្រើនឆ្នាំកន្លងទៅ ដែលបានបដិសេធដៃគូដ៏មានសក្ដានុពលអស្ចារ្យម្នាក់ ដោយសារគាត់គិតថា នាងមានធ្មេញខូចជាច្រើនកន្លែង ។ ប្រតិកម្មរបស់ខ្ញុំគឺថា អ្នកចង់បានដៃគូឥតខ្ចោះម្នាក់គឺគ្មានឡើយ ហើយមិនតែប៉ុណ្ណោះ តើអ្នកមានបានផ្អាកមួយសន្ទុះ រួចមកគិតថា ខ្លួនអ្នកផ្ទាល់មិនមែនជាជម្រើសដ៏ឥតខ្ចោះមួយដែរឬទេ ?
នេះគឺជាការប្រជុំយុវមជ្ឈិមវ័យមួយ ។ ហើយសម្រាប់ក្មួយភាគច្រើន ការគូសបញ្ជាក់គឺទៅលើមជ្ឈិមវ័យ ។ ក្មួយមាន ឬដេញតាមទំនួលខុសត្រូវរបស់មជ្ឈិមវ័យ ការសម្រេចបានរបស់មជ្ឈិមវ័យ និងការរួមចំណែករបស់មជ្ឈិមវ័យ ហើយប្រឆាំងនឹងការពន្យារភាពមជ្ឈិមវ័យ និងការទៅពិធីជប់លៀងឥតដាច់ ។ ដប់ឆ្នាំមុន អ្នកនិពន្ធ និងបញ្ញវន្ដឈ្មោះ ឆាលស៍ មើរ៉េយ បាននិយាយពីអត្ថន័យនៃ « ជីវិតមួយដែលបានរស់នៅយ៉ាងល្អ » ។ គាត់ថ្លែងថា « ខ្ញុំនិយាយពីប្រភេទរឿងដែលយើងក្រឡេកមើលក្រោយវិញ ពេលយើងចាស់ទៅ ហើយឲ្យយើងសម្រេចថា យើងអាចមានមោទនភាពដល់ខ្លួនយើងជានរណា និងអ្វីដែលយើងបានធ្វើ » ។៣
មើរ៉េយ បាននឹកដល់ការនិយាយទៅកាន់អ្នកស្ដាប់នៅក្រុងស៊ូរិចអំពីការពេញចិត្តដ៏ខ្លាំង ដែលកើតពីជីវិតមួយដែលបានរស់នៅយ៉ាងល្អ ។ គាត់ពោលថា « ក្រោយពីសុន្ទរកថានោះ សមាជិកវ័យម្ភៃឆ្នាំជាងពីរបីនាក់ក្នុងចំណោមអ្នកស្ដាប់នោះមកជួបគាត់ ហើយនិយាយដោយត្រង់ៗថា ឃ្លា ‹ ជីវិតមួយដែលបានរស់នៅយ៉ាងល្អ › ពុំន័យសម្រាប់ពួកគេឡើយ ។ ពួកគេមានពេលដ៏អស្ចារ្យជាមួយដៃគូរួមភេទបច្ចុប្បន្នរបស់គេ និងឡាន ប៊ី.អិម.ដបុលយូ ថ្មី និងផ្ទះវិស្សមកាលនៅកោះម៉ាយ៉កា ហើយមិនឃើញអ្វីឥតប្រយោជន៍ក្នុងជីវិតរបស់គេ ដែលត្រូវការការបំពេញឡើយ ។ មើរ៉េយ និយាយថា « វាគួរឲ្យចាប់ចិត្តណាស់ ដែលឭការណ៍នោះត្រូវបាននិយាយចំពោះមុខខ្ញុំ ប៉ុន្តែមិនភ្ញាក់ផ្អើលឡើយ ។… ផ្នត់គំនិតនោះគឺជាអ្វីមួយដូចនេះ ៖ មនុស្សលោកគឺជាកម្រងគីមី ដែលធ្វើឲ្យសកម្ម ហើយមួយរយៈក្រោយមកក៏លែងមានសកម្មទៅ ។ គោលបំណងនៃជីវិតនេះគឺ មុននឹងអស់ពេលវេលាទៅ ត្រូវសប្បាយឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន » ។៤
នៅចុងបញ្ចប់សម្ដីរបស់គាត់ មើរ៉េយបានថ្លែងយ៉ាងឆ្លាតវៃដូច្នេះ ៖ « ប្រាជ្ញាមនុស្សចាស់បានយល់ថា ជីវិតមួយដែលបានរស់នៅយ៉ាងល្អតម្រូវឲ្យមានការចូលរួមនឹងមនុស្សនៅជុំវិញខ្លួនយើង » ។៥ មជ្ឈិមវ័យពិតយល់ពីការណ៍នេះ ។ ពួកគេដឹងថា ការសប្បាយផ្ទាល់ខ្លួនមិនដែលជាការផ្ដោតសំខាន់ក្នុងជីវិតឡើយ ហើយមិនអាចសាកសមជាគោលបំណងជីវិតទេ ។ សេចក្ដីពិតនេះគូសបញ្ជាក់នូវបទបញ្ញត្តិដ៏ធំពីរ ៖ ត្រូវស្រឡាញ់ព្រះឲ្យអស់ពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតរបស់យើង និងត្រូវស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង ។៦ ដូចព្រះយេស៊ូវមានបន្ទូលថា « បណ្តាក្រឹត្យវិន័យ និងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សម្រេចនៅបទបញ្ញត្តិទាំងពីរប្រការនេះឯង » ។៧ សេចក្ដីសញ្ញាដំណឹងល្អ៨ជាមួយនឹងការសន្យាជីវិតដ៏អស់កល្បរបស់វា អាស្រ័យលើបទបញ្ញត្តិដ៏ធំទាំងពីរនេះតាមលំដាប់អាទិភាពដែលផ្ដល់មក ៖ ទីមួយ និងទីពីរ ។ ភក្ដីភាពចំពោះបទបញ្ញត្តិដ៏ធំទាំងពីរនេះ ផ្ដល់និយមន័យដល់ជីវិតមួយដែលបានរស់នៅយ៉ាងល្អ និងអត្ថន័យនៃភាពជាមជ្ឈិមវ័យ ។
នៅទីបញ្ចប់ គ្មានផ្លូវអព្យាក្រឹត និងមិនប្ដេជ្ញាចិត្តដែលត្រូវធ្វើតាមឡើយ លើកលែងតែវាជារឿងដែលមានលទ្ធផលដ៏អស់កល្ប ។ អាលម៉ាបញ្ជាក់ពីចំណុចនេះ ពេលលោកបង្រៀនថា ព្រះគ្រីស្ទ ដែលជាអ្នកគង្វាលដ៏ល្អ ហៅយើងឲ្យដើរតាមទ្រង់លើផ្លូវនៃភាពជាសិស្ស និងសុភមង្គល ៖
« មើលចុះ ខ្ញុំសូមប្រាប់អ្នកថា អ្នកគង្វាលល្អនឹងស្រែកហៅអ្នក មែនហើយ គឺដោយនូវឈ្មោះរបស់លោកផ្ទាល់ដែលលោកនឹងហៅអ្នក គឺជាព្រះនាមនៃព្រះគ្រីស្ទ ហើយបើសិនជាអ្នករាល់គ្នាពុំប្រុងស្ដាប់តាមសំឡេងនៃអ្នកគង្វាលល្អ ចំពោះឈ្មោះដែលអ្នករាល់គ្នា នឹងត្រូវបានហៅនោះទេ មើលចុះ អ្នករាល់គ្នាពុំមែនជាចៀមនៃអ្នកគង្វាលល្អឡើយ ។
« ហើយឥឡូវនេះ បើសិនជាអ្នករាល់គ្នាពុំមែនជាចៀមនៃអ្នកគង្វាលល្អទេ តើអ្នករាល់គ្នានៅក្នុងក្រោលណា ? មើលចុះ ខ្ញុំសូមប្រាប់អ្នកថា អារក្សគឺជាអ្នកគង្វាលរបស់អ្នកវិញ ហើយអ្នករាល់គ្នានៅក្នុងក្រោលរបស់វា ហើយឥឡូវនេះ តើអ្នកណាអាចបដិសេធការណ៍នេះបានឬ ? »៩
អាលម៉ាបង្រៀនពីភាពពិតថា មានតែជម្រើសពីរប៉ុណ្ណោះ ហើយថាព្រះគ្រីស្ទគឺជាជម្រើសដ៏ល្អតែមួយគត់ ។ និយាយឲ្យខ្លីទៅ បើក្មួយមិនជ្រើសរើសព្រះគ្រីស្ទទេ គឺក្មួយដើរតាមព្រះក្លែងក្លាយដោយស្វ័យប្រវត្តិ ជាផ្លូវខុសឆ្គងនាំទៅរកការខកចិត្តនៅទីបំផុត និងដ៏អស់កល្ប ។ ដូច្នេះ ទាល់តែក្មួយដើរតាមព្រះអង្គសង្គ្រោះ បើមិនដូច្នោះទេក្មួយបដិសេធទ្រង់ហើយ ។១០
ដោយដឹងពីការណ៍នេះ យើងមិនគួរមានអារម្មណ៍ស្ទាក់ស្ទើរនឹងប្ដេជ្ញាចិត្តលើព្រះអម្ចាស់ ហើយព្យាយាមក្លាយទៅជាតែមួយនឹងទ្រង់ឡើយ ។ ដូចទ្រង់បានអធិស្ឋាននៅអាហារពេលល្ងាចចុងក្រោយសម្រាប់ពួកសាវករបស់ទ្រង់ និងមនុស្សទាំងអស់ដែលជឿលើពាក្យរបស់ពួកគេថា « ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយនៅក្នុងយើង » ។១១ តើនោះមិនមែនជាកន្លែងដែលយើងចង់ទៅទេឬ ? ចុះហេតុអ្វីស្ទាក់ស្ទើរនឹងការប្ដេជ្ញាចិត្តយ៉ាងពេញលេញ និងស្មោះស្ម័គ្រដូច្នេះ ? ហេតុអ្វីមិនហ៊ានលើកនឹមរបស់ទ្រង់ដាក់លើខ្លួនយើង ដោយដឹងថា « នឹមរបស់ទ្រង់ងាយ ហើយបន្ទុករបស់ទ្រង់ស្រាល » នោះ ?១២
ការខ្លាចបរាជ័យ
ឆ្លើយនឹងសំណួរខ្លួនឯងផ្ទាល់ ខ្ញុំអាចឃើញថា ថ្វីបើមានភាពសមហេតុផល និងការអង្វរពីព្រះវិញ្ញាណ កាលទ្រង់ខំគង់នៅជាមួយយើងក្ដី ក៏មានមូលហេតុមួយចំនួន ដែលមនុស្សម្នាក់នៅតែអាចមានអារម្មណ៍ស្ទាក់ស្ទើរខ្លះដែរ ។ ទីមួយគឺជាការខ្វល់ពីសមត្ថភាពរបស់យើងដើម្បីរក្សាបានការប្ដេជ្ញាចិត្តក្នុងផ្លូវដ៏ឆ្ងាយបែបនោះ ។ តើយើងពិតជាអាចដើរតាមពេញលេញឬ ហើយតើយើងមិនប្រសើរជាងទេឬ ពេលមិនប្ដេជ្ញាតាម បើយើងអាចនឹងបរាជ័យដដែលនោះ ?
នេះជាកង្វល់ដែលអាចយល់បានមួយ ប៉ុន្ដែខ្ញុំសូមផ្ដល់ចម្លើយថា ក្នុងន័យដ៏សំខាន់ខ្លាំងមួយ ក្មួយបានឆ្លងស្ពាននោះរួចហើយ ។ ពេលនៅក្នុងពិភពមុនជីវិតលើផែនដីនេះ ក្មួយបានជ្រើសរើសទទួលយកផែនការនៃសេចក្ដីសង្គ្រោះ និងការលើកតម្កើង ដែលបានរៀបចំដោយព្រះវរបិតា និងទទួលពានពីព្រះរាជបុត្រា ក្មួយបានជ្រើសយកព្រះគ្រីស្ទ ។ កំណើតខាងរូបកាយរបស់ក្មួយគឺជាទីបន្ទាល់ចំពោះការពិតដែលក្មួយបានប្ដេជ្ញាចិត្តរួចហើយនោះ ។ ក្មួយបានរក្សា « សណ្ឋានទីមួយ »១៣របស់ក្មួយ ហើយឥឡូវនេះសំណួរគឺថា តើក្មួយនឹងរក្សាការប្ដេជ្ញាចិត្តនោះនៅក្នុង « សណ្ឋានទីពីរ » នេះ ហើយ « បានសិរីល្អបន្ថែមទៅលើក្បាល [ ក្មួយ ] ជារៀងដរាបរហូតតទៅ » ១៤ ដែរឬទេ ? យើងមិនគួរខ្លាចដើម្បីបញ្ជាក់ការប្ដេជ្ញាចិត្តពីជីវិតមុនផែនដីជាថ្មីឡើយ ជាពិសេសពេលយើងគិតដល់ជម្រើសដ៏អាក្រក់នោះ ?
ហើយយើងមិនត្រូវរស់នៅក្នុងការខ្លាចបរាជ័យឡើយ ។ យើងពុំនៅតែឯងទេ ។ យើងពុំមែនគ្មានជំនួយទេ ។ នរណាដែលពិតជាប្ដេជ្ញាចិត្តលើព្រះគ្រីស្ទ លើភាពជាសិស្សដ៏ពេញលេញ មិនអាចបរាជ័យឡើយ ។ បើយើងនៅជាប់នឹងទ្រង់ ដែលចុះមកក្រោមរាល់ការណ៍ទាំងអស់ ដែលបានឈ្នះការណ៍ទាំងអស់ ហើយដែលមានគ្រប់ព្រះចេស្ដានាពេលនេះ នោះយើងមិនអាចបរាជ័យឡើយ ។១៥ ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់យើងមិនគ្រាន់តែជាអង្គសង្កេតមើលដោយគ្មានចំណាប់អារម្មណ៍នោះទេ ទ្រង់ចង់ឃើញថា តើការណ៍នេះនឹងដំណើរការសម្រាប់យើងឬអត់ ។ តើក្មួយអាចស្រមៃឃើញទ្រង់ទតចុះក្រោមពីស្ថានសួគ៌មានបន្ទូលថា « មើលទៅសេម ។ គាត់ខកលើកមុន ពេលគាត់ប្រឈមនឹងស្ថានភាពដូចលើកនេះ ហើយយើងទាយថា គាត់នឹងធ្វើវាដូចលើកមុនទៀត » ឬ « អេ មើលន៎ ។ មិត្តរបស់សាន់ដ្រាបានដាក់នាងក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរមួយ ។ វានឹងល្អមើលថា តើនាងអាចដោះចេញពីស្ថានភាពនេះបានឬអត់ » ។ ពិតណាស់ វាគួរឲ្យអស់សំណើច ។ ពួកទ្រង់ចូលរួមយ៉ាងសកម្មនៅខាងយើង ផ្ដល់ជំនួយ ការដឹកនាំ និងធនធានយ៉ាងខ្ជាប់ខ្ជួន ហើយប្រហែលជាផ្ដល់ឲ្យយើងបន្ថែមទៀត បើយើងទទួលយកវានោះ ។
ខ្ញុំបាននិយាយពីមុនមកថា ពេលយើងគោរពសេចក្ដីសញ្ញាដែលចងយើងទៅនឹងព្រះគ្រីស្ទ និងព្រះចេស្ដារបស់ទ្រង់ នោះយើងមិនអាចបរាជ័យឡើយ ។ ការណ៍នោះគឺពិតនៅទីបញ្ចប់ ប៉ុន្ដែខ្ញុំទទួលស្គាល់ថា ពេលខ្លះ ពួកយើងទាំងអស់គ្នាដកពិសោធន៍បរាជ័យ—កំហុស និងអំពើបាបរបស់យើងផ្ទាល់ និងឥទ្ធិពលដែលកំហុស និងអំពើបាបរបស់មនុស្សដទៃមានមកលើយើងពេលខ្លះ ។ ប៉ុន្ដែដោយមានអំណោយទាននៃការប្រែចិត្ត និងការអភ័យទោស នោះបរាជ័យ និងការធ្លាក់ទាំងអស់នេះគឺបណ្ដោះអាសន្នប៉ុណ្ណោះ ។ គ្មានវាណាមួយអាចទម្លាក់យើងពីជីវិតដ៏អស់កល្បដោយគ្មានការយល់ព្រមពីយើងឡើយ ។ ហេតុអ្វី ? ព្រោះពេលយើងធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីស្ដារឡើង នោះយើងមានព្រះគុណនៃព្រះគ្រីស្ទដើម្បីដោះស្រាយ និងជួសជុលអ្វីៗដែលយើងមិនអាចធ្វើបាន ។ សូមចាំថា ព្រះចេស្ដាដ៏ធួន ឬព្រះគុណរបស់ព្រះគ្រីស្ទមិនត្រឹមតែដកចេញកំហុស ឬអំពើបាបប៉ុណ្ណោះទេ វាថែមទាំងបន្សុទ្ធ និងធ្វើឲ្យយើងទៅជាតួដ៏បរិសុទ្ធ អាចរស់នៅក្នុងវត្តមាននៃព្រះបានទៀតផង ។១៦
តែខ្ញុំមិនមែននិយាយថា អ្វីទាំងអស់នេះគឺងាយស្រួលទេ ។ ក្មួយដឹងដូចខ្ញុំដឹងដែរថា ជីវិតគឺពេញដោយការតស៊ូ និងរឿងដ៏ពិបាកខ្លាំងមួយចំនួន ថែមទាំងសោកនាដកម្មទៀត ។ ហើយការធ្វើជាសិស្សដ៏ស្មោះត្រង់ម្នាក់របស់ព្រះយេស៊ូវគ្រីស្ទគឺងាយនិយាយជាងធ្វើ ។ វាមិនងាយស្រួលសម្រាប់ព្រះយេស៊ូវដើម្បីធ្វើជាសិស្សរបស់ព្រះវរបិតាទ្រង់ និងផឹក « ពែងល្វីង » របស់ទ្រង់ឡើយ ។១៧ ប៉ុន្ដែទ្រង់បានធ្វើវា ហើយទ្រង់ជ្រាបពីរបៀបជួយយើងឲ្យដើរលើផ្លូវនៃភាពជាសិស្សនេះដោយជោគជ័យ ។ លើសពីនេះ ព្រះអង្គសង្រ្គោះមានអំណាច និងព្រះទ័យជួយយើង ។ ទ្រង់នឹងគង់នៅជាមួយយើង ផ្ដល់ជំនួយតាមដែលយើងត្រូវការ និងទោះយូរប៉ុណ្ណាក៏ដោយ ។ ទ្រង់មានបន្ទូលថា « មែនហើយ ហើយដរាបណារាស្ត្រយើងប្រែចិត្ត យើងនឹងអត់ទោសឲ្យគេចំពោះការរំលងច្បាប់ទាំងឡាយដែលគេបានប្រព្រឹត្តទាស់នឹងយើង » ។១៨ ការខ្លាចបរាជ័យមិនមែនជាហេតុផលមិនព្រមធ្វើការប្ដេជ្ញាចិត្តលើព្រះគ្រីស្ទយ៉ាងពេញលេញឡើយ ។ ត្រូវបន្ដប្រែចិត្ត និងធ្វើឲ្យពីលទ្ធភាពរបស់ក្មួយដើម្បីធ្វើល្អ—នោះនឹងគ្រប់គ្រាន់ហើយ ។
ពលិកម្ម
ខ្ញុំអាចគិតដល់មូលហេតុមួយទៀត ដែលបុគ្គលម្នាក់អាចស្ទាក់ស្ទើរមិនឆ្លើយតបនឹងការហៅរបស់អ្នកគង្វាលល្អ ហើយព្រមចូលក្រោលរបស់ទ្រង់ ៖ ការខ្លាចពលិកម្មដែលអាចតម្រូវឲ្យមាន ។ ក្មួយទាំងអស់គ្នានៅចាំយុវជន ដែលទូលសួរព្រះយេស៊ូវដោយចិត្តស្មោះសរថា « តើនៅខ្វះអ្វីទៀត ? ដើម្បីឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច ។១៩ ម៉ាកុសប្រាប់យើងថា « ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់ » [ ខ្ញុំគិតថា នេះគឺសំខាន់ ] « ហើយមានព្រះបន្ទូលថា អ្នកនៅខ្វះកិច្ច១ទៀត គឺត្រូវទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅលើស្ថានសួគ៌វិញ រួចឲ្យផ្ទុកឈើឆ្កាងមកតាមខ្ញុំចុះ » ។២០ ក្មួយចាំចម្លើយថា ៖ « តែគាត់មានចិត្តព្រួយណាស់ ដោយឮពាក្យនោះ ក៏ចេញទៅទាំងក្តីទុក្ខ ព្រោះគាត់មានសម្បត្តិច្រើនណាស់ » ។២១
ខ្ញុំសង្ឃឹមថា ដោយបានពិចារណា យុវជនស្ដុកស្ដម្ភនេះបានមានការផ្លាស់ប្ដូរដួងចិត្ត ហើយក្រោយមកទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ។ ក្នុងករណីណាក៏ដោយ យើងទាំងអស់គ្នាដឹងថា ការប្ដេជ្ញាចិត្តលើព្រះគ្រីស្ទនឹងទាក់ទងដល់ពលិកម្ម ។ រឿងមួយដែលត្រូវពលីនោះគឺ « ការភ័យខ្លាចក្នុងការខកខាន » ដោយសារយើងដឹងច្បាស់ថា យើងនឹងខកខានរឿងជាច្រើន ។ ជម្រើសជាច្រើនក្នុងជីវិតមិនចុះសម្រុងនឹងភាពជាសិស្សឡើយ ហើយសូម្បីតែរឿងល្អជាច្រើនអាចត្រូវបិទ ដោយសារភាពជាសិស្សតម្រូវឲ្យយើងចំណាយពេល និងធនធានសម្រាប់រឿងដែលប្រសើរជាងនេះ ឬល្អបំផុត ។
យុវជនដ៏ស្មោះដែលបានទូលសួរព្រះអង្គសង្គ្រោះថា « តើខ្ញុំនៅខ្វះអ្វីទៀត ? » បានស្លាប់ ។ ទ្រព្យធនទាំងប៉ុន្មានដែលគាត់មានប្រហែលជាលែងមានទៀតហើយ ហើយក្នុងករណីណាក្ដី គាត់មិនមានវាទេ ហើយគាត់ក៏មិនត្រូវការប្រើប្រាស់វាទៀតដែរ ។ ពលិកម្មដែលវាមើលធំខ្លាំងចំពោះគាត់នាពេលនោះ តើគាត់មានជម្រើសប្រសើរជាងការទទួលយកការអញ្ជើញរបស់លោកចៅហ្វាយដែរឬទេ ? តើអ្វីៗដែលគាត់មាន ឬអាចរកបានជាមួយនឹងទ្រព្យធនរបស់គាត់ អាចប្រៀបបាននឹងអ្វីដែលព្រះអម្ចាស់ប្រទានដល់គាត់នៅចុងបំផុតទេ ? យើងដឹងថា អ្វីៗដែលព្រះអង្គសង្គ្រោះសុំយើង រួមទាំងជីវិតរបស់យើងផ្ទាល់ គឺមិនសំខាន់ឡើយ បើប្រៀបនឹងការលើកតម្កើងនោះ ។ យើងមិនអាចសូម្បីតែស្រមៃថា ៖ « សេចក្តីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្តីនោះឯងដែលព្រះបានរៀបចំទុកសម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់ » ។២២
ជាជាងការខ្លាចពលិកម្មនៃភាពជាសិស្ស យើងគួរតែស្វាគមន៍ដល់ឱកាសធំធាត់ខាងអំណាចវិញ្ញាណ ដើម្បីទទួលបានអំណរដ៏ច្រើនជាងនេះ ហើយរកឃើញអត្ថន័យដ៏ពិតនៃជីវិតរបស់យើងម្នាក់ៗ ។ ពលិកម្ម ជាពិសេសពលិកម្មក្នុងបុព្វហេតុនៃព្រះគ្រីស្ទបង្ហាញពីភាពម៉ឺងម៉ាត់—យើងពិតជានឹងរក្សាបានបទបញ្ញត្តិធំទាំងពីរដើម្បីស្រឡាញ់ព្រះ និងអ្នកជិតខាង ។ ពលិកម្មមានន័យថា យើងនឹងធ្វើការល្អខ្លះក្នុងពិភពលោកនេះជាប្រាកដ ។
ការស្រឡាញ់ព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រាសំណព្វរបស់ទ្រង់ឲ្យអស់ពីចិត្ត គំនិត កម្លាំង និងពលំបញ្ជាក់ដល់ព្រលឹងរបស់យើងថា យើងជានរណា ។ ការណ៍នោះផ្ដល់ការធានាដល់យើងមួយប្រភេទ ដែលអាចឲ្យយើងឈប់ផ្ដោតតែលើខ្លួនយើង ហើយមើលទៅខាងក្រៅ មើលទៅមនុស្សដទៃដោយពិត—គឺតម្រូវការរបស់ពួកគេ និងភាពពិតដែលពួកគេប្រឈម ដោយមានបំណងដើម្បីយល់ និងជួយពួកគេ ។ នៅក្នុងរឿងប្រៀបប្រដូចសាសន៍សាម៉ារីល្អ សង្ឃ និងពួកសាសន៍លេវីបានឃើញអ្នកដំណើរមានរបួសនៅតាមផ្លូវ ប៉ុន្ដែពួកគេមិនបានឃើញគាត់ជាប្រាកដទេ ។ មានតែសាសន៍សាម៉ារីដ៏ពិតប៉ុណ្ណោះដែលបានឃើញជនចម្លែកមានរបួស ហើយជាលទ្ធផល « ក៏មានចិត្តក្តួលអាណិតដល់គាត់ ទើបចូលទៅរុំរបួសឲ្យ ព្រមទាំងយកប្រេង និងស្រា ចាក់លាប » ។២៣ មនុស្សជាច្រើនមានអារម្មណ៍ឯកោមិនស្បើយ ។ ពិតណាស់ ពលិកម្មរបស់យើងអាចធ្វើឲ្យមានភាពខុសគ្នាមួយ ។
ការបេ្ដជ្ញាចិត្ត
ការប្ដេជ្ញាចិត្តដ៏ទូលំទូលាយ ដែលធានាដល់ក្ដីអំណរនៅទីនេះ និងតរៀងទៅគឺ ការប្ដេជ្ញាចិត្តលើព្រះជាព្រះវរបិតាដ៏អស់កល្បជានិច្ចរបស់យើង និងព្រះរាជបុត្រារបស់ទ្រង់ជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ នៅក្នុងអោមណៃ យើងឃើញការអង្វរដ៏មានវោហាសព្ទនេះ ៖
« ខ្ញុំចង់ឲ្យអ្នកមករកព្រះគ្រីស្ទ ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ហើយទទួលទាននូវសេចក្ដីសង្គ្រោះរបស់ទ្រង់ និងព្រះចេស្ដានៃសេចក្ដីប្រោសលោះរបស់ទ្រង់ចុះ ។ មែនហើយ ចូរមករកទ្រង់ ហើយចូរថ្វាយព្រលឹងអ្នកទាំងមូល ជាដង្វាយថ្វាយដល់ទ្រង់ ហើយចូរបន្តការតមអាហារ និងការអធិស្ឋាន ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត ហើយប្រាកដដូចជាព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់នៅ នោះអ្នករាល់គ្នានឹងបានសង្គ្រោះ » ។២៤
មានរឿងមួយប្រាប់ពីឪពុកម្នាក់ ដែលដាក់កូនប្រុសតូចគាត់ឲ្យគេង ហើយកាលគាត់ចេញពីបន្ទប់គេបានឮសូរក្តុក ។ ពេលត្រឡប់ទៅវិញ គាត់បានឃើញកូនប្រុសគាត់នៅលើដី ហើយសួរថា តើគាត់ធ្លាក់ពីលើគ្រែដោយរបៀបណា ។ កុមារានោះឆ្លើយថា « កូនមិនបានឡើងគ្រែឲ្យស៊ុប » ។ សូមប្រាកដក្នុងការប្ដេជ្ញាចិត្តរបស់ក្មួយលើព្រះថា ក្មួយចូលស៊ុប ។
ក្មួយជាផ្នែកនៃរូបកាយនៃព្រះគ្រីស្ទ ។២៥ ក្មួយជារបស់ផងទ្រង់ ។ សូមចូលឲ្យស៊ុប ដោយផ្ដល់ និងទទួលបានដោយសេរី ។ ដើម្បីមើលច្បាស់នូវអ្នកដែលនៅជុំវិញក្មួយ ហើយក្មួយនឹងមានជីវិតល្អពេលគេមើលឃើញ ជាជីវិតនៃការងារបម្រើ ពរជ័យ និងភាពស្កប់ស្កល់ ។ ជាជីវិតមួយដែលត្រូវបានពរ និងញែកចេញជាបរិសុទ្ធដោយព្រះអង្គសង្គ្រោះ ដែលបានយកឈ្នះលើរឿងគ្រប់យ៉ាង និងដោយព្រះគុណទ្រង់ នោះអ្នកក៏នឹងយកឈ្នះលើរឿងគ្រប់យ៉ាងផងដែរ ។
ការប្រគុំតន្ដ្រីថ្ងៃត្រួសត្រាយផ្លូវនារដូវក្ដៅឆ្នាំមុនដោយក្រុមចម្រៀងរោងឧបោសថ និងក្រុមតន្ដ្រីនៅឯព្រះវិហារបរិសុទ្ធបានបង្ហាញអ្នកចម្រៀងជនជាតិណ័រវ៉េដ៏ប៉ិនប្រសប់ខ្លាំងម្នាក់ឈ្មោះ ស៊ីស៊ិល ។ អ្នកទស្សនា រួមទាំងខ្លួនខ្ញុំដែរ បានចាប់ចិត្តយ៉ាងខ្លាំងនឹងចម្រៀងប្រកបដោយគារវភាពរបស់នាងមួយបទថា « ចូរបង្អង់ » ដែលរំឭកដល់បទគម្ពីរមកពីទំនុកតម្កើង « ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ » ។២៦
ខ្ញុំសូមចាក់វីដេអូស៊ីស៊ិលច្រៀងនៅឱកាសនោះ ហើយកាលក្មួយស្ដាប់ ខ្ញុំសូមឲ្យក្មួយសញ្ជឹងគិតពីសារមួយថា យើងអាចមានទំនុកចិត្តយ៉ាងពេញលេញលើព្រះ និងលើក្ដីស្រឡាញ់ និងព្រះទ័យដ៏មហិមារបស់ទ្រង់ ដែលចង់ប្រទានពរ និងគាំទ្រយើងឲ្យទទួលអ្វីដែលនឹងកើតមាន ។ ហើយសូមពិចារណាពីភាពពិសិដ្ឋក្នុងការប្ដេជ្ញាជីវិតក្មួយ និងខ្លួនក្មួយលើទ្រង់ ឲ្យទទួលអ្វីដែលនឹងកើតមាន ។
បន្ថយល្បឿន » ។ ចូររៀបចំគំនិត និងដាក់ចិត្តក្មួយថា ក្មួយជ្រើសរើសយកព្រះ ។ សូមរកពេលស្ងប់ស្ងាត់ ពេលក្មួយអាចលុតជង្គង់ចុះនៅទីឯកជនមួយ ហើយថ្លែងទៅព្រះវរបិតាសួគ៌ក្មួយ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទថា ក្មួយគឺជារបស់ផងទ្រង់ ថាក្មួយប្ដេជ្ញាចិត្ត ទាំងរូបកាយ និងព្រលឹងទៅទ្រង់ ព្រះរាជបុត្រាទ្រង់ និងផ្លូវដំណឹងល្អនេះ ។ រួចហើយធ្វើតាមការដឹកនាំទ្រង់ នាពេលនេះ និងពេញមួយជីវិតរបស់ក្មួយ ។ សូមកុំស្ទាក់ស្ទើរ ឬមិនហ៊ានទៀតឡើយ ប៉ុន្ដែសូមបន្ដដោយមានបំណង និងបេសកមម្មក្នុងជីវិតរបស់ក្មួយ ។ ជីវិតរមែងស្លាប់គឺខ្លីណាស់ ។ សូមធ្វើឲ្យពេលវេលានេះមានតម្លៃ ដើម្បីឲ្យភាពអស់កល្បរបស់ក្មួយក្លាយជាក្ដីអំណរមួយ មិនមែនជាវិប្បដិសារីឡើយ ។ តើក្មួយមិនមានអារម្មណ៍ថា ព្រះវិញ្ញាណកំពុងប្រាប់ក្មួយថា ការណ៍នេះត្រឹមត្រូវទេឬ ? ហើយសូមទៅមុខដោយមានទំនុកចិត្ត ។
ខ្ញុំសន្យានឹងក្មួយថា រង្វាន់របស់ព្រះអម្ចាស់សម្រាប់ការផ្ដល់របស់ក្មួយទាំងអស់នឹងជាអ្វីទាំងអស់ ដែលទ្រង់មានដើម្បីប្រទាន « វាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ » ។28 ភាពពិតនៃការរស់ឡើងវិញរបស់ទ្រង់គឺជាភស្តុតាងថា ទ្រង់មានអស់ទាំងព្រះចេស្ដា ថាទ្រង់អាចប្រទានអ្វីដែលទ្រង់បានសន្យា ហើយថាទ្រង់នឹងប្រទាន ។ ទ្រង់គឺជាជីវិត ហើយទ្រង់យាងមក ដើម្បីឲ្យយើងអាចមានជីវិត ហើយ « ឲ្យមានជីវិតនោះពេញបរិបូរផង » ។29 ខ្ញុំប្រាប់ក្មួយក្នុងនាមជាមនុស្សម្នាក់ ដែលដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះប្រោសលោះដ៏មានព្រះជន្មរស់ ។ ការពិតនោះធ្វើឲ្យមានភាពខុសគ្នាទាំងអស់ក្នុងពិភពលោកនេះ និងក្នុងភាពអស់កល្ប ។ ខ្ញុំសូមផ្ដល់ពរជ័យរបស់ទ្រង់ដល់ក្មួយៗ និងថ្លែងសាក្សីខ្ញុំ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។