ពុះពារនឹងជីវិតដោយមានដៃគូជាព្រះវិញ្ញាណបរិសុទ្ធ
ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ
ថ្ងៃ អាទិត្យ ទី ៣ ខែ ឧសភា ឆ្នាំ ២០២០
អរុណសួស្តី ក្មួយ ប្រុស ស្រី ជា ទី ស្រឡាញ់ ។ ខ្ញុំពិតជាមានអំណរគុណចំពោះ បទចម្រៀងនោះណាស់ ។ វាជាបទចម្រៀងដ៏ពិសេសមួយគ្រប់ពេលទាំងអស់ដែលខ្ញុំចូលចិត្តហើយវាផ្តល់ឲ្យខ្ញុំនូវអារម្មណ៍សុខសាន្តនិងក្តីស្រឡាញ់នៅពេលនេះ ។ ខ្ញុំក៏ចង់បង្ហាញពីភាពរាបទាបនិងក្តីស្រឡាញ់របស់ខ្ញុំដែលបាននៅទីនេះជាមួយក្មួយៗនាល្ងាចនេះ ។ ការស្គាល់មនុស្សជាច្រើននៅជុំវិញពិភពលោកវាពិតជាគួរឲ្យស្ញប់ស្ញែងណាស់ដើម្បីដឹងថាការអធិស្ឋានត្រូវបានឆ្លើយតប ។ ហើយខ្ញុំចង់ផ្ញើក្តីស្រឡាញ់របស់ខ្ញុំដល់ចៅៗ របស់យើងដែលយើងមិនបានឃើញអស់រយៈពេលជាច្រើនខែ ។ សង្ឃឹមថាពួកគេនឹងស្តាប់ហើយដឹងថាយើងស្រឡាញ់ពួកគេខ្លាំងប៉ុណ្ណា ។
បើសិនពួកគេនៅទីនេះ ពួកគេនឹងថ្លែងពីការពិតថាខ្ញុំចូលចិត្តអាកាសធាតុគ្រប់ប្រភេទទាំងអស់ ៖ មេឃបើកថ្ងៃ ខ្យល់បក់រំភើយ ព្យុះព្រិល ខ្យល់ព្យុះ មានផ្គររន្ទះ ហើយសូម្បីតែព្យុះសមុទ្រន័រអ៊ីស្ទើរ ដែលមានទឹករលកយក្សបោកបក់ខ្ចាយឆ្នេរខ្សាច់ក្ដី ។ ជាង ៤៥ ឆ្នាំកន្លងមកនេះ យើងបានរស់នៅកន្លែងខុសៗគ្នាជាច្រើននៃសហរដ្ឋ និងជុំវិញពិភពលោក ហើយកន្លែងនីមួយៗមានឧបសគ្គអាកាសធាតុរៀងៗខ្លួន ។ នៅសហរដ្ឋ ភូមិភាគកណ្ដាលឆៀងខាងលិច វាមានព្យុះរន្ទះ និងខ្យល់ព្យុះយ៉ាងខ្លាំងនៅភាគអាគ្នេយ៍ វាមានព្យុះខ្យល់កួច នៅភាគឦសាន មានព្យុះទឹកកក និងភ្លៀងទឹកកក ហើយនៅភាគខាងលិច មានគ្រោះរាំងស្ងួតសាតាអាណា និងការរញ្ជួយដី ។ នៅអាហ្វ្រិកភាគខាងលិច មានភ្លៀងធ្លាក់ហូរហៀរយ៉ាងខ្លាំង និងព្យុះខ្សាច់ក្រហមមកពីហាម៉ាថាន ពីខ្យល់សាហារ៉ានៅទូទាំងប្រទេស នៅអឺរ៉ុបមានភ្លៀង ភ្លៀងលាយព្រិល ព្រិល និងថ្ងៃចែងចាំង ពេលខ្លះអ្វីទាំងអស់កើតក្នុងថ្ងៃតែមួយ រួចហើយនៅអាស៊ី យើងដឹងពីអំណាចនៃព្យុះទីហ្វុង ។ ខ្ញុំរំភើបនឹងបទពិសោធន៍អាកាសធាតុខុសៗគ្នាទាំងអស់នេះជានិច្ច ! តើខ្ញុំអាចនិយាយយ៉ាងម៉េចទៅ ? ខ្ញុំពេញចិត្តនឹងអាកាសធាតុ !
និយាយដូច្នេះ មានន័យថាដូចខ្ញុំទន្ទឹងការដកពិសោធន៍ម្តាយធម្មជាតិ និងភាពអស្ចារ្យរបស់វា នោះខ្ញុំក៏ខ្លាចអំណាច និងគ្រោះថ្នាក់ដែលអាចកើតមានក្នុងព្រឹត្តិការណ៍អាកាសធាតុដ៏កាចសាហាវជានិច្ចដែរ ។ ខ្ញុំមិនដែលប្រថុយជីវិតខ្ញុំ មិនថាខ្ញុំឃើញការល្បួង ឬសម្រស់នៅក្នុងកម្លាំងនោះយ៉ាងណាទេ ។ ខ្ញុំមិនដែលមានចេតនាទៅឈរនៅកណ្ដាលវាលល្ហល្ហែវដើម្បីគ្រាន់តែអង្កេតមើលរន្ទះបាញ់ដ៏អស្ចារ្យនោះទេ ខ្ញុំមិនចុះហែលទឹកសមុទ្រ ខណៈមានរលកដ៏ខ្លាំងបោកបក់មកលើច្រាំងយ៉ាងគ្រោះថ្នាក់ឡើយ ហើយខ្ញុំក៏មិនជន្លលេងនឹងម្តាយធម្មជាតិដោយភ្លេចទៅរកជម្រកពេលខ្យល់កួច ឬខ្យល់ព្យុះកំបុតត្បូងមកដល់នោះដែរ ។ ខ្ញុំពិតជាស្គាល់ភាពខ្សោយរបស់ខ្ញុំផ្ទាល់ បើប្រៀបទៅនឹងកម្លាំងដ៏ខ្លាំងនៃអាកាសធាតុដែលមានជុំវិញខ្ញុំនោះ ។
សម្រាប់ខ្ញុំ កម្លាំងនៃការប្ដូរអាកាសធាតុគឺជាការប្រៀបធៀបដ៏សំខាន់ក្នុងជីវិត ។ កាលយើងដើរចេញពីផ្ទះយើងរាល់ថ្ងៃ ក្មួយៗ និងខ្ញុំត្រូវបានស្វាគមន៍ដោយព្រឹត្តិការណ៍អាកាសធាតុដែលរូបកាយយើងដឹងតែគ្រប់គ្រងមិនបានផង និងដោយកម្លាំង និងការល្បួងអាកាសធាតុខាងវិញ្ញាណដ៏មានអានុភាពខ្លាំងផង ។ ទោះជាកាលៈទេសៈរៀងខុសគ្នាសម្រាប់ក្មួយម្នាក់ៗមែន តែវាគួរបណ្ដាលឲ្យក្មួយសួរថា « តើខ្ញុំអាចរៀបចំខ្លួនសម្រាប់អាកាសធាតុប្រចាំថ្ងៃដែលនៅជុំវិញជីវិតខ្ញុំឲ្យបានល្អបំផុតដោយរបៀបណា ? »
ខ្ញុំជឿថា យើងធ្វើការណ៍តាមអ្វីដែលព្យាការីរបស់យើង គឺប្រធានណិលសុន បានទូន្មាននៅសន្និសីទថ្មីៗរបស់យើងថាឲ្យធ្វើតាម « ការប្រកាសដ៏មហិមាដែលបានបើកគ្រាកាន់កាប់ត្រួតត្រានេះ [ នៅពេល ] ព្រះ … មានបន្ទូលថា ‹ នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្ដាប់ទ្រង់ចុះ ![ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ]១
យើងអាចមើលមិនឃើញ ឬមិនយល់ច្បាស់ពីអ្វីដែលអាចកួចឆ្ពោះមកកាន់យើង នៅលើយើង ឬពីក្រោយយើង ឬថាយើងមិនអាចដឹងពីកម្លាំងដ៏ខ្លាំងដែលមើលមិនឃើញដែលបោកបក់មករកយើងឡើយ ប៉ុន្ដែយើងអាចមានទំនុកចិត្តលើដំណើរប្រចាំថ្ងៃរបស់យើងបាន បើយើង « ស្ដាប់ទ្រង់ » ។ អែលឌើរ ប៊យដ៏ ខេ ផាកកឺ បាននិយាយជាញឹកញាប់ថា « បើអ្វីទាំងអស់ដែលអ្នកដឹងជាអ្វីដែលអ្នកឃើញដោយភ្នែកធម្មជាតិរបស់អ្នក និងឮដោយត្រចៀកធម្មជាតិរបស់អ្នក នោះអ្នកនឹងមិនដឹងច្រើនទេ » ។
សេចក្ដីពិតដ៏អស្ចារ្យនៃការនិមិត្តដំបូងគឺភាពពិតនេះ ៖ បើក្មួយពឹងតែលើទស្សនៈ និងចំណេះដឹងរបស់ក្មួយផ្ទាល់ នោះក្មួយនឹងមើលមិនឃើញរូបភាពដ៏ធំជុំវិញក្មួយឡើយ ហើយព្រលឹងរបស់ក្មួយអាចស្ថិតក្នុងគ្រោះថ្នាក់ ។ នៅក្នុងសន្និសីទទូទៅថ្មីៗនេះ ប្រធាន ណិលសុនបានមានប្រសាសន៍ម្តងទៀត ៖
« វាគ្មានអ្វីចាំបាច់ជាងការស្គាល់ពីរបៀបដែលព្រះវិញ្ញាណមានបន្ទូលមកកាន់បងប្អូននាពេលនេះទេ ។ នៅក្នុងក្រុមព្រះ ព្រះវិញ្ញាណបរិសុទ្ធគឺជាអ្នកនាំសារ ។ ទ្រង់នឹងនាំគំនិតនានាចូលទៅក្នុងចិត្តដែលព្រះបិតា និងព្រះរាជបុត្រាចង់ឲ្យក្មួយទទួល ។ ទ្រង់ជាអង្គលួងលោមចិត្ត ។ ទ្រង់នឹងនាំអារម្មណ៍នៃភាពសុខសាន្ដមកកាន់ដួងចិត្តរបស់ក្មួយ ។ ទ្រង់ថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ហើយនឹងបញ្ជាក់នូវអ្វីជាការពិត នៅពេលក្មួយស្ដាប់ ហើយអានព្រះបន្ទូលរបស់ព្រះអម្ចាស់ ។
« ខ្ញុំសូមធ្វើការអង្វរជាថ្មីទៅកាន់បងប្អូន សូមធ្វើ អ្វីក៏ដោយដើម្បីចម្រើនសមត្ថភាពខាងវិញ្ញាណបងប្អូនក្នុងការទទួលវិវរណៈផ្ទាល់ខ្លួន » ។២
ជាយូរមក តាមរយៈការបង្រៀនខាងវិញ្ញាណក្នុងការពុះពារផ្ទាល់ខ្លួន និងចម្លើយចំពោះការអធិស្ឋាន ខ្ញុំបានដឹងពីភាពពិត និងសេចក្ដីពិតដ៏អស្ចារ្យនេះ ៖ ដើម្បីជួយយើងឲ្យឃើញ និងរៀបចំសម្រាប់ខ្យល់កួច ឬព្យុះណាមួយ នោះព្រះបានប្រទានដល់យើងនូវការសន្យា និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងវិវរណៈផ្ទាល់ខ្លួន ។ វាជាអំណោយដែលមិនអាចកាត់ថ្លៃបាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងដែលអាច « បង្រៀន [ យើង ] ពីគ្រប់សេចក្តីទាំងអស់ » ។៣
ពេលខ្ញុំធំឡើង ខ្ញុំបានគិតថាវិវរណៈជាអ្វីមួយដែលមានសម្រាប់តែថ្នាក់ដឹកនាំសាសនាចក្រឬ ព្យាការី សាវក ប៊ីស្សព និងមនុស្សចាស់ៗ តែប៉ុណ្ណោះប៉ុន្ដែមិនមែនសម្រាប់ខ្ញុំជាមនុស្សវ័យក្មេងទេ ។ សព្វថ្ងៃខ្ញុំដឹងខុសពីមុន ហើយខ្ញុំថ្លែងទីបន្ទាល់នាល្ងាចនេះថា វិវរណៈផ្ទាល់ខ្លួនជាពរជ័យមួយ ដែលយើងត្រូវតែស្វែងរក ។ ពេលដួងចិត្ត និងគំនិតយើងរាបទាប អាចបង្រៀនបាន ហើយបើកដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងត្រូវបានបង្រៀនសេចក្ដីពិត និងដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ។ ក្មួយៗមួយចំនួនប្រហែលជាមានអារម្មណ៍ថាមិនសក្តិសមនិងសម្លេងនៃការដឹកនាំរបស់ព្រះទេ ។ ក្មួយៗប្រហែលជាមានអារម្មណ៍ដូច លេមិន លេយួលថាព្រះនឹងមិនធ្វើឲ្យសម្លេងរបស់ទ្រង់« ស្កាល់ »ដល់ក្មួយទេ ។ ចូរ កុំ ជឿ ដូច្នោះ ឡើយ ! ព្រះវិញ្ញាណរបស់ទ្រង់គឺមានសម្រាប់មនុស្សទាំងអស់គ្នា ។ អែលឌើរឌី ថត គ្រីស្តូហ្វឺសិនថ្មីៗនេះបានមានប្រសាសន៍ថា« យើងពុំចាំបាច់ … ទទួលបានសមត្ថភាព ឬសេចក្ដីល្អក្នុងកម្រិតខ្លះ មុនពេលព្រះនឹងជួយនោះទេ—ជំនួយព្រះ អាចជារបស់[ ក្មួយ ]នៅគ្រប់ម៉ោងរាល់ថ្ងៃ » ។៤ ព្រះនឹងជួបក្មួយមិនថាក្មួយនៅកន្លែងដោយគ្មានកាលៈទេសៈឡើយ ។ ព្រះយេស៊ូវមានបន្ទូលថា « ចូរសុំនោះអ្នកនឹងទទួល »។៥ ជាការពិតស្ថានសួគ៌ចូលកាន់តែជិតហើយបើកចំហកាន់តែខ្លាំងនៅពេលក្មួយស្វែងរកដោយរាបសារនិងឧស្សាហ៍ព្យាយាមដើម្បីស្វែងយល់និងកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
ជីវិតរបស់ក្មួយនិងជីវិតរបស់អ្នកដទៃនឹងត្រូវបានប្រទានពរនៅពេលក្មួយធ្វើសកម្មភាពយ៉ាងក្លៀវក្លាចំពោះការបំផុសគំនិតណាមួយនិងទាំងអស់ដែលបានផ្តល់ឲ្យដោយព្រះវិញ្ញាណ ។ ខ្ញុំសូមចែកចាយបទពិសោធន៍មួយ ដែលបង្រៀនខ្ញុំពីសេចក្ដីពិតនេះច្រើនឆ្នាំកន្លងទៅ ។ ជាច្រើនឆ្នាំកន្លងទៅ ពេលកូនស្រីច្បងរបស់យើងជានិស្សិតនៅសាកលវិទ្យាល័យយូថាហ៍ ខ្ញុំត្រូវបានដាស់ដោយស្រួលទាំងកណ្ដាលយប់ ហើយបានទទួលចំណាប់អារម្មណ៍ភ្លាមៗដ៏ស្ងប់ស្ងាត់មួយអំពីនាង ។ ខ្ញុំបានស្វាងចែស ប៉ុន្ដែមិនមានអារម្មណ៍ភ័យខ្លាច—នោះទេ តែជាក្ដីស្រឡាញ់ចំពោះនាង—ប៉ុន្ដែបានទទួលអារម្មណ៍ថា នាងអាចស្ថិតក្នុងគ្រោះថ្នាក់ ។ យើងរស់នៅក្រុងខនណិកធិកខាត់ នាងរស់នៅរដ្ឋយូថាហ៍ម្ខាងទៀតនៃប្រទេស ។ បន្ទាប់មក គំនិតនេះកើតមានដល់ខ្ញុំ ៖ « ចូរទូរសព្ទហៅប៉ូលីស ។ សូមសួរពួកគេថា តើពួកគេអាចបញ្ជូនឡានប៉ូលីសមួយទៅត្រួតពិនិត្យមើលតំបន់ដែលនាងរស់នៅបានទេ » ។ ខ្ញុំស្ទាក់ស្ទើរមួយសន្ទុះ ដើម្បីព្យាយាមយល់ ពីអ្វីដែលខ្ញុំកំពុងឮហើយស្ដាប់សម្លេងនោះម្ដងទៀត ៖ « ចូរទូរសព្ទហៅប៉ូលីស » ។ ដូច្នេះ ខ្ញុំបានធ្វើការណ៍នោះ ។ ខ្ញុំបានទូរសព្ទទៅប៉ូលីស ។ ខ្ញុំមិនអាចពន្យល់ច្រើនពីមូលហេតុដល់មន្ដ្រីប៉ូលីសពីមូលហេតុដែលខ្ញុំស្នើសុំក្នុងកណ្តាលអាធ្រាតបែបនេះទេ ប៉ុន្ដែខ្ញុំបានប្រាប់គាត់ថា ខ្ញុំពិតជាមានអំណរគុណណាស់ បើគាត់អាចបញ្ជូនឡានមួយទៅត្រួតពិនិត្យតំបន់ផ្ទះរបស់កូនស្រីខ្ញុំ ។ គាត់បានធានាខ្ញុំថា គាត់នឹងបញ្ជូន ហើយខ្ញុំបានចូលគេងវិញដោយស្ងប់ស្ងាត់ ។ ខ្ញុំបានភ្ញាក់ស្អែកឡើង សឹងតែមិនចាំពីអ្វីដែលបានកើតឡើងកាលពីយប់ផង ។
បីបួនថ្ងៃក្រោយមក អំឡុងពេលធ្វើដំណើរទៅយូថាហ៍ ហើយខណៈយើងជិះទៅសណ្ឋាគារ យើងឮតាមវិទ្យុថា ប៉ូលីសបានចាប់ខ្លួនបុរសម្នាក់ដែលពាក់ព័ន្ធនឹងករណីបំពាន ដែលបានកើតឡើងនៅផ្ទះក្បែរបរិវេណសាកលវិទ្យាល័យយូថាហ៍ ។ គេរាយការណ៍ថា យុវនារីម្នាក់ត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃនាល្ងាចមួយនៅសប្ដាហ៍នោះ ។ បេះដូងខ្ញុំឈប់ដើរ ហើយភ្លាមនោះខ្ញុំក៏បាននឹកចាំដល់ការទូរសព្ទទៅប៉ូលីសទាំងកណ្ដាលយប់របស់ខ្ញុំកាលពីបីបួនថ្ងៃមុន ។ ខ្ញុំមិនដឹងថាតើនោះជាល្ងាចតែមួយឬអត់នោះទេ ។ ខ្ញុំមិនដឹងថាតើរឿងអាក្រក់របស់នាងជាផ្ទះមួយនៃគោលដៅនោះទេ ។ ខ្ញុំមិនដឹងច្បាស់ពីអ្វីដែលបានកើតឡើងនៅយប់នោះឡើយ ប៉ុន្តែខ្ញុំពិតជាដឹងថា ការកេះដ៏ស្ងប់ស្ងាត់មួយបានដាស់ខ្ញុំឲ្យភ្ញាក់ទាំងកណ្ដាលយប់ ហើយបានជម្រុញខ្ញុំឲ្យទូរសព្ទទៅប៉ូលីសដើម្បីជួយធានាពីសុវត្ថិភាពរបស់កូនស្រីខ្ញុំក្នុងស្ថានភាពមិនសូវមានសុវត្ថិភាពមួយ ។
ព្យុះនៃជីវិតហាក់ដូចជាមើលទៅហួសកម្លាំងនៅពេលខ្លះប៉ុន្តែគ្មានថាមពលណាដែលមានឥទ្ធិពលខ្លាំងជាងអំណាចបព្វជិតភាពនិងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់ក្មួយឥឡូវនេះទេ ។ នៅយប់ធ្វើដង្វាយធួនរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានបង្រៀនថា អំណោយដែលមិនអាចកាត់ថ្លៃបានរបស់ព្រះវរបិតានៃព្រះវិញ្ញាណបរិសុទ្ធត្រូវបានប្រទានឲ្យដើម្បីនាំមកនូវ « សេចក្តីសុខសាន្ត » និង « សេចក្តីសុខ » ដល់ព្រលឹងបងប្អូន ដើម្បី « បង្រៀន … ពីគ្រប់សេចក្តីទាំងអស់ » និង « រំឭកពីគ្រប់ទាំងសេចក្តី » ។៦ដើម្បី « នាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត » និង « សម្តែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក » ។៧ យើងត្រូវបានប្រទានព្រះវិញ្ញាណបរិសុទ្ធដើម្បី « បំពេញព្រលឹង [ របស់យើង ] ដោយសេចក្ដីអំណរ » ។៨
ពរជ័យទាំងនេះធ្វើឲ្យខ្ញុំបន្ទាបខ្លួន ហើយសន្ធប់លើខ្ញុំនៅពេលទាំងឡាយ ។ តើមានការអស្ចារ្យទេ ដែលប្រធានណិលសុនកំពុងអញ្ជើញយើងឲ្យធ្វើអ្វីទាំងអស់ដែលយើងអាច ដើម្បីទទួលវិវរណៈផ្ទាល់ខ្លួន ហើយស្ដាប់តាមសំឡេងរបស់ព្រះតាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតយើងនោះ ? តើក្មួយបានកត់សម្គាល់ប្រធានបទវិវរណៈផ្ទាល់ខ្លួន និងការទូន្មានឲ្យស្គាល់អំណោយទាននៃព្រះវិញ្ញាណក្នុងជីវិតរបស់ក្មួយបានកើតឡើងក្នុងសន្និសីទបីឆ្នាំចុងក្រោយនេះទេ ? ខ្ញុំមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្រឹក្សារបស់ពួកលោកដើម្បីគាំទ្រដល់ទីបន្ទាល់និងជីវិតរបស់យើងដោយអំណោយផ្ទាល់ខ្លួនគោលបំណងនិងអំណោយនៃពន្លឺនិងវិញ្ញាណផ្ទាល់ខ្លួន ។
នៅថ្ងៃ និងឆ្នាំខាងមុខ ក្មួយនឹងមានបទពិសោធន៍ ដែលនឹងបង្ហាញផ្លូវខុសៗគ្នា ពីរបៀបព្រះវិញ្ញាណធ្វើការ និងមានបន្ទូលក្នុងជីវិតក្មួយ ។ សូមកុំមើលរំលងចំណាប់អារម្មណ៍ទាំងនេះ ។ វាអាចជាការខ្សឹបតូចមួយ ឬការដាស់ថ្នមៗ ។ វាអាចជាអារម្មណ៍ ឬគំនិត ឬក៏ជាការណែនាំដ៏ចំៗនិងច្បាស់លាស់ ។ វាអាចជាចំណាប់អារម្មណ៍កើតមានដដែលៗ ឬឈ្មោះរបស់បុគ្គលណាម្នាក់ ។ ព្រះវិញ្ញាណពិតជានាំមកនូវបញ្ញា និងការយល់ដឹងដ៏សន្ធឹកដែលបំភ្លឺដល់គំនិតយើង ។ ខ្ញុំបានដកពិសោធន៍ការបើកបង្ហាញទាំងនេះភាគច្រើនដោយខ្លួនឯងផ្ទាល់ ហើយបានរៀនថា បើឈ្មោះ ឬមុខរបស់បុគ្គលណាម្នាក់កើតមានក្នុងចិត្តខ្ញុំឥតដាច់ បន្ទាប់មកខ្ញុំត្រូវទូរសព្ទទៅពួកគេ ។ ខ្ញុំបានរៀនធ្វើតាមគំនិត និងការបំផុសគំនិតនានា ទោះវាគ្មានការពន្យល់ឬលិទ្ធផលជាក់លាក់ដែលខ្ញុំអាចមើលឃើញក្ដី ។ ព្រះវិញ្ញាណបានព្រមានខ្ញុំមិនឲ្យទៅកន្លែងមួយចំនួន ហើយដើរចេញពីមនុស្សឬសកម្មភាពជាក់លាក់មួយចំនួន ។ បទពិសោធន៍នៃការឲ្យព្រះវិញ្ញាណខ្សឹបប្រាប់ក្មួយនិងមានបន្ទូលទៅកាន់ក្មួយគឺជាបទពិសោធន៍ពេញមួយជីវិត ។ វា មិន មែន កើត ឡើង តែមួយម្តងនោះទេ ។ វានឹងកើតឡើងជាច្រើនដងសម្រាប់ក្មួយដើម្បីរៀនដឹងពីអ្វីដែលក្មួយកំពុងស្តាប់និងរបៀបដែលក្មួយកំពុងត្រូវបានដឹកនាំ ។
ហេតុអ្វីខ្ញុំជ្រើសរើសនិយាយទៅកាន់ក្មួយអំពីរឿងនេះ ? គឺដូចជាយើងមិនអាចមើលឃើញ ឬឮអាកាសធាតុមិនល្អគ្រប់ទម្រង់នៅជើងមេឃឲ្យច្បាស់ និងមិនដឹងពីស្ថានភាពឲ្យបានគ្រប់ជ្រុងជ្រោយជាមុនទាំងអស់នោះដែរ បើយើងគ្រាន់តែប្រើភ្នែក និងត្រចៀកធម្មតាយើងដើម្បីយល់ពីស្ថានភាពនោះ យើងមិនបានរៀបចំខ្លួនសម្រាប់កម្លាំង និងព្យុះជីវិតដែលនៅជុំវិញខ្លួនយើងទេ ។ ខ្ញុំចាប់អារម្មណ៍ថា ភាសាពិតតែមួយដែលយើងទាំងអស់គ្នាត្រូវស្ដាប់ ដឹង និងយល់នោះគឺភាសានៃព្រះវិញ្ញាណ ។ សូមក្មួយដុសខាត់ភាសានោះក្នុងជីវិតក្មួយឲ្យបានឥតខ្ចោះ ។ កាលក្មួយធ្វើក្មួយនឹងត្រូវបានដឹកនាំ ការពារ និងលើកស្ទួយតាមគ្រប់របៀបដែលត្រូវការ ។
មិត្តជាទីស្រឡាញ់ ក្មួយប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំមិនមែនជាបញ្ញាវ័ន្ដទេ ។ ខ្ញុំមិនមែនជាអ្នកខ្លាំងខាងគម្ពីរដែរ ។ ប៉ុន្ដែខ្ញុំជាអ្នកជឿ ។ ខ្ញុំដឹងថា នេះជាសាសនាចក្រដ៏ពិត និងសកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ថាវិវរណៈគឺពិត ហើយថាស្ថានសួគ៌បើកសម្រាប់ក្មួយ ។ ខ្ញុំដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ ។ ទ្រង់ជាព្រះអង្គសង្គ្រោះរបស់ក្មួយ ហើយទ្រង់សព្វព្រះទ័យប្រទានពរដល់ក្មួយ ការពារក្មួយ អង្វរជំនួសក្មួយ ដឹកនាំក្មួយ និងលើកស្ទួយក្មួយ ។ ពេលគ្មាននរណាម្នាក់ផ្សេងទៀតយល់ពីក្មួយ ទ្រង់យល់ ។ ទ្រង់ពិតជាយល់ ។ ខ្ញុំសូមជម្រុញដោយក្ដីស្រឡាញ់ឲ្យក្មួយទន្ទឹងរងចាំព្រះអង្គសង្គ្រោះរាល់ថ្ងៃ—កុំបែរមុខចេញឡើយ ។ សូមងាកទៅរកទ្រង់ដោយសេចក្ដីជំនឿលើសេចក្ដីពិតទាំងនោះ ដែលក្មួយដឹងថាពិត ។ សូមកុំឲ្យមន្ទិលសង្ស័យ ការភ័យខ្លាច ឬរឿងទាំងឡាយដែលធ្វើឲ្យក្មួយគេងមិនលក់ បង្វែរក្មួយចេញពីការការពារ និងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ និងការសន្យារបស់ព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទឡើយ ។ ក្មួយរាល់គ្នាត្រូវបានស្រឡាញ់ដោយព្រះវរបិតាសួគ៌និងព្រះអង្គសង្គ្រោះរបស់យើង ។
ខ្ញុំអធិស្ឋានសូមឲ្យព្រះនឹងឆ្លើយតបការអធិស្ឋានរបស់ក្មួយខុសពីមុនៗ ហើយប្រទានគ្រប់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដល់ក្មួយ ដែលក្មួយត្រូវការដើម្បីឆ្ពោះទៅមុខក្នុងជីវិត ហើយនិយាយការណ៍នេះដោយក្តីស្រឡាញ់ដ៏មហិមាសម្រាប់ក្មួយម្នាកៗ ។ វានឹងមានថ្ងៃមិនល្អ និង ពិបាកនៅខាងមុខ ។ ប៉ុន្តែខ្ញុំសន្យាថានឹងមានថ្ងៃដ៏ស្រស់ស្អាតរីករាយនិងសុភមង្គលជាច្រើនទៀតដែលមានមេឃពណ៌ខៀវនិងដង្ហើមដ៏កក់ក្តៅនៅពេលក្មួយងាកទៅរកព្រះអង្គដែលមានអំណាចលើស្ថានសួគ៌និងផែនដី ។
ខ្ញុំសូមពោលពាក្យទាំងនេះដោយក្តីស្រឡាញ់នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។