ការប្រជុំ​ធម្មនិដ្ឋាន​ឆ្នាំ ២០២០
ការជ្រើសរើស​បំណងប្រាថ្នា​សុចរិត


2:3

ការជ្រើសរើស​បំណងប្រាថ្នា​សុចរិត

ការប្រជុំធម្មនិដ្ឋាន​ទូទាំង​ពិភព​លោក​សម្រាប់​យុវមជ្ឈិមវ័យ

ថ្ងៃ អាទិត្យ ទី ៣ ខែ ឧសភា ឆ្នាំ ២០២០

បងប្អូន​ប្រុស ស្រី​ជា​ទីស្រឡាញ់​ជា​ដំបូង​ខ្ញុំ​ចង់​អរគុណ​ដល់​ភរិយា​ដ៏​ឧត្តម​របស់​ខ្ញុំ​ចំពោះ​ការប្រឹក្សា​និង​ដំបូន្មាន​ដ៏​អស្ចារ្យ​នោះ ។ លីណែត​អរគុណ​អូន ។

វា​គឺ​ជា​ពរជ័យ​និង​ឱកាស​ដ៏​ធំធេង​ក្នុង​ការចូលរួម​ជា​មួយ​បងប្អូន​នា​ល្ងាចនេះ ។ យើង​ពិត​ជា​កំពុង​រស់នៅ​ក្នុង​ពេល​មិន​ធម្មតា ហើយ​ខ្ញុំ​ជឿជាក់​ថា បងប្អូន​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​សម្រាប់​គ្រា​ទាំងនេះ ។ មិន​យូរ​ប៉ុន្មាន​កន្លង​ទៅ ប្រធាន អិម រ័សុល បាឡឺដ បាន​ថ្លែង​ថា « ខ្ញុំ​ជឿ​ថា នេះ​គឺជា​ជំនាន់​យុវមជ្ឈិមវ័យ​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ប្រវត្តិ​សាសនាចក្រ ។ ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ច្បាស់​ថា នោះ​គឺ​ជា​ការពិត » ។ បងប្អូន​ជា​ជំនាន់​ដ៏​ពិសេស​ដែល​បាន​ចិញ្ចឹម​បីបាច់​ឲ្យ​ដឹង​ពី​គ្រា​ដ៏​ចលាចល​និង ដើម្បី​ជួយ​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ​របស់់​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​ស្គាល់​បងប្អូន​យ៉ាង​ច្បាស់ ហើយ​ស្រឡាញ់​បងប្អូន ។

ជំនាន់​របស់​យើង

រាត្រី​នេះ​ដូច​ដែល​យើង​បាន​មក​ទីនេះ​ដើម្បី​ចាក់ផ្សាយ​នេះ​យើង​ត្រូវ​បាន​ប្រាប់​ថា​យើង​បាន​ទទួល​សំនួរ​ជា​ច្រើន​ដែល​ទាក់ទង​នឹង​ព្រះវិញ្ញាណ​និង​អំពី​វិវរណៈ​ផ្ទាល់ខ្លួន ។ ខ្ញុំ សង្ឃឹម ថា នៅ រាត្រី នេះ នៅ​ពេល​ដែល​បងប្អូន​ស្តាប់​ភរិយា​ខ្ញុំ​និង​ខ្ញុំ យើង​អាច​ឆ្លើយ​សំណួរ​ទាំង​នោះ​បាន ។ ខ្ញុំ​អធិស្ឋាន​ថា​ព្រះវិញ្ញាណបរិសុទ្ធ​ដែល​ជា​គ្រូបង្រៀន​នឹង​អាច​ឆ្លើយតប​ចំពោះ​មនុស្ស​ម្នាក់​ក៏​ដូច​ជា​មនុស្ស​ជា​ច្រើន​បាន​ដែរ ។

នៅ​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ក្នុង​នាម​ជា​សហគមន៍​ពិភពលោក​មួយ យើង​បាន​ជួប​ប្រទះ​នូវ​ការរងទុក្ខ​មិន​ធម្មតា​មួយ ការមិន​ប្រាកដ​ប្រជា ភាពចលាចល និង​ឧបសគ្គ ។ រឿងទាំងនេះ​គឺជា​ពេលវេលា​ដែល​បាន​ព្យាករ​ជាយូរ​មក​ហើយ ហើយ​វា​នឹង​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​ពេល​យាង​មក​ជាលើក​ទីពីរ​ដ៏​រុងរឿង​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ ព្រះយេស៊ូវ​ផ្ទាល់​បាន​ព្យាករ​ពី​ថ្ងៃ​ទាំងនេះ ។ ទ្រង់​មាន​បន្ទូល​ថា« អ្នករាល់គ្នា​ក៏​នឹង​ឮ​អំពី​សង្គ្រាម និង​ពាក្យ​ចចាម​អារាម​អំពី​សង្គ្រាម​ទាំងឡាយ ចូរ​មើល​ឲ្យ​ឃើញ​ថា​អ្នករាល់គ្នា​កុំ​ខ្វល់​ឡើយ ត្បិត​គ្រប់​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ និយាយ​ប្រាប់​អ្នករាល់គ្នា នោះ​ច្បាស់​ជា​នឹង​បាន​សម្រេច ។ … ខ្ញុំ​និយាយ​ដោយ​យល់​ដល់​ពួក​រើស​តាំង​របស់​ខ្ញុំ ពី​ព្រោះ​សាសន៍​មួយ​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​មួយ …​នឹង​មាន​អំណត់ និង​ជំងឺ​អាសន្នរោគ និង​ផែនដី​កក្រើក​នៅ​កន្លែង​ផ្សេងៗ ។​… សេចក្ដី​ស្រឡាញ់​នៃ​មនុស្ស​នឹង​រសាយ​អស់​ទៅ ។​… [ គ្រប់ ] ទាំងអស់​នឹង​បាន​សម្រេច » ។ ខ្ញុំ​ចង់​ចែក​រំលែក​ទស្សនៈ​តែ​មួយ​គត់​អំពី​រឿង​ទាំងអស់​នេះ ។ វា​ជា​មេរៀន​មកពី​ប្រវត្តិសាស្ត្រ​សាសនាចក្រ​របស់​យើង ។

អាមេនដា បាណេស ស្ម៊ីធ ស្វាមី​របស់​នាង ឈ្មោះ​វ៉ារិន និង​កូន​ប្រាំនាក់​របស់​គេ​ជា​អ្នកប្រែចិត្ត​ជឿ​ថ្មី​ក្នុង​សាសនាចក្រ ពេល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​មិសសួរី ។ ពួកគេ​បាន​ចូលរួម​នឹង​ពួកបរិសុទ្ធ​នៅ​ហោនស៍ មីល តែ​ពីរ​បី​ថ្ងៃ​មុន​ក្រុម​មនុស្ស​កំណាច​បាន​មក ហើយ​សម្លាប់​បុរស និង​ក្មេងប្រុស​ជាច្រើន​នៅ​ទីនោះ ។ ស្វាមី និង​កូនប្រុស​អាយុ ១០ ឆ្នាំ​របស់​អាមេនដា​ត្រូវបាន​ពួកវា​សម្លាប់​ដែរ ។ កូនប្រុស​វ័យក្មេង​ម្នាក់ទៀត​របស់​នាង​បាន​រង​របួស​យ៉ាង​ដំណំ ។ អាមេនដា​បាន​ទទួល​វិវរណៈ​ដ៏​មាន​អានុភាព​មួយ​ស្ដីពី​របៀប​សង្គ្រោះ​កូនប្រុស​រង​របួស​របស់​នាង ។ អំឡុងពេល​ដ៏​តានតឹង​ខ្លាំង​នោះ នាង​បាន​សរសេរ​ដូច​តទៅ​នេះ ៖

« ក្នុង​ភាពវិនាស​ហិនហោច​ដ៏​ខ្លាំង​របស់​យើង តើ​យើង​ជា​ស្ដ្រី​អាច​ធ្វើ​អ្វី​បាន ក្រៅពី​អធិស្ឋាន​នោះ ? ការអធិស្ឋាន​ជា​ប្រភព​នៃ​ការលួងលោម​តែមួយ​គត់​របស់​យើង ព្រះវរបិតាសួគ៌​យើង​ជា​ព្រះជំនួយ​តែមួយ​គត់​របស់​យើង ។ គ្មាន​នរណា​ក្រៅពី​ទ្រង់​ឡើយ ដែល​អាច​សង្គ្រោះ និង​ដោះលែង​យើង​បាន ។

« ថ្ងៃមួយ មនុស្ស​កំណាច​ម្នាក់​បាន​មកពី​រោងចក្រ​ដោយ​មាន​បញ្ជា​របស់​មេកង ។ [ ទាំង​ជេរ​ប្រទេច វា​ស្រែក​គំហក​ថា ] ៖ ‹ មេកង​និយាយ​ថា បើ​ពួកនាង​មិន​ឈប់ … ការអធិស្ឋាន​របស់​នាង​ទេ គាត់​នឹង​បញ្ជូន​កងកម្លាំង​ឲ្យ​មក​សម្លាប់ … ពួកនាង​គ្រប់គ្នា​ហើយ ! ›

« ហើយ​វា​អាច​នឹងសម្លាប់​យើង​មែន ដើម្បី​បញ្ឈប់​ពួកយើង​ជា​ស្ដ្រី​ដ៏​កំសត់ កុំ​ឲ្យ​អធិស្ឋាន​ក្នុង​គ្រា​ដ៏​វឹកវរ​ខ្លាំង​របស់​យើង ។

« ការអធិស្ឋាន​របស់​យើង​ត្រូវបាន​បំបិទ​ដោយ​ភាពភ័យខ្លាច​ខ្លាំង ។ យើង​មិន​ហ៊ាន​បញ្ចេញ​សំឡេង​អង្វរករ​យើង​ឲ្យ​គេ​ឮ​ក្នុង​ផ្ទះ​ឡើយ ។ ខ្ញុំ​អាច​អធិស្ឋាន​នៅលើ​គ្រែ ឬ​ដោយ​ស្ងៀមស្ងាត់ ប៉ុន្ដែ​ខ្ញុំ​មិន​អាច​រស់នៅ​អញ្ចឹង​បាន​យូរ​ទេ ។ ភាពស្ងាត់ស្ងៀម​ដោយ​គ្មាន​ព្រះ​មិនមាន​ការសណ្ដោស​ខ្លាំង​ជាង​យប់​នៃ​ការសម្លាប់​រង្គាល​នោះ​ទៅទៀត ។

« ខ្ញុំ​មិន​អាច​ទ្រាំ​បាន​ទៀត​ឡើយ ។ ខ្ញុំ​ប្រាថ្នា​ចង់​ឮ​សំឡេង​ខ្លួន​ឯង​ម្ដងទៀត​ក្នុង​ការអង្វរករ​ដល់​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ។

« ខ្ញុំ​បានចេញ​ទៅ​ចម្ការ​ពោត ហើយ​បាន​វារ​ចូលក្នុង [ គំនរ ] ពោត ។ គំនរពោត​នេះ​គឺ​ដូចជា​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់់​ចំពោះ​ខ្ញុំ​នៅ​គ្រា​នោះ ។ ខ្ញុំ​បាន​អធិស្ឋាន​ឮៗ ហើយ​យ៉ាង​ក្លៀវក្លា​បំផុត ។

« ពេល​ខ្ញុំ​ដើរ​ចេញ​ពី​ចម្ការ​ពោត នោះ​មាន​សំឡេង​មួយ​ថ្លែង​មក​ខ្ញុំ ។ វា​ជា​សំឡេង​ដ៏​ស្រទន់ ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ឮ ។ វា​មិន​ស្ងប់ស្ងាត់​ទេ ជា​ចំណាប់​អារម្មណ៍​ដ៏​ខ្លាំង​នៃ​វិញ្ញាណ ប៉ុន្ដែ​សំឡេង​មួយ ជា​វគ្គ​បទ​ទំនុក​តម្កើង [ របស់​យើង ] ដែល​បន្ទរ​ឥត​ដាច់ ៖

ព្រលឹង​ណា​ដែល​ពឹង​ផ្អែក​ទៅលើ​ព្រះយេស៊ូវ

យើង​មិន​ព្រម​យើង​មិន​អាច​បោះចោល​ឲ្យ​សត្រូវ

សូម្បី​តែ ពួកនរក​ចង់​បាន​ព្រលឹងអ្នក

យើង​នឹង​គ្មាន​ថ្ងៃ​បោះបង់​យើង​នឹង​គ្មាន​ថ្ងៃ​បោះបង់ ! 

« តាំងពី​គ្រា​នោះ ខ្ញុំ​លែង​ភ័យខ្លាច​ទៀត​ហើយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា គ្មាន​អ្វី​អាច​ធ្វើឲ្យ​ខ្ញុំ​ឈឺចាប់បាន​ទេ » ។

ក្នុង​ពេល​ទាំងនេះ វា​អាច​មិន​ទៀង ប៉ុន្ដែ​សូម​ដឹង​ថា​អ្វី​ដែល​ពិត​ចំពោះ​អាមេនដា បាណេស ស្ម៊ីធ គឺ​ពិត​ចំពោះ​បងប្អូន ។ មិន​ថា​មាន​ហេតុការណ៍​អ្វី​ជុំវិញ​បងប្អូន មិន​ថា​បងប្អូន​អាច​ត្រូវ​រង​ការសាកល្បង​យ៉ាង​ណា នោះ​ព្រះ​ជា​ដៃ​ចង្កូត​នាវា ។ ទ្រង់​នឹង​មិន​បោះបង់​បងប្អូន​ឡើយ ហើយ​បងប្អូន​មិន​ត្រូវ​ភ័យខ្លាច​ទេ បើ​បងប្អូន​ស្មោះត្រង់ និង​បញ្ចេញ​សំឡេង​បងប្អូន​ទៅកាន់​ទ្រង់​នោះ ។ នេះ​ជា​អ្វី​ទាំងអស់​ដែល​ខ្ញុំ​ចង់​ថ្លែង​ទៅកាន់​បងប្អូន​នា​រាត្រី​នេះ ។

វ៉ែនតា​របស់​ភរិយា​ខ្ញុំ

ដូច​ដែល​ខ្ញុំ​បាន​និយាយ​ខ្ញុំ​មាន​អំណរ​ដែល​មាន​ភរិយា​ខ្ញុំ លីណេត នៅ​ទីនេះ​ជាមួយ​ខ្ញុំ​ក្នុង​រាត្រី​នេះ ។ គាត់​ជា​អ្វីៗ​គ្រប់យ៉ាង​របស់​ខ្ញុំ ។ យើង​ជួបគ្នា​កាលរៀន​នៅ​វិទ្យាល័យ​ច្រើន​ឆ្នាំ​កន្លង​ទៅ ។ ក្រោយ​ពី​រៀនចប់​វិទ្យាល័យ គាត់​បាន​ទៅ​មហាវិទ្យាល័យ​រីកស៍ នៅ​ទីក្រុង​រ៉េកបឺក រដ្ឋ​អាយដាហូ ហើយ​ខ្ញុំ​បាន​ទៅ ប៊ីវ៉ាយយូ នៅ​ទីក្រុង​ប្រូវ៉ូ រដ្ឋ​យូថាហ៍ ។ នៅ​ឆ្នាំ​ទីមួយ​នៃ​មហាវិទ្យាល័យ​របស់​យើង ខ្ញុំ​សម្រេច​ចិត្ត​នៅ​ចុង​សប្ដាហ៍​មួយ​ដើម្បី​បើកឡាន​ទៅ​រ៉េកបឺក​ទៅលេង​គាត់ ។ នៅ​ទីនោះ គាត់​បាន​បង្រៀន​ខ្ញុំ​ពីមេរៀន​ដ៏​សំខាន់​មួយ ។

គាត់​មិន​មាន​ឡាន​ទេ ហើយ​គាត់​អាច​បើក​ឡាន​បាន​មួយ​រយៈ​ដែរ​ហើយ ។ កាល​យើង​ចាកចេញ​ពី​ផ្ទះ​របស់​គាត់ គាត់​បាន​សួរ​ខ្ញុំ​ថា តើ​គាត់​អាច​បើក​ឡាន​ខ្ញុំ​បាន​ទេ ។ ខ្ញុំ​បាន​ឆ្លើយ​ថា « ប្រាកដ​ណាស់ » ។ ភ្លាម​នោះ យើង​បាន​បើក​ចុះ​ពី​ទួល​មួយ​នៅក្បែរ​កន្លែង​គាត់​រស់នៅ ។ ដល់​ប្រហែល​ពាក់​កណ្ដាល​ទួល គាត់​បាន​សួរ​ខ្ញុំ​ថា « តើ​មាន​សញ្ញា​ឈប់​មួយ​នៅ​ចុង​ផ្លូវ​ទេ ? » ស្លាក​សញ្ញា​ឈប់​អាច​មើល​ឃើញ​ច្បាស់​ណាស់ ហើយ​ខ្ញុំ​បាន​ឆ្លើយ​ភ្លាម​ថា « បាទ មាន​សញ្ញា​ឈប់​មួយ » ។ គាត់​និយាយ​ថា « ច៎ា អូន​ក៏​គិត​អញ្ចឹង​ដែរ ។ អូន​គ្រាន់តែ​មិន​អាច​មើល​ឃើញ​វា ។ ខ្ញុំ​បាន​សួរ​ថា « ហេតុអ្វី​អូន​មិន​អាច​មើល​ឃើញ​វា ? » គាត់​បាន​ឆ្លើយ​ថា « ដោយសារ​អូន​មិន​បាន​ពាក់​វ៉ែនតា ហើយ​អូន​មិន​អាច​មើលឃើញ​ច្បាស់​បើ​គ្មាន​វ៉ែនតា ។ រួច​ហើយ​ខ្ញុំ​បាន​និយាយ​អ្វី​មួយ​ដូច្នេះ « ហើយ​ហេតុអ្វី​បាន​ជា​អូន​មិន​ពាក់​វ៉ែនតា ? » « ដោយសារ​អូន​ពាក់​ទៅ​វា​មិន​ស្អាត ប៉ុន្ដែ​អូន​ភ្លេច​ថា អូន​មិន​អាច​មើលឃើញ​អ្វីៗ​ច្បាស់​បើ​គ្មាន​វ៉ែនតា » ។ ខ្ញុំ​និយាយ​ថា « ល្អ​ជាង​បើ​ឲ្យ​បង​បើក​ឡាន​វិញ » ។ មេរៀន​នោះ​គឺ​សាមញ្ញ ៖ លុះត្រាតែ​បងប្អូន​អាច​មើល​ឃើញ​ច្បាស់​សិន បើ​មិន​ចឹង​ទេ បងប្អូន​នឹង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ជានិច្ច ។

ឥឡូវ ខ្ញុំ​សូម​សួរ​បងប្អូន « តើ​បងប្អូន​ដឹកនាំ​ជីវិត​បងប្អូន​ទៅមុខ​ដោយ​របៀប​ណា ? » តើ​បងប្អូន​ដឹកនាំ​ជីវិត​ខ្លួន​ដោយ​ពាក់​វ៉ែនតា​ដែល​ចាំបាច់​ដើម្បី​មើល​ឃើញ​ភាពពិត​នៃ​ជីវិត​ឲ្យ​ច្បាស់​ទេ ? នៅ​ទីក្រុង​បុរាណ​ឡោឌីសៀ ពួកបរិសុទ្ធ​មិន​មាន​អំពើបាប​ជាក់ស្ដែង ឬ​ច្បាស់​នោះ​ទេ ប៉ុន្ដែ​ព្រះអម្ចាស់​បាន​ស្ដីបន្ទោស​ពួកគេ​ដែល​មិន​សូវ​ស្វាហាប់​ក្នុង​ភាពជា​សិស្ស​របស់​ពួកគេ ។ ដោយ​មាន​អំនួត​នឹង​ការសម្រេច​បាន និង​ចំណេះដឹង​ខាង​លោកិយ​របស់​ខ្លួន នោះ​ពួកគេ​បាន​ពេញចិត្ត​នឹង​ខ្លួនឯង​កាន់តែ​ខ្លាំង ហើយ​លែង​ពឹង​ព្រះ ។ ទោះជា​ទីក្រុង​នេះ​ល្បីល្បាញ​ខាង​ជំនាញ​ថែទាំ​ភ្នែក​ក្ដី ក៏​ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​ពួកគេ​ថា « ទិញ​ថ្នាំ​លាប​ភ្នែក​ផង ឲ្យ​ឯង​បាន​មើល​ឃើញ​វិញ » ។ វា​ហាក់​ថា សំណួរ​សំខាន់​មួយ​សម្រាប់​យើង​ម្នាក់ៗ​គឺ​ថា ៖ « តើ​ខ្ញុំ​មើល​ឃើញ​ជីវិត​ខ្ញុំ​តាមរយៈ​ភ្នែក​នៃ​សេចក្ដីពិត បទបញ្ញត្តិ និង​សេចក្ដី​សញ្ញា​របស់​ព្រះ ឬ​តាមរយៈ​ភ្នែក​របស់​ខ្ញុំ​ផ្ទាល់ ? តើ​ខ្ញុំ​កំពុង​ស្ដាប់​សំឡេង​របស់​ទ្រង់​ដែល​បាន​ទទួល​តាមរយៈ​ការអធិស្ឋាន និង​វិវរណៈ​ផ្ទាល់ខ្លួន​នៃ​ព្រះវិញ្ញាណ​រាល់ថ្ងៃ​ឬ​ទេ ឬ​ខ្ញុំ​ស្ដាប់​តាម​សំឡេង​ខ្លួនឯង ឬ​តាម​សំឡេង​របស់​អ្នកប្រាជ្ញ​នៃ​ពិភពលោក​នេះ​ដែល​ស្រែក​ថា របៀប​របស់​ព្រះ ហើយ​សូម្បី​តែ​ព្យាការី​របស់​ទ្រង់​គឺ​ខុសឆ្គង ធុញទ្រាន់ មិន​ចាំបាច់ ចម្លែក មិន​គួរឲ្យ​ចាប់​អារម្មណ៍ មិន​ខ្វល់ខ្វាយ ឬ​ក៏​បោក​បញ្ឆោត និង​គួរឲ្យ​ស្អប់​ស្របតាម​វោហាសព្ទ​នៃ​ពិភពលោក​នេះ ? »

យ៉ូសែប ស្ម៊ីធ​ធ្លាប់​បាន​ពោល​ថា « អារក្ស​នឹង​ប្រើ​ការខំប្រឹង​ដ៏​ខ្លាំង​បំផុត​របស់​វា​ដើម្បី​ដាក់​អន្ទាក់​ពួកបរិសុទ្ធ ។ … វា​នឹង​ផ្លាស់ប្ដូរ​ការណ៍​ទាំងឡាយ ដើម្បី​ធ្វើឲ្យ​មនុស្ស​ម្នា​សំឡក់​សំឡឹង​ទៅ​អស់​អ្នក​ដែល​ធ្វើតាម​ព្រះទ័យ​របស់​ព្រះ » ។ បើ​គ្មាន​ជំនួយ​របស់​ព្រះ និង​វិរណៈ​ទេ បងប្អូន​ពិតជា​មិន​អាច​មើលឃើញ « រឿង​ទាំងឡាយ​តាម​ដែល​មាន​នៅ​ពេលនេះ ហើយ … តាម​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ » ឡើយ ។ មារ​សត្រូវ​មាន​បំណង​ធ្វើឲ្យ​បងប្អូន​សំឡក់​សំឡឹង​អស់​អ្នក​ដែល​ធ្វើតាម​ព្រះទ័យ​របស់​ព្រះ ។ វា​មាន​បំណង​រារាំង​បងប្អូន​មិន​ឲ្យ​មើល​ឃើញ​និង​ស្វែងយល់​ពី​ការពិត​និង​រារាំង​មិន​ឲ្យ​បងប្អូន​មើល​ឃើញ​ថា បងប្អូន​ជា​បុត្រា ឬ​បុត្រី​សំណព្វ​ចិត្ត​របស់​ព្រះ​ឡើយ ។ បំណង​វា​គឺ​ធ្វើ​ឲ្យ​ត្រូវ​តាម​ច្បាប់​ពិភព​លោក​នេះ ឲ្យ​បងប្អូន​បដិសេធ ឬ​បែរ​ទៅ​ព្រះ​ដោយ​មិន​អស់​ពី​ចិត្ត ហើយ​ជាពិសេស ឲ្យ​បងប្អូន​ផ្ដល់​និយមន័យ​ឲ្យ​ខ្លួនឯង និង​ដំណើរ​ជីវិត​របស់​បងប្អូន​តាមរយៈ​ការធ្វើតាម​នយោបាយ វប្បធម៌ ខាង​លោកិយ​មួយចំនួន​ផ្សេងទៀត ឬ​ការខុសគ្នា​ដាច់​តែម្ដង ។

ជារឿយៗ ខ្ញុំ​សួរ​ខ្លួនឯង​សំណួរ​នេះ ៖ « តើ​អ្វី​ទៅ​ដែល​បាន​ធ្វើឲ្យ​នីហ្វៃ​ជា​អ្នកជឿ ហើយ​មិនមែន​ជា​លេមិន ឬ​លេមយួល ? » បងប្អូន​ប្រុស​ទាំង​បី​នាក់​នេះ​បាន​កើត​ពី​ឪពុក​ម្ដាយ​ល្អ​ដូចគ្នា ។ នា​យប់​មួយ ខ្ញុំ​បាន​ឮ​ចម្លើយ​ចំពោះ​សំណួរ​ខ្ញុំ ។ ខ្ញុំ​បាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ធ្វើ​កិច្ចការ​ចាត់តាំង​មួយ​ជាមួយ​ប្រធាន អិម រ័សុល បាឡឺដ ពេល​លោក​បាន​ចែកចាយ​បទគម្ពីរ​នេះ ៖

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ …​មាន​ចិត្ត​មោះមុត ចង់​ដឹង​នូវ​សេចក្ដី​អាថ៌កំបាំង​ទាំងឡាយ​នៃ​ព្រះ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះអម្ចាស់ ហើយ​មើល​ចុះ ទ្រង់​បាន​យាង​មក​ជួប​នឹង​ខ្ញុំ ហើយ​បន្ទន់​ចិត្ត​ខ្ញុំ បណ្ដាល​ឲ្យ​ខ្ញុំ​ជឿ​អស់​ទាំង​ពាក្យ​ដែល​បាន​ពោល​មក​ដោយ​ឪពុក​ខ្ញុំ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​មិន​បាន​បះបោរ​ទាស់​នឹង​លោក ដូចជា​បងៗ​ខ្ញុំ​នោះ​ទេ » ។

នេះ​ជា​ចម្លើយ​របស់​ខ្ញុំ ។ ព្រះ​បើក​បង្ហាញ​ព្រះអង្គ​ទ្រង់​ដល់​យើង​ស្របតាម​ចិត្ត​ប្រាថ្នា​របស់​យើង ។ នីហ្វៃ​បាន​ចង់​ដឹង​សេចក្ដីពិត និង​សេចក្ដី​អាថ៌កំបាំង​នៃ​ព្រះ​លើស​អ្វី​ទៀត​ទាំងអស់ ហើយ​បាន​ទទួល​ពរ​នឹង​វត្តមាន អំណរ ព្រះចេស្ដា និង​សេចក្ដីពិត​របស់​ព្រះ ។ លេមិន និង​លេមយួល​មាន​ចិត្ត​ចង់​ជាប់​អន្ទាក់​លោកិយ ហើយ​បាន​ទទួល​រង្វាន់​នោះ ។ បើ​បងប្អូន​ចង់​នៅ​ជាមួយ​ព្រះ នោះ​បងប្អូន​ត្រូវ​តែ​សម្រប​ចិត្ត​ប្រាថ្នា​របស់​បងប្អូន​តាម​ព្រះទ័យ​ទ្រង់ ។

កន្លែង និង​អ្វីមួយ​ដែល​បងប្អូន​ដាក់​ចិត្ត​ប្រាថ្នា​ខ្លួន​លើ នឹង​សម្រេច​ពី​របៀប​ដែល​បងប្អូន​នឹង​ទទួល​បាន​កម្លាំង​ដើម្បី​ឆ្លងកាត់ និង​យកឈ្នះ​ជីវិត​នេះ ។ ហេតុដូច្នេះ​ហើយ រាត្រី​នេះ​ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ជ្រើសរើស​ព្រាង​ជីវិត​បងប្អូន តាមរយៈ​ចិត្ត​ប្រាថ្នា​ដ៏​ខ្លាំងក្លា​ដើម្បី​បាន​ប្រែចិត្ត​ជឿ និង​ចម្រើន​ដល់​មនុស្ស​ដទៃ ។ បងប្អូន​អាច​ចាំ​ថា នេះ​ជា​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សួរ​សាវក​ច្បង​របស់​ទ្រង់ ពេត្រុស ពេល​ទ្រង់​មាន​បន្ទូល​ថា « ស៊ីម៉ូនៗ​អើយ … សាតាំង​បាន​សូម​ចង់​បាន​អ្នក​រាល់​គ្នា ប្រយោជន៍​នឹង​រែង​អ្នក​រាល់​គ្នា ដូច​ជា​រែង​អង្ករ ប៉ុន្តែ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បី​មិន​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ កាល​ណា​អ្នក​បាន​ប្រែចិត្ត​វិល​មក​វិញ នោះ​ចូរ​ចម្រើន​ឲ្យ​បងប្អូន​អ្នក​បាន​ខ្ជាប់ខ្ជួន​ឡើង » ។

បំណង​ប្រាថ្នា​ដើម្បី​ប្រែចិត្ត​ជឿ និង​ចម្រើន​ដល់​មនុស្ស​ដទៃ

ខ្ញុំ​នឹង​មិន​ដែល​ភ្លេច​ពេល​ដែល​ភរិយា​ខ្ញុំ និង​ខ្ញុំ​ត្រូវ​បាន​សម្ភាស​ដោយ​សមាជិក​ជាន់ខ្ពស់​មួយ​រូប​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ អំពី​ឆន្ទៈ​ខ្ញុំ​ដើម្បី​បម្រើ​ជា​ប្រធាន​បេសកកម្ម ។ ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​ជួប​រឿង​ជាច្រើន​ក្នុង​ជីវិត​យើង ។ នៅ​ពេល​សម្ភាស យើង​បាន​ជាប់​ក្នុង​ចំណង​ទាក់ទង​គ្រួសារ​ដ៏​ពិបាក​ខ្លាំង​មួយ​ចំនួន យើង​បាន​ប្រឡូក​ក្នុង​កិច្ចការ​សប្បុសធម៌​ដ៏​ធំ​មួយ​ទូទាំង​ពិភពលោក​ដែល​ត្រូវការ​ការយកចិត្ត​ទុកដាក់ និង​ធនធាន​របស់​យើង​ជាច្រើន ហើយ​ខ្ញុំ​ជា​ដៃគូ​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​ពាណិជ្ជកម្ម​វិនិយោគ​ខា្នត​អន្តរជាតិ​មួយ ដែល​មិន​​រៀបរាប់​ពី​ការហៅបម្រើ​ទាំងអស់​របស់​សាសនាចក្រ​ដែល​យើង​កំពុង​បម្រើ​ផង ។ ខ្ញុំ​គិត​ថា យើង​បាន​ធ្វើ​អ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន​រួចហើយ ។ កាល​យើង​អង្គុយ​នៅ​ទីនោះ​នា​ថ្ងៃនោះ​ជាមួយ​សាវក​ជាទី​ស្រឡាញ់​រូប​នេះ ហើយ​គិត​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​បាន​ឆ្លងកាត់ នោះ​យើង​ទាំងពីរ​បាន​និយាយ​ដោយ​គួរសម​ថា នេះ​ប្រហែល​មិនមែន​ជា​ពេល​ដ៏​ល្អ​បំផុត​ឲ្យ​យើង​បម្រើ​បេសកកម្ម​ទេ ។ ដោយ​គ្មាន​ការស្ទាក់ស្ទើរ សមាជិក​ដប់ពីរ​នាក់​រូប​នេះ​បាន​បែរ​ទៅរក​ភរិយា​ខ្ញុំ ហើយ​និយាយ​ថា « លីណេត អ្នក​នឹង​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា និង​ជា​ដៃគូ​ដ៏​អស្ចារ្យ​ម្នាក់​ដល់​ស្វាមី​របស់​អ្នក » ។ រួច​លោក​ងាក​មក​ខ្ញុំ ហើយ​ពោល​ថា « លោកដឹង​ទេ លោក​ពុំ​ទាន់​យល់​ច្បាស់​ទេ ។ ព្រះអម្ចាស់​កំពុង​ហៅ​លោក​ឲ្យ​សង្គ្រោះ​ជីវិត​របស់​លោក ។ លោក​នឹង​រស់នៅ​ជីវិត​របស់​លោក​តាម​សេចក្ដី​សញ្ញាឬ​តាម​ភាពសុខ​ស្រួល វា​មិន​ដែល​មាន​ពេល​ងាយស្រួល​ដើម្បី​បម្រើ​ឡើយ ។ នេះ​ជា​បញ្ហា​នៃ​សេចក្ដី​ជំនឿ ។ លោក​អាច​ជឿ​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ជីវិត​លោក​ជាមួយ​នឹង​ពរជ័យ​ដែល​លោក​ត្រូវការ កាល​លោក​ធ្វើ​តាម​អាទិភាព​របស់​ទ្រង់ ឬ​លោក​មិន​ជឿ​សោះ » ។

ខ្ញុំ​អង្គុយ​នៅ​ទីនោះ​ដោយ​ស្ងៀមស្ងាត់​យ៉ាង​អស្ចារ្យ ។ ខ្ញុំ​ទើបតែ​ត្រូវបាន​ប្រាប់​ថា ព្រះអម្ចាស់​កំពុង​ព្យាយាម​សង្គ្រោះ​ជីវិត​ខ្ញុំ ។ ពេលនោះ​ខ្ញុំ​បាន​រស់នៅ​ជីវិត​មួយ​ដ៏​ល្អ ប៉ុន្ដែ​គ្មាន​តុល្យភាព​ជីវិត​សោះ​ឡើយ ។ នា​រសៀល​នោះ កាល​លីណេត និង​ខ្ញុំ​បាន​ចាកចេញ​ពី​ការិយាល័យ​របស់​សាវក យើង​បាន​ទៅ​ផ្ទះ​ដើម្បី​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ពី​របៀប​ដែល​យើង​នឹង​រស់នៅ​ជីវិត​នេះ ។ យើង​បាន​ធ្វើការ​ជ្រើសរើស​យ៉ាង​លឿន​ដើម្បី​បម្រើ និង​រស់នៅ​តាម​សេចក្ដី​សញ្ញា ដោយ​ធ្វើ​អ្វី​ក៏​ដោយ​ដែល​ព្រះអម្ចាស់​បាន​សុំ​ឲ្យ​យើង​ធ្វើ ។ ជីវិត​ក្នុង​សេចក្ដី​សញ្ញា​គឺជា​ជីវិត​ដ៏​មាន​តុល្យភាព​ល្អ​មួយ ដែល​រស់នៅ​តាម​អាទិភាព​របស់​ព្រះ មិនមែន​តាម​របៀប​របស់​យើង​ផ្ទាល់​ទេ ។ ជីវិត​យើង​លែង​ដូច​មុន​ហើយ​តាំង​ពី​នោះមក ។ យើង​មាន​ពរ​យ៉ាង​ពេញលេញ តាមរយៈ​សេចក្ដី​ស្រឡាញ់ និង​ចិញ្ចឹមបីបាច់​របស់​ទ្រង់ ។ បើ​ខ្ញុំ​ដឹង​អ្វីមួយ នោះ​ខ្ញុំ​ដឹង​ថា ពរជ័យ​ដូចគ្នា​នេះ​នឹង​ជា​របស់​បងប្អូន បើ​បងប្អូន​បន្ដ​ដើរ​លើ​ផ្លូវ​សេចក្ដី​សញ្ញា​របស់​ទ្រង់​ដោយ​ស្មោះត្រង់ ។ ព្រះ​សព្វ​ព្រះទ័យ​សង្គ្រោះ​ជីវិត​បងប្អូន ។

តើ​ការប្រែចិត្តជឿ និង​ការរស់នៅ​តាម​សេចក្ដី​សញ្ញា មិនមែន​តាម​ភាព​សុខ​ស្រួល​មាន​ន័យ​ដូចម្ដេច ? ព្រះយេស៊ូវ​មាន​បន្ទូល​ថា « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត » ។ ដូច​គ្រូបង្រៀន​ដ៏​ឈ្លាសវៃ​ម្នាក់​ធ្លាប់​ប្រាប់​ខ្ញុំ​ថា « ទ្រង់​មិន​បាន​មាន​បន្ទូល​ថា ‹ សូម​គិត​ដល់​យើង​ម្ដងម្កាល ហើយ​ព្រះវិញ្ញាណ​យើង​នឹង​គង់​ជាមួយ​អ្នក › នោះ​ទេ ។ ទ្រង់​មាន​បន្ទូល​ថា ‹ ហើយ​បើសិនជា​អ្នក​រាល់​គ្នា​ចងចាំ​ដល់​យើង​ជានិច្ច នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ព្រះវិញ្ញាណ​របស់​យើង​នៅ​នឹង​អ្នក › » ។១០ នេះ​មាន​ន័យ​ថា កាល​បងប្អូន​ចងចាំ​ដល់​ទ្រង់ នោះ​បងប្អូន​នឹង​មាន​អំណាច​នៃ​ស្ថានសួគ៌​នៅ​ជាមួយ​បងប្អូន​ជានិច្ច ដើម្បី​ជួយ​ជាប្រចាំ​ក្នុង​ឧបសគ្គ​តូច​ធំ​ដែល​បងប្អូន​ប្រឈម​—​មិន​ថា​វា​អាច​មាន​ឥទ្ធិពល​លើ​បងប្អូន​យ៉ាង​ណា​ទេ ។ ការណ៍​នេះ​រួម​ទាំង​ការភ័យ​ខ្លាច ការញៀន​ភាពអសន្ដិសុខ​ណា​មួយ ឬ​ជញ្ជាំង​ខ្ពស់​យ៉ាង​ណា​នៅ​ចំពោះ​មុខ​បងប្អូន​ផងដែរ ។ ដូច្នេះ សូម​សញ្ជឹងគិត​នា​ពេល​នេះ​ពី​អ្វី​ដែល​អាច​ជា​រឿង​ដ៏​សំខាន់​បំផុត ដែល​បងប្អូន​ត្រូវ​ធ្វើ​ដើម្បី​ចងចាំ​ដល់​ទ្រង់​ឲ្យ​កាន់តែ​ពេញលេញ និង​ធ្វើ​សកម្មភាព​តាម​នោះ ។

មិត្តភក្តិ​ស្និទ្ធស្នាល​របស់​ខ្ញុំ​កាល​នៅ​តូច​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​ភរិយា​ខ្ញុំ ។ កាល​នៅ​រៀន​​វិទ្យាល័យ ខ្ញុំ​បាន​ជ្រមុជ​ទឹក​ឲ្យ​គាត់​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ ប៉ុន្ដែ​គាត់​តែង​ពិបាក​តាំងចិត្ត​ឲ្យ​ពេញលេញ​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​—​តែង​ដោះសា​ខ្លួន​គាត់​ដោយ​ការនិយាយ​ថា គាត់​មិន​ដែល​ធ្វើ​អ្វី​មួយ​អាក្រក់​ខ្លាំង​ទេ​—​ដែល​វា​ពិត​មែន ។ រួចហើយ​នា​យប់​មួយ​នៅ​ពិធី​ជប់លៀង​មួយ គាត់​បាន​ផឹក​យ៉ាង​ច្រើន ហើយ​បាន​ធ្លាក់​ច្រាំងថ្ម​ចោត​មួយ​ដោយ​ចៃដន្យ ហើយ​បាន​ស្លាប់ ។ កាល​នោះ គាត់​មាន​អាយុ​តំណាល​ប្អូនៗ ។ សោកនាដកម្ម​នេះ​មិន​គួរ​កើតឡើង​ទេ ហើយ​នឹង​មិន​កើតឡើង​ឡើយ បើ​សេចក្ដី​សញ្ញា​បាន​ដឹកនាំ​ជីវិត​របស់​មិត្ត​ខ្ញុំ ជំនួស​ឲ្យ​ភាពងាយ​ស្រួល​នោះ ។

តើ​បងប្អូន​គូរ​បន្ទាត់​ក្នុង​ជីវិត​បងប្អូន​ពាក់ព័ន្ធ​នឹង​បទបញ្ញត្តិ​របស់​ព្រះ​នៅ​កន្លែង​ណា ? ប្រហែល​បងប្អូន​មួយ​ចំនួន​មើល​ទៅ​ជីវិត​ខ្លួន ដូច​ពួកយើង​ភាគច្រើន​ឃើញ​ថា​ជា​ការគោរព​តាម​ល្បឿន​ដែលបាន​កំណត់​លើ​មហាវិថី ។ តើ​មាន​នរណាម្នាក់​ធ្លាប់​គិត​ចង់​បើក​តាម​ល្បឿន​ដែល​បាន​កំណត់​ពិត​ប្រាកដ​ទេ ? ទេ ។ ផ្ទុយ​ទៅវិញ យើង​ចង់​ដឹង​ថា តើ​យើង​អាច​បើក​បាន​ប៉ុន្មាន​គីឡូម៉ែត្រ​លើស​ល្បឿន​ដែលបាន​កំណត់​ដោយ​មិន​ទទួល​សំបុត្រ​ផាកពិន័យ​នោះ ។ នោះ​ជា​របៀប​ដែល​មិត្ត​ភក្តិ​ស្និទ្ធស្នាល​របស់​ខ្ញុំ​បាន​រស់នៅ​ជីវិត​គាត់ ។ ក្នុង​ដំណឹងល្អ យើង​មិន​គួរ​គិត​ថា តើ​យើង​អាច​ទទួល​យក​ពី​ពិភពលោក​នេះ​បាន​ច្រើន​ប៉ុណ្ណា​ដោយ​មិន​ឆ្លង​បន្ទាត់ដែល​បានកំណត់​នោះ​ឡើយ ។ យើង​ត្រូវ​បោះបង់​ពិភពលោក​នេះ ។

ទាល់តែ​ពេល​បងប្អូន​លើក​ដាក់​សេចក្ដី​សញ្ញា​របស់​ព្រះ​លើ​ខ្លួន​បងប្អូន ទើប​បងប្អូន​មាន​ភ្នែក​ដែល​អនុញ្ញាត​ឲ្យ​បងប្អូន​មើល​ឃើញ​ពិភពលោក​នេះ​កាត់​ភាពរាយប៉ាយ​បាន​ច្បាស់ល្អ ។ ព្រះគម្ពីរ​ប៊ីប​បង្រៀន​ថា « ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ » ។១១ អ្នក​ដែល​រស់នៅ​តាម​សេចក្ដី​សញ្ញា​មិន​មែន​មាន​ន័យ​ថា​មាន​ជីវិត​ឥតខ្ចោះ​នោះ​ទេ ប៉ុន្ដែ​សម្រាំង​ជីវិត​គេ​តាម​រយៈ​ការប្រែចិត្ត​រាល់ថ្ងៃ ។ ការសម្រាំង​បែប​នោះ​នាំ​ពួកគេ​ទៅរក​ពរជ័យ​ដ៏​ច្រើន​របស់​ព្រះ និង​ព្រះចេស្តា​ដ៏​ខ្លាំង​នៃ​ស្ថានសួគ៌ ។ ក្នុង​គ្រា​ដ៏​ចលាចល​ទាំងនេះ តើ​មាន​បងប្អូន​ណា​ម្នាក់​កំពុង​ស្តាប់​នា​រាត្រី​នេះ​ដែល​មិន​ត្រូវការ​ការដឹកនាំ និង​ព្រះចេស្តា​របស់​ព្រះ​ដែរ​ឬ​ទេ ?

ច្រើន​ឆ្នាំ​កន្លង​ទៅ ដៃគូ​ពាណិជ្ជកម្ម​ម្នាក់​របស់​ខ្ញុំ​ដែល​បាន​ឈឺ​បាន​ប្រាប់​ខ្ញុំ​ថា ប្រធាន ប៊យដ៍ ខេ ផាកកឺ បាន​ទៅ​ផ្ទះ​គាត់​ដើម្បី​ប្រសិទ្ធពរ​ឲ្យ​គាត់ ។ គាត់​បាន​ថ្លែង​ថា « កាល​ខ្ញុំ​ជូន​គាត់​ទៅ​ឡាន​លោក​វិញ ប្រធាន​ផាកកឺ​បាន​និយាយ​ថា ‹ កុំ​ប្រញាប់​ត្រឡប់​ពី​គែតសេម៉ានី​ពេក​អី ។ រៀន​មេរៀន​នៅ​ទីនោះ​សិន › » ។ រួច​មិត្ត​ខ្ញុំ​បាន​សួរ​ខ្ញុំ​ថា « តើ​ឯង​គិត​ថា លោក​មាន​ន័យ​ដូចម្ដេច ? » ពីមុន​ខ្ញុំ​អាច​ឆ្លើយ​បាន គាត់​បាន​បន្ថែម​យ៉ាង​សាមញ្ញ​ថា « ខ្ញុំ​ជឿ​ថា លោក​មាន​ន័យ​ថា យើង​គ្រាន់តែ​ត្រូវ​ធ្វើតាម​ព្រះទ័យ​របស់​ព្រះ​ប៉ុណ្ណោះ ហើយ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ » ។

ពេល​សហការី​ខ្ញុំ​និយាយ​ពាក្យ​ទាំងនោះ ខ្ញុំ​ដឹង​ថា គាត់​និយាយ​ត្រូវ ។ ការសាកល្បង​ដ៏​ធំ​នៃ​ជីវិត​យើង​គឺ​ថា តើ​យើង​នឹង​ចុះចូល​តាម​ឆន្ទៈ​របស់​ព្រះ ឬ​ធ្វើ​តាម​ចិត្ត​យើង​ផ្ទាល់ ។ អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន​ជា​យូរ​ហើយ​ថា « ការចុះ​ចូល​តាម​ឆន្ទៈ​របស់​មនុស្ស​ម្នាក់ គឺ​ពិត​ជា​រឿង​ផ្ទាល់​ខ្លួន​ជាពិសេស ដែល​យើង​ត្រូវ​ដាក់​នៅលើ​អាសនា​របស់ព្រះ » ។១២

ប៉ុន្ដែ តើ​ការមាន​ឆន្ទៈ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ​មាន​ន័យ​ដូចម្ដេច ? ចេញពី​បទពិសោធន៍​របស់​ព្រះអង្គ​សង្គ្រោះ​យើង​នៅ​សួន​គែតសេម៉ានី ខ្ញុំ​ជឿ​ថា ជា​ផ្នែក​មួយ យើង​ត្រូវ​យល់​ថា ការចុះចូល​តាម​ព្រះទ័យ​របស់​ព្រះ​មាន​ន័យ​ថា បងប្អូន និង​ខ្ញុំ​ត្រូវ​មាន​ឆន្ទៈ​រងទុក្ខ និង​ស៊ូទ្រាំ​ដល់​ទីបំផុត មិន​ថា​ព្រះ​សុំ​ឲ្យ​យើង​ធ្វើ​អ្វី​ទេ ទោះជា​អ្វី​ដែល​យើង​ត្រូវ​ស៊ូទ្រាំ​នោះ​មិន​កើត​ពី​កំហុស​របស់​យើង​ក្ដី ។ ការណ៍​នេះ​អាច​រួមមាន​រឿង​ដូចជា ការខូច ឬ​ការអន់​ថយ​រូបកាយ ការចោទ​ប្រកាន់​ខុសឆ្គង ការកាត់​សេចក្ដី ឬ​ការធ្វើ​ឲ្យ​ប៉ះពាល់​ពី​មិត្តភក្តិ ថ្នាក់ដឹកនាំ ឬ​ក៏​សមាជិក​គ្រួសារ ។

នៅ​សួន​គែតសេម៉ានី ព្រះវរបិតាសួគ៌​បាន​សុំ​ឲ្យ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ផឹក​ពែង​ល្វីង​នៃ​អំពើបាប និង​ការរងទុក្ខ​ដែល​មិន​មែន​មកពី​ទ្រង់ ។ ក្នុង​ដំណើរការ​នោះ ព្រះយេស៊ូវ​បាន​មាន « ព្រះហឫទ័យ​ភាំង​ជា​ខ្លាំង » ដោយ​អ្វី​ដែល​នៅ​ចំពោះ​ព្រះភ័ក្រ្ដ​ទ្រង់ ។ ទ្រង់​មាន​ព្រះទ័យ « ព្រួយ​ជា​ខ្លាំង​សឹង​តែ​នឹង​ស្លាប់ » ហើយ​បាន​អធិស្ឋាន « បើ​សិន​ជា​បាន »​ថា​« សូម​ឲ្យ​ពេល​វេលា​នេះ​បាន​កន្លង​ហួស​ពី​ទ្រង់​ទៅ » ដោយ​ពោល​ទៅកាន់​ព្រះវរបិតា​ថា « ទ្រង់​អាច​នឹង​ធ្វើ​ការ​ទាំង​អស់​កើត សូម​យក​ពែង​នេះចេញ​ពី​ទូលបង្គំ​ផង » ។ ប៉ុន្តែ​ទ្រង់​បាន​បន្ថែម​ថា « ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​សម្រេច​តាម​ព្រះហឫទ័យ​ទ្រង់​វិញ » ។​១៣ នៅ​ជំនាន់​របស់​យើង ក្នុង​វិវរណៈ​មួយ​ដែល​បាន​ផ្ដល់​ឲ្យ​យ៉ូសែប ស្ម៊ីធ ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា « ហើយ​ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​ផឹក​ពែង​ល្វីង ហើយ​រួញ​ខ្លាច​—​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ព្រះ​វរបិតា​បាន​សិរី​ល្អ ហើយ​យើង​បាន​ទទួល​ទាន និង​សម្រេច​ការរៀបចំ​របស់​យើង​ចំពោះ​កូន​ចៅ​មនុស្ស » ។១៤

ការទទួលទាន និង​សម្រេច​បាន​ការរៀបចំ​របស់​ព្រះវរបិតា​សម្រាប់​យើង មិន​ថា​ល្វីង​យ៉ាង​ណា​ទេ វា​ជា​ផ្នែក​នៃ​ផែនការ​របស់​ព្រះវរបិតា​ដើម្បី​នាំ​មកនូវ​អំណរ​ដ៏​អស់កល្ប​ដល់​យើង ។ តើ​បងប្អូន​គិត​ឬ ជឿ​ថា ព្រះវរបិតាសួគ៌​នឹង​ការពារ​បងប្អូន​ពី​គ្រា​នៃ​ការឈឺចាប់ និង​វេទនា​ដែល​ចាំបាច់​ដើម្បី​ជួយ​បងប្អូន​ឲ្យ​ក្លាយ​ដូចជា​ទ្រង់​ទេ ? ប្រធាន យ៉ូហាន ថេលើរ បាន​និយាយ​ថា ព្យាការី យ៉ូសែប ស្ម៊ីធ​បាន​ប្រាប់​លោក​ថា « អ្នក​នឹង​ឆ្លងកាត់​ការសាក​ល្បង​គ្រប់​ប្រភេទ ។ … ព្រះ​នឹង​ជ្រាប​ពី​អ្នក ហើយ​ទ្រង់​នឹង​ចាប់​អ្នក ហើយ​មួល​ខ្សែ​បេះដូង​របស់​អ្នក » ។ ការធ្វើ​ជា​សិស្ស​របស់​ព្រះយ៉េស៊ូ​គ្រីស្ទ​មាន​ន័យ​ថា យើង​ត្រូវ « ងាយ​ប្រដៅ ស្លូតបូត ទាប​រាបសា អត់ឱន ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ព្រម​ទទួល​នូវ​អ្វីៗ​ទាំង​អស់​ដែល​ព្រះអម្ចាស់​ទ្រង់​ទត​ឃើញ​ថា​ល្អ​សម្រាប់ [ យើង ] » ។១៥

ប្រធាន ណិលសុន​ជា​ទី​ស្រឡាញ់​របស់​យើង បាន​ថ្លែង​ថ្មីៗ​ថា « ថ្ងៃ​ដ៏​ពិបាក​នៅ​ខាង​មុខ ។ វា​កម្រ​នៅក្នុង​ពេល​អនាគត ថា​វា​នឹង​ងាយស្រួល ឬ មាន​ប្រជាប្រិយភាព​ក្នុង​ការធ្វើជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់​ម្នាក់ ។ យើង​ម្នាក់ៗ​នឹង​ត្រូវបាន​សាកល្បង ។ … អ្នក​ដែល​ធ្វើតាម​ព្រះអម្ចាស់​ដោយ​ឧស្សាហ៍ ‹ នឹង​ត្រូវ​មាន​សេចក្តី​បៀត​បៀន › ។១៦ ការធ្វើ​ទុក្ខ​បុកម្នេញ​នោះ​អាច​សង្កត់​អ្នក​ទៅ​ក្នុង​ភាពខ្សោយ​ដោយ​ស្ងៀមស្ងាត់ ឬ​ក៏​អាច​ជម្រុញ​អ្នក​ឲ្យ​ក្លាយ​ជា​គំរូ និង​មាន​កម្លាំង​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ។របៀប​ដែល​អ្នក​ដោះស្រាយ​ឧបសគ្គ​នៅ​ក្នុង​ជីវិត គឺជា​ផ្នែក​នៃ​ការអភិវឌ្ឍ​សេចក្ដី​ជំនឿ​របស់​អ្នក » ។១៧

សាវក​ប៉ុល​បាន​សួរ​សំណួរ​នេះ ៖ « តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ផង​ព្រះគ្រីស្ទ​បាន តើ​សេចក្តី​ទុក្ខ​លំបាក ឬ​សេចក្តី​វេទនា សេចក្តី​បៀត​បៀន សេចក្តី​អត់ឃ្លាន សេចក្តី​អាក្រាត សេចក្តី​អន្តរាយ ឬ​ដាវ​ឬ​អី ? »១៨ ជា​ភាសា​សព្វថ្ងៃ យើង​អាច​និយាយ​តាម​របៀប​នេះ ៖ « តើ​ខ្ញុំ​នឹង​អនុញ្ញាត​ឲ្យ​ការពិបាក​ក្នុង​ការស្វែងរក​គូស្រករ​រៀបការ ឬ​បំណង​ដើម្បី​រស់នៅ​ក្នុង​ទំនាក់ទំនង​ដែល​ឥត​ដាក់​ទោស ឬ​ព្រឹត្តិការណ៍​មួយ​ពី​ប្រវត្តិ​សាសនាចក្រ ឬ​សកម្មភាព​ខុសឆ្គង​របស់​អ្នកដឹកនាំ ឬ​គ្រូបង្រៀន​ខ្លះ ឬ​បំណង​ប្រាថ្នា​លោកិយ​របស់​ខ្ញុំ ឬ​ការបាត់បង់​ការងារ ឬ​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​មួយ ឬ​ភាពតានតឹង​ដ៏​ខ្លាំង​មួយ រារាំង​ខ្ញុំ​ពី​ការធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ដោយ​ឧស្សាហ៍ និង​ចូលរួម​ក្នុង​សាសនាចក្រ​របស់​ទ្រង់​យ៉ាង​ពេញលេញ​ឬ​ទេ ? »

អំពើបាប​របស់​បងប្អូន​ទាំងអស់ ការឈឺចាប់ ជំងឺ និង​ទុក្ខ​វេទនា​របស់​បងប្អូន​ទាំងអស់​គឺជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​អែលឌើរ​ម៉ាកស្វែល​ហៅ​ថា « គណិតវិទ្យា​ដ៏​លំបាក » នៃ​ដង្វាយធួន [ របស់​ព្រះយេស៊ូវ​គ្រីស្ទ ]១៩ជា​គណិតវិទ្យា​ដែល​លោក​និយាយ​ថា អាច​គណនា​បាន​តែ​ជា « ភាព​សម្បើម​អស្ចារ្យ​គុណ​នឹង​ភាពនិរន្ដរ៍ » ២០ ភាពមិនសុខស្រួល​ឬ​ឧបសគ្គ​របស់​បងប្អូន​ពី​ការសាកល្បង​ក្នុង​ជីវិត​នឹង​មិន​ធ្លាក់​ចុះ​មក​ក្រោម​ទ្រង់​ឡើយ ។ ហេតុដូច្នេះ សំណួរ​ពី​ស្ថានសួគ៌​ចំពោះ​បងប្អូន​គឺ​ថា តើ​បងប្អូន​នឹង​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដែរ​ឬ​ទេ ហើយ​ថ្លែង​ជាមួយ​ទ្រង់​ថា ៖ « ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​សម្រេច​តាម​ព្រះហឫទ័យ​ទ្រង់​វិញ » ។២១

របៀប​មួយ​ទៀត​ដើម្បី​ថ្លែង​ការណ៍​នេះ​អាច​ត្រូវ​សួរ​ថា « តើ​ខ្ញុំ​នឹង​ទុកចិត្ត​ព្រះ ហើយ​ទុក​ចិត្ត​លើ​ផែនការ​របស់​ទ្រង់​សម្រាប់​ជីវិត​ខ្ញុំ​ដែរ​ឬ​ទេ ? »

កាល​បងប្អូន​ប្រឈម​នឹង​ឧបសគ្គ និង​ការសាកល្បង សូម​ដឹង​ថា ព្រះ​មាន​ព្រះចេស្ដា​ទាំងអស់​ដើម្បី​គាំទ្រ​បងប្អូន​—​ទោះជា​ពេល​ស្ថានភាព​ជុំវិញ​បងប្អូន​មិន​ផ្លាស់ប្ដូរ​ក្ដី ។ ទោះ​នៅ​កណ្ដាល​ទុក្ខ​វេទនា​នៃ​ការសាកល្បង​ដ៏​ឈឺចាប់ ក៏​ទ្រង់​សន្យា​ថា​ទ្រង់ « … នឹង​សម្រាល​បន្ទុក​ទាំងឡាយ​ដែល​ដាក់​នៅលើ​ស្មា​អ្នក​ផង ហើយ​សូម្បី​តែ​រូប​អ្នក​ក៏​មិន​អាច​ចាប់​អារម្មណ៍​ថា​មាន​បន្ទុក​ទាំងនោះ​នៅលើ​ខ្នង​អ្នក​ឡើយ … ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​ដឹង​ជា​ពិត​ប្រាកដ​ថា យើង​ជា​ព្រះអម្ចាស់​ដ៏​ជា​ព្រះ មក​រក​រាស្ត្រ​យើង​ក្នុង​ពេល​គេ​ស្ថិត​ក្នុង​សេចក្ដី​វេទនា » ។២២ សូម​កុំ​សង្ស័យ​ថា ព្រះអម្ចាស់​អាច​បើក​គ្រប់​ទ្វារ​ដ៏​ស័ក្ដិសិទ្ធិ​ឡើយ សូម​អះអាង​នឹង​ខ្លួន​បងប្អូន​តាមរយៈ​សំណួរ​នៃ​សេចក្ដី​ជំនឿ ហើយ​ជួយ​ខ្លួន​បងប្អូន​ឲ្យ​រក្សា​បាន​ការងារ ការអប់រំ និង​កម្លាំង​ដើម្បី​រស់នៅ​ដោយ​សុចរិត ឬ​អ្វី​ផ្សេងទៀត​ក៏ដោយ​ដែល​បងប្អូន​អាច​ត្រូវការ​ដើម្បី​ឈាន​ដល់​សក្ដានុពល​ដ៏​ពេញលេញ​របស់​បងប្អូន ។ ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​ថា​ទ្រង់ នឹង​រៀបចំ ផ្លូវ​មួយ ។២៣ តើ​មាន​នរណាម្នាក់ ឬ​អ្វីមួយ​ផ្សេងទៀត​អាច​ផ្ដល់​ការសន្យា​ដូចគ្នា​នោះ​ដែរ​ទេ ? សូម​ទុកចិត្ត​ទ្រង់​ដើម្បី​បង្រៀន និង​គាំទ្រ​បងប្អូន កាល​បងប្អូន​ចុះចូល​តាម​ព្រះទ័យ​ទ្រង់​ដោយ​រាបសា ។

ច្រើន​ឆ្នាំ​កន្លង​ទៅ ប្រធាន ហិនរី ប៊ី អាវរិង បាន​ធ្វើការ​អង្កេត​ដែល​ឆាប់​យល់​បាន​នេះ ៖ « បើ​គ្រឹះ​នៃ​សេចក្ដីជំនឿ​ពុំមាន​ចំណែក​នៅក្នុង​ដួងចិត្ត​យើង​ទេ នោះ​អំណាច​ដើម្បី​ប្រកាន់​ខ្ជាប់​នឹង​គ្មាន​ឡើយ » ។២៤ សេចក្តី​ជំនឿ​គឺជា​គោលការណ៍​នៃ​សកម្មភាព ហើយ​សេចក្ដី​ជំនឿ​ជា​ជម្រើស​មួយ ។ សេចក្ដី​ជំនឿ​មិន​ត្រូវបាន​វាស់វែង​ដោយ​ចំនួន​ការប្រជុំ​ដែល​យើង​ចូលរួម ឬ​ទម្លាប់​ដែល​យើង​រក្សា​បាន​នោះ​ទេ ។ សេចក្ដី​ជំនឿ​មិនមែន​ទាំង​ជា​ការទទួល​ស្គាល់​ថា ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់​នោះទេ ។ សេចក្ដី​ជំនឿ​របស់​បងប្អូន​គឺជា​កម្រិត​នៃ​ការទុកចិត្ត​របស់​បងប្អូន និង​ការពឹងផ្អែក​ទាំងស្រុង​លើ​ព្រះ និង​ព្រះអង្គ​សង្គ្រោះ​របស់​បងប្អូន គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ទាំងអស់​គ្នា​ស៊ូទ្រាំ ឬ​វិនាស​ស្របតាម​កម្រិត​នៃ​ការទុកចិត្ត និង​ការពឹង​ផ្អែក​ផ្ទាល់ខ្លួន​របស់​យើង​លើ​ទ្រង់​ទាំងពីរ​អង្គ ។

ដើម្បី​កសាង​សេចក្ដី​ជំនឿ​លើ​ទ្រង់​ទាំងពីរ បងប្អូន​នឹង​ត្រូវ​លុបចេញ​អាកប្បកិរិយា​ដោះសា​ខ្លួន​ណាមួយ​ចេញពី​ជីវិត​របស់​បងប្អូន ។ បងប្អូន​ត្រូវ​ធ្វើជា​ម្ចាស់​នៃ​ជីវិត​របស់​បងប្អូន ហើយ​កុំ​អនុញ្ញាត​ឲ្យ​មនុស្ស​ដទៃ​ដឹក​សកម្មភាព និង​ជម្រើស​របស់​បងប្អូន​ឡើយ ។ ទស្សនវិស័យ ឥរិយាបថ ប្រតិកម្មតប អារម្មណ៍ គំនិត និង​ជំនឿ​របស់​បងប្អូន​គឺជា​អ្វីៗ​ទាំងអស់​ដែល​បងប្អូន​អាច​គ្រប់គ្រង​បាន ។ ការអាក់អន់​ចិត្ត និង​ការដើរ​ចេញ​មិនមែន​មកពី​ព្រះ​ទេ ។ សំឡេង​របស់​ទ្រង់​អញ្ជើញ​យើង​ឲ្យ « ដើរ​តាម​ទ្រង់ » ជានិច្ច ! ព្រះ​ត្រៀម​ព្រះកាយ​ជាស្រេច​ដើម្បី​ឆ្លើយ​នឹង​សំណួរ​នានា លួងលោម​ការពុះពារ​នឹង​ការពិបាក​ណាមួយ ហើយ​ប្រោសលោះ​បុគ្គល​គ្រប់រូប​ទាំងអស់ ។ គ្មាន​កំហុស ឬ​ការពិបាក​ណា​ដែល​មិន​អាច​ព្យាបាល​បាន​ដោយ​ទ្រង់​ឡើយ ។ ការស្វែងរក​តាម​អ៊ិនធើរណិត​ទាំងអស់​ក្នុង​ពិភពលោក​នេះ​តាមរយៈ​ទំព័រ​វិបសាយ​ជិត​មួយ​ប៊ីលាន​កន្លះ មិន​អាច​ប្រាប់​បងប្អូន​ថា តើ​សាសនាចក្រ​នេះ​ពិត​ឬ​អត់ ឬ​ថា​តើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់​ឬ​អត់​នោះ​ទេ គឺ​មានតែ​ព្រះ​ទេ​ដែល​អាច​បើក​បង្ហាញ​ការណ៍​នេះ​ដល់​បងប្អូន​បាន ។ ហើយ​ចុង​បញ្ចប់​នៃ​ការណ៍​នេះ​គឺ ៖ ព្រះ​នឹង​មិន​ប្រាប់​បងប្អូន​ពី​សេចក្ដីពិត​មួយ ហើយ​ប្រាប់​ខ្ញុំ​សេចក្ដីពិត​ផ្សេង​ទៀត​នោះ​ទេ ។ យើង​ទាំងអស់​គ្នា​នឹង​ទទួល​បាន​ចម្លើយ​ដូចគ្នា ពេល​យើង​សួរ ហើយ​ទូលសូម​ពី​ទ្រង់​ដោយ​អស់ពី​ចិត្ត សេចក្ដី​ជំនឿ និង​បំណង​ប្រាថ្នា​ដ៏​ពិត ។ បងប្អូន​ធ្វើ​ការណ៍​នេះ​ខ្លះ​ហើយ ពេល​បងប្អូន​លែង​មាន​រឿង​ដោះសា​ខ្លួន​ទាំងអស់ ។

ច្រើន​ឆ្នាំ​កន្លង​ទៅ ខណៈ​បំពេញ​ការចាត់​តាំង​នៅ​អាហ្វ្រិក ខ្ញុំ​បាន​ឮ​ការរាយការណ៍​អំពី​បុរស​ម្នាក់ ដែល​ដឹក​សត្វ​ក-​វែង​ពីរ​ក្នុង​ឡាន​របស់​គាត់ សត្វ​មួយ​ខ្ពស់​ជាង​មួយ​ទៀត ។ កាល​គាត់​ធ្វើ​ដំណើរ​តាម​មហាវិថី គាត់​បាន​បើក​ក្រោម​ស្ពាន​មួយ​ដែល​កាត់​លើ​មហាវិថី​នោះ ប៉ុន្ដែ​ស្ពាន​នោះ​មិន​ខ្ពស់​ល្មម​សម្រាប់​សត្វ​ក-​វែង​ដ៏​ធំ​មួយ​ក្បាល​នោះ​ឡើយ ។ ពេល​ឡាន​បើក​ក្រោម​ស្ពាន ក្បាល​សត្វ​ក-​វែង​ដែល​ខ្ពស់​ជាង​នោះ​បាន​បុក​នឹង​ស្ពាន ហើយ​ងាប់​មួយ​រំពេច ។ ក្រោយមក អ្នកបើក​ឡាន​រូបនោះ​ត្រូវ​គេ​សួរ​ថា ហេតុអ្វី​គាត់​មិន​ប្រយ័ត្ន​ជាង​នេះបន្តិច​ដើម្បី​ចៀសវាង​កុំឲ្យ​សត្វ​ក-វែង​នេះ​ងាប់ ។ គាត់​និយាយ​ថា « វា​មិនមែន​ជា​កំហុស​ខ្ញុំ​ទេ ។ គេ​សង់​ស្ពាន​នោះ​ទាប​ពេក » ។

ការដោះសា​របស់​បុរស​នេះ​អាច​ស្ដាប់​ទៅ​គួរឲ្យ​អស់​សំណើច ប៉ុន្ដែ​តើ​បងប្អូន​ធ្លាប់​បាន​ដោះសា​ដោយ​មិន​សមហេតុផល​ចំពោះ​ជម្រើស​មិន​ល្អ​របស់​បងប្អូន​ផ្ទាល់​ទេ ? សូម​កុំ​បន្ទោស​ស្ពាន​ទាប ដោយសារ​វា​ទាប​ដូច្នោះ ។ ប៉ុន្ដែ សូម​ព្យាយាម​រះ​ឲ្យ​ដល់​សក្ដានុពល​ដ៏​ពេញលេញ​របស់​បងប្អូន តាមរយៈ​ការស័ក្ដិសម​នឹង​អំណាច ពរជ័យ និង​អព្ភូតហេតុ​នៃ​ស្ថានសួគ៌​ដ៏​ចាំបាច់​ទាំងអស់​ដែល​បាន​សន្យា​មក ដោយ​ការបង្កើន​សេចក្ដី​ជំនឿ ឬ​ការទុកចិត្ត​លើ​ទ្រង់​ឥត​ដាច់ ។ ព្រះអម្ចាស់​មាន​បន្ទូល​ទៅ យ៉ូសែប ស្ម៊ីធ ៖ « …​បាន​ទៅ​តាម​ការបញ្ចុះ​បញ្ចូល​ទាំង​ឡាយ​នៃ​មនុស្ស​លោក [ ប៉ុន្មាន​ដង ] ។​… អ្នក​មិន​ត្រូវ​ខ្លាច​មនុស្ស​ជាង​ព្រះ​ឡើយ ។ ទោះ​ជា​មនុស្ស​លោក​ចាត់​ដំបូន្មាន​ទាំងឡាយ​នៃ​ព្រះ​ទុកជា​គ្មាន​តម្លៃ ហើយ​មើលងាយ​ព្រះបន្ទូល​ទាំងឡាយ​របស់​ទ្រង់​ក៏​ដោយ​—ប៉ុន្តែ​អ្នក​គួរតែ​មាន​ចិត្ត​ស្មោះត្រង់ នោះ​ទ្រង់​ក៏​នឹង​សន្ធឹង​ព្រះ​ពាហុ​របស់​ទ្រង់ ហើយ​ទ្រ​ទ្រង់​អ្នក​ពី​អស់​ទាំង​ព្រួញ​ភ្លើង​របស់​មារសត្រូវ ហើយ​ទ្រង់​ក៏​នឹង​គង់នៅ​ជាមួយ​អ្នក​គ្រប់​ពេលវេលា​មាន​ការខ្វល់​ខ្វាយ​ដែរ » ។២៥

ឥឡូវនេះ ខ្ញុំ​ចង់​ពង្រីក​ហួស​ពី​ការពិនិត្យ​មើល​ខ្លួនឯង ហើយ​បន្សល់​ទុក​នឹង​បងប្អូន​នូវ​សាក្សី​ខ្ញុំ​ថា ផ្នែក​នៃ​ការរស់នៅ​តាម​សេចក្ដី​សញ្ញា និង​ការចុះចូល​តាម​ព្រះទ័យ​របស់​ព្រះ​ក៏​ជា​ការស្ម័គ្រចិត្ត​ចេញ​ពី​ខ្លួន​បងប្អូន ហើយ​ធ្វើ​ដូច​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​ពេត្រុស​ឲ្យ « ចម្រើន​ឲ្យ​បងប្អូន​អ្នក​បាន​ខ្ជាប់ខ្ជួន​ឡើង » ។ ប្រធាន​ណិលសុន​មាន​ប្រសាសន៍​កន្លង​ទៅ​ថ្មីៗ​ថា « យើង​ត្រូវ​ធ្វើ​ជា​អ្នក​កសាង​នៃ…​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ និង​សេចក្ដីជំនឿ​លើ​សាសនាចក្រ​របស់​ទ្រង់ ។ … យើង​ត្រូវ​ស្ថាបនា​សាសនាចក្រ និង​នគរ​នៃ​ព្រះ​នៅ​លើ​ផែនដី​នេះ » ។២៦ លោក​ក៏​បាន​ថ្លែង​ទីបន្ទាល់​ថា « គ្មានអ្វី​កើតឡើង​នៅលើ​ផែនដីនេះ​ក្នុង​ពេលនេះ ដែល​សំខាន់​ជាង [ ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ] នេះ​ទេ ។ គ្មាន​អ្វី ដែលមាន​សារៈសំខាន់​ខ្លាំង​ជាង​នោះទេ ។ គ្មាន​ទាល់តែ​សោះ ។ ការ​ប្រមូល​ផ្ដុំ​នេះ គួរ​តែ​មានអត្ថន័យ​ទាំង​ស្រុង​ចំពោះ​ប្អូនៗ ។ នេះ​គឺជា​បេសកកម្ម​ដែល​ប្អូនៗ​ត្រូវ​បាន​បញ្ជូន​មក​ផែនដី » ។២៧ ដូចគ្នា​ដែរ ព្រះអង្គ​សង្គ្រោះ​បាន​សួរ​ពេត្រុស​ថា « តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន​ឬ​អី ? » រួច​ហើយ​មាន​បន្ទូល​ថា « ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង » ។២៨

ក្នុង​ដំណឹងល្អ​របស់​យ៉ូហាន យើង​អាន​ត្រង់​ម៉ារា និង​ម៉ាថា​បាន​ឲ្យ​គេ​ទៅ​ហៅ​ព្រះអង្គ​សង្គ្រោះ ពេល​ប្អូនប្រុស​របស់​ពួកនាង ឡាសារ ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ខ្លាំង ។ សិស្ស​របស់​ទ្រង់​បាន​អង្វរ​ទ្រង់​កុំ​ឲ្យ​ទៅ ដោយសារ​ពួកសាសន៍​យូដា​ព្យាយាម​ផ្ដាច់​ព្រះជន្ម​ទ្រង់ ប៉ុន្ដែ​ព្រះយេស៊ូវ​នៅតែ​ទៅ​ផ្នូរ​របស់​ឡាសារ ។ នៅ​ទីនោះ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ព្រះកន្សែង ហើយ​ខូច​ព្រះទ័យ​ដូច​មិត្ត​ទ្រង់​ដែរ ។ រួចហើយ​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ទ្រង់​បាន​បញ្ជា​ឲ្យ​ឡាសារ​រស់​ឡើង​វិញ​ពី​សា្លប់ ដោយ​មាន​បន្ទូល ៖ « ឡាសារ​អើយ ចូរ​ចេញ​មក » ។ បទគម្ពីរ​កត់ត្រា​បន្ដ​ទៀត​ថា « នោះ​អ្នក​ដែល​បាន​ស្លាប់ ក៏​ចេញ​មក មាន​ទាំង​សំពត់​ស្នប​រុំ​ជាប់​នៅ​ជើង​ដៃ​ផង ។ … [ ហើយ ] ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​ស្រាយ​គាត់​ឲ្យ​ទៅ​ចុះ » ។២៩

មិត្ត​ជាទី​ស្រឡាញ់​ខ្ញុំ​អើយ គ្មាន​អ្វី​ផ្ដល់​ជីវិត​ជាង​ការចែកចាយ​ពន្លឺ​នៃ​ព្រះគ្រីស្ទ និង​ពន្លឺ​នៃ​ដំណឹងល្អ​របស់​ទ្រង់​ទេ ។ គ្មាន​អ្វី​ក្រៅពី​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ​ទេ ដែល​អាច​នាំ​សេចក្ដី​សុខសាន្ដ​ដល់​គ្រប់​ជាតិ​សាសន៍ សង្គ្រោះ​ពិភពលោក​នេះ​ចេញ​ពី​ភាពក្រីក្រ ឬ​លើក​ស្ទួយ​មនុស្ស​ដទៃ​ឲ្យ​មាន​សុភមង្គល​ជា​និរន្ដរ៍ ។ អង្គការ​ដែល​ប្រតិបត្តិ​តាម​គោលការណ៍​ផ្សេងៗ​ទៀត​អាច​ធ្លាក់​ចុះ ។ មានតែ​ដំណឹងល្អ​ទេ​ដែល​អាច​ដោះ « សំពត់​ស្នប​រុំ » របស់​អ្នក​នៅ​ជុំវិញ​បងប្អូន​បាន ។ សូម​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​មករក​ពន្លឺ​របស់​ទ្រង់ ។ កាល​បងប្អូន​ធ្វើ​ដូច្នោះ ព្រះ​សន្យា​ថា បងប្អូន​នឹង​នាំ​មក​នូវ « សេចក្ដី​សង្គ្រោះ​មក​ដល់​ព្រលឹង [របស់​បងប្អូន ] »​៣០ថា​អំពើបាប​របស់​បងប្អូន​នឹង​ត្រូវបាន​អភ័យទោស​៣១ហើយ​ថា​ទ្រង់​នឹង​បញ្ជូន « ពួក​ទេវតា​របស់​ទ្រង់​នៅ​ព័ទ្ធ​ជុំវិញ​អ្នក​ដើម្បី​ទ្រ​អ្នក​ឡើង » ។៣២

សេចក្តី​សង្ឃឹម

ឥឡូវ ខ្ញុំ​ដឹង​យ៉ាង​មោះមុត​ថា ត្បិត​បើ​មាន​បំណង​ល្អ​របស់​បងប្អូន របស់​ខ្ញុំ​ឬ​របស់​នរណា​ផ្សេងទៀត​ក្ដី ក៏​សម្ពាធ​ដើម្បី​ប្រឈម​នឹង​ទស្សនៈ​ពិភពលោក ដែល​មិនមែន​ជា​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​អាច​ធំ​មហិមា ។ ដោយ​ការប្ដេជ្ញា​ចិត្ត​ដ៏​មុតមាំ ពេត្រុស​បាន​ពោល​ទៅកាន់​ព្រះយេស៊ូវ​ថា « ទោះ​បើ​មនុស្ស​ទាំងអស់​នឹង​រវាត​ចិត្ត ដោយ​ព្រោះ​ទ្រង់​ក៏​ដោយ គង់​តែ​ទូលបង្គំ​មិន​ដូច្នោះ​ទេ ។ … ទោះ​បើ​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ទ្រង់​ក៏​ដោយ គង់​តែ​មិន​ព្រម​ថា មិន​ស្គាល់​ទ្រង់​ឡើយ » ។៣៣ ប៉ុន្ដែ​ភ្លាមៗ​បន្ទាប់ពី​នោះ ពេត្រុស​បាន​ស្ទាក់ស្ទើរ​ដោយ​បដិសេធ​ព្រះអង្គ​សង្គ្រោះ​បី​ដង ។ តើ​បងប្អូន​ត្រូវ​រៀន​អ្វីខ្លះ​ពី​រឿង​នេះ ?

ខ្ញុំ​ជឿ​ថា នៅ​ក្នុង​ចំណែក​នៃ​ព្រះអម្ចាស់​ទ្រង់​សព្វព្រះទ័យ​ឲ្យ​បងប្អូន​ដឹង​ថា ទ្រង់​ជ្រាប​ថា ការចុះ​ចូល​តាម​ព្រះទ័យ​ទ្រង់—ការរស់នៅ​តាម​សេចក្ដី​សញ្ញា ឬ​ការប្រែចិត្ត​ជឿ​ពេញលេញ—គឺជា​ដំណើរការ​មួយ មិនមែន​ជា​ព្រឹត្តិការណ៍​មួយ​ទេ ។ ព្រះយេស៊ូវ​បាន​ប្រទាន​ព្រះជន្ម​របស់​ទ្រង់ ដើម្បី​កុំ​ឲ្យ​យើង​វាស់វែង​ជីវិត​យើង​ដោយ​ភាពទន់ខ្សោយ ឬ​ភាពមិន​ឥតខ្ចោះ​របស់​យើង ប៉ុន្ដែ​ដើម្បី​យើង​អាច​ប្រែចិត្ត​រាល់ថ្ងៃ ហើយ​មាន​កម្លាំង​ឡើង​តាមរយៈ​ការប្រែចិត្ត​ទៅជា​សេចក្ដី​ជំនឿ​ដែល​មិន​រង្គោះ​រង្គើរ ។ បងប្អូន​អាច​ឆ្លាក់​ក្នុង​ចិត្ត​បងប្អូន​នូវ​ការណែនាំ​ដ៏​ជ្រៅជ្រះ​នេះ​មកពី​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅ​សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៦ ៖

« យើង​មាន​ការលួងលោម​ចិត្ត​ខ្លះៗ​ដោយសារ​តែ​ភាពពិត​ថា ប្រសិនបើ​ព្រះ​ប្រទាន​រង្វាន់​ចំពោះ​តែ​អ្នក​ដែល​ស្មោះត្រង់​ឥតខ្ចោះ នោះ​ទ្រង់​នឹង​ពុំមាន​ឈ្មោះ​ច្រើន​ក្នុង​បញ្ជី ដើម្បី​ប្រទាន​រង្វាន់​ឲ្យ​នោះ​ទេ ។ សូម​ចងចាំ​នៅ​ថ្ងៃស្អែក និង​ថ្ងៃ​ខាងមុខ​ថា ព្រះអម្ចាស់​ប្រទានពរ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ចង់​កែលម្អ ដែល​ទទួល​ស្គាល់​ថា គេ​ត្រូវការ​បទបញ្ញត្តិ​ហើយ​ព្យាយាម​រក្សា​វា ដែល​រីករាយ​នឹង​គុណធម៌​ដូច​ព្រះគ្រីស្ទ ហើយ​ខិតខំ​អស់ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​វា ។ ប្រសិន​បើ​អ្នក​ជំពប់ដួល​ពេល​កំពុង​ព្យាយាម​នោះ កាល​មនុស្ស​គ្រប់រូប​ជំពប់​ដួល​ដែរ នោះ​ព្រះអង្គ​សង្គ្រោះ​គង់​នៅចាំ​ជួយ​អ្នក​ឲ្យ​បន្ដ​ដើរ​ទៅមុខ​ទៀត ។ ប្រសិនបើ​អ្នក​ដួល ចូរ​សូម​ឲ្យ​ទ្រង់​ជួយ » ។៣៤

លីណេត និង​ខ្ញុំ​បាន​អង្គុយ​ជាមួយ​អែលឌើរ​ហូឡិន​នៅ​ទីក្រុង​យ៉ូហានណេសបឺក ពេល​ប្អូនស្រី​យុវមជ្ឈិមវ័យ​នៅលីវ​ម្នាក់​ដែល​ជា​អ្នក​ត្រឡប់​មកពី​ការផ្សព្វផ្សាយ​សាសនា​វិញ​បាន​ក្រោកឈរ ហើយ​ថ្លែង​ទីបន្ទាល់​ថា « ខ្ញុំ​មិន​បាន​មក​ចម្ងាយ​នេះ ដើម្បី​មក​ដល់​ត្រឹម​នេះ​ទេ » ។ សូម​ចាំ​ថា « មិន​ថា​បងប្អូន​កំពុង​ប្រឈម​នឹង​ឧបសគ្គ​អ្វី​… [ ដែល​ត្រូវ ] បន្ដ​ទៅមុខ​ទេ ។ ចូរ​បន្ដ​ខិតខំ ។ ចូរ​បន្ដ​ទុកចិត្ត ។ ចូរ​បន្ដ​ជឿ ។ ចូរ​បន្ដ​រីកចម្រើន ។​… ស្ថានសួគ៌​កំពុង​លើក​ទឹកចិត្ត​បងប្អូន​នៅ​ថ្ងៃនេះ ថ្ងៃស្អែក និង​ជារៀង​រហូត​តទៅ » ។៣៥ បងប្អូន​នៅក្នុង​បាត​ព្រះហស្ដ​នៃ​ព្រះហស្ដ​របស់​ព្រះ ហើយ​ទ្រង់​អាច​ដោះលែង​បងប្អូន​កាត់​ភ្លើង​ដ៏​សន្ធោ​សន្ធៅ​ណាមួយ​បាន ។

អែលឌើរ​ហូឡិន​ក៏​បាន​ថ្លែង​ពី​សេចក្ដី​មេត្តា និង​ការធានា​ដ៏​ស្រទន់​បន្ថែម​ទៀត​ពី​ព្រះអម្ចាស់ ដែល​បងប្អូន​អាច​ចង់​ទន្ទេញ​វា​ចាំ​ក្នុង​ចិត្ត ៖

« ព្រះវិញ្ញាណ​មិន​ត្រូវបាន​រាំងស្ទះ​ដោយ​វីរុស ឬ​ដោយ​ព្រំដែន​ជាតិ ឬ​ដោយ​ការព្យាករ​ខាង​វេជ្ជសាស្ដ្រ​ឡើយ ។ [ មាន ] អំណោយទាន​មកពី​ស្ថានសួគ៌​ដែល​មិន​បាន​កម្រិត​ដោយ​បញ្ហា​ក្នុង​ដែនដី ឬ​ជំងឺ​ក្នុង​អាកាស ។ … ទ្រង់​ដែល​បាន​បង្កើត​ពិភពលោក​ដ៏​អស្ចារ្យ​ដែល​យើង​រស់នៅ​នេះ អាច​មាន​បន្ទូល​ទៅ​ធាតុ​ណាមួយ​ក្នុង​នោះ ៖ ‹ ឆ្ងាយ​ត្រឹម​នេះ ហើយ​កុំ​ទៅ​ឆ្ងាយ​ទៀត › ។ នោះ​ជា​អ្វី​ដែល​ទ្រង់​នឹង​មាន​បន្ទូល​ទៅ​ការបំផ្លាញ ដែល​យើង​កំពុង​ប្រឈម​នេះ ។ នៅក្នុង​វត្តមាន​នៃ​ព្រះដ៏​មាន​មហិទ្ធិឬទ្ធិ សូម្បី​ភាវៈ​ទំហំ​ល្អិត​ជាង​អាតូម​ត្រូវតែ​ឱន​ចុះ​—​បើ​ក្នុង​ន័យ​ប្រៀបធៀប​មែន​—​ហើយ​ម្នាក់ៗ​តាម​របៀប​របស់​ខ្លួន​ផ្ទាល់ ‹ ទទួល​ស្គាល់ › ថា​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ព្រះប្រោសលោះ​ដ៏​អស្ចារ្យ​នៃ​អ្វី​ទាំងអស់ ។ នៅក្រោម​ការដឹកនាំ​របស់​ព្រះវរបិតា​ទ្រង់ នោះ​ព្រះអង្គ​សង្គ្រោះ​ទទួល​ខុសត្រូវ​លើ​ជោគ​វាសនា​នៃ​ពិភពលោក​នេះ ។ យើង​ស្ថិត​ក្នុង​ព្រះហស្ដ​ដែល​មាន​សុវត្ថិភាព និង​ពេញ​ដោយ​ក្ដី​ស្រឡាញ់ » ។៣៦

សេចក្ដី​បញ្ចប់

ខ្ញុំ​ចង់​បញ្ចប់​ត្រង់​កន្លែង​ដែល​ខ្ញុំ​បាន​ចាប់ផ្ដើម ។ ខ្ញុំ​ជឿ​ថា បងប្អូន​គឺជា​ជំនាន់​យុវមជ្ឈិមវ័យ​ដ៏អស្ចារ្យ​បំផុត​នៅក្នុង​ប្រវត្តិ​សាសនាចក្រ​នេះ ។ បងប្អូន​ក៏​អាច​ជា​ជំនាន់​ដែល​ប្រឈម​នឹង​ឧបសគ្គ​ដ៏​ខ្លាំង​បំផុត​ដែរ ។ កាល​បងប្អូន​គិត​ដល់​ឧបសគ្គ​ដែល​ហ៊ុមព័ទ្ធ​បងប្អូន សូម​ចាំ​ថា ព្រះ​មាន​បន្ទូល​ថា « ដ្បិត​យើង​ជា​ព្រះ​អម្ចាស់​នឹង​ជំនុំ​ជម្រះ​មនុស្ស​លោក​ទាំងអស់ ស្របតាម​កិច្ចការ​របស់​ពួកគេ គឺ​ស្រប​តាម​សេចក្ដី​ប៉ងប្រាថ្នា​នៃ​ដួងចិត្ត​របស់​ពួកគេ » ។៣៧ ព្រះវិញ្ញាណ​អាច​ជួយ​បងប្អូន​ឲ្យ​បណ្ដុះ​បំណង​ប្រាថ្នា​របស់​បងប្អូន ប៉ុន្ដែ​ខ្លួន​បងប្អូន​តែម្នាក់​គត់​ដែល​ត្រូវ​ជ្រើសរើស​អ្វី​ដែល​បងប្អូន​ប្រាថ្នា ហើយ​មានតែ​ខ្លួន​បងប្អូន​តែម្នាក់​គត់​ដែល​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ព្រះ​សម្រាប់​ជម្រើស​នោះ ។ ទ្រង់​ក៏​បាន​ប្រកាស​ផង​ដែរ​ថា « ស្រប​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​អ្នក … ការណ៍​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក » ។៣៨ ការណ៍​នេះ​មាន​ន័យ​ថា « [ បងប្អូន ] គួរតែ​ចង់​បាន​លទ្ធផល​នៃ​អ្វី​ដែល [ បងប្អូន ] ចង់​បាន ! »៣៩

ខ្ញុំ​បញ្ចប់​ដោយ​បទពិសោធន៍ និង​ទីបន្ទាល់​ផ្ទាល់ខ្លួន​នេះ​មកពី​ជីវិត​ខ្ញុំ ។ ច្រើន​ឆ្នាំ​កន្លង​ទៅ កាល​ជា​និស្សិត​ឆ្នាំ​ទី​ពីរ​នៅ​មហាវិទ្យាល័យ ខ្ញុំ​បាន​រៀន​ដើម្បី​ត្រៀម​ប្រឡង​បញ្ចប់​ដោយ​ខ្លួនឯង​នៅ​ផ្ទះ ។ វា​ជា​ថ្ងៃ​ដ៏​កក់ក្ដៅ​មួយ ហើយ​កាល​ខ្ញុំ​រំឭក​វិញ្ញាសារ​មេរៀន​ខ្ញុំ មាន​សត្វ​សុច​មួយ​ចាប់​ផ្ដើម​សូរ​ង៉ឺងៗ​ពីមុខ​ខ្ញុំ ។ ការនៅ​រឹង​ទទឹង​របស់​សត្វ​សុច​នេះ​ចាប់ផ្ដើម​ធ្វើឲ្យ​ខ្ញុំ​ធុញ​យ៉ាង​ខ្លាំង ។ ទីបំផុត ខ្ញុំ​ទ្រាំ​លែង​បាន ។ ខ្ញុំ​បាន​លើក​ដៃ​ទះ​សត្វ​សុច​នោះ​ងាប់​ទៅ ។ រហូត​ដល់​ថ្ងៃនេះ ខ្ញុំ​មិន​អាច​ពន្យល់​ពី​អ្វី​ដែល​បាន​កើតឡើង​បន្ទាប់​ឡើយ ៖ ខ្ញុំ​មើល​ទៅ​សត្វ​សុច​ដែល​ងាប់​នោះ​ក្នុង​បាត​ដៃ​ខ្ញុំ ហើយ​មាន​អារម្មណ៍​អាណិតខ្លាំងណាស់ ។ ខ្ញុំ​និយាយ​ប្រាប់​ខ្លួន​ឯង​ថា « សត្វ​សុច​នោះ​មិន​ត្រូវ​ងាប់​ឡើយ ។ វា​ងាប់​ដោយសារតែ​ការអន្ទះសា និង​ការគ្មាន​អំណត់​របស់​ខ្ញុំ​ប៉ុណ្ណោះ ។ រួចហើយ​ខ្ញុំ​បាន​លុត​ជង្គង់​ចុះ​អធិស្ឋាន​ទៅ​ព្រះ ដើម្បី​អភ័យទោស​ឲ្យ​ខ្ញុំ ហើយ​ថា​សត្វ​សុច​នោះ​រស់​ម្ដងទៀត ។ កាល​ខ្ញុំ​បាន​បញ្ចប់​ការអធិស្ឋាន​នោះ សត្វ​សុច​បាន​ហើរ​ចេញ​ពី​ដៃ​ខ្ញុំ ។

ខ្ញុំ​បាន​សួរ​ខ្លួនឯង​ច្រើន​ឆ្នាំ​មក​ថា ហេតុអ្វី​ព្រះ​ធ្វើ​ការណ៍​សម្រាប់​ខ្ញុំ ? ចម្លើយ​ជាច្រើន​បាន​ផ្តល់ឲ្យ ប៉ុន្ដែ​គ្មាន​អ្វី​សំខាន់​ជាង​ចម្លើយ​នេះ​ទេ ៖ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​យល់​ដោយ​ខ្លួនឯង​យ៉ាង​ច្បាស់​ថា ទ្រង់​មាន​ព្រះចេសា្ដ​ទាំងអស់​ដើម្បី​លើក​ស្ទួយ​ខ្ញុំ ឬ​នរណា​ផ្សេងទៀត សូម្បីតែ​អ្នក​តូច​បំផុត​ក្ដី ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ដឹង​ថា ទ្រង់​មាន​សេចក្ដី​មេត្តា​ករុណា​យ៉ាងធំក្រៃលែង​ចំពោះ​ភាពទន់​ខ្សោយ​របស់​យើង ហើយ​ថា​ទ្រង់​រាប់​គ្រប់​សរសៃ​សក់​នៅលើ​ក្បាល​យើង ។ ឥឡូវ បើ​ទ្រង់​បាន​ស្ដារ​សត្វ​សុច​នេះ​ឡើង​វិញ នោះ​ទ្រង់​នឹង​មិន​ដែល​បោះបង់​បងប្អូន​ចោល​ឡើយ​—​មិន​ថា​បងប្អូន​ឈរ​នៅ​ទីណា​នោះ​ទេ ។

កុំ​ធ្វើ​ដូច​ពួកឡោឌីសៀ ហើយ​អនុញ្ញាត​ឲ្យ​ភាពរីករាយ​គ្រប់គ្រង​បងប្អូន​ឡើយ ។ នេះ​ជា​ទីបន្ទាល់​របស់​ខ្ញុំ​ចំពោះ​បងប្អូន ។ កាល​បងប្អូន​ដាក់​ការដោះសា​ខ្លួន និង​អំនួត​ទុក​មួយ​អន្លើរ កាល​បងប្អូន​សួរ ហើយ​ស្ដាប់​តាម​សំឡេង​របស់​ទ្រង់ មិនមែន​ស្ដាប់​តាម​ខ្លួន​ឯង កាល​បងប្អូន​ធ្វើ​តាម​របៀប​របស់​ទ្រង់ នោះ​បងប្អូន​នឹង​ឃើញ​ការណ៍​ទាំងឡាយ​តាម​ដែល​មាន​នៅពេល​នេះ ។ កាល​បងប្អូន​ខិតខំ​ព្យាយាម​ដោយ​ស្មោះស​ដើម្បី​បាន​ប្រែចិត្ត​ជឿ រស់នៅ​តាម​សេចក្ដី​សញ្ញា ហើយ​មិនមែន​តាម​ភាពសុខ​ស្រួល និង​ចុះចូល​តាម​ព្រះទ័យ​របស់​ព្រះ ខណៈ​ចម្រើន​ដល់​មនុស្ស​ដទៃ នោះ​បងប្អូន​នឹង​រកឃើញ​ពរជ័យ និង​អព្ភូតហេតុ​ទាំងអស់​ដែល​បងប្អូន​ត្រូវការ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​នេះ ហើយ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ ទៅរក​ព្រះវរបិតា​របស់​បងប្អូន​ដែល​គង់​នៅ​ស្ថានសួគ៌ ហើយ​ទទួល​បាន​អំណរ​ដ៏​អស់កល្ប ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្រ្គោះ​របស់​យើង ។ ទ្រង់​មាន​ព្រះជន្ម​រស់ ។ នេះ​គឺជា​សាសនាចក្រ​របស់​ទ្រង់ ហើយ​នេះ​ជា​សាសនាចក្រ​ដែល​ទទួល​ដោយ​ព្រះអង្គ​សង្គ្រោះ​នៅ​ឯ​ការយាង​មក​ជាលើក​ទីពីរ​របស់​ទ្រង់ ។ ព្រះវរបិតាសួគ៌​របស់​យើង​មិនមែន​ជា​ព្រះបិតា​ដែល​អវត្តមាន​ឡើយ ។ ផែនការ​របស់​ទ្រង់​គឺជា​ផែនការ​នៃ​សុភមង្គល​តែមួយ​គត់ ។ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ បងប្អូន​អាច​ដឹង​ពី​សេចក្ដីពិត​នៃ​គ្រប់​ការណ៍​ទាំងអស់ និង​អ្វីៗ​ទាំងអស់​ដែល​បងប្អូន​ត្រូវតែ​ធ្វើ ។ ការអធិស្ឋាន​របស់​ខ្ញុំ​គឺ​ថា បងប្អូន​នឹង​មាន​ទឹកចិត្ត​ដើម្បី​ប្រែចិត្ត​ពី​បំណង​មិន​សុចរិត​ណាមួយ ហើយ​ជំនួស​វា​ដោយ​បំណង​ដ៏​ល្អ​ពី​ព្រះ​ដើម្បី​រស់នៅ​តាម​សេចក្ដី​សញ្ញា ហើយ​ចុះចូល និង​តស៊ូ​តាម​ព្រះហស្ដ​បន្សុទ្ធ​របស់​ទ្រង់​ក្នុង​ជីវិត​របស់​បងប្អូន ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​បងប្អូន​ក្នុង​យុវវ័យ​របស់​បងប្អូន ដូចជា​អាលម៉ា​បាន​ថ្លែង​ទីបន្ទាល់​ទៅ​កាន់​កូនប្រុស​លោក ហេលេមិន​ក្នុង​យុវវ័យ​របស់​គាត់​ថា​« ឪពុក​ដឹង​ថា នរណា​ដែល​ដាក់​ទី​ទុក​ចិត្ត​របស់​ខ្លួន​ទៅ​លើ​ព្រះ អ្នក​នោះ​ហើយ ដែល​នឹង​បាន​គាំទ្រ​នៅ​ក្នុង​ការពិសោធន៍​របស់​គេ និង​វិបត្តិ​របស់​គេ និង​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ ហើយ​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ » ។៤០

នៅ​ក្នុង​ការអធិស្ឋាន​របស់​ខ្ញុំ សុំ​ឲ្យ​ព្រះប្រទានពរ​ដល់​បងប្អូន​ទាំងអស់​គ្នា នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕