ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 137


កណ្ឌ​ទី ១៣៧

ការ​និមិត្ត​មួយ​ដែល​បាន​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្នុង​ព្រះ​វិហារ​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​២១ ខែ​មក​រា ឆ្នាំ​១៨៣៦ (History of the Church, ២:៣៨០–៣៨១)។ នៅ​គ្រា​នៃ​ការ​ចាត់ចែង​ពិធី​ទាំង​ឡាយ​នៃ​អំណោយទាន​ពិសិដ្ឋ ដូចដែល​បាន​បើក​សម្ដែង​ប្រាប់​មក​នៅ​ពេល​នោះ។

១–៦, ព្យាការី​ឃើញ អាលវិន ជា​បង​ប្រុស​លោក​នៅ​ក្នុង​នគរ​សេឡេស្ទាល; ៧–៩, គោល​លទ្ធិ​អំពី​សេចក្ដី​សង្គ្រោះ​សម្រាប់​មនុស្ស​ស្លាប់​ត្រូវ​បាន​បើក​សម្ដែង​ប្រាប់; ១០, កូន​ក្មេង​ទាំង​អស់​ត្រូវ​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​សេឡេស្ទាល។

ផ្ទៃ​មេឃ​បាន​បើក​ដល់​យើង ហើយ​ខ្ញុំ​បាន​ឃើញ​នគរ​សេឡេស្ទាល​នៃ​ព្រះ និង​សិរី​ល្អ​នៅ​ទី​នោះ​ផង ទោះ​បើ​ក្នុង​រូប​កាយ ឬ​ក្រៅ​ពី​រូប​កាយ នោះ​ខ្ញុំ​មិន​ដឹង​ទេ។

ខ្ញុំ​បាន​ឃើញ​លំអ​ដ៏​ល្អ​អស្ចារ្យ​នៃ​ខ្លោងទ្វារ ដែល​ពួក​អ្នក​គ្រង​នគរ​នោះ​ទុកជា​មរតក​នឹង​ចូល ដែល​ប្រៀប​ដូច​ជា​ខ្លោង​មូល​ពី​អណ្ដាត​ភ្លើង

ព្រម​ទាំង​បល្ល័ង្ក​ដ៏​ឆេះ​ឆាប​នៃ​ព្រះ ដែល​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា​គង់​លើ។

ខ្ញុំ​បាន​ឃើញ​ថ្នល់​ដ៏​ល្អៗ​នៃ​នគរ ដែល​មាន​រូបរាង​ដូច​ជា​ក្រាល​ដោយ​មាស

ខ្ញុំ​បាន​ឃើញ​លោក​អយ្យកោ​អ័ដាម និង​លោក​អ័ប្រាហាំ និង​បិតា​ខ្ញុំ និង​មាតា​ខ្ញុំ និង​អាលវិន ជា​បង​ប្រុស​ខ្ញុំ ដែល​បាន​ដេក​លក់​យូរលង់​ណាស់​មក​ហើយ

ហើយ​បាន​មាន​ចិត្ត​អស្ចារ្យ​ថា តើ​គាត់​បាន​កេរមរតក​នៅ​ក្នុង​នគរ​នោះ​យ៉ាង​ម៉េច​ទៅ ដោយ​ឃើញ​ថា​គាត់​បាន​លាចាក​ជីវិត​នេះ តាំង​ពី​មុន​ព្រះ​អម្ចាស់​ទ្រង់​បាន​លូក​ព្រះ​ហស្ត​ទ្រង់ ទៅ​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល​លើក​ទី​ពីរ ហើយ​ពុំ​ទាំង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក សម្រាប់​ការ​ផ្ដាច់​បាប​នៅ​ឡើយ​ផង។

ស្រាប់​តែ​ឮ​សំឡេង​នៃ​ព្រះ​អម្ចាស់​បន្លឺ​មក​ខ្ញុំ​ថា ៖ មនុស្ស​ទាំង​អស់​ដែល​បាន​ស្លាប់​ទៅ ដោយ​គ្មាន​ការ​ចេះ​ដឹង​អំពី​ដំណឹង​ល្អ​នេះ គឺជា​ពួក​អ្នក​ដែល​នឹង​ទទួល​ដំណឹង​ល្អ បើ​សិន​ជា​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ នោះ​នឹង​ទៅ​ជា​ពួក​អ្នក​គ្រងនគរ​សេឡេស្ទាល​នៃ​ព្រះ​ទុក​ជា មរតក

ព្រម​ទាំង​មនុស្ស​ទាំង​អស់​ដែល​នឹង​ស្លាប់​ពី​អំណឹះ​ត​ទៅ ដោយ​គ្មាន​ការ​ចេះ​ដឹង​អំពី​ដំណឹង​ល្អ គឺជា​ពួក​អ្នក​ដែល​ប្រាកដជា​នឹង​ទទួល​ដំណឹង​ល្អ​ដោយ​អស់​ពី​ចិត្ត នោះ​នឹង​ទៅ​ជា​ពួក​អ្នក​គ្រង​នគរ​នោះ​ទុកជា​មរតក​ដែរ

ត្បិត​យើង​ជា​ព្រះ​អម្ចាស់ នឹង​ជំនុំ​ជំរះ​មនុស្ស​លោក​ទាំង​អស់ ស្រប​តាម​កិច្ចការ​របស់​ពួក​គេ គឺ​ស្រប​តាម​សេចក្ដី​ប៉ងប្រាថ្នា​នៃ​ដួង​ចិត្ត​របស់​ពួក​គេ។

១០ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​កូន​ក្មេង​ទាំង​អស់​ដែល​បាន​ស្លាប់​មុន​គ្រប់​អាយុ​ទទួល​ខុសត្រូវ នោះ​ត្រូវ​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​សេឡេស្ទាល​នៅ​ស្ថាន​សួគ៌​ដែរ៕