ការប្រជុំ​ធម្មនិដ្ឋាន ឆ្នាំ​២០២៤
សារលិខិត​ការប្រជុំធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ


7:42

សារលិខិត​ការប្រជុំធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ

ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ

ថ្ងៃ​អាទិត្យ ទី​៣ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ត្រឡប់​មកកាន់​ប៊ី. វ៉ាយ. យូ.–អៃដាហូ វិញ ជា​កន្លែង​ដែល​យើង​ស្គាល់​ច្បាស់ និង​ស្រឡាញ់​ជា​ខ្លាំង ។ កាល​ដែល​អែលឌើរ បែដណា កំពុង​បម្រើ​ជា​ប្រធាន ប៊ី. វ៉ាយ. យូ.–អៃដាហូ កូនៗ​របស់​យើង​នៅ​ជា​យុវមជ្ឈិមវ័យ​នៅ​ឡើយ ។ នៅ​រាត្រី​នេះ ពួកយើង​បាន​នៅ​ទី​នេះ​ជាមួយ​ចៅៗ​មួយចំនួន​ដែលជា​យុវមជ្ឈិមវ័យ​ផងដែរ ! ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​គង់​នៅ​ជាមួយ​ខ្ញុំ និង​ជាមួយ​ចៅៗ នៅពេល​ខ្ញុំ​ចែកចាយ​គំនិត និង​អារម្មណ៍​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ទទួល​ក្នុង​គំនិត និង​ដួងចិត្ត​ខ្ញុំ ។

ប៉ុន្មាន​ឆ្នាំ​មុន អែលឌើរ បែដណា និង​ខ្ញុំ​បាន​ចូលរួម​ការប្រជុំ​ធម្មនិដ្ឋាន​សំណួរ-ចម្លើយ​ជាមួយ​យុវមជ្ឈិមវ័យ​ក្នុង​ក្រុម​ដ៏​ធំ​មួយ ។ ថ្មីៗ​នេះ ខ្ញុំ​បាន​អាន​ដោយ​យកចិត្ត​ទុកដាក់​នូវ​សំណួរ​រាប់​រយ​ដែល​បាន​បញ្ជូន​មក ហើយ​សំណួរ​ភាគ​ច្រើន​ទាក់ទង​ទៅ​នឹង​ការភ័យខ្លាច ការខ្វះទំនុកចិត្ត​និង​ភាពជឿជាក់ ព្រមទាំង​ការសង្ស័យ​ខ្លួន​ឯង​តិចតួច ។ ខ្ញុំ​បាន​សម្រេចចិត្ត​ផ្តោត​ការនិយាយ​របស់​ខ្ញុំ​នៅ​រាត្រី​នេះ​លើ​សំណួរ​មួយ​ចំនួន​ទាំងនេះ ហើយ​ចែកចាយ​ជាមួយ​ចៅៗ​នូវ​ការយល់ដឹង​ពី​បទគម្ពីរ និង​បទពិសោធន៍​ផ្ទាល់​ខ្លួន ដែល​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ប្រយោជន៍​ក្នុង​ដំណើរ​ជីវិត​របស់​ចៅៗ—នៅពេល​នេះ និង​នៅ​ពេល​អនាគត ។

ប្រហែលជា​ចៅៗ​អាច​ប្រដូច​បាន នៅពេល​ចៅៗ​ស្តាប់​សំណួរ​ទាំងនេះ ៖

  1. តើ​ខ្ញុំ​អាច​ជំនួស​ការភ័យខ្លាច​ដោយ​សេចក្ដីស្រឡាញ់ និង​ជំនឿ​ដូចជា​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ?

  2. តើ​ខ្ញុំ​អាច​រឹងមាំ​ដោយ​របៀប​ណា ពេល​ខ្ញុំ​មាន​អារម្មណ៍​ទន់ខ្សោយ ?

  3. តើ​ខ្ញុំ​អាច​រៀន​ទុកចិត្ត​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

ខ្ញុំ​ជឿ​ថា យើង​ទាំងអស់​គ្នា​មាន​សំនួរ​ទាំងនេះ ។

បទគម្ពីរ​ដែល​ខ្ញុំ​នឹង​ប្រើ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការនិយាយ​របស់​ខ្ញុំ​នៅ​រាត្រី​នេះ គឺ​នៅក្នុង អេសាយ ៤១:១០ ៖

« កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​យើង​ជា​ព្រះ​នៃ​ឯង ៖ យើង​នឹង​ចម្រើន​កម្លាំង​ដល់​ឯង អើ យើង​នឹង​ជួយ​ឯង អើ យើង​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​យើង » ។

សង្ឃឹម​ថា នៅ​ពេល​យើង​សិក្សា​បទគម្ពីរ​នេះ​ជាមួយ​គ្នា​ពីរ​បី​នាទី ចៅៗ​នឹង​ទទួល​បាន​នូវ​ចំណាប់អារម្មណ៍​ដែល​នឹង​ជួយ​ចៅៗ​ឲ្យ ជំនួស​ការភ័យខ្លាច​របស់​ចៅៗ​ជាមួយ​នឹង​សេចក្តីស្រឡាញ់ និង​សេចក្តីជំនឿ​ដូចជា​ព្រះគ្រីស្ទ រក្សា​ការជឿ​ដ៏​ជ្រាលជ្រៅ​ដែល​ធ្វើ​ឲ្យ​ចៅៗ​អាច​រក្សា​បាន​នូវ​ភាពរឹងមាំ នៅ​ពេល​ចៅៗ​មាន​អារម្មណ៍​ទន់ខ្សោយ និង​ទទួល​បាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​នៅពេល​ចៅៗ​រៀន​ទុកចិត្ត​លើ​ព្រះ ។

ដើម្បី​ចាប់ផ្តើម សូម​ជញ្ជឹង​គិត​អំពី​ផ្នែក​ទី​មួយ​នៃ អេសាយ ៤១:១០ ៖

« កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ » ។

សូម​នឹក​ចាំ​ដល់​ដំណើរ​រឿង​ព្រះគម្ពីរ​នៅ​ក្នុង​លូកា ២៤ នៅ​ថ្ងៃ​នៃ​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវ អ្នកដើរ​តាម​ទ្រង់​ពីរ​នាក់​កំពុងដើរ​ពី​ក្រុង​យេរូសាឡិម​ទៅ​កាន់​ភូមិ​អេម៉ោស ។

នៅ​តាម​ផ្លូវ មនុស្ស​ប្លែក​មុខ​ម្នាក់​បាន​រួម​ដំណើរ ហើយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ពួកគេ​កើត​ទុក្ខ ។ ពួកគេ​ភ្ញាក់ផ្អើល​ដែល​បុរស​ម្នាក់​នេះ​មិន​បាន​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្រុង​យេរូសាឡិម ហើយ​បាន​ប្រាប់​លោក​ពី​ព្រឹត្តិការណ៍​បី​ថ្ងៃ​កន្លង​ទៅ​នេះ ។ ពួកគេ​ចែកចាយ​ពី​ដំណើរ​ដែល​ព្រះយេស៊ូវ​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ខុសឆ្គង ហើយ​កាត់​ទោស​ប្រហារ​ជីវិត ត្រូវ​បាន​គេ​ឆ្កាង ហើយ​ក្រោយមក​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដោយ​អព្ភូតហេតុ ។ ពួក​បុរស​ទាំងនេះ​មិន​បាន​ដឹង​នោះ​ទេ រហូតដល់​ក្រោយ​ពី​ពួកគេ​បាន​ធ្វើ​ដំណើរ​បាន​ប្រាំពីរ​ម៉ែលស៍ ថា​ពួកគេ​បានដើរ​ជាមួយ​ព្រះអម្ចាស់ ទ្រង់​ផ្ទាល់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។

ហេតុអ្វី​បាន​ជា​ដំណើរ​រឿង​នេះ​សំខាន់ ? ពីព្រោះ​ខ្ញុំ​ជឿ​ថា ព្រះយេស៊ូវ​យាង​ជាមួយ​ចៅៗ និង​ខ្ញុំ​នៅ​ក្នុង​ដំណើរ​ជីវិត​របស់​ពួក​យើង​ច្រើន​ជាង​អ្វី​ដែល​យើង​បាន​ដឹង ។ ទ្រង់​គង់​ជាមួយ​នឹង​ចៅៗ ។ តើ​យើង​ជំនួស​ភាពភ័យខ្លាច​ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្តីជំនឿ​ដូចជា​ព្រះគ្រីស្ទ​បាន​ដោយ​របៀប​ណា ? សូម​ចាំ​ឃ្លា​នេះ​មក​ពី​អេសាយ ៖

« កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា​មួយ​នឹង​ឯង ៖ កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ » ។

ឥឡូវនេះ ចូរ​យើង​មើល​ផ្នែក​ទី​ពីរ​នៃ​បទគម្ពីរ​នេះ ៖

« ពីព្រោះ​យើង​ជា​ព្រះ​នៃ​ឯង ៖ យើង​នឹង​ចម្រើន​កម្លាំង​ដល់​ឯង អើ យើង​នឹង​ជួយ​ឯង » ។

នៅពេល​យើង​រស់​នៅ​ទីនេះ​ក្នុង​ទីក្រុង​រិចប៊ើក ជា​ច្រើន​ឆ្នាំ​មុន ខ្ញុំ​បាន​បើក​ឡាន​ទៅ​ទីក្រុង សលត៍ លេក ដើម្បី​នៅ​ជាមួយ​ជីដូនមួយ​របស់​ខ្ញុំ​មួយ​ថ្ងៃ បន្ទាប់​ពី​ស្វាមី​របស់​នាង​បាន​ទទួល​ការវះកាត់​បេះដូង​ចំហ ។ វា​ជា​ពេល​វេលា​មួយ​ដ៏​តានតឹង ហើយ​បន្ទាប់​ពី​បាន​ឃើញ​ស្វាមី​នាង ខ្ញុំ​បាន​ដឹង​ពី​ហេតុផល​ដែល​នាង​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដូច្នេះ ។ គាត់​មិន​បាន​ជា​សះស្បើយ​ទេ ហើយ​វេជ្ជបណ្ឌិត​បាន​សម្រេច​ថា គាត់​ត្រូវការ​បញ្ចូល​ឈាម ។

ខ្ញុំ​មិន​ដែល​ធ្លាប់​ឃើញ​ការបញ្ចូល​ឈាម​ពី​មុន​មក​ទេ ហើយ​ខ្ញុំ​ភ្ញាក់ផ្អើល​ពេល​ឈាម​ស្រក់​មួយ​ដំណក់​ម្តងៗ​តាម​បំពង់​តូច​ចូល​សរសៃ​របស់​គាត់ ។ នៅពេល​ខ្ញុំ​មើល ខ្ញុំ​បាន​គិត​ពី​ព្រះអង្គសង្គ្រោះ​របស់​យើង ហើយ​ឆ្ងល់​ថា តើ​ទ្រង់​បាន​បង្ហូរ​ព្រះ​លោហិត​សម្រាប់​ខ្ញុំ​ប៉ុន្មាន​ដំណក់​ទៅ ។ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង ខ្ញុំ​បាន​ឃើញ​ជីវិត​ថ្មី ថាមពល និង​កម្លាំង​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ការបញ្ចូល​ឈាម ។

​ខ្ញុំ​អាច​មិន​យល់ ឬ​ដឹង​ដោយ​ពេញលេញ តែ​ពលិកម្ម​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​នូវ​កម្លាំង​ដល់​យើង និង​ជួយ​ធ្វើ​កិច្ចការ​លំបាកៗ ។ យើង​មាន​ពរជ័យ​ដើម្បី​ធ្វើ​អ្វី​ដែល​យើង​គិត​ថា យើង​មិន​អាច​ធ្វើ​បាន។ តើ​ខ្ញុំ​អាច​រឹងមាំ​ដោយ​របៀប​ណា ពេល​ខ្ញុំ​មាន​អារម្មណ៍​ទន់​ខ្សោយ ? សូម​ចាំ​ឃ្លា​នេះ​មក​ពី​អេសាយ ៖

« ពី​ព្រោះ​យើង​ជា​ព្រះ​នៃ​ឯង ៖ យើង​នឹង​ចម្រើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង » ។

ខ្ញុំ​សូម​ចែកចាយ​គំនិត​មួយ​ចំនួន​អំពី​ឃ្លា​ចុង​ក្រោយ​នៃ អេសាយ ៤១:១០ ៖

« យើង​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ » ។

ដៃ​ស្តាំ​ជារឿយៗ​ត្រូវ​បាន​ដឹង​ថា ជា​ដៃ​នៃ​សេចក្តីសញ្ញា ។ ដោយសារ​ទំនាក់ទំនង​នៃ​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះគ្រីស្ទ នោះ​យើង​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះអង្គ​សង្គ្រោះ​របស់​យើង​នឹង​ទ្រ គាំទ្រ និង​ជួយ​ដល់​យើង ។

ការណ៍​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​ដំណើរ​រឿង​នៅ​ក្នុង ម៉ាថាយ ១៤ ជា​កន្លែង​ដែល​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​ស្ថិត​នៅ​ក្នុង​ទូក​មួយ​នៅ​កណ្តាល​សមុទ្រ​ដែល​ត្រូវ​ខ្យល់ និង​រលក​បក់បោក ។ ពេត្រុស​ឃើញ​ព្រះយេស៊ូវ​កំពុង​យាងដើរ​លើ​ទឹក ហើយ​សុំ​ឲ្យ​ព្រះយេស៊ូវ​ជួយ​លោក​ទៅ​ឯ​ទ្រង់ ។ ព្រះយេស៊ូវ​ធ្វើ​តាម​សំណើ ហើយ​ពេត្រុស​ចាប់ផ្តើម​ដើរ​លើ​ទឹក​សំដៅ​ទៅ​រក​ទ្រង់ ។ គាត់​អាច​ដើរ​បាន​នៅពេល​ដែល​គាត់​ផ្តោត​ទៅ​លើ​ព្រះ​យេស៊ូវ ។ ប៉ុន្តែ ពេល​ពេត្រុស​ឃើញ​ខ្យល់​បក់​ខ្លាំង គាត់​ចាប់​ផ្ដើម​លិច ហើយ​ស្រែក​ហៅ​ព្រះយេស៊ូវ​ឲ្យ​ជួយ​គាត់ ។ « ហើយ​រំពេច​នោះ ព្រះយេស៊ូវ​បាន​លាត​ព្រះពាហុ​របស់​ទ្រង់ ហើយ​បាន​ចាប់​គាត់ » ។ ហើយ​ខ្ញុំ​ក៏​ជឿ​ផងដែរ​ថា ទ្រង់​នឹង​ចាប់​ពួកយើង​ផងដែរ ។

តើ​ខ្ញុំ​អាច​រៀន​ទុកចិត្ត​ព្រះអម្ចាស់​ដោយ​របៀប​ណា ? សូម​ចាំ​ឃ្លា​នេះ​មក​ពី​អេសាយ ៖

« យើង​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​យើង » ។

ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ថា ព្រះវរបិតាសួគ៌​ស្គាល់​យើង​ហើយ​ស្រឡាញ់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​របស់​យើង ។ ទ្រង់​យាង​ជាមួយ​យើង ទ្រង់​ចម្រើន​កម្លាំង​ដល់​យើង ហើយ​ទ្រង់​ជួយ​យើង ។ ហើយ​យើង​អាច​ជឿជាក់​ថា​ទ្រង់​នឹង​ទ្រ គាំទ្រ និង​ជួយ​យើង នៅពេល​យើង​ចងចាំ​ពី​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​របស់​យើង​ជាមួយ​ទ្រង់ ។ ខ្ញុំ​ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​អង្គ​ប្រទាន​វិវរណៈ និង​ប្រទាន​ការបំផុសគំនិត និង​អារម្មណ៍​ដល់​ដួងចិត្ត​របស់​យើង ។ ខ្ញុំ​ដឹង​ថា អែលឌើរ បែដណា ត្រូវ​បាន​ហៅ​ពី​ព្រះ « តាម​រយៈ​ការព្យាករ និង​ដោយ​ការដាក់​ដៃ​លើ » ។ លោក​គឺ​ជា​សាវក​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។

នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។