ការប្រជុំ​ធម្មនិដ្ឋាន ឆ្នាំ​២០២៤
រឿង​ទាំងឡាយ​តាម​ដែល​មាន​នៅ​ពេល​នេះ ២.០


35:48

រឿង​ទាំងឡាយ​តាម​ដែល​មាន​នៅ​ពេល​នេះ ២.០

ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ

ថ្ងៃអាទិត្យ ទី​៣ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ស៊ូសាន និង​ខ្ញុំ​មាន​អំណរគុណ​សម្រាប់​ឱកាស​នេះ​ដើម្បី​ថ្វាយបង្គំ និង​រៀន​ជាមួយ​ចៅៗ ។ ពួកយើង​ស្រឡាញ់​ចៅៗ ! ពួកយើង​ស្រឡាញ់​ចៅៗ មិនថា​ចៅ​នៅ​ទីណា​ក៏ដោយ​ជុំវិញ​ទូទាំង​ពិភពលោក !

ហើយ​យើង​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ប្រទានពរ​ដល់​យើង​ម្នាក់ៗ ដើម្បី​ស្តាប់ឮ​នូវ​អ្វី​ដែល​យើង​ត្រូវ​ឮ និង​ដើម្បី​មើល​ឃើញ​នូវ​អ្វី​ដែល​យើង​ត្រូវ​មើលឃើញ ដើម្បី​យើង​អាច​ជឿន​ទៅមុខ​ដោយ​សេចក្តីជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ និង​មាន​បំណង​ប្រាថ្នា​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​ធ្វើ​តាម និង​បម្រើ​ទ្រង់ ។

សម័យ​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់

យើង​មាន​ពរជ័យ​ក្នុង​ការរស់នៅ​ក្នុង​សម័យកាល​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ដំណឹង​ល្អ​ចុង​ក្រោយ សូម្បី​តែ​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ ។ ព្រះគម្ពីរ​បរិសុទ្ធ និង​ការប្រកាស​របស់​ព្យាការី​ជួយ​យើង​ឲ្យ​រៀន និង​ដឹងគុណ​កាន់តែ​ពេញទំហឹង​ចំពោះ​សម័យកាល​ដ៏​គួរឲ្យ​កត់សម្គាល់​ដែល​យើង​រស់​នៅ ។

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ប្រាកាស​ថា « ការកសាង​ក្រុង​ស៊ីយ៉ូន​គឺជា​បុព្វហេតុ​ដែល​បាន​ទាក់ទាញ​ចិត្ត​របស់​រាស្ដ្រ​នៃ​ព្រះ​គ្រប់​វ័យ​ទាំងអស់ វា​ជា​ប្រធានបទ​មួយ​ដែល​ពួកព្យាការី ពួកសង្ឃ និង​ពួក​ក្សត្រ បាន​រស់នៅ​ដោយ​សាទរ​ជា​ពិសេស ពួកលោក​ទន្ទឹង​រង់ចាំ​ដោយ​ចិត្ត​អំណរ​ដល់​ថ្ងៃ​ដែល​យើង​នឹង​រស់នៅ ហើយ​ដោយ​បញ្ឆេះ​ទឹកចិត្ត​រង់ចាំ​ពី​ស្ថានសួគ៌​ពេញ​ដោយ​អំណរនោះ ពួកគេ​បាន​ច្រៀង និង​សរសេរ និង​ព្យាករ​អំពី​ជំនាន់​របស់​យើង​នេះ ប៉ុន្តែ​ពួកគេ​បាន​ស្លាប់ដោយ​មិន​បាន​ឃើញ​ផ្ទាល់ … វាបន្សល់​ទុក​ឲ្យ​យើង​ឃើញ ចូលរួម និង​ជួយ​ដើម្បី​រំកិល​សិរីល្អ​ថ្ងៃ​ចុង​ក្រោយ » ។

នៅ​ក្នុង​ឱកាស​មួយ​ផ្សេង​ទៀត ព្យាការី​បាន​បង្ហាញ​ថា « [ អ្នកកាន់ ] បព្វជិតភាព​ទាំងឡាយ​នៅ​ស្ថានសួគ៌​នឹង​រួបរួម​ជាមួយ​ផែនដី​ដើម្បី​នាំ​មក​នូវ​គោលបំណង​អស្ចារ្យ​ទាំងនោះ … ជា​កិច្ចការ​ដែល​ព្រះ​និង​ពួកទេវតា​បាន​គិតគូរ​ដោយ​រីករាយ​សម្រាប់​ជំនាន់​មុនៗ ដែល​បញ្ឆះ​ព្រលឹង​នៃ​លោកអយ្យកោ និង​ព្យាការី​ពី​បុរាណ ជា​កិច្ចការ​មួយ​ដែល​ត្រូវ​បាន​កំណត់​ដើម្បី​នាំ​មកនូវ​ការបំផ្លាញ​ដល់​អំណាច​នៃ​សេចក្ដីងងឹត កែទម្រង់​ផែនដី​ជាថ្មី ជា​សិរីល្អ​នៃ​ព្រះ និង​ជា​សេចក្ដីសង្គ្រោះ​នៃ​គ្រួសារ​មនុស្ស​លោក » ។

សារៈសំខាន់​ខាង​វិញ្ញាណ​នៃ​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​ជា​ចំណុច​សំខាន់​នៃ​ការយកចិត្ត​ទុកដាក់​របស់​ព្យាការី​អស់​ជា​ច្រើន​សតវត្សរ៍​មកហើយ ។ ហើយ​សម័យកាល​ដ៏​ពិសេស​ដែល​យើង​រស់​នៅគឺ​បច្ចុប្បន្ន​នេះ ហើយ​នឹង​បន្ត​ពោរពេញ​ទៅ​ដោយ​ការវិវឌ្ឍ និង​ព្រឹត្ដិការណ៍​ខាង​វិញ្ញាណ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ។

តួនាទី​នៃ​បច្ចេកវិទ្យា​នៅ​ក្នុង​សម័យកាល​ដ៏​ពិសេស​នៃ​ពិភពលោក​នេះ

ទិដ្ឋភាព​សំខាន់​នៃ​ភាពពេញលេញ​ដែល​មាន​សម្រាប់​យើង​សព្វ​ថ្ងៃ​នេះ គឺ​ការរីកចម្រើន​ដែល​​ប្រកប​ដោយ​អព្ភូតហេតុ​នៃ​ការបង្កើត​ថ្មី និង​គំនិតច្នៃ​ប្រឌិត​ដែល​បាន​ផ្តល់​លទ្ធភាព និង​ពន្លឿន​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ៖ រាប់ចាប់តាំង​ពី​រថភ្លើង​ដល់​ម៉ាស៊ីន​ទូរលេខ ​វិទ្យុ យាន្តយន្ត ​យន្តហោះ ​ទូរសព្ទ ​ត្រានស៊ីស្ទើ ទូរទស្សន៍ កុំព្យូទ័រ ការបញ្ជូន​សារ​តាម​ផ្កាយ​រណប អ៊ីនធឺណិត បញ្ញា​សិប្បនិមិត្ត—និង​បញ្ជី​បច្ចេកវិទ្យា​ដែល​ស្ទើរតែ​គ្មាន​ទីបញ្ចប់ និង​ឧបករណ៍​នានា ដែល​ជា​ពរជ័យ​ដល់​ជីវិត​របស់​យើង ។ ភាពជឿនលឿន​ទៅមុខ​ទាំងអស់​នេះ គឺ​ជា​ផ្នែក​មួយ​របស់​ព្រះអម្ចាស់ ក្នុង​ការពន្លឿន​កិច្ចការ​របស់​ទ្រង់​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ។

នៅ​ក្នុង​ឆ្នាំ១៨៦២ ព្រិកហាំ យ៉ង់ បាន​ប្រកាស​ថា « រាល់​ការរកឃើញ​នៅ​ក្នុង​វិទ្យាសាស្ត្រ និង​សិល្បៈ​ដែល​ជា​ការពិត និង​មាន​ប្រយោជន៍​សម្រាប់​មនុស្សជាតិ ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​វិវរណៈ​ផ្ទាល់​ពី​ព្រះ ទោះបី​ជា​មាន​មនុស្ស​តិចតួច​ទទួល​ស្គាល់​ការណ៍​នេះ​ក្ដី ។ វា​ត្រូវ​បាន​ផ្ដល់​ឲ្យ​ក្នុង​គោល​បំណង​ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​ជ័យជំនះ​ចុងក្រោយ​នៃ​សេចក្ដីពិត និង​ការប្រោសលោះ​ផែនដី​ពី​អំណាច​នៃ​អំពើបាប និង​សាតាំង ។ យើង​គួរតែ​ទាញ​យក​អត្ថប្រយោជន៍​ពី​ការរកឃើញ​ដ៏​អស្ចារ្យ​ទាំងអស់​នេះ គឺ​ប្រាជ្ញា​ដែល​បានប្រមូល​ផ្ដុំ​ពី​គ្រប់​សម័យកាល ហើយ​ផ្តល់​ឲ្យ​កូនចៅ​របស់​យើង​នូវ​អត្ថប្រយោជន៍​នៃ​គ្រប់​ផ្នែក​នៃ​ចំណេះដឹង​ដែល​មាន​ប្រយោជន៍ ដើម្បី​រៀបចំ​ពួកគេ​ឲ្យ​បោះជំហាន​ទៅ​មុខ និង​បំពេញ​កិច្ចការ​របស់​ពួកគេ​ប្រកប​ដោយ​ប្រសិទ្ធភាព » ។

នៅ​ក្នុង​ឆ្នាំ១៩៦៦ ប្រធាន ដេវីឌ អូ មិកឃេ បាន​ព្យាករ​ពី​ការរកឃើញ​ខាង​ផ្នែក​​វិទ្យាសាស្ត្រ ដែល « បង្ក​ភាពភ្ញាក់ផ្អើល​យ៉ាងខ្លាំង » នឹង​ធ្វើ​ឲ្យ​មាន​ការផ្សាយ​ដំណឹងល្អ​ដល់​គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា ហើយ​និង​គ្រប់​ទាំង​ប្រជាជន ។ ហើយ​លើស​ពី​នេះ « ការរក​ឃើញ​ពី​អនុភាព​ដែល​កំបាំង​បែប​នោះ ទោះ​វា​ជា​ពរជ័យ ឬ​ជា​ការបំផ្លាញ​នៃ​មនុស្ស​ជាតិ​ក្តី ដែល​អាច​ធ្វើ​ឲ្យ​ការទទួលខុសត្រូវ​ដ៏​ធំ​សម្បើម​បំផុត​របស់​មនុស្ស​ក្នុង​ការគ្រប់គ្រង​វា​បាន​ផ្ទុកផ្តាក់​ក្នុង​កណ្តាប់​ដៃ​មនុស្ស ។ … យុគសម័យ​នេះ​គឺ​ពោរពេញ​ទៅ​ដោយ គ្រោះថ្នាក់​រាប់​មិន​អស់ ព្រមទាំង អ្វីៗ​ជា​ច្រើន​ទៀត​ដែល​ពុំ​អាច​ថ្លែង​បាន » ។

រឿង​ទាំងឡាយ​តាម​ដែល​មាន​នៅ​ពេល​នេះ

កាល​ពី​ដប់​ប្រាំ​ឆ្នាំ​មុន នៅ​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ខ្ញុំ​បាន​ពិភាក្សា​អំពី​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ព្រះវរបិតាសួគ៌​យើង​សម្រាប់​បុត្រាបុត្រី​ទ្រង់ ។ ខ្ញុំ​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​រូបកាយ​របស់​យើង​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតា របៀប​ដែល​លូស៊ីហ្វើរ​បញ្ឆោត​យើង​ឲ្យ​បន្ទាប និង​ប្រើប្រាស់​រូបកាយ​របស់​យើង​ខុស ហើយ​បាន​ផ្ដល់​នូវ​ការព្រមាន​អំពី​ផលប៉ះពាល់​ដែល​គ្រោះថ្នាក់​ដែល​បច្ចេកវិទ្យា​ឌីជីថល​អាច​មាន​មក​លើ​ព្រលឹង​របស់​យើង និង​ទំនាក់ទំនង​របស់​យើង​ជាមួយ​មនុស្ស​ផ្សេង​ទៀត ។

ខ្ញុំ​បាន​សង្កត់​ធ្ងន់​ថា មិនថា​ទាំង​ការច្នៃ​ប្រឌិត​បែប​ឌីជីថល និង​ទាំង​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស​នោះទេ ការណ៍​ទាំងពីរ​នេះ​មិនមែនជា​ការណ៍​អាក្រក់ ហើយ​ក៏​មិនជា​ការណ៍​ល្អដែរ ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ដាស់​តឿន​ថា បញ្ហា​ប្រឈម​ពិតប្រាកដ គឺ​ការយល់ដឹង​ទាំង​អំពី​ការច្នៃប្រឌិត និង​ការផ្លាស់ប្តូរ​នៅ​ក្នុង​បរិបទ​នៃ​ផែនការ​នៃ​សុភមង្គល​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ខ្ញុំ​ក៏​បាន​លើក​ « សំណួរ​ពីរ​សម្រាប់​ការ​ពិចារណា​ក្នុង​ការ​ជញ្ជឹងគិត​ផ្ទាល់​ខ្លួន​របស់​ចៅៗ និង​ការសិក្សា​ប្រកបដោយ​ការអធិស្ឋាន » អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនេះ​ឲ្យបាន​ត្រឹមត្រូវ ។

  1. « តើ​ការ​ប្រើ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​អញ្ជើញ ឬ​រារាំង​ភាពជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​របស់អ្នក​ដែរឬទេ ?

  2. តើ​ពេវេលា​ដែល​ខ្ញុំ​ចំណាយ​នៅក្នុង​ការប្រើ​បច្ចេកវិជ្ជា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​វា​ពង្រីក ឬ​កំណត់​ដល់​សមត្ថភាព​របស់ខ្ញុំ​ដើម្បី​រស់នៅ​មាន​សេចក្តី​ស្រឡាញ់​ហើយ​បម្រើ​នៅក្នុង​របៀប​ដ៏ប្រពៃ​ដែរឬទេ » ?

សារលិខិត​របស់​ខ្ញុំ​នៅ​ឆ្នាំ២០០៩ ដែល​មាន​ចំណង​ជើង​ថា « រឿង​ទាំងឡាយ​តាម​ដែល​មាន​នៅ​ពេល​នេះ » ។ សារលិខិត​នោះ​សម្រាប់​ពេល​នោះ​ ។

សារលិខិត​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​គឺ « រឿង​ទាំងឡាយ​តាម​ដែល​មាន​នៅ​ពេល​នេះ ២.០ » ។ សារលិខិត​នេះ​សម្រាប់​ពេល​នេះ ។

សូម​មានភាព​ឈ្លាសវៃ

ប្រភព​ដើម​នៃ​សារលិខិត​របស់​ខ្ញុំ​ថ្ងៃ​នេះ គឺ​បានមក​ពី​សេចក្តី​បញ្ចប់​នៃ​សុន្ទរកថា​ដែល​ខ្ញុំ​ចែកចាយ​នៅ​ឯ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ កាល​ពី​ខែ​មករា​ក្នុង​ឆ្នាំ​នេះ ។

« នៅ​ពេល​បងប្អូន​ខិតខំ​រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ធ្វើ​កាងារ​ដែល​បងប្អូន​ត្រូវ​ធ្វើ ខ្ញុំ​សូម​ដាស់តឿន​បងប្អូន​ជា​ពិសេស​ឲ្យ​មាន​ភាពឈ្លាសវៃ នៅ​ក្នុង​ការប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​របស់​បងប្អូន ។ ការច្នៃប្រឌិត​ថ្មី​ដូចជា ​បញ្ញា​សិប្បនិម្មិត[ អាច ] ទាំង ( ១ ) ជួយ​បងប្អូន​ក្នុង​ការទទួល​បាន​ពរជ័យ​ដ៏​អស្ចារ្យ ក៏អាច ( ២ ) កាត់បន្ថយ និង​បំបិទ សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌របស់​បងប្អូន ។ សូម​កុំ​អនុញ្ញាត​ឲ្យ​ការសន្មត​នៃ​ភាពត្រឹមត្រូវ ល្បឿន និង​ភាពងាយស្រួល​នៃ​បច្ចេកវិទ្យា​ទំនើប​មក​ទាក់ទាញ​បងប្អូន​ឲ្យ​ចៀសវាង ឬ​គេច​ពី កិច្ចការ​សុចរិត ដែល​ផ្តល់​នូវ​ពរជ័យ​ដែល​បងប្អូន​នឹង​ត្រូវការ​ក្នុង​ជីវិត​បងប្អូន​ឡើយ ។ ចៅៗ​ប្រុសស្រី​ជាទីស្រឡាញ់​របស់ខ្ញុំ វា​គ្មាន​ផ្លូវ​កាត់ ឬ​ការលោតរំលង​ខាង​វិញ្ញាណ​ឡើយ » ។

ឥឡូវ​នេះ ខ្ញុំ​នឹង​ផ្តោត​លើ​ប្រធានបទ​ទាំង​បី​ដែល​ខ្ញុំ​បាន​សង្កត់ធ្ងន់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ពី​មុន ៖ បញ្ញា​សិប្បនិម្មិត សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ និង​កិច្ចការ​សុចរិត ។

បញ្ញា​សិប្បនិម្មិត

បញ្ញា​សិប្បនិម្មិត​ជា​ញឹកញាប់​ត្រូវ​បាន​គេ​ហៅ​ថា AI គឺ​ជា​បច្ចេកវិទ្យា​ដែល​អាច​ឲ្យ​កុំព្យូទ័រ និង​ម៉ាស៊ីន​ត្រាប់​តាម​បញ្ញា និង​សមត្ថភាព​ដោះស្រាយ​បញ្ហា​របស់​មនុស្ស ។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការអភិវឌ្ឍ និង​កម្មវិធី​បច្ចេកវិទ្យា AI បាន​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ល្បឿន​ដ៏​លឿន​ហើយ​បាន​ជះ​ឥទ្ធិពល​ស្ទើរ​តែ​លើ​គ្រប់​វិស័យ​នៃ​ការខិតខំ​ប្រឹងប្រែង​របស់​មនុស្ស ដូចជា វេជ្ជសាស្ត្រ វិទ្យាសាស្រ្ត ការអប់រំ ស្ថាបត្យកម្ម និង​សំណង់ ការទំនាក់ទំនង សេដ្ឋកិច្ច ការលក់រាយ ការផលិត និង​ផ្សេងៗ​ជាច្រើន​ទៀត ។ ហើយ​នៅ​ពេល​ដែល​ការប្រើប្រាស់ AI កាន់តែ​រីករាលដាល គ្រោះថ្នាក់​រាប់​មិន​អស់ និង​អ្វីៗ​ជា​ច្រើន​ទៀត​ដែល​ពុំ​អាច​ថ្លែង​បានដែល​ត្រូវ​បាន​ព្យាករ​ដោយ​ប្រធាន មិកឃេ នឹង​ស្តែង​កាន់តែ​ច្បាស់ ។

បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​នេះ​ផ្តល់​នូវ​សក្តានុពល​នៃ​ចំណេះ​ដឹង​ជឿនលឿន កែលម្អ​គុណភាព​ជីវិត​របស់​យើង សម្រួល​ដល់​ការទំនាក់ទំនង និង​ការតភ្ជាប់ បង្កើន​ការរៀនសូត្រ និង​ការលូតលាស់​ផ្ទាល់ខ្លួន និង​ជំរុញ​ការបង្កើត​ថ្មី និង​ការច្នៃប្រឌិត ។

AI ក៏​មាន​សក្តានុពល​ក្នុង​ការបិទបាំង​អត្តសញ្ញាណ​ពិត​របស់​យើង​ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​ជា​ទី​ស្រឡាញ់ បំភាន់​យើង​ពី​សេចក្តីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ចការ និង​ការងារ​សុចរិត​ដែល​ចាំបាច់​សម្រាប់​ការលូតលាស់​ខាង​វិញ្ញាណ ធ្វើឲ្យ​មាន​សេចក្តីឆ្មើងឆ្មៃ និង​កាត់​បន្ថយ​នៃ​ការទទួលស្គាល់​របស់​យើង​ក្នុង​ការពឹងផ្អែក​លើ​ព្រះ ព្រមទាំង​បង្ខូច ឬ​ជំនួស​ការប្រាស្រ័យ​ទាក់ទង​ដ៏​មាន​អត្ថន័យ​របស់​មនុស្ស​ទៀតផង ។

« កាលណា​គេ​បាន​រៀន​សូត្រ គេ​ស្មាន​ថា​គេ​ឆ្លាត​វៃ ហើយ​គេ​មិន​ស្ដាប់​តាម​ពាក្យ​ដំបូន្មាន​នៃ​ព្រះ​ឡើយ ព្រោះ​គេ​បាន​ទុក​មួយ​អន្លើ ដោយ​គិត​ស្មាន​ថា គេ​បាន​ដឹង​ដោយ​ខ្លួន​គេ​សព្វគ្រប់​ហើយ ហេតុ​ដូច្នោះ​ហើយ ប្រាជ្ញា​របស់​គេ​នោះ គឺជា​សេចក្ដី​ឆ្កួត​លីលា ហើយ​មិន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពួក​គេ​ឡើយ ។ ហើយ​ពួក​គេ​នឹង​ត្រូវ​វិនាស​ទៅ ។

« ប៉ុន្តែ​ដែល​បាន​រៀន​សូត្រ គឺជា​ការ​ល្អ​វិញ បើ​សិន​ជា​គេ​ស្ដាប់​តាម​ពាក្យ​ដំបូន្មាន​នៃ​ព្រះ » ។

សូម​ពិចារណា​ពី​គ្រោះថ្នាក់​ដែល​អាច​មាន​ដូច​ខាង​ក្រោម ។ ដៃគូ​ដែល​បង្កើត​ដោយ AI ជា​មិត្តស្រី ឬ​មិត្តប្រុស អាច « ត្រូវ​បាន​រចនា​យ៉ាង​ល្អិតល្អន់​ដើម្បី [ ផ្តល់​ឲ្យ ] នូវ​បទពិសោធន៍​ដែល​គួរ​ឲ្យ​ជាប់ចិត្ត និង​ញៀន ទាក់ទាញ​ដល់​តម្រូវការ​ខាង​ផ្លូវចិត្ត និង​ខាង​សង្គម​ជា​ច្រើន » ។

« ការកំណត់​ផ្ទាល់ខ្លួន​នេះ បង្កើត​អារម្មណ៍​នៃ​ការតភ្ជាប់ និង​ការយល់ដឹង ធ្វើ​ឲ្យ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ដៃគូ​និម្មិត​ទាំងនេះ​មាន​ភាពទាក់ទាញ​ខ្លាំង ។ ភាពទាក់ទាញ​របស់​ពួកវា​ត្រូវ​បានបង្កើន​បន្ថែម​ដែល​អាច​រក​បាន ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីបំបាត់​ភាពស្មុគស្មាញ​ដែល​ជា​ញឹកញាប់​មាន​នៅ​ក្នុង​ទំនាក់ទំនង​[ ពិតប្រាកដ ]​របស់​មនុស្ស ។ ចាប់​តាំងពី​ការចងចាំ​កាលបរិច្ឆេទ​សំខាន់ៗ​រហូត​ដល់​ការឆ្លើយតប​ជាប់លាប់​ក្នុង​របៀប​ដែល​បង្ហាញ​ការយល់ចិត្ដ ។ AI [ ដែល​ជា​ដៃគូ ] ទាំងនេះ​ត្រូវ​បាន​បញ្ចូល​កម្មវិធី​ដើម្បី​បំពេញ​តួនាទី​ជា​ដៃគូ​ដ៏​ឧត្តម ធ្វើ​ឲ្យ​ពួកគេ​កា្លយ​ជា​របស់​ញៀន​យ៉ាង [ ពិសេស ] » និង​បង្ខូច​ទស្សនវិស័យ​« រឿង​ទាំងឡាយ​តាម​ដែល​មាន​នៅ​ពេល​នេះ » នៅ​ក្នុង​ទំនាក់ទំនង​មនុស្ស​ ។

លើស​ពី​នេះ ដៃគូ​និម្មិត​ដែល​ត្រូវ​បាន​រចនា​ឡើង​ជា​ពិសេស ដើម្បី​ទាក់ទាញ និង​កើត​មកពី​តម្រូវការ​ផ្លូវអារម្មណ៍​របស់​បុគ្គល​ម្នាក់ អាច​នឹង​ធ្វើ​ឲ្យ​មាន​ការបំផ្លិចបំផ្លាញ​នៅក្នុង​ទំនាក់ទំនង​ដែល​មាន​សុវត្ថិភាព​ពី​មុនៗ​ខ្ទេចខ្ទី​អស់ ។ ទំនាក់ទំនង​និម្មិត​បែប​នេះ​អាច​ក្លាយ​ជា « ឃាតករ​លាក់មុខ » ចំពោះ​ទំនាក់​ទំនង​ពិតប្រាកដ ដូចជា​កាបូន​ម៉ូណូអុកស៊ីត​អ៊ីចឹង​ដែរ ។ ភាពស្និទ្ធស្នាល​ខាងផ្លូវ​អារម្មណ៍​ក្លែងក្លាយ​អាច​ផ្លាស់ប្តូរ​ភាពស្និទ្ធស្នាល​ផ្លូវអារម្មណ៍​ក្នុង​ជីវិត​ពិត—ជា​អ្វី​មួយ​ដែល​ចង​មនុស្ស​ពីរ​នាក់​ជា​មួយគ្នា ។ មនុស្ស​ម្នាក់​អាច​ស្វែងរក​ការលួងលោម និង​ការយល់ចិត្ត​ពី​ដៃគូ​និម្មិត តាម​របៀប​មួយ​ដែល​បំផ្លាញ​បន្តិចម្តងៗ​នូវ​ការពឹងផ្អែក​គ្នា​ទៅវិញ​ទៅមក​រវាង​ស្វាមី និង​ភរិយា ។ ហើយ​បុគ្គល​មួយ​ចំនួន​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​នេះ​ដោយ​មិន​បាន​ដឹង​ថា វា​គឺ​ជា​ការរំលោភ​លើ​ការប្តេជ្ញាចិត្ត​ទាំងស្រុង​ចំពោះ​ស្វាមី ឬ​ភរិយា ពីព្រោះ​ដៃ​គូ​និម្មិត​មិនមែន​ជា « មនុស្ស​ពិត » ទេ ហើយ​មិន​បាន​រាប់​ថា​ជា​មនុស្ស​ម្នាក់​ដែរ ។

សូម​ចាំ​ជានិច្ច​ថា ដៃ​គូ AI គឺ​គ្រាន់តែ​ជា​ក្បួន​ដោះស្រាយ​គណិតវិទ្យា​ប៉ុណ្ណោះ ។ វា​មិន​ចូលចិត្ដ​ចៅៗ​នោះ​ទេ ។ វា​មិន​បាន​ខ្វល់ខ្វាយ​ពី​ចៅៗ​នោះ​ទេ ។ វា​ពិត​ជា​មិន​បាន​ដឹង​ថា តើ​ចៅៗ​មាន​ជីវិត​ឬ​អត់​នោះ​ទេ។ ខ្ញុំ​សូម​និយាយ​ម្តង​ទៀត​ថា វា​គឺ​ជា​សំណុំ​នៃ​សមីការ​កុំព្យូទ័រ ដែល​នឹង​ចាត់ទុក​ចៅៗ​ជា​វត្ថុ​ដែល​ត្រូវ​ទទួល​សកម្មភាព ប្រសិន​បើ​ចៅៗ​អនុញ្ញាត​ឲ្យ​វា​មាន​សកម្មភាព​លើ ។ សូម​កុំ​អនុញ្ញាត​ឲ្យ​បច្ចេកវិទ្យា​នេះ​បញ្ឆោត​ចៅៗ​ឲ្យ​ក្លាយ​ជា​វត្ថុ​ឡើយ ។

ឧទាហរណ៍​នេះ​គឺ​ជា​គ្រោះថ្នាក់​មួយ​ក្នុង​ចំណោម​គ្រោះថ្នាក់​រាប់លាន​ដែល​អាច​កើត​មាន​ជាមួយ​នឹង​បញ្ញា​សិប្បនិម្មិត ។

គោលបំណង​របស់​ខ្ញុំ​គឺ​មិនមែន​ដើម្បី​បង្ហាញ​ថា បញ្ញា​សិប្បនិម្មិត​គឺ​អាក្រក់​ទាំង​ស្រុង​នោះ​ទេ ។ វា​មិនមែន​ទេ ។ ខ្ញុំ​ក៏​មិនមែន​និយាយ​ថា យើង​មិន​គួរ​ប្រើ​សមត្ថភាព​ជាច្រើន​របស់ AI នៅ​ក្នុង​របៀប​ដែល​សមស្រប​ដើម្បី​រៀន ដើម្បី​ទំនាក់ទំនង ដើម្បី​លើកកម្ពស់ និង​ដើម្បី​ជីវិត​មាន​ភាព​រីករាយ ក៏​ដើម្បី​កសាង និង​ពង្រឹង​សាសនាចក្រ​ដែរ ។ ជា​ការពិត​ណាស់ យើង​គួរតែ​ប្រើ​វា ។ យើង​មិន​គួរខ្លាច ឬ​ព្យាយាម​លាក់ខ្លួន​ពី AI ឡើយ ។ ប៉ុន្តែ លទ្ធភាព​ដ៏​សុចរិត​នៃ​ឧបករណ៍​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​នេះ​អាច​ដឹង​បាន​លុះត្រាតែ​យើង​ដឹង និង​ទប់ស្កាត់​ផល​អាក្រក់​របស់​វា​ប៉ុណ្ណោះ ។

ដើម្បី​ស្វែងរក​ចំណុច​ប្រសព្វ​ដ៏​ស្មុគស្មាញ​រវាង​ខាង​វិញ្ញាណ និង​បច្ចេកវិទ្យា ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គួរ​តែ​បន្ទាបខ្លួន និង​អធិស្ឋាន ( ១ ) កំណត់​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​អាច​ណែនាំ​ការប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​របស់​ពួកគេ និង ( ២ ) ខិតខំ​ដោយ​ស្មោះ ដើម្បី​មាន​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​អំណោយទាន​ខាង​វិញ្ញាណ​នៃ​វិវរណៈ ។

ខ្ញុំ​សូម​អញ្ជើញ​ចៅៗ​ឲ្យ​ពិនិត្យ​ឡើង​វិញ និង​សិក្សា គោលការណ៍​ណែនាំ​អំពី AI ដែល​បាន​បង្កើត​ឡើង និង​ចែកចាយ​ដោយ​សាសនាចក្រ​កាល​ពី​ដើម​ឆ្នាំ​នេះ ។ គោលការណ៍​ទាំងនេះ​ប្រាប់​អំពី​ការប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​របស់​សាសនាចក្រ និង​ផ្តល់​នូវ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​មួយ​ដែល​អ្នក​អាច​បង្កើត​វិធី​បង្ការ​ផ្ទាល់​ខ្លួន​របស់​អ្នក​ទប់ទល់​នឹង​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​មិន​សមរម្យ ។

ក្នុង​សុន្ទរកថា​នៅ​សន្និសីទ​ទូទៅ​ដំបូង​របស់​លោក ក្នុង​នាម​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ប្រធាន រ័សុល អិម ណិលសុន បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​វិវរណៈ​ផ្ទាល់ខ្លួន​នៅ​ក្នុង​ជីវិត​របស់​យើង ។ លោក​បាន​មាន​ប្រសាសន៍​ថា « ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ដ៏​ប្រោសលោះ​របស់​យើង​គឺ ព្រះយេស៊ូវគ្រីស្ទ នឹង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​បំផុត​របស់​ទ្រង់​មួយ​ចំនួន​ចន្លោះ​ពេល​នេះ​រហូត​ដល់​ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត ។ យើង​នឹង​ឃើញ​ការ​បង្ហាញ​ដ៏​អព្ភូតហេតុ​ថា ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ​នេះ​ដោយ​ភាពសម្បើម និង​សិរីរុងរឿង ។ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ វា​នឹង​មិន​អាច​រស់​រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួង​លោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ។

យើង​សូម​អរគុណ​ព្រះអង្គ​ចំពោះ​ព្យាការី ហើយ​យប់​នេះ យើង​សូម​អរគុណ​ចំពោះ​ការ​ព្រមាន​របស់​ប្រធាន ដេវីឌ អូ មិកឃេ និង​ប្រធាន រ័សុល អិម ណិលសុន ។

សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌

ខ្ញុំ​បាន​បង្ហាញ​ពី​មុន​ថា បញ្ញា​សិប្បនិម្មិត​មាន​សក្តានុពល​ក្នុង​ការបន្ទាប និង​បំបិទសិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​របស់​យើង ។ តើ​សេចក្តីថ្លែងការណ៍​នោះ​មាន​ន័យ​យ៉ាងណា ហើយ​តើ​ផលប៉ះពាល់​បែប​នេះ​អាច​កើត​ឡើង​យ៉ាង​ដូចម្តេច ?

គោលបំណង​សំខាន់​បំផុត​នៃ​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ព្រះវរបិតា គឺ​ផ្តល់​ដល់​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ទ្រង់​នូវ​ឱកាស​ដើម្បី​ទទួល​បាន​រូបកាយ ដើម្បី​ដឹង « ខុស និង​ត្រូវ » តាមរយៈ​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់ ដើម្បី​រីក​ចម្រើន​ខាងវិញ្ញាណ និង​ដើម្បី​លូតលាស់​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ហើយ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​គឺ​ជា​ធាតុ​សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះ​គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​បុត្រា និង​បុត្រី​របស់​ទ្រង់ ។

ពាក្យ​ថា សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ គឺ​ជា​ការណែនាំ ។ ន័យ​ដូច​នៃ​ពាក្យ សីលធម៌ អាច​រួមមាន​ពាក្យ​« ល្អ » «ស្មោះត្រង់ » « មាន​គុណធម៌ » និង​« គួរ​ឲ្យ​គោរព » ។ ន័យ​ដូច​នៃ​ពាក្យ សិទ្ធិ​ជ្រើសរើស អាច​រួមមាន​ពាក្យ​« ទង្វើ » « សកម្មភាព » និង « កិច្ចការ » ។ អាស្រ័យ​ហេតុនេះ សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​អាច​ត្រូវ​បាន​គេ​យល់​ថា ជា​សមត្ថភាព និង​អភ័យឯកសិទ្ធិ​ក្នុង​ការជ្រើសរើស និង​ធ្វើ​សកម្មភាព​សម្រាប់​ខ្លួន​យើង​តាម​របៀប​ដែល​ល្អ ស្មោះត្រង់ មាន​គុណធម៌ និង​គួរ​ឲ្យ​កិត្តិយស ។

ការបង្កបង្កើត​របស់​ព្រះ​មាន​រួម​ទាំង « ដើម្បី​ធ្វើ​សកម្មភាព និង​ទទួល​សកម្មភាព​ផង » ។ ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​គឺ​ជា « អំណាច​នៃ​សកម្មភាព​ឯករាជ្យ » ដែល​ត្រូវ​បាន​រចនា​ឡើង​ដោយ​ព្រះ ដែល​ផ្តល់​អំណាច​ដល់​យើង​ជា​បុត្រាបុត្រី​របស់​ព្រះ ដើម្បី​ក្លាយ​ជា​ភ្នាក់ងារ​ក្នុង​ការធ្វើ​សកម្មភាព និង​មិនមែន​គ្រាន់តែ​ជា​វត្ថុ​ដែល​ត្រូវ​ទទួល​​សកម្មភាព​នោះ​ទេ ។

ព្រះអម្ចាស់​បាន​ណែនាំ​ហេណុក​អំពី​ចំណុច​នៃ​គោលលទ្ធិ​នេះយ៉ាង​ច្បាស់ ។

« មើល​ចុះ នេះ​គឺជា​ពួក​បងប្អូន​របស់​អ្នក ពួកគេ​ជា​ផល​នៃ​ដៃ​យើង​ផ្ទាល់ ហើយ​យើង​បាន​ប្រទាន​ដល់​ពួកគេ​នូវ​ចំណេះវិជ្ជា​ដែល​គេ​មាន នៅ​ថ្ងៃ​ដែល​យើង​បាន​បង្កើត​គេ​មក ហើយ​នៅ​ក្នុង​សួនច្បារ​អេដែន នោះ​យើង​បាន​ប្រទាន​សិទ្ធិ​ជ្រើសរើស​ដល់​មនុស្ស ។

« ហើយ​ដល់​ពួក​បងប្អូន​របស់​អ្នក នោះ​យើង​បាន​មាន​បន្ទូល ហើយ​ទាំង​ប្រទាន​បញ្ញត្តិ​មួយ​ថា ពួក​គេ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ថា​ពួក​គេ​ត្រូវ​រើស​យើង​ជា​ព្រះ​វរបិតា​របស់​គេ » ។

សូម​កត់ចំណាំថា គោលបំណង​ចម្បង​សម្រាប់​ការអនុវត្ត​សិទ្ធិ​ជ្រើសរើស គឺ​ដើម្បី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ជ្រើសរើស​ព្រះ ។ សូម​គិត​ថា យើង​ត្រូវ​បាន​បញ្ជា—មិន​គ្រាន់តែ​ដាស់តឿន ជំរុញ ឬ​ទូន្មាន​ទេ—ប៉ុន្តែ​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​យើង​ដើម្បី​ជួយ​គ្នា ឲ្យ​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ឲ្យ​ជ្រើសរើស​ព្រះ ។

ទំនុក​តម្កើង​មួយ​ដែល​យើង​ស្គាល់ មាន​ចំណង​ជើង​ថា « ជ្រើស​ផ្លូវ​ត្រូវ » គឺមាន​ហេតុផល​មួយ ។ យើង​មិន​ទទួល​បាន​ពរជ័យ​ពី​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ក្នុង​ការធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ នៅ​ពេល​ណា​ក៏​បាន​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ស្រប​តាម​ផែនការ​របស់​ព្រះវរបិតា យើង​បាន​ទទួល​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ដើម្បី​ស្វែងរក និង​ធ្វើ​សកម្មភាព​ស្រប​តាម​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច ។ ក្នុង​នាម​ជា « ភ្នាក់ងារ​ចំពោះ​[ ខ្លួន​យើង​ផ្ទាល់ ] » យើង​ត្រូវ​ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ « ប្រព្រឹត្ត​អ្វីៗ​ជា​ច្រើន​តាម​បំណង​ចិត្ត​របស់​[ យើង ] ហើយ​នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន » ។

សារៈសំខាន់​ដ៏​ចាំបាច់​នៃ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​ត្រូវ​បាន​គូស​បញ្ជាក់​នៅក្នុង​ដំណើរ​រឿង​ព្រះគម្ពីរ​អំពី​ក្រុម​ប្រឹក្សា​មុន​ជីវិត​រមែង​ស្លាប់ ។ លូស៊ីហ្វើរ​បាន​បះបោរ​ប្រឆាំង​នឹង​ផែនការ​របស់​ព្រះវរបិតា ហើយ​សំខាន់​នោះ ការ​ផ្គើន​របស់​វា​ត្រូវ​បាន​ផ្ដោត​ផ្ទាល់​លើ​គោលការណ៍​នៃ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​នេះ​ឯង ។

« ហេតុ​ដូច្នោះ​ហើយ មក​ពី​សាតាំង​បាន​បះបោរ​ទាស់​នឹង​យើង ហើយ​បាន​ខំ​រក​បំផ្លាញ​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស… នោះ​យើង​បាន​បណ្ដាល​ឲ្យ​វា​ត្រូវ​បណ្ដេញ​ចុះ »

ផែនការ​អាត្មានិយម​របស់​ពួក​មារសត្រូវ​គឺ​ការដក​ចេញ​ពី​បុត្រា​បុត្រី​នៃ​ព្រះ នូវ​អំណោយទាន ដើម្បី​ក្លាយ​ទៅ​ជា « ភ្នាក់​ងារ​ចំពោះ​ខ្លួន​គេ​ផ្ទាល់ » ដែល​អាច​ប្រព្រឹត្ត​ដោយ​សេចក្ដីសុចរិត ។ បំណង​របស់​វា​គឺ ចង់​ឲ្យ​បុត្រាបុត្រី​គ្រប់រូប​របស់​ព្រះវរបិតាសួគ៌​​ក្លាយជា​វត្ថុ​ដែល​ត្រូវ​ទទួល​សកម្មភាព​តែ​ប៉ុណ្ណោះ។

ផែនដី​ត្រូវ​បាន​បង្កើត​ឡើង ជា​កន្លែង​ដែល​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​អាច​ត្រូវ​បាន​សាកល្បង​មើល​ថា តើ​ពួកគេ​នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ « គ្រប់​យ៉ាងដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួកគេ នឹង​បញ្ជា​ដល់​ពួកគេ » ។ គោលបំណង​សំខាន់​នៃ​ការបង្កបង្កើត និង​ជីវិត​រមែងស្លាប់​របស់​យើង គឺ​ដើម្បី​មើល​ថា តើ​ក្មួយៗ និង​ខ្ញុំ​នឹង​ជ្រើសរើស ហើយ​ធ្វើ​សកម្មភាព​ដើម្បី​ក្លាយ​ជា​អ្វី​ដែល​ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​ក្លាយ​ជា​ដែរ​ឬ​ទេ ។ ដូច​ប្រធាន ណិលសុន បាន​ប្រកាស ៖ « ព្រះ​ជាព្រះវរបិតា​សួគ៌​សព្វព្រះទ័យ​ឲ្យ​បងប្អូន​ជ្រើស​រើស​មក​រក​ទ្រង់​វិញ ។ ផែនការ​នៃ​ការរីកចម្រើន​ដ៏​អស់កល្ប​ជានិច្ច​របស់​ទ្រង់​ពុំមាន​ភាពស្មុគស្មាញ​ទេ ហើយ​វា​គោរព​ដល់​សិទ្ធិ​ជ្រើសរើស​របស់​បងប្អូន » ។

សេចក្តី​សង្ឃឹម និង​សេចក្តីប្រាថ្នា​របស់​យើង គឺជា​ការទទួលបាន​សិរីល្អ​នៃ​សេឡេស្ទាល​ជាមួយ​ក្រុម​គ្រួសារ​របស់​យើង​នៅ​ក្នុង​វត្តមាន​របស់​ព្រះវរបិតាសួគ៌ និង​ព្រះរាជ​បុត្រា​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សម្រាប់​ការណ៍​នេះ និង​ហេតុផល​ជា​ច្រើន​ទៀត ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​យើង​ឲ្យ « គិត​ដល់​សេឡេស្ទាល » ។

ឥឡូវនេះ សូម​ប្រុងប្រយ័ត្ន ។ ភាពងាយស្រួល​នៃ​ការប្រើប្រាស់ ភាពត្រឹមត្រូវ​នៃ​ការយល់ឃើញ និង​ពេលវេលា​ឆ្លើយតប​យ៉ាងរហ័ស​ដែល​កំណត់​លក្ខណៈ​បញ្ញា​សិប្បនិម្មិត អាច​បង្កើត​ឥទ្ធិពល​ដែល​អាច​បោកបញ្ឆោត ញៀន និង​បំបិទ​ការអនុវត្ត​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​របស់​យើង ។ ដោយសារ AI ត្រូវ​បាន​បិទបាំង​នៅ​ក្នុង​ភាពជឿជាក់ និង​ការសន្យា​នៃ​វឌ្ឍនភាព​វិទ្យាសាស្ត្រ នោះ​យើង​ប្រហែល​ជា​ត្រូវ​បាន​បញ្ឆោត​ឲ្យ​សម្រប​សិទ្ធិជ្រើសរើស​ខាង​សីលធម៌​ដ៏​មាន​តម្លៃ​របស់​យើង​ទៅនឹង​បច្ចេកវិទ្យា​មួយ​ដែល​អាច​គិត​ដល់​ត្រឹមតែ​ទេឡេស្ទាល​ប៉ុណ្ណោះ ។ តាម​រយៈ​ការ​ធ្វើ​ដូច្នេះ យើង​ប្រហែល​ជា​ត្រូវ​បាន​ផ្លាស់ប្តូរ​បន្តិចម្តងៗ​ពី​ភ្នាក់ងារ​ដែល​អាច​ធ្វើ​សកម្មភាព ទៅ​ជា​វត្ថុ​ដែល​ចាំ​ទទួល​សកម្មភាព​តែ​ប៉ុណ្ណោះ ។ ហើយ​យើង​អាច​នឹង​ជួយ​លូស៊ីហ្វើរ ដោយ​មិន​ដឹង​ខ្លួន​ឲ្យ​សម្រេច​បាន​នូវ​អ្វី​ក្នុង​ជិវិត​រមែង​ស្លាប់​នេះ ដែល​វា​មិន​អាច​សម្រេច​បាន​ក្នុង​ជីវិត​មុន​ជីវិត​រមែង​ស្លាប់ ។

សេចក្តីពិត​គឺ​ជា​ចំណេះដឹង​អំពី​រឿង​ទាំងឡាយ​តាម​ដែល​មាន​នៅ​ពេល​នេះ ។ បញ្ញា​សិប្បនិម្មិត​មិន​អាច​ក្លែង​ធ្វើ​ត្រាប់​តាម ឬ​ជំនួស​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ជីវិត​របស់​យើង​បាន​ឡើយ ។ នៅ​ទី​បំផុត មិន​ថា​បច្ចេកវិទ្យា AI នឹងមាន​លក្ខណៈ​ទំនើប និង​ឆើតឆាយយ៉ាង​ណា​​នោះ​ទេ ក៏វា​នឹង​មិន​អាច​ធ្វើ​ជា​សាក្សី​អំពី​ព្រះវរបិតា និង​ព្រះរាជបុត្រា បើកសម្ដែង​សេចក្ដី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ ឬ​ញែកអ្នក​ទាំងឡាយ​ណា​ដែល​ប្រែចិត្ត និង​ទទួល​បុណ្យជ្រមុជទឹក​ឲ្យ​បរិសុទ្ធ​បាន​ឡើយ ។

សេចក្តីពិត​គឺ​ជា​ចំណេះដឹង​អំពី​រឿង​ទាំង​ឡាយ​តាម​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ ។ នៅពេល​យើង​មាន​ប្រាជ្ញា រក្សា និង​អនុវត្ត​សិទ្ធិជ្រើសរើស​ខាង​សីលធម៌​របស់​យើង​ដើម្បី​ស្រឡាញ់​ព្រះ ហើយ​បម្រើ​បងប្អូន​ប្រុសស្រី​របស់​យើង ហើយ​ទទួល​យក​ព្រះវិញ្ញាណបរិសុទ្ធ​ទុក​ជា​អ្នកណែនាំ​របស់​យើង នោះ​យើង​អាច​ចៀស​វាង​ពី​ការបោក​បញ្ឆោត ហើយ​រីកចម្រើន​ខាង​វិញ្ញាណ​ក្នុង​គ្រា​លំបាក និង​ក្នុងគ្រាដ៏​មាន​ពរ​ដែល​យើង​រស់​នៅ ។

កិច្ចការ​សុចរិត

ការយល់​ដឹង​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ជួយ​យើង​ឲ្យ​ទទួល​ស្គាល់​ថា កិច្ចការ​សុចរិត​គឺ​ជា​ភាពចាំបាច់​សម្រាប់​ការរីកចម្រើន​ខាង​វិញ្ញាណ ។

ក្នុង​នាម​ជា​បុត្រា និង​បុត្រី​នៃ​ព្រះ « [ យើង​ម្នាក់ៗ ] មាន​និស្ស័យ និង​ជោគវាសនា​ដ៏​ទេវភាព » ហើយ​បាន​ទទួល​នូវ​សមត្ថភាព​ខាង​វិញ្ញាណ​ពី​ទ្រង់ ។ ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះរាជបុត្រា​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ គឺ​ជា​អង្គ​បង្កបង្កើត ហើយ​ទ្រង់​ទាំងទ្វេ​បាន​ប្រទាន​ដល់​យើង​នៅក្នុង​ជីវិត​រមែងស្លាប់​នូវ​ផ្នែក​នៃ​អំណាច​ខាងការច្នៃប្រឌិត​របស់​ទ្រង់ ។ សមត្ថភាព​ពិសេស​របស់​យើង​ក្នុង​ការធ្វើកិច្ចការ និង​បង្កើត គឺ​មាន​សារៈសំខាន់​ខាង​វិញ្ញាណ​យ៉ាង​ខ្លាំង ព្រោះ​វា​ជា​ចំណុច​ស្នូល​នៃ​ផែនការ​របស់​ព្រះវរបិតា ហើយ​បង្កើត​បាន​ជា​ការបង្ហាញ​ដ៏​សំខាន់​មួយ​នៃ​សក្តានុពល​ដ៏​ទេវភាព​របស់​យើង ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ពន្យល់​ថា ៖ « ព្រះ​បាន​ទុក​ពិភពលោក​ដែល​មិន​ទាន់​រួចរាល់ សម្រាប់ [ បុរស និង​ស្ត្រី ] ដើម្បី​ប្រើ​ជំនាញ [ របស់​ពួកគេ ] ធ្វើការ​លើ​ពិភពលោក​នេះ ។ ទ្រង់​បាន​ទុក​អគ្គិសនី​នៅ​ក្នុង​ពពក ប្រេង​នៅ​ក្រោម​ផែនដី ។ ទ្រង់​បាន​ទុក​ទន្លេ​ចោល​ឥត​មាន​ស្ពាន ហើយ​ព្រៃ​មិន​ដួល​រលំ ហើយ​ក្រុង​ទាំង​ឡាយ​ដែល​មិន​បាន​សាងសង់ ។ ព្រះ​ប្រទាន​ឲ្យ [ យើង ] នូវ​ឧបសគ្គ​នៃ​វត្ថុ​ធាតុដើម ពុំ​ប្រទាន​នូវ​របស់​ដែល​ជា​ផលិតផល​សម្រេច​នោះ​ទេ ។ ទ្រង់​ទុក​រូបភាព​ដែល​មិន​ទាន់​បាន​ផាត់ពណ៌ និង​តន្ត្រី​មិន​បាន​ច្រៀង និង​បញ្ហា​ដែល​មិន​បាន​ដោះស្រាយ ដើម្បី​ឲ្យ [ យើង ] អាច​ដឹង​ពី​អំណរ និង​សិរីល្អ​នៃ​ការបង្កបង្កើត » ។

សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ក្លាយ​ជា​ភ្នាក់ងារ​មួយ ហើយ​កិច្ចការ​សុចរិត​មាន​ទំនាក់ទំនង​គ្នា និង​ចងភ្ជាប់​ជាមួយ​គ្នា​តាម​របៀប​ដ៏​មាន​អានុភាព ។ ជា​ឧទាហរណ៍ សូម​ពិចារណា​ពី​និយមន័យ​នៃ​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ដូច​ដែល​បាន​ចែង​នៅ​ក្នុង ​Lectures on Faith ៖

« សេចក្ដី​ជំនឿ [ លើ​ព្រះគ្រីស្ទ គឺ​ជា ] គោលការណ៍​ទី​មួយ​ក្នុង​សាសនា​ដែល​បាន​បើក​សម្ដែង … ជា​មូលដ្ឋាន​នៃ​សុចរិតភាព … និង​ជា​គោលការណ៍​នៃ​ការប្រព្រឹត្ត​របស់​មនុស្ស​ដ៏​ឆ្លាតវៃ » ។

អំណោយទាន​ខាង​វិញ្ញាណ​នៃ​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ រួមបញ្ចូល​នូវ​ការអនុវត្ត​នៃ​សិទ្ធិ​ជ្រើសរើស​របស់​យើង​ដើម្បី ធ្វើ​សកម្មភាព ហើយ​ធ្វើ​តាម​ទ្រង់ រស់​នៅ​តាម​ការបង្រៀន​របស់​ទ្រង់ រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ចងភ្ជាប់ ខ្លួន​យើង​ជាមួយ​ទ្រង់​តាមរយៈ​សេចក្តីសញ្ញាទុកចិត្ត លើ​ការសន្យា​របស់​ទ្រង់ ហើយ ទទួល​យក ដោយ​ស្លូតបូត​នូវ​ឆន្ទៈ និង​ពេលវេលា​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង ។ ការធ្វើ​តាម​គោលលទ្ធិ និង​គោលការណ៍​ត្រឹមត្រូវ​ដែល​ព្រះ​ប្រោសលោះ​បាន​ប្រកាស​គឺ​ជា​ការសំខាន់ ពីព្រោះ « សេចក្តី​ជំនឿ​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់ » ។

យើង​ក៏​បាន​រៀន​នៅ​ក្នុង Lectures on Faith ថា « ជំនឿ​មិន​ត្រឹម​តែ​ជា​គោលការណ៍​នៃ​សកម្មភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​អំណាច​ផង​ដែរ … មិន​ថា​នៅ​ស្ថានសួគ៌ ឬ​នៅ​លើ​ផែនដី​នោះ​ទេ » ។ សេចក្តី​ជំនឿ​ទៅ​លើ​ព្រះគ្រីស្ទ តែងតែ​នាំ​ទៅ​រក​សកម្មភាព​សុចរិត ដែល​បង្កើន​សមត្ថភាព និង​អំណាច​ខាង​វិញ្ញាណ​របស់​យើង ។

ហេតុ​ដូច្នេះ​ហើយ ពួក​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះគ្រីស្ទ​គឺ​ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ ពីព្រោះ « អំណាច​គឺ​មាន​នៅ​ក្នុង​ខ្លួន​គេ ម្ល៉ោះ​ហើយ ពួកគេ​ជា​ភ្នាក់​ងារ​ចំពោះ​ខ្លួន​គេ​ផ្ទាល់ » ។ ពួក​សិស្ស​ដ៏​លះបង់​ធ្វើ​សកម្មភាព​ជា​ភ្នាក់ងារ​ដើម្បី​ធ្វើ ឬ​បង្កើត​អ្វី​មួយ ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ក្នុង​ជីវិត​របស់​ពួកគេ និង​ក្នុង​ការបម្រើ​ដល់​អ្នក​ដទៃ​ដោយ​ខ្ជាប់ខ្ជួន និង​ដោយ​មនសិការ ទៅ​តាម​លទ្ធភាព និង​កាលៈទេសៈ​របស់​ពួកគេ​ម្នាក់ៗ ។

ការយល់​ថា សេចក្តីជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​គឺជា​គោលការណ៍​នៃ​សកម្មភាព និង​អំណាច បង្ហាញ​ពី​គំរូ​នៃ​កិច្ចការ​សុចរិត​ជា​បន្តបន្ទាប់ ដែល​ជា​ការបង្ហាញ​នូវ​មូលដ្ឋាន​គ្រឹះ​នៃ​ការពឹងផ្អែក និង​ការទុកចិត្ត​លើ​ទ្រង់ និង​ជា​ប្រភព​នៃ​ការរៀនសូត្រ និង​ការរីក​ចម្រើន ។ ដោយសារ​មូលហេតុ​ដ៏​សំខាន់​ទាំងនេះ កិច្ចការ​គឺ​ជា​ការសំខាន់​សម្រាប់​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​យើង ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន ៖« កិច្ចការ​របស់​យើង​គឺជា​ដំណឹងល្អ​នៃ​កិច្ចការ—ដែល​មាន​គោលបំណង ដែល​មិន​គិត​ពី​ខ្លួនឯង និង​ធ្វើ​ដោយ​ឥរិយាបថ​នៃ​ក្ដីស្រឡាញ់​ដ៏ពិត​ចំពោះ​ព្រះគ្រីស្ទ ។ ទាល់តែ​ធ្វើ​ដូច្នោះ ទើប​យើង​អាច​រីកចម្រើន​នៅ​គុណលក្ខណៈ​របស់​ព្រះ ។ ទាល់តែ​ធ្វើ​ដូច្នោះ ទើប​យើង​ក្លាយជា​ឧបករណ៍​ដ៏​ស័ក្ដិសម​នៅក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់ » ។

កង្វល់​ដ៏​ធំ​មួយ​របស់​ខ្ញុំ​គឺ​ថា ការពឹងផ្អែក​ខ្លាំង​ពេក​លើ​បច្ចេកវិទ្យា AI នឹង​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ខ្ជិល​ច្រអូស និង​លំៗ​ខាង​វិញ្ញាណ—ហើយ​បាត់បង់​ពរជ័យ​ដែល​អាច​ទទួល​បាន​តាមរយៈ​កិច្ចការ​សុចរិត ។

ខ្ញុំ​ឆ្ងល់​ថា តើ​សារលិខិត​ទាំងប៉ុន្មាន​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់ និង​មេរៀន​សាលា​ថ្ងៃ​អាទិត្យ បព្វជិតភាព និង​សមាគម​សង្គ្រោះ​នៅ​ថ្ងៃ​អាទិត្យ​ក្រោយ​នឹង​ត្រូវ​បាន​បង្កើត​ចេញ​ពី AI ឬ ។ ពាក្យ​បញ្ជា​សាមញ្ញ​មួយ​ដែល​និយាយ​ទៅ​ក្នុង​ឧបករណ៍​ឌីជីថល​របស់​អ្នក ហើយ​រង់ចាំ​ពីរ​បី​វិនាទី ឬ​នាទី ហើយ​អ្នក​ទទួល​បាន​អ្វី​ដែល​អ្នក​ត្រូវការ ។ ប៉ុន្តែ​តើ​អ្នក​ពិត​ជា​ទទួល​បាន​នូវ​អ្វី​ដែល​អ្នក​ត្រូវការ​មែន​ទេ ?

ឥឡូវ​នេះ ខ្ញុំ​ជឿ​ថា AI អាច​ជួយ​បាន​យ៉ាង​ល្អ​ក្នុង​ការប្រមូល​ព័ត៌មានវិភាគ​ការគិត​របស់​យើង វាយតម្លៃ​ទម្រង់​នៃ​ការសរសេរ​របស់​យើង និង​ពន្លឿន​ដំណើរការ​ដដែលៗ​នៃ​ការរៀន « មួយ​បន្ទាត់​ម្ដងៗ [ និង ] មួយ​សិក្ខាបទ​ម្ដងៗ ។ ប៉ុន្តែ​សមត្ថភាព​ដ៏​ទេវភាព​ក្នុង​ការបង្កើត និង​ធ្វើកិច្ចការ​ជា​កម្មសិទ្ធិ​ដ៏​ពិសេស​របស់​យើង​ម្នាក់ៗ​ក្នុង​នាម​ជា​បុត្រា និង​បុត្រី​នៃ​ព្រះ ។ យើង​ប្រាកដ​ជា​អាច​បង្កើត និង​ផលិត​ខ្លឹមសារ​ដ៏​អស្ចារ្យ​សម្រាប់​សន្ទរកថា​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់​ជាមួយ AI បាន ។ ប៉ុន្តែ​គោលបំណង​មិនមែន​គ្រាន់​តែ​ជា​ការផលិត ឬ​ការបង្ហាញ ខ្លឹមសារ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ប៉ុណ្ណោះ​ទេ ។ ផ្ទុយ​ទៅ​វិញ វា​កំពុង​ដំណើរការ និង​កំពុង​ក្លាយជា អ្វី​ដែល​ព្រះ​មាន​ព្រះរាជបំណង និង​ប្រាថ្នា​ចង់​ឲ្យ​យើង​ក្លាយ​ជា ។

ខ្ញុំ​ផ្ទាល់​មិន​ប្រើ​បច្ចេកវិទ្យា​នេះ​ដើម្បី​បង្កើត ឬ​ព្រាង​សុន្ទរកថា អត្ថបទ ឬ​មាតិកា​របស់​ខ្ញុំ​សម្រាប់​គម្រោង​ផ្សេង​ទៀត​ទេ ។ នេះ​ត្រូវតែ​ជា​ការខិតខំ​ប្រឹងប្រែង​របស់ខ្ញុំ ការងារ​ច្នៃប្រឌិត​របស់ខ្ញុំ ហើយ​សំខាន់បំផុត​គឺ​ខ្ញុំ​ស្វះស្វែង​បើកដួង​ចិត្ដ​ដើម្បី​ទទួល​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ខ្ញុំ​ប្រើ​បច្ចេកវិទ្យា​នេះ​ដើម្បី​វិភាគ​ការងារ​របស់​ខ្ញុំ ។ ឧទាហរណ៍ បន្ទាប់​ពី​ខ្ញុំ​បាន​បញ្ចប់​ការសរសេរ​សុន្ទរកថា​ដែល​ខ្ញុំ​កំពុង​និយាយ​ទៅ​កាន់​ចៅៗ​នៅ​ពេល​នេះ ខ្ញុំ​បាន​សុំ​ឲ្យ​កម្មវិធី AI ដើម្បី​វិភាគ និង​ពណ៌នា​អំពី​អត្ថន័យ​នៃ​សុន្ទរកថា​នេះ​សម្រាប់​អ្នកចូលរួម​ទូទាំង​ពិភពលោក​ជា​យុវមជ្ឈិមវ័យ​ដែល​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ នេះ​ជា​មតិ​កែលម្អ ដែល​ខ្ញុំ​ទទួល​បាន ៖

« អត្ថន័យ​នៃ​សុន្ទរកថា​នេះ​មាន​ភាព​ឧឡារិក និង​ការណែនាំ ដោយសារ​អ្នក​និពន្ធ​ប្រើ​ឯកសារ​យោង​ព្រះគម្ពីរ និង​បទពិសោធន៍​ផ្ទាល់ខ្លួន ដើម្បី​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការយល់​ដឹង​ពី​សេចក្តីពិត​ខាង​វិញ្ញាណ​ពី​ការបំភាន់​ខាង​លោកិយ ។ សុន្ទរកថា​នេះ​ក៏​មាននូវ​សេចក្តីសង្ឃឹម និង​ការលើក​ទឹកចិត្ត​ផងដែរ ដោយសារ​អ្នកនិពន្ធ​អញ្ជើញ​យុវមជ្ឈិមវ័យ​ឲ្យ​ស្វែងរក​វិវរណៈ ហើយ​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ ។ សុន្ទរកថា​នេះ​មាន​គោលបំណង​បំផុស​សេចក្តីជំនឿ និង​សកម្មភាព​ក្នុង​ចំណោម​អ្នក​ចូលរួម ហើយ​ព្រមាន​ពួកគេ​អំពី​គ្រោះថ្នាក់​នៃ​ការបោកបញ្ឆោត​ដោយ​ការកុហក​របស់​សាតាំង » ។

ផ្អែក​លើ​ការពិនិត្យ​ឡើង​វិញ​នេះ ខ្ញុំ​បាន​ធ្វើ​ការកែប្រែ​មួយ​ចំនួន ដែល​ខ្ញុំ​សង្ឃឹម​ថា​នឹង​ធ្វើ​ឲ្យ​សារលិខិត​ទាំងស្រុង​បាន​ប្រសើរ​ឡើង ។

សូម​ចងចាំ​ជានិច្ច—យើង​មិន​គួរ​លក់​អំណាច​មរតក​របស់​បង​ច្បង​ខាង​វិញ្ញាណ នៃ « [ ការ ] ដឹង​ពី​អំណរ និង​សិរីល្អ​នៃ​ការបង្ក​បង្កើត » ជាមួយ​នឹង​« សំឡ »​នៃ​ភាពរញ៉េរញ៉ៃ​របស់​បច្ចេកវិទ្យា​ឡើយ ។

« កុំ​ឲ្យ​ច្រឡំ​ឡើយ នឹង​បញ្ឆោត​ព្រះ​មិន​បានទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ ។

« អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​សាច់​ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​សេចក្តី​ពុករលួយ​ពី​សាច់​ឈាម​នោះ​ឯង តែ​អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​ព្រះវិញ្ញាណ នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​កល្ប​ជានិច្ច ពី​ព្រះវិញ្ញាណ​វិញ »

ច្បាប់​នៃ​ការច្រូតកាត់​គឺ​ពិត—កាលពីម្សិលមិញ ថ្ងៃនេះ និង​ជារៀង​រហូត ។

ការប្រែចិត្ត​ជឿ​ជាបន្ត​បន្ទាប់​ចំពោះ​ព្រះអម្ចាស់​តម្រូវ​ឲ្យ​មាន​កិច្ចការ​ដែល​ផ្ដោត ស្ថិតស្ថេរ និង​សុចរិត ។ យើង​ត្រូវតែ​ខិតខំ​ដើម្បី​ក្លាយ​ជា​ភ្នាក់ងារ​ដែល​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះអង្គសង្គ្រោះ ហើយ​ធ្វើសកម្មភាព និង​គេច​ចេញ​ពី​ការក្លាយ​ជា​វត្ថុ​ដែល​ចាំ​ទទួល​សកម្មភាព ។

សូម​ចងចាំ​ជានិច្ច​ថា ការក្លាយ​ជា​សិស្ស​ដែលមានការ​លះបង់​ខ្ពស់​ម្នាក់​តម្រូវ​ឲ្យ​មាន​កិច្ចការ​ដែល​ផ្ដោត ស្ថិតស្ថេរ និង​សុចរិត ។ យើង​ត្រូវតែ​ខិតខំ​ដើម្បី​ក្លាយ​ជា​ភ្នាក់ងារ​ដែល​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះអង្គសង្គ្រោះ ហើយ​ធ្វើសកម្មភាព និង​គេច​ចេញ​ពី​ការក្លាយ​ជា​វត្ថុ​ដែល​ចាំ​ទទួល​សកម្មភាព ។

វិវរណៈ​ផ្ទាល់ខ្លួន​តម្រូវ​ឲ្យ​មាន​កិច្ចការ​ដែល​ផ្ដោត ស្ថិតស្ថេរ និង​សុចរិត ។ យើង​ត្រូវតែ​ខិតខំ​ដើម្បី​ក្លាយ​ជា​ភ្នាក់ងារ​ដែល​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះអង្គសង្គ្រោះ ហើយ​ធ្វើសកម្មភាព និង​គេច​ចេញ​ពី​ការក្លាយ​ជា​វត្ថុ​ដែល​ចាំ​ទទួល​សកម្មភាព ។

ការស្វែងរក​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​ដោយ​សមរម្យ​តម្រូវ​ឲ្យ​មាន​កិច្ចការ​ដែល​ផ្ដោត ស្ថិតស្ថេរ និង​សុចរិត ។ យើង​ត្រូវតែ​ខិតខំ​ដើម្បី​ក្លាយ​ជា​ភ្នាក់ងារ​ដែល​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះអង្គសង្គ្រោះ ហើយ​ធ្វើសកម្មភាព និង​គេច​ចេញ​ពី​ការក្លាយ​ជា​វត្ថុ​ដែល​ចាំ​ទទួល​សកម្មភាព ។

សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា យើង​មិន​ទទួល​បាន ឬ​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ពរជ័យ​របស់​ព្រះ​ដោយ​ឯកឯង ឬ​តាម​រយៈ​កិច្ចការ​របស់​បុគ្គល​ម្នាក់ៗ​នោះ​ទេ ។ ឆន្ទៈ និង​ពេលវេលា​របស់​ព្រះ​កំណត់​ពី​របៀប និង​ពេលណា​ដែល​យើង​ទទួល​បាន​សេចក្តីមេត្តា​ករុណា​ដ៏​ទន់ភ្លន់​របស់​ទ្រង់ ។ ប៉ុន្តែ​ចៅៗ ហើយ​និង​ខ្ញុំ​មាន​កាតព្វកិច្ច​ខាង​វិញ្ញាណ ដើម្បី​ធ្វើកិច្ចការ បង្កើត និង​រៀន​សម្រាប់​ខ្លួន​យើង ។

ការសន្យា និង​ទីបន្ទាល់​

សំឡេង​នៃ​ការព្រមាន​ដែល​ខ្ញុំ​បាន​លើក​ឡើង​កាលពី​ឆ្នាំ២០០៩ គឺ​ដោយ​ស្មោះ​ត្រង់ ច្បាស់លាស់ និង​បន្ទាន់ ដោយសារតែ​គ្រោះថ្នាក់ និង​អ្វី​ដែល​អាច​កើត​ឡើង​ដោយសារ​បច្ចេកវិទ្យា​ដែល​យើង​កំពុង​ពិភាក្សា​នេះ គឺ​ទើប​នឹង​កើត​ឡើង ។ សារលិខិត​នោះ​សម្រាប់​ពេល​នោះ​ ។

សំឡេង​នៃ​ការព្រមានដែល​ខ្ញុំ​លើក​ឡើង​នៅ​ថ្ងៃ​នេះ គឺ​ដោយ​ស្មោះ​ត្រង់ ច្បាស់លាស់ និង​បន្ទាន់​ជាង​កាល​ពី​លើក​មុន​ទៅទៀត ដោយសារតែ​គ្រោះថ្នាក់ និង​អ្វី​ដែល​អាច​កើត​ឡើង​ដោយសារ​បច្ចេកវិទ្យា​ដែល​យើង​កំពុង​ពិភាក្សា​នេះ គឺ​នៅ​គ្រប់​ទី​កន្លែង គ្រប់​ពេល​ទាំង​អស់ ។ សារលិខិត​នេះ​សម្រាប់​ពេល​នេះ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ជា​សាក្សី​អំពី​សេចក្តី​ពិត ។ ចៅៗ និង​ខ្ញុំ​មាន​ទំនួលខុសត្រូវ​ក្នុង​ការធានា​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​តែងតែ​អាច​បញ្ជាក់​អំពី​ការពិត និង​ភាពត្រឹមត្រូវ​នៃ​អ្វី​ទាំងអស់​ដែល​យើង​និយាយ និង​ចែកចាយ ទាំង​ទម្រង់​ការងារ និង​ខ្លឹមសារ​របស់យើង ។ ការសន្យា​សម្រាប់​យើង​ម្នាក់ៗ​គឺ​ថា យើង​អាច​រៀន​ប្រើ​បច្ចេកវិទ្យា​នេះ​ឲ្យ​បាន​សមរម្យ​ជាមួយ​នឹង​ការណែនាំ ការការពារ និង​ការព្រមាន​ដែល​កើត​មាន​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ខ្ញុំ​ប្រទានពរ​ដល់​ចៅៗ និង​សន្យា​ថា នៅពេល​យើង « មើល​មក​[ ព្រះអង្គ​សង្រ្គោះ ]​ដោយ​នូវ​គ្រប់​ទាំង​គំនិត » ។ ហើយ​ស្វែងរក​ភាព​ជា​ដៃគូ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​នឹង​មាន​ពរ​ដើម្បី​ដើរ​ក្នុង​ភាពស្លូតបូត​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះអម្ចាស់ និងមាន​សេចក្ដី​សុខសាន្ត​ក្នុង​ទ្រង់ ។ ហើយ​សូម​យើង « កុំ​សង្ស័យ កុំ​ខ្លាច​ឡើយ » ។ ហើយ​ដឹង​នូវ​សេចក្ដី​ពិត​នៃ​គ្រប់ការណ៍​ទាំង​អស់ សូម្បី​តែ​« រឿង​ទាំង​ឡាយ​តាម​ដែល​មាន​នៅ​ពេល​នេះ » ។

ខ្ញុំ​សូម​ធ្វើជា​សាក្សី​ថា ព្រះវរបិតា​សួគ៌​របស់​យើង​មាន​ព្រះជន្ម​រស់ ហើយ​ទ្រង់​គឺ​ជា​អ្នកនិពន្ធ​នៃ​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា ។ ខ្ញុំ​ធ្វើ​ជា​សាក្សី​ថា ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​គត់ និង​ជា​បុត្រ​ដ៏​ស្ងួនភ្ងា​របស់​ព្រះវរបិតា ។ ហើយ​ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ ។ ទ្រង់​មាន​ព្រះជន្ម​រស់ ។ ទ្រង់​ជា​ព្រះប្រោសលោះ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ ហើយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​មាន​ពរ​ដែល​បាន​រស់​នៅ​ក្នុង​សម័យកាល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​គ្រា​ដ៏​ពេញលេញ​មួយ​នេះ ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​ដោយ​រីករាយ​អំពី​សេចក្ដីពិត​ទាំងនេះ​នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។