បំណងប្រាថ្នា
ដើម្បីសម្រេចបានជោគវាសនាដ៏នៅអស់កល្បជានិច្ចរបស់យើង នោះយើងនឹងមានបំណងប្រាថ្នា ហើយធ្វើកិច្ចការដើម្បីមានភាពស័ក្តិសមដែលតម្រូវឲ្យមាន ដើម្បីក្លាយជាអង្គនៅអស់កល្បជានិច្ច ។
ខ្ញុំបានជ្រើសរើសដើម្បីថ្លែងអំពីសារៈសំខាន់នៃ បំណងប្រាថ្នា ។ ខ្ញុំសង្ឃឹមថា ពួកយើងម្នាក់ៗនឹងស្វែងយល់ពីចិត្តរបស់យើង ដើម្បីកំណត់ថាយើងប្រាថ្នាចង់បានអ្វីឲ្យពិតប្រាកដ និងរបៀបដែលយើងរៀបលំដាប់បំណងប្រាថ្នាដ៏សំខាន់បំផុតរបស់យើង ។
បំណងប្រាថ្នាដឹកនាំអាទិភាពរបស់យើង អាទិភាពបណ្ដុះជម្រើសរបស់យើង ហើយជម្រើសកំណត់នូវសកម្មភាពរបស់យើង ។ បំណងប្រាថ្នានានាដែលយើងធ្វើសកម្មភាព កំណត់ពីការផ្លាស់ប្តូររបស់យើង ជោគជ័យរបស់យើង និងការប្រែក្លាយរបស់យើង ។
ជាបឋម ខ្ញុំសូមថ្លែងពីបំណងប្រាថ្នាទូទៅមួយចំនួន ។ ក្នុងនាមជាមនុស្សមានជីវិតរមែងស្លាប់ យើងមានតម្រូវការខាងរូបកាយមូលដ្ឋានមួយចំនួន ។ បំណងប្រាថ្នាដើម្បីបំពេញតាមតម្រូវការទាំងនេះ ជម្រុញឲ្យយើងធ្វើការជ្រើសរើស ហើយកំណត់នូវសកម្មភាពរបស់យើង ។ ឧទាហរណ៍ចំនួនបីនឹងបង្ហាញពីរបៀប ដែលពេលខ្លះយើងយកឈ្នះលើបំណងប្រាថ្នាទាំងនេះបាន ដោយបំណងប្រាថ្នាផ្សេងទៀតដែលយើងគិតថាសំខាន់ជាង ។
ទីមួយ អាហារ ។ យើងត្រូវការអាហារជាមូលដ្ឋាន ប៉ុន្ដែក្នុងពេលមួយរយៈ បំណងប្រាថ្នានោះត្រូវបានយកឈ្នះដោយបំណងប្រាថ្នាដ៏ខ្លាំងជាងមួយដើម្បីតមអាហារ ។
ទីពីរ ជម្រក ។ កាលអាយុ ១២ ឆ្នាំ ខ្ញុំប្រឆាំងនឹងបំណងប្រាថ្នាដើម្បីមានជម្រក ដោយសារតែបំណងប្រាថ្នាដ៏ធំជាងនេះរបស់ខ្ញុំ ដើម្បីបំពេញតាមតម្រូវការរបស់ក្រុមកាយរិទ្ធិឲ្យគេងពេលយប់នៅក្នុងព្រៃ ។ ខ្ញុំជាក្មេងប្រុសម្នាក់ក្នុងចំណោមនោះ ដែលបានចេញពីតង់ដ៏សុខស្រួល ហើយរកឃើញរបៀបសង់កន្លែងជ្រកមួយ និងធ្វើគ្រែតាមរបៀបមនុស្សជំនាន់ដើមចេញពីសម្ភារធម្មជាតិ ដែលយើងអាចរកឃើញ ។
ទីបី ដំណេក ។ សូម្បីតែបំណងប្រាថ្នាមូលដ្ឋាននេះក្ដីក៏អាចយកឈ្នះក្នុងពេលបណ្ដោះអាសន្នបានដែរ គឺដោយសារបំណងប្រាថ្នាដ៏សំខាន់ជាងមួយ ។ ក្នុងនាមជាទាហានវ័យក្មេងម្នាក់នៅអង្គភាពយាមល្បាតថ្នាក់ជាតិរដ្ឋយូថាហ៍ ខ្ញុំបានរៀនពីគំរូនេះមកពីមន្ដ្រីដែលមានបទពិសោធន៏ម្នាក់ ។
នៅប៉ុន្មានខែដំបូងនៃសង្គ្រាមកូរ៉េ កងពលកាំភ្លើងធំនៅតំបន់រិចហ្វៀល នៃអង្គភាពយាមល្បាតថ្នាក់ជាតិរដ្ឋយូថាហ៍ ត្រូវបានហៅឲ្យទៅធ្វើសកម្មភាពល្បាត ។ កងពលនេះ ដែលនៅក្រោមបញ្ជារបស់មេបញ្ជាការ រ៉េយ ខក់ មានបុរសមរមនចំនួនប្រហែល ៤០ នាក់ ។ បន្ទាប់ពីមានការហ្វឹកហ្វឺន និងការពង្រឹងបន្ថែមពីសំណាក់ពួកអភិរក្សមកពីកន្លែងផ្សេងទៀត នោះពួកគេត្រូវបានបញ្ជូនទៅកាន់ប្រទេសកូរ៉េ ជាកន្លែងដែលពួកគេបានជួបនឹងការប្រយុទ្ធដ៏ព្រៃផ្សៃមួយចំនួននៅក្នុងសង្គ្រាមនោះ ។ នៅក្នុងការប្រយុទ្ធមួយ ពួកគេត្រូវវាយបកការវាយលុកដោយផ្ទាល់ពីសំណាក់កងទ័ពជើងគោកសត្រូវជាច្រើនរយនាក់ ជាប្រភេទការវាយលុកមួយដែលចូលលុកលុយ និងបំផ្លាញកងពលតំបន់កាំភ្លើងធំផ្សេងទៀត ។
តើរឿងនេះមានអ្វីទាក់ទងនឹងការយកឈ្នះលើបំណងប្រាថ្នាចង់គេងនោះ ? អំឡុងយប់ដ៏តឹងតែងមួយ នៅពេលកងទ័ពជើងគោកសត្រូវបានលុកលុយចូលដល់តំបន់ជួរមុខ និងជួរក្រោយដែលកាន់កាប់ដោយក្រុមកាន់កាំភ្លើងធំ នោះមេបញ្ជាការបានពង្រាយខ្សែទូរសព្ទក្នុងតំបន់នោះទៅដល់តង់របស់គាត់ ហើយបានបញ្ជាអ្នកយាមបរិវេណជាច្រើនរបស់គាត់ ឲ្យទូរសព្ទទៅគាត់មួយម៉ោងម្ដងៗ នៅម៉ោងគត់ពេញមួយយប់នោះ ។ ការណ៍នេះធ្វើឲ្យអ្នកយាមភ្ញាក់ ប៉ុន្ដែវាក៏មានន័យថា មេបញ្ជាការ ខក់ ត្រូវដាច់ដំណេករបស់គាត់ច្រើនដងផងដែរ ។ ខ្ញុំបានសួរគាត់ថា « តើលោកអាចធ្វើវាបានដោយរបៀបណា ? » ចម្លើយរបស់គាត់បង្ហាញពីអំណាចនៃបំណងប្រាថ្នាដែលអាចយកជំនះបាន ។
« ខ្ញុំដឹងថា ប្រសិនបើយើងបានទៅផ្ទះវិញ ខ្ញុំនឹងជួបឪពុកម្ដាយរបស់ យុវជនទាំងនោះនៅតាមផ្លូវក្នុងភូមិដ៏តូចរបស់យើង ហើយខ្ញុំមិនចង់ប្រឈមមុខនឹងពួកគាត់ណាម្នាក់ បើកូនប្រុសរបស់ពួកគាត់មិនបានត្រឡប់មកផ្ទះវិញ ដោយសារខ្ញុំបរាជ័យមិនបានបំពេញតាមភារកិច្ចក្នុងនាមជាមេបញ្ជាការរបស់ពួកគេនោះទេ » ។១
ឱ នោះគឺជាគំរូនៃអំណាចនៃបំណងប្រាថ្នាដែលអាចយកឈ្នះបានស្ដីពីការដាក់អាទិភាព និងសកម្មភាព ! ឱ នោះគឺជាគំរូដ៏មានអានុភាពសម្រាប់ពួកយើងទាំងអស់គ្នា ដែលទទួលខុសត្រូវលើសុខុមាលភាពរបស់មនុស្សដទៃទៀត—ក្នុងនាមជាឪពុកម្ដាយ ថ្នាក់ដឹកនាំសាសនាចក្រ និងគ្រូបង្រៀនទាំងឡាយ !
ជាការបញ្ចប់នៃការបង្ហាញនេះ នៅព្រឹកព្រលឹមបន្ទាប់ពីគាត់សឹងមិនបានសម្រាន្ដពេញមួយយប់នោះ មេបញ្ជាការ ខក់ បានដឹកនាំកងពលរបស់គាត់ទៅប្រយុទ្ធនឹងកងទ័ពជើងគោករបស់សត្រូវ ។ ពួកគេចាប់បានអ្នកទោសជាង ៨០០ នាក់ ហើយបានរងរបួសតែពីរនាក់ប៉ុណ្ណោះ ។ ខក់ ទទួលបានឥស្សរយសចំពោះភាពអង់អាចក្លាហាននេះ ហើយកងពលរបស់គាត់បានទទួលមេដៃសរសើរពីអង្គភាពប្រធានាធិបតីសម្រាប់វីរភាពដ៏ពិសេស ។ ហើយដូចជាកងទ័ពកំលោះរបស់ហេលេមិនដែរ ( សូមមើល អាលម៉ា ៥៧:២៥–២៦ ) ពួកគេទាំងអស់គ្នាបានត្រឡប់មកផ្ទះវិញ ។២
ព្រះគម្ពីរមរមនមាននូវការបង្រៀនជាច្រើនស្ដីពីសារៈសំខាន់នៃបំណងប្រាថ្នា ។
បន្ទាប់ពីទូលអង្វរករដល់ព្រះអម្ចាស់អស់ជាច្រើនម៉ោងមក ទ្រង់មានបន្ទូលទៅអេណុសថា អំពើបាបរបស់លោកត្រូវបានអភ័យទោសហើយ ។ បន្ទាប់មក លោក « ចាប់ផ្ដើមមានអារម្មណ៍ប្រាថ្នាចង់បានសុខុមាលភាពដល់បងប្អូន [ របស់លោក ] » ( អេណុស ១:៩ ) ។ លោកបានសរសេរថា « ហើយ … បន្ទាប់ពីខ្ញុំបានអធិស្ឋាន ហើយធ្វើការដោយអស់ពីចិត្ត នោះព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ យើងនឹងប្រទានដល់អ្នក ស្របតាមសេចក្ដីប៉ងប្រាថ្នាទាំងឡាយរបស់អ្នក ដោយសារសេចក្ដីជំនឿរបស់អ្នក » ( ខទី ១២ ) ។ សូមកត់ចំណាំចំណុចសំខាន់បី ដែលបានកើតឡើងមុនពេលមានពរជ័យដែលបានសន្យានេះ ៖ សេចក្ដីប៉ងប្រាថ្នា ការធ្វើសកម្មភាព និងសេចក្ដីជំនឿ ។
នៅក្នុងទេសនកថារបស់លោកអំពីសេចក្ដីជំនឿ អាលម៉ាបង្រៀនថា សេចក្ដីជំនឿអាចចាប់ផ្ដើមដោយ « [ ការគ្រាន់តែ ] ចង់ជឿ » ប្រសិនបើយើងនឹង « ឲ្យចំណង់នេះមាននៅក្នុងខ្លួន [ យើង ] » ( អាលម៉ា ៣២:២៧ ) ។
ការបង្រៀនដ៏អស្ចា្យមួយទៀតអំពីបំណងប្រាថ្នា ជាពិសេសអំពីអ្វីដែលគួរតែជាបំណងប្រាថ្នាដ៏ធំបំផុតរបស់យើង កើតឡើងក្នុងបទពិសោធន៍របស់ស្ដេចសាសន៍លេមិន ដែលត្រូវបានបង្រៀនដោយអ្នកផ្សព្វផ្សាយសាសនា អើរ៉ុន ។ នៅពេលការបង្រៀនរបស់អើរ៉ុនបានចាប់ព្រះទ័យរបស់ទ្រង់ នោះស្ដេចមានបន្ទូលសួរថា « តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យយើងអាចបានកើតពីព្រះ » និង « ឲ្យយើងអាចបានជីវិតដ៏នៅអស់កល្បជានិច្ច » ? ( អាលម៉ា ២២:១៥ ) ។ អើរ៉ុន បានទូលតបថា « បើសិនជាទ្រង់មានបំណងចង់បានការណ៍នេះ … បើសិនជាទ្រង់ប្រែចិត្តពីអំពើបាបទាំងអស់របស់ទ្រង់ ហើយក្រាបចំពោះព្រះ ហើយអំពាវនាវដល់ព្រះនាមទ្រង់ដោយនូវសេចក្ដីជំនឿ ដោយជឿថា ទ្រង់នឹងទទួល ពេលនោះទ្រង់នឹងទទួលនូវសេចក្ដីសង្ឃឹមដែលទ្រង់ប៉ងប្រាថ្នា » ( ខទី ១៦ ) ។
ស្ដេចបានធ្វើយ៉ាងដូច្នេះ ហើយនៅក្នុងការអធិស្ឋានដ៏មានអានុភាព ទ្រង់បានប្រកាសថា « ទូលបង្គំនឹងបោះបង់ចោលអស់ទាំងអំពើបាបរបស់ទូលបង្គំដើម្បីឲ្យបានស្គាល់ទ្រង់ … ហើយបានសង្គ្រោះនៅថ្ងៃចុងក្រោយបង្អស់ » ( ខទី ១៨ ) ។ ដោយមានការតាំងព្រះទ័យបែបនោះ និងការស្គាល់បំណងប្រាថ្នាដ៏ធំរបស់ទ្រង់ នោះការអធិស្ឋានរបស់ទ្រង់បានទទួលចម្លើយប្រកបដោយអព្ភូតហេតុ ។
ព្យាការីអាលម៉ាបានមានបំណងប្រាថ្នាដ៏ធំមួយ ដើម្បីអំពាវនាវឲ្យប្រជាជនទាំងអស់មានការប្រែចិត្ត ប៉ុន្ដែលោកបានយល់ថា លោកមិនគួរប៉ងប្រាថ្នាឲ្យមានអំណាចបង្ខំ ដែលការណ៍នោះតម្រូវឲ្យមាននោះទេ ដោយសារ ដូចលោកបានពោលបញ្ចប់ថា « ព្រះដ៏យុត្តិធម៌ … ទ្រង់ប្រទានឲ្យមនុស្សតាមបំណងរបស់គេ ទោះជាសេចក្ដីស្លាប់ ឬសេចក្ដីរស់ក្ដី » ( អាលម៉ា ២៩:៤ ) ។ ដូចគ្នានេះដែរ នៅក្នុងវិវរណៈសម័យទំនើប ព្រះអម្ចាស់ប្រកាសថា ទ្រង់ « នឹងជំនុំជម្រះមនុស្សលោកទាំងអស់ ស្របតាមកិច្ចការរបស់ពួកគេ គឺស្របតាមសេចក្ដីប៉ងប្រាថ្នានៃដួងចិត្តរបស់ពួកគេ » ( គ.&ស. ១៣៧:៩ ) ។
តើយើងពិតជាបានរៀបចំខ្លួនដើម្បីឲ្យចៅក្រមដ៏អស់កល្ប របស់យើងភ្ជាប់សារៈសំខាន់ដ៏ធំសម្បើមនេះ ទៅនឹងអ្វីដែលយើងពិតជាប្រាថ្នាចង់បានហើយឬនៅ ?
បទគម្ពីរជាច្រើនបានថ្លែងអំពីអ្វីដែលយើងប៉ងប្រាថ្នា ទាក់ទងទៅនឹងអ្វីដែលយើងស្វែងរក ។ « អ្នកណាដែលឆាប់ស្វែងរកយើង នោះនឹងបានជួបយើង ហើយនឹងមិនត្រូវបោះបង់ចោលឡើយ » ( គ.&ស. ៨៨:៨៣ ) ។ « នោះអ្នករាល់គ្នាត្រូវព្យាយាមស្វែងរកអំណោយទាននានាដែលវិសេសបំផុតចុះ » ( គ.&ស. ៤៦:៨ ) ។ « អ្នកណាដែលព្យាយាមរកនឹងឃើញ » ( នីហ្វៃទី១ ១០:១៩ ) ។ « ចូរចូលមកជិតយើង នោះយើងនឹងចូលទៅជិតអ្នក ចូរព្យាយាមស្វែងរកយើង នោះអ្នករាល់គ្នានឹងបានជួបយើង ចូរសូម នោះអ្នករាល់គ្នានឹងបានទទួល ចូរគោះ នោះតែងនឹងបានបើកឲ្យអ្នក » ( គ.&ស. ៨៨:៦៣ ) ។
ការកែសម្រួលបំណងប្រាថ្នារបស់យើងឡើងវិញ ដើម្បីដាក់អាទិភាពខ្ពស់បំផុតទៅលើរឿងដ៏អស់កល្បជានិច្ច គឺមិនងាយស្រួលនោះទេ ។ យើងទាំងអស់គ្នាត្រូវបានល្បួងឲ្យមានបំណងប្រាថ្នាចង់បានចំណុចទាំងបួនខាងលោកិយនេះ គឺទ្រព្យសម្បត្តិ ភាពលេចធ្លោ មោទនភាព និងអំណាច ។ យើងអាចប៉ងប្រាថ្នាចង់បានអ្វីទាំងនេះ ប៉ុន្ដែយើងមិនគួរដាក់វាជាអាទិភាពដ៏ខ្ពស់បំផុតរបស់យើងនោះទេ ។
អស់អ្នកដែលមានបំណងប្រាថ្នាខ្ពស់បំផុតដើម្បីទទួលបានកម្មសិទ្ធិទាំងនេះ នឹងធ្លាក់ទៅក្នុងអន្ទាក់នៃសម្ភារនិយម ។ ពួកគេខកខានមិនបានស្ដាប់តាមការព្រមាន « កុំឲ្យស្វែងរកទ្រព្យសម្បត្តិ ឬវត្ថុទាំងឡាយដែលឥតប្រយោជន៍នៃលោកិយនេះឡើយ » ( អាលម៉ា ៣៩:១៤; សូមមើលផងដែរ យ៉ាកុប ២:១៨ ) ។
អស់អ្នកដែលប្រាថ្នាចង់បានភាពលេចធ្លោ ឬអំណាច គួរតែធ្វើតាមគំរូរបស់មេទ័ពមរ៉ូណៃដ៏ក្លាហាន ដែលធ្វើការបម្រើមិនមែនដើម្បី « អំណាច » ឬ ដើម្បី « កិត្តិយសនៃលោកិយ » នោះទេ ( អាលម៉ា ៦០:៣៦ ) ។
តើយើងអភិវឌ្ឍបំណងប្រាថ្នាតាមរបៀបណា ? មនុស្សមួយចំនួនតូចនឹងមានវិបត្តិមួយប្រភេទ ដែលបានជំរុញទឹកចិត្តដល់ អារ៉ុន រ៉ាលស្ដុន៣ ប៉ុន្ដែបទពិសោធន៍របស់លោកផ្ដល់ជាមេរៀនដ៏មានតម្លៃមួយ អំពីការអភិវឌ្ឍបំណងប្រាថ្នា ។ ខណៈ រ៉ាលស្ដុន កំពុងដើរឡើងភ្នំនៅតាមជ្រលងភ្នំដែលដាច់ស្រយាលមួយ នៅរដ្ឋយូថាហ៍ភាគខាងត្បូង នោះស្រាប់តែមានថ្មមួយទម្ងន់ ៣៦០ គីឡូក្រាម ( ៨០០ ផោន ) បានធ្លាក់ និងសង្កត់លើដៃស្ដាំរបស់លោកភ្លាមៗ ។ គាត់បានខំរំដោះខ្លួនឯងអស់រយៈពេលប្រាំថ្ងៃយ៉ាងកណ្ដោចកណ្ដែង ។ នៅពេលដែលគាត់ហៀបនឹងបោះបង់ការខិតខំរបស់គាត់ ហើយទទួលយកសេចក្ដីស្លាប់នោះ គាត់បានមានការនិមិត្តមួយថា មានក្មេងប្រុសអាយុបីឆ្នាំម្នាក់រត់មករកគាត់ ហើយគាត់បានលើកក្មេងប្រុសនោះឡើងដោយដៃឆ្វេងរបស់គាត់ ។ ដោយយល់ថា នេះគឺជាការនិមិត្តមួយអំពីអនាគតកូនប្រុសរបស់គាត់ និងជាការអះអាងថា គាត់នៅតែអាចរស់នៅបាន នោះរ៉ាលស្ដុន បានខិតខំប្រមូលកម្លាំងចិត្ត និងធ្វើសកម្មភាពយ៉ាងគំហុកមួយ ដើម្បីសង្គ្រោះជីវិតរបស់គាត់ មុនពេលគាត់អស់កម្លាំងទាំងស្រុង ។ គាត់បានបំបាក់ឆ្អឹងពីរនៅដៃស្ដាំរបស់គាត់ ដែលត្រូវថ្មសង្កត់លើនោះ រួចហើយប្រើកាំបិតពហុមុខងាររបស់គាត់ ដើម្បីកាត់ដៃនោះចេញ ។ បន្ទាប់មក គាត់បានប្រមែប្រមូលកម្លាំងដើម្បីដើរឡើងភ្នំចំនួនប្រាំបីគីឡូម៉ែត្រទៀត ( ៥ ម៉ែលស៍ ) ដើម្បីទៅរកជំនួយ ។៤ ឱ នោះគឺជាគំរូនៃអំណាចនៃបំណងប្រាថ្នាដ៏លើសលប់មួយ ! នៅពេលយើងមានចក្ខុវិស័យមួយ អំពីអ្វីដែលយើងអាចប្រែក្លាយ នោះបំណងប្រាថ្នារបស់យើង និងអំណាចរបស់យើងដើម្បីធ្វើសកម្មភាព នឹងកើនឡើងយ៉ាងខ្លាំងផងដែរ ។
ពួកយើងភាគច្រើននឹងមិនដែលប្រឈមមុខនឹងវិបត្តិដ៏ពិបាកខ្លាំងនេះទេ ប៉ុន្ដែពួកយើងទាំងអស់គ្នាប្រឈមមុខនឹងអន្ទាក់ដែលអាចកើតឡើងមួយ ដែលនឹងរារាំងយើងមិនឲ្យរីកចម្រើនទៅកាន់ជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើងបាន ។ ប្រសិនបើបំណងប្រាថ្នាដ៏សុចរិតរបស់យើងមានខ្លាំងល្មមគ្រប់គ្រាន់ នោះវានឹងជំរុញយើងឲ្យកាត់ និងកាយខ្លួនយើងចេញពីការញៀន និងសម្ពាធដែលមានបាបផ្សេងៗទៀត និងអាទិភាពនានាដែលរារាំងដល់ការរីកចម្រើនដ៏អស់កល្បជានិច្ចរបស់យើង ។
យើងគួរតែចងចាំថា បំណងប្រាថ្នាដ៏សុចរិតមិនអាចធ្វើស្ទាក់ស្ទើរ តាមតែសន្ទុះចិត្ត ឬបណ្ដោះអាសន្ននោះទេ ។ យើងត្រូវតែធ្វើឲ្យអស់ពីចិត្ត មិនរុញរា និងអចិន្រ្ដៃយ៍ជានិច្ច ។ ដោយមានការជំរុញទឹកចិត្តបែបនេះ យើងនឹងស្វែងរកលក្ខខណ្ឌនោះ ដូចបានពិពណ៌នាដោយព្យាការី យ៉ូសែប ស៊្មីធ ថាយើងបាន « យកឈ្នះលើភាពអាក្រក់នៃ [ ជីវិតរបស់យើង ] ហើយបាត់បង់បំណងប្រាថ្នាទាំងអស់ដើម្បីធ្វើអំពើបាប » ។៥ នោះជាការសម្រេចចិត្តផ្ទាល់ខ្លួនដ៏ខ្លាំងមួយ ។ ដូចដែលអែលឌើរ នែល អេ ម៉ាក់ស្វែល បានមានប្រសាសន៍ ៖
« នៅពេលមនុស្សត្រូវបានគេពិពណ៌នាថាបាន ‹ បាត់បង់បំណងប្រាថ្នារបស់ពួកគេដើម្បីធ្វើអំពើបាប › នោះគឺពួកគេ ហើយមានតែពួកគេតែប៉ុណ្ណោះ ដែលបានសម្រេចចិត្តដោយមានចេតនាថា នឹងបោះបង់បំណងប្រាថ្នាខុសឆ្គងទាំងនោះ ដោយការស្ម័គ្រចិត្ត ‹ បោះបង់ចោលអស់ទាំងអំពើបាប [ របស់ពួកគេ ] › ដើម្បីឲ្យបានស្គាល់ព្រះ » ។
« ហេតុដូច្នេះហើយ អ្វីដែលយើងប្រាថ្នាចង់បានឥតឈប់ ជាច្រើនដង គឺជាអ្វីដែលយើងនឹងក្លាយជានៅទីបំផុត ហើយជាអ្វីដែលយើងនឹងទទួលនៅក្នុងភាពអស់កល្បជានិច្ច » ។៦
កាលដែលការបោះបង់បំណងប្រាថ្នាឈប់ធ្វើអំពើបាបមានសារៈសំខាន់ នោះការមានជីវិតដ៏នៅអស់កល្បជានិច្ចតម្រូវឲ្យមានច្រើនជាងនោះទៀត ។ ដើម្បីសម្រេចបានជោគវាសនាដ៏នៅអស់កល្បជានិច្ចរបស់យើង នោះយើងនឹងមានបំណងប្រាថ្នា ហើយធ្វើកិច្ចការដើម្បីមានភាពស័ក្តិសមដែលតម្រូវឲ្យមាន ដើម្បីក្លាយជាអង្គនៅអស់កល្បជានិច្ច ។ ឧទាហរណ៍ អង្គនៅអស់កល្បជានិច្ចអភ័យទោសឲ្យមនុស្សទាំងអស់ ដែលបានធ្វើខុសទៅលើពួកគេ ។ ពួកគេដាក់សុខុមាលភាពរបស់មនុស្សដទៃទៀតពីមុនសុខុមាលភាពរបស់ខ្លួនពួកគេ ។ ហើយពួកគេស្រឡាញ់បុត្រាបុត្រីទាំងអស់របស់ព្រះ ។ ប្រសិនបើការណ៍នេះហាក់ដូចជាពិបាក—ហើយពិតប្រាកដណាស់ វាមិនមែនងាយស្រួលសម្រាប់យើងណាម្នាក់នោះទេ—នោះយើងគួរតែចាប់ផ្តើមជាមួយបំណងប្រាថ្នា ដើម្បីមានភាពស័ក្តិសមបែបនោះ ហើយអំពាវនាវទូលសុំព្រះវរបិតាសួគ៌ ជាទីស្រឡាញ់របស់យើង ឲ្យជួយដល់អារម្មណ៍របស់យើង ។ ព្រះគម្ពីរមរមនបង្រៀនយើងថា យើងគួរតែ « អធិស្ឋានដល់ព្រះវរបិតា ដោយអស់ពីកម្លាំងចិត្ត ដើម្បីឲ្យ [ យើង ] បានពោរពេញដោយសេចក្ដីស្រឡាញ់នេះ ដែលទ្រង់បានប្រទានដល់អស់អ្នកណាដែលជាអ្នកដើរតាមដ៏ពិត នៃព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ » ( មរ៉ូណៃ ៧:៤៨ ) ។
ខ្ញុំសូមបញ្ចប់ដោយលើកពីឧទាហរណ៍ចុងក្រោយមួយអំពីបំណងប្រាថ្នា ដែលគួរតែខ្ពង់ខ្ពស់បំផុតសម្រាប់បុរស និងស្ដ្រីទាំងអស់—អ្នកដែលទើបបានរៀបការថ្មីៗ និងអ្នកដែលនៅលីវ ។ មនុស្សទាំងអស់គួរតែប៉ងប្រាថ្នា និងធ្វើកិច្ចការយ៉ាងហ្មត់ចត់ ដើម្បីធានាឲ្យបានអាពាហ៍ពិពាហ៍សម្រាប់ភាពអស់កល្បជានិច្ចមួយ ។ អស់អ្នកដែលមានអាពាហ៌ពិពាហ៌ក្នុងព្រះវិហារបរិសុទ្ធរួចហើយ គួរតែធ្វើអ្វីៗទាំងអស់ដែលពួកគេអាច ដើម្បីថែរក្សាអាពាហ៍ពិពាហ៍នោះ ។ អស់អ្នកណាដែលនៅលីវ គួរតែមានបំណងប្រាថ្នាចង់បានអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធមួយ ហើយខំប្រឹងដាក់ការខិតខំជាអាទិភាពដើម្បីទទួលបានវា ។ យុវវ័យ និងយុវមជ្ឈិមវ័យនៅលីវទាំងឡាយ គួរតែប្រឆាំងនឹងគោលគំនិតដែលត្រឹមត្រូវខាងនយោបាយ ប៉ុន្ដែខុសឆ្គងដ៏អស់កល្ប ដែលមិនឲ្យតម្លៃទៅលើសារៈសំខាន់នៃការរៀបអាពាហ៍ពិពាហ៍ និងការមានកូនចៅ ។៧
បុរសនៅលីវទាំងឡាយ សូមពិចារណាពីបញ្ហានៅក្នុងលិខិតនេះ ដែលបានសរសេរដោយស្ដ្រីនៅលីវម្នាក់ ។ នាងអង្វរករជំនួសឲ្យ « បុត្រីដ៏សុចរិតទាំងឡាយរបស់ព្រះ ដែលខិតខំស្វែងរកដៃគូដ៏ស័ក្ដិសមយ៉ាងស្មោះសរ ប៉ុន្ដែបុរសទាំងនោះហាក់ដូចជាងងឹតភ្នែក និងភាន់ច្រឡំថា តើវាគឺជាទំនួលខុសត្រូវរបស់ពួកគេដែរឬទេ ដើម្បីស្វែងរកបុត្រីដ៏អស្ចារ្យ ដ៏ជម្រើសទាំងនេះរបស់ព្រះវរបិតាសួគ៌យើង ហើយចូលស្តីនាង ហើយស្ម័គ្រចិត្តចុះ និងរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ » ។ នាងបានបញ្ចប់ថា « មានបុរស អិល.ឌី.អេស. នៅលីវជាច្រើននៅទីនេះ ដែលរីករាយនឹងទៅក្រៅដើរលេងសប្បាយ ហើយណាត់ជួបគ្នាដើរលេង ប៉ុន្ដែគ្មានបំណងប្រាថ្នាដើម្បីតាំងចិត្តបែបណាមួយជាមួយនឹងស្ដ្រីម្នាក់ទាល់តែសោះ » ។៨
ខ្ញុំប្រាកដចិត្តថា មានយុវជនដែលកំពុងស្វែងរកដោយអន្ទះសាមួយចំនួន ចង់ឲ្យខ្ញុំបន្ថែមថា ក៏មានយុវនារីមួយចំនួនផងដែរ ដែលមានបំណងប្រាថ្នាតិចតួចខ្លាំងណាស់ ដើម្បីមានអាពាហ៍ពិពាហ៍ដ៏ស័ក្ដិសម និងមានកូនចៅ វានៅក្រោមបំណងប្រាថ្នាដើម្បីមានអាជីពការងារល្អ ឬលក្ខណៈពិសេសខាងសាច់ឈាមផ្សេងទៀតរបស់ពួកគេ ។ ទាំងបុរស និងស្ដ្រីត្រូវមានបំណងប្រាថ្នាសុចរិត ដែលនឹងដឹកនាំពួកគេទៅរកជីវិតដ៏នៅអស់កល្បជានិច្ច ។
ចូរយើងចងចាំថា បំណងប្រាថ្នាដឹកនាំអាទិភាពរបស់យើង អាទិភាពបណ្ដុះជម្រើសរបស់យើង ហើយជម្រើសកំណត់នូវសកម្មភាពរបស់យើង ។ លើសពីនេះ វាគឺជាសកម្មភាពរបស់យើង និងបំណងប្រាថ្នារបស់យើង ដែលបណ្ដាលឲ្យយើងក្លាយជាអ្វីមួយ មិនថាមិត្តភក្ដិដ៏ពិត គ្រូបង្រៀនដ៏ឆ្នើម ឬអ្នកដែលស័ក្ដិសមនឹងជីវិតដ៏អស់កល្បនោះទេ ។
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ដែលសេចក្ដីស្រឡាញ់ ការបង្រៀន និងដង្វាយធួនរបស់ទ្រង់ បានធ្វើឲ្យរឿងគ្រប់យ៉ាងអាចកើតឡើងបាន ។ ខ្ញុំសូមអធិស្ឋានថា លើសពីអ្វីៗទាំងអស់ផ្សេងទៀត គឺយើងនឹងមានបំណងប្រាថ្នា ដើម្បីប្រែក្លាយដូចជាទ្រង់ ដើម្បីនៅថ្ងៃណាមួយ យើងអាចត្រឡប់ទៅកាន់វត្តមានរបស់ទ្រង់វិញ ដើម្បីទទួលបានភាពពោរពេញនៃអំណររបស់ទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕